អំពីអម្បូរខ្មែរ-មន
កាលពីដើមអំបូរខ្មែរ-មន
នេះគេយល់ថា គ្រាន់តែជាអំបូរភាសាមួយប៉ុណ្ណោះ។ យ៉ាងណាមិញ
ភាសាវិទូមួយក្រុមមានជាអាទិ លោក James R.Lagan បានរកឃើញនូវអត្ដិភាពនៃអំបូរភាសានេះមុនគេនៅឆ្នាំ
១៨៥៦ ប៉ុន្ដែកាលណោះ គេនិយមហៅអំបូរនេះហៅថា «មន- អាណ្ណាម» ឬមន-ខ្មែរ =អាណ្ណាម។
ក្រោយទៀត ដោយសិក្សាទៅឃើញថា ភាសាអាណ្ណាម
មានលក្ខណខុសប្លែកពីអំបូរភាសាមន = ខ្មែរ
ទើបភាសាវិទូខ្លះបានដកភាសានេះចេញ
ហើយយកទៅបញ្ចូលក្នុងក្រុមភាសាថៃវិញ។ នេះជាទស្សនៈរបស់លោក Henri
Maspéro ដែល
លោកបានលាតត្រដាងយ៉ាងច្បាស់លាស់ក្នុងអត្ថបទសិក្សាមួយមានចំណងជើងថា «Etude Sur La phonétique historique de la langue annamite...les
initiales.» ។
ចំពោះភាសាវិទូជាតិអាល្លឺមង់ P.W.
Schmidt អំបូរ មន-ខ្មែរ មិនគ្រាន់តែជាអំបូរភាសាទេ តែជាអំបូរជាតិសា
ស្ដ្រផងដែរ។ ក្នុងសៀវភៅ «Les
peuple mon-Khmer» បោះពុម្ពផ្សាយនៅឆ្នាំ ១៩០៨ នៅហាណូយ លោក
បានបង្ហាញនូវលក្ខណៈរូបរាងកាយរបស់ជនជាតិទាំងនោះដែលមានដូចតទៅ៖
- មាឌតូចល្មម អាចឡើងដល់មធ្យម
- ស្បែកសំបុរសណ្ដែកបាយ (Foncé)
- ភ្នែកមានសន្ឋានត្រង់ហើយផ្ដេក
បើកធំៗ
- ច្រមុះទូលាយ
- ក្បាលពយ
គួរកត់សំគាល់ថា ចំពោះមាឌក្ដី លលាដ៍ក្បាលក្ដី លោក P.W.
Schmidt ពុំបានបង្ហាញលេខក្នុងការវាស់វែងអោយបានច្បាស់លាល់ទេ
ហើយ មានចំនុចខ្លះដូចជាលលាដ៍ក្បាលជាដើម
លោកបានបង្ហាញលទ្ធផលដែលមានទំនាស់ នឹងលទ្ធផល ផ្ដល់ដោយអ្នកប្រាជ្ញផ្សេងទៀត។
ក្នុងសៀវភៅ មានចំណងជើងថា «Les
Population du Cambodge» លោកបណ្ឌិត G.Olivier បានចុះផ្សាយនូវតារាងនៃលទ្ធផល
ការវាស់វែងរបស់លោក ហើយ ដែលយើងអាចដកស្រង់បានដូចតទៅ៖
- ខ្មែរមានកំពស់មធ្យម ១.៦១ម
និងមានសន្ទស្សលលាដ៍ក្បាល ៨៤.៥
- មនមានកំពល់មធ្យម ១.៦២ម
និងសន្ទស្សលលាដ៍ ៨៥.៦
បើយោលតាមលទ្ធផលខាងលើនេះយើងឃើញថា
ខ្មែរ និងមន មានកំពល់មធ្យមដូចគ្នា (ខុសគ្នាតែមួយភាគរយប៉ុណ្ណោះ
ឯក្បាលរាងមូលដូចគ្នាទៀត (ខុសគ្នាតែ ១.១) មិនមែនពយដូចលោក P.W.
Schmidt យល់នោះទេ ។ប៉ុន្ដែទោះជាយ៉ាងនេះក៏ដោយ ក៏យើងអាចយល់ថា
ត្រង់ហ្នឹងគ្រាន់តែជាការភាន់ច្រលំទេ ព្រោះលោកបាន សរសេរសន្និដ្ឋានថា
លក្ខណៈទាំងនោះ អនុញ្ញាតអោយលោកអះអាងថា ពួកមនុស្សនោះស្ថិតដាច់ចេញពីអំបូរ
មុងហ្គោលផង និងអំពីអំបូរអារ្យផង។
លោក Maurice Glaize អតីតអភិរក្សអង្គរ បានសរសេរក្នុងសៀវភៅ Les Monuments du
grouped'Akor ថា Les Khmers se rattachent en effet, tant
au point de vue eth mologique quelinguistique, aux populations môn de Basse Birmanie... (ជនជាតិខ្មែរ
ជាប់ពូជអំបូរទាំងខាងជាតិសាសន៍ និងទាំងខាងភា សា ទៅនឹងជនជាតិមននេះ
ប្រទេសភូមាខាងក្រោម L'Asie du Sud Est ក្បាលទី២ថា Khmer,
peuple de même souche
ethnolinguistique les Môns ខ្មែរជាជនជាតិរិសគល់ខាងជាតិសាសន៍ និងភាសាជាមួយ នឹងជនជាតិមន។
សរុបសេចក្ដីមក យើងឃើញថា
លទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់លោក P.W.Schmidt លោក G.Olivier
លោក Maurice Glaize និងលោក Philippe
Devilers ដូចបានរៀបរាប់រួចមក ហើយជាភស្ដុតាងសំរាប់បញ្ជាក់
និងគាំទ្រនូវទស្សនៈរបស់លោកអ្នកប្រាជ្ញទាំងឡាយដែលបានចាត់ទុកថាអំបូរ
ខ្មែរ-មន ជាអំបូរពិសេសមួយ។
បើតាមឯកសារថ្មីដែលបោះពុម្ពផ្សាយនៅសហរដ្ឋអាមេរិក
នៅឆ្នាំ១៩៦៤ (Ethnic groups of mainland south-East) អំបូរខ្មែរ=មន
មានគ្នាទាំងអស់ ៧៦ក្រុម រស់ចាប់តាំងពីប្រទេសឥណ្ឌាខាងកើត រហូតដល់សមុទ្រ
ចិនកាត់តាមប្រទេសភូមា ប្រទេសថៃ ប្រទេសលាវ ប្រទេសវៀតណាម និងប្រទេសខ្មែរ។
ក្នុងចំនោមជនជាតិ ខ្មែរ-មនទាំងឡាយមានតែខ្មែរ និងមនទេដែលបានកសាងអរិយធម៌ខ្ពស់ជាងគេ
ព្រោះម្យ៉ាងដោយហេតុជនជាតិទាំងនេះ បានទៅរស់នៅត្រង់វាលទំនាបនៃទន្លេធំៗ
ដែលមានជីជាតិល្អ ហើយម្យ៉ាងទៀតដោយមានការប្រាស្រ័យទាក់ទងនឹងបរទេសទៀតផង។
ចំណែកឯជនជាតិខ្មែរ-មនឯទៀត ដែលរស់នៅតាមព្រៃភ្នំ ស្ទើរតែគ្មាន ទំនាក់ទំនងជាមួយគ្នាផងនោះ
ក៏ឃើញថាគ្មានការចំរើនលូតលាស់ នៅទន់ខ្សោយគ្រប់វិស័យទាំងអស់។ ដោយ
ហេតុនេះហើយបានជាអ្នកប្រាជ្ញលោកបានយកឈ្មោះពីរនេះ គឺ «មន» និង «ខ្មែរ» មកធ្វើជាឈ្មោះសំរាប់សំ
គាល់អំបូរទាំងមូល គឺអំបូរខ្មែរមន ប៉ុន្ដែខ្មែរយើងបានផ្លាស់ឈ្មោះនេះពីមន = ខ្មែរ
មកជាខ្មែរ-មនវិញ ព្រោះយើងយល់ថា ខ្មែរជាធាតុសំខាន់ជាងគេ
ព្រោះជាជនជាតិមួយមានគ្នាច្រើនជាងគេ ហើយមានឋានៈ ជារដ្ឋប្រកបដោយឯករាជ្យ
និងអរិយធម៌ខ្ពង់ខ្ពស់ទៀតផង ។ គួរបញ្ជាក់ដែរថា ការកែប្រែមកហើយនេះ បានទទួលការ
យល់ព្រមពីអង្គការយូនេស្កូ ក្នុងសម័យប្រជុំកាលពីខែតុលា
វិច្ឆកាឆ្នាំ១៩៧០ ហើយ។ តទៅនេះយើងសូមលើក យកធាតុសំខាន់ជាងគេពីរ
នៃអំបូរខ្មែរ-មនមកសិក្សា ដើម្បីអោយបានដឹងថាតើខ្មែរ និងមននេះជាអ្វី?
ក. ខ្មែរ
ក្នុងការសិក្សាស្រាវជ្រាវពីខ្មែរ
ទោះក្នុងផ្នែកជាតិសាសន៍ក្ដី ក្នុងផ្នែកប្រវត្ដិសាស្រ្ដក្ដី ក្នុងផ្នែកវប្បធម៌
អរីយធម៌ក្ដី គេតែងឃើញមានបញ្ហាចោទឡើងចំពោះពាក្យថា ខ្មែរ-មន កម្ពុជានេះឯង
។ ចំពោះពាក្យទាំងបីខាងលើនេះ អ្នកសិក្សាស្រាវជ្រាវ បានផ្ដល់យោបល់ច្រើនបែបច្រើនយ៉ាងណាស់។
រហូតដល់ពេលនេះ យើងមិនទាន់ហ៊ាន សន្និដ្ឋានថាយោបល់ណាត្រឹមត្រូវជាងយោបល់ណាទេ។
ដើម្បីជាការត្រិះរិះសំរាប់អ្នកសិក្សា យើងសូមលើកយកទស្សនៈទាំងនោះ
មកលាតត្រដាងមួយម្ដងៗដូចតទៅនេះ៖
១. ទស្សនៈលោក G. Coedès
អ្នកប្រាជ្ញរូបនេះបានយល់ថា «ខ្មែរ» ប្រហែលជាកើតមកពីការផ្សំរវាងឈ្មោះ
«កម្ពុ» និង «មេរា» ដោយសំអាង
ទៅលើរឿងព្រេងក្នុង សិលាចារឹក បក្សីចាំក្រុង (ស.វ.ទី១០) ដែលបាននិទានថា
ស្ដេចខ្មែរយើងមានដើមកំណើត មកពីអិសី «កម្ពុស្វយម្ភុវ» និងនាងទេពអប្សរ «មេរា» ដែលព្រះឥសូរបានប្រទានអោយជាមហេសី។
ទស្សនៈ បែបនេះលោក G.Coe-dès បានត្រដាងក្នុងស្នាដៃលោកឈ្មោះ Histore ancienne des Etats
Hindouisés d'Extrême-Orient
បោះពុម្ពផ្សាយនៅក្រុងហាណូយកាលពីឆ្នាំ ១៩៤៤
ហើយត្រូវបានព្រះភិក្ខុវិរិយ បណ្ឌិតោប៉ាង ខាត់ យល់ស្របតាមទាំងស្រុង ។
នៅក្នុងទស្សនាវត្ដីពុទ្ធកសិក្សាឆ្នាំទី១ លេខ៥ ឆ្នាំ១៩៥៧ ព្រះអង្គបានសរសេរ
ជាអាទិថា «ការសម្ព័ន្ធរិសីកម្ពុ
និងនាងមេរា នេះជាបុព្វហេតុដែលនាំអោយកើតជាសូរ្យវង្ស ឬអាទិច្ចវង្សឡើង នៅខាងចេលា។
បើយើងអានប្រ មៀលពាក្យ កម្ពុ មេរា នេះបន្ដិចម្ដងៗ
ក៏នឹងបានទៅជាពាក្យខ្មែរដូច
កម្ពុ+មេរា> កម្ពុ+មេរ > កមព
+ មេរ > ក័ម + មេរ > ក មេរ
> ក្មេរ =ខ្មែរ។
ដំនើរនេះមានន័យសមរម្យទំនងបានទៅជាពាក្យថាខ្មែរណាស់។..អ្នកបាលីបានធ្វើពាក្យថា
ខ្មែរ ទៅជាបាលីថា ខេមរប្រែថា អ្នកមានសេចក្ដីក្សេមក្សាន្ដ។
ពាក្យកម្ពុជាកើតចេញមកពីពាក្យរិសីកម្ពុ
+ ស្វយម្ភុវនេះដែរ ព្រោះកាលដែលរិសីកម្ពុ បាននាងអប្សរ មេរានោះ
ក៏បានកើតជាវង្សមួយខាងចេលាហៅថា សូរ្យវង្ស ឬអាទិច្ចវង្ស
គឺវង្សស្រីកម្ពុ។ តាមប្រវត្ដិថា ការសម្ព័ន្ធ កម្ពុមេរា
នេះកើតបានជាបុត្រពីរព្រះអង្គហៅថា កម្ពុជៈ = បុត្រ កម្ពុ គឺស្រកវរ្ម័ន
និងស្រេស្ធវរ័្មន សោយរាជ្យសន្ដិវង្សងខាង ចេនលាជាប់រៀងដរាបមក។
ដើមឡើយគេមិនសូវឃើញមានប្រើពាក្យ កម្ពុជៈនេះទេ តែកាលព្រះបាទជ័យវរ្ម័នទី២
បានសោយរាជ្យមានអំណាចខ្លាំងពូកែ បានរួបរួមចេនលាលើក្រោមអោយជាឯកភាព
ហើយទើបឃើញមានសិលាចារឹកប្រើពាក្យ កម្វុជទេស ឬកម្ពុជទេស
ប្រទេសនៃបុត្រកម្ពុ។ ចំពោះយោបល់ដែលថាពាក្យ ខ្មែរ កើតមកពីការផ្សំ កម្ពុ និងមេរា
លោកឆត្រាប្រេមរឺឌី និងលោក Pierre Fabricius ថាមិនសមហេតុផលទេ
ព្រោះ មិនស្របតាមក្បួនច្បាប់និរុត្ដិវិជ្ជា។
២. ទស្សនៈលោក ឈឹម ក្រសេម
នៅក្នុងជំពូកទី១
ស្ដីពីដើមកំណើតជាតិខ្មែរ យើងមានអោកាសលើកយកទស្សនៈនេះមកលាតម្ដងរួចមកហើយ។
នៅពេលនេះយើងគ្រាន់តែស្រង់យកអន្លើខ្លះ
បង្ហាញឡើងវិញសំរាប់បំភ្លឺនូវការសិក្សារបស់យើងប៉ុណ្ណោះ។ លោកឈឹមក្រសេម
បានសរសេរជាអាទិថា «ខ្មែរយើងដើមឡើយមុនដែលផ្សាយមកក្នុងកម្ពុជរដ្ឋអាស្រ័យនៅ
ក្នុងកុមេរុរដ្ឋនោះៗ ជាប្រទេសរបស់ខ្មែរ អំពីបុរាណកាលមក។
ឈ្មោះជាតិខ្មែរហៅត្រឹមត្រូវតាមសូរសព្ទដើមថា កុមេរុ
ដូច្នេះតែតាមសំលេងជាធម្មតា កុមេរុ៍
ទំនងដូចឈ្មោះភ្នំព្រះសុមេរុគេហៅនៅត្រឹមសុមេរុ៍។
លុះយូរមកឈ្មោះនេះបានក្លាយទៅទៀតប្រាកដនៅសិលាចារឹករបស់ខ្មែរថា ក្មេរ ទៅជាសំលេងផ្សំក្រោយសម័យសិលា
ចារឹកមកបានប្រែថា ខ្មែរ។
ដូច្នេះបើតាមលោកឈឹម ក្រសេម ពាក្យ
ខ្មែរ បានក្លាយមកពីពាក្យ កុមេរុ ដែលជាឈ្មោះសំគាល់ជនជាតិខ្មែរ
និងប្រទេសរបស់ខ្លួនកាល ដែលរស់នៅក្នុងប្រទេសឥណ្ឌាម៉្លេះ។
លោកឆត្រាប្រេមរឺឌី ក្នុងអត្ថបទ «ខ្មែរមកពីណា
?» ផ្សាយតាមវិទ្យុជាតិនៅខែ កុម្ភៈ
១៩៧៣ បានគ្រាំទ្រទស្សនៈនេះយ៉ាងសកម្មណាស់។
កុមេរុ> ក្មេរ> ខ្មែរ
៣. ទស្សនៈលោក រស់ សារេត
ក្នុងអត្ថបទសុំធ្វើវិសោធនកម្មផ្ញើជូនសភាធម្មនុញ្ញ
ហើយដែលចុះថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ១៩៧១ លោករស់ សារេត សមាជិកនៃអង្ការជាន់ខ្ពស់នេះ
បានសរសេរជាអាទិថា ៖ «បើតាមកាសិក្សាស្រាវជ្រាវដែលខ្ញុំធ្លាប់បានពិចារ
ណាចេះចាំមកឃើញថាប្រទេសខ្មែរ ដែលកាលពីជំនាន់ហៅថាក្រុង ខមនោះគឺ
ជាតួដែនដី ឬឧបទ្វីប សុវណ្ណភូមិ ដែលភាសាបារាំងហៅថា La
chersonèse d'or..ការដែលយើងយកន័យខាងលើនេះមកពោល
គឺ គ្រាន់តែចង់បង្ហាញអោយឃើញថា សុវណ្ណភូមិ គឺជា នគរខម ឬហៅថាក្រុងខម
ដែលមានន័យថាមាសដូចគ្នា។ ពាក្យថា ខមនេះក្លាយមកពីពាក្យ ថា កម ដែលប្រែថា
មាស។ ឯស្ដេចដែលសោយរាជ្យបឋមវង្សនៃនគរខម មានព្រះ នាមថា កុមេរាជ ដែលប្រែថា មាសដែរ
ហើយដែលត្រូវនឹង ភាសាសៀមថា ព្រះថង រួចក្លាយយារទៅជាព្រះ ថោង
ដូចដែលយើងធ្លាប់ថារត់មាត់មកហើយ
ហេតុអ្វីបានជាជនជាតិខមក្លាយទៅឈ្មោះថា
ខ្មែរ ទៅវិញ? ត្រង់ណេះប្រហែលមកពីជនជាតិខម
នៅពេលជំនេរចេរកាលតមកក្រោយទៀត ចង់រក្សា តំលៃរិទ្ធិរបស់ខ្លួន
ដែលធ្លាប់ល្បីល្បាញខ្លាំងពូកែ កាលពីជំនាន់កមេរុរាជ ជាក្សត្របឋមវង្សគ្រប់គ្រងខមនោះហើយ
បានជាប្រែក្លាយឈ្មោះពី កមឬ ខម មកជា កមេរុ ឬខមេរុ ហើយដែលយាយូរៗមក
ទៅជាក្មេរ រួចទីបំផុតទៅជាខ្មែរសព្វថ្ងៃនេះ ។
ចុះចំពោះពាក្យថា កម្ពុជា
វិញយ៉ាងម៉េចដែរ? បើយើងបានពិចារណានូវសម្មតិកម្មពីខាងលើនេះរួចហើយ
យើង ប្រហែលជាអាចយល់បានដោយងាយ អំពីន័យនៃឈ្មោះ កម្ពុជានេះ។ នៅក្នុងពាក្យថា
កម្ពុជា យើងឃើញមាន ពាក្យ កម ដែលប្រែថាមាស ហើយនិងពាក្យ ពុជា
ដែលប្រែថាពូជផ្សំគ្នាទៅជា កម្ពុជា គឺកម ឬខម ឬក្មេរ ឬខ្មែរ ដដែលហ្នឹង។
សរុបសេចក្ដីមក យើងអាចសង្ខេបទស្សនៈរបស់លោករស់ សារេត ក្នុងតារាងខាងក្រោមនេះ។
កម > ខម > កមេរុ
> ក្មេរ > ខ្មែរ > កម + ពុជា > កម្ពុជា ឬ កមពុជា
៤. ទស្សនៈលោក ពៅ ឈិន
លោកពៅ ឈិន
ជាព្រឹទ្ធបុរសនៃក្រុមសាលាសន្សំសុខ សង្កាត់លេខ៥ ក្រុងភ្នំពេញបានសរសេរក្នុងសៀវភៅ «អរិយធម៌ខ្មែរ-មន» បោះពុម្ព ចុងឆ្នាំ១៩៧១ ថា «ពាក្យថាខ្មែរ ក្នុងវចនានុក្រមសម្ដេចព្រះសង្ឃរាជ
ជួន ណាត ព្រះ អង្គទ្រង់បានប្រាប់ថា នៅក្នុងអក្សរសិលាចារឹកពីបុរាណឃើញ
មានសរសេរ ក្មេរ យ៉ាងនេះខ្លះដែរ ប៉ុន្ដែព្រះអង្គទ្រង់យល់ថា
ពាក្យនេះទំនងមកពីមគធភាសាថា ខេមរៈ ដែលប្រែថា «មនុស្សមានសេចក្ដីក្សេម» ដោយសំរេច
រូបមកពីអត្ថិតទ្ធិតថា ខេមំ-យស្ស-អត្ថិតិ-ខេមរោ»។ មួយទៀតពាក្យថា ខេមរ មកពី «ខិ + មៈ + រៈ» ប្រែថា «ក្សេម ល្អ ការរក្សានូវ
ប្រយោជន៍ដែលបានហើយ»។
ដូច្នេះត្រង់ពាក្យថា ខ្មែរ
ដែលសម្ដេចព្រះសង្ឃរាជព្រះអង្គទ្រង់យល់ថា ទំនងជាមកពីមគធ ភាសាថា ខេមរៈនោះ
បើតាមការពិចារណារបស់ខ្ញុំ ខ្ញុំយល់ថាពិតជាមកពីពាក្យថា ខេមរៈ នោះមែន
ពីព្រោះកាលខ្ញុំនៅវត្ដពីក្មេងនោះ ខ្ញុំធ្លាប់បានមើលឃើញនៅក្នុងសាស្រ្ដាស្លឹករិត
ដែលចាស់ពី បុរាណកាល បានចារសរសេរអក្សរតំរួតគ្នារបៀប នេះច្រើនណាស់ «គឺយកព្យញ្ចនៈដើមព្យាង្គទៅត្រួតលើព្យញ្ជនៈប្រកបដូចជា
ត្មា = តាម, ថែ្មទ្ងាំ = ថែមទាំង ផ្មើ = ផើម៘
ដោយអាស្រ័យហេតុដូចមានចង្អុលខាងលើនេះ
លោកពៅ ឈិន ជឿថា ខេមរ > ខ្មេរ > ខ្មែរ (ស្រះឯកើតមក ពីការនិយមរបស់ខ្មែរក្នុង ការអានស្រះ «េ » បាលី-សំស្រ្កិត។ ចំពោះពាក្យ ខម លោកពៅ ឈិន បានសរសេរថា(?) មួយទៀតពាក្យថា ខម នេះបើថាវាក្លាយមកពីពាក្យ ដើមថា «ខមៈ + អ» ដែលប្រែថា អត់ អត់ធន គួរ ឬថា
ផែនដី នោះវិញក៏បានដែរ ដោយហេតុថា ខ្មែរយើងនេះជាអ្នកទទួលអរិយធម៌ព្រះពុទ្ធ
សាសនា ដែលមានអវិហឹង្សាធម៌ គឺត្រូវមានចិត្ដគំនិតអត់ធន មិនបៀតបៀនមនុស្សសត្វទូទៅជាប្រធាន។
ចំពោះពាក្យកម្ពុជា លោកពៅ ឈិន
បានសរសេរថា «ព្រះថោងនោះបានផ្លាស់នាមប្រទេសពី
នគរគោកធ្លក នោះមកក្រុងកម្ពុជាធិបតី។ ថាបានជាអោយឈ្មោះថា
ក្រុងកម្ពុជាធិបតី វិញនោះ ពីព្រោះចង់ប្រើជំនួសពាក្យ សុវណ្ណភូមិ ប្រែថា
កន្លែងមានមាស ដោយពាក្យទាំងពីរនេះ មានន័យថា «កន្លែងកើតមាស» ដូចគ្នា។ ថាចុះ
ហេតុអ្វីក៏ចាំយកពាក្យថា កម្ពុជា មកប្រើជំនួសពាក្យសុវណ្ណភូមិ
បើពាក្យទាំងពីរនេះមានន័យ ដូចគ្នាទេ? ត្រង់នេះថា
វាមកពីពួកមន ដែលគេបាននៅតាមមាត់ទន្លេមេនាមរហូតដល់ខាងត្បូងប្រទេសភូមា
ក្នុងជ្រោយសុវណ្ណភូមិ ជាមួយ គ្នាដែរនោះ គេបានតាំងរដ្ឋអំណាចមួយដែរ។
៥. ទស្សៈរបស់លោក មាស ហាំ
លោកមាស
ហាំមន្រ្ដីចូលនិវត្ដន៍ម្នាក់បានសរសេរក្នុងអត្ថបទ ពង្សាវតារអក្សរខម
(វាយអង្គុលីលេខ)ថា នៅប្រទេសឥណ្ឌាមានរដ្ឋមួយហៅថា ខមបុត្ដ ឬខមពុជ ឬកមបុត្ដ
ឬកមពុជ។ ដូច្នេះយើងអាចនឹងយល់បានថា ដោយ ហេតុតែអ្នកស្រុករដ្ឋ ខមពុជ ឬ កម្ពុជា
មកតាំងទីលំនៅ នៅប្រទេសគោកធ្លកច្រើន ហើយអ្នកទាំងនោះសុទ្ធសឹង
តែជាអ្នកដំរេះវិជ្ជាឆើតឆាយជាជាងអ្នកស្រុកជាតិដើមនៃនគរគោកធ្លក ក៏ប្រែឈ្មោះ
នគរគោកធ្លកអោយទៅជា កម្ពុជា តមក។ ឯត្រង់ពាក្យហៅទៅពលរដ្ឋវិញ គេហៅ កម
ទៅដូចជាពុំស្របតាមពាក្យសំដីខ្មែរ ដូច្នេះគេហៅថា ខមទៅវិញ។
ដោយហេតុតែជាតិខមស្និទ្ធស្នាលជាមួយអ្នកគោកធ្លកទើបគេហៅថា ខេមរៈ (ក្លើម្រាក់)
ដែលក្លាយទៅទៀតថា ខេមរៈតែដោយ ពាក្យនេះវែងពិបាកនិយាយ ទើបកែថា ខមមែ
ដែលក្លាយទៅជាខ្មែរ។
៦. ទស្សនៈលោក ហ៊ឹម ខាន់
លោក ហ៊ឹម
ខាន់ជានាយទាហានម្នាក់នៃកងទ័ពជាតិខ្មែរ។ ក្នុងអត្ថបទវាយអង្គុលីលេខ «ខមអធិប្បាយ» លោកបានពន្យល់ថា ពួកនាគដែល
ជាម្ចាស់ដើមនៃប្រទេសឥណ្ឌា
ត្រូវខ្ចាត់ភ្លាត់មកសុវណ្ណភូមិដោយច្បាំងចាញ់ពួកគ្រុឌ ឈ្លានពាន(ពួកអារ្យ)។
មុននាគមកដល់ គេឃើញផែនដី សុវណ្ណភូមិមានម្ចាស់ដើមហើយគឺពួកខែ និងពួក មន
ក៏ប៉ុន្ដែលោកអ្នកប្រាជ្ញភាគច្រើនបានអះអាងស្របគ្នាថា
ទីស្ថាននេះត្រូវអ្នកបស្ចឹមប្រទេស ធ្វើឥណ្ឌូបនីយកម្ម
ទាល់តែក្លាយទៅជាប្រទេសឥណ្ឌាទី២ តាំងពីច្រើនរយឆ្នាំមុនសម័យពុទ្ធកាលម្ល៉េះ។ ពួកមនរមញ្ញជាអ្នកគោរពព្រះអាទិត្យ
រីឯពួកខែ (គឺខ្មែរយើងនេះ) ជាអ្នកគោរពព្រះចន្ទ។ ចំបាំងបានកើតឡើងរវាងពួកនាគ
និងពួកខែ-មន ហើយទោះបីជ័យជំនះបានទៅពួកនាគក៏ ដោយ
ក៏មួយភាគធំត្រូវក្លាយជាខែ ហើយមួយភាគទៀតក្លាយជាមន។ តាំងពីកាលនោះមក
នាមនាគក៏កាន់តែបាត់ទៅៗ។ គេពុំដឹងបា្រកដថា ជនជាតិខែរួមនឹងមនហៅថា
ខមពីកាល ណាទេ។ អ្នកខ្លះហៅខមទៅជា ក្រម ត្លម យុមខាំ ចាម សៀម លាវ ល្វោ ក៏មាន។
គេថាខមនេះច្រើន មានពណ៌ សំបុរខ្មៅ។ ក្នុងសៀវភៅចិន្ដាមុនីចែងថា ខម
ឬខ្មែរជាជាតិសាសនតែមួយ។ ខ្មែរ ខេមរ និង កម្ពុជាមានន័យដូចគ្នា។
៧. ទស្សនៈលោក ឆត្រាប្រេមឬឌី
លោកឆត្រាប្រេមឬឌីជាអ្នកស្រាវជ្រាវខ្មែរម្នាក់នៅបរទេស។
ក្នុងអត្ថបទមួយមានចំនងជើងថា «ខ្មែរមកពីណា» ផ្សាយតាមវិទ្យុជាតិ
កាលពីខែកម្ភៈ ១៩៧៣ លោកបានបញ្ចេញយោបល់របស់លោកថា កាលពីសម័យបុរាណប្រ
ទេសខ្មែរផ្នែកខាងលើហៅថា ជាន់លើ ឯផ្នែកខាងក្រោមហៅថា ក្រោមពូជ។
ពាក្យនេះក្លាយមកទៀតទៅជា ក្រមពូជ រួច កមពូជ រួច កម្ពុជា ឬ ខម។
៨. ទស្សនៈលោក កេង វ៉ាន់សាក់
ក្នុងសម័យប្រជុំពេញអង្គ
នៃក្រុមប្រឹក្សារាជានាចក្រ (អិលូវព្រឹទ្ធសភា) ស្ដីពីការបង្កើតវិទ្យាស្ថានខ្មែ-មន
កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ១៩៧០ លោកកេង
វ៉ានសាក់បានថ្លែងបំភ្លឺអង្គប្រជុំចំពោះពាក្យ ខ្មែរ និងកម្ពុជា មានសេចក្ដី
ដូចតទៅ៖
ពាក្យ ខ្មែរ ក្លាយមកពីពាក្យ ក + មេ ។
ហេតុបានជាដូច្នេះ ព្រោះខ្មែរយើងជាអ្នកនិយមទុកស្រីជាធំក្នុងគ្រួសារ និងក្នុងសង្គម
បានសេចក្ដីថា ខ្មែរយើងជាអ្នកមេនិយម matriarcaliste។
បុព្វបទ «ក» មាននាទី
ធ្វើន័យរបស់ពាក្យណាមួយមានលក្ខណៈកាន់តែខ្លាំងឡើង ដូច្នេះ ក + មេ មានន័យថា
អ្នកគោរពមេខ្លាំងជាងអ្នកឯទៀត ដែលគោរពល្មមៗ ឬគោរពឳពុកទៅវិញ។
ក + មេ > កមេ > ក្មេ
> ក្មេរ > ខ្មេរ > ខ្មែរ ពាក្យ
កម្ពុជា ក្លាយមកពី ក + ពូជជា ។
ហេតុដែលគេហៅខ្មែរយើងថា ពូជជា ព្រោះយើងពុំដែលធ្វើខ្ញុំ កញ្ជះអ្នកឯទៀតឡើយ។
ហើយដើម្បីអោយ ឃើញន័យកាន់តែខ្លាំង គេដាក់បុព្វបទ «ក» ពីមុខមកទៅ ជា ក + ពូជជា > កពូជជា
ដែលអ្នកបាលីសំស្រ្កឹតនិយមសរសេរទៅជា កម្ពុជា ដូច្នេះវិញ។
សរុបសេចក្ដីមក យើងឃើញថាទស្សនៈចំពោះពាក្យថា ខ្មែ-ខម - កម្ពុជា
នេះមានច្រើនមែន តែមិនទាន់ចុះសំរុងគ្នានៅឡើយ។
ភាគច្រើនបានខិតខំពន្យល់ពាក្យទាំងនេះដោយនិយមភ្ជាប់ទៅរិសគល់ឥណ្ឌា
មានតែលោកកេង វ៉ាន់សាក់ម្នាក់ទេដែលបានយករិសគល់ខ្មែរ-មន
មកធ្វើជាមូលដ្ឋានក្នុងការពន្យល់នេះ។ គួរកត់សំគាល់ថា ពាក្យ
ខ្មែរនេះច្បាស់ជាបានក្លាយមកពីពាក្យ ខ្មេរ (សម័យអង្គរ)
ដែលបានក្លាយមកពី ក្មេរ ទៀត (សម័យមុនអង្គរ)។
គួរកត់សំគាល់ម្យ៉ាងទៀតថា ខ្មែរយើងនិយមហៅខ្លួនឯងថា ខ្មែរ
ឯប្រទេសយើងៗហៅថា ស្រុកខ្មែរ។ ពាក្យថា កម្ពុជា បានក្លាយមកពីពាក្យ
កម្ពុជា ដែលបានប្រើក្នុងសិលាចារឹក (ព្រះគោល) ឬ កម្វុជទេស(បន្ទាយឆ្មារ)។
លិលាចារឹកចាមក៏មានប្រើពាក្យ កម្វុជទេសនេះ
សំរាប់សំគាល់ប្រទេសខ្មែរយើងដែរ។ សិលាចារឹកបក្សីចាំក្រុង នៅ ស.វ ទី១០
បានពន្យល់ថា ស្ដេចកម្ពុជាមានដើមកំណើតមកពីឥសី កម្ពុ
និងនាងអប្សរមេរា។ បើដូច្នេះឃើញថា ពាក្យ កម្ពុជា មានជាប់ទាក់ទង នឹងស្ដេច
ឬរាជវង្សនេះច្រើន។ តើពាក្យ កម្ពុជានេះត្រូវគ្នា នឹងពាក្យចិនថា ចេនឡា
ឬទេ ? ព្រោះជនជាតិនេះច្រើនហៅប្រទេសយើងថា ចេនឡា
តាំងតែពីចេនឡាជារដ្ឋចំនុះរបស់ហ្វូណនរហូតដល់ពេលវាយហ្វូណន
ពង្រីកអោយទៅជាចេនឡាធំគឺ នៅពេលដែលមានប្រើពាក្យ កម្វុជទេស
ក្នុងសិលាចារឹក។ ឯជនជាតិយួនក៏បានប្រើពាក្យ ចិនឡាប = ចេនឡា តមកទៀត
សំរាប់សំគាល់ប្រទេសខ្មែរ នៅសម័យក្រោយអង្គរ
គឺសម័យដែលស្ដេចខ្មែរមានឋានន្ដរនាមថា ក្រុងកម្ពុជាធិបតី។
គួរកត់សំគាល់ជាបន្ថែមទៀតថា
ពាក្យខ្មែរនេះត្រូវបានជនជាតិបរទេស ស្គាល់យូរយាណាស់មកហើយ។ ចិន ហៅយើងថា គីម៉ាវ
អារ៉ាប់ហៅថា កោម៉ារ (Qomar) ចាមហៅ ក្វីរ-ក្មីរ
យួនហៅ កាវមេន ឬកាវមៀន សៀម លាវហៅខម។ ចំពោះពាក្យ ខម
នេះលោកពញាអនុមានរាជធន អ្នក
ប្រាជ្ញថៃខាងអក្សរសាស្រ្ដបានសរសេរក្នុងសៀវភៅ «Thai literature in Relation to the Diffusion
of her cultures ថា Who were tho Khoms? They were probably
a race of people akin to the Mons and the Khmers Cambodians of the present-day
The olmon alphabet and also the old Khmer alphabet were called khom by the Thai។ បើតាន័យខាងលើពាក្យ ខម ទំនងជាកើតមកពី ខ(ខ្មែរ) + ម(មន) ទេដឹង?
ព្រោះខ្មែរយើងមិននិយមហៅខ្លួនឯងថាខមទេ មានតែសៀម លាវ
ហើយពួកនេះមានការកោតស្ញប់ស្ញែងចំពោះពួកខមនេះណាស់ ព្រោះ ខម (ខ្មែរ + មន?)
ជាអ្នកមានអរិយធម៌ខ្ពង់ខ្ពស់ដែលបានជះឥទ្ធិពលទៅលើពួកសៀមលាវ
យ៉ាងសំបើម។
ខ. មន
ក្នុងអំបូរខ្មែរ-មន
មនជាធាតុមួយសំខាន់បន្ទាប់ពីខ្មែរមក។ យ៉ាងណាមិញ ក្នុងអតីតកាល
មនជាជាតិមួយធ្លាប់ថ្កុំថ្កើងរុងរឿង មានទឹកដីធំទូលាយ
មានប្រវត្ដិសាស្រ្ដយូរអង្វែងមកហើយ។ ដូនតាខ្មែរបុរាណស្គាស់ជាតិមននេះ
ច្បាស់ណាស់បានជាលោកចងក្រងទំនុកច្រៀង និងបទភ្លេងជាច្រើន ដែលមានទាក់ទងនឹងជនជាតិនេះ
ដូចជាបទ «មនមុជទឹក» បទ «សំណាងមន» ៘
ជនជាតិមនហៅខ្លួនឯងថា មន
ប៉ុន្ដែជាតិភូមាបែរជាហៅជាតិនេះថា តៈលាញ់ Talaing វិញ។
តើពាក្យមន នេះមានន័យសេចក្ដីដូចម្ដេច? ហើយពាក្យថា
តៈលាញ់នោះមានន័យសេចក្ដីដូចម្ដេចទៀតដែរ?។ ជនជាតិមន
បានបញ្ជាក់ថាគេពុំដែលប្រើពាក្យអ្វីដទៃក្រៅពីពាក្យ មន សំរាប់សំគាល់ខ្លួនគេទេ
ហើយបានបញ្ជាក់ទៀតថា តាមទស្សនៈរបស់អ្នកប្រាជ្ញខ្លះ ពាក្យ មន
នេះទំនងជាក្លាយមកពីពាក្យបាលី មនុ ហើយមានន័យថាប្រជាជាតិ
ដែលមានមហិទ្ធិរិទ្ធិខ្លាំងពូកែ។ នៅក្នុងសិលាចារឹកបុរាណ គេឃើញមានប្រើពាក្យថា
ម៌េញ៍ ដែលអ្នកសិក្សាស្រាវជ្រាវសន្មតថាបានវិវត្ដបន្ដិចៗដូចនេះ៖
ម៌េញ៍ > រមេញ៍ > មញ៍
> មន៍
សព្វថ្ងៃនេះ ជនជាតិមនជួនកាលសរសេរថា
មញ៍ ជួនកាលសរសេរថា មន៍។ ចំពោះថា តៈលាញ់វិញ
មានទស្សនៈច្រើនបែបយ៉ាងដែលខិតខំពន្យល់។ នៅទីនេះយើងសូមលើកយកតែបីមកជំរាបដូចតទៅនេះ។
១. ទស្សនៈដែលយល់ថា តៈលាញ់ក្លាយមកពី
តយលយ (Toi loin) តយ មានន័យថា មិច្ឆាទិដ្ឋិជន ឯលយ
មានន័យថា ត្រូវវិនាសអន្ដរាយ។ តយលយ មានន័យថា
ពួកមិច្ឆាទិដ្ឋិជនទាំងឡាយត្រូវវិនាសអន្ដរាយ។
ទស្សនៈបែបនេះមានសំអាងលើរឿងព្រេងដែលនិទានថា
ក្នុងអតីតកាលមានព្រះមហាក្សត្រមួយអង្គមាន នាមថា តិសៈ សោយរាជ្យនៅនគរ ថាទង។
កាលនោះមានពួកមិច្ឆាទិដ្ឋិជនវាមកញុះញង់ស្ដេចអង្គនេះអោយ យល់ខុសជាត្រូវ
ដោយបោះបង់ចោលនូវជំនឿព្រះពុទ្ធសាសនា ព្រះពុទ្ធ រូបទាំងឡាយ
ត្រូវបញ្ជាអោយយកទៅ បោះចោលក្នុងទឹកទន្លេ។ គ្រានោះមានកូនស្រីសេដ្ឋីម្នាក់
មានឈ្មោះហៅថា មិត្លថូ នាងនោះជាពុទ្ធសាស និក
យកចិត្ដទុកដាក់គោរពបូជាព្រះពុទ្ធខ្លាំងណាស់
ហើយដោយមិនបានដឹងពីបញ្ជារបស់ស្ដេចទមិឡនោះ តិសៈ
ក៏បានស្រង់យកព្រះពុទ្ធបដិមាករ ខ្លះដែលគេទំលាក់ក្នុងទឹកទន្លេ យកទៅតំកល់ទុកក្នុងផ្ទះនាង។
អាស្រ័យដោយ ហេតុនោះ នាងក៏ត្រូវកាត់ទោសប្រហារជីវិតដោយដុតនឹងភ្លើង
និងដោយអោយដំរីជាន់ ប៉ុន្ដែទោះបីពេជ្ឃឃាត
ខិតខំប្រើគ្រប់មធ្យោបាយយ៉ាងណាក៏ដោយ ក៏ពុំអាចសំលាប់នាងបាន។
ដោយងឿងឆ្ងល់ខ្លាំង ស្ដេចក៏សួរទៅ នាងថា តើនាងចេះមុខវិជ្ជាគាថាអ្វីទេ?
នាងឆ្លើយថា
នាងពុំមានសិល្បសាស្រ្ដអ្វីក្រៅពីជំនឿដ៏មុតមាំលើព្រះពុទ្ធឡើយ។ ស្ដេចតិសៈ
យល់កំហុសរបស់ខ្លួន ក៏វិលទៅរកព្រះពុទ្ធសាសនាជាថ្មីឡើងវិញ។ បន្ទាប់មក
ក៏បញ្ជាអោយចាប់ពួកមិច្ឆាទិដ្ឋិជនទាំងឡាយ ព្រមជាមួយនឹងញាតិ សន្ដានទាំងអស់យកទៅកប់ត្រឹមក
សំលាប់ដោយភ្ជួរពីលើ។ ខ្លះទៀតដែលមិនចង់ស្លាប់ដោយវិធីនោះ
ក៏រត់ទៅលោតទឹកធ្វើអត្ដឃាតទៅ ដូច្នេះ
ពួកមិច្ឆាទិដ្ឋិជនទាំងឡាយត្រូវស្លាប់វិនាសអស់រលីងពីនគរ។ ក្នុងភាសាមន «ពួកមិច្ឆាទិដ្ឋិជនទាំងឡាយត្រូវិនាសអន្ដរាយ» គេនិយាយថា តយឡយ
ទើបមានជនខ្លះយល់ស្មានថា យូរៗទៅពាក្យនេះក៏ប្រែក្លាយទៅជា តៈលាញ់
ដែលជនជាតិភូមា ប្រើសំគាស់ជាតិមននេះឯង។
២. ទស្សនៈដែលយល់ឃើញថា តៈលាញ់
ក្លាយមកពីពាក្យភូមាពីរម៉ាត់ តាន និងលាញ (Tan lgaing)។ នេះ
គឺជាទស្សនៈរបស់អ្នកប្រាជ្ញភូមា ម្នាក់ឈ្មោះ អ៊ូឆាន់ម្យៈ (U Chan
Mya) សាស្រ្ដាចារ្យអក្សរសាស្រ្ដនៅសកល វិទ្យាល័យម៉ាន់ តៈលេ (Mandalay)។ លោកនេះយល់ថា តានមាន ន័យថា ទឹក ឯលាញ មានន័យថា
ចំរើនលូតលាស់ខ្លាំង ឬកន្លែងដែលមានទឹកជោរជន់ ។ ចំនេរតមកពាក្យ តាន
ក្លាយជាពាក្យ តៈ ហើយលាយ ក្លាយជា ហ្លាញ (Hliang)។
នៅទីនេះពាក្យ តៈ គ្មានន័យសេចក្ដីអ្វីអោយពិតប្រាកដទេ។ ហ្លាញ វិញមានន័យថា រលក
ឬរលកធំៗ។ ចំពោះអ្នក ប្រាជ្ញរូបនេះ ប្រទេសមនដែលស្ថិតនៅក្នុង
ប្រទេសភូមាខាងត្បូងសព្វថ្ងៃ ជាតំបន់ស្ថិតនៅ តាមឆ្នេរសមុទ្រ
ហើយដែលតែងតែមានភ្លៀងធ្លាក់ ជោគជាំផង នោះសមជាមានឈ្មោះហៅថា តានលាញណាស់
ហើយយូរៗទៅក៏គេប្រើពាក្យនេះសំរាប់សំគាល់ជនជាតិដែលរស់នៅទីនោះតែ ម្ដង
គឺជនជាតិមនហ្នឹងឯង។ ទស្សនៈបែបនេះយើងឃើញថាមានលក្ខណៈសមហេតុផលច្រើន
គួរយកទៅពិចារណា ក៏ប៉ុន្ដែគេពុំឃើញប្រើ ពាក្យនោះ ក្នុងសិលាចារឹក
សំរាប់សំគាល់ជនជាតិមនសោះឡើយ។
៣. ទស្សនៈទី៣ ដែលចាត់ទុកថា
តៈលាញ់ក្លាយមកពីពាក្យ តេលិង្គណ ដែលជាតំបន់មួយស្ថិតនៅលើឆ្នេរសមុទ្រខាងកើតនៃប្រទេសឥណ្ឌា។
តាមទស្សនៈនេះគេយល់ថា ជនជាតិឥណ្ឌា កាលពីដើមបានមកធ្វើជំនួញនៅប្រទេសមន
ហើយបានរៀបការជមួយនឹងស្រីមន តែលុះដល់ ត្រលប់ទៅស្រុកកំណើតវិញ
ពុំបាននាំប្រពន្ធកូនទៅជាមួយផងទេ។ ចំពោះពួកមនជាកូនទាំងនោះហើយដែលគេអោយឈ្មោះហៅថា
តៈលាញ់ គឺមានន័យថា គ្មាន បា ឬកូនឥតបា ក៏ប៉ុន្ដែចំនេរតមកពាក្យ តៈលាញ់
នេះក៏បានប្រើជាទូទៅសំរាប់ជនជាតិមនទាំងមូល។ ជាការពិតណាស់ថា ក្នុងបុរាណកាល
ជនជាតិឥណ្ឌា និងមនមានការប្រាស្រ័យទាក់ទងនឹងគ្នាជាច្រើន។ ជាភស្ដុតាង គឺជន
ជាតិមនបានទទួលអិទ្ធិពល វប្បធម៌ពីជនជាតិ ឥណ្ឌាច្រើន
មានតួអក្សរពុទ្ធសាសនាថេរវាទជាដើម។ ក្នុងទំនាក់ទំ នងរវាងជនជាតិទាំងពីរនេះ
ទំនងជាមានពួកឥណ្ឌាមកពីតំបន់តេលិង្គណមែន ហើយ។ លោកសឺដេស Coedès ក៏មានយោបល់ដូចនេះដែរ L'appellation
de Talaing, appliquée aux Môns par ley Birmans, semble indiquer qu'à une certaine époque le
Telingana ou région de Madras fut
enrelations partière- maent
actives avec le pays môn តែការដែលយកពាក្យថា តៈលាញ់ ប្រើសំរាប់សំគាល់ជនជាតិមនទាំង
អស់ហាក់ដូចជាពុំសមរម្យ ។
តាមយោបល់របស់ជនជាតិមនផ្ទាល់ថា
ពាក្យតៈលាញ់ ដែលមានន័យថា កូនឥតបា
ជារឿងប្រឌិតឡើងដើម្បីបង្ខូចកេរ្ដិ៍ឈ្មោះរបស់ជាតិគេប៉ុណ្ណោះ។
តាមការពិតពាក្យ តៈលាញ់ មានន័យថាបាត់បង់ឳពុក ឬឳពុកត្រូវបាត់បង់ ហើយ
បានក្លាយមកពីពាក្យ អិតលញរៈ (I'ta loin ra) ពាក្យថា
អិតៈ ឬតៈ នេះមានន័យថា ឳពុក ឯពាក្យ លញរៈមានន័យថា បាត់បង់ ឬវិនាស តែនៅទីនេះ
ពាក្យថា អិតៈ ពុំមែនសំគាល់ត្រឹមតែឳពុកជាមនុស្សម្នាក់ឬច្រើននាក់ប៉ុណ្ណោះទេ
តែសំគាល់នូវទឹកដីទាំងមូល ជាគេដំណែលពីដូនតារបស់ជនជាតិ មនតែម្ដង។
សូមជ្រាបថា ក្នុងគ្រាដែលជនជាតិភូមា វាយលុកចូលក្នុងរដ្ឋមន
ជនជាតិនេះរត់គេចពីភូមិស្រុកដើរបន្ដើរស្រែកបន្ដើរថា អិតៈលញរៈ!
បានសេចក្ដីថា ទឹកដីឳពុកយើងត្រូវវិនាសអន្ដរាយអស់ហើយ តែពាក្យខាងដើមគឺ
អិ និងពាក្យខាងចុង លឺមិនសូវច្បាស់ នៅសល់តែពាក្យ តៈលញ ដែលក្លាយទៅជា
តៈលាញ់ តាមសំដីរបស់ជនជាតិភូមាតែម្ដងទៅ។ តើជនជាតិដែលមានឈ្មោះថាមននេះ
មានគ្នាប៉ុន្មាននាក់ ហើយរស់នៅទីណា ខ្លះ? និងជាពិសេសតើជនជាតិនេះមានប្រវត្ដិពីខាងដើមរៀងដូចម្ដេចខ្លះដែរ?
បើតាមពត៌មានដែលយើងបានទទួល
ឃើញថាមនមានចំនួនសរុបប្រហែល ៧លាននាក់។ ក្នុងប្រទេសភូមា
ទីកន្លែងដែលជនជាតិនេះរស់នៅ ច្រើនកុះករបំផុត គឺតំបន់ឆ្នេរសមុទ្រ
តេណាស្សេរីម (Tenasserim) និងបេគូ (Pegu)។ ប៉ុន្ដែនៅរដ្ឋធានីយ៉ាងកូង (Rangoon) និងក្នុងភូមិឆ្ងាយ
ដាច់ស្រយាល ស្ថិតនៅខាងលិច ក៏មានជន ជាតិមនរស់នៅខ្លះដែរ។ ជនជាតិមនក្នុងប្រទេសថៃមានចំនួនតិចជាងប្រទេសភូមា
ហើយច្រើននៅ ជិតៗក្រុង បឹងកក់ នៅជុំវិញកាន់បុរី
(ពួកនេះជាកូនចៅរបស់ជនភៀសខ្លួននៅ ស.វ.ទី១៨-១៩) នៅលព្វបុរី នៅអុថៃថានី
និងនៅជិតនគររាជ។
ប្រពៃណីប្រវត្ដិសាស្រ្ដមនបានដំណាលថា
ជនជាតិមនមានកំណើតនៅត្រង់ថាទង (សុធម្មវតី) នៅប្រមាណ ៦០០ឆ្នាំ មុន គ.ស.ម៉្លេះ។ តែ
ចំលែកត្រង់សព្វថ្ងៃហាក់ដូចជាគ្មានសល់អ្វីជាដុំកំភួន ល្មមអោយចាត់ទុកទីនោះ
ថាជារាជ ធានីចាស់ ឬមួយបុរាណវត្ថុដែលនៅសល់ ត្រូវកប់
បាត់ទៅក្នុងដីអស់ទៅហើយ? បើយើងពឹងផ្អែកទៅលើឯកសារចិន
ឃើញថាជនជាតិមនបានបង្កើត រដ្ឋទ្វារវតី នៅស.វទី៧ ដែលមានទីតាំងនៅ
ត្រង់វាលទំនាបខាងក្រោម នៃទន្លេមេណាម ក្នុងប្រទេសថៃសព្វថ្ងៃ។
ប៉ុន្ដែបើតាមប៉ាន់ស្មានមើលទៅរដ្ឋនេះប្រហែលកកើតឡើងនូវមុន ស.វ. ទី៧
ព្រោះនៅត្រង់ព្រះបឋមពងទឹក
ដែលស្ថិតនៅក្នុងរដ្ឋទ្វារវតីគេបានរកឃើញវត្ថុជាច្រើន ដែលមានកាលកំនត់
មុនពាក់កណ្ដាល ស.វ.ទី៦។ ចិនប្រហែលមិនបានស្គាល់រដ្ឋនេះមុន ស.វ.ទី៧
ព្រោះវានៅមិនចំផ្លូវជំនួញ។ នៅក្រោយកាលកំនត់នេះបន្ដិច
ក្រោមកិច្ចដឹកនាំរបស់ព្រះនាង ឆាម្មទេវី
ជនជាតិមនបានកសាងរដ្ឋមួយទៀតគឺ រដ្ឋហវិបុញ្ជ័យនៅត្រង់វាលទំនាបខាងលើនៃទន្លេមេណាម។
ព្រភពចិនបានអោយដឹងថែមទៀតថា រដ្ឋថ្មីមួយ
ត្រូវបានស្ថាបនាឡើងមួយទៀត គឺរាជាណាចក្រហង្សវតីនៅឆ្នាំ ៨២៥
ដោយបងប្អូនភ្លោះពីរនាក់ឈ្មោះ សមល និងវិមល ហើយរដ្ឋនេះ
ស្ថិតនៅខាងត្បូងប្រទេសភូមា នៅចន្លោះទន្លេ អិរវតី និងសាល់វិន។
គេបានដឹងថា នៅឆ្នាំ ១០៥៧
ស្ដេចអនោរថដែលបានបង្កើតរដ្ឋភូមាដំបូងគឺ រដ្ឋបូកាន បានលើកទ័ពទៅវាយមន នៅថាទង
ហើយថែមទាំងបាន ចាប់យកជាឈ្លើយអស់ជាច្រើនទៅជាមួយផង ។ គួកត់សំគាល់ថា
ក្នុងចំនោម ឈ្លើយទាំងនោះ មានអ្នកប្រាជ្ញបណ្ឌិតកវីជាច្រើនដែលបាន ផ្សាយអរិយធម៌របស់ខ្លួនដល់ពួកអ្នកឈ្នះ
មានតួ អក្សរ និងលទ្ធិពុទ្ធាសាសនាថេរវាទជាដើម។ មកដល់ស.វ.ទី១៦ គឺក្នុងឆ្នាំ ១៥៤០
មេទ័ពភូមា ម្នាក់មកពី តងអ៊ូ (Taungo) បានបង្កើតរាជវង្សថ្មីមួយទៀត
ហើយលើទ័ពទៅវាយក្រុងបេគួយធ្វើជារាជធានីរបស់ខ្លួនរហូតទៅ ដែលបណ្ដាល
អោយជនជាតិមនបាត់បង់ឯករាជ្យ អធិបតេយ្យរបស់ខ្លួន ហើយចាប់ពីពេលនោះមក
ក៏អស់មាន ឋានៈជារដ្ឋរស់នៅបែកខ្ញែកគ្នា ហើយចំនួន
ប្រជារាស្រ្ដក៏កាន់តែរលោះទៅៗ រហូតដល់សព្វថ្ងៃ ដោយហេតុតែ
មានការបង្ក្រាបដោយសំលាប់រង្គាល បន្ទាប់ពីមានការបេះបោះទាមទារ សេរីភាពពីរលើក
គឺក្នុងរជ្ជកាលស្ដេច បាយិណោងម្ដង ១៥៥១-១៥៨១
និងដោយមេទ័ពអាលោងផាយ៉ាម្ដងក្នុងឆ្នាំ ១៧៥៧ ហើយប្រហែលជា ដោយហេតុនេះហើយ
បានជាជនជាតិភូមា និយមហៅមនថាតៈលាញ់ ( តៈលើង ខ្មែរថា ថ្លើង
ក្នុងពាក្យថ្លើងបះ គឺ អ្នកចូលចិត្ដបះបោរ។
No comments:
Post a Comment