រចនាសម្ព័ន្ធសាលាដំបូង និងអយ្យការអមសាលាដំបូង
|
សាលាដំបូងជាសាលាជម្រះក្តីថ្នាក់ទីមួយ
ដែលបង្កើតឱ្យមាននៅរាជធានីភ្នំពេញ និងនៅគ្រប់ខេត្តនៃ ព្រះរាជាណាចក្រកម្ពុជា ។
ការដាក់ឱ្យដំណើរការសាលាដំបូងនានា ត្រូវធ្វើឡើងដោយព្រះរាជក្រឹត្យ។
សាលាដំបូងត្រូវបែបចែកជាតុលាការជំនាញ ។
សាលាដំបូងគឺជាសាលាជម្រះក្តីទូទៅដែលមានសមត្ថកិច្ចជំនុំជម្រះក្ដីទៅលើរឿងក្ដីទាំងអស់
លើកលែងតែរឿងក្ដីដែលស្ថិតនៅក្រោសមត្ថកិច្ចនៃសាលាជម្រះក្ដីពិសេស
ឬសាលាជម្រះក្ដីវិសាមញ្ញែលបង្កើតឡើដោយច្បាប់ដោយឡែក ។
សាលាជម្រះក្ដីជាន់ទាបត្រូវបានបែងចែកជាតុលាការជំនាញ។ ការបង្កើត
ការលុបចោល និងការកែប្រែតុលាការជំនាញត្រូវកំណត់ដោយព្រះរាជក្រឹត្យ។
ប្រធានសាលាដំបូង
មានអំណាចឋានានុក្រមផ្នែករដ្ឋាបាលដោយផ្ទាល់លើប្រធានតុលាការជំនាញ ទាំងអស់នៃសាលាដំបូងនោះ។
ប្រធានតុលាការជំនាញនីមួយៗ
មានអំណាចឋានានុក្រមផ្នែករដ្ឋបាលោយផ្ទាល់លើចៅក្រមដែលជាសមាជិក ។
ប្រធានសាលាដំបូងមិនអាចធ្វើជាប្រធានតុលាការជំនាញណាមួយបានឡើយ ។ ប្រធានតុលាការជំនាញនីមួយៗ
អាចធ្វើជាប្រធានតុលាការជំនាញតែមួយគត់នៃសាលាដំបូងនោះ ។
មេរៀនទី១
រចនាសម្ព័ន្ទសាលាដំបូង
I.
រចនាសម្ព័ន្ធសាលាដំបូង
សាលាដំបូងគឺជាសាលាជម្រះក្ដីថ្នាក់ទីមួយ
ដែលត្រូវបង្កើតឡើងឱ្យមាននៅគ្រប់រាជធានី-ខេត្តនៃព្រះរាជាណាចក្រកម្ពុជា ។
ការដាក់ឱ្យដំណើការសាលាដំបូងនានា ត្រូវធ្វើឡើយដោយព្រះរាជក្រឹត្យ
សាលាដំបូង ត្រូវបែងចែកជាតុលាការជំនាញ ហើយក៏ជាសាលាជម្រះក្ដីទូរទៅដែលមានសមត្ថកិច្ចជំនុំជម្រះក្ដីទៅលើរឿងក្ដីទាំងអស់
លើកលែងតែរឿងក្ដីដែលស្ថិតនៅក្រោមសមត្ថកិច្ចនៃសាលាជម្រះក្ដីពិសេស
ឬសាលាជម្រះក្ដីវិសមញ្ញដែលបង្កើតឡើងដោយច្បាប់ដោយឡែក។
សមាសភាពសាលាដំបូងរូមមាន ៖
-ប្រធាន
-អនុប្រធាន
-ចៅក្រម
-ក្រឡាបញ្ជី
-មន្រ្ដីរដ្ឋបាល និងអាចមានមន្រ្ដីជំនាញផ្នែកច្បាប់ផ្សេងទៀត
ដែលបម្រើការងារនៅអយ្យការអមសាលាដំបូង។
v សាលាដំបូងនីមួយៗ
បែងចែកជាតុលាការជំនាញ ដូចខាងក្រោម ៖
-តុលាការរដ្ឋប្បវេណី
-តុលាការព្រហ្មទណ្ឌ
-តុលាការពាណិជ្ជកម្ម
-តុលាការការងារ
-តុលាការបរិស្ថាន
v តុលាការជំនាញផ្សេងទៀតរបស់សាលាដំបូង
ចេញសេចក្ដីសម្រេចរបស់ខ្លួនប្រកបដោយស្វ័យភាពក្នុងដែលសមត្ថកិច្ចរបស់ខ្លួន
ក្នុងនាមសាលាដំបូងដែលតុលាការជំនាញនោះស្ថិតនៅ។
សមាសភាពតុលាការជំនាញនីមួយៗរួមមាន៖
-ប្រធានតុលាករ
-ចៅក្រម
-ក្រឡាបញ្ជី
១.១ ការគ្រប់គ្រងរដ្ឋបាល
នៅសាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់មានអង្គភាពរដ្ឋបាលមួយស្ថិតនៅក្រោមរដ្ឋបាលកណ្ដាលរបស់ក្រសួងយុត្តិធម៌សម្រាប់គាំទ្រដល់កិច្ចដំណើរការរបស់អង្គការតុលាការ
និងអង្គការអយ្យការ ។ នៅថ្នាក់សាលាដំបូង អង្គភាពរដ្ឋបាលនេះហៅហាថា “លេខាធិការដ្ឋានរដ្ឋបាលសាលាដំបូង” មានថ្នាក់ស្មើនឹងនាយកដ្ឋាន
។
១.២ ហិរញ្ញវត្ថុ
សាលាដំបូង និងអយ្យការអមសាលាដំបូង សាលាឧទ្ធរណ៍
និងមហាអយ្យការអមសាលាឧទ្ធរណ៍ ព្រមទាំងតុលាការកំពូល និងមហាអយ្យការតុលាការកំពូល
មានកញ្ចប់ថវិកាដោយឡែកសម្រាប់ដំណើការ
ដែលស្ថិតនៅក្នុងកញ្ចប់ថវិការបស់ក្រសួងយុត្តិធម៌។ប្រធានសាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់
ជាអាណាប័កទទួលសិទ្ធិពីរដ្ឋមន្រ្ដីក្រសួងយុត្តិធម៌។
ការគ្រប់គ្រង
និងការចាត់ចែងថវិការបស់សាលាជម្រះក្ដី
និងអយ្យការអមសាលាជម្រះក្ដីត្រូវកំណត់ដោយអនុក្រឹត្យ។
II.
លក្ខណៈសម្បត្តិរបស់ចៅក្រម
២.១
ជំនាញវិជ្ជាជីវៈ
ចៅក្រម គឺជាមន្រ្ដីសាធារណៈដែលទទួលការជ្រើសតាំងឱ្យដឹកនាំគ្រប់គ្រងកិច្ចការច្បាប់នៅតាមសាលាជម្រះក្ដី
។ មានតែចៅក្រមទេដែលមានសិទ្ធិជម្រះក្ដី
ដែលចៅក្រមត្រូវបំពេញភារកិច្ចនេះដោយគោរពយ៉ាងម៉ឺងម៉ាត់ឱ្យអស់ពីដូងចិត្ត
និងសម្បជញ្ញៈរបស់ខ្លួន ។
នៅក្នុងអាជីបរបស់ខ្លួនចៅក្រមអាចត្រូវបានតែងតាំងជាព្រះរាជអាជ្ញា
ហើយព្រះរាជអាជ្ញា ក៏អាចត្រូវតែងតាំងជាចៅក្រមវិញបានដែរ។
២.២
ការជ្រើសរើស
បុគ្គលដែលត្រូវការជ្រើសរើសសម្រាប់ឱ្យបំពេញមុខងារជាចៅក្រម
ត្រូវតែជាអ្នកមានសមត្ថភាព និងជាអ្នកសុចរិតមានសីលធម៌ស្អាតស្អំ
បើយោងតាមសេចក្ដីព្រាងច្បាប់ស្ដីពីលក្ខន្ដិកៈចៅក្រម និងព្រះរាជអាជ្ញា បុគ្គលដែលត្រូវបានអនុញ្ញាតឱ្យប្រឡងជ្រើសរើសជាសិស្សចៅក្រម
ចាំបាច់ត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម ៖
-ត្រូវមានសញ្ជាតិខ្មែរពីកំណើត
-មានអាយុ៣៥ឆ្នាំយ៉ាងច្រើន ចំពោះបេក្ខជនជានិស្សិត
និងមានអាយុ៤០ឆ្នាំយ៉ាងច្រើនចំពោះបេក្ខជនជាមន្រ្ដីរាជការ គិតដល់ថ្ងៃប្រឡង
-ត្រូវមានសញ្ញាបត្រចាប់ពីបរិញ្ញាបត្រច្បាប់ឡើងទៅ
-មិនដែលមានទោសពីបទមជ្ឈិម ឬបទឧក្រិដ្ឋ
-ត្រូវមានកាយសម្បទាគ្រប់គ្រាន់អាចបំពេញការងារបាន។
ការជ្រើសរើសបញ្ជូលក្នុងក្របខណ្ឌចៅក្រម
ក៏អាចធ្វើឡើងតាមរយៈការប្រឡងប្រជែងផ្ទៃក្នុងពីក្នុងចំណោមមន្រ្ដីរាជការ
និងក្រឡាបញ្ជី ដែលមានលក្ខខណ្ឌដូចខាងក្រោម៖
-ត្រូវមានសញ្ញាបត្រចាប់ពីបរិញ្ញាបត្រច្បាប់ឡើងទៅ
-មានបទពិសោធន៍ក្នុងវិស័យច្បាប់ ឬយុត្តិធម៌យ៉ាងតិច ៥ឆ្នាំ
-មានអាយុមិនលើសពី ៤៥ឆ្នាំ គិតដល់ថ្ងៃប្រឡង។
ចំពោះមេធាវី
ក៏អាចប្រឡងចូលក្របខណ្ឌនេះបានដែរ តោយត្រូវគោរពតាមគោលការណ៍ទាំង៣ចំណុចខាងលើនេះ
២.៣
ការបណ្ដុះបណ្ដាល
សាលាភូមិន្ទចៅក្រមជ្រើសរើស និងធានារ៉ាបរង
ការបណ្ដុះបណ្ដាលវិជ្ជាជីវៈចៅក្រម ការបណ្ដុះបណ្ដាលបន្ដ និងវិក្រឹត្យការ ចៅក្រម
និងព្រះរាជអាជ្ញាដែលកំពុងបំពេញការងារនៅតាមសាលាជម្រះក្ដីនៃព្រះរាជាណាចក្រកម្ពុជា។
សិស្សចៅក្រមទទួលការបណ្ដុះបណ្ដាលដែលមានរយៈពេល ២ឆ្នាំនៅសាលាភូមិន្ទចៅក្រម
ព្រមទាំងឆ្លងកាត់កម្មសិក្សាដែលត្រូវបានកំណត់ ។
២.៤ ការតែងតាំង
សិស្សចៅក្រម
ដែលបានបញ្ចប់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈប្រកបដោយជោគជ័យត្រូវតែងតាំងដោយព្រះរាជក្រឹត្យជាចៅក្រមកម្មសិក្សា
ក្នុងឋានន្ដរសក្ដិជាអនុចៅក្រមថ្នាក់ដំបូងគេ ។
បន្ទាប់ពីបំពេញកម្មសិក្សាចប់សព្វគ្រប់ហើយ
ព្រះរាជអាជ្ញាកម្មសិក្សាត្រូវតាំងស៊ុបក្នុងក្របខណ្ឌចៅក្រម និង
មានឋានន្ដរសក្តិជាអនុចៅក្រមថ្នាក់ដំបូងគេ។
III.
ចៅក្រមស៊ើបសួរ
៣.១
សមត្ថកិច្ចរបស់ចៅក្រមស៊ើបសួរ
ចៅក្រមដែលមានសមត្ថកិច្ចគឺ
-ចៅក្រមស៊ើបសួរនាទីកន្លែងបទល្មើស
-ចៅក្រមស៊ើបសួរនាលំនៅដ្ឋាន
ឬទីសំណាក់របស់បុគ្គលដែលជាប់សង្ស័យថាបានប្រព្រឹត្តបទល្មើស
-ចៅក្រមស៊ើបសួរនាទីកន្លែងចាប់ខ្លួនបុគ្គលដែលជាប់សង្ស័យថាបានប្រព្រឹត្តបទល្មើស
IV.
តួនាទីរបស់ចៅក្រមស៊ើបសួរ
៤.១
ទទួលពាក្យបណ្ដឹង
ចៅក្រមស៊ើបសួរ
ទទួលពាក្យបណ្ដឹងអំពីអង្គហេតុដែលមានចែងនៅក្នុងដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួររបស់ព្រះរាជអាជ្ញា
។
៤.២ បើកការស៊ើបសួរ
ចៅក្រមស៊ើបសួរ ត្រូវស៊ើបសួរតែអង្គហេតុតែប៉ុណ្ណោះ
ប្រសិនបើលេចអង្គហេតុថ្មី ដែលអាចជាបទល្មើសព្រហ្មទណ្ឌនៅក្នុងពេលស៊ើបសួរ
ចៅក្រមស៊ើបសួរត្រូវជូនព័ត៌មានអំពីអង្គហេតុថ្មីនោះទៅព្រះរាជអាជ្ញា ហើយព្រះរាជអាជ្ញាអាចប្ដឹងសុំឱ្យចៅក្រមស៊ើបសួរបើកការស៊ើបសួរអំពីអង្គហេតុថ្មីនោះតាម
ដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរបន្ថែម
បើគ្មានដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរបន្ថែមទេ
ចៅក្រមស៊ើបសួរគ្មានសិទ្ធិអំណាចស៊ើបសួរអំពីអង្គហេតុថ្មីនោះបានឡើយ ។
ប៉ុន្ដែចៅក្រមស៊ើបសួរ មិនចាំបាច់សុំដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរបន្ថែមទេ
ប្រសិនបើអង្គហេតុថ្មីនោះជាស្ថានទម្ងន់ទៅលើអង្គហេតុដែលមានចែងនៅក្នុងដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរដំបូង។
ចៅក្រមស៊ើបសួរ អាចសុំឱ្យចៅក្រមផ្សេង ឬមន្រ្ដីនគរបាលយុត្តិធម៌
ឬអង្គភាពនគរបាលយុត្តិធម៌បំពេញកិច្ចខ្លះ តាមដីកាចាត់ឱ្យស៊ើបសួរជំនួស ។
ចៅក្រមស៊ើបសួរ
អាចចុះទៅដល់ទីកន្លែងជាមួយក្រឡាបញ្ជីរបស់ខ្លួននៅលើវិសាលភាពសមត្ថកិច្ចដែលដីនៃតុលាការជាន់ដំបូង
ដើម្បីបំពេញកិច្ចស៊ើបសួរដែលខ្លួនយល់ថាមានប្រយោជន៍ ជាអាទិ៍ ការពិនិត្យសម្ភារៈ
ការឆែកឆេរ និងការចាប់យកវត្ថុតាង តែចៅក្រមស៊ើបសួរត្រូវជូនដំណឹងដល់ព្រះរាជអាជ្ញាអំពីការចុះទៅពិនិត្យនោះ
ក្នុងករណីនោះ ព្រះរាជអាជ្ញាអាចចុះទៅជាមួយចៅក្រមស៊ើបសួរនោះ។
ក- ដីកាដំណោះស្រាយ
សេចក្ដីសម្រេចរបស់ចៅក្រមស៊ើបសួរ
គឺគេចង់សំដៅទៅលើសេចក្ដីសម្រេចរបស់ចៅក្រមស៊ើបសួរដែលត្រូវបានគេឱ្យឈ្មោះថា “សេចក្ដីសម្រេច”
វាជាការសម្រេចសេចក្ដីដែលតុលាការ
ឬចៅក្រមអាចធ្វើដោយមិនឆ្លងកាត់ការទាញហេតុផលដោយផ្ទាល់មាត់បានចៅក្រមស៊ើបសួរបិតការស៊ើបសួរតាមដីកាដំណោះស្រាយ
ដីកានេះអាចជាដីការបញ្ជូនទៅជំនុំជម្រះ ឬដីកាលើកលែងចោទប្រកាន់ ។
ខ-ដីកាលើកលែងចោទប្រកាន់
ចៅក្រមស៊ើបសួរ ចេញដីការលើកលែងចោទប្រកាន់នៅក្នុងករណីដូចតទៅ៖
-អំពើប្រព្រឹត្តមិនមែនជាបទឧក្រិដ្ឋ បទមជ្ឈឹម ឬបទលហុ
-ជនប្រព្រឹត្តអំពើនោះនៅតែមិនស្គាល់
-គ្មានភស្ដុតាងដាក់បន្ទុកគ្រប់គ្រន់លើជនត្រូវចោទ។
ករណីនេះចៅក្រមស៊ើបសួរ មិនអាចដោះលែងជននោះភ្លាមបានទេ
លុះត្រាតែផុតររយៈពេលប្ដឹងឧទ្ធរណ៍របស់ព្រះរាជអាជ្ញា និងអគ្គព្រះរាជអាជ្ញា
ដែលមានរយៈពេល១ខែ គិតពីពេលប្រកាសដីកា សម្រាប់អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍
និង៥ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងពីដីកាសម្រាប់អគ្គព្រះរាជអាជ្ញា ជនត្រូវចោទ
ដើមបណ្ដឹងរដ្ឋប្បវេណី និងជនដែលសុំឱ្យប្រគល់វត្ថុចាប់យកឱ្យខ្លួនវិញ ។
គ-បញ្ជូនទៅជំនុំជម្រះ
ប្រសិនបើយល់ឃើញថា
អំពើនោះជាបទឧក្រិដ្ឋ បទមជ្ឈឹម ឬបទលហុ
ចៅក្រមស៊ើបសួរសម្រេចបញ្ជូនជនត្រូវចោទទៅមុខតុលាការជំនុំជម្រះ
ការបញ្ជូនជនត្រូវចោទទៅតុលាការជំនុំជម្រះនេះធ្វើឡើយតាមរយៈ “ដីកាបញ្ជូនសំណុំរឿងទៅជំនុំជម្រះ”
ដោយដីកានេះត្រូវរៀបរាប់អំពើដែលត្រូវចោទប្រកាន់ និងឈ្មោះបទល្មើសតាមច្បាប់។
V.
ចៅក្រមជំនុំជម្រះ
៥.១ សមត្ថកិច្ចរបស់ចៅក្រមជំនុំជម្រះ
VI.
តូនាទីរបស់ចៅក្រមជំនុំជម្រះ
៦.១
ទទួលពាក្យបណ្ដឹង
៦.២ សវនាការ
៦.៣
សេចក្ដីសម្រេចរបស់តុលាការ
-សាលក្រមចំពោះមុខ ៖
ប្រសិនបើជនជាប់ចោទចូលមកបង្ហាញខ្លួននៅពេលសវនាការនោះសាលក្រមជាសាលក្រមចំពោះមុខជនជាប់ចោទ
។
-សាលក្រមដែលត្រូវចាត់ទុកថាចំពោះមុខ ៖
ប្រសិនបើជនជាប់ចោទមិនចូលបង្ហាញខ្លួននៅពេលសវនាការទេ
ប៉ុន្ដែសាមីខ្លួនបានដឹងអំពីការបញ្ជូនខ្លួនទៅជំនុំជម្រះផ្ទាល់
ឬបានដឹងពីការកោះហៅហើយនោះ សាលក្រមចាត់ទុកថា ជាសាលក្រមចំពោះមុខជនជាប់ចោទ ។
-សាលក្រមកំបាំងមុខ ៖
ប្រសិនបើជនជាប់ចោទមិនចូលបង្ហាញខ្លួននៅពេលសវនាការទេ ហើយគ្មានភស្ដុតាងបង្ហាញឱ្យឃើញថា
សាមីខ្លួនបានដឹងពីការបញ្ជូនខ្លួនទៅជំនុំជម្រះ ឬបានដឹងអំពីការកោះហៅនោះទេ
សាលក្រមនោះត្រូវបានប្រកាសកំបាំងមុខជនជាប់ចោទ។
VII.
បណ្ដឹងទាស់អំពីសាលក្រម
៧.១ បណ្ដឹងទាស់
៧.២ បណ្ដឹងឧទ្ធរណ៍
៧.៣ អានុភាពនៃសាលក្រមចូលជាស្ថាពរ
ក-ការបិតផ្លូវតវ៉ា ៖ ក្រោយពេលចូលជាសាលក្រមស្ថាពរ
ភាគីនៃរឿងក្ដីនោះមិនអាចធ្វើការប្ដឹងឧប្រាស្រ័យនឹងសាលក្រមនោះជាថ្មីម្ដងទៀតឡើយ
លើកលែងតែបណ្ដឹងសើរើក្នុងករណីពិសេសមួយ។
ខ-អានុភាពអនុវត្ត ៖ សាលក្រមដែលបានចូលជាស្ថាពររួចហើយ មានន័យថា
សាលក្រមនោះមានអានុភាពអនុវត្តដោយព្រះរាជអាជ្ញា
ត្រូវចាប់ផ្ដើមអនុវត្តទៅតាមអំណាចនៃសាលក្រមនោះជាដាច់ខាត ។
មេរៀនទី១
រចនាសម្ព័ន្ទអយ្យការអមសាលាដំបូង
I.
រចនាសម្ព័ន្ទ
ព្រះរាជអាជ្ញាអមសាលាដំបូង មានឋានន្ដរសក្ដិជាវរៈព្រះរាជអាជ្ញា។
ព្រះរាជអាជ្ញារងអមសាលាដំបូងទាំងអស់មានឋានន្ដរសក្ដិជាវរៈព្រះរាជអាជ្ញា
ឬអនុព្រះរាជអាជ្ញាឡើងទៅ។
នៅអមសាលាដំបូងរាជធានីខេត្ត
ត្រូវមានអង្គការអយ្យការមួយ ហៅថា “អយ្យការអមសាលាដំបូង”។
អយ្យការអមសាលាដំបូង
ត្រូវដឹកនាំដោយព្រះរាជអាជ្ញា ១រូប និងអមដោយព្រះរាជអាជ្ញារងមួយចំនួនតាមការចាំបាច់។
ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូង ជាតំណាងអយ្យការអមសាលាដំបូងដែលខ្លួនបំពេញការងារ។
សមាសភាពអយ្យការអមសាលាដំបូងមាន៖
-ព្រះរាជអាជ្ញា
-ព្រះរាជអាជ្ញារង
-ក្រឡាបញ្ជី
-មន្រ្ដីរដ្ឋបាល និងអាចមានមន្រ្ដីជំនាញផ្នែកច្បាប់ផ្សេងទៀត
ដែលបម្រើការងារនៅអយ្យការអមសាលាដំបូង។
១.១ ការគ្រប់គ្រង
ចៅក្រមអយ្យការគ្រប់រូប
ត្រូវគោរពតាមធិបញ្ជាថ្នាក់លើរបស់ខ្លួនតាមឋានានុក្រមដែលរួមមាន ៖
-រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ គឺជានាយឋានានុក្រមនៃអង្គការអយ្យការ
ហើយអាចធ្វើអធិបញ្ជាតាមការណែនាំជាលាយលក្ខណ៍អក្សរទៅអង្គការអយ្យការគ្រប់ជាន់ថ្នាក់ ។
អគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌
ជាសេនាធិការឱ្យរដ្ឋមន្រ្ដីក្រសួងយុត្តិធម៌លើ
កិច្ចការនេះ។
-អគ្គព្រះរាជអាជ្ញាអមតុលាការកំពូល
គឺជានាយឋានានុក្រមនៃមហាអយ្យការអមតុលាការកំពូល។
-ព្រះរាជអាជ្ញា
និងអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូលត្រូវធ្វើការក្រោមការដឹកនាំ និងការទទួលខុសត្រូវរួមរបស់អគ្គព្រះរាជអាជ្ញាដែលជានាយឋានានុក្រមរបស់ខ្លួន។
-អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍
គឺជានាយឋានានុក្រមនៃមហាអយ្យការអមសាលាឧទ្ធរណ៍។
-ព្រះរាជអាជ្ញា
និងអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្រូវធ្វើការក្រោមការដឹកនាំ
និងការទទួលខុសត្រូវរួមរបស់អគ្គព្រះរាជអាជ្ញា ដែលជានាយឋានានុក្រមរបស់ខ្លួន។
-ព្រះរាជអាជ្ញាអមសាលាដំបូង
គឺជានាយឋានានុក្រមនៃអយ្យការអមសាលាដំបូង។
ព្រះរាជអាជ្ញាទាំងអស់នៃអយ្យការអមសាលាដំបូង ត្រូវធ្វើការក្រោមការដឹកនាំ
និងការទទួលខុសត្រូវរួមរបស់ព្រះរាជអាជ្ញា ដែលជានាយឋានានុក្រមរបស់ខ្លួន។
១.២ ហិរញ្ញវត្ថុ
សាលាដំបូង និងអយ្យការអមសាលាដំបូង សាលាឧទ្ធរណ៍
និងមហាអយ្យការអមសាលាឧទ្ធរណ៍ ព្រមទាំងតុលាការកំពូល និងមហាអយ្យការតុលាការកំពូល
មានកញ្ចប់ថវិកាដោយឡែកសម្រាប់ដំណើការ
ដែលស្ថិតនៅក្នុងកញ្ចប់ថវិការបស់ក្រសួងយុត្តិធម៌។ប្រធានសាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់
ជាអាណាប័កទទួលសិទ្ធិពីរដ្ឋមន្រ្ដីក្រសួងយុត្តិធម៌។
ការគ្រប់គ្រង
និងការចាត់ចែងថវិការបស់សាលាជម្រះក្ដី
និងអយ្យការអមសាលាជម្រះក្ដីត្រូវកំណត់ដោយអនុក្រឹត្យ។
II.
លក្ខណៈសម្បត្តិរបស់ព្រះរាជអាជ្ញា
២.១
ជំនាញវិជ្ជាជីវៈ
ព្រះរាជអាជ្ញា គឺជាមន្រ្ដីដែលស្ថិតនៅក្នុងស្ថាប័នអយ្យការ
ជាអ្នកទទួលបន្ទុកស្វែងរកបទល្មើសព្រហ្មទណ្ឌ ធ្វើការចោទប្រកាន់ និងសុំឱ្យអនុវត្តច្បាប់នៅចំពោះមុខយុត្តាធិការស៊ើបសួរ
និងយុត្តាធិការជំនុំជំម្រះ ក្នុងនាមផលប្រយោជន៍សង្គម ។
អង្គការអយ្យការក៏ធានារ៉ាប់រងការអនុវត្តន៍សេចក្ដីសម្រេចខាងបទល្មើសព្រហ្មទណ្ឌ
ព្រមទាំធានាយកចិត្តទុកដាក់លើការផ្សព្វផ្សាយដីកាបង្គាប់ឱ្យចាប់ខ្លួន ។
២.២ ការជ្រើសរើស
ការជ្រើសរើស និងការបណ្ដុះបណ្ដាលព្រះរាជអាជ្ញា
ត្រូវអនុវត្តរួមគ្នាជាមួយនឹងការបណ្ដុះបណ្ដាលចៅក្រម ។
យោងតាមគោលការណ៍ណែនាំស្ដីពី តួនាទីរបស់ព្រះរាជអាជ្ញា
រដ្ឋត្រូវធានាថា បុគ្គលដែលត្រូវបានជ្រើសរើសឱ្យធ្វើជាព្រះរាជអាជ្ញាត្រូវតែ
ជាបុគ្គលដែលមានសុចរិត មានសមត្ថភាពមានការបណ្ដុះបណ្ដាលត្រឹមត្រូវ និងមានគុណសម្បត្តិ
។
២.៣ ការបណ្ដុះបណ្ដាល
ដូចគ្នាជាមួយនឹងចៅក្រមដែរ មុននឹងក្លាយជាព្រះរាជអាជ្ញា គឺត្រូវបណ្ដុះបណ្ដាលបឋមខាងវិជ្ជាជីវៈដែលមានរយៈពេល
២ឆ្នាំនៅសាលាភូមិន្ទចៅក្រម ព្រមទាំងឆ្លងកាត់កម្មសិក្សាដែលត្រូវបានកំណត់ ។
២.៤ ការតែងតាំង
សិស្សព្រះរាជអាជ្ញា
ដែលបានបញ្ចប់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈប្រកបដោយជោគជ័យត្រូវតែងតាំងដោយព្រះរាជក្រឹត្យជាព្រះរាជអាជ្ញាកម្មសិក្សា
ក្នុងឋានន្ដរសក្ដិជាអនុព្រះរាជអាជ្ញាថ្នាក់ដំបូងគេ ។
បន្ទាប់ពីបំពេញកម្មសិក្សាចប់សព្វគ្រប់ហើយ
ព្រះរាជអាជ្ញាកម្មសិក្សាត្រូវតាំងស៊ុបក្នុងក្របខណ្ឌព្រះរាជអាជ្ញា
និងមានឋានន្ដរសក្តិជាអនុព្រះរាជអាជ្ញាថ្នាក់ដំបូងគេ។
III.
តួនាទីរបស់ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង
៣.១
ទទួលពាក្យបណ្ដឹង
ព្រះរាជអាជ្ញា ទទួលបណ្ដឹងទាមទារ ឬបរិហារ ពី៖
-នគរបាលយុត្តិធម៌
-ជនរងគ្រោះ
ព្រះរាជអាជ្ញាថ្លឹងថ្លែងអំពីចំណាត់ការលើពាក្យប្ដឹង
និងពាក្យបរិហារដែលខ្លួនបានទទួលដោយផ្ទាល់ ឬដែលមន្រ្ដីនគរបាលយុត្តិធម៌បញ្ជូនមក ។
៣.២ បើកការស៊ើបសួរ
នៅពេលព្រះរាជអាជ្ញា ទទួលពាក្យបណ្ដឹងទាមទារ ឬបណ្ដឹងបរិហារ
ដែលខ្លួនបានទទួលតាមរយៈមន្រ្ដីនគរបាលយុត្តិធម៌ ព្រះរាជអាជ្ញាត្រូវចុះ
ឬបង្គាប់ឱ្យក្រឡាបញ្ជីអយ្យការណាមួយឱ្យចុះពាក្យបណ្ដឹងក្នុងបញ្ជីនៃពាក្យបណ្ដឹងជាបន្ទាន់
ទោះជាបទល្មើសជាក់ស្ដែងក្ដីឬមិនជាក់ស្ដែងក្ដី វាខុសគ្នាត្រង់ថា
មានខ្លួនជនជាប់សង្ស័យ ឬគ្មាន ។
បើសិនជាបទល្មើសជាក់ស្ដែងមានខ្លួនជនជាប់សង្ស័យព្រះរាជអាជ្ញាអាចសួរចម្លើយបាន
ដោយគាត់អាចបង្គាប់ឱ្យក្រឡាបញ្ជីអយ្យការណាម្នាក់ សួរនាំយកចម្លើយជំនួសខ្លួន ហើយព្រះរាជអាជ្ញាធ្វើដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរដោយចុះលេខពិសេស
ហើយបញ្ជូនទៅប្រធានតុលាការ ដើម្បីចាត់ចៅក្រមស៊ើបសួរ ។
បើសិនគ្មានជនជាប់សង្ស័យទេ
ក្រោយពីទទួលសំណុំរឿងពីមន្រ្ដីនគរបាលយុត្តិធម៌មកនោះ ព្រះរាជអាជ្ញា
ត្រូវធ្វើការស៊ើបសង្គេតបឋមរកវិមតិសង្ស័យតទៅទៀតនូវតម្រុយចំណុចត្រង់ណាដែសង្ស័យ
ដើម្បីធ្វើការចោទប្រកាន់ដោយសាកសួរ ដើមបណ្ដឹងរដ្ឋប្បវេណី ជនរងគ្រោះ ឬសាក្សី ។
ការផ្ដើមចោទប្រកាន់មិនទាន់ស្ថាពរទេ
ហើយធ្វើការផ្ដើមចោទប្រកាន់ដោយតម្រុយទៅចៅក្រមស៊ើបសួរ ។
កាលណាបានដឹងអំពីអំពើដែលអាចជាបទឧក្រិដ្ឋ បទជ្ឈឹម ឬបទលហុ មន្រ្ដីនគរបាលយុត្តិធម៌
អាចធ្វើការស៊ើបអង្កេតបឋមដោយខ្លួនឯង ឬតាមការសុំរបស់ព្រះរាជអាជ្ញា។
IV.
អំណាច
៤.១
ការតម្កល់រឿងទុកឥតចាត់ការ
ប្រសិនបើព្រះរាជអាជ្ញាយល់ឃើញថា
អំពើដែលគេប្ដឹងមកមិនមែនជាបទល្មើសព្រហ្មទណ្ឌ
ឬគ្មានភស្ដុតាងណាមួយឱ្យជឿថា ពិតជាមានបទល្មើសកើតឡើងមែននោះ មានន័យថា
អំពើប្រព្រឹត្តមិនមែនជាបទឧក្រឹដ្ឋ បទមជ្ឈិម ឬបទលហុ ដែលច្បាប់កំណត់ផ្ដន្ទាទោស
ឬក៏គ្មានពិរុទ្ធភាពគ្រប់គ្រាន់សម្រាប់ធ្វើការចោទប្រកាន់
ឬគ្មានភស្ដុតាងដាក់បន្ទុកគ្រប់គ្រាន់លើជនត្រូវចោទដូច្នេះព្រះរាជអាជ្ញានឹងចេញដីកាតម្កល់រឿងទុកឥតចាត់ការ
ដោយមានសំអាងច្បាប់ និងសំអាងហេតុ។ ទោះជាយ៉ាងណាក្ដី
សេចក្ដីសម្រេចនេះពុំមានអាជ្ញាអស់ជំនុំទេដោយព្រះរាជអាជ្ញា
អាចរើកែប្រែសេចក្ដីសម្រេចរបស់ខ្លួនវិញ នៅពេលដែលបណ្ដឹងអាជ្ញាមិនទានរលត់។
សូមបញ្ជាក់ថាផងដែថា ព្រះរាជអាជ្ញា អាចធ្វើការរំលត់បណ្ដឹងអាជ្ញាបានដែរក្នុងលក្ខខណ្ឌដូចខាងក្រោមនេះ
៖
-មរណភាពនៃជនល្មើស
-ការផុតអាជ្ញាយុកាល
-ការលើកលែងទោសជាទូទៅ
-អាជ្ញាអស់ជំនុំ។
៤.២
សេចក្ដីសម្រេចក្នុងការចោទប្រកាន់
នៅពេលដែលមានភស្ដុតាងធួនល្មមអាចជឿបានថា
ជនសង្ស័យអាចនឹងប្រព្រឹត្តអំពើដែលគេប្ដឹងមកនោះមែន ព្រះរាជអាជ្ញានឹងចាប់ផ្ដើមធ្វើការចោទប្រកាន់។
ដោយឡែកការផ្ដើមចោទប្រកាន់មានច្រើនសណ្ឋានក្នុងករណីមន្រ្ដីរាជការណាម្នាក់ត្រូវបានតុលាការចោទប្រកាន់ព្រះរាជអាជ្ញាត្រូវជូនដំណឹងអំពីការចោទប្រកាន់នោះទៅប្រធានស្ថាប័នសាមីក្នុងរយៈពេល៧២ម៉ោងយ៉ាងយូ។
ទាក់ទងទៅនឹងអនីតិជនដែលជាជនជាប់សង្ស័យ សេចក្ដីណែនាំអំពីការអនុវត្តន៍គោលការណ៍នានាក្នុងច្បាប់ជាតិ
និងអន្ដរជាតិដែលកំពុងនៅជាធរមានទាក់ទងនឹងយុត្តិធម៌អនីតិជនចេញដោយរដ្ឋមន្រ្ដីក្រសួងយុត្តិធម៌
ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០០៩ បានកំណត់ថា “ប្រសិនបើមានភាពមិនច្បាស់លាស់អំពីអាយុរបស់អនីតិជនដែលជាប់សង្ស័យនោះ
ព្រះរាជអាជ្ញាគប្បីធ្វើការស៊ើបអង្គេតបន្ថែមដើម្បីស្វែងរកការពិតនៃអាយុរបស់អនីតិជនដែលជាប់សង្ស័យនោះ
“។
ក-បើកការស៊ើបសួរ
ដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ
គឺជាដីកាដែលព្រះរាជអាជ្ញាប្ដឹងទៅចៅក្រមស៊ើបសួរឱ្យធ្វើការស៊ើបសួរលើអង្គហេតុដែលមានចែងនៅក្នុងដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ
។ ដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរត្រូវមាននិទ្ទេសដូចកំណត់ក្នុងមាត្រា ៤៤
នៃក្រមនីតិវិធីព្រហ្មទណ្ឌ ពោលគឺ៖
-សេចក្ដីសង្ខេបនៃអង្គហេតុ
-ការកំណត់ឈ្មោះបទល្មើស
-ការបង្ហាញអត្ថបទច្បាប់ដែលកំណត់ និងបង្រ្កាបបទល្មើស
-ឈ្មោះបុគ្គលដែលត្រូវរងការស៊ើបសួរ ប្រសិនបើអាចកំណត់បាន
(ក្នុងករណីមិនអាចកំណត់បានអាចបើកការស៊ើបសួរប្រឆាំងនឹង អញ្ញាតជន ពោលគឺជនមិនស្គាល់
-ជនជាប់ចោទជានីតិជន
-រឿងក្ដីមានលក្ខណៈគ្រប់គ្រាន់ល្មមជំនុំជម្រះបាន។
ខ-ការបញ្ជូនទៅជំនុំជម្រះផ្ទាល់
ក្នុងករណីនេះ ព្រះរាជអាជ្ញា ចេញដីកាបញ្ជូនរឿងទៅជំនុំជម្រះផ្ទាល់
ហើយការបញ្ជូនទៅជំនុំជម្រះផ្ទាល់នេះអាចធ្វើបានតែចំពោះបទល្មើសមជ្ឈិមជាក់ស្ដែង
និងបទល្មើសលហុតែប៉ុណ្ណោះ ។
គ-នីតិវិធីបង្ហាញខ្លួនភ្លាម
ប្រសិនបើលក្ខខណ្ឌនៃមាត្រ ៤៧ នៃក្រមនីតិវិធីព្រហ្មទណ្ឌ
ត្រូវបានបំពេញ ព្រះរាជអាជ្ញាអាចប្រើប្រាស់នីតិវិធីនេះបាន
ដោយគ្រាន់តែធ្វើកំណត់ហេតុប៉ុណ្ណោះ ពុំមានចេញដីកាសន្និដ្ឋានអ្វីទេ ។
លក្ខខណ្ឌដែលអាចឱ្យប្រើប្រាស់នីតិវិធីនៃការបង្ហាញខ្លួនភ្លាមបាន មានដូចជា
-បទមជ្ឈិមជាក់ស្ដែង
-បទល្មើសត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារយ៉ាងតិ១ឆ្នាំ
និងយ៉ាងច្រើន៥ឆ្នាំ ។
ហេតុនេះប្រសិនបើជនល្មើសត្រូវចោទប្រកាន់ ពីបទប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់
នីតិវិធីនៃការបង្ហាញខ្លួនភ្លាមមិនអាចយកមកប្រើបានឡើយ ។
-ជនជាប់ចោទជានីតិជន
-រឿងក្ដីមានលក្ខណៈគ្រប់គ្រាន់ល្មមអាចជំនុំជម្រះបាន
។
V.
មុខងារអង្គការអយ្យការ
៥.១
មុខងាររបស់អយ្យការនៅក្នុងរឿងព្រហ្មទណ្ឌ
យោងតាមមាត្រា ១៣០ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
ឆ្នាំ១៩៩៣ បានចែងថា “មានតែអង្គការអយ្យការទេ ដែលមានសិទ្ធិធ្វើបណ្ដឹងអាជ្ញា” ។
យោងមាត្រា ៥កថាខណ្ឌ២ នៃច្បាប់ស្ដីពីការចាត់តាំង និងសកម្មភាពសាលាជម្រះក្ដី
ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ១៩៩៣ បានចែងថាក្នុងរឿងព្រហ្មទណ្ឌក្រុមអយ្យការជាម្ចាស់នៃបណ្ដឹងអាជ្ញា
និងធ្វើការសន្និដ្ឋានទោសដោយតាំងខ្លួនជាគូក្ដីដើមជាដរាប។
យោងមាត្រា ៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ឆ្នាំ២០០៧
បានចែងបន្ថែមទៀតថា បណ្ដឹងអាជ្ញា ត្រូវអនុវត្តក្នុងនាមនៃផលប្រយោជន៍ដោយអយ្យការ
បានន័យថាព្រះរាជអាជ្ញាជាម្ចាស់បណ្ដឹងអាជ្ញា
និងជាគូក្ដីដើមក្នុងរឿងព្រហ្មទណ្ឌដើម្បីការពារ រក្សាសុវត្ថិភាព
សណ្ដាប់ធ្នាប់សង្គម
តាមរយៈការចោទប្រកាន់ប្រឆាំងនឹងបុគ្គលទាំងឡាយណាដែលបានរំលោភច្បាប់។
យោងមាត្រា ៨ កថាខណ្ឌ ៤ នៃសេចក្ដីព្រាងច្បាប់រៀបចំអង្គការតុលាការ
និងមាត្រា ២៧ កថាខណ្ឌ ៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា
ឆ្នាំ២០០៧ បានចែងបញ្ជាក់ថា
ព្រះរាជអាជ្ញាត្រូវតែមានវត្តមាននៅគ្រប់សវនាការទាំងអស់នៃរឿងក្ដីព្រហ្មទណ្ឌ
ដែលក្នុងរឿងក្ដីព្រហ្មទណ្ឌនេះព្រះរាជអាជ្ញាជាអ្នកប្ដឹងទៅតុលាការ
ហើយត្រូវតែបង្ហាញឱ្យបានច្បាស់នូវអ្វីដែលខ្លួនបានចោទប្រកាន់។
ក្នុងពេលជំនុំជម្រះតំណាងអយ្យការត្រូវចូលរួម ជាចំបាច់ បើពុំដូច្នោះទេ
តុលាការមិនអាចធ្វើការជំនុំជម្រះ ឬកាត់ទោសជនល្មើសបានឡើយ ។ ព្រះរាជអាជ្ញា
ធ្វើការចោទប្រកាន់ខាងព្រហ្មទណ្ឌ និងសន្និដ្ឋានឱ្យមានការអនុវត្តន៍ច្បាប់
ហើយព្រះរាជអាជ្ញា ក៏ធានារ៉ាប់រងការអនុវត្តន៍សេចក្ដីសម្រេចខាងព្រហ្មទណ្ឌ
និងសិទ្ធិធ្វើបណ្ដឹងអាជ្ញា
សិទ្ធិអំណាចធ្វើការស៊ើបអង្គេតបឋមក្នុងករណីកើតមានបទល្មើស ឧក្រិដ្ឋ ឬបទល្មើសមជ្ឈិមជាក់ស្ដែង
អំណាចធ្វើការចាប់ខ្លួន ការឃាត់ខ្លួន ចោទប្រកាន់
និងសិទ្ធិអំណាចច្រើនទៀតដែលច្បាប់បានផ្ដល់ឱ្យ ។
៥.២
មុខងារនៅក្នុងការអនុវត្តន៍សាលក្រម
សាលក្រមចូលជាស្ថាពរ គឺមានន័យថាផុតរយៈពេលប្ដឹងទាស់
និងប្ដឹងឧទ្ធរណ៍ហើយគឺមិនអាចធ្វើការកែប្រែបានឡើយ សូម្បីតែព្រះរាជអាជ្ញា
ហើយតុលាការសាមីដែលចេញសាលក្រមនោះក៏មិនអាចកែប្រែសេចក្ដីសម្រេចរបស់ខ្លួនបានដែរ។
ចំពោះសាលក្រមព្រហ្មទណ្ឌ
ដែលចូលជាស្ថាពរហើយតម្រូវឱ្យមានការដាក់ទោសជនសង្ស័យ ឬជនត្រូវចោទទោះបីមិនមានការស្នើសុំពីភាគីដើមបណ្ដឹង
ក៏ព្រះរាជអាជ្ញាត្រវអនុវត្តភ្លាមដែរព្រោះគាត់ជាដើមបណ្ដឹងអាជ្ញា
ការចុះអនុវត្តសាលក្រមនេះ ត្រូចបែងចែកជាពីរផ្នែក គឺ៖
ក-សាលក្រមស្ថាពរចំពោះមុខ
ព្រះរាជអាជ្ញា ជាអ្នកអនុវត្តសាលក្រមដោយក្នុងករណីចាំបាច់
ព្រះរាចអាជ្ញា អាចកេណ្ឌកម្លាំងសាធារណៈបាន
បើសាលក្រមស្ថាពរសម្រេចត្រូវផ្ដន្ទាទោសជនជាប់ចោទដាក់ពន្ធនាគារ
ដូច្នេះព្រះរាជអាជ្ញា ចេញដីកាបង្គាប់ឱ្យចាប់ខ្លួនជនជាប់ចោទដាក់ពន្ធនាគារតាមអំណាចរបស់សាលក្រម
។
ចំណាំ
ក្នុងករណីសាលក្រមមិនទាន់ចូលជាស្ថាបរ ភាគីអាច៖
-ប្ដឹងទាស់ចំពោះសាលក្រមចំពោះមុខ
-ប្ដឹងឧទ្ធរណ៍ចំពោះសាលក្រមចំពោះមុខ
ខ-សាលក្រមកំបាំងមុខ
សាលក្រមកំបាំមុខក៏ជាអំណាចរបស់ព្រះរាជអាជ្ញាផងដែរ
ក្នុងការអនុវត្តន៍សាលក្រមនេះ
ហើយការអនុវត្តន៍សាលក្រមនេះវាមានលក្ខណៈស្រដៀងគ្នាទៅនឹងការអនុវត្តន៍សាលក្រមចំពោះមុខដែរ។
បន្ទាប់ពីទទួលសម្រង់សាលក្រមព្រហ្មទណ្ឌរួចមក
ក្រឡាបញ្ជីត្រូវចុះហត្ថលេខាទទួលយកសម្រង់សាលក្រមនេះ
ប្រសិនបើត្រូវផ្ដន្ទាទោសឱ្យដាក់ពន្ធនាគារនោះជាមួយសម្រង់សាលក្រមរបស់ចៅក្រមជំនុំជម្រះមកដាក់ពន្ធនាគារតាមសាលក្រម
ហើយបញ្ជូនទៅស្នងការដ្ឋាននគរបាលគ្រប់ទីកន្លែងទាំងអស់នៃព្រះរាជាណាចក្រកម្ពុជា
ដើម្បីស្វែងរកចាប់ខ្លួនជនល្មើស។
ចំណាំ
ក្នុងករណីសាលក្រមមិនទាន់ចូលជាស្ថាបរ ភាគីអាច៖
-ប្ដឹងទាស់ចំពោះសាលក្រមកំបាំងមុខ
-ប្ដឹងឧទ្ធរណ៍ចំពោះសាលក្រមកំបាំងមុខ
មេរៀនទី៣
ក្រឡាបញ្ជី និងលេខាធិការដ្ឋានសាលាដំបូង
I.
តួនាទីរបស់ក្រឡាបញ្ជី
ក្រឡាបញ្ជី
ជាមន្រ្តីក្របខណ្ឌក្រសួងយុត្តិធម៌ដែលមានតួនាទីជាជំនួយរបស់ព្រះរាជអាជ្ញា
និងចៅក្រមនៅគ្រប់ដំណាក់កាល។ ក្រឡាបញ្ចីនៃតុលាការព្រះរាជាណាចក្រកម្ពុជា
ត្រូវបានតែងតាំងផ្លាស់ប្តូរនិង ដកហួតពីមុខងារដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៍។
ក្រឡាបញ្ចីមានចំនួនលើសពី ៥០០រួប។
ក្រឡាបញ្ចី បំពេញភារកិច្ចផ្នែករដ្ឋបាល និង
ជួយចៅក្រមក្នុងនិតិវិធីតុលាការ។ ក្រឡាបញ្ចី បញ្ចាក់លិខិតទាំងឡាយរបស់ចៅក្រម និង
និយ័តភាពរបស់សវនាកា និង សវនកម្ម។
ក្រមនីតិវិធីព្រហ្មទណ្ឌ
បានប្រគល់តួនាទីចម្បងដល់ក្រឡាបញ្ជីជាអ្នកធ្វើកំណត់ហេតុស្តាប់ចម្លើយនៅដំណាក់កាលអយ្យការ
កំណត់ហេតុស្តាប់ ឬសួរចម្លើយនៅដំណាក់កាលចៅក្រមស៊ើបសួរ
និងជាអ្នកធ្វើកំណត់ហេតុសវនាការនៅ ដំណាក់កាលជំនុំជម្រះ។
នៅក្នុងបទបញ្ញត្តិនៃក្រមព្រហ្មទណ្ឌ មានមាត្រាមួយចំនួន ដូចជា៖
មាត្រា ៨៣ កថាខណ្ឌទី១
បានបញ្ជាក់អំពីវត្តមានរបស់ក្រឡាបញ្ជីនៅដំណាក់កាលព្រះរាជអាជ្ញា មាត្រា ១២៨ និង១២៩
បានបញ្ជាក់អំពីវត្តមានរបស់ក្រឡាបញ្ជីនៅដំណាក់កាលចៅក្រមស៊ើបសួរ មាត្រា ៣២២ និង៣៣៧
បានបញ្ជាក់អំពីវត្តមានរបស់ក្រឡាបញ្ជីនៅដំណាក់កាលជំនុំជម្រះ ជាអាទិ៍។
តួនាទីរបស់ក្រឡាបញ្ជីមានច្រើនប្រភេទ
ដោយហេតុថាក្រឡាបញ្ចីទទួលបន្ទុកក្នុងការជូនដំណឹងទៅភាគី និង បញ្ចូនការកោះហៅផ្សេងៗ។
II.
ដំណាក់កាលព្រះរាជអាជ្ញា
ក្រឡាបញ្ជី ជាអ្នកធ្វើកត់ត្រារាល់ព័ត៌មានតាមរយៈការសួរ
ឬស្តាប់ចម្លើយរបស់ជនជាប់សង្ស័យ ឬជនល្មើស ឬដើមបណ្តឹង ឬសាក្សី
ក្នុងកំណត់ហេតុដែលមានការដឹកនាំធ្វើកំណត់ហេតុដោយព្រះរាជអាជ្ញា។
ទម្រង់កំណត់ហេតុសម្រាប់ទិដ្ឋភាពនៃការអនុវត្ត គឺមានការចុះហត្ថលេខារបស់ក្រឡាបញ្ជីអមតំណាងអយ្យការ។
III.
ដំណាក់កាលចៅក្រមស៊ើបសួរ
ក្រឡាបញ្ជី ជាអ្នកអមចៅក្រមស៊ើបសួរជានិច្ច
ដើម្បីជួយសម្រួលការងាររបស់ចៅក្រមស៊ើបសួរ ប៉ុន្តែក្នុងករណីណាក៏ដោយ
ក្រឡាបញ្ជីមិនអាចបំពេញកិច្ចដែលជាសមត្ថកិច្ចរបស់ចៅក្រមស៊ើបសួរបានទេ។ ក្រឡាបញ្ជី
ជាអ្នករក្សាទុកសំណុំរឿងស៊ើបសួរដែលចៅក្រមស៊ើបសួររបស់ខ្លួនធ្វើចំណាត់ការ។
កាលណាសំណុំរឿងបាត់
ក្រឡាបញ្ជីជាអ្នកទទួលខុសត្រូវដោយអាចប្រឈមនឹងវិន័យរដ្ឋបាលពីក្រសួងយុត្តិធម៌។
ក្រឡាបញ្ជី ជាអ្នកបញ្ជាក់ភាពត្រឹមត្រូវលើលិខិតចម្លងដោយដាក់ថា “ថតចម្លងត្រឹមត្រូវតាមច្បាស់ដើម”
ដើម្បីជាប្រយោជន៍សម្រាប់សំណុំរឿងបង្ការទុក ឬដើម្បីប្រើប្រាស់នៅពេលបាត់លិខិតច្បាប់ដើម។
គ្រប់លិខិតនៃសំណុំរឿង ត្រូវតែបង់លេខដោយក្រឡាបញ្ជីតាមលំដាប់នៃកាលប្បវត្តិ។ សំណុំរឿង
និងសំណុំលិខិតដែលបង្ការទុកត្រូវតម្កល់ទុកនៅការិយាល័យក្រឡាបញ្ជីនៅមន្ទីរចៅក្រមស៊ើបសួរ
ឬ នៅក្នុងបន្ទប់ណាមួយនៃតុលាការដែលមានលក្ខខណ្ឌសន្តិសុខគ្រប់គ្រាន់។ ក្រឡាបញ្ជី
ក៏ជាអ្នកថតចម្លងសំណុំរឿងឲ្យទៅមេធាវីបន្ទាប់ពីមានការអនុញ្ញាតពីចៅក្រមស៊ើបសួរ
ដោយមេធាវីជាអ្នកបង់សោហ៊ុយថតចម្លង។
IV.
ដំណាក់កាលជំនុំជម្រះ
ក្រឡាបញ្ជី
ជាអ្នកកត់ត្រានូវកំណត់ហេតុសវនាការចាប់តាំងពីពេលមុនសវនាការ រហូតដល់បញ្ចប់។ ក្រឡាបញ្ជី
ត្រូវពិនិត្យមើលអំពីវត្តមានរបស់ភាគីពាក់ព័ន្ធនៅពេលមុនសវនាការ អានកំណត់ហេតុនានា
ដើម្បីឲ្យ អ្នកចូលរួមសវនាការបានដឹងអង្គហេតុ
និងកត់ត្រារាល់សំនួរ-ចម្លើយនាពេលសវនាការរហូតដល់បញ្ចប់។
V.
លេខាធិការដ្ឋានរដ្ឋបាលសាលាដំបូង
នៅក្នុងសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ មានអង្គភាពរដ្ឋបាលមួយ
ដែលស្ថិតនៅក្រោមរដ្ឋបាលកណ្តាលរបស់ក្រសួងយុត្តិធម៌
សម្រាប់គាំទ្រដល់កិច្ចដំណើរការរបស់អង្គការតុលាការ និងអង្គការអយ្យការ ។
នៅថ្នាក់សាលាដំបូង
អង្គភាពរដ្ឋបាលនេះ ហៅថា លេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងមានថ្នាក់ស្មើនឹងនាយកដ្ឋាន
។
លេខាធិការដ្ឋានរដ្ឋបាលសាលាដំបូង
គីជាសេនាធិការឱ្យសាលាដំបូង និងអយ្យការអមសាលាដំបូងលើ ៖
-ការងារបុគ្គលិក
រដ្ឋបាល និងហិរញ្ញវត្ថុ
-ការងារគ្រប់គ្រងរដ្ឋបាលតុលាការ
សម្រាប់ជាជំនួយបច្ចេកទេសដល់កមមវីធីការងាររបស់សាលាដំបូង និងអយ្យការអមសាលាដំបូង
-ការងាររៀបចំគម្រោងថវិការជូនប្រធានសាលាដំបូង
និងព្រះរាជអាជ្ញា ដើម្បីពិនិត្យ និងសម្រេច
-រាយការណ៍អំពីការងារបុគ្គលិក
រដ្ឋបាល និងហិរញ្ញវត្ថុ ជាប្រចាំជូនប្រធានសាលាដំបូង និងព្រះរាជអាជ្ញា
-អនុវត្តការងារថវិការតាមគម្រោងដែលអនុម័ត
-ការងារទំនាក់ទំនងសាធារណៈ
-ការងារបញ្ជូនសាលក្រមរបស់សាលាដំបូង
ជូនទៅក្រសួងយុត្តិធម៌ឱ្យបានទៀងទាត់
-រៀបចំ
និងបញ្ជូនរបាយការណ៍ការងារបុគ្គលិក រដ្ឋបាល និងហិរញ្ញវត្ថុ ប្រចាំខែ ត្រីមាស ឆមាស
និងប្រចាំឆ្នាំជូនទៅក្រសួងយុត្តិធម៌
-ការងារផ្សេងទៀតដែលប្រធានសាលាដំបូង
និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងប្រគល់ឱ្យ
-អនុវត្តការងារផ្សេងៗទៀតតាមការកំណត់នៃបទដ្ឋានគតិយុត្ត
-លេខាធិការដ្ឋានរដ្ឋបាលសាលាដំបូង
ត្រូវបែងចែកជាការិយាល័យតាមចំនួនជាក់ស្ដែង។ ការិយាល័យដឹកនាំដោយប្រធានមួយរូប
និងអនុប្រធានមួយចំនួនតាមការចាំបាច់។
ការរៀបចំ
និងការប្រព្រឹត្តទៅរបស់លេខាធិការដ្ឋានរដ្ឋបាលសាលាដំបូង ត្រូវកំណត់ដោយអនុក្រឹត្យតាមសំណើរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌។
-លេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងដឹកនាំដោយប្រធានមួយរូប
និងអនុប្រធានមូយចំនួនតាមការចាំបាច់ ប្រធានលេខាធិការដ្ឋាន
ត្រូវតែតែងតាំងដោយអនុក្រឹត្យតាមសំណើរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌
បន្ទាប់ពីបានពិគ្រោះយោបល់ជាមួយប្រធានសាលាដំបូង
និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ។
មន្ត្រីបម្រើការងារនៅលេខាធីការដ្នានថ្នាក់ក្រោមប្រធានលេខាធិការដ្ឋាន
ត្រូវតែតែងតាំងដោយប្រកាសរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌។ ប្រធាន និងអនុប្រធានលេខាធិការដ្ឋាន ត្រូវជ្រើសរើសចេញពីមន្រ្តីរាជការ
ដែលមានបទពិសោធន៍បម្រើការងារក្នុងជំនាញច្បាប់ រដ្ឋបាល ឬហិរញ្ញវត្ថុ យ៉ាងតិចចំនូន
០៥ (ប្រាំ) ឆ្នាំ ។
ប្រធាន និងអនុប្រធានការិយាល័យ
ត្រូវជ្រើសរើសចេញពីមន្រ្តីរាជការែលមានបទពិសោធន៍បម្រើការងារក្នុងជំនាញច្បាប់
រដ្ឋបាល ឬហិរញ្ញវត្ថុ យ៉ាងតិច ០៣ (បី) ឆ្នាំ ។
មន្រ្តីបម្រើការងារនៅលេខាធិការដ្ឋានទាំអស់
ដោយរួមទាំងប្រធានលេខាធិការដ្ឋានផងត្រូវមានក្របខណ្ឌរបស់ខ្លួននៅក្រសួងយុត្តិធម៌ ។
សេចក្ដីសន្និដ្ឋាន
ឯកសារយោង
-សេចក្ដីព្រាងច្បាប់ស្ដីពីលក្ខន្ដិកៈចៅក្រម
និងព្រះរាជអាជ្ញា ដែលបានទទួលការឯកភាពពីគណៈរដ្ឋមន្រ្ដីក្នុងសម័យប្រជុំពេញអង្គ
នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៤ ។
-សេចក្ដីព្រាងច្បាប់ស្ដីពីការរៀបចំអង្គការតុលាការ
ដែលទទួលបានការឯកភាពពីគណៈរដ្ឋមន្រ្ដីសម័យប្រជុំពេញអង្គ នាថ្ងៃទី១៨ ខែមេសា
ឆ្នាំ២០១៤។
-សេចក្ដីព្រាងច្បាប់ស្ដីពីការរៀបចំអង្គការតុលាការ
ដែលទទួលបានការឯកភាពពីគណៈរដ្ឋមន្រ្ដីសម័យប្រជុំពេញអង្គ នាថ្ងៃទី១៨ ខែមេសា
ឆ្នាំ២០១៤។
-ព្រះរាជក្រមលេខ នស/រកម/០៨០៧ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០០៧
ដែលប្រកាសឱ្យប្រើក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ។
-តួនាទីរបស់ក្រឡាបញ្ជីក្នុងភ្នាក់ងារតុលាការ ដោយ៖ សុខ គឹមសុង ហេង
រក្សាសិទ្ធិដោយ៖ Business
Doctors
-www.google.com.kh
-www.murielle-cahen.com
-www.google.translate.com
http://kkrhd.blogspot.com
http://konkhmerone.blogspot.com
No comments:
Post a Comment