សូមស្វាគមន៍!!! មកកាន់ បេះដូងអ្នកសិក្សា ប្លក់នេះបង្កើតឡើងដើម្បីចែករំលែកនូវ ឯកសារ ប្រវត្តិសាស្រ្ដ​ មេរៀនស្រាវជ្រាវ ដើម្បីជាគន្លឹះសម្រាប់បងប្អូនប្រិយមិត្តអ្នកអាន ទទួលបាននូវចំណេះដឹង និងការបង្កើតឱ្យមានវប្បធម៌ចែករំលែក​ អ្នកចេះបង្រៀនអ្នកមិនសូវចេះ អ្នកមិនសូវចេះបង្រៀនអ្នកមិនចេះ ជាគន្លឹះសម្រាប់បងប្អុនដែលកំពុងតែសិក្សាដើម្បីពង្រីកចំណេះដឹងផងដែល សូមអរគុណ!!! សម្រាប់ការកាំទ្រ យើងខ្ញុំសូមសន្យាថានឹងស្វែងរកនូវអត្ថបទល្អចែកជូនបងប្អូនទស្សនាជាបន្ដទៀត.....សូមអរគុណ!សម្រាប់ការគាំទ្រ🙏🤝

Thursday, 16 May 2019

គោលការណ៍ទូទៅនៃនីតិព្រហ្មទណ្ឌ - General Provision of Criminal Code




គោលការណ៍ទូទៅនៃនីតិព្រហ្មទណ្ឌ

សេចក្តីផ្តើម
ជាទូទៅប្រទេស ឬរដ្ឋណាក៏ដោយមិនថាប្រកាន់យករបបនយោបាយណាមួយនោះទេ។ ទោះបី​ប្រទេស​សេរីនិយម ឬក៏ប្រទេសសង្គមនិយមក៏ដោយ ដើម្បីនាធាឲ្យបាននូវសន្តិសុខ​សណ្តាប់ធ្នាប់​របៀប​រៀប​រយសង្គម ឲ្យបានល្អនោះគេទាមទារឲ្យមាននីតិសំរាប់គ្រប់គ្រង ហើយនីតិដែលដើរតួចំបងក្នុ​ង​ការរៀប​ចំរៀបរយសណ្តាប់ធ្នាប់សង្គមនោះ គឺ “នីតិព្រហ្មទណ្ឌ”។
I.និមយន័យ
        នីតិព្រហ្មទណ្ឌ គឺជានីតិមួយប្រភេទ​ ដែលប្រទេសនានាមិនអាចខ្វះបានទ្បើយទោះបីជា​ប្រទេស​នោះមានបូរណភាពដែនដីទូលំទូលាយក្តី ឬតូចតាចក្តី។ នីតិព្រហ្មទណ្ឌរួមចំណែក​បង្ករ​ឲ្យមាន​ស្ថាន​ភាពអំណោយផលនានា ដើម្បីធានាទំនាក់ទំនងសង្គមឲ្យមានការរីកចំរើន ​ព្រមទាំងការពារ​រាល់​ទំនាក់ទំនង​​ទាំងនេះឲ្យរួចផុត ពីភាពមហន្តរាយនិងភាព​អនាធិបតេយ្យ​ដែលបង្ក​ទ្បើងដោយ​ជនល្មើស។

ទំនាក់ទំនងដែលនីតិព្រហ្មទណ្ឌបានការពារនោះគឺសិទ្ធិ និងការតព្វកិច្ចស្របច្បាប់​របស់ប្រជា​ពលរដ្ឋ។
        នីតិព្រហ្មទណ្ឌជាផ្នែកមួយនៃនីតិ វាចងក្រងរាល់បទបញ្ញាត្តិ និងវិធាននានាក្នុងគោលបំណង៖
        នីតិព្រហ្មទណ្ឌ ជាសំណុំវិធានទាំងទ្បាយណាដែលតំរងទិសទៅរកការផ្តន្ទាទោសជនល្មើស​ចំពោះ​អំពើដែលបង្ករគ្រោះថ្នាក់ដល់សង្គម។ 
        គេអាចឲ្យនិមយន័យម្យ៉ាងទៀតថា ជាសំណុំ​វិធាន​ទាំងទ្បាយដែលកំណត់ អំពីទោស និងបទល្មើស។ ហើយគេអាចហៅបានម្យ៉ាងទៀតថា នីតិព្រហ្មទណ្ឌ គឺឈរលើមូលដ្ឋាន​ នៃការកំណត់បទល្មើសមានន័យថា នៅពេលបំពារបំពានធ្ងន់ធ្ងរ ចំពោះ​នីតិព្រហ្មទណ្ឌនេះ ទោសធ្ងន់ជាងគេគឺទោសឧក្រិដ្ឋ។


II. ប្រភេទនៃនីតិព្រហ្មទណ្ឌ
ជាទូទៅនីតិត្រូវបានគេចែកជាពីរ ផ្នែកធំៗ គឺ៖
១. នីតិសាធារណៈ
        ជាសំណុំវិធានទាំងទ្បាយណាដែលកំណត់អំពីដំណើរការប្រព្រឹត្ត របស់រដ្ឋ ព្រមទាំងកំណត់អំពី​ទំនាក់​ទំនងរវាងរដ្ឋ ជាមួយភ្នាក់ងាររដ្ឋ និងកំណត់អំពីទំនាក់ទំនងរវាងរដ្ឋជាមួយនឹងបុគ្គល​ឯកជន​ផងដែរ
 តាមនិយមន័យខាងលើ យើងអាចកំណត់បានថាក្នុងទំនាក់ទំនងនៃនីតិសាធារណៈ​នេះដាច់​ខាត ​ត្រូវមានភាគីម្ខាងជារដ្ឋ។ នីតិសាធារណៈនេះត្រូវបានគេបែងចែក ជានីតិផ្សេងៗទៀតដូចតទៅ៖

  
ក. នីតិរដ្ឋធម្មនុញ្ញ
​ជាសំណុំវិធានទាំងទ្បាយណាដែលកំណត់អំពីដំណើរការប្រព្រឹត្តទៅនៃអង្គការរដ្ឋ។
ឧទាហរណ៍ៈ ដំណើរការប្រព្រឹត្តទៅនៃរដ្ឋាភិបាល ,ដំណើរការប្រព្រឹត្តទៅរបស់ព្រឺទ្ធសភា របស់រដ្ឋសភា និងរបស់ក្រុមប្រឹក្សាធម្មនុញ្ញ។
​ខ. នីតិរដ្ឋបាល
​ជាសំណុំវិធានទាំងទ្បាយណាដែលកំណត់អំពីការប្រព្រឹត្តទៅរបស់រាជការ និងកំណត់អំពីទំនាក់​ទំនង​រវាងរាជការ ជាមួយអ្នកនៅក្រោមឱវាទ ឬអ្នកដែលត្រូវគេគ្រប់គ្រង។ 
ឧទាហរណ៍ៈ ក្រសួង​គ្រងគ្រង​លើការងាររបស់មន្ត្រីរាជការ នៅក្រោមខ្សែបណ្តោយរបស់ខ្លួន ,​នាយករដ្ឋមន្ត្រីគ្រប់គ្រង​ការងារ​របស់​ក្រសួងនានា ។ល។
​គ. នីតិព្រហ្មទណ្ឌ
​ជាសំណុំវិធានទាំងទ្បាយណាដែលកំណត់អំពីការដាក់ទោសទណ្ឌ​ ចំពោះអ្នកមិនគោរ​ព​ច្បាប់​នេះ​
ឧទាហរណ៍ៈ ជនសំលាប់គេ ត្រូវដាក់ពន្ធនាគារ , ជនដែលមិនគោរពច្បាប់ចរាចរណ៍ ត្រូវបាន​ផាកពិន័យ។
​ឃ. នីតិសារពើពន្ធ
​ជាសំណុំវិធានទាំងទ្បាយណាដែលទាក់ទងទៅនឹងការកំណត់ និងទាក់ទងទៅនឹង​ការប្រមូល​ពន្ធ។ 
ឧទាហរណ៍ៈ ការបង់ពន្ធដារ , ពន្ធលើប្រាក់ចំណេញ.........។
​២. នីតិ​ឯកជន
​ជាសំណុំវិធានទាំងទ្បាយណាដែលកំណត់អំពីទំនាក់ទំនងរវាងឯកជន និងឯកជន ។ តាមន័យខាងលើនេះយើងអាចសន្និដ្ឋានបានថានៅក្នុងនីតិ​ឯកជននេះភាគីទាំងសងខាង សុទ្ធ​សឹង​​តែជា បុគ្គលឯកជនទាំងអស់ គ្មានភាគីណាមួយជាស្ថាប័នរដ្ឋទ្បើយ។នីតិ​ឯកជននេះត្រូវបាន​បែង​ចែក​ជាច្រើនប្រភេទផ្សេងៗគ្នាដូចតទៅ៖
​ក. នីតិរដ្ឋប្បវេណី
​ជាសំណុំវិធានទាំងទ្បាយណាដែលកំណត់អំពីទំនាក់ទំនងរវាងឯកជន និងឯកជនផងគ្នា ។
ឧទាហរណ៍ៈ ការទិញលក់ , ការរៀបអាពាហ៍ពិពាហ៍ , ការខ្ចីបំណុល.........។
​ខ. នីតិពាណិជ្ជកម្ម
​ជាសំណុំវិធានទាំងទ្បាយណាដែលកំណត់អំពីទំនាក់ទំនងរវាងពាណិជ្ជករ និងពាណិជ្ជករ។
ឧទាហរណ៍ៈ ការលក់ដូររវាងក្រុមហ៊ុនមួយជាមួយ ក្រុមហ៊ុនមួយទៀត ការលក់មូលនិធិពាណិជកម្ម។
​គ. នីតិការងារ
​ជាសំណុំវិធានទាំងទ្បាយណាដែលកំណត់អំពីទំនាក់ទំនងរវាងនិយោជក “អ្នកគ្រប់គ្រង”  និង​និយោជិក “អ្នកស៊ីប្រាក់ខែ”។
​ឃ. នីតិសន្តិសុខសង្គម ឬនីតិសង្គមកិច្ច
​ជាសំណុំវិធានទាំងទ្បាយណាដែលកំណត់អំពីទំនាក់ទំនងរវាងសន្តិសុខសង្គមជាមួយអ្នកដែល​ត្រូវ​គេរ៉ាប់រង។ 
ឧទាហរណ៍ៈ គ្រោះថ្នាក់ការងារ  អ្នកដែលធ្វើការនៅកន្លែង​ដែលប៉ះពាល់​ដល់​សុខភាព​តាមប្រព័ន្ធនីតិខាងលើ យើងសង្កេតឃើញថា នីតិព្រហ្មទណ្ឌស្ថិតនៅក្នុងចង្កោម នៃ​នីតិសាធារណៈ នេះជាទស្សនៈបែបចាស់បុរាណ ប៉ុន្តែបើផ្អែកលើទស្សនៈ​បែបថ្មីគេមិន​ត្រឹមតែ​ចាត់ទុក​នីតិព្រហ្មទណ្ឌ ក្នុងចង្កោមនៃនីតិសាធារណៈប៉ុណ្ណោះទេ គេក៏ចាត់ទុកវា​ស្ថិតនៅក្នុងនីតិឯកជនផងដែរ។ តទៅនេះ គេចាត់ទុកនីតិព្រហ្មទណ្ឌស្ថិតក្នុងចង្កោមនៃនីតិចំរុះ ពោសគឺនីតិព្រហ្មទណ្ឌស្ថិត​នៅចន្លោះ​នីតិសាធារណៈ និងនីតិឯកជនពីព្រោះវាមានភារកិច្ចការពារសណ្ដាប់ធ្នាប់សង្គម ដោយផ្តន្ទាទោសជន​ល្មើស​ផង និងត្រូវគោរពសិទ្ធិសេរីភាពរបស់បុគ្គលផងដែរ។                                    
​ការថ្លឹងឲ្យស្មើរវាងផលប្រយោជន៍ទាំងសងខាង គឺផលប្រយោជន៍របស់រដ្ឋ ឬជាមួយផលប្រយោជន៍​របស់ប្រជាពលរដ្ឋ ឬបុគ្គលជាជនល្មើស។

III. មែកធាងនៃនីតិព្រហ្មទណ្ឌ
នីតិព្រហ្មទណ្ឌត្រូវបានចែកជា៣ សណ្ឋាន៖
១. នីតិព្រហ្មទណ្ឌទូទៅៈ ចែងអំពីគោលការណ៍ទូទៅ​​ ​​​​​​​​​​​​​​​​ដើម្បីកំណត់អំពីបទល្មើសកំណត់អំពីទោស
និងរបៀបអនុវត្តទោស​។
២. នីតិវិធីព្រហ្មទណ្ឌៈ ចែងអំពីការចាត់តាំងអំណាចតុលាការ ជាជាន់ជាថ្នាក់រៀបចំពិធី (របៀបរបប) ដើម្បីតម្រូវឲ្យសាលាជំរះក្តី គ្រប់ជាន់ថ្នាក់គោរព និងប្រតិបត្តិតាម និងចែងអំពីគោល​ការណ៍ដែលត្រូវគោរពសិទ្ធិ និងសេរីភាពបុគ្គល ដូចជាការឃាត់ខ្លួន ការឃុំខ្លួន ព្រមទាំងរៀបចំពិធី​ផ្សេងៗទៀត ដើម្បីត្រូតពិនិត្យ ការអនុវត្តច្បាប់ដោយស្ថាប័នតុលាការ។
៣.នីតិព្រហ្មទណ្ឌពិសេសៈ សិក្សាអំពីបទល្មើសព្រហ្មទណ្ឌនីមួយៗ ដើម្បីអនុវត្តគោលការណ៍​នីតិព្រហ្មទណ្ឌទូទៅ ដូចជា ធាតុផ្សំនៃបទល្មើស និងការកំរិតទោសជាដើម។
IV. ទំនាក់ទំនងរវាងនីតិព្រហ្មទណ្ឌជាមួយវិទ្យាសាស្ត្រ ដ៏ទៃទៀត
​១.វិទ្យាសាស្ត្រ សិក្សារកមូលហេតុដែលជំរុញឲ្យមានការប្រព្រឹត្តបទល្មើសនិងសិក្សាអំពីចរិត​លក្ខណៈរបស់ជនល្មើស ដែលគេឲ្យឈ្មោះថា ឧក្រិដ្ឋវិទ្យា។
​២.វិទ្យាសាស្ត្រសិក្សាអំពីបចេ្ចកទេស ស្វែងរកជនប្រព្រឹត្តបទល្មើស និងកំណត់នូវកាលៈទេសៈ ពិតបា្រកដនៃការប្រព្រឹត្តបទល្មើស ដែលគេហៅថា ឧក្រិដ្ឋវិច័យដូចជាៈ
​-នីតិវិជ្ជសាស្ត្រ
​-រកអត្តសញ្ញាណដោយពិនិត្យលើស្នាមម្រាមដៃ
៣. វិទ្យាសាស្ត្រសិក្សាអំពីចិត្តសាស្ត្រ អាចផ្តល់នូវការពិចារណាយល់ដឹងឲ្យបានល្អិតល្អន់ លើ​បុគ្គល ប្រព្រឹត្តល្មើស ដែលគេឲ្យឈ្មោះថា ចិត្តវិទ្យា។
៤. វិទ្យាសាស្ត្រសិក្សាអំពីមនុស្ស និងអំពីសង្គមដែលនាំឲ្យគេថ្លឹងថ្លែងបានល្អត្រឹមត្រូវ ដែល​គេ​ហៅ​ថា សង្គមវិទ្យា។

V. ចរិតនៃនីតិព្រហ្មទណ្ឌ
ជាទូទៅនៃនីតិព្រហ្មទណ្ឌ គឺជាការផ្តន្ទាទោសទៅលើជនល្មើស នៅពេលមានបទល្មើសមួយ​កើតទ្បើង។ ការដាក់ទោសនេះជាតំណាក់កាលមួយយ៉ាងសំខាន់ គឺត្រូវផ្អែកលើមូលដ្ឋាននៃពិរុទ្ធភាព​របស់ជនល្មើស និងកំរិតគ្រោះថ្នាក់ដល់សង្គមនៃអំពើល្មើសនោះ។ ប្រសិនបើកំរិតគ្រោះថា្នក់ដល់សង្គម​នោះមានទំហំធំធេងទណ្ឌកម្មក៏ធ្ងន់ធ្ងរទៅតាមនោះដែរ។ ផ្ទុយទៅវិញ បើទំហំនៃការខូចខាតតិចតួច​ស្តួចស្តើងទេនោះ ទណ្ឌកម្មក៏ស្រាលទៅតាមនោះដែរ។
ចរិតនៃនីតិព្រហ្មទណ្ឌ តែងតែផ្តន្ទាទោសទៅលើជនល្មើស នូវទណ្ឌកម្មពីរប្រភេទៈ
ក. ទណ្ឌកម្មព្រហ្មទណ្ឌ
គឺជាការសម្រេចដាក់ទណ្ឌកម្មដោយស្ថាប័នតុលាការ តាមរូបភាពជាសាលក្រមដោយយក​ទណ្ឌិត ទៅដាក់ពន្ធនាគារ តាមការបញ្ញាត្តិរបស់ច្បាប់។
ឧទាហរណ៍ៈ មាត្រា៣៤ នៃច្បាប់ព្រហ្មទណ្ឌអន្តរកាល ចុះថ្ងៃទី១០ កញ្ញា ១៩៩២ បានបញ្ញត្តិថា​អំពើប្លន់ត្រូវផ្តន្ទាទោសដាក់គុកជាបទ ឧក្រិដ្ឋ ពី ៣ឆ្នាំទៅ១០ឆ្នាំ។
-អំពើមនុស្សឃាតដោយចេតនា មាត្រា៣២ នៃច្បាប់ព្រហ្មទណ្ឌអន្តរកាលបានបញ្ញត្តិថា អំពើនេះ​ ត្រូវផ្តន្ទាទោសពីបទឧក្រិដ្ឋដាក់គុក ពី  ៨ឆ្នាំ ទៅ១៥ឆ្នាំ។
-អំពើរំលោភសេពសនវៈ មាត្រា៣៣ នៃច្បាប់ដដែលបានបញ្ញត្តិ ថា  អំពើនេះត្រូវផ្តន្ទាទោស ដាក់គុកពី ៥ឆ្នាំទៅ ១០ឆ្នាំ។ ក្នុងករណី ដែលមានស្ថានទម្ងន់ទោសដាក់គុកជាបទឧក្រិដ្ឋ ពី១០ឆ្នាំ ទៅ​១៥ឆ្នាំ
ខ. ទណ្ឌកម្មបវេណី      
គឺជាប្រភេទទណ្ឌកម្មមួយដែលច្បាប់ចាប់បង្ខំជនល្មើសឲ្យធ្វើសំណង ជួសជុលការខូចខាត ដល់​ប្រយោជន៍អ្នកដ៏ទៃ។ 
ឧទាហរណ៍ៈ ករណីចោរលួចម៉ូតូ ម្ចាស់ម៉ូតូដែលជាជនរងគ្រោះមានសិទ្ធិទាមទារ​ម៉ូតូ របស់ខ្លួនមកវិញ ព្រមទាំងសំណងជំងឺចិត្តទៀតផង។
សរុបសេចក្តីមកចរិតនៃនីតិព្រហ្មទណ្ឌ បានផ្តន្ទាទោសលើជនល្មើសនូវទណ្ឌកម្មព្រហ្មទណ្ឌផង​និងទណ្ឌកម្មរដ្ឋប្បវេណីផង នោះជាការត្រឹមត្រូវណាស់ពីព្រោះការធ្វើដូចនេះអាចធ្វើឲ្យជនល្មើសខ្លាច​រអា។ ពោលនៅពេលដែលគេប្រព្រឹត្តបទល្មើស គេត្រូវទទួលការខាតបង់ប្រយោជន៍យ៉ាងច្រើន ដូចជា​គេត្រូវជាប់ពន្ធនាគារមិនបានប្រកបអាជីវកម្ម ចិញ្ចឹមគ្រួសារផង ព្រមទាំងត្រូវបង់សំណងដល់ជនរង​គ្រោះទៀត។ ផ្ទុយទៅវិញប្រសិនបើច្បាប់គ្រាន់តែតម្រូវឲ្យដាក់ពន្ធនាគារមួយមុខនោះជនល្មើសមិនសូវ​មានការភ័យក្លាចទេ ដូចជាករណីលួចលុយរដ្ឋ ចំនួនច្រើន បើតុលាការគ្រាន់តែដាក់ពន្ធនាគារក្រោយពី​ទទួលទោសគ្រប់ចំនួនហើយ ជននោះនឹងក្លាយទៅជាអ្នកមានដោយសារប្រាក់ចំនួនដ៏ច្រើន​ ដែលខ្លួន​បានលួចសម្បត្តិរដ្ឋ។ ប៉ុន្តែ ប្រសិនបើគ្រាន់តែផ្តន្ទាទោស នូវសំណងរដ្ឋប្បវេណីនោះ ជនល្មើសរិតតែមិន​ខ្លាចរអាទៅទៀត ពីព្រោះនៅពេលដែលគេទាន់គ្រាន់តែសងចំនួនទឹកប្រាក់នោះវិញជាការស្រេច។    

VI. ការបង្ហាញនូវរចនាសម្ព័ន្ធនានា របស់សាលាជំរះក្តីព្រហ្មទណ្ឌ
នៅពេលមានបទល្មើសមួយកើតទ្បើង ជនល្មើសនឹងត្រូវគេផ្តន្ទាទោសដាក់ពន្ធនាគារ ប៉ុន្តែ​នឹងទទួលទោសនេះ ត្រូវឆ្លងកាត់អង្គការតុលាការ តាមលំដាប់លំដោយដូចមានចែងក្នុងច្បាប់​ស្តីពី​ប្រព័ន្ធតុលាការច្បាប់ព្រហ្មទណ្ឌ និងនីតិវិធីព្រហ្មទណ្ឌសម្រាប់អនុវត្តក្នុងសម័យអន្តរកាល​ ចុះថ្ងៃ​ទី១០ ខែកញ្ញា
 ១៩៩២។ ច្បាប់ស្តីពីនីតិវិធីព្រហ្មទណ្ឌ ចុះថ្ងៃទី២៩ មករា ១៩៩៣​ និងច្បាប់ស្តីពីការចាត់តាំង​​​​និងសកម្មភាពរបស់សាលាជំរះក្តី នៃរដ្ឋកម្ពុជា ចុះថ្ងៃទី២៩ មករា ១៩៩៣ រូមមាន៖
 -អយ្យការ
-ចៅក្រមស៊ើបអង្កេត ឬសុភាចាបុរស
-តុលាការខេត្ត-រាជធានីផ្នែកអាជ្ញា
-សាលាឧទ្ធរណ៍ ផ្នែកអាជ្ញា
-តុលាការកំពូល ផ្នែកអាជ្ញា និងរូមក្រុម
ប៉ុន្តែ សេចក្តីព្រាងច្បាប់ថ្មីដែល​ទាក់ទងទៅនឹងការរៀបចំតុលាការ និងនីតិព្រហ្មទណ្ឌមានបន្ថែមនូវ​អង្គការតុលាការខ្លះៗទៀត ទៅក្នុងទំរង់អង្គការតុលាការដែលមានរួចមកហើយ គឺ៖
-សាលានីតិកម្មស៊ើបសួរ
-សភានីតិកម្មស៊ើបសួរ
-តុលាការឧក្រិដ្ឋជាន់ដំបូង
១. អំពីអយ្យការ
នៅអមសាលាក្តីគ្រប់ជាន់ថ្នាក់រួមមានតុលាការ ខេត្ត-រាជធានី តុលាការយោធាសាលាឧទ្ធរណ៍​តុលាការកំពូល តែងតែមានអយ្យការ ឬ មហាអយ្យការមួយជានិច្ច្ដែលជាអ្នកមានសិទ្ធិធើ្វបណ្តឹងអាជ្ញា​(មាត្រា១១២ នៃរដ្ឋធម្មនុញ្ញ ចុះថ្ងៃទី២៤ កញ្ញា១៩៩៣) ។ អង្គការអយ្យការនេះមានភារកិច្ចស្វែរកជន​ល្មើស ប្រមូលភស្តុតាងចោទប្រកាន់ជនល្មើសបញ្ជូនជនល្មើសទៅតុលាការកាត់ទោស និងតាមដាន​ការអនុវត្តសាលក្រមរបស់តុលាការ។
ក. ក្នុងការស្វែងរកជាបឋម និងប្រមូលភស្តុតាង អយ្យការទទួលជំនួយពីមន្ត្រីនគរបាលយុត្តិធម៌​ដែលមាន​ចែងក្នុងមាត្រា៣៧ វក្យខណ្ឌទី២ នៃច្បាប់ស្តីពីនីតិវិធីព្រហ្មទណ្ឌ ចុះថ្ងៃទី២៤ កក្តដា​ ២០០៧ រួមមាន​៖​ “ព្រះរាជអាជ្ញាអាចប្រើប្រាស់អំណាចទាំងអស់ដែលក្រមនេះបានទទួលស្គាល់ ឲ្យដល់​មន្រ្តីនគរ​បាល​​​យុត្តិធម៌ក្នុងការស៊ើបអង្កេត។” និងមាត្រា៣៦ នៃច្បាប់ស្តីពីនីតិវិធីព្រហ្មទណ្ឌ ចុះថ្ងៃទី២៩ មករា ១៩៩៣ រួមមាន៖
-ប្រធាន និងអនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នឹងសេដ្ឋកិច្ច
-ប្រធាន និងអនុប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម
-ស្នងការ និងស្នងការរងនគរបាលខេត្ត-ក្រុង
-ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌ និងសេដ្ឋកិច្ច
-ប្រធានការិយាល័យប្រឆាំងភេរវកម្ម                         
-ប្រធានការិយាល័យនគរបាលសន្តិសុខ
-អធិការ និងអធិការរងនគរបាលនយោបាយស្រុក ទីរួមខេត្ត
-ប្រធានប៉ុស្តិ៍នគរបាលរដ្ឋបាល
-ប្រធានការិយាល័យនគរបាលចរាចរណ៍ និងប្រធានផ្នែកបទល្មើសចរាចរណ៍
-កងរាជអាវុធហត្ថ
-មន្រ្តីនគរបាលព្រំដែន
-មន្ត្រីរុក្ខាប្រមាញ់ និងនេសាទ
ទាំងអស់នេះ គឺជាមន្រ្តីនគរបាលយុត្តិធម៌
ខ. នៅពេលសវនាការរបស់តុលាការព្រហ្មទណ្ឌ អយ្យការ ជាគូក្តីដើម
ក្នុងន័យនេះ អយ្យការ​ជាអ្នកចោទប្រកាន់ វែកញែក អំពើប្រព្រឹត្តរបស់ជនល្មើសចង្អុល​បង្ហាញភស្តុតាង ដើម្បីបញ្ជាក់អំពីពិរុទ្ធភាពលើជនល្មើស ហើយសុំឲ្យតុលាការធ្វើការផ្តន្ទាទោសលើជន​ល្មើស។
គ. បន្ទាប់ពីមានសេចក្តីសម្រេចផ្សេងៗរបស់ចៅក្រម 
ដូចជាក្នុងរឿងអាជ្ញា ដូចជាដីការ​ចាប់ខ្លួន​ដីការឃុំខ្លួន ដីការឲ្យទៅនៅក្រៅឃុំបណ្តោះអាសន្ន
សាលក្រមដែលត្រូវអនុវត្តទោសគុក ក្នុងពន្ធនាគារ​ឬអនុវត្តធនទ័ណ្ឌនោះ អយ្យការត្រូវតែតាមដានត្រួតពិនិត្យ ការអនុវត្តសេចក្តីសម្រេចទាំងនោះឲ្យបាន​ត្រឹមត្រូវ។
សព្វថ្ងៃនេះ នៅអមតុលាការ ខេត្ត-ក្រុង តំណាងអយ្យការ គេហៅថា ព្រះរាជអាជ្ញា។ នៅអមសាលាឧទ្ធរណ៍ (មានតែនៅរាជធានីភ្នំពេញទេ) តំណាងមហាអយ្យការនោះ គេហៅថា អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍។ ចំណែកឯមហាអយ្យការអមតុលាការកំពូល គេហៅថា អគ្គព្រះរាជអាជ្ញាអមតុលាការកំពូល។
ព្រះរាជអាជ្ញា និងអគ្គព្រះរាជអាជ្ញាទាំងអស់នេះ ស្ថិតនៅក្នុងឋានានុក្រមតែមួយ គាត់ពុំមែន​ជាចៅក្រមជំនុំជំរះទេ ប៉ុន្តែក្នុងការជំនុំជំរះនេះតំណាងអយ្យការ ត្រូវចូលរួមដើម្បីចោទប្រកាន់ ពិរុទ្ធជន​និងសុំឲ្យតុលាការដាក់ទោសបើពុំនោះទេ តុលាការពុំអាចជំនុំជំរះ ឬកាត់ទោសជនល្មើសបានទ្បើយ។
២. ចៅក្រមស៊ើបអង្កេត
មាត្រា៤១ នៃច្បាប់ស្តីពីនីតិវិធីព្រហ្មទណ្ឌ ចុះថ្ងៃទី២៩ មករា ១៩៩៣ បានចែងអំពីកំណត់ហេតុ​ទាំងទ្បាយរបស់នគរបាលយុត្តិធម៌ គ្រាន់តែចាត់ទុកជាសេចក្តីផ្តើមភស្តុតាង ឬ ជាពត៌មានប៉ុណ្ណោះ ពុំមានលក្ខណៈបង្ខំឲ្យចៅក្រម ត្រូវតែជឿទាំងស្រុងនោះទេ។ 
ហេតុនេះ ហើយបានជាគេឃើញមាន​នៅ​ជំពូកទី៥ ​ចាប់ពីមាត្រា៦៨ដល់៩៥ គេចែងអំពីអំណាចស៊ើបអង្កេតរបស់ចៅក្រមស៊ើប ដែលមានក្រលា​បញ្ជីម្នាក់នៅអមជាមួយផង មានសមត្ថកិច្ចក្នុងដែនដី រង្វង់សមត្ថកិច្ចរបស់តុលាការដែលខ្លួនបំពេញ​ការងារតែប៉ុណ្ណោះ ចំពោះគ្រប់រឿងប្រភេទមជ្ឈឹម និងឧក្រិដ្ឋទាំងអស់ដែលអយ្យការបានបញ្ជូនដីការ​សន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ ដោយគេយល់ឃើញថាការងារស៊ើបអង្កេតជាការងារចាំបាច់ និងដើម្បី​ជៀសវាងការភ័ន្តច្រទ្បំនានា។
ច្បាប់ស្តីពីនីតិវិធី តម្រូវឲ្យមានចៅក្រមស៊ើបអង្កេត ពីព្រោះចៅក្រមស៊ើបអង្កេតនេះជាអ្នកបច្ចេក​ទេសដែលត្រូវតែគោរព និងអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ មាន​ឯករាជ្យភាពពេញលេញក្នុងតួនាទី អាចធានាអព្យាក្រឹត្យ និងគោរពសិទ្ធិសេរីភាពរបស់បុគ្គលបាន។ នៅតុលាការខេត្ត-រាជធានីនីមួយៗ ចៅក្រមស៊ើបអង្កេតអាចមានច្រើននាក់ទៅតាមរឿងក្តីនៃបទល្មើសអាជ្ញា។
៣. តុលាការជាន់ទាប
តុលាការជាន់ទាប ជាសាលាជំរះក្តីថ្នាក់ដំបូង ដែលតាំងនៅគ្រប់ខេត្ត-ក្រុង នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងសាលាជំរះក្តីយោធា។
ក. តុលាការខេត្ត-ក្រុង (សាលាដំបូង)
តុលាការនេះមាននៅគ្រប់ខេត្ត-ក្រុង ទាំងអស់ហើយមានតួនាទី និងសមត្ថ​កិច្ច​ជំរះ​​ក្តី​លើ​បញ្ហា​​ទាំងទ្បាយ​ណាដែលទាក់ទងនឹងរឿងព្រហ្មទណ្ឌ រឿងរដ្ឋប្បវេណី រឿងក្តីពាណិជ្ជកម្ម វិវាទ​រដ្ឋបាល និងវិវា​ទ​ការងារដោយបើកផ្លូវឧទ្ធរណ៍។ ដូចមានចែង​ក្នុងរដ្ឋធម្មនុញ្ញ​ នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា មាត្រា១២៨ ថ្មី វក្យខណ្ឌទី៣ “អំណាចតុលាការគ្របដណ្តប់​ទៅលើ​រឿងក្តី​ទាំង​អស់​រួមទាំង​រឿងក្តីរដ្ឋបាលផងដែរ។”
តុលាការខេត្ត-ក្រុងជំនុំជំរះដោយមានចៅក្រមម្នាក់ និងត្រូវបំពេញដោយព្រះរាជអាជ្ញា ឬ​ព្រះរាជ​អាជ្ញារងម្នាក់​ និងក្រលាបញ្ជីម្នាក់។ សាលក្រមសម្រេច​សេចក្តី​ចំពោះ​មុខ​របស់​តុលាការខេត្ត-ក្រុង បើផ្លូវប្តឹងឧទ្ធរណ៍ក្នុងរយៈពេល ២ខែ គិតពីថ្ងៃកាត់សេចក្តី។ ឯសាលក្រ​ម​កំបាំង​​មុខបើកឲ្យ​ប្តឹង​ជំទាស់​ក្នុង​រយៈ​ពេល ១៥ថ្ងៃ គិតចាប់ថ្ងៃទទួលដំណឹង។ បើផុតរយៈ​ពេល​ប្តឹងទាស់ អាចប្តឹងឧទ្ធរណ៍​បាន​ក្នុងរយៈពេល ២ខែ គិតចាប់តាំងពីថ្ងៃផុតកំណត់ប្តឹងទាស់។
បណ្តឹងឧទ្ធរណ៍ មានសុពលភាពផ្អាកជាបណ្តោះអាសន្ននូវការអនុវត្តសាលក្រម ដែល​បណ្តឹង​នេះ​ត្រូវ​ធ្វើនៅសាលាជំរះក្តីដែលបានចេញសាលក្រមនោះ។ អ្នកដែល​មាន​សិទ្ធិ​ប្តឹង​ឧទ្ធរណ៍ ប្តឹងជំទាស់ គឺ ព្រះរាជអាជ្ញា ឬជនទាំងទ្បាយដែលមានប្រយោជន៍ក្នុងរឿងក្តី ដូចជា គូរក្តី ដើម​បណ្តឹង​រដ្ឋប្បវេណី ជនជាប់ចោទ មេធាវី ឬអ្នកការពារក្តី។
ខ. តុលាការយោធា
តុលាការយោធា មានសមត្ថកិច្ចជំនុំជំរះនូវបទល្មើសយោធា។ បទល្មើសយោធា ជាបទល្មើស​ដែលប្រព្រឹត្តដោយយោធិននៅក្នុងជួរកងទ័ព ឬប៉ះពាល់ដល់ទ្រព្យ​សម្បត្តិកង​កំលាំង​ប្រដាប់ អាវុធ។ ករណីយោធិនប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌសាមញ្ញត្រូវ តុលាការខេត្ត-ក្រុង​ជំនុំជំរះ។
នីតិវិធីនៃការប្តឹងឧទ្ធរណ៍ និងនីតិវិធីជំនុំជំរះរបស់តុលាការយោធា ដូចគ្នានឹងតុលាការ​ ខេត្ត-ក្រុង។
៤. តុលាការជាន់ខ្ពស់
តុលាការជាន់ខ្ពស់ មានតុលាការឧទ្ធរណ៍ និងតុលាការកំពូល។
ក. សាលាឧទ្ធរណ៍
សាលាឧទ្ធរណ៍ មានសមត្ថកិច្ចជំនុំជំរះលើបណ្តឹងឧទ្ធរណ៍ អំពីសាលក្រម​របស់តុលាការ​ជាន់ទាប​ ដោយបើកផ្លូវឲ្យបណ្តឹងសាទុក្ខ។
ការជំនុំជំរះនៅសាលាឧទ្ធរណ៍ ត្រូវមានចៅក្រម ៣នាក់ ដែលមានម្នាក់ជាប្រធាន ហើយ​អម​ដោយ​​​អគ្គព្រះរាជអាជ្ញា ឬអគ្គព្រះរាជអាជ្ញារង ឬព្រះរាជអាជ្ញាម្នាក់នៃមហាអយ្យការ និង​ក្រទ្បាបញ្ជីម្នាក់។
ករណីមានការជំនុំជំរះសាជាថ្មី ចៅក្រមដែលបានជំនុំជំរះលើកមុនទាំង ៣រូប ត្រូវធ្វើ​ការផ្លាស់ប្តូរថ្មី។
​ករណីមានការជំនុំជំរះសាជាថ្មី ចៅក្រមដែលបានជំនុំជំរះលើកមុនអាចប្តឹងសារទុក្ខ​បាន​រយៈ​ពេល ២ខែ គិតចាប់ពីថ្ងៃកាត់សេចក្តី ឯសាលដីកាកំបាំងមុខអាចប្តឹង​ជំទាស់បានក្នុងរយៈ​ពេល ១៥ថ្ងៃ គិតពីថ្ងៃទទួលដំណឹង។
​​​បើផុតរយៈពេលប្តឹងទាស់អាចប្តឹងសារទុក្ខបានក្នុងរយៈពេល ២ខែ គិតចាប់ពីថ្ងៃផុត​កំណត់​​ប្តឹងជំទាស់​​។ បណ្តឹងសារទុក្ខអាចមានសុពលភាពផ្អាក​ជាបណ្តោះអាសន្ននូវ​ការអនុវត្ត​សាលដីកា​ររបស់​ សាលា​​ឧទ្ធរណ៍ ប៉ុន្តែបណ្តឹងសារទុក្ខ​ដែលពាក់ព័ន្ធ​ដល់ការឃុំខ្លួន​ជា​បណ្តោះអាសន្ន ការដាក់ឲ្យ​នៅក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន ការតំកល់រឿងទុកមិនចាត់ការ និង​ការលើកលែង​ចោទប្រកាន់ ពុំមាន​អានុភាព​ផ្អាកការអនុវត្តសាលដីកាសាលាឧទ្ធរណ៍ ទ្បើយ។ បណ្តឹងសារទុក្ខត្រូវធ្វើ​នៅសាលា​ជំនុំជំរះ​ក្តីដែលបាន​ចេញ​សាលដីការនេះ។ អ្នកដែលមានសិទ្ធិ​ប្តឹង​សារទុក្ខ និងប្តឹងជំទាស់ គឺ អគ្គព្រះរាជ​អាជ្ញា​សាលាឧទ្ធរណ៍ ឬអ្នកដែលមាន​ប្រយោជន៍​ក្នុង​រឿងក្តី ដូចបានរៀបរាប់នៅក្នុង តុលាការខេត្ត-ក្រុង។
ខ. តុលាការកំពូល
តុលាការកំពូល ជំនុំជំរះលើបណ្តឹងសារទុក្ខ អំពីសាលដីការរបស់តុលាការ​សាលាឧទ្ធរណ៍​​​ដោយ​ជំនុំ​ជំរះតែលើអង្គហេតុទេ ដែលដំណាក់កាលនេះមានចៅក្រមចំនួន ៥រូប ហើយ​ ១រូប​ជាប្រធាន។
ករណីដែលមានបណ្តឹងសារទុក្ខទីពីរ តុលាការកំពូលត្រូវជំនុំជំរះរួមក្រុម ដោយជំនុំជំរះ​ទាំង​​អង្គហេតុ និងអង្គច្បាប់ មានចៅក្រមចំនួន ៩រូប ដែលមាន ១រូបជាប្រធាន និងគ្រប់ដំណាក់​កាល​ជំនុំជំរះអមដោយ​អគ្គព្រះរាជអាជ្ញា ឬអគ្គព្រះរាជអាជ្ញារង និង​ក្រលាបញ្ជីម្នាក់។
បណ្តឹងសើរើ អាចធ្វើបានចំពោះសាលក្រម ឬសាលដីការ​ស្ថាពរ​ដែលមានអំណាច​ដាច់​ខាតហើយ បណ្តឹងធ្វើបានក្នុងរឿងមជ្ឈឹម និងរឿងឧក្រិដ្ឋ និងក្នុងករណីមួយចំនួន​ដែលមាន​ចែង​ក្នុង​​ច្បាប់។ បណ្តឹងសើរើ​មិនអាចធ្វើទេ ចំពោះសាលក្រម ឬសាលដីការ​ដែលសំរេច​ឲ្យ​រួច​ខ្លួន។ អ្នក​ដែល​អាច​បណ្តឹងសើរើបានគឺ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ជនជាប់ចោទ ឬតំណាងស្រប​ច្បាប់​​របស់​ជន​ជាប់​ចោទ សហព័ន្ធ ឪពុកម្តាយ កូនរបស់ជនជាប់ចោទ និយាយរួមជនដែលមាន​ប្រយោជន៍​​ខាងផ្នែកសំភារៈ ឬខាងផ្លូវចិត្ត។
សន្និដ្ឋាន     
នីតិព្រហ្មទណ្ឌទូទៅ គឺជានីតិម៉្យាងដែលមានបំណងការពារសណ្ឋាប់ធ្នាប់សង្គម ​និងរបៀបរៀបរយរបស់​រដ្ឋ ដោយប្រើនូវវិធានការផ្សេងៗដែលមានលក្ខណៈកែលំអរផង និងបង្ខិតបង្ខំផង។

ឯកសារយោង
 និតិព្រហ្មទណ្ឌ សាស្ត្រាចារ្យ ហ៊ី សោភា
 នីតិព្រហ្មទណ្ឌទូទៅ សាស្ត្រាចារ្យ ផាត់ ពៅស៊ាង



No comments:

Post a Comment

Featured post

មកដឹងលម្អិតពី ឯកសណ្ឋានលេខ៧ ដែលមន្ត្រីនគរបាលជាតិកម្ពុជា ប្រើពេលចេញប្រតិបត្តិការ!

ឯកសណ្ឋានលេខ៧ គឺជាឯកសណ្ឋានផ្លូវការដែលត្រូវបានកំណត់ឱ្យប្រើប្រាស់ក្នុងការប្រតិបត្តិការបេសកកម្ម និងការហ្វឹកហាត់របស់កងកម្លាំងនគរបាលជាតិកម្ពុជា។ ន...