ការកសាងក្រុងលង្វែក និងការប៉ុនប៉ងរំដោះអាណាខេត្ដខាងលិច
I. ព្រះបាទចន្ទរាជា (១៥១៦ - ១៥៦៦)
ដោយពញាយសរាជារាជបុត្រព្រះបាទស្រីសុគន្ធបទ
សោយទីវង្គតទៅ ព្រះចន្ទរាជាទ្រង់បានយល់ព្រមឡើងគ្រងរាជតាំងពី គ.ស.១៥១៦
ម្ល៉េះ ទៅតាមសំណូមពររបស់រាជវង្សានុវង្ស
និងនាម៉ឺនមុខមន្រ្ដីរបស់ព្រះអង្គ។ ក្រោយពី
បានទទួលមហាជោគជ័យលើព្រះស្ដេចកន
ហើយក៏ព្រះអង្គនៅតែបន្ដការគ្រងរាជតទៅទៀត អែពិធីរាជាភិសេក
ឡើងសោយរាជ នឹងត្រូវបានប្រារព្ធធ្វើនៅពេលក្រោយទៀត
គឺនៅពេលដែលរកឃើញព្រះខាន់រាជ លំពែងជ័យ និងគ្រឿងបញ្ចក្សត្រ។
ព្រះអង្គមានរាជធានីតាំងជាបណ្ដោះអាសន្ននៅក្នុងខេត្ដពោធិសាត់។
II. ការកសាងក្រុងលង្វែក
ក្រោយមកព្រះចន្ទរាជាទ្រង់សព្វព្រះរាជហរិទ័យលើករាជធានី
មកតាំងនៅក្រុងលង្វែកវិញ
រាជធានីត្រូវបានកសាងឡើងអស់រយៈពេលប្រហែល៣ឆ្នាំ ពីគស.១៥២៧ ដល់
១៥២៩។ ឯហេតុដែលនាំអោយជ្រើសរើសយកលង្វែក
ដើម្បីជាទីតាំងរាជធានីថ្មីនេះ គឺព្រះចន្ទរាជា ទ្រង់ឈ្វេងយល់ថា
កន្លែងនោះជាចំនុចយុទ្ធសាស្រ្ដស្រួលការពារខ្លួន
ព្រោះនៅជិតនោះមានទន្លេ មានបឹង និងមានព្រៃទៀតផង
បន្ទាយនេះមានរាងបួនជ្រុងទ្រវែង ទទឹងមានប្រវែង ២គ.ម
បណ្ដោយមានប្រវែងជិត ៣គម មា នកំពែងដី គូទឹក
និងរបងរិស្សីកំរាស់ពីរសិន(១៦០ម) ព័ទ្ធជុំវិញ
ផែនទីដែលយើងបានគូរតាមពត៌មានផ្ដល់ដោយលោក អ៊ុក អ៊ូ
ដែលបានកាន់ដំណែងមេឃុំ ឃុំលង្វែកអស់រយៈពេល ១០ឆ្នាំ
និងតាមការដែលយើងបានទៅពិនិត្យ ដល់ទីកន្លែងកាលពីថ្ងៃទី ៨ខែមិនា ១៩៧០
នៅតំបន់ឧដុង្គ និងលង្វេក។ តាមពាក្យដំណាលតៗមក គេថាលង្វែកជាបន្ទាយមួយធំសំបើមអស្ចារ្យណាស់
សូម្បីតែសេះដែលមានកំលាំងខ្លាំងក្លាយ៉ាងណាក៏ដោយ
ក៏មិនអាចបោលអោយជុំបន្ទាយនេះបានឡើយ។ ម្យ៉ាងទៀត
តាមជំនឿរបស់ខ្មែរយើងថា នៅក្នុងបន្ទាយលង្វែកនេះមានគេតំកល់រូបបដិមា
ព្រះគោមួយព្រះអង្គ និងព្រះកែវមួយអង្គ ដែលជាបងប្អូនបង្កើតនឹងគ្នា
ហើយដែលអ្នកស្រុកតែងតែគោរពបូជាទុកជាវត្ថុសក្ដិសិទ្ធិ ដោយហេតុនោះ
គេតែងយកក្បួនច្បាប់ផ្សេងៗទៅទុកក្នុងពោះព្រះគោនោះ(១២)។
ទោះបីជំនឿខាងលើនេះមានលក្ខណៈ ជារឿងព្រេងក៏ដោយ ក៏ចំនុចនេះបង្ហាយអោយយើងឃើញថា
លង្វែកជាបន្ទាយមួយមាំមួនសំរាប់ការពារសត្រូវ ឈ្លានពានផង
និងជាឃ្លាំងវប្បធម៌មួយរបស់ជាតិ បន្ទាប់ពីរាជធានីអង្គរមកផង។
លុះការស្ថាបនាព្រះរាជវាំង
និងដំណាក់ធំតូចបានចប់សព្វគ្រប់ហើយ ព្រះបាទចន្ទរាជាទ្រង់យាងមកគង់នៅរាជធានីថ្មីនេះ
ប្រមាណឆ្នាំ ១៥២៩។
ព្រះអង្គជាព្រះមហាក្សត្រមួយអង្គដែលមានជំនឿមុតមាំលើព្រះពុទ្ធសាសនា។
ក្រៅពីវត្ដអារាមជាច្រើនដែលព្រះអង្គទ្រង់បញ្ជាអោយសាងនៅពោធិសាត់
និងបរិបូរ និងអោយសាង និងជួសជុលនៅឧដុង្គ
មានវត្ដលើភ្នំព្រះរាជទ្រព្យជាដើម (ព្រះពុទ្ធរូបចូលនិព្វាន)
ព្រះអង្គបានអោយសាងវត្ដត្រលែងកែង នៅក្នុងបន្ទាយលង្វែកទៀត។
តាមដែលមើលឃើញសព្វថ្ងៃ
ព្រះវិហារវត្ដនេះស្ថិតនៅលើដីទួលមួយមានរាងជាជើងក្អែក។
ក្នុងព្រះវិហារមានកំកល់ព្រះពុទ្ធរូបត្រលែងកែង គឺព្រះពុទ្ធរូប
៤អង្គគង់ឈរទល់ព្រះប្រឹស្ន(ខ្នង) នឹងគ្នា
ហើយបែរព្រះភក្រ្ដទៅទិសទាំង៤។ ក្នុងសម័យនោះ
ខ្មែរយើងបានចាត់ទុកថាព្រះពុទ្ធរូបត្រលែងកែងនេះ
ជាវត្ថុសក្ដិសិទ្ធិមួយដែរ។
III.
ទំនាក់ទំនងជាមួយសៀម
លុះបានដឹងថាព្រះចន្ទរាជា
បានកាន់កាប់អំណាចស៊ប់ នៅប្រទេសខ្មែរហើយ ហើយដោយចាត់ទុកថា
ប្រទេសនេះជាចំនុះប្រទេសសៀមតាំងពីរាជព្រះបាទ
ធម្មរាជាទី១មកម៉្លេះនោះ
ព្រះចៅសៀមបានចាត់ទូតមកបញ្ជាអោយព្រះចន្ទរាជា លើកសួយសារអាករជាសត្វដំរីសទៅថ្វាយតាមទំលាប់ពីមុនរៀងមក។
ដោយព្រះចន្ទរាជា ទ្រង់ប្រកែក មិនព្រមចំនុះសៀម
សៀមក៏លើកទ័ពចូលមកលុកលុយខេត្ដអង្គរ។ ព្រះអង្គទ្រង់កែនទ័ព
ហើយលើកទៅតទល់នៅត្រង់ស្ទឹងអង្គរ
ត្រង់ភូមិមួយដែលជាប់ឈ្មោះហៅថាសៀមរាប រហូតដល់សព្វថ្ងៃ
ជាអនុស្សាវរីយ៍នៃជោគជ័យរបស់ខ្មែរទៅលើសត្រូវឈ្លានពាន។
ក្បួនរាជពង្សាវតារខ្លះបានបញ្ជាក់ថា ក្នុងការប្រយុទ្ធលើកនេះ
ខ្មែរចាប់បានឈ្លើយសង្រ្គាមជាច្រើន។ ដើម្បីជាការសងសឹក នៅគ.ស. ១៥៣០
ព្រះចៅសៀមទ្រង់បញ្ជាអោយពញាអុង លើកទ័ព ៩ម៉ឺននាក់មកវាយខ្មែរម្ដងទៀត
ព្រះចន្ទរាជា ទ្រង់លើកទ័ពទៅតទល់គ្នានៅពោធិសាត់។
នៅតាមផ្លូវពីលង្វែកទៅសមរភូមិព្រះអង្គទ្រង់ទតឃើញដើមពោធិ
១ដើមងាប់យូរហើយ តែលាស់ឡើងវិញ។ ដោយទ្រង់ឈ្វេងយល់ថា នេះជាប្រផ្នូលល្អ
ព្រះអង្គទ្រង់យកផ្កាស្លា ម្លូ ទៀន ធូប
ទៅធ្វើការបូជាហើយលើកទ័ពចេញទៅច្បាំង
បានទទួលជោគជ័យយ៉ាងត្រចះត្រចង់ដូចប្រាថ្នា។
ឯទ័ពសៀមដែលមកឡើងគោកនៅត្រង់ឈូងសមុទ្រសៀមនោះ
ក៏ត្រូវក្រលាហោមខ្មែរវាយអោយបាក់ទ័ពថយទៅវិញដែរ។ ប្រភពខ្លះបានបញ្ជាក់ទៀតថា
ក្នុងចំបាំងជើងគោកនៅពោធិសាត់ មេទ័ពសៀមត្រូវស្លាប់អស់ជាច្រើន
ក្នុងចំណោមនោះមាន ពញាអុងផងដែរ ដែលត្រូវព្រួញនៅលើខ្នងដំរី
អែពលទានហាស្លាប់អស់ពាក់កណ្ដាល ដំរីងាប់អស់ច្រើន
អាវុធយុទ្ធភ័ណ្ឌក៏ត្រូវរិបអូសអស់សន្ធឹកសន្ធាប់។ ព្រះចន្ទរាជា
ទ្រង់បញ្ជាអោយធ្វើបុណ្យថ្វាយព្រះភ្លើងព្រះសពពញាអុង
សាងវិហារបញ្ចុះធាតុឯដើមពោធិដែលរស់ឡើងវិញនោះទ្រង់ត្រាស់អោយហៅ
ព្រះពោធិមានបុណ្យ រួចទ្រង់យាងត្រលប់ចូលបន្ទាយលង្វែកវិញ។
នៅគ.ស.
១៥៣១ ឆ្លៀតពេលខ្មែរកំពុងតែមានប្រៀបលើទ័ពសៀម
ព្រះចន្ទរាជាទ្រង់លើកទ័ពទៅរំដោះអានាខេត្ដ បស្ចឹមបុរីមកវិញ។
ចាប់ពីគ.ស. ១៥៥៦ នៅភូមាមានស្ដេចមួយអង្គនាម បាយិណោង (Bayin
Naung) បានលើកទ័ពចូកមកវាយសៀម
ហើយដណ្ដើមយកបានរាជធានីអយុធ្យា នៅគ.ស. ១៥៦៤។ ពួកសៀមបានបះបោរឡើងប្រឆាំងនឹងភូមាដែរ
តែត្រូវបង្ក្រាបអោយរាបទាបទៅវិញអស់
និងត្រូវចាប់ជាឈ្លើយអស់ជាច្រើនថែមទៀត(១៣)។
ឆ្លៀតយកអោកាសដែលសៀមកំពុងតែចុះទន់ខ្សោយយ៉ាងនេះ ព្រះចន្ទរាជា
ទ្រង់បានលើកទ័ពចូលវាយសៀមនៅគ.ស ១៥៥៧ ហើយយកបានខេត្ដចន្ទបុរី
និងខេត្ដផ្សេងៗទៀតនៅជិតៗនោះ។ ខ្មែរបានលើកទ័ពទៅវាយសៀមពីរលើកទៀត
គឺនៅគ.ស.១៥៥៩ និង ១៥៦២ ហើយចាប់បានឈ្លើយជាច្រើននាំមកស្រុកវិញ។
IV.
ទំនាក់ទំនងជាមួយជនជាតិអឺរ៉ុបជាលើកដំបូង
នៅក្នុងសៀវភៅប្រវត្ដិសាស្រ្ដខ្មែរ
ភាគ១ យើងបានលាតត្រដាងជូនអ្នកអាននូវមូលហេតុ ដែលនាំអោយជនជាតិអឺរ៉ុប
ធ្វើដំណើរតមកកាន់ភូមិភាគអាស៊ីអគ្គេយ៍យើងនេះរួចហើយ។
យើងបានដឹងរួចហើយថា
ក្រោយពីបានពង្រឹងជំហររបស់ខ្លួននៅជ្រោយម៉ាលាយូហើយ ពួកព័រទុយកល
គឺជាជនជាតិអឺរ៉ុបដំបូងដែលបានចូលមកទាក់ទង
នឹងខ្មែរនៅចុងរជ្ជកាលរបស់ព្រះចន្ទរាជា។ យ៉ាងណាមិញនៅ គ.ស.
១៥៥៥មានបព្វជិតព័រទុយកលខាងគណៈដូមិនិកាំ ង (Dominicain)
នាម Gapar da Cruz ជាមិត្ដភក្ដិស្និទ្ធស្នាលរបស់លោក
Albuquerque បានមកដល់ទីក្រុងលង្វែក។
បព្វជិតអង្គនេះមានបំណងមកផ្សាយសាសនាគ្រឹស្ដនៅប្រទេសខ្មែរ។
ព្រះរាជាទ្រង់សព្វព្រះរាជហរិទ័យ ទទួលរាក់ទាក់ណាស់
ប៉ុន្ដែបេសកកម្មរបស់លោកមិនបានទទួលផ្លែផ្កាដូចបំណងឡើយ
ព្រោះប្រជារាស្រ្ដខ្មែរនៅសម័យនោះ
កំពុងដាក់ចិត្ដស៊ប់ទៅលើព្រះពុទ្ធសាសនា ហើយមិនព្រមលះបង់ព្រះរតនត្រៃ
ដើម្បីងាកទៅរកសាសនាដទៃទៀតឡើយ។
ដោយលោកពុំបានសំរេចគោលបំណងយ៉ាងនេះហើយ
លោកក៏ធ្វើដំណើរទៅកាន់ប្រទេសចិននៅឆ្នាំ ១៥៥៦។ ចំពោះរឿងនេះលោក Dauphin
Meunier បានសរសេរថាលោកប្រញាប់វិលទៅវិញ ប្រហែលដើម្បីរាយការណ៍
ប្រាប់ចៅហ្វាយរបស់លោក ពីបេសកកម្មរបស់លោក
ឬក៏ដោយលោកត្រូវចាត់អោយទៅបំពេញបេសកកម្មនៅទីដទៃទៀត។
ក្នុងសម័យនោះក្រៅពីអ្នកផ្សាយសាសនា
នៅមានអ្នកផ្សងព្រេងខ្លះទៀតដែលបានធ្វើដំណើរទស្សនាប្រទេសយើង
ហើយបានកត់ត្រាទុកនូវហេតុការណ៍ ដែលខ្លួនបានឃើញ។
គឺកំនត់ហេតុទាំងនោះហើយ ដែលអ្នកប្រវត្ដិសាស្រ្ដ
បានយកមកធ្វើជាអែកសារសំរាប់ឆ្លុះមើលសង្គមខ្មែរនៅស.វទី១៦។
ត្រង់ទំព័រនេះអត្ថបទរលុបបាត់អស់ខ្ញុំ ពុំអាចដកស្រង់បានឡើយ
ខ្ញុំសូមធ្វើសេចក្ដីសង្ខែបត្រង់ចំនុចនេះ។ ក្នុងរាជព្រះអង្គចន្ទទី១
សៀមបានចូលមកលុកលុយប្រទេសខ្មែរពីរដង
ព្រះអង្គមានទំនាក់ទំនងជាលើកដំបូងជាមួយពួកអេស្ប៉ាញ និងពួកព័រទុយកល
ព្រះអង្គមានព្រះរាជបុត្រទោលនាម បរមិន្ទរាជាទី១ ហើយទ្រង់ចូលទីវង្គតនៅគ.ស
១៥៦៦។
V. ព្រះបរមិន្ទរាជាទី១ ១៥៦៦ - ១៥៧៥
បន្ទាប់ពីព្រះអង្គចន្ទចូលទីវង្គតទៅ
ក្រុមមន្រ្ដីរាជការ បានអភិសេកព្រះបាទបរមិន្ទរាជាទី១
អោយឡើងសោយរាជស្នងបិតារបស់ទ្រង់នៅគ.ស ១៥៦៦។ ព្រះបាទបរមិន្ទរាជាទី១
មានព្រះរាជបុត្រ៤អង្គ - ព្រះសត្ថា ជាមេទ័ព - ព្រះស្រីសុរិយោពណ៌ -
ព្រះពញានូ - ព្រះពញាអាន។
នៅគ.ស
១៥៦៩ ស្ដេចភូមានាម បាយិណោង
លើកទ័ពចូលមកវាយសៀមយកបានរាជធានីអយុធ្យាម្ដងទៀត
ហើយដាក់ប្រទេសសៀមជាចំនុះអស់រយៈពេល១៥ឆ្នាំ។ ឆ្លៀតឱកាសមានវិកវរនេះ
នៅគ.ស.១៥៧០ គឺនៅពេលដែលព្រះបាទបរមរាជា
យាងទៅគង់នៅតំបន់ត្រង់អង្គរត្រង់កំពង់ក្រសាំង
ខ្មែរបានលើកទ័ពលុកចូលទៅយកបានខេត្ដនគររាជសីមា
ហើយដាក់មន្រ្ដីខ្មែរអោយឈរត្រួតត្រាទីនោះ។
ចំពោះទំនាក់ទំនងខ្មែរ
- សៀម អែកសារសៀម(៨) បានសរសេរជាបន្ថែមទៀតថា ក្នុងព.ស ២១១៤ គ.ស១៥៧៤
ខណៈដែលសម្ដេចព្រះមហាធម្មរាជា និងសម្ដេចព្រះនរេសូរ
លើកទ័ពទៅជួបព្រះហង្សាវតី វាយស្រុកវៀងចន្ទន៍ ព្រះចៅក្រុងកម្ពុជា
លើកទ័ពជើងទឹកមកវាយអយុធ្យាម្ដងទៀត តែជាចៃដន្យ កងទ័ពថៃត្រលប់មកវិញ
ព្រះសម្ដេចនរេសូរ ប្រឈួនកើតគ្រុនសន្ធំ
ស្ដេចត្រលប់មកទាន់ទ័ពខ្មែរល្មម ថៃវាយកងទ័ពខ្មែរអោយថយម្ដងទៀត។
ត្រង់ការវាយលុករបស់ភូមាទៅលើស្រុកវៀងចន្ទន៍នេះ
យើងមានសេចក្ដីបញ្ជាក់ពីអែកសារលាវ(១៥) ដែលបានចែងថា នៅគ.ស.១៥៧៤
ទ័ពភូមាក្រោមបញ្ជាការរបស់ស្ដេច Bereng Naung (Bayin Naung) បានចូលវាយលុករាជធានីវៀងចន្ទន៍ជាលើកទី៣ ។ មេទ័ពលាវឈ្មោះ Phaya
- Sèn-Soulinthara ដែលបានថា
ជារជ្ជទាយាទពីមុនមក ចង់ធ្វើសង្គ្រាមឆ្មក់ដើម្បីរំដោះវៀងចន្ទន៍
ប៉ុន្ដែនៅពេលនោះពួកលាវបាក់បែកគ្នាខ្លាំង គំរោងការរប
ស់លោកក៏ត្រូវទទួលបរាជ័យទៅ។ ចំពោះចំបាំងខ្មែរ - សៀមលើកនេះ គ.ស. ១៥៧៤
រាជពង្សាវតារខ្មែររបាននិ យាយថា
ខ្មែរស៊ើបការណ៍ដឹងស្ដេចសៀមរវល់តែធ្វើចំបាំងជាមួយលាវ
(ជួយភូមាដោយបង្ខំ) ទុកកូនអោយថែរក្សានគរ ក៏លើកទ័ពទៅវាយសៀមទៀត។
ទ័ពខ្មែរ ចិនត្រូវនាំដោយចៅពញាចិនចាន់តុក បានប្រើកលល្បិចគឺ
វាយស្រុកតូចៗពី ចន្ទបុរី ដល់ ធនបុរី
ដើម្បីអោយស្ដេចសៀមចេញជួយទើបលុកយកក្រុងអយុធ្យា។ បើដូច្នេះ
អានាខេត្ដខាងលិចទាំងមូល ពីនគររាជសីមា ចុះមករហូតដល់ ចន្ទបុរី
ត្រូវទ័ពខ្មែររំដោះបានទាំងស្រុង កាលណោះ ដោយត្រូវភូមា
និងខ្មែរកៀបសង្កត់ខ្លាំងពេក
ស្ដេចសៀមត្រូវបង្ខំចិត្ដធ្វើសន្ធិសញ្ញាចងស្ពានមេត្រីជាមួយខ្មែរនៅ
គ.ស.១៥៧៤នោះ ហើយបានថ្វាយចំពោះព្រះមហាក្សត្រខ្មែរនូវខេត្ដ នគររាជសីមា
បស្ចឹមបុរី ចន្ទបុរី។
VI.
ទំនាក់ទំនងជាមួយលាវ
ចំពោះទំនាក់ទំនងខ្មែរលាវនេះ
យើងមានតែអែកសាររាជពង្សាវតារខ្មែរ ចំណែកអែកសារលាវ
ដែលសរសេរជាភាសាលាវក្ដី ជាភាសាបារាំងក្ដី
ពុំបានផ្ដល់ពត៌មានអ្វីបន្ដិចបន្ដួចសោះ។ នេះជាហេតុនាំអោយយើងមានចំងល់
ចេះតែឆ្ងល់ថាចុះហេតុអ្វីបានជារាជពង្សាវតារលាវមិនព្រមនិយាយព្រឹត្ដិការណ៍ដ៏សំខាន់នេះ។
តើនេះជាការភ្លេចភ្លាំងដោយអចេតនា
ឬក៏ជាការបំភ្លេចចោលដាយចេតនាព្រោះតែខ្លាចអាម៉ាស់?។
រាជពង្សាវតារខ្មែរច្រើនក្បួនបាននិយាយថា
នៅគ.ស.១៥៧២ ស្ដេចលាវនគរលានជាង ទ្រង់ត្រាស់បញ្ជាអោយនាម៉ឺន២នាក់
នាំពល.១០០០នាក់ មកបបួលខ្មែរជលដំរីដាក់នគរ គឺថាបើដំរី នគរណាចាញ់
នគរនោះត្រូវចំណុះនគរម្ខាងទៀតដែលមានដំរីឈ្នះ។ កាលណោះ
ព្រះបាទបរមរាជាទី៤ គង់នៅកំពង់ក្រសាំងនាតំបន់អង្គរ
ព្រះអង្គទ្រង់យល់ព្រមចំពោះសំនើរបស់លាវ។
ការប្រយុទ្ធរវាងដំរីទាំងពីរក៏ប្រព្រឹត្ដទៅនៅក្បែរក្រុងលង្វែក។
រាជពង្សាវតារខ្មែរក្បួនខ្លះបញ្ជាក់ថា ដំរីលាវមានកំពស់ដល់៨ហត្ថ (៤ម)
អែដំរីខ្មែរមានកំពស់តែ៧ហត្ថ ៣,៥០ម។ទោះបី
ចាញ់ប្រៀបដំរីលាវបន្ដិចក៏ដោយ
ក៏ដំរីខ្មែរបានទទួលជោគជ័យយ៉ាងត្រចះត្រចង់។ ខ្មែរបានឃាត់ពួកលាវខ្លះ
ប្រហែល ១០០០នាក់ ទុកអោយតែនាម៉ឺន២នាក់នាំដំរី នឹងទៅថ្វាយស្ដេចលាវ
ហើយអោយនាំបណ្ណាការមកថ្វាយស្ដេចខ្មែរ។
ស្ដេចលាវខ្ញាល់ខ្លាំង
បញ្ជាអោយលើកទ័ពចូលវាយខ្មែរទាំងផ្លូវគោក និងទាំងផ្លូវទឹក។
ទ័ពលាវចូលមកចោមវាយបន្ទាយខ្មែរនៅ អាសន្ទុក
ហើយចាប់បានខ្មែរជាឈ្លើយអស់ជាច្រើន។ ស្ដេចលាវ
និងស្ដេចខ្មែរលើកទ័ពតទល់គ្នាផ្ទាល់ព្រះអង្គ។ ស្ដេចលាវចាញ់។
ខ្មែរចាប់លាវបានជាឈ្លើយ ១០០០នាក់នៅត្រង់បារាយ សល់ពីនេះ
អោយទៅនៅខេត្ដខាងត្បូង និងខាងលិច។ ខាងជើង
ខ្មែរក៏មានជ័យជំនះលើទ័ពលាវដែលស្ថិតនៅក្រោមបញ្ជាការរបស់មហាឧបរាជលាវ។
ព្រះបរមរាជាទី៤ ទ្រង់យាងមកលង្វែកវិញ ទ្រង់ចាត់អោយធ្វើបុណ្យឆ្លងជោគជ័យ
អោយលាវ ៨០០នាក់ទៅនៅស្រុកបាភ្នំ អោយ៥០០នាក់ នៅសំរាប់ថែវត្ដភ្នំពេញ។
ពួកនេះខ្មែរហៅថាលាវបាក់ទូក។ ត្រង់ទំព័រនេះអត្ថបទរលុបបាត់អស់
ខ្ញុំសូមធ្វើការសង្ខែបខ្លះដូចនេះ។
បន្ទាប់ពីព្រះបរមិន្ទរាជាចូលទីវង្គតនៅឆ្នាំ
១៥៧៥ បុត្រច្បងរបស់ព្រះអង្គ ព្រះសត្ថា
ត្រូវបានអភិសេកអោយឡើងសោយរាជស្នងព្រះអង្គ។ ប្រទេសសៀមកើតមានចំបាំង
ដោយនៅពេលនោះប្រទេសភូមា បានចូលមកវាយប្រហារយ៉ាងខ្លាំងនៅអយុធ្យា
ស្ដេចសៀមបានសុំអន្ដរាគមន៍ទ័ពពីព្រះសត្ថា ព្រះអង្គបានបញ្ជាអោយអនុជព្រះអង្គ
ព្រះស្រីសុរិយោពណ៌លើកទ័ពទៅជួយវាយស្ដេច
នរេសូររហូតបានជ័យជំនះលើទ័ពភូមា
បន្ទាប់ពីបានជ័យជំនះភ្លាមៗស្ដេចសៀមបែជារមិលគុណមាក់ងាយផ្សេងៗដល់ព្រះស្រីសុរិយោពណ៌
ព្រះស្រីសុរិយោពណ៌ទ្រង់ខ្ញាល់ពីរឿងនេះខ្លាំងណាស់
ហើយលើកទ័ពត្រលប់ចូលនគរវិញ។ ចំពោះរឿងនេះ មានអែកសារខ្លះសរសេរថា «ជ័យជំនះនេះពុំបានធ្វើអោយសៀមអបអរសាទរឡើយ
ផ្ទុយទៅវិញជ័យជំនះនេះបណ្ដាលអោយអាប់កិត្ដិយសកងទ័ពសៀមហើយជាពិសេសអាប់កិត្ដិយសរបស់ព្រះរាជបុត្រស្ដេចសៀមនាមព្រះ
នរេសូរ។ ចាប់តាំងពីពេលនោះមក ព្រះនរេសូរ
តែងមានគំនុំចង់យកស្រុកខ្មែរជាចំណុះ
ដោយរំលោភលើកិច្ចចរចាក្នុងឆ្នាំ១៥៧៦។ តាមអែកសារសៀម
ជំនួយទ័ពខ្មែរខាងលើនេះពុំឃើញមាននិយាយទេ។
នៅគ.ស.១៥៨១
ខ្មែរបានលើទ័ពទៅវាយរំដោះបាន នគររាជសីមា ចន្ទបុរី និងនគរនាយក។
អែកសារសៀមថា សម្ដេចព្រះនរេសូរ បានលើកទ័ពទៅតស៊ូ។ អែកសារខ្មែរថា
ព្រះនរេសូរវាយយកបាននគររាជសីមាវិញនៅគ.ស ១៥៨២
គឺស្របនឹងអែកសារសៀមដែរ តែអែកសារសៀមគ្មានបានបញ្ជាក់ថា
យកបានខេត្ដណាទេ។ អែកសារ សៀមនិយាយថា កាលសម្ដេចព្រះនរេសូរ
ប្រកាសឯករាជរំដោះប្រទេសសៀមពីចំណុះភូមា គ.ស.១៥៨៤? ទ្រង់មានកិត្ដិសព្ទល្បីល្បាញ ព្រះសត្ថា
ក្រែងថាសៀមនឹងត្រលប់មកសងសឹកកម្ពុជា
ទើបតែងព្រះរាជមេត្រីសារភាពទទួលខុស ព្រមចំណុះក្រុងស្រីអយុធ្យា។
ត្រង់ចំនុចនេះ អែកសារខ្មែរពុំឃើញមាននិយាយឡើយ។ យើងគ្រាន់តែឆ្ងល់ថា
តើការពិតស្ថិតនៅត្រង់ណា
បើកាលណោះខ្មែរអាចជួយសៀមច្បាំងឈ្នះភូមាថែមទៀត
ហេតុដូចម្ដេចក៏ត្រលប់ខ្លាចសៀមវិញ?។
គួរគប្បីជ្រាបថា
នៅប្រទេសភូមាអែណោះ ស្ដេចនាម Nanda Bayin បានឡើងសោយរាជស្នងព្រះបិតានាម
Bayin Naung ពីគ.ស ១៥៨១ ដល់ ១៥៩៩។
ស្ដេចអង្គនេះជាស្ដេចមានមហិច្ឆតា
ទ្រង់បានបន្ដនយោបាយវាតទឹកដីរបស់បិតាព្រះអង្គ។
ដោយហេតុនោះហើយបានជានៅ គ.ស. ១៥៨៥
ព្រះអង្គបានលើកទ័ពចូលវាយក្រុងអយុធ្យាម្ដងទៀត។ អែកសារសៀមថា
ព្រះសត្ថាជឿថា ក្រុងអយុធ្យា គង់នឹងបាត់បង់ដោយភូមាដូចគ្រាមុន
ទ្រង់បានផ្ដាច់មេត្រីភាព ហើយលើកទ័ពចូលវាយស្រុកបស្ចឹមបុរី។
ត្រង់នេះអែកសារខ្មែរថា ទ័ពខ្មែរយកបានបស្ចឹមបុរី នគររាជ និង
នគរនាយក។ លុះសៀមលើកទ័ពមក ខ្មែរក៏ថយសិន ហើយដោយមានដំណឹងថា
សម្ដេចព្រះភគវតីប្រឈួន ព្រះសត្ថាក៏លើកទ័ពត្រលប់មកបន្ទាយលង្វែកវិញ។
អែកសារសៀមនិយាយថា «សម្ដេចព្រះនរេសូរ
ទ្រង់ខ្ញាល់ នឹងព្រះសត្ថា ដូច្នេះក្នុងព.ស.២១៣០ គ.ស១៥៨៦
កាលភូមាលើកទ័ពត្រលប់ទៅវិញហើយ ទើបស្ដេចលើកទ័ពទៅវាយក្រុងកម្ពុជា
វាយបានស្រុកបាត់ដំបង និងស្រុកពោធិសាត់ ហើយលើកទ័ពត្រលប់មកព្រះនគរវិ ញ
ព្រោះខ្វះស្បៀងអាហារ(៨)។ ត្រង់នេះ អែកសារខ្មែរខ្លះនិយាយថា
សៀមចាប់ផ្ដើមធ្វើសង្រ្គាមទន្ទ្រានទឹកដីខ្មែរដោយគ្មានលេសអ្វីឡើយ(១៨)។
ឯក្បួនរាជពង្សាវតារខ្មែរខ្លះនិយាយថា
នៅគ.ស. ១៥៨៤ (គ.ស ១៥៨៦ សមជាង ព្រោះពេលនោះភូមាថយទៅវិញហើយ) ព្រះនរេសូរ
លើកទ័ពមកវាយខ្មែរ ខ្មែរបានលើកទ័ពទៅប្រយុទ្ធគ្នាយ៉ាងខ្លាំងនៅបាត់ដំបង
រូចនៅស្ទឹងកំពង់បា្រក់ តែទន់ដៃជាងក៏ដកចេញសិន។ សៀមវាយយកបានបន្ទាយមានជ័យ
រួចយកបានបន្ទាយបរិបូរទៀត។ ព្រះស្រីសុរិយោពណ៌
នាំទ័ពថយចូលបន្ទាយលង្វែក។ អែកពង្សាវតារខ្មែរខ្លះបញ្ជាក់ថា
ក្នុងចំបាំងលើកនោះសៀមមានទ័ពចំនួន ១០០.០០០នាក់ ដំរី ៨០០ និងសេះ១៨៥០។
ទោះបីមានទ័ពច្រើនសន្ធឹកសន្ធាប់ និងខ្លាំងពូកែយ៉ាងនេះក៏ដោយ
ក៏សៀមពុំអាចវាយលុកយកបានបន្ទាយលង្វែកឡើយ។
ក្រោយពីឡោមព័ទបន្ទាយនេះអស់រយៈពេ ល៣ខែ ដោយខ្វះស្បៀងអាហារ
និងដោយត្រូវជំងឺឆ្លងរាតត្បាតស្លាប់អស់ច្រើនផង សៀមក៏ដកទ័ពថយទៅវិញ
ព្រោះខ្មែរដឹងចំនុចខ្សោយរបស់សៀម
ហើយនាំគ្នាចេញពីបន្ទាយទៅវាយលុកយ៉ាងខ្លាំង។ មានប្រវត្ដិវិទូខ្លះ(១)
ថាមានកងទ័ពខ្មែរមួយមកពីក្រៅជួយធ្វើអន្ដរាគមន៍កំចាត់សៀមទៅវិញ។
អែកសារខ្មែរខ្លះនិយាយថា
ទ័ពសៀមឈឺស្លាប់ច្រើន គឺបណ្ដាលមកពីបិសាចធ្វើ។ ព្រះនរេសូរ
បានចាត់អោយសាកសួរខ្មែរ ក៏បានដឹងថាមានទេវរក្ស១៣
អង្គជួយថែរក្សានគរខ្មែរ ម្យ៉ាងទៀត
មុននឹងរត់ដកខ្លួនទៅសៀមបានប្រើឧបាយកលបាញ់ប្រាក់ដួងជាច្រើនចូលក្នុងគុម្ពរិស្សី
ដែលជារបងយ៉ាងមាំមួនជាទីបំផុតសំរាប់ការពារបន្ទាយលង្វែក។
ក្រោយមកព្រះចៅសៀមបានចាត់ចារបុរសពីរនាក់
ចូលមកធ្វើវិទ្ធង្សនាបង្កើតអោយមានចលាចលក្នុងផ្ទៃក្នុងរបស់ខ្មែរ
មហាត្លឹកសៀមពីរនាក់បានក្លែងធ្វើជាអ្នកបួសនាម តិបញ្ញោ និង សុប្បញ្ញោ
ចូលមកធ្វើពិធីដកសិល្បសាស្រ្ដ ដែលបញ្ចុះក្នុងរូបទេវរក្ស។ សុប្បញ្ញោ
ប្រើមន្ដអាគមធ្វើអោយអ្នកស្រុកឈឺ តិបញ្ញោ
ជាអ្នកដោះអោយជាសះស្បើយឡើងវិញ។
ប្រមាណជា
គ.ស ១៥៨៦ ព្រះបាទសត្ថាទី១
ទ្រង់សព្វព្រះរាជហរិទ័យដាក់រាជថ្វាយទៅព្រះរាជបុត្រច្បងនាមព្រះជ័យជេដ្ឋា
ដែលមានព្រះជន្មទើបបាន ១១វស្សា
អោយឡើងសោយរាជស្នងព្រះអង្គដាយមានព្រះនាម សំរាប់រាជថា
ព្រះបាទសម្ដេចព្រះរាជអោង្ការជ័យជេដ្ឋាធិរាជរាមាធិបតី។
ព្រះរាជបុត្រីទី២ ចៅពញាតន់ ដែលមានព្រះជន្មទើប
៦វស្សាត្រូវបានតាំងអោយឡើងជាឧបរាជ។ ឯព្រះស្រីសុរិយោពណ៌ ត្រូវបានឡើងជាឧភយោរាជ។
ដោយព្រះរាជបុត្រសុទ្ធតែនៅក្មេងៗពេក
កិច្ចការគ្រប់គ្រងរដ្ឋស្ថិតនៅក្នុងកណ្ដាប់ព្រះហត្ដព្រះសត្ថាទាំងអស់។
ត្រង់នេះ មានសំនួរចោទឡើងថា បើព្រះអង្គនៅតែកាន់អំណាចដដែលដូច្នេះ
ហេតុអ្វីក៏ចាំដាក់រាជថ្វាយទៅព្រះរាជបុត្រ? អ្នកប្រវត្ដិសាស្រ្ដខ្លះបានអោយយោបល់ថា
ហេតុដែលនាំអោយព្រះសត្ថា ទ្រង់ប្រព្រឹត្ដដូច្នេះ ព្រោះព្រះ
អង្គខ្លាចក្រែងរាជសម្បត្ដិពុំបានទៅរាជបុត្រ
តែបានទៅព្រះស្រីសុរិយោពណ៌វិញនៅពេលដែលព្រះអង្គសោយទីវង្គត ព្រោះអនុជអង្គនេះជាស្ដេចមានសមត្ថភាព
ហើយត្រូវបានប្រជារាស្រ្ដភាគច្រើនគោរពស្រលាញ់រាប់អានទៀតផង។
អែកសារខ្មែរបានបញ្ជាក់ថា
អំពើរបស់ព្រះសត្ថា ខាងលើនេះ
បានបណ្ដាលអោយមានការអាក់អន់ស្រពន់ចិត្ដជាច្រើនពីសំណាក់រាជវង្សានុវង្ស
នាម៉ឺនសព្វមុខមន្រ្ដី និងអាណាប្រជានុរាស្រ្ដ។ ចោរលួច ចោរប្លន់
ក៏កើតឡើងព្រោងព្រាត។ រីអែប្រជារាស្រ្ដខ្មែរកាលបើដឹងថា
គ្រាប់ដែលសៀមបាញ់ចូលក្នុងរបងរិស្សីជាប្រាក់សុទ្ធ
ក៏មានចិត្ដត្រេកអរពន់ពេក នាំគ្នាកាប់ឆ្ការព្រៃរិស្សីដើម្បីយកប្រាក់នោះ
ទោះបីមានបំរាមពីព្រះរាជាយ៉ាងណាក៏ដោយ ក៏ពុំព្រមស្ដាប់
ហើយចេះតែនាំគ្នាប្រព្រឹត្ដអំពើនោះរហូតដល់ធ្លុះធ្លាយរបងរិស្សីអស់។
គ.ស១៥៩៣
សៀមបានលើកទ័ពចូលវាយបន្ទាយលង្វែកម្ដងទៀត។
ព្រះនរេសូរបានបញ្ជាអោយទ័ពចូលជា៣ផ្លូវ។ ខ្មែរលើកទ័ពចេញទៅតទល់
តែលើកនេះក៏ដូចជាលើកមុន សៀមវាយយកបានជាបន្ដបន្ទាប់គ្នានូវ
បន្ទាយពោធិសាត់ និងបន្ទាយបរិបូរ។ ព្រះអុភយោរាជ ស្រីសុយោពណ៌
បកសំបុត្រទៅអោយកែនទ័ព ប្រមូលស្បៀងចូលការពារក្នុងបន្ទាយលង្វែក។
ទ័ពដែលចេញទៅទប់ខាងនគរវត្ដ ក៏ទប់ពុំជាប់។ អែខាងជើងទឹក
ក៏ចាញ់សៀមទៀត។ សៀមវាយកាន់តែខ្លាំងឡើង ព្រះអុភយោរាជថយមកនៅ
បន្ទាយរលាប្អៀរ ហើយសុំជំនួយពីលង្វែក។ សៀមលើកទ័ពមកព័ទ្ធបន្ទាយទៀត។
លុះទ័ពសៀមមកជិតដល់ ព្រះសត្ថាទី១ នាំបុត្រនាមជ័យជេដ្ឋា និងពញាតន់
ភៀសទៅគង់នៅស្រីសន្ធរ ក្រោយមកទៀតភៀសទៅស្ទឹងត្រែង
ហើយនៅទីបំផុតភៀសទៅគង់នៅវៀងចន្ទន៍ ជារាជធានីប្រទេសលាវលានជាង។
ចំណែកឯ
ព្រះស្រីសុរិយោពណ៌
បានស្ថិតនៅក្នុងបន្ទាយលង្វែកដើម្បីប្រយុទ្ធនឹងខ្មាំង។
តែទោះបីព្រះអង្គបានខិតខំការពារបន្ទាយយ៉ាងស្វិតស្វាញយ៉ាងណាក៏ដោយ
ក៏បន្ទាយនេះត្រូវធ្លាក់ក្នុងកណ្ដាប់ដៃខ្មាំង
ក្រោយពីត្រូវឡោមព័ទ្ធអស់រយៈពេល៣ខែ ព្រោះវាបានយកចំបើងដុតរបងរិស្សី
ដែលនៅសល់បន្ដិចបន្ដួចនោះនៅគ.ស១៥៩៣។ សៀមចាប់បានព្រះអុភយោរាជស្រីសុរិយោពណ៌
និងបុត្រទាំងពីរគឺព្រះជ័យចេស្ដា (ព្រះជន្ម១៥វស្សា)
និងព្រះអុទ័យព្រះជន្ម៥វស្សា) នាំយកទៅប្រទេសសៀម
ព្រមជាមួយនឹងក្បួនខ្នាតអ្នកប្រាជ្ញបណ្ឌិតកវី រូបបដិមាព្រះគោព្រះកែវ
និង ឈ្លើយខ្មែរជាច្រើនទៀត។ ក្រោយពីបានស្នាក់នៅក្នុងប្រទេសខ្មែរអស់៣ខែ
ព្រះនរេសូរ បានយាងត្រលប់ទៅក្រុងអយុធ្យាវិញ
ទុកអោយតែមហាមន្រ្ដីសៀមនៅឈរនៅក្រុងឧដុង្គ។ គួរគប្បីជ្រាបនៅខាងមុខព្រះវិហារព្រះកែវ
នៅក្រុងបឹងកកប្រទេសថៃសព្វថ្ងៃ មានរូបដិមាព្រះគោ
ដែលមានទំហំសឹងប៉ុនសត្វគោធំ ពោះប្រហោងក្នុង។
តើនេះជានិមិត្ដរូបព្រះគោព្រះកែវ
ដែលសៀមបាននាំយកទៅនៅគ្រាដែលវាយបែកបន្ទាយលង្វែក ឬយ៉ាងណា?។
ចំពោះចំបាំងខ្មែរសៀមនៅគ.ស.
១៥៩៣នេះ អែកសារសៀមបាននិយាយថា មកតែពីខ្មែរមិនរក្សាពាក្យសច្ចៈ
ទើបព្រះនរេសូរ លើកទ័ពមកសងសឹក។ សម្ដេចព្រះនរេសូរ
ឃើញកំលាំងកម្ពុជាទន់ខ្សោយ ទើបមានតំរាស់អោយព្រះសត្ថា
មកគាល់តែព្រះសត្ថាត្រលប់ជាចាប់ទូតថៃ ដែលអញ្ជើញព្រះបរមរាជអោង្ការឃុំទុក
ហើយក៏បញ្ជូនទ័ពតស៊ូយ៉ាងខ្លាំង(៨)។
ម្យ៉ាងទៀតព្រះរាជពង្សាវតារសៀមបានអះអាងថា
ទ័ពសៀមបានចាប់បានទាំងព្រះមហាក្សត្រខ្មែរ
ហើយព្រះចៅសៀមទ្រង់បញ្ជាអោយប្រហារជីវិតព្រះអង្គ ដើម្បីយកព្រះលោហិតទៅលាងព្របាទទៀតផង(៩, ១០)។ សព្វថ្ងៃនេះ នៅវត្ដយ៉េជ័យមង្គល នាខេត្ដអយុធ្យា
គេឃើញមានរូបគំនូរ ២ផ្ទាំងដែលគួរអោយចាប់អារម្មណ៍ រូបទី១
ជារូបស្ដេចខ្មែរគង់អង្គុយលើកៅអី១ទាប មានព្រះសុរង្គព្រះបាទ
និងព្រះហស្ដជាប់ចំណង និងច្រវាក់ រូបទី២
បង្ហាញពីបុរសម្នាក់ស្លៀកពាក់ស
កំពុងតែលុតជង្គង់យកលោហិតស្ដេចខ្មែរទៅលាងព្រះបាទ
អោយស្ដេចសៀមនាសម័យនោះ? រាជពង្សាវតារខ្មែរគ្រប់ក្បួនទាំងអស់ពុំឃើញមាននិយាយពីព្រិត្ដិការណ៍នេះឡើយ។
ឥរិយាបទល្មោភអំណាចរបស់ស្ដេចសុរិយោព
ខ្លាចបាត់បងរាជបល្លង្គ លើករាជអោយកូនអាយុ១១ឆ្នាំឡើងសោយរាជ
ហើយកូនអាយុ ៦ឆ្នាំអោយធ្វើជាឧបរាជ ធ្វើអោយរាជវង្សានុវង្ស
និងមន្ត្រីតូចធំប្រជារាស្ដ្រអាក់អន់ចិត្ដយ៉ាងខ្លាំឈប់ជួយច្បាំង
នឹងសត្រូវចូលមកឈ្លានពានលុកលុយស្រុកខ្មែរ។
VII.
ទំនាក់ទំនងជាមួយអឺរ៉ុប
បើតាមប្រភបអឺរ៉ុប
ព្រះសត្ថា
ជាក្សត្រទន់ខ្សោយហើយទ្រង់មានព្រះហរិទ័យច្រណែនចំពោះព្រះអនុជគឺ
ព្រះស្រីសុរិយោពណ៌។ ដោយហេតុថាព្រះអង្គត្រូវការជំនួយ ដើម្បីប្រឆាំង
នឹងសត្រូវខាងក្នុង និង ខាងក្រៅ ព្រះអង្គក៏ទ្រង់បានយកចិត្ដពួកអ្នកផ្សាយសាសនាយ៉ាងខ្លាំង
ពួកនេះមានសិទ្ធិពេញលេញ ក្នុងការផ្សាយលទ្ធិរបស់ខ្លួន
មានសិទ្ធិសង់ព្រះវិហារនៅគ្រប់ទីកន្លែងក្នុងព្រះរាជាណាចក្រ។
ព្រះរាជាទ្រង់បានជួយឧបត្ថម្ភពួកនេះរហូតដល់បានបញ្ជូនអង្ករ និង
វត្ថុផ្សេងៗទៀតទៅអោយអង្គការដូមីនីកាំងនៅម៉ាលាកា។ នៅគ.ស.១៥៨៥
នាយចៅហ្វាយរបស់បព្វជិត Sylvestre បានសំរេចចិត្ដថា
ត្រូវតែគ្រាំទ្រលោក ហើយបានបញ្ជូនមកជាបន្ថែមនូវបព្វជិតទៀត គឺបព្វជិត
Antonio Dorta និង បព្វជិត Antoio Caldeira។ ក្នុងពេលដំណាលគ្នានោះ មានបព្វជិតខាងគណៈ ហ្រ្វង្សីស្កាំង (Franciscain)
ក៏បានមកប្រទេសខ្មែរដែរ ក្នុងចំណោមនេះ មានបព្វជិតនាម Gregorio
Ruiz។ តែដោយមានការធ្វើទុក្ខបុកម្នេញកើតឡើងជាថ្មីទៀត
បព្វជិតទាំងពីរអង្គខាងក្រោយនេះ ក៏និមន្ដត្រលប់ទៅវិញអស់។
ពេលនោះបព្វជិត Sylvestre បានប្រើឥទ្ធិពលរបស់លោក
ហើយព្រះសត្ថាទី១ ក៏ទ្រង់អនុញ្ញាតនៅគ.ស.១៥៨៩ថា បព្វជិតអង្គណាក៏ដោយ
ក៏អាចកាន់សាសនាថ្មីនេះបានដាយគ្មានខ្លាចពីការសងសឹកឡើយ។ ដោយហេតុនោះ
បព្វជិត Syvestre ក៏បានសុំអោយអង្គការកណ្ដាលបញ្ជូនបព្វជិតមកបន្ថែម។
ជាការឆ្លើយតបនឹងសេចក្ដីអំពាវនាវនេះ បព្វជិត Jorge de Mota និង Luis de Fonseca ក៏ត្រូវបានគេបញ្ជូនមកទៀត
តែនៅពេលនោះលោកទាំងពីរនិមន្ដមកដល់ បព្វជិត Sylvestre ក៏បានសុគតរួចទៅហើយ(១៩)។
គួរគប្បីជ្រាបថា
នៅគ្រានោះមិនគ្រាន់តែមានពួកបព្វជិតទេ ដែលបានមកប្រទេសខ្មែរ
ពួកអ្នកផ្សងព្រេងខ្លះក៏បានមកក្នុងពេលជាមួយគ្នាដែរ។ នៅគ.ស. ១៥៨៥
ជនជាតិព័រទុយកល ដែលមានវ័យនៅក្មេង (២០ឆ្នាំ) ឈ្មោះ Diogo
Veloso បានមកដល់ប្រទេសខ្មែរជាមួយបក្សពួកមួយក្រុមគឺ Carneiro,
Machado, Sagredo, Diogo der chaves Carnizares៘
ប៉ុន្មានឆ្នាំក្រោយមកទៀត (ដើមគ.ស.១៥៩៣)
អ្នកផ្សងព្រេងជាតិអេស្បាញក៏បានមកដល់ គឺលោក Ruiz de Hernan Gonzalès និង Vargas Machuca។
ពួកជនផ្សងព្រេងទាំងនេះត្រូវបានព្រះសត្ថា
ស្រលាញ់រាប់អានយ៉ាងខ្លាំង ហើយពួកនេះក៏ជាប់ជំពាក់ចិត្ដយ៉ាងខ្លាំង
ជាមួយនឹងព្រះអង្គវិញដែរ។
ព្រះសត្ថាទ្រង់សព្វព្រះទ័យរៀបអភិសេកប្អូនជីដូនមួយស្រីម្នាក់របស់ព្រះអង្គអោយទៅលោក
Diogo
Veloso ឯចំណែកលោក Ruiz ត្រូវបានព្រះអង្គតែងតាំងជាអង្គរក្សរបស់ព្រះអង្គ(១)។
រួចមកហើយយើងឃើញថានៅ
គ.ស. ១៥៩៣ ព្រះចៅសៀមព្រះនាម នរេសូរ បានលើកទ័ពចូលមកវាយខ្មែរជាលើកទី២
ដោយមានរេហ៍ពលច្រើនជាងលើកទី១ ទៅទៀត។ តាមរយៈ Veloso ព្រះសត្ថាទី១ ទ្រង់បានទាក់ទងជាមួយអ្នកកាន់អំណាចព័រទុយកលនៅ
ម៉ាលាការ តែពួកព័រទុយកលមិនអាចជួយខ្មែរ ព្រោះរវល់តែជាប់ដៃច្បាំង
នឹងពួកម៉ាលាយូ នៅ Acheh និង នៅ Johore(20)។ ដោយហេតុនោះព្រះសត្ថាទិ១
ទ្រង់ងាកទៅរកជំនួយពីពួកអេស្បាញវិញ តាមការថ្វាយយោបល់របស់លោក Ruiz
និង Vargas។
គួរគប្បីជ្រាបថា
ជនជាតិអេស្បាញជាជនជាតិអឺរ៉ុបដែលបានមកកាន់អាស៊ីអគ្គេយ៍បន្ទាប់ពីពួកព័រទុយកល។
ពួកនេះបានវាយប្រទេសហ្វីលីពីនដាក់ជាអាណានិគមរបស់ខ្លួនក្នុងរាជស្ដេច
Philippe
ទី២ ហើយការវាយប្រហារហ្វីលីពីននេះ
ជាស្នាដៃរបស់មេទ័ពជើងទឹកម្នាក់ឈ្មោះ Miguel Lopez de Legaspi។ ពួកអេស្បាញបានត្រួតត្រាប្រទេសហ្វីលីពីនពីគ.ស ១៥២៧ ដល់ គ.ស.
១៥៩៦ ហើយបានតាំងរាជធានីរបស់ខ្លួននៅក្រុងមានីល។
នៅខែកក្កដា
១៥៩៣ ព្រះសត្ថាទី១ ទ្រង់ចាត់អោយលោក Veloso មួយអន្លើនឹងដើម្បីសុំជំនួយទ័ពមកច្បាំងនឹងសៀម។
ដើម្បីជាសគុណ ព្រះអង្គទ្រង់បានសន្យាថា នឹងបើកសិទ្ធិអោយពួកអេស្ប៉ាញ
មកផ្សាយសាសនា និងធ្វើជំនួញនៅប្រទេសខ្មែរ។ លោកទេសាភិបាលអេស្ប៉ាញឈ្មោះ Gomez
Perez Dasmarinas បានសរសេរលិខិតចុះថ្ងៃ២៧ ខែកញ្ញា ១៥៩៣
ឆ្លើយតបមកព្រះរាជាខ្មែរវិញថា នឹងជួយផ្សះផ្សាជំលោះរវាងខ្មែរ និងសៀម
លោកពុំបានបញ្ជូនជំនួយទ័ពមកជួយខ្មែរទេ
ព្រោះលោកកំពុងរៀបចំទៅវាយយកកោះម៉ូលុក (Moluques)។
ជាអកុសលនៅពេលដែលចេញដំណើរនៅថ្ងៃ៣០ ខែកញ្ញា ១៥៩៣
លោកត្រូវពួកចិនអ្នកអុំសំពៅលោក លួចធ្វើឃាតលោកទៅ(៩)
កូនប្រុសឈ្មោះ
Luis
Perez Dasmarinas បានឡើងកាន់អំណាចជំនួសឳពុកលោក។
លោកទេសាភិបាលថ្មីនេះ
បានសរសេរលិខិតមួយទៀតផ្ញើទៅថ្វាយព្រះរាជាខ្មែរ។ Veloso និងបក្សពួកបានសំបុត្រនោះហើយក៏ធ្វើដំណើរត្រលប់មកប្រទេសខ្មែរវិញ។
តែជាអកុសល ទ័ពសៀមបានវាយលុកយកបានបន្ទាយលង្វែកជាស្រេច។ Veloso និង Carneiro បានធ្វើសង្គ្រាមវាយឆ្មក់ប្រឆាំងនឹងពួកសៀម
តែត្រូវចាប់បាន ហើយយកទៅឃុំឃាំងជាមួយ នឹង Ruiz ជាអ្នកនៅការពារបន្ទាយលង្វែក
ជាមួយនឹងព្រះឧបយោរាជ ស្រីសុរិយោពណ៌។
ក្រៅពីនេះមានបព្វជិតជាតិអឺរ៉ុបខ្លះទៀតត្រូវសៀមចាប់យកទៅក្រុងអយុធ្យាដែរ
គឺបព្វជិត Jarge de Mota និង Luis de Fon- seca ។ ពួកឈ្លើយសង្រ្គាមទាំងនោះ ខ្លះត្រូវបានដឹកនាំទៅតាមផ្លូវគោក
ខ្លះទៀតទៅតាមផ្លូវទឹក។ លោក Ruiz. Car- neiro និង Machado
ត្រូវគេដឹកទៅតាមសំពៅមួយ។ លោក Ruiz បាននាំពួកឈ្លើយបះបោរឡើង
ដណ្ដើមយកបានសំពៅ ហើយធ្វើដំណើរឆ្ពោះទៅក្រុងម៉ានិល (ទៅដល់នៅខែ មិថុនា
១៥៩៤)។។
ចំណែកឯលោក
Veloso
នៅក្រុងអយុធ្យា ត្រូវបានព្រះនរេសូរ
ចាត់អោយនាំរាជទូតសៀមទៅក្រុងម៉ានីលដើម្បីសុំចងសម្ព័ន្ធមេត្រីជាមួយពួកអេស្ប៉ាញនៅគ.ស.
១៥៩៥។ លុះសំពៅមកដល់ច្រកទន្លេមេណាម
គេបានដំណឹងតាមទាហានសៀមដែលបាក់ទ័ពពីលង្វែកថា
ស្ដេចខ្មែរដណ្ដើមអំណាចបានវិញហើយ។ លោក Veloso មិនដឹងថា
ព្រះរាមជើងព្រៃស្មានថា ព្រះសត្ថា។
លោកក៏បន្ដដំណើរដល់ក្រុងម៉ានីលនៅពាក់កណ្ដាលខែមិថុនា ១៥៩៥ ហើយ បានជួប
នឹងមិត្ដរបស់លោកគឺ Ruiz Carneiro និង Machado។ ដូច្នេះត្រង់ដែលត្រូវការពារផលប្រយោជន៍របស់សៀម លោក Veloso
បែរជាមានគំនិតត្រលប់មកជួយខ្មែរវិញ។ ដោយហេតុនោះ
លោកបានស្រុះស្រួល
ជាមួយមិត្ដភក្ដិលោកធ្វើអន្ដរាគមន៍សុំជំនួយពីពួកអេស្ប៉ាញ
ដើម្បីមកជួយព្រះរាជាខ្មែរ
ហើយបានទទួលការគាំទ្រយ៉ាងសកម្មជាពិសេសពីសំណាក់ទេសាភិបាល Luis
Perez Dasmarinas។
·
VIII.
ផលវិបាកនៃការបែកបាក់ក្រុងលង្វែក
ការវាយបែកក្រុងលង្វែកដោយជនជាតិសៀមមានផលវិបាកអាក្រក់យ៉ាងខ្លាំង
សំរាប់ប្រជាជាតិខ្មែរ។ តពីនេះទៅទៀតខ្មែរត្រូវពើបប្រទះ
នឹងវិបត្ដិកាន់តែច្រើនឡើង។ យ៉ាងណាមិញ ទំនាស់ផ្ទៃក្នុង
បូករួមជាមួយនឹងកត្ដាផ្សេងៗដ៏ទៃទៀតបានញ៉ាំងមហាអំណាចខ្មែរអង្គរ
អោយចុះទន់ខ្សោយបន្ដិចម្ដងៗ រហូតដល់លើករាជធានីពី យសោធរបូរ
មកតាំងនៅទួលបានសាន រួចនៅចតុមុខ។ នៅសម័យលង្វែក
ជាពិសេសក្នុងរជ្ជកាលរបស់ព្រះបាទចន្ទរាជា និងបរមរាជាទី៤
ខ្មែរបានពង្រីងជំហររបស់ខ្លួនបានវិញ
ហើយមានលទ្ធភាពលើកទ័ពទៅវាយលុករាជធានីស្រីអយុធ្យា
និងវាយរំដោះយកអាណាខេត្ដខាងលិចមកវិញបានជាច្រើន។
ប៉ុន្ដែក្រោយពីបន្ទាយលង្វែកត្រូវបែកបាក់ទៅ ទឹកដីមួយភាគធំ
នៅអែនាយភ្នំដងរែក និង នៅខាងលិចត្រូវបាត់បង់ទៅវិញជាស្ថាពរ។
ការបែកបាក់បន្ទាយលង្វែកជាហេតុញ៉ាំងប្រទេសខ្មែរអោយអស់រិទ្ធានុភាព
ធ្លាក់ខ្លួនជារដ្ឋតូចតាចនៅភូមិភាគអាស៊ីអគ្គេយ៍។ នេះជាលើកទី៣
ហើយដែលខ្មែរត្រូវបាត់បង់អស់ក្បួនខ្នាត អ្នកប្រាជ្ញ
បណ្ឌិតកវីដែលត្រូវខ្មាំងកៀរយកទៅស្រុកវា។
ម្យ៉ាងទៀតអនាធិបតេយ្យក៏កើតមានឡើងហើយនៅចុងសតវត្សទី១៦នេះ
គេឃើញមានការជ្រែករាជរហូតដល់ទៅពីរលើក។
IX.
ការជ្រែករាជនៃព្រះរាមជើងព្រៃ (១៥៩៤ - ១៥៩៦)
ព្រះរាមជើងព្រៃ
ត្រូវជាព្រះញាតិរបស់ព្រះសត្ថាទី១។ នៅគ.ស. ១៥៩៤
ព្រះអង្គបានលើកទ័ពទៅវាយសៀមនៅបន្ទាយឧដុង្គ។
សៀមចាញ់ក៏ដកថយទៅស្រុកវិញអស់ទៅ។ ព្រះរាមជើងព្រៃ
(តាមឯកសារព័រទុយកលហៅ ថា Anacaparan បានឡើងសោយរាជនៅស្រីសន្ធរ។
រួចមកហើយយើងបានឃើញថាលោក Veloso កាលដែលទៅសុំជំនួយពីទេសាភិបាលអេស្ប៉ាញនៅប្រទេសហ្វីលីពីនបំរុងយកមកជួយព្រះសត្ថាទី១នោះ
ឃើញថាបានទទួលការគាំទ្រយ៉ាងសកម្ម ជាពិសេសពីសំណាក់លោកទេសាភិបាល Luis
Perez Dasmarinas តែម្ដង។ បើតាមអែកសារអឺរ៉ុប លោក Veloso
បានធ្វើបញ្ជីនៃតំរូវការ ហើយដាក់ជូនទៅលោកទេសាភិបាល។
ក្នុងបញ្ជីនោះមានគ្រោងពីការតាំងអានាព្យាបាលភាពរបស់អេស្ប៉ាញមកលើប្រទេសខ្មែរ
និងការផ្លាស់សាសនារបស់ប្រជារាស្រ្ដខ្មែរទាំងស្រុង(១៩)។ កងនាវាបានចេញដំណើរពីក្រុងម៉ានីលនៅថ្ងៃទី១៩
មករា ១៥៩៦ ហើយត្រូវស្ថិត នៅក្រោមបញ្ជាការរបស់មេទ័ពឈ្មោះ Jaurez
Gallinato : ពលទាហានមានប្រមាណពី ១២០ ទៅ១៣០នាក់
ជនជាតិជប៉ុនកាន់សាសនាគ្រិស្ដ ២០នាក់ ជនជាតិហ្វីលីពីនខ្លះ
និងបព្វជិតគណៈដូមីនីកាំង ៣អង្គ។
មេពួកបព្វជិតគណៈដូមីនីកាំងគឺបព្វជិត Alonso Jimenez ជាសហមេបញ្ជាការនៃប្រតិបត្ដិការណ៍នេះ(១៩)។
លុះធ្វើដំណើរមកដល់ក្រុងចតុមុខ
(Churdumuco)
លោក Ruiz និង លោក Veloso ទើបភ្ញាក់ខ្លួនដឹងព្រះសត្ថាទី១ និងរាជបុត្រ ២អង្គបានភៀសទៅប្រទេសលាវហើយ
ហើយមានក្សត្រថ្មីឡើងសោយរាជរួចស្រេចដែរ។ នៅថ្ងៃទី១២ មេសា ១៥៩៦
ជំលោះមួយបានផ្ទុះឡើងរវាងពួកឈ្មួញចិន និងពួកទានហានជើងទឹកអេស្ប៉ាញ។
ឈ្មួញចិនប្រមាណ ១០០នាក់ត្រូវស្លាប់ ហើយទំនិញ និង សំពៅរបស់ខ្លួនក៏ត្រូវរិបអូសទាំងអស់។
លោក Veloso បានសុំអនុញ្ញាតពីព្រះរាមជើងព្រៃ
អោយចូលគាល់ដើម្បីបំភ្លឺព្រះអង្គពីឧប្បត្ដិហេតុ ដែលបានកើតឡើងនោះ
តែព្រះរាជាដាក់លក្ខខណ្ឌថា
ទាល់តែពួកអេស្ប៉ាញព្រមសងទំនិញទៅពួកចិនទាំងអស់ជាមុនសិន
ទើបព្រះអង្គទ្រង់អនុញ្ញាតអោយបាន(៩)។ ដោយហេតុនោះ លោកវេលោសូ និង លោក រុអិស
បានសំរេចថា ត្រូវតែប្រើកំលាំងទ័ពវិញ ជាមួយនឹងទាហាន៣៨នាក់
គេបាននាំគ្នាទៅឡោមព័ទ្ធវាំងនៅស្រីសន្ធរនៅពេលយប់
ធ្វើគត់ព្រះរាមជើងព្រៃបានមុនពេលថ្ងៃរះ (អែកសារខ្លះថានៅម៉ោង
២ល្ងាច) រួចវិលត្រលប់មកក្រុងភ្នំពេញ ហើយបានជួបនឹងកងនាវារបស់លោក
ហ្គាល្លីនាទោ ដែលត្រូវខ្យល់បក់រុញច្រានរហូតទៅដល់សិង្ហបុរី
និងត្រូវសំចតនៅម៉ាលាកា ដើម្បីជួសជុលខ្លះ។ លោកហ្គាល្លីនាទោ
មានសេចក្ដីមិនពេញចិត្ដចំពោះសកម្មភាពរបស់ទាហានលោក។
លោកបានបង្ខំអោយទាហានសងទំនិញដែលបានប្លន់យកពីពួកឈ្មួញចិន
ហើយក្រោយពីបានធ្វើការពិនិត្យអោយស្គាល់ទឹកដីបន្ដិចបន្ដួច
ក៏បានចេញដំណើរឆ្ពោះទៅប្រទេសចំប៉ាទោះបីមានការប្រឆាំងតវ៉ាពីសំណាក់លោក
វេលោសូ និងពួកបព្វជិតយ៉ាងណាក៏ដោយ។ លោកបានចូលសំចតនៅ Cachan
(Faifo) ដើម្បីអោយលោករុអិស និង លោកវេលោសូ
ធ្វើដំណើរទៅវៀងចន្ទន៍នាំយកពត៌មានទៅថ្វាយព្រះសត្ថាទី១
ស្ដីពីហេតុការណ៍នៅក្នុងប្រទេសខ្មែរ។ ក្រុមនាវិករបស់លោក ហ្គាល្លីនាទោ
Gallinato មានជំលោះជាមួយឈ្មួញជប៉ុន
និងជនជាតិយួននៅឆ្នេរសមុទ្រ
ហើយដោយខ្លាចរដូវភ្លៀងមកដល់លោកក៏ចេញដំណើរឆ្ពោះទៅក្រុងម៉ានិលវិញនៅដំណាច់គ.ស.១៥៩៦។
X.
ព្រះបរមរាជទី៦ ចៅពញាតន់ (១៥៨៦ - ១៥៩៩)
លុះទៅដល់ក្រុងវៀងចន្ទន៍
ដោយបានឆ្លងកាត់តាមជួរភ្នំអណ្ណាមមក លោករុអិស និង វេលោសូ
មានសេចក្ដីសោកស្ដាយយ៉ាងខ្លាំងដោយដឹងថា ព្រះសត្ថាទី១
និងព្រះរាជបុត្រច្បងគឺ ជ័យជេដ្ឋាបានសោយទីវង្គតទៅហើយ។
លោកទាំងពីរក៏បានដង្ហែព្រះរាជបុត្របន្ទាប់គឺ
ចៅពញាតន់រាជវង្សានុវង្ស និង ទាហានលាវខ្លះអោយត្រលប់ចូលប្រទេសខ្មែរវិញ។
នៅតាមផ្លូវគេបានជួបប្រះទះនឹងកងទ័ពជើងទឹកមួយដែលស្ថិតក្រោមបញ្ជាការរបស់ជ្វាម្នាក់
ដែលព្រះរាមជើងព្រៃបានតាំងអោយធ្វើជាមេទ័ព។ មេទ័ពរូបនេះបានគាំទ្រ
និងការពារបុត្រមួយអង្គរបស់ព្រះរាមជើងព្រៃ ប៉ុន្ដែនៅពេលដែលពួកនាម៉ឺនសព្វមុខមន្រ្ដីបានទទួលស្គាល់
ចៅពញាតន់ ជាក្សត្រមានសិទ្ធិឡើងសោយរាជ គាត់ក៏យល់ស្របតាមគេដែរ។
ដូច្នេះចៅពញាតន់ ក៏បានឡើងសោយរាជ្យសម្បត្ដិនៅរាជធានីស្រីសន្ធរ
ដោយមានព្រះនាមសំរាប់រាជថា ព្រះបរមរាជាទី៦ ហើយអែកសារអឺរ៉ុបហៅថា Prauncar។ គួរកត់សំគាល់ថា
គ្រានោះបុត្ររបស់ព្រះរាមជើងព្រៃត្រូវបានពួកជ្វា ចិន
និងជប៉ុនខ្លះគាំទ្រប៉ុណ្ណោះ។
តាមអែកសារអឺរ៉ុបថា
មេទ័ពជ្វាដែលមានងារជា លក្សមីណា (អែកសារខ្មែរថាជាឈ្មោះទៅវិញ)
មានការច្រណែននិន្ទានឹងជនជាតិអឺរ៉ុប
ហើយពុំបានបំពេញកិច្ចការរដ្ឋអោយបានដិតដល់ទេ។
ចំណែកពួកទាហានលាវដែលបានដង្ហែ ចៅពញាតន់ត្រលប់ចូលស្រុកវិញនោះ
បានបះបោរ ហើយនៅទីបំផុតក៏ត្រលប់ទៅវិញអស់ទៅ។ ដើម្បីជាសគុណ
ព្រះបរមរាជាទី៦ បានតែងតាំងលោក វេលោសូ ជាចៅហ្វាយខេត្ដបាណាម
អែលោករុអិស ជាចៅហ្វាយស្រុកខេត្ដទ្រាំង
ក៏ដូចជាព្រះបិតារបស់ព្រះអង្គដែរ ព្រះបរមរាជាទី៦
ទ្រង់បានផ្ញើសារទៅក្រុងម៉ានិស
ដើម្បីសុំអោយពួកបព្វជិតនិមន្ដមកប្រទេសខ្មែរ ដោយទ្រង់សន្យាថា
នឹងជួយសង់ព្រះវិហារ
និងទ្រង់អនុញ្ញាតអោយជនជាតិខ្មែរចូលសាសនាគ្រិស្ដទៅតាមជំនឿរបស់ខ្លួន។
បន្ទាប់ពីនោះ គេឃើញមានបព្វជិតខ្លះបានមកដល់ប្រទេសខ្មែរខ្លះដោយចេតនា
ខ្លះដោយចៃដន្យ។ ប៉ុន្ដែស្ថានភាពរបស់អឺរ៉ុបពុំបាននឹងន។
គេថាព្រះបរមរាជា ទី៦ ជាមនុស្សខិលខូចជាងព្រះបិតាព្រះអង្គទៅទៀត
ហើយត្រូវដឹកនាំដោយពួកមហេសី និង
ព្រះមាតាក្មេកដែលក្លាយជាសហាយរបស់មេទ័ពជ្វាឈ្មោះ លក្សមីណា។
បើតាមលោករុអិសថា នៅពាក់កណ្ដាលគ.ស ១៥៩៨
ទៅហើយព្រះរាជាពុំទាន់បានទទួលរាជាភិសេកសោយរាជសម្បត្ដិនៅឡើយ
អែលោករុអិស និងលោកវេលោសូ
ក៏ពុំទាន់បានទៅកាន់អំណាចក្នុងខេត្ដរបស់ខ្លួនដែរ។
ដើម្បីពង្រឹងអំណាចរបស់ព្រះអង្គ
ហើយដោយមានសំនើពីលោករុអិសផង
ព្រះរាជាទ្រង់បានផ្ញើសារទៅជូនលោកទេសាភិបាលថ្មីនៃប្រទេសហ្វីលីពីន
ដើម្បីសុំជំនួយជាទ័ព និង អ្នកផ្សាយសាសនា។ កាលណោះ
មានការជំទាស់យ៉ាងខ្លាំងចំពោះការសុំជំនួយនេះ ប៉ុន្ដែលោកល្វីពែរេ
ដាសមារិនាស ទទួលរៀបចំប្រតិបត្ដិការមួយដោយចេញសោហ៊ុយផ្ទាល់របស់លោក។
នៅថ្ងៃ ១៧ កញ្ញា ១៥៩៨ ក្បួននាវាមួយដឹកនាំទាហានអេស្ប៉ាញ២០០នាក់
បព្វជិតដូមីនីកាំង ២អង្គ បព្វជិតហ្រ្វង្សីស្កាំ ២អង្គ
បានចេញដំណើរពីក្រុងម៉ានិលឆ្ពោះមកប្រទេសខ្មែរ ក្រោមបញ្ជាការលោក
ល្វីពែរេ ដាមាសរិនាស ប៉ុន្ដែជាអកុសល
ក្បួននាវាត្រូវប្រទះនឹងខ្យល់ព្យុះបក់ទៅទើរនៅប្រទេសចិន ជិតក្រុងកង់តុង។
ជនដែលរស់រានមានជីវិតទាំងប៉ុន្មាន បានត្រលប់ទៅក្រុងម៉ានិលវិញ។
កប៉ាល់មួយដែលទទួលបេសកកម្មអោយស្វែងរកពួកជនរងគ្រោះ
ហើយដែលបានដឹកនាំទាហាន និង បព្វជិតបានមកដល់ចតុមុខ នៅគ.ស.១៥៩៩។
ជំលោះមួយបានកើតឡើងរវាងពួកនាវិកអេស្ប៉ាញ និងពួកជ្វា។
លុះដឹងដំណឹងនេះលោកវេលោសូ និង លោករុអិស បានមកដល់កន្លែងកើតហេតុ
ហើយត្រូវគេសំលាប់ទាំងពីរនាក់។ ព្រះរាជាលើកទ័ពដោយផ្ទាល់ព្រះអង្គ
ហើយត្រូវធ្វើគត់នៅលើសមរភូមិដោយពួកចាមជ្វាបះបោរទៀត(៩)។
គួរគប្បីជ្រាបថា ចំពោះការសោយទីវង្គតរបស់ព្រះបាទបរមរាជាទី៦នេះ
អែកសារខ្មែរបានផ្ដល់ពត៌មានប្លែកពីពត៌មានរបស់ពួកអឺរ៉ុបទៅវិញ។
យ៉ាងណាមិញ រាជពង្សាវតារខ្មែរខ្លះបាននិយាយថា
កាលព្រះអង្គមានព្រះជន្មបាន២១វស្សា ស្ដេចព្រះរាជដំណើរលើកទ័ពចេញទៅកាន់ស្រុកត្បូងឃ្មុំនោះ
មានចាមឈ្មោះ ប៉ោរ៉ាត១ ជ្វាឈ្មោះ លក្ស្មីណា១
វាយលុកស្ដេចខ្មែរក្ស័យព្រះជន្មទៅ។
XI.
ព្រះបរមរាជាទី៧ ចៅពញាអន (១៥៩៩ - ១៦០០)
ចៅពញាអន
ជាបុត្រពៅរបស់ព្រះសត្ថា
ត្រូវបានពួកនាម៉ឺនសព្វមុខមន្រ្ដីយាងអោយឡើងសោយរាជនៅស្រីសន្ធរ
ដោយមានព្រះនាមថា ព្រះបរមរាជាទី៧។
ព្រះអង្គទ្រង់បានបន្ដនយោបាយរបស់ដូនតាព្រះអង្គដោយអំពាវនាវ
អោយពួកអ្នកផ្សាយសាសនាគ្រិស្ដចូលក្នុងប្រទេសព្រះអង្គ និង
អោយពួកទាហានមកជួយការពារផងដែរ។ រាជពង្សាវតារខ្មែរបានបញ្ជាក់ថា ស្ដេចអង្គនេះជាក្សត្រមិនប្រកបដោយទសពិធរាជធម៌។
ថ្ងៃមួយយាងប្រពាតព្រៃ លុះទៅដល់ភូមិតាម្នាក់ ទ្រង់សព្វព្រះរាជហរិទ័យស្រលាញ់ស្រ្ដីម្នាក់ជាប្រពន្ធរបស់មេស្រុកឈ្មោះពញាថ្មី។
ព្រះអង្គទ្រង់បញ្ជាអោយចាប់យកដោយបង្ខំ ហើយដោយស្រីនោះប្រកែកមិនព្រមផិតក្បត់នឹងប្ដីរបស់នាង
នាងក៏ត្រូវទទួលទារុណកម្មរហូតដល់បាត់បង់ជីវិត។
ប្ដីរបស់នាងមានសេចក្ដីក្ដៅក្រហាយយ៉ាងខ្លាំងចំពោះអំពើរំលោ
ភជិះជាន់បែបនេះ ក៏រត់ទៅចូលខាងកែវព្រះភ្លើង។
ក្នុងអោកាសបុណ្យចំរើនព្រះជន្មព្រះបរមរាជាទី៧
កែវព្រះភ្លើងបាននាំបក្សពួកបន្លំចូលធ្វើគតព្រះអង្គបាននៅរាជវាំងស្រីសន្ធរនៅគ.ស.១៦០០។
XII.
សម្ដេចព្រះកែវហ្វា ចៅពញាញោម ១៦០០ -១៦០៣
ចៅពញាញោម
អែកសារអឺរ៉ុបហៅថា Nacque Sumaday Peraorachyoncar ជាបុត្រពៅព្រះសត្ថាទី១។
រាជពង្សាវតារខ្មែរថា
ព្រះអង្គបានឡើងគ្រងរាជសម្បត្ដិស្នងព្រះបេតុច្ឆានៅពេលដែលព្រះអង្គមានព្រះជន្ម២១វស្សា
ព្រះអង្គមានព្រះនាមសំរាប់រាជថា សម្ដេចព្រះកែវហ្វា
គង់នៅព្រះរាជវាំងស្រីសន្ធរ។
អែកសារអឺរ៉ុបនិយាយថា
ព្រះអង្គទ្រង់ប្រយុទ្ធប្រឆាំងនឹងព្រះបេតុច្ឆាព្រះនាម ស្រីសុរិយោពរ
ដើម្បីបានឡើងសោយរាជ។ ព្រះអង្គបានលើករាជធានីទៅតាំងនៅភ្នំពេញវិញ
នៅគ.ស.១៦០១។ ព្រះអង្គបានបន្ដនយោបាយរបស់ក្សត្រសោយរាជមុនៗព្រះអង្គ
គឺទ្រង់បានទាក់ទងជាមួយអង្គការផ្សាយសាសនានៅម៉ាលាកា។ នៅដើមគ.ស ១៦០៣
ទេសាភិបាលអេស្ប៉ាញនៅម៉ានិលបានបញ្ជូនទាហាន
និងបព្វជិតខ្លះមកប្រទេសខ្មែរជាកិច្ចឆ្លើយតបចំពោះសេចក្ដីអំពាវនាវរបស់ចៅពញាញោម។
ពេលនោះប្រទេសកំពុងមានចលាចល ប៉ុន្ដែព្រះកែវហ្វា
ទ្រង់បានទទួលជនបរទេសទាំងនោះយ៉ាងរាក់ទាក់ណាស់។
ព្រះអង្គទ្រង់បានជួយកសាងព្រះវិហារ ទ្រង់បានផ្ដល់ស្បៀង
ជាអង្ករផ្ដល់នូវសេរីភាពផ្សាយសាសនា និង ការផ្លាស់សាសនាទៀត។
អែកសារអឺរ៉ុបបាននិយាយបន្ថែមថា នៅគ.ស. ១៦០៣ ដដែលព្រះស្រីសុរិយោពរ
ដោយមានជំនួយទ័ពសៀមផងបានលើកទ័ពមកវាយឈ្នះ ព្រះកែវហ្វា
ហើយស្រុកទេសក៏បានសុខសន្ដិភាពចាប់តាំងពីពេលនោះមក។ ស្ដេចខ្មៅ
(ព្រះនរេសូរ) បាននាំពួកអ្នកផ្សាយសាសនាជាឈ្លើយយកទៅប្រទេសសៀម។
ព្រភពដដែលនេះបាន បញ្ជាក់ទៀតថា ដោយទ្រង់ទទួលអិទ្ធិពលខ្លាំងពីសៀម
ព្រះស្រីសុរិយោពរទ្រង់មិននិយមរាប់អានសាសនាគ្រិស្ដទេ
ហើយទ្រង់បានបញ្ចូលទំនៀមទំលាប់សៀមមកក្នុងប្រទេសខ្មែរថែមទៀតផង។
ចំណែកអែរាជពង្សាវតារខ្មែរបាននិយាយថា ព្រះកែវហ្វា ជាក្សត្រមិនរវល់នឹងកិច្ចការផែនដី
ចូលចិត្ដបណ្ដើរឆ្កែ គង់សេះដេញសត្វបៀតបៀនកូនប្រពន្ធអ្នកដទៃ ជាហេតុបណ្ដាលអោយនាម៉ឺនជិះជាន់រាស្រ្ដ កើតចោរលួចប្លន់
ទើបសម្ដេចព្រះទេវីក្សត្រី ត្រូវជាសម្ដេចព្រះអយ្យាកាជំនុំនឹងមន្រ្ដី
រួចផ្ញើសារទៅក្រុងស្រីអយុធ្យា ក្រាបទូលព្រះចៅសៀម សុំយាងសម្ដេចព្រះស្រីសុរិយោពអោយចេញមកក្រុងកម្ពុជាធិបតី។
បញ្ជីស្ដេចខ្មែរសោយរាជពីគ.ស.
១៣៩៣ - ១៦០៣
|
||||
រជ្ជកាល
|
នាមសំរាប់រាជនាមផ្ទាល់
|
កាលកំនត់រជ្ជកាល
|
រាជធានី
|
រជវង្ស
|
១
|
បរមរាជាទី២
ចៅពញាយ៉ាត
|
១៣៩៣
-១៤៦៣
|
យសោធរបុរៈ,ទួលបាសាន,ភ្នំពេញ
|
បុត្រព្រះបាទសុរិយោវង្ស
|
២
|
នរាយរាជាទី១
|
១៤៦៣
-១៤៦៩
|
ភ្នំពេញ
|
បុត្រស្ដេច១
|
៣
|
ស្រីរាជា
|
១៤៦៩
- ១៤៨៥
|
ភ្នំពេញ
|
បុត្រស្ដេច១
|
៤
|
ស្រីសុរិយោទ័យ
|
១៤៧៥
- ១៤៨៥
|
ទួលបានសាន
|
បុត្រស្ដេច២
|
៥
|
ស្រីធម្មរាជាទី១
|
១៤៨៦
- ១៥០៤
|
ភ្នំពេញ
|
បុត្រស្ដេច១
|
៦
|
ស្រីសុគន្ធបទ
ចៅពញាដាំខាត់រាជា
|
១៥០៤
- ១៥១២
|
ទួលបានសាន
|
បុត្រស្ដេច៥
|
៧
|
ស្រីជេដ្ឋារាជ
ស្ដេចកន
|
១៥១២
-១៥២៥
|
ទួលបាសាន
ចន្លក់ដូនតី ស្រលប់ពិជ័យ
|
ជ្រែករាជ
|
៨
|
បរមរាជាទី៣
ចៅពញាចន្ទរាជា
|
១៥១៦
- ១៥៦៦
|
ពោធិសាត់, លង្វែក
|
បុត្រស្ដេច៥
|
៩
|
បរមរាជាទី៤
បរមន្ទរាជា
|
១៥៦៦
- ១៥៧៦
|
លង្វែក
|
បុត្រស្ដេច៨
|
១០
|
បរមរាជាទី៥
សត្ថាទី១
|
១៥៧៦
- ១៥៩៥
|
លង្វែក
|
បុត្រស្ដេច៩
|
១១
|
ជ័យជេដ្ឋាទី១
|
១៥៨៦
- ១៥៩៥
|
លង្វែក
|
បុត្រស្ដេច១០
|
១២
|
ព្រះរាមជើងព្រៃ
|
១៥៩៤
-១៥៩៦
|
ទួលបាសាន
|
ជ្រែករាជ
|
១៣
|
បរមរាជាទី៦
ពញាតន់
|
១៥៨៦-១៥៩៩
|
ទួលបានសាន
|
បុត្រស្ដេច១០
|
១៤
|
បរមរាជាទី៧
ចៅពញាអន
|
១៥៩៩
- ១៦០០
|
ទួលបានសាន
|
បុត្រស្ដេច៩
|
១៥
|
កែវហ្វាទី១
ចៅពញាញោម
|
១៦០០
-១៦០៣
|
ទួលបានសាន
ភ្នំពេញ
|
បុត្រស្ដេច១០
ជ្រែករាជ
|
No comments:
Post a Comment