វិបត្ដិក្នុងរាជវង្សខ្មែរ និងការជ្រៀតជ្រែករបស់យួន ស.វ ទី១៧ និង ១៨
មកដល់សតវត្សទី១៧
ប្រទេសខ្មែបានបើកទំព័រប្រវត្ដិសាស្រ្ដថ្មីមួយ
ដែលពោរពេញទៅដោយមេរៀនជូរចត់
សំរាប់អោយបច្ឆាជនខ្មែរយកទៅត្រិះរិះពិចារណារកហេតុផល
ហើយទាញយកការពិសោធន៍ពីសកម្មភាពរបស់ដូនតាខ្លួន
ក្នុងបំណងធ្វើយ៉ាងណាកុំអោយធ្លាក់ទៅក្នុងរឿងចាស់ដដែលទៀត។
I.
ប្រតិកម្មប្រឆាំងសៀម និងចំណងមេត្រីភាពជាមួយយួនព្រះបរមរាជាទី៨
ស្រីសុរិយោពរ ១៦០៣ - ១៦១៨
រួចមកហើយ យើងបានឃើញប្រភបអឺរ៉ុប និង
ប្រភពខ្មែរបានផ្ដល់ពត៌មានប្លែកគ្នាបន្ដិចអំពីការដែលព្រះស្រីសុរិយោពរ
វិលត្រលប់ចូលមាតុប្រទេសវិញ។
ប៉ុន្ដែរាជពង្សាវតារខ្មែរទាំងអស់បាននិយាយស្របគ្នាថា
ដែលព្រះស្រីសុរិយោពរ បានធ្វើមាតុភូមិនិវត្ដន៍នោះ
គឺដោយសារការមានសំនូមពរពីព្រះអយ្យការរបស់ព្រះអង្គចំពោះព្រះចៅសៀម
ក្នុងបំណងអោយស្ដេចអង្គនេះបានមកគ្រប់គ្រងអាណាប្រជារាស្រ្ដជាជំនួសព្រះកែវហ្វាចៅពញាញោម
ដែលជាស្ដេចមិនប្រកបដោយទសពិធរាជធម៌។
កាលដែលព្រះស្រីសុរិយោពរ យាងដល់ប្រទេសភ្លាម
ព្រះអង្គយាងទៅគង់នៅកោះស្លាកែត (ទល់មុខនឹងជ្រាយអំពិលសព្វថ្ងៃ)។
សម្ដេចព្រះទេវីក្សត្រី សម្ដេចព្រះកែវហ្វា
និងព្រះរាជវង្សានុវង្សក៏បានយាងទៅគង់នៅទីនោះដែរ។
អែកសារខ្មែរខ្លះនិយាយថា ព្រះស្រីសុរិយោពរ
ទ្រង់បានបញ្ជាអោយលើកទ័ពទៅបង្ក្រាបស្រុកតូចស្រុកធំខ្លះ
ក៏ព្រមចុះចូលខ្លះក៏នៅ។ ចំណែកអែកែវព្រះភ្លើង
ដែលបានបះបោរតាំងពីរាជ្យព្រះកែវហ្វាចៅពញាញោមនោះត្រូវតេជោមាសលើកទ័ពទៅចាប់បាន។
តមកព្រះស្រីសុរិយោពរ ទ្រង់នាំសារទៅក្រុងស្រីអយុធ្យា
ទទួលព្រះចៅសៀមសូមព្រះរាជបុត្រទាំងពីរ គឺព្រះជ័យជេដ្ឋា និង ព្រះឧទ័យ
អោយត្រលប់មកប្រទេសខ្មែរវិញ។
ព្រះស្រីសុរិយោពរទ្រង់បានបញ្ជាព្រះរាជបុត្រទាំងពីរអង្គអោយលើកទ័ពចេញប្រាមប្រាប់អស់ស្រុកតូចធំដែលមិនទាន់ចុះចូល។
គួរគប្បីបញ្ជាក់ថា ការដែលស្រុកទេសធ្លាក់ទៅក្នុងស្ថានភាពវិកវរដូច្នេះ
គឺមកពីអំណាចកណ្ដាលក្នុងរជ្ជកាលមុនៗ មានភាពទន់ខ្សោយ។
ម៉្លោះហើយពួកស្ដេចត្រាញ់ ក៏តាំងខ្លួនជាធំរៀងៗខ្លួន
ដូចជាព្រះរាមបាទី ព្រះរាមទ្រាំង ព្រះរាមត្បូងឃ្មុំ ព្រះរាមបាភ្នំ។
នៅឆ្នាំខាលសំរិទ្ធិស័ក
សម្ដេចព្រះកែវហ្វាដែលសម្ដេចទេវីក្សត្រីបានបន្ថយចេញពីការគ្រងរាជសម្បត្ដិនោះដោយមានព្រះទ័យគុំគួន
បានអោយស្ម័គ្របក្សពួកមកបំរុងធ្វើគតព្រះស្រីសុរិយោពរ
តែពុំបានសំរេចហើយត្រូវព្រះបិតុលាចាប់បានយកទៅប្រហារជីវិតតាមទោសប្រពៃណី។
នៅគ.ស.១៦១៣ ព្រះស្រីសុរិយោពរ
ទ្រង់បានទទួលអភិសេកអោយឡើងសោយរាជសម្បត្ដិដោយមានព្រះនាមសំរាប់រាជថា
សម្ដេចព្រះរាជអោង្ការព្រះស្រីសុរិយោពរបរមរាជា (បរមរាជាទី៨)។
តាមអែកសារខ្លះថា ព្រះអង្គមានព្រះនាមសំរាប់រាជថា
ព្រះបាទសម្ដេចព្រះបរមរាជាធិរាជរាមាធិបតី(៣៦)។
ក្នុងរជ្ជកាលរបស់ព្រះអង្គ ព្រះបរមរាជាស្រីសុរិយោពរ
ទ្រង់ព្រះភូសាសឿគ្រុយ (អាវផាយ) បែបថៃ
ហើយទ្រង់បញ្ញាត្ដិអោយបណ្ដាមុខមន្រ្ដីធំតូច នាយមហាតលិក
នាយពលធ្វើសឿគ្រុយពោក់ មិនបានរុំសំពត់ស្បៃដូចកាលនៅក្រុងលង្វែកទេ
រួចព្រះអង្គទ្រង់បញ្ញាត្ដិទូលអោយឆ្លើយថា ព្រះស្រីសពេជសម្ដេចនរនាថ
ហើយព្រះអង្គបញ្ញត្ដិអោយបណ្ដាខុនណាងអ្នកស្រីហៅថា ឳពុក
អោយហៅសម្ដេចព្រះអគ្គមហេសីថា ម៉ែ បណ្ដាស្ដេចក្រៅអំពីស្ដេច ទ្រង់រាជថា
ព្រះបាទអម្ចាស់(៣៦)។
ដូច្នេះយើងឃើញថាព្រះ បរមរាជាស្រីសុរិយោពរ
ទ្រង់បានធ្វើសន្ដិភាវកម្មអោយប្រទេសបានរាបទាបឡើងវិញ
ក៏ប៉ុន្ដែប្រទេសខ្មែរត្រូវទទួលឥទ្ធិពលយ៉ាងខ្លាំងពីពួកសៀម។
ប្រតិកម្មមួយបានផ្ទុះឡើងប្រឆាំងនឹងការទទួលយកទំនៀមទំលាប់សៀមមកបង្ខំអោយខ្មែរប្រើ
ជាហេតុបណ្ដាលអោយព្រះរាជាទ្រង់ដាក់រាជនៅគ.ស.១៦១៨ ថ្វាយទៅ
ព្រះរាជបុត្រច្បង គឺព្រះជ័យជេដ្ឋា។
II.
ទំនាក់ទំនងជាមួយយួន
ប៉ុន្ដែគួរគប្បីបញ្ជាក់ដែរថា
ទោះបីព្រះអង្គទ្រង់បានបញ្ជូលឥទ្ធិពលសៀមមកក្នុងប្រទេសខ្មែរក៏ដោយ
ក៏ព្រះបរមរាជាស្រីសុរិយោពរ
ទ្រង់បាននឹកគិតដល់អនាគតរបស់ប្រទេជាតិដែរ។
ព្រះអង្គទ្រង់បានឈ្វេងយល់ថា
ឥទ្ធិពលរបស់សៀមមកលើប្រទេសព្រះអង្គនោះមានទំងន់ខ្លាំងក្លាណាស់។
ម៉្លោះហើយ ដើម្បីដោះប្រទេសអោយចេញផុតពីក្រញ៉ាំឥទ្ធិពលសៀមនោះ
ព្រះអង្គពុំបានធ្វើការទាក់ទងជាមួយជនជាតិអឺរ៉ុបដូចព្រះរាជាមុនៗទៀតទេ
តែព្រះអង្គបានទៅចងស្ពានមេត្រីជាមួយយួនម្ដងវិញដោយទ្រង់មានបំណងយកឥទ្ធិពលយួននេះទៅទប់ទល់នឹងឥទ្ធិពលសៀម។
គួរគប្បីជ្រាបថា
ក្រោយពីបានរំដោះខ្លួនចេញផុតពីនឹមចិនអស់រយៈពេលជាងមួយពាន់ឆ្នាំមក
(១១១មុន គ.ស. គ.ស.៩២៣) ស្ដេចយួនក្នុងរាជវង្សលី
បានផ្ដើមការវាយលុកប្រទេសចំប៉ាចាប់ពីសតវត្សទី១១ តទៅ។ នៅគ.ស ១៤៧០
ស្ដេចយួនព្រះនាម លេថាញ់ទោ ទ្រង់វាយយកបានរាធានីវិជ័យ
របស់ចាមដែលនៅពេលនោះមានពលទាហានស្លាប់ដល់ទៅ ៤០០០០នាក់។
ជោគជ័យដ៏ធំសំបើមនេះរបស់ជនជាតិយួនបានរុញច្រាន
ព្រំប្រទល់ប្រទេសចំប៉ាចុះឆ្ងាយមកទិសខាងត្បូងទៀតគឺមកដល់ជ្រោយវារេល្លា។
នៅគ.ស១៦០០ ប្រទេសយួនត្រូវបាត់បង់អែកភាពរបស់ខ្លួន
ទឹកដីត្រូវបែងចែកជាពីរ ខាងជើងជារបស់រាជវង្សលេ
ដែលមានពួកស្ដេចត្រាញ់ ទ្រិញ ជាអ្នកគាំទ្រ
ខាងត្បូងត្រូវបានទៅពួកស្ដេចត្រាញ់ ង្វៀង។
ប៉ុន្ដែទោះបីមានវិបត្ដិផ្ទៃក្នុងក៏ដោយក៏ពួកង្វៀង បានបន្ដការវាយដណ្ដើមយកទឹកដីប្រទេសចំប៉ាទាល់តែអស់រលីង។
ក្នុងក្របខ័ណ្ឌពង្រីកទឹកដីនេះ យួនបានវាយយក៖
ភូយេន (Phu yên) នៅគ.ស ១៦១១
ខាញ់វា (Khanh Hoa) នៅគ.ស.១៦៥១
ប៊ិញធ្វឹង Binh thuân) នៅគ.ស ១៦៩៣។
ដូច្នេះយើងឃើញថានៅស.វទី១៧នេះ
យួនបានក្លាយជាមហាអំណាចមួយជាអ្នកនៅជិតខាងរបស់ខ្មែរយើង។
គឺក្នុងកាលទេសៈនោះហើយដែលព្រះបរមរាជាស្រីសុរិយោពរ
បានទៅចងសំព័ន្ធមេត្រីជាមួយយួនដោយស្ដីដណ្ដឹងបុត្រីស្ដេចយួន
ដើម្បីរៀបរាជាអភិសេកជាមួយព្រះរាជបុត្រច្បងនាមជ័យជេដ្ឋា។
តាមរាជពង្សាវតារខ្មែរ ក្សត្រីយួនអង្គនេះមាននាមថា អង្គចូវ
ហើយនេះជាព្រឹត្ដិការណ៍មួយមានសារៈសំខាន់ខ្លាំងណាស់ផង
តែគួរអោយស្ដាយ!. ព្រោះអែកសារយួនពុំមានកត់ត្រា
រឿងនេះអោយបានច្បាស់លាស់សោះ។ បើតាមប្រវត្ដិសាស្រ្ដយួនម្នាក់ថា
ក្នុងអែកសារមួយឈ្មោះ លីយេត ទ្រុយែនចែនប៊ិយេន
ត្រង់វគ្គនិយាយពីក្សត្រីបាននិយាយថា ស្ដេចហ៊ី តុង មានបុត្រី៤នាក់
ក្នុងចំណោមនោះបុត្រី ២នាក់គឺនាង ង៉ុក លៀន និង ង៉ុក ដាញ់
គេឃើញមានកត់ត្រាច្បាស់លាស់ ពីប្រវត្ដិប្ដី និងកូន។
ចំណែកអែបុត្រី២នាក់ទៀតគឺ ង៉ុក វាន និង ង៉ុក ខ្វា
គេមិនស្គាល់ពីប្រវត្ដិប្ដី និង កូនយ៉ាងណាទេ។
អ្នកប្រវត្ដិសាស្រ្ដរូបនោះបានចោទសួរនៅទីបញ្ចប់ថា បើដូច្នោះ
តើនាងណាមួយត្រូវជាមហេសីរបស់ជ័យជេដ្ឋាទី២ ? (៣៧)។ ប៉ុន្ដែបើតាមអ្នកនិពន្ធយួនម្នាក់ទៀត លោកអះអាងថា
ជ័យជេដ្ឋាទី២ បានរៀបអភិសេកជាមួយនាង ង៉ុក វានជាបុត្រីរបស់ស្ដេច ង្វៀង
សៃវឿងដែលបានសោយរាជពីគ.ស. ១៦១៣ ដល់ ១៦៣៥(៣៨) ត្រង់នេះគួរគប្បីបញ្ជាក់ថា
នៅតំបន់ធ្វឹង វា នៅក្រុងវេ សម័យនោះ មានស្ដេចមួយអង្គសោយរាជពីគ.ស ១៦១៣
ដល់១៦៣៥ ពិតមែន។ ស្ដេចអង្គនេះនៅមាននាមមួយទៀតថា ង្វៀង ភុកង្វៀង
ហើយពេលឡើងសោយរាជទ្រ ង់មានព្រះនាមថា ហ៊ីតុងហៀនវាន់វាងជេ។ បើដូច្នោះ
មហេសីរបស់ជ័យជេដ្ឋា គឺពិតជាបុត្រីរបស់ស្ដេចអង្គនេះហើយ
តែយើងមិនហានសន្និដ្ឋានថា ត្រូវនឹងនាងណាមួយក្នុងចំនោមនាងទាំងពីរ គឺ
ង៉ុក វាន និង ង៉ុកខ្វា។
មានចំនុចមួយទៀតដែលគួរអោយបញ្ជាក់ដែរថា
បើតាមអែកសារយួន (៣៧) គឺជ័យជេដ្ឋាអង្គអែងទេ
ដែលបានទៅស្ដីដណ្ដឹងបុត្រីស្ដេចយួនដោយសង្ឃឹមថា
នឹងបានការគាំទ្រពីស្ដេចក្រុងវេ ដើម្បីទប់ទល់ នឹងការគំរាមគំហែងរបស់សៀម។
ការអះអាងនេះ ឃើញថាសមហេតុសមផលគួរអោយជឿបានដែរ
ព្រោះរាជភិសេករវាងព្រះជ័យជេដ្ឋា
និងក្សត្រីយួនមានប្រារព្វធ្វើឡើងនៅគ.ស.១៦២០
គឺនៅពេលព្រះអង្គទ្រង់ឡើងសោយរាជបាន ២ឆ្នាំ ហើយ(១៦១៨)។
ប្រភពដដែលបានបន្ថែមទៀតថា ដែលស្ដេចយួនព្រមលើកបុត្រីថ្វាយជ័យជេដ្ឋា
ព្រោះព្រះអង្គបានគិតវែងឆ្ងាយណាស់!។.
III.
ទំនាក់ទំនងជាមួយជនជាអឺរ៉ុប
ជំពោះទំនាក់ទំនងជាមួយជនជាតិអឺរ៉ុប
ខ្មែរបានស្គាល់ជនជាតិអង់គ្លេសជាលើកដំបូងនៅគ.ស ១៦១២
ព្រោះនៅឆ្នាំនោះជនជាតិអង់គ្លេសទី១ ឈ្មោះភេធើរ ហ្លូរីស
បានធ្វើដំណើរតាមដងទន្លេមេគង ហើយបានមកដល់ក្រុងភ្នំពេញនៅខែកក្កដា។
ក៏ប៉ុន្ដែរហូតមកដល់គ.ស.១៦៥១ ទើបក្រុមហ៊ុនឈ្មោះ East
India Company (ក្រុមហ៊ុនអង់គេសនៅប្រទេសឥណ្ឌាខាងកើត)
បានយកចិត្ដទុកដាក់ខ្លាំងក្នុងការធ្វើជំនួញជាមួយប្រទេសខ្មែរ(៣៩)។
IV.
ព្រះបាទជ័យជេដ្ឋាទី២ ១៦១៨ - ១៦២៨
·
ព្រះជ័យជេដ្ឋា
បានឡើងសោយរាជនៅគ.ស. ១៦១៨ ដោយមានព្រះនាមសំរាប់រាជថា
សម្ដេចព្រះរាជអោង្ការព្រះជ័យជេដ្ឋាធិរាជរាមាធិបតី
អ្នកប្រវត្ដិសាស្រ្ដនិយមហៅព្រះអង្គថា ព្រះជ័យជេដ្ឋាទី២។
ព្រះអនុជត្រូវបានតែងតាំងជាមហាឧបរាជ ហើយទទួលព្រះនាមថា
ព្រះឧទ័យបរមរាជា។ អែព្រះបិតាលោកគង់នៅជាឧភយោរាជ
ប៉ុន្ដែនៅឆ្នាំនោះព្រះអង្គក៏សោយទីវង្គតទៅក្នុងជន្មាយុ
៦៤វស្សានៅព្រះរាជវាំងល្វាអែម។
ព្រះបាទជ័យជេដ្ឋាទី២ទ្រង់បានបោះបង់ចោលនូវទំនៀមទំលាប់សៀម
ហើយលើកយកទំនៀមទំលាប់ខ្មែរមកប្រើជំនួសវិញ
ហើយដើម្បីបង្ហាញអោយសៀមឃើញថា
ព្រះអង្គមិនទទួលស្គាស់នូវអំណាចរបស់សៀមមកលើប្រទេសខ្មែរទេ
ព្រះអង្គក៏លើករាជធានីពីល្វាអែម ទៅតាំងនៅក្រុងឧដុង្គនៅគ.ស ១៦២០។
នៅគ.ស១៦២៣ ព្រះអង្គទ្រង់បញ្ជាអោយសាងព្រះចេតិយ៍ធំឈ្មោះ
ព្រះចេតិយ៍ត្រៃត្រឹង
នៅលើភ្នំព្រះរាជទ្រព្យដើម្បីតំកល់ព្រះអដ្ឋិធាតុព្រះបិតា។
ក្នុងរជ្ជកាលព្រះអង្គ
ព្រះបាទជ័យជេដ្ឋាទី២ ទ្រង់បញ្ញាត្ដិអោយបណ្ដាមុខមន្រ្ដីធំតូច
និងបណ្ដាមហាតលិក នាយពលអោយទូលឆ្លើយថា សម្ដេចព្រះនារាយណ៍នរនាថ។
ព្រះអង្គទ្រង់លើកអ្នកអង្គចូវព្រះរាជបុត្រីយួនអោយឡើងជាអគ្គមហេសីហៅសម្ដេចព្រះភគវតីព្រះស្រីវរក្សត្រី។
ក្នុងរជ្ជកាលរបស់ព្រះអង្គមានផ្ទៀងផ្ទាត់រៀបរៀងព្រះរាជក្រិត២៤ក្រម
មានក្រមសុភាធិបតីក្រម ទសភរិយាក្រម ចែកពលក្រម ឧទេនក្រម សុរងសង្ឃក្រម
ពលទេពក្រមសួស្ដី៘(២៩)។
កាលដែលមិនទាន់សោយរាជព្រះជន្មបាន
២៦វស្សា ព្រះជ័យជេដ្ឋាមានព្រះរាជបុត្រ៖
- ចៅពញាតូ ជាមួយ អ្នកម្នាងសុខ
- ចៅពញានូ ជាមួយអ្នកម្នាងទង
លុះលោយរាជបាន២ឆ្នាំព្រះអង្គមានបុត្រ៖
- ចៅពញាចន្ទ ជាមួយ
អ្នកម្នាងលាវឈ្មោះប៊ុស
រាជពង្សាវតារខ្មែរខ្លះនិយាយថា
ព្រះអង្គមានបុត្រី២អង្គទៀត
- ចន្ទវតីក្សត្រី ជាមួយអ្នកម្នាងនង
- បុប្ផាវតី ជាមួយអគ្គមហេសីយួន(?)
ចំណែកអែព្រះឧទ័យបរមរាជា
មហាឧបរាជ ព្រះអង្គទ្រង់បញ្ញាត្ដិអោយបណ្ដាមុខមន្រ្ដីទូល និងឆ្លើយថា
ព្រះភូធរនរនាថ។ ស្ដេចមានម្នាង៣នាក់ទៀត ហើយមានបុត្រ ៤អង្គដូចតទៅ៖
- អ្នកអង្គនន់ បុត្រជាមួយ
អ្នកម្នាងសន
- អ្នកអង្គសូរ បុត្រជាមួយ
អ្នកម្នាងសួស
- អ្នកអង្គតន់ បុត្រជាមួយ
អ្នកម្នាងសួស
- អ្នកអង្គអិម បុត្រជាមួយ
អ្នកម្នាងអិន
V.
ទំនាក់ទំនងជាមួយសៀម (ក្នុងរាជព្រះបាទជ័យជេដ្ឋាទី២)
ដោយព្រះបាទជ័យជេដ្ឋាទី២
ពុំព្រមទទួលស្គាល់អំណាចរបស់សៀម មកលើប្រទេសខ្មែរ
ព្រះចៅសៀមក៏លើកទ័ពចូលវាយខ្មែរនៅគ.ស.១៦២២។
ទ័ពសៀមបានលើកមកដល់ភ្នំចុង្គាង(បរិបូរ)
ព្រះអង្គនាំទ័ពទៅតស៊ូប្រឆាំង នឹងកងទ័ពខ្មាំង។ សៀមបាក់ទ័ពត្រូវខ្មែរចាប់បានជាឈ្លើយអស់ជាច្រើន
ហើយព្រះអង្គអោយហៅឈ្លើយទាំងនោះថា សៀមចុង្គាង។ នៅគ.ស.១៦២៣
សៀមលើកទ័ពមកវាយខ្មែរម្ដងទៀតក្រោមបញ្ជាការរបស់ព្រះចៅស្រីធម្មរាជា។
លើកនេះ ទ័ពជើងទឹករបស់សៀមបានមកដល់ស្រុកពាម ហើយបានពើបប្រយុទ្ធនឹងទ័ពរបស់ព្រះឧទ័យដែលចេញពីក្រុងឧដុង្គមានជ័យ។
សៀមចាញ់បាក់ទ័ពថយទៅវិញអស់ទៀត។ រាជពង្សាវតារខ្មែរខ្លះបញ្ជាក់ថា
ក្រោយមកព្រះចៅសៀមទ្រង់ចាត់អោយបុត្រនាមព្រះជេដ្ឋា
លើកទ័ពតាមជើងទឹកមកវាយខ្មែរម្ដងទៀត។ ព្រះឧទ័យត្រូវចាត់អោយចេញតទល់ទៀត
សៀមមិនហ៊ានច្បាំងលើកទ័ពថយ។ ព្រះឧទ័យទ្រង់សុំចូលវាស្រុកសៀម
តែព្រះជ័យជេដ្ឋាទី២ ទ្រង់មិនអនុញ្ញាត។
VI.
ទំនាក់ទំនងជាមួយយួន (ក្នុងរាជព្រះបាទជ័យជេដ្ឋាទី២)
សៀវភៅប្រវត្ដិសាស្រ្ដយួនបានបញ្ជាក់ថា
ប្រទេសខ្មែរ(ចឹងឡាប) ដែលស្ថិតនៅត្រង់វាលទំនាមខាងក្រោមនៃទន្លេមេគង្គ
ជាប្រទេសមួយសំបូរទៅដោយផ្លូវទឹក
អែដីធ្លីស្រែចំការក៏មានច្រើនណាស់ដែរ។ ចំណែកអែនៅប្រទេស អាណ្ណាម
អែណោះប្រជារាស្រ្ដត្រូវពើបប្រទះនឹងទុរភិក្សជារឿយៗ។
ដោយស្រែចំការពុំបានផ្ដល់ផលអោយគ្រប់គ្រាន់ ម្យ៉ាងទៀតនៅពេលនោះ
ពួកស្ដេចក្រាញ់ ទ្រិញ និង ង្វៀង កំពុងតែវាយប្រហារគ្នា
ម៉្លោះហើយមានជនជាតិយួនច្រើនបានលបលួចចូលនៅក្នុងទឹកដីខ្មែរត្រង់បារា
និងដូនណៃ ដើម្បីឆ្ការព្រៃយកធ្វើស្រែ(៤០)។
នៅគ.ស ១៦២៣ គណបេសកកម្មទូតយួនមួយត្រូវបានបញ្ជូនមកក្រុងឧដុង្គ
ក្នុងគោលបំណងសូមព្រះរាជាខ្មែរអនុ ញ្ញាតអោយយួនបង្កើតគ្រិះស្ថានជំនួញ
នៅខាងត្បូងប្រទេសខ្មែរ គឺនៅត្រង់តំបន់ព្រៃគរ (ព្រៃនគរ) កំពង់ក្របី(1) ព្រ មទាំងសុំអនុញ្ញាតអោយមានសិទ្ធិកាន់កាប់ក្រសួងគយនៅតំបន់នោះផង។
ស្ថានការណ៍នេះហើយជាកត្ដាជំរុញអោយព្រះជ័យជេដ្ឋាទី២
ទ្រង់អនុញ្ញាតយល់ព្រមតាមសេចក្ដីសុំស្នើរបស់គេ។
ចំពោះរឿងនេះអ្នកប្រវត្ដិសាស្រ្ដបរទេសខ្លះយល់ឃើញថា «ជាការវាយដណ្ដើមយកមណ្ឌលពានិជ្ជកម្មមួយរបស់ខ្មែរដោយលាក់មុខ» (៤១)។
ចាប់តាំងពីពេលនោះមក ហើយដោយមានការលើកទឹកចិត្ដពីព្រះចៅក្រុងវេផង
ជនជាតិយួនបានដឹកកូនជញ្ជូនចៅ បបួលគ្នាចូលនៅក្នុងទឹកដីខ្មែរ
កាន់តែច្រើនឡើងៗ។ បន្ទាប់មកទៀត ដោយយកលេសថា
ដើម្បីជួយអាជ្ញាធរខ្មែររក្សាសន្ដិសុខអោយមានប្រសិទ្ធិភាព
ព្រះចៅក្រុងវេទ្រង់បានបញ្ជូនមេទ័ពម្នាក់អោយទៅឈរនៅតំបន់នោះទៀត។
ចំពោះការដែលយួនលើកគ្នាចូលមករស់នៅក្នុងទឹកដីខ្មែរជាលើកដំបូងនេះ
មានរាជពង្សាវតារខ្មែរខ្លះនិយាយថា ស្ដេចយួនបានចាត់ទូតអោយមកសុំខ្ចីដីខ្មែរត្រង់ព្រៃនគរ, កំពង់ក្របី ដើម្បីហ្វឹកហាត់ទាហានធ្វើចំបាំងជាមួយចិន
ហើយនឹងបង្វឹលសងមកខ្មែរវិញក្រោយរយៈពេល៥ឆ្នាំ។ គួរគប្បីជ្រាបថា
ពួកយួនចំនូលថ្មីទាំងនោះ កាលដែលមកតាំងនៅក្នុងប្រទេសខ្មែរ
ច្រើនតែរស់នៅត្រង់កន្លែងណា ដែលមានជីជាតិល្អ ដូចជានៅតាមច្រាំងទន្លេ
និងស្ទឹងទាំងឡាយ ដែលជាមូលហេតុបណ្ដាលអោយជនជាតិខ្មែរ
សុខចិត្ដលះបង់ចោលនូវទ្រព្យសម្បត្ដិ មានស្រែចំការផ្ទះសំបែងស្រុកភូមិ
ដើម្បីថយខ្លួនទៅរស់នៅអែកន្លែងផ្សេង ព្រោះពុំអាចរស់នៅជាមួយពួកចំនូលថ្មី
ដែលមានទំនៀមទំលាប់របៀបរស់នៅខុសប្លែកពីគ្នាពេក។
នៅពេលដែលព្រះជ័យជេដ្ឋា សោយទីវង្គតទៅ នៅគ.ស.១៦២៨
ភូមិភាគចាប់ពីព្រៃនគរ បារា និងដូនណៃ (កំពង់ស្រកាត្រី)
ទៅទល់នឹងរាជាណាចក្រចំប៉ា មានសុទ្ធតែជនជាតិយួនមកនៅពាសពេញអស់ទៅហើយ។
VII.
ទំនាក់ទំនងជាមួយអឺរ៉ុប (ក្នុងរាជព្រះបាទជ័យជេដ្ឋាទី២)
ចាប់ពីសត្ដវត្សទី១៧ តទៅ
ខ្មែរបានទាក់ទងជាមួយជនជាតិអឺរ៉ុបថ្មីៗទៀត ជាពិសេសជនជាតិ
ហុល្លង់នេះអែង។ ផ្ទុយពីពួកព័រទុយកល និង អេស្ប៉ាញ
ដែលមានបំណងធំក្នុងការផ្សាយសាសសនានៅអាស៊ី
ពួកហុល្លង់ធ្វើសកម្មភាពតែខាងជំនួញ។ ចាប់តាំងពីគ.ស ១៥៩៥
ពួកនេះបានផ្ដើមធ្វើប្រតិបត្ដិការសឹកឆ្ពោះទៅកោះជ្វា
ហើយបន្ទាប់មកបានដណ្ដើមយកពីពួកព័រទុយកល និង អេស្ប៉ាញ
នូវអាណានិគមទាំងអស់លើកលែងតែម៉ាកៅចេញ ហើយបានបង្កើតគ្រិះស្ថានជំនួញនៅប្រទេសឥណ្ឌា
នៅកោះសេរីលង្កា នៅម៉ាឡាកា នៅប្រទេសសៀម និងនៅប្រទេសជប៉ុន។
នៅគ.ស ១៦២០
ពួកហុល្លង់បានចូលមកធ្វើការទាក់ទងជាមួយខ្មែរជាលើកដំបូង
នៅថ្ងៃទី២២ ខែសីហា ឈ្មួញឈ្មោះ Jacob Gaerman ជិះកប៉ាល
Galias បានមកដល់ពាមទន្លេមេគង្គ
ហើយបានធ្វើដំណើរអស់រយៈពេល ៤ខែ ទើបមកដល់ក្រុងភ្នំពេញ។
បីឆ្នាំក្រោយមកទៀតពួកនេះបានបង្កើតគ្រិះស្ថានជំនួញជាលើកដំបូងនៅកំពង់ហ្លូងជិតរាជធានី
ឧដុង្គ។ ប៉ុន្ដែអែកសារមួយទៀត (៣៩) បាននិយាយថា ការបង្កើតគ្រិះស្ថានដំបូងនេះ
គឺនៅគ.ស ១៦៣៧ ទៅវិញដោយក្រុមហ៊ុនឥណ្ឌាខាងកើត នៅខាងជើងពញាលឺបន្ដិច។
តាំងពីពេលនោះមក ពួកហុល្លង់តែងតែព្យាយាមរកលេសមួលបង្កាច់
និងដាក់កំហុសលើពួកព័រទុយកល ដោយមានជំនួយពីពួកជប៉ុន។
ប៉ុន្ដែទោះបីពួកហុល្លង់ខិតខំយ៉ាងណាក៏ដោយ
ក៏គេមិនអាចកំចាត់ពួកចិនបានទេ
ដែលនៅទីបំផុតទៅក្លាយជាឈ្មួញជើងអែកនៅតំបន់អាស៊ីអគ្គេយ៍យើងនេះ។
VIII.
ព្រះបាទស្រីធម្មរាជាទី២ រឺ ព្រះរាជសំភារ ចៅពញាតូ ១៦២៩ - ១៦៣៤
កាលព្រះជន្ម ២១វស្សា
ចៅពញាតូបានយាងទៅបួសនៅអែនគរវត្ដ។
ព្រះបិតាទ្រង់បានទំនុកបំរុងផ្សំផ្គំជាមួយបុត្រីនាមចន្ទវតី
អោយជាជយាកំណាន់ព្រះទ័័យ ទ្រង់គិតថា
នឹងបង្វែររាជសម្បត្ដិថ្វាយនៅពេលណាដែលចាកសិក្ខាបទមក។ ត្រង់ចំនុចនេះ អែកសារខ្លះនិយាយថា
បុត្រីដែលព្រះអង្គបានផ្សំផ្គំអោយចៅពញាតូនោះគឺ បុប្ផាវតី
គឺជាបុត្រីជាមួយអង្គចូវ(?) ទៅវិញ។
កាលដែលព្រះបាទជ័យជេដ្ឋាសោយទីវង្គតទៅ
ពួកនាម៉ឺនបានយាងព្រះអនុជរបស់ព្រះអង្គគឺព្រះឧទ័យអោយឡើងសោយរាជ្យសម្បត្ដិ
តែព្រះអង្គប្រកែកពុំព្រមសោះឡើយ
ព្រះអង្គគ្រាន់តែបានទទួលឋានៈជាឧភយោរាជ កាន់កាប់អំណាចបណ្ដោះអាសន្ន
ទំរាំមានព្រះរាជាឡើងសោយរាជ្យ (១៦២៨ - ១៦២៩)។ ជាអកុសលព្រះឧទ័យ
បានគួចព្រះហរិទ័យប្រតិព័ទ្ធលើរូបនាងចន្ទវតី (រឺបុប្ផាវតី?) ដែលត្រូវជាគូកំណាន់របស់ចៅពញាតូទៅវិញ។ ចំណែកអែចៅពញាតូ
ដែលកំពុងតែបួសនៅវត្ដនគរវត្ដនោះ
ទាល់តែមាននាម៉ឺនទៅសូមយាងអស់ច្រើនលើក
ទើបព្រមចាកសិក្ខាបទមកទទួលរាជាភិសេកឡើងសោយរាជស្នងព្រះបិតាដោយយកព្រះនាមថា
ព្រះបាទសម្ដេចព្រះស្រីធម្មរាជាធិរាជរាមាធិបតី នៅរាជធានី
កោះឃ្លោកខ្សាច់កណ្ដាល។
នៅគ.ស.១៦៣៣ ព្រះបាទធម្មរាជាទី២
ទ្រង់បានលើកទ័ពទៅវាយលុកចូលក្រុងនគររាជសិមា តែយកមិនបាន
ហើយក៏កៀរគ្រួសារខ្លះនាំចូលស្រុកខ្មែរវិញ។
ក្នុងរជ្ជកាលរបស់ព្រះអង្គមានការតែងតាំងចិន ៤នាក់ជាមន្រ្ដី
និងការបង្ហាត់ចិនអោយទៅជាទាហានក្រុមរក្សាព្រះអង្គ។ គួរគប្បីជ្រាបថា
ព្រះបាទធម្មរាជាទី២ ចៅពញាតូ
ជាក្សត្រមួយអង្គមានប្រាជ្ញាយកព្រះទ័យទុកដាក់នឹងអក្សសាស្រ្ដ។
ព្រះអង្គទុកស្នាព្រះហស្ថជាច្រើនក្នុងវិស័យនេះដូចជា៖
- រាជស័ព្ទ ច្បាប់រាជសំភារ គ.ស. ១៦២២
- ហេមន្ដមាស គ.ស.១៦២៩
- កាព្យនិរាសគ.ស.១៦៣០
- ហិនលក្ខណ៍សល គ.ស.១៩៣០
ប៉ុន្ដែព្រះអង្គពុំបានសោយរាជអោយបានយូរអង្វែងដើម្បីផ្សព្វផ្សាយ
និងឧបត្ថម្ភវិស័យអក្សរសាស្រ្ដនេះអោយបានទូលំទូលាយ និងបានរឹងប៉ឹងទេ
ព្រោះព្រះអង្គមានទំនាស់វិបត្ដិជាមួយនឹងព្រះបិតុលាក្នុងរឿងស្នេហា!
យ៉ាងណាមិញ
ភ្លើងកាមតណ្ហាបានដុតរោលព្រះអង្គអោយចាប់ព្រះទ័យប្រតិព័ទ្ធនាងចន្ទវតី
(រឺបុប្ផាវតី?) ឡើងវិញ។
គូសង្សារទាំងពីរបានសរសេរលិខិតឆ្លើយឆ្លងគ្នា។ នាងចន្ទវតី
(រឺបុប្ផាវតី?) បានធ្វើឧបាយធ្វើកឋិនទៅនគរវត្ដដើម្បីបានឱកាសជួបគ្នា។
ក្រោយមក នាងធ្វើឧបាយជាទៅបន់ស្រន់ព្រះពុទ្ធនៅវត្ដព្រះវិហារសួរ
អោយព្រះភស្ដាបានជាសះស្បើយ កាលដែលព្រះអង្គប្រឈួន ដល់ពេលចេញដំណើរក៏ចូលទៅកោះឃ្លោក
ជួបព្រះធម្មរាជាទៀត។
ពួកមន្ដ្រីចាំបាត់យូរពេកត្រលប់មកទូលព្រះឧទ័យ
ព្រះអង្គលើកទ័ពទៅដោយមានពួកព័រទុយកលទៅជាមួយផង។
ខាងព្រះធម្មរាជា ក៏លើកទ័ពចេញទទួលច្បាំង
តែទន់ដៃជាងក៏រត់ចូលបន្ទាយ បន្ទាយត្រូវវាយបែកទៀត។
ព្រះធម្មរាជាទ្រង់ភៀសព្រះអង្គតាមទូកទៅដល់ស្រុកកញ្ជរ
រត់ទៅពួនលើចុងត្នោត ហើយត្រូវពួកព័រទុយកលបាញ់ធ្លាក់មកដី
តែមុននឹងសុគត (គ.ស.១៦៣៤)
ទ្រង់បានសុំអនុញ្ញាតទុកពេលចារលើស្លឹកត្នោតនូវដំបូន្មាន
ទុកអោយបច្ឆាជនជាន់ក្រោយកុំល្មោភក្នុងកាមតណ្ហាដូចព្រះអង្គទៀត។
ចំណែកនាងចន្ទវតី (រឺបុប្ផាវតី?) ត្រូវទទួលទោសប្រហារជីវិតបង់។
IX.
ព្រះបាទអង្គទងរាជា ចៅពញានូ ១៦៣៥ - ១៦៣៩
ចៅពញានូ
ជាព្រះរាជបុត្រព្រះបាទជ័យជេដ្ឋាទី២ ព្រះជនបាន២៣វស្សា
បានឡើងសោយរាជសម្បត្ដិស្នងព្រះ រៀមនៅក្រុងឧដុង្គមានជ័យ
ដោយមានព្រះនាមសំរាប់រាជថា
ព្រះបាទសម្ដេចព្រះអង្គទងរាជាធិរាជរាមាធិបតី នៅគ.ស. ១៦៣៨
នៅស្រុករលាំងគ្រើស មានការបះបោរ
ព្រះអង្គបានបញ្ជាអោយបង្ក្រាបស្ងប់អស់ទៅវិញ។
X.
ទំនាក់ទំនងជាមួយហុល្លង់ ក្នុងរាជព្រះអង្គទង
នៅគ.ស. ១៦៣៥
ពួកហុល្លង់បានចាប់យកសំពៅរបស់ខ្មែរដែលផ្ទុកពេញដោយទំនិញក្នុងដែនទឹក Macassar។ ព្រះអង្គទងរាជាទ្រង់បានតវ៉ា
ពួកហុល្លង់ក៏បានលែងសំពៅនោះមកវិញ។ នៅឆ្នាំបន្ទាប់
កប៉ាល់ហុល្លង់ពីរគ្រឿងមកពីក្រុងបាតាវ្យា (គឺក្រុង ចក្កតាសព្វថ្ងៃ)
បាននាំសំបុត្ររបស់លោកទេសាភិបាល ស្នើលក់កាំភ្លើងធំអោយខ្មែរ។
ជាអកុសលកប៉ាល់មួយគ្រឿងឈ្មោះ Woordwych ត្រូវគឿងជាប់លើខ្សាច់ត្រង់មាត់ពាមទន្លេមេគង្គ។
ព្រះរាជាទ្រង់បានបញ្ជាអោយរិបអូសយកកាំភ្លើងធំ ៣០ដើម និងស្ដាន់
៥០០ហាបពីកប៉ាល់នោះ។ នៅថ្ងៃទី ២៦ ខែ មិនា១៦៣៧ លោកទេសាភិបាល
ហុល្លង់នៅក្រុងបាតាវ្យា បានបញ្ចូលឈ្មួញឈ្មោះ ហិនដ្រិកហាហ្គេនហាអារ
ជាមួយនឹងកប៉ាល
៤គ្រឿងទៀតមកក្នុងឋានៈជាទូតដើម្បីផ្សះផ្សាវិវាទខាងលើ។
តែលុះមកដល់ទន្លេមេគង្គនៅ ថ្ងៃ ១១ខែឧសភា លោកហាហ្គេនហាអារ
បានជួបប្រទះនឹងកប៉ាល់ព័រទុយកលមួយគ្រឿង ហើយក៏បានរិបអូស
យកកប៉ាល់នោះទៅជាហេតុបណ្ដាលអោយព្រះរាជាស្ដីបន្ទោសលោកយ៉ាងខ្លាំងនៅពេលដែលលោកថ្វាយសារតាំងចំពោះព្រះអង្គ។
នៅគ.ស. ១៦៣៨ គណៈបេសកម្មថ្មីមួយទៀតត្រូវបញ្ជូនមកឧដុង្គ
ក្រោមកិច្ចដឹកនាំរបស់លោកប៉ូលូស ក្រុក ហើយលោកយោហាននែស វានហាហ្គេន
បានមកជំនួសលោក Jan Galen ជាមេគ្រិះស្ថានហុល្លង់។
ពួកមកថ្មីនេះក៏ពុំបានទទួលផលល្អក្នុងកិច្ចការរបស់ខ្លួនដូចពួកមកមុនៗដែរ។
ប៉ុន្ដែពួកនេះបានធ្វើអោយព្រះអុទ័យ
យកព្រះទ័យទុកដាក់យ៉ាងខ្លាំងក្នុងទំនាក់ទំនងពានិជ្ជកម្ម
និងហេរញ្ញវត្ថុជាមួយពួកហុល្លង់។ នៅគ.ស.១៦៣៨
ព្រះអង្គទ្រង់បានអោយក្រុមហ៊ុនឥណ្ឌាខាងកើត ខ្ចីប្រាក់
និងលក់ម្រក្សណ៍ឈើខ្លឹមចន្ទន៍ និងភ្លុកដំរីអោយពួកហុល្លង់(៩)។
XI.
ទំនាក់ទំនងជាមួយយួន ក្នុងរាជព្រះអង្គទង
រាជពង្សាវតារខ្មែរខ្លះបាននិយាយថា នៅគ.ស.១៦៣៨
(?)
ព្រះអង្គទងរាជា ទ្រង់បានតឿនទារយកដី ព្រែនគរ
កំពង់ក្របីមកវិញ
ប៉ុន្ដែអគ្គមហេសីយួនរបស់ព្រះជ័យជេដ្ឋាទី២ទ្រង់បានធ្វើអន្ដរាគមន៍សុំអោយពន្យារពេលអោយបានយូរបន្ដិចទៀត។
(1) គួរគប្បីជ្រាបថា
ដែលហៅថា ព្រៃគរ (ព្រៃដើមគរ) នៅពេលនោះគឺត្រូវនឹងតំបន់ចំលឹងសព្វថ្ងៃ
អែកន្លែងក្រុងព្រៃនគរសព្វថ្ងៃ ពីដើមហៅថា កំពង់ក្របី។
No comments:
Post a Comment