វិបត្ដិក្នុងរាជវង្សខ្មែរ
និងអន្ដរាគមន៍របស់យួន ស.វ. ទី១៧
I.
ព្រះបាទបទុមរាជា អង្គនន់
១៦៣៩ -១៦៤១
លុះព្រះអង្គទងរាជា
សោយទីវង្គតទៅនៅគ.ស. ១៦៣៩ ព្រះអង្គទន់
រាជបុត្រច្បងព្រះឧទ័យព្រះជន្មបាន២១វស្សា
ត្រូវបានលើកអោយឡើងសោយរាជ្យស្នងព្រះរៀមនៅរាជធានីឧដុង្គ
ដោយមាននាមសំរាប់រាជថា ព្រះបាទសម្ដេចព្រះបរមរាជាធិរាជរាមាធិបតី។ ព្រះអង្គទ្រង់យកព្រះរាជបុត្រីសម្ដេច
ព្រះជ័យជេដ្ឋាទី២ ដែលត្រូវជាព្រះអនុជព្រះអយ្យកា១ ជាព្រះអគ្គមហេសី
លើកព្រះនាមហៅសម្ដេចព្រះភគវតីព្រះបវរក្សត្រី (អែកសារសៀមថា
ឈ្មោះអ្នកយ៉ា)។ ព្រះអង្គមានបុត្រជាមួយអគ្គមហេសីនេះនាម ស្រីជ័យជេដ្ឋា។
អែព្រះបិតា គឺព្រះឧទ័យទ្រង់ គង់នៅជាព្រះឧភយោរាជដដែល។
II.
អន្ដរាគមរបស់យួន
នៅគ.ស.១៦៤១
ចៅពញាចន្ទព្រះរាជបុត្រពៅព្រះជ័យជេដ្ឋាទី២
ដោយអន់ព្រះទ័យព្រោះមិនបានឡើងសោយរាជ្យ
បានអោយបក្សពួកចូលលុកព្រះរាជវាំងធ្វើគតបានទាំងសម្ដេចឧភយោរាជ
និងព្រះបទុមរាជា។ បទឧក្រិដ្ឋ ដែលចៅពញាចន្ទទ្រង់បានប្រព្រឹត្ដនោះ
បណ្ដាលអោយវិបត្ដិជាថ្មីទៀតក្នុងរាជវង្សខ្មែររហូតដល់មានចំបាំងគ្នាអែងក្នុងស្រុក
ហើយដែលជាឱកាសល្អអោយយួនលូកដៃចូលជ្រៀតជ្រែកក្នុងផ្ទៃក្នុងរបស់ខ្មែរជាលើកដំបូង។
ក្រោយពីបានធ្វើគតព្រះបិតុលា
និងព្រះអនុជអយ្យកា១ហើយ ចៅពញាចន្ទបុត្រពៅព្រះជ័យជេដ្ឋាទី២
បានឡើងសោយរាជ្យសម្បត្ដិនៅក្រុងឧដុង្គមានជ័យ
ដោយមានព្រះនាមសំរាប់រាជថា ព្រះបាទសម្ដេចព្រះរាមាធិបតី
នៅពេលដែលព្រះជន្មបាន ២៣វស្សា។ រាជពង្សាវតារខ្មែរបាននិយាយថា
ថ្ងៃមួយព្រះអង្គយាងទៅក្រសាលនៅទន្លេធំ និងស្រីសន្ធរ
ដល់ពេលត្រលប់មកវិញដល់កំពង់ហ្លួង ទ្រង់ទតឃើញស្រីចាម (ជ្វា) ឈ្មោះនាង
វិះ (អែកសារខ្លះថាឈ្មោះនាងហ្វាតិមា) ហើយដោយចាមដាក់ស្នេហ៍បន្ថែមផង
ក៏ទ្រង់ប្រតិព័ទ្ធយ៉ាងខ្លាំងលើរូបនាងវិះ ហើយលើកនាងជាស្នំឯកទៀតផង
ប៉ុន្ដែប្រពៃណីតំរូវអោយព្រះអង្គកាន់សាសនាឥស្លាម កាត់ចុងអង្គជាតិ
និងយកព្រះនាមថា អ៊ីប្រាហិម។ ដោយហេតុនោះហើយទើបមានឈ្មោះហៅថា
ព្រះរាមចូលសាសន៍។ ព្រះអង្គទ្រង់បានប្រោសប្រណីពួកចាមជ្វា
លើកតំកើងអោយឡើងជានាម៉ឺនធំៗ ទ្រង់បានលើកចៃសុន
ព្រះបិតាក្មេកអោយឡើងជាសម្ដេចបរទេសរាជ។
IV.
វិវាទជាមួយពួកហុល្លង់
នៅពេលដែលបានឡើងសោយរាជ្យ
ព្រះរាមាធិបតី ទ្រង់បានផ្ញើព្រះរាជសារលិខិតទៅជូនលោកទេសាភិបាល
ហុល្លង់នៅបាតាវ្យា ដើម្បីសុំធ្វើការទាក់ទងយ៉ាងជិតស្និតជាមួយ
នឹងក្រុមហ៊ុននៃប្រទេសឥណ្ឌាខាងកើត។ ជាការឆ្លើយតប
លោកទេសាភិបាលបានបញ្ជូនលោក គនើល្វីសខ្លាំង Cornelius
Clain អោយមកប្រទេសខ្មែរនៅ គ.ស.១៦៤២
ដើម្បីថ្វាយពរសរសើរចំពោះព្រះអង្គ
ដែលទ្រង់មានជ័យជំនះលើកពួកស្ដេចជ្រែករាជ (ព្រះឧទ័យ និងអង្គនន់)
និងដើម្បីសូមអោយព្រះអង្គប្រុងប្រយ័ត្នចំពោះពួកព័រទុយកលកាន់សាសនាកាតូលិក។
ឯកសារមួយទៀតបាននិយាយថា
នៅគ.ស.១៦៤១ លោកវាន វុយស្ទុហ្វ Van Wuystoff បានធ្វើដំណើរតាមទន្លេមេគង្គទៅដល់ក្រុង
វៀងចន្ទន៍ ដោយឆ្លងតាមក្រុងភ្នំពេញ ក្នុងដំណើរស្វែងរកទិញជ័រកំញាន និង
ល័ក្ខ។ បើតាមពត៌មានដែលពួកឈ្មួញហុល្លង់ឈ្មោះ អិនដិក បានផ្ដល់ថា
នៅសម័យនោះគេអាចទិញនៅភ្នំពេញជារៀងរាល់ ឆ្នាំនូវស្បែកប្រើស ១០០
០០០ផ្ទាំង មាស ភ្លុកដំរី និងជ័រកំញាន។
ចំណែកទំនិញដែលគេនាំចូលពីប្រទេសក្រៅមាន ជាអាវស្ពាន់ ព័រសឺលែន និង
កំរាលព្រំមកពីស្រុក គរ៉ូម៉ានដែល Coromandel។
នៅខែកញ្ញា
១៦៤៣ ឧប្បត្ដិហេតុមួយបានកើតឡើង។ លោក Pierre de Regemortes មេគ្រឹះស្ថានជំនួញហុល្លង់បានតវ៉ាចំពោះព្រះរាជាពីការខូចខាតដែលក្រុមហ៊ុនលោកបានទទួលរងគ្រោះ។
ដោយលោកនេះបានបញ្ចេញ រឹកពារកោងកាចពេក
ពួកក្រុមរក្សាព្រះរាជាក៏បានសំលាប់លោក និងពួកបរិវាររបស់លោកទៅ។ នៅពេលជាមួយគ្នា
គ្រឹះស្ថានរបស់លោកក៏ត្រូវគេប្លន់រិបអូសយកទ្រព្យសម្បត្ដិអស់
មនុស្ស៣៦នាក់ ត្រូវស្លាប់
ហើយមនុស្សប្រហែល៥០នាក់ទៀតត្រូវចាប់យកទៅឃុំឃាំង។
ដើម្បីជាការសងសឹក
ក្រុមប្រឹក្សាប្រទេសឥណ្ឌា Conseil des Indes បានបញ្ជូនកងនាវាមួយនៅថ្ងៃ២៣
ខែមិនា ១៦៤៤ ក្រោមបញ្ជាការរបស់លោក ហិនដ្រិក ហារូស និងលោក ស៊ីមូន ចាកូប
ដូមខិន។ កងនាវាដែលមានកប៉ាល់៥គ្រឿង និងទាហានទាំងអស់១៦០នាក់
បានមកដល់ក្រុងចតុមុខនៅថ្ងៃ ៦ខែកក្កដា ហើយស្ថិតនៅទីនោះរហូត
ដល់ថ្ងៃទី២០ ខែមករា ១៦៤៥
ដោយពុំបានទទួលសំណងសោហ៊ុយជួសជុលពីព្រះរាជាខ្មែរសោះ។ ម៉្លោះហើយ
មេបញ្ជាការក៏សំរេចថា ត្រូវតែបន្ដដំណើររហូតដល់រាជធានីឧដុង្គ។
ពេលដែលពួកហុល្លង់ទៅដល់ទ័ពខ្មែរយកសំរាស់រិស្សីទៅឃាំងផ្លូវទឹកហើយយកកាំភ្លើងធំទៅភ្ជង់ពីលើច្រាំងទាំងសងខាង។
ការប្រយុទ្ធតទល់គ្នាក៏បានផ្ទុះឡើង។ លោកមេបញ្ជាការត្រូវស្លាប់
អែពលទាហានហុល្លង់ក៏ស្លាប់អស់ជាច្រើន។
ប៉ុន្ដែនាវាបានខំពុះពារឧបសគ្គរត់រំដោះខ្លួនបាន ហើយនៅគ.ស ១៦៤៦ - ១៦៤៧
ពួកហុល្លង់បានធ្វើការចរចាសុំសន្ដិភាពជាមួយខ្មែរ។
ព្រះរាជាទ្រង់បានយល់ព្រមអោយដោះលែងពួកឈ្លើយហុល្លង់
និងសងទៅវិញនូវទំនិញដែលបានរិបអូស។ នៅ គ.ស.១៦៥៥
កិច្ចព្រមព្រៀងមួយត្រូវបានសំរេចឡើងជាមួយក្រុមហ៊ុនប្រទេសឥណ្ឌាខាងកើត
ដោយមានការជួសជុសសោហ៊ុយដល់គ្រឹះស្ថានជំនួញហុល្លង់ដែលត្រូវខូចខាតយ៉ាងដំណំនោះ។
V.
ទំនាក់ទំនងជាមួយយួន
ព្រះរាមាធិបតីទី១
ទ្រង់បានតឿនទារយកដីព្រៃគរ កំពង់ក្របីពីយួនមកវិញ
ព្រះអគ្គមហេសីយួនរបស់ព្រះជ័យជេដ្ឋា បានធ្វើអន្ដរាគមន៍ជាថ្មី
ដោយសុំពន្យារពេលអោយបានយូរតទៅទៀត។ នៅពេលដែលព្រះអង្គគ្រងរាជបាន
១៧វស្សា គឺនៅគ.ស.១៦៥៨ ព្រះអង្គសូរ និងព្រះអង្គតន់
ដែលជារាជបុត្រព្រះឧទ័យ
ហើយដែលបានគេចផុតពីឧក្រិដ្ឋកម្មពីមុននោះក្រោយពីបានចាត់មន្រ្ដីអោយទៅបញ្ចុះបញ្ចូលរាស្រ្ដជាសំងាត់
បានលើកទ័ពទៅច្បាំងជាមួយព្រះរាមាធិបតី
តែច្បាំងមិនឈ្នះក៏រត់ទៅពឹងពាក់
នឹងអតីតអគ្គមហេសីយួនរបស់ព្រះជ័យជេដ្ឋាទី២។
ក្សត្រីយួននេះមានព្រះទ័យក្រេវក្រោធយ៉ាងខ្លាំងចំពោះព្រះរាមាធិបតី
ក៏បានទូន្មានស្ដេចខ្មែរទាំងពីរអង្គអោយសុំជំនួយពីព្រះចៅក្រុងវេ។
ត្រង់នេះ
អ្នកប្រវត្ដិសាស្រ្ដយួនមានយោបល់ថា
ជាអោកាសមួយយ៉ាងប្រសើរដើម្បីអោយពួកស្ដេចង្វៀង
ធ្វើអន្ដរាគមន៍ពង្រីកឥទ្ធិពលរបស់ខ្លួនលើប្រទេសខ្មែរដែលដូនតាគេបានយកចិត្ដទុកដាក់ជាយូរមកហើយ(៣៧)។
ស្ដេចថៃតុង បានបញ្ជាអោយលើកទ័ព ៣០០០នាក់
មកជួយតាមសំណូមពររបស់ស្ដេចខ្មែរ។ ទ័ពយួនលើកមកប្រយុទ្ធ
នឹងទ័ពខ្មែរនៅត្រង់បារា
ចាប់បានព្រះរាមាធិបតីដាក់ទ្រុងដែកនាំយកទៅឃុំនៅក្វាងប៊ិញ
អែអង្គអិមជាបុត្រព្រះឧទ័យដែរ តែចូលដៃខាងព្រះរាមាធិបតី
ត្រូវក្ស័យព្រះជន្មលើសមរភូមិនោះទៅ។
ចំពោះព្រះរាមាធិបតី
អែកសារខ្លះថា យួនឃុំព្រះអង្គទុករហូតដល់សុគត (៣៦)
អែកសារខ្លះថាត្រូវលែងអោយមកវិញ យាងមកបានពាក់កណ្ដាលផ្លូវ
ប្រឈួនហើយសុគតនៅស្រុកបាត់ចិញ្ចៀន អែកសារខ្លះទៀតថាត្រូវលែងមកវិញ
តែត្រូវលើកសួយសារអាករថ្វាយស្ដេចយួន
និងត្រូវការពារជនជាតិយួនដែលរស់នៅលើទឹកដីខ្មែរ(៤០)។
លុះមានជ័យជំនះលើ ព្រះរាមាធិបតីហើយ ទ័ពយួនបែរមកច្បាំងនឹងអង្គសូរ
និងអង្គតន់វិញ។ ស្ដេចទាំងពីរតស៊ូច្បាំងឈ្នះដេញទ័ពយួនរត់វិលចុះទៅស្រុកវិញ។
VI.
ព្រះបរមរាជាទី៩ អង្គសូរ
១៦៥៩ - ១៦៧១
ក្រោយពីដេញទ័ពយួនអោយថយទៅវិញអស់ទៅ
អង្គសូរ រាជបុត្រព្រះឧទ័យ បានឡើងគ្រងរាជនៅឧដុង្គមានជ័យ
ក្នុងព្រះជន្មាយុ ២៦វស្សា។ ព្រះអង្គទ្រង់លើកអង្គឡីក្សត្រីជាព្រះអនុជ
(មាតាដទៃ) ជាព្រះទេពី។ ព្រះអង្គនៅមានម្នាង២ទៀតគឺ៖
-
អ្នកម្នាងពៅ មានបុត្រានាម អ្នកអង្គជី និង បុត្រីនាម អង្គស្រីធិតា
-
អ្នកម្នាងទៃ មានបុត្រានាម ចៅពញាសូរ (អែកសារខ្លះថា អង្គស៊ូ) និង
បុត្រីនាម អង្គអី។
លុះបានព្រះជន្ម
២៩វស្សា ព្រះអង្គទ្រង់ធ្វើពិធីប្រាប្ដាភិសេកឡើងសោយរាជ្យសម្បត្ដិ
ដោយមាននាមសំរាប់រាជថាសម្ដេចព្រះបរមរាជាធិរាជរាមាធិបតី។
ព្រះអង្គទ្រង់បានលើកអង្គឡីជាអគ្គមហេសីព្រះនាមហៅ
សម្ដេចព្រះភគវតីព្រះចមក្សត្រី។
នៅគ.ស
១៦៦៧ គ្រឹះស្ថានជំនួញពួកហុល្លង់នៅកំពង់ហ្លួង
ដែលបានបើកធ្វើសកម្មភាពឡើងវិញនោះ
ត្រូវពួកចិននៅជិតខាងប្លន់យកទ្រព្យសម្បត្ដិអស់។
ទោះបីយ៉ាងហ្នឹងហើយក៏ដោយ ក៏គ្រឹះស្ថាននោះ
នៅបន្ដសកម្មភាពរបស់ខ្លួនតទៅទៀតយ៉ាងត្រដាបត្រដួសក្រោមកិច្ចដឹកនាំរបស់លោក
យ៉ូហានែស បេសេលម៉ាន។ គេដឹងថា គ្រឹះស្ថាន
ជំនួញនោះត្រូវបិទជាស្ថាពរនៅ គ.ស. ១៦៨២ ហើយចាប់ពីពេលនោះទៅ
ទំនាស់រវាងពួកព័រទុយកល
និងពួកហុល្លង់ក្នុងវិស័យជំនួញក៏ផុតរលត់អស់ទៅ។
គ្រានោះមានជនម្នាក់តាំងខ្លួនជាស្ដេចឈ្មោះ
បារ៉ែន គិតដណ្ដើមរាជ។ ព្រះអង្គទ្រង់បញ្ចាអោយលើកទ័ពទៅបង្ក្រាប
ហើយចាប់បានយកមកប្រហារជីវិតបង់ ហើយទ្រង់តាំងអង្គតន់
ព្រះអនុជជាអុភយោរាជ។ នៅគ.ស.១៦៧២
ព្រះអង្គទ្រង់សព្វព្រះទ័យផ្សំផ្គុំបុត្រីនាម អង្គស្រីធិតា និងក្មួយនាម
ស្រីជ័យជេដ្ឋ ជាបុត្ររបស់អង្គទន់ទី១ ។ ប៉ុន្ដែអកុសល គឺបុត្រប្រសា
និងក្មួយអង្គនេះបានបញ្ជូនបក្សពួកអោយចូលក្នុងរាជវាំង
លួចធ្វើគតព្រះអង្គបានប៉ុន្មានខែក្រោយមក។ ចំណែកឯព្រះអុភយោរាជ
អង្គតន់ ច្បាំងចាញ់ក៏ភៀសព្រះអង្គទៅស្រុកយួន ជាមួយក្មួយនាមអង្គនន់
(បុត្រអង្គអិម)។
VII.
ព្រះបទុមរាជាទី២
ស្រីជ័យជេដ្ឋ ១៦៧២ - ១៦៧៣)
ព្រះស្រីជេដ្ឋ
ព្រះជន្មបាន ៣៣វស្សាបានឡើងសោយរាជ្យសម្បត្ដិនៅក្រុងឧដុង្គមានជ័យ
ដោយមានព្រះនាមសំរាប់រាជថា ព្រះបាទសម្ដេចព្រះបទុមរាជាធិរាជរាមាធិបតី។
ព្រះអង្គយកអង្គឡី អគ្គមហេសីព្រះអង្គសូរ ហើយត្រូវជាព្រះមាតុច្ឆា
ជាអគ្គមហេសីរបស់ព្រះអង្គ។ លុះសោយរាជ្យបាន ៥ខែ
សម្ដេចព្រះភគវតីព្រះចមក្សត្រី
ជាអគ្គមហេសីអោយចាមជ្វាលបធ្វើគតព្រះអង្គបាន។
VIII.
ព្រះកែវហ្វាទី២ អង្គជី
១៦៧៣ - ១៦៧៥
ព្រះអង្គជី
បុត្រព្រះបរមរាជាទី៩ អង្គសូរ
ត្រូវបានលើកអោយសោយរាជ្យក្នុងព្រះជន្មាយុ ២១វស្សា នៅក្រុងឧដុង្គមានជ័យ
ដោយមាននាមសំរាប់រាជថា សម្ដេចព្រះកែវហ្វា។
ព្រះអង្គមានម្នាងម្នាក់ឈ្មោះអ្នកម្នាងពៅ។ ពីកាលពុំទាន់សោយរាជ្យនោះអ្នកម្នាងពៅបានប្រសូត្របុត្រា
១អង្គនាម ចៅពញាយ៉ង (អែកសារខ្លះហៅថា ព្រះអង្គយ៉ង)។
នៅគ.ស.១៦៧៣
គឺនៅពេលដែលព្រះអង្គឡើងសោយរាជ្យនោះ ព្រះឧភយោរាជអង្គតន់ និងអង្គទន់
ដែលបានរត់ទៅពឹងយួនពីមុន បានលើកទ័ពយួន ១០ ០០០នាក់ជាជំនួយរបស់ស្ដេចថៃតុង។
ព្រះកែវហ្វាអង្គជី
ដោយទ្រង់បារម្ភខ្លាចព្រះបិតុលាអង្គតន់ដណ្ដើមយករាជសម្បត្ដិ
ក៏ទ្រង់លើកទ័ពចេញទទួលច្បាំងនៅភ្នំពេញ តែមិនចាញ់មិនឈ្នះ។
ព្រះអង្គតន់ក៏ថយទៅនៅត្រើយល្វាអែម ក្រោយមកលើកទ័ពចូលវាយបែកបន្ទាយភ្នំពេញ
ហើយបំរុងលើកបង្ហួសទៅវាយឧដុង្គទៀត តែប្រឈួនហើយសោយទីវង្គតទៅ។
ព្រះកែវហ្វាអង្គជី
លើកទ័ពទៅច្បាំងទៀត យួនបាក់ទ័ពត្រលប់ទៅស្រុកវិញអស់ទៅ។
ប្រទេសពេលនោះត្រូវចែកជាពីរ : ខាងលិចបានទៅព្រះកែវហ្វា ខាងកើតបានទៅព្រះអង្គនន់
ដែលពួកមន្រ្ដីថ្វាយព្រះនាមថា សម្ដេចព្រះបទុមរាជាមហាអុភយោរាជ។
ព្រះកែវហ្វា លើកទ័ពទៅច្បាំងទៀត តែត្រូវប្រឈួនហើយសុគតទៅ។
អែកសារខ្លះថា ព្រះអង្គច្បាំងចាញ់យួន រត់ទៅសុគតនៅស្រុកប្រាំតំលឹង
ខេត្ដសំរោងទង (ក្បួនវត្ដកោកកាក)។
អែកសារយួនថាព្រះអង្គភៀសព្រះអង្គចូលព្រៃហើយត្រូវបក្សពួកធ្វើគត
(៣៧)។
ព្រះអង្គស៊ូ
(រឺចៅពញាសូរ) ធ្វើចំបាំងប្រឆាំង នឹងអង្គទន់តទៅទៀត។
ការប្រយុទ្ធគ្នាកើតឡើងនៅពញាលឺ។
ព្រះអង្គនន់អុភយោរាជទទួលបរាជ័យភៀសព្រះអង្គទៅស្រុកយួនម្តងទៀត។
ក្នុងដំណើរនោះ អ្នកម្នាងអែមជាកូនចិន ចុងគុន បានប្រសូតបុត្រនាមអង្គអិម
នាមដូចព្រះអយ្យកោ)។
គួរគប្បីបញ្ជាក់ថា
អែកសារយួនច្រើននិយាយថានៅគ.ស ១៦៧៤
ព្រះអង្គជីបានទៅសុំជំនួយទ័ពសៀមមកច្បាំង នឹងអង្គនន់ (៣៧,៤០) ប៉ុន្ដែអែកសារខ្មែរទាំងអស់ពុំបាននិយាយពីជំនួយទ័ពសៀមនោះសោះ។
បើមានគឺអង្គស៊ូវិញទេជាអ្នកសុំជំនួយពីក្រុងស្រីអយុធ្យា
ក្នុងការបន្ដចំបាំងជាមួយអង្គនន់។ ម្យ៉ាងទៀត អែកសារយួនបាននិយាយថា
ព្រះអង្គស៊ូ បានចុះចូលនឹងយួន ហើយដោយសារព្រះអង្គជាវង្សស្ដេចពេញច្បាប់
ក៏ត្រូវបានលើកអោយសោយរាជ្យ ចំណែកឯអង្គនន់ ត្រូវបានតាំងជាអុភយោរាជ
អោយឈរត្រួតព្រៃនគរ ហើយត្រូវលើកសួយថ្វាយព្រះអង្គរៀងរាល់ឆ្នាំ(៤០)។
No comments:
Post a Comment