Pisey trip: ការបាត់បង់ទឹកដីកម្ពុជាក្រោម
សូមស្វាគមន៍!!! មកកាន់ ប្លក់ បេះដូងអ្នកសិក្សា ប្លក់នេះបង្កើតឡើងដើម្បីចែករំលែកនូវ ឯកសារ ប្រវត្តិសាស្រ្ដ​ មេរៀនស្រាវជ្រាវ ដើម្បីជាគន្លឹះសម្រាប់បងប្អូនប្រិយមិត្តអ្នកអាន ទទួលបាននូវចំណេះដឹង និងការបង្កើតឱ្យមានវប្បធម៌ចែករំលែក​ អ្នកចេះបង្រៀនអ្នកមិនសូវចេះ អ្នកមិនសូវចេះបង្រៀនអ្នកមិនចេះ ជាគន្លឹះសម្រាប់បងប្អុនដែលកំពុងតែសិក្សាដើម្បីពង្រីកចំណេះដឹងផងដែល សូមអរគុណ!!! សម្រាប់ការកាំទ្រ យើងខ្ញុំសូមសន្យាថានឹងស្វែងរកនូវអត្ថបទល្អចែកជូនបងប្អូនទស្សនាជាបន្ដទៀត.....

ការបាត់បង់ទឹកដីកម្ពុជាក្រោម


ការបាត់បង់ទឹកដីកម្ពុជាក្រោម

ព្រះ​បាទ​ជ័យ​ជេដ្ឋា​ទី​៣ អង្គ​ស៊ូ ឬ​ចៅ​ពញា​សូរ (រជ្ជ​កាល​ទី​១ ១៦៧៥ -១៦៨៨) លុះ​វាយ​កំចាត់​ទ័ព​យួន​អោយ​ថយ​ទៅ​វិញ​អស់ ព្រះ​អង្គ​ស៊ូ ឬចៅ​ពញា​សូរ ដែល​មានព្រះ​ជន្ម​១៦​វស្សា បាន​ឡើង​សោយ​រាជ្យ​ស្នង​ព្រះ​រៀម​នៅ​ក្រុង​ឧដុង្គ​មាន​ជ័យ ដោយ​មាន​ព្រះ​នាម​ថា សម្ដេច​ព្រះ​ស្រី​ជ័យ​ជេដ្ឋា​។ ព្រះ​អង្គ​ទ្រង់​​លើក​អង្គលី (អង្គអី?) ព្រះ​អនុជ​រួម​បិតា (អែក​សារ​ខ្លះ​ថា​ជា​ប្រះ​មាតុច្ឆា​) ជា​អគ្គម​ហេសី​។

គួរ​គប្បី​ជ្រាប​ថា នៅ​គ.ស. ១៦៧៩ មាន​នាម៉ឺន​ចិន​ឈ្មោះ​យឿង ង៉ាន​ឌិច និង ត្រឹង ធឿង​ស្វៀង រត់​ពី​ខេត្ដ​ក្វាង​ទុង​ក្វាង​ស៊ី ព្រោះ​ពេល​នោះ​ពួក​ម៉ង់​ស៊ូ វាយ​យក​បាន​ប្រទេស​ចិន​នៃ​រាជ​វង្ស​មិញ​។ ដោយ​ពុំ​ព្រម​ចំនុះ​ពួក​បរ​ទេស​ឈ្លាន​ពាន​ទឹក​ដី ពួក​ចិន​ទាំង​នោះ​បាន​នាំ​គ្នា ៣០០០​នាក់ និង​សំពៅ ​៥០​មក​សុំ​ជ្រក​កោន​នឹង​ស្ដេច​យួន​។ ស្ដេច​ថៃ តុង ទ្រង់​បាន​បញ្ជូន​ជន​ភៀស​ខ្លួន​នោះ​អោយ​ទៅ​នៅ​ក្នុង​ប្រ​ទេស​ខ្មែរ ត្រង់​តំបន់​យ៉ា​ឌិញ (ឧក​ញ៉ា​ឌិន?​)។ ក្រោយ​មក​ពួក​នោះ​បាន​បំបែក​គ្នា​ទៅ​នៅ​ត្រង់​ដូន​ណៃ​ខ្លះ ត្រង់​មេ​សរ​ខ្លះ ប្រកប​របរ​ធ្វើ​ស្រែ​ចំការ បង្កើត​ក្រុង​មាន​ឈ្មួញ​បរ​ទេស​ចូល​លក់​ដូរ​យ៉ាង​ច្រើន គឺ​ឈ្មួញ​ជាតិ​អឺរ៉ុប ឈ្មួញ​ជប៉ុន និង​ឈ្មួញ​ជ្វា​។
គួរ​គប្បី​ជ្រាប​ថា នៅ​ពេល​ដំណាល​គ្នា​ជា​មួយ នឹង​ជន​ជាតិ​ចិន​ភៀស​ខ្លួន​ខាង​លើ​នេះ មាន​ចិន​ម្នាក់​ទៀត​ឈ្មោះ ម៉ាក គីវ មាន​កំណើត​នៅ​ខេត្ដ​ក្វាង​ទុង ជា​ឈ្មួញ​មាន​ឈ្មោះ​ល្បី ធ្លាប់​ធ្វើ​សកម្ម​ភាព​ជំនួញ​នៅ​ប្រទេស​ហ្វីលី​ពីន និង​នៅ​ក្រុង​បាតាវ្យា​នៅ​ពេល​ដែល​ចិន​ច្បាំង​ចាញ់​ពួក ម៉ង់​ស៊ូ លោក​មិន​ព្រម​ប្រកាន់​យក​ទំនៀម​ទំលាប់​បរ​ទេស​ ​មាន​ការ​ក្រង​សក់​ជា​ដើម ក៏​រត់​មក​ជ្រក​កោន​នឹង​ស្ដេច​ខ្មែរ ហើយ​ត្រូវ​បាន​តែង​តាំង​ជា​មន្រ្ដី​ឈរ​ត្រួត​តំបន់​ឆ្នេរ​ឈូង​សមុទ្រ​សៀម​។ ដោយ​ឃើញ​ផ្ទៃ​ក្នុង​របស់​ខ្មែរ មាន​ភាព​ច្របូក​ច្របល់ និង​ដោយ​ជីក​បាន​កំណប់​មួយ គាត់​ក៏​ក្លាយ​ទៅ​​ជា​អ្នក​មាន​ស្ដុក​ស្ដម្ភ​។ គាត់​បាន​សង់​បន្ទាយ និង​ក្រុង​នៅ​មាត់​សមុទ្រ ហើយ​ប្រ​មូល​រាស្រ្ដ​អោយ​ទៅ​នៅ​ត្រង់​ពាម កោះ​ត្រល់ កំពត កំពង់​សោម ក្រមួន​ស ទឹក​ខ្មៅ​។ នៅ​គ.ស. ១៦៨៧ - ១៦៨៨ សៀម​លើក​ទ័ព​ចូល​វាយ​លុក​ដំបន់​ពាម ចាប់​បាន​ម៉ាក​គីវ យក​ទៅ​ប្រ​ទេស​សៀម តែ​ក្រោយ​មក​គាត់​បាន​លួច​រត់​ត្រលប់​មក​ពាម​បាន​វិញ​នៅ​ប្រមាណ គ.ស. ១៧០០​(៣៧)​។
នៅគ.ស.១៦៨២ ព្រះ​អង្គនន់ ដែល​បាន​ភៀស​ព្រះ​អង្គ​ទៅ​ស្រុក​យួន​នោះ ទ្រង់​បាន​ប្រមែ​ប្រ​មូល​ពួក​ចិន ដែល​ជា​ចំនូល​ថ្មី​នៅ​ដូន​ណៃ យ៉ា​ឌិញ ផ្សំ​គ្នា​ជា​មួយ​ទ័ព​យួន​ខ្លះ​ លើក​ទៅ​វាយ​ព្រះ​ជ័យ​ជេដ្ឋា​ទៀត ដំបូង​វាយ​​យក​បាន​ខេត្ដ​ព្រះ​ត្រ​ពាំង បាសាក់ ហើយ​លើក​បង្ហួស​ដល់​ភ្នំពេញ​ឧដុង្គ កាល​នោះ​ព្រះ​ជ័យ​ជេដ្ឋា កំពុង​តែ​គង់​នៅ​វាំង​ទ្រនំ​ជ្រឹង ទ្រង់​កែន​ទ័ព​ទៅ​ច្បាំង​ឈ្នះ​ទ័ព​ចិន​ក៏​ថយ​ទៅ​នៅ​កោះ​តែង​អស់ ប៉ុន្ដែ​ពួក​នោះ​បាន​ចាប់​ព្រះ​មាតា​ព្រះ​អង្គ​ទៅ​ឃុំ​ទុក​នៅ​ជ្រោយ​ចង្វារ ក្រោយ​មក​បាន​ពញា​ហុក​ទៅ​រំដោះ​បាន​មក​វិញ​។ នៅ​គ.ស. ១៦៨៣ ព្រះ​ជ័យ​ជេដ្ឋា ទ្រង់​យាង​ទៅ​គង់​នៅ ឧដុង្គ​មាន​ជ័យ​វិញ​។ នៅគ.ស. ១៦៨៤ ព្រះ​អង្គនន់ ត្រ​លប់​មក​ពី​ស្រុក​យួន មក​តាំង​បន្ទាយ​នៅ​ស្រីសន្ធរ ហើយ​លើក​ទ័ព​ចំរុះ​ខ្មែ​ចិន​ទៅ​វាយ​ក្រុង​ភ្នំពេញ តែ​ត្រូវ​បរា​ជ័យ​ថយ​ចូល​បន្ទាយ​វិញ​។ នៅគ.ស. ១៦៨៨ ព្រះ​ជ័យ​ជេដ្ឋា​ទ្រង់​ប្រ​ឈួន​ដោយ​ជំងឺ​ពិស​ក្ដៅ (អែក​សារ​ខ្លះកើត​អុត​ធំ) ក៏​ប្រគល់​រាជ​សម្បត្ដិ​ថ្វាយ​ព្រះ​មាតា​។

                         I.            រជ្ជកាលអ្នកម្នាងទៃ ១៦៨៨

ព្រះ​មាតា​ទ្រង់​បាន​សោយ​រាជ្យ​ជំនួស​បាន​៣ខែ​។ លុះ​ព្រះ​ជ័យ​ជេដ្ឋា ទ្រង់​បាន​ជា​សះ​ស្បើយ​ហើយ ក៏​ទ្រង់​ចេញ​ព្រះ​ផ្នួស​បាន​៧​ថ្ងៃ​ហើយ​លា​មក​ឡើង​សោយ​រាជ្យ​វិញ​។

រជ្ជកាលព្រះជ័យជេដ្ឋាទី៣ រជ្ជកាលទី២ : ១៦៨៨ - ១៦៩៥

នៅគ.ស. ១៦៨៩ នាម៉ឺន​ឈ្មោះ​ចៅ​ពញា​នូរ និង​ចិន​ឈ្មោះ​តាន់​ចុង​អៀ ដោយ​តូច​ចិត្ដ​មិន​បាន​បុណ្យ​សក្ដិ ក៏​រត់​ទៅ​ចូល​ខាង​អង្គ​នន់ ព្រះ​អង្គ​អោយ​លើក​ទ័ព​មក​ច្បាំង តាំង​បន្ទាយ​នៅ​ជ្រោយ​ចង្វារ​។ ប៉ុន្ដែ​មន្រ្ដី​ទាំង​ពីរ​ត្រូវ​ចាប់​បាន​ហើយ​យក​ទៅ​ប្រហារ​ជីវិត​បង់​។
នៅ​ឆ្នាំ​ដដែល ព្រះ​ជ័យ​ជេដ្ឋា​ដែល​បាន​គ្រង​រាជ​អស់​រយៈ​ពេល ១៣​ឆ្នាំ​មក​ហើយ ក៏​ទ្រង់​ធ្វើ​រាជ​ពិធី​ប្រាប្ដា​ភិសេក ដោយ​យក​នាម​សំរាប់​រាជ​ថា សម្ដេច​ព្រះ​ជ័យ​ជេដ្ឋា​បរម​សុរិន្ទ​រាជា​ធិ​រាជ​រាមា​អិសូរ លើក​អង្គ​លី (អង្គ​អី​?) ជា​អគ្គ​មហេសី ហៅ​ថា​សម្ដេច​ព្រះ​ភគ​វតី​សិរី​ចក្រ​ពត្ដិ​មហា​ក្សត្រី​។ ពេល​នោះ​ព្រះ​អង្គ​នន់ បាន​ភៀស​ទៅ​សុំ​ជំនួយ​ទ័ព​យួន​មក​ច្បាំង​នឹង​ព្រះ​អង្គ​ទៀត​។ ទ័ព​យួន​ពីរ​ម៉ឺន​នាក់​បាន​លើក​មក​ដល់​ក្រុង​ភ្នំ​ពេញ តែ​ត្រូវ​បរា​ជ័យ​ថយ​ទៅ​ស្រុក​វិញ​អស់​។ ចំណែក​អង្គនន់ ទ្រង់​រត់​ចូល​បន្ទាយ​ស្រី​សន្ធរ​ការ​ពារ​ខ្លួន​។ ក្រោយ​មក​ដោយ​ឈឺ​ព្រះ​ទ័យ​ព្រោះ​បរាជ័យ​ច្រើ​ន​ដង​ពេក​ក៏​សុគត​ទៅ​ក្នុង​ព្រះ​ជន្មាយុ ៣៧​វស្សា​។
ចពោះ​ប្រតិ​បត្ដិ​ការ​ណ៍​សឹក​របស់​យួន​លើក​នោះ អែក​សារ​យួន​បាន​ផ្ដល់​ពត៌​មាន​ថា ដោយ​យួន​វាយ​សន្ធាប់​ខ្លាំង​ពេក ព្រះ​អង្គ​ស៊ូ​ទ្រង់​បាន​ថយ​ចូល​​​ការ​ពារ​ក្នុងប​ន្ទាយ ព្រះ​អង្គ​ទ្រង់​បាន​បញ្ជា​អោយ​នាសា Nac Sa(?) នាំ​គ្រឿង​បណ្ណា​ការ​ទៅ​ជួន​មេ​ទ័ព​យួន​ឈ្មោះ ម៉ាយ​វ៉ាន​-ឡុង (Mai Van Long) តែ​រាជ​ទូត​នោះ​ត្រូវ​ចាប់​ឃុំ​ជា​ឈ្លើយ​។ ដោយ​ហេតុ​នោះ​ព្រះ​អង្គ​បាន​បញ្ជា​ស្រ្ដី​រូប​ឆោម​ម្នាក់​ឈ្មោះ ជាម​ដៅ​លូអាត Chiêm Dao Luât(?) ជា​អ្នក​មាន​វោ​ហារ​ថ្វី​មាត់​អោយ​យក​វត្ថុ​មាន​តំលៃ​ដូច​មាស​ប្រាក់​ជា​ដើម​ ទៅ​ជូន​មេ​ទ័ព​យួន​ទៀត​។ មេទ័ព​នោះ​នៅ​តែ​តឿន​អោយ​ព្រះ​អង្គ​លើក​សួយ​សារ​អាករ​ទៅ​ថ្វាយ​។​ ព្រះ​អង្គ​បាន​បញ្ជា​ស្រ្ដី​ដដែល​នោះ អោយ​យក​មាស​ប្រាក់​ទៅ​សូក​ប៉ាន់​ថែម​ទៀត និង​សុំ​អោយ​រង់ចាំ​។ មេ​ទ័ព​ Van Long ជឿ​ពាក្យ​សន្យា មិន​ព្រម​លើក​ទ័ព​ចូល​វាយ​សោះ​។ មេ​ទ័ព​ម្នាក់​ទៀត​ឈ្មោះ​ង្វៀង ថាំង​សឺន (Nguyên Thang Son) ថ្វាយ​ដំណឹង​ទៅ​ស្ដេច​យួន​។ ព្រះ​អង្គ​ទ្រង់​ខ្ញាល់​ខ្លាំង ចាត់​អោយ​មេ​ទ័ព​ង្វៀង​ហ៊ីវ ហាវ (Nguyên Huu Hao) ទៅ​ជំនួស​។ មេ​ទ័ព​នោះ​បាន​លើក​ទ័ព​ទៅ​ បោះ​ជំរំ​នៅ Bich-Dôi(?) នៅ​គ.ស ១៦៩០។ ពេល​នោះ​ស្ដេច​យួន​បញ្ជូន​ទូត​អោយ​មក​ប្រាប់​ថា : «ប្រសិន​បើ​អង្គ​ស៊ូ ចង់​រួច​ទោស​ត្រូវ​លើក​សួយ​សា​មាន​ដំរី​ឈ្មោល ៥០ មាស ៥០០​តំលឹង ប្រាក់ ២០០០​តំលឹង កុយ​រមាស​៥០ ថ្វាយ​យ៉ាង​ប្រញាប់ បើ​ពុំ​នោះ​ទេ​ត្រូវ​លើក​ទ័ព​ចូល​វាយ​លុក​ភ្លាម»។ ព្រះ​អង្គ​ស៊ូ​ទ្រង់​បាន​បញ្ជា​អោយ​យក​ដំរី​តូច​២០ ក្បាល មាស ១០០​តំលឹង ប្រាក់​៥០០​តំលឹង ទៅ​ជូន​ង្វៀង ហ៊ីវ​ហាវ​។ មេ​ទ័ព​យួន​ភាក​ច្រើន​យល់​ថា ព្រះ​អង្គ​ស៊ូ មិន​ស្មោះ​ត្រង់​សុំ​ចូល​វាយ​លុក តែ​ព្រះ​អង្គ​បាន​បញ្ជា​អោយ​នាង​ ដៅ​លូ​អាន(?) ទៅ​អង្វ​រ​ករ​សុំ​អោយ​ពន្យារ​ពេល​ទៀត​។ មេ​ទ័ព​ង្វៀង​ហ៊ីវ​ហាវ យល់​ថា​យួន​មិន​បាច់​ច្បាំង​ក៏ស្ដេច​ខ្មែរ​ព្រម​ចំនុះ​ទៅ​ហើយ ដូច្នេះ​មិន​បាច់​វាយ​លុក​ធ្វើ​អ្វី​។ ចាប់​ពី​ពេល​នោះ​មក​ពួក​មេ​ទ័ព​យួន​បែក​បាក់​គ្នា​។ ព្រះ​អង្គ​ស៊ូ ទ្រង់​បញ្ជា​អោយ​នាង​ដៅ​លូអាន យក​ដង្វាយ​មាន​ដំរី​តូច ១០​ក្បាល កុយ​រមាស​៦ មាស​៥០​តំលឹង ប្រាក់ ១០០​តំលឹង​ទៅ​ជូន​បន្ថែម​ទៀត​។ ដោយ​ហេតុ​នោះ ទោះ​បី​ពួក​សេនា​សុំ​វាយ​លុក​យ៉ាង​ណា​ក៏​ដោយ​ក៏ ង្វៀង ហ៊ីវ​ហាវ ដ​កទ័​ពថយ​ទៅ​នៅ​ត្រង់​បារា​។ ស្ដេច​យួន​ខ្ញាល់​ខ្លាំង ទ្រង់​ដក​ហូត​បុណ្យ​សក្ដិ​ពី​មន្រ្ដី​រូប​នោះ​។
អែក​សារ​យួន​បាន​បញ្ជាក់​ទៀត​ថា ប្រតិ​បត្ដិ​ការណ៍​សឹក​នោះ​ឃើញ​ថា​បាន​ទទួល​ផល​ល្អ ដោយ​ព្រះ​អង្គ​ស៊ូ​ព្រម​ចំនុះ និង​ព្រម​លើក​សួយ​សារ​អាករ​ថ្វាយ​។ ជន​ជាតិ​យួន​ចូល​ទៅ​ក្នុង​ទឹក​ដី​ខ្មែរ​កាន់​តែ​ច្រើន​ឡើង​។ ទ័ព​យួន​យក​ដី​នោះ (បៀង​វ៉ា យ៉ា​ឌិញ) ចែក​ជា​តំបន់ ហើយ​ចាត់​មន្រ្ដី​អោយ​ឈរ​ត្រួត​ត្រា ​តែ​ក្រៅ​ផ្លូវ​ការ​នៅ​ឡើយ (៣៧)​។ នៅគ.ស ១៦៩០ ព្រះ​ជ័យ​ជេដ្ឋា ទ្រង់​មាន​បុត្រ​ជា​មួយ​អង្គលី (អង្គ​អី) នាម​ធម្ម​រាជា លើក​អង្គ​យ៉ង បុត្រ​ព្រះ​អង្គ​ជី​អោយ​នាម​ថា ឧទ័យ​រាជា ហើយ​ផ្សំ​​ផ្គំ និង​ព្រះ​សុជាតិ​ក្សត្រី (បុត្រី​អង្គ​នន់) ជា​ជាយា​។ ព្រះ​ឧទ័យ​រាជា​មាន​បុត្រ​នាម​អង្គ​តន់ ដែល​ត​មក​ទៀត​មាន​នាម​ថាអង្គ​ទង​។
លុះ​ស្រុក​បាន​សន្ដិ​ភាព​ឡើង​វិញ​ហើយ ព្រះ​ជ័យ​ជេដ្ឋា​ទ្រង់​បញ្ជា​អោយ​សើ​រើ​ច្បាប់​សំរាប់​រដ្ឋ ហើយ​រៀប​ចំឡើង​វិញ ដោយ​មាន​ការ​បន្ធូ​បន្ថយ​ទណ្ឌ​កម្ម​ដែល​លក្ខណ​ធ្ងន់​ហួស​ប្រមាណ និង​ការ​បំបាត់​ចោល​នូវ​ទោស​ប្រហារ​ជីវិត​បង់​ផង​។ ម្យ៉ាង​ទៀត​ព្រះ​អង្គ​ក៏​ទ្រង់​បាន​រៀប​ចំអោយ​មាន​រូប​មន្ដ​សំរាប់​ធ្វើ​សច្ចា​ប្រណិ​ធាន​ខាង​នយោបាយ និង​ខាង​តុលាការ​។
នៅ​គ.ស. ១៦៩២ ស្ដេច​ចាម​នាម បា​ត្រាញ់ មិន​ព្រម​លើក​សួយ​សារ​អាករ​ថ្វាយ​ស្ដេច​យួន​។ ស្ដេច​ង្វៀង តុក​ជូ បញ្ជា​អោយ​មេទ័ព​ង្វៀង ហ៊ីវ​គិញ លើក​ទ័ព​ទៅ​វាយ​ហើយ​ចាប់​បាន​។ រាជ​វង្សា​នុវង្ស​ចាម​នៅ​បឹង​វិច បឹង​រាំង​ដោយ​មាន​បរិវារ ៥០០០​នាក់ បាន​ភៀស​ចូល​សុំ​ជ្រក​កោន​នឹង​ព្រះ​ជ័យ​ជេ​ដ្ឋា​។ ព្រះ​អង្គ​ក៏​ទ្រង់​សន្ដោស​អោយ​ទៅ​នៅ​ត្បូង​ឃ្មុំ​ខ្លះ ស្ទឹង​ត្រង់​ខ្លះ ជ្រោយ​ចង្វា​ខ្លះ ព្រែក​ប្រា​ខ្លះ​។ នៅ​គ.ស ១៦៩៥ ព្រះ​អង្គ​ទ្រង់​បង្វែរ​រាជ​សម្បត្ដិ អោយ​ទៅ​ព្រះ​ភាគិនេយ្យ (ក្មួយ) ព្រះ​ឧទ័យ​រាជា (បុត្រ​អង្គជី)​។

                      II.            ព្រះបាទរាមាធិបតីទី២ អង្គយ៉ង គ.ស.១៦៩៥ - ១៦៩៦

ព្រះ​បាទ​ឧទ័​យ​រាជា កាល​មាន​ព្រះ​ជន្ម​២១​វស្សា ទ្រង់​បាន​ទទួល​រាជ​សម្បត្ដិ​ពី​បិតុលា​នៅ​ក្រុង​ឧដុង្គ​មាន​ជ័យ ទ្រង់​មាន​ព្រះនាម​ថា ព្រះ​បាទ​សម្ដេច​ព្រះ​នារាយណ៍​រាមា​ធិបតី ព្រះ​ឧទ័យ​រាជា​បរម​បពិត្រ​។ ព្រះ​អង្គ​ទ្រង់​លើក​ព្រះ​សុជាតិ​វតី ជា​អគ្គ​មហេសី​។ ព្រះ​អង្គ​ឡើង​សោយ​រាជ​បាន​តែ ១០​ខែ ទ្រង់​អា​ពាធ ហើយ​សោយ​ទីវង្គត​ទៅ​។

                  III.             ព្រះបាទជ័យជេដ្ឋាទី៣ រជ្ជកាលទី៣ ១៦៩៦ -១៦៩៩

កាល​ដាក់​រាជ​ថ្វាយ​ទៅ​ព្រះ​ឧទ័យ​រាជា​នោះ ព្រះ​បាទ​ជ័យ​ជេដ្ឋា​ទី​៣ បាន​ទ្រង់​ចេញ​ផ្នួស​បាន​៥​ថ្ងៃ រួច​លា​ផ្នួស​មក​វិញ​។ លុះ​ភាគិ​នេយ្យ​សោយ​ទីវង្គត​ទៅ ព្រះ​អង្គ​ឡើង​សោយ​រាជ្យ​ជា​លើក​ទី៣​។ នៅគ.ស. ១៦៩៧ ដោយ​មាន​ព្រះ​បំណង​ប្រ​មែ​ប្រ​មូល​រាជ​វង្សា​នុ​វង្ស ព្រះ​អង្គ​បាន​បញ្ជា​នាម៉ឺន​អោយ​លើក​គ្រឿង​ បណ្ណា​ការ​ទៅ​ថ្វាយ​ស្ដេច​យួន ដើម្បី​សុំ​ព្រះ​អង្គ​អិម​មក​វិញ​។ ព្រះ​អង្គ​ទ្រង់​សព្វ​ព្រះ​ទ័យ​លើក​អង្គ​អិម​ជា​កែវ​ហ្វា ហើយ​ទ្រង់​លើក​បុត្រី​ព្រះ​អង្គ​ព្រះ​នាម សម្ដេច​ព្រះ​មហា​ក្សត្រី អោយ​ជា​ទេពី​ទៀត​។ ក្រោយ​មក​ព្រះ​កែវ​ហ្វា​មាន​បុត្រ​នាម​អង្គ​ជី (សម្ដេច​ព្រះ​សត្ថា)។
នៅគ.ស.១៦៩៩ ឧក​ញ៉ា​​នវិ​ទ្ទ​អិម ជា​កូន ឧក​ញ៉ា​មហា​សេនា​មិញ ចូល​ចិត្ដ​ទូល​​ញុះ​ញង់​មន្រ្ដី​អែ​ទៀត ហើយ​មិន​កោត​ខ្លាច​ព្រះ​ចេស្ដា​ផង​។ ព្រះ​រាជា​ទ្រង់​ជេរ​បន្ទោស​ប្រ​ដៅ​ទូន្មាន​កុំ​អោយ​ប្រ​ព្រឹត្ដ​អាក្រក់​ទៀត​។ មន្រ្ដី​រូប​នោះ​នឹក​ខ្មាស​ព្រះ​ស្នំ​រក​ឧបាយ​កល​ក្បត់ ធ្វើ​ពុត​ជា​ឈឺ​ថ្វាយ​ត្រា​លា​ងារ​ចេញ​ពី​រាជ​កា​រ រួច​ទៅ​ធ្វើ​ជំនួញ​នៅ​ស្រុក​ក្រោម​ ជួប​នឹង​មន្រ្ដី​យួន​ក៏​និយាយ​ញុះ​ញង់​ថា ស្ដេច​ខ្មែរ​មិន​ប្រកប​ដោយ​ធម៌ ហើយ​យក​សៀម​ជា​មិត្ដ​គិត​វាយ​យួន​។ ម៉្លោះ​ហើយ​មន្រ្ដី​រូប​នោះ​ក៏​សុំ​អង្វរ​អោយ​យួន​ជួយ​បំរុង​ខ្លួន​ជា​ជំនួយ​កង​ទ័ព​ដើម្បី​ទៅ​វាយ​ព្រះ​រាជា​។
ស្ដេច​យួន​ព្រះ​នាម ហៀង តុង អោយ​លើក​ទ័ព ៤០០០០ នាក់ និង​ទូក ៥០០ (អែក​សារ​ខ្លះ​ថា​តែ ២០០០០​នាក់ ទៅ ​រហូត​ដល់​បឹង​ទន្លេ​សាប​។ ពេល​នោះ​ព្រះ​ជ័យ​ជេដ្ឋា និង​ពួក​បរិ​វារ​ភៀស​ទៅ​នៅ​ពោធិ​សាត់ ហើយ​កែន​ទ័ព​ប្រយុទ្ធ នឹង​យួន​វិញ​។ ទ័ព​ខ្មែរ​ត្រូវ​ចែក​ជា​២​កង : ១ស្ថិត​នៅ​ក្រោម​បញ្ជា​ការ​របស់​ព្រះ​ធម្ម​រាជា ព្រះ​រាជ​បុត្រ ១​ទៀត​នៅ​ក្រោម​បញ្ជា​ការ​របស់​អង្គ​អិម ព្រះ​ភាគិ​នេយ្យ​។ ទ័ព​ទាំង​២​កង ជើង​គោក​និង​ជើង​ទឹក លើក​ទៅ​ប្រ​សប់​​គ្នា​នៅ​កំពង់​ឆ្នាំង វាយ​ផ្ទប់​ហើយ​រុញ​ច្រាន​ទ័ព​យួន​អោយ​ថយ​ពី​ស្រុក​ខ្មែរ​តាម​ទន្លេ​មេ​គង្គ​(៤២) ប៉ុន្ដែ​វា​មិន​ត្រលប់​ទៅ​ស្រុក​យួន​វិញ​ទេ បែរ​ជា​ក្រាញ​នៅ​ក្នុង​ដី​ខ្មែរ​ត្រង់ ព្រៃ​នគរ កំពង់​ស្រកា​ត្រី បារា ដែល​លោក​ឧក​ញ៉ា​នវិទ្ទ​អិម បាន​សន្យា​ថា​ទុក​ជា​ថ្នូរ​នឹង​ជំនួយ​ទ័ព​យួន​សំរាប់​លោក​វាយ​នឹង​ជាតិ​អែង​នោះ (សូម​មើល​ផែន​ទី)​។
ចាប់​ពីពេល​នោះ​មក ស្ដេច​ហៀន តុង បាន​បញ្ជា​អោយ​លោក​ង្វៀង ហ៊ីវ​គិញ ចូល​មក​រៀប​ចំ​ទឹក​ដី​របស់​ខ្មែរ​ដែល យួន​ទើប​យក​ជា​កម្ម​សិទ្ធិ​របស់​គេ​នោះ​។ លោក​ក៏​យក​ស្រុក​ដូនណៃ បង្កើត​ជា​ស្រុក​ភឿក ឡុង យក​ដី​បៀង​វ៉ា បង្កើត​បន្ទាយ ត្រឹង បៀន បង្កើត​បន្ទាយ ភៀន ត្រឹង រួច​ស្ដេច​យួន​បញ្ជា​ប្រ​មែ​ប្រ​មូល​រាស្រ្ដ​ពី​ក្វាង​ប៊ិញ អោយ​ចូល​ទៅ​រស់​នៅ​លើក​ទឹក​ដី​ថ្មី បង្កើត​ជា​ភូមិ ជា​ស្រុក និង​ឆ្ការ​ព្រៃ​ធ្វើ​ស្រែ ធ្វើ​ចំការ​។ កាល​នោះ​ជន​ជាតិ​ចិន​ក៏​មាន​ចំនួន​កើន​ឡើង​កាន់​តែ​ច្រើន​ហើយ យួន​ក៏​បង្កើត​ស្រុក​ភូមិ​អោយ​ពួក​នោះ រួច​ចាប់​ផ្ដើម​ធ្វើ​នយោ​បាយ​សមាន​កម្ម : ជន​ជាតិ​ចិន​ដែល​នៅ​ត្រង់​ដី ត្រឹង​ បៀន​ និង ភៀន ត្រឹង គេ​តំរូវ​អោយ​ចូល​សញ្ជាតិ​យួន​ទាំង​អស់​(៣៧-៤០)​។
គួរ​គប្បី​បញ្ជាក់​ថា មន្រ្ដី​យួន​ទាំង​ប៉ុន្មាន​ដែល​មក​ឈរ​នៅ​ត្រង់​តំបន់​ខាង​លើ​នោះ​ត្រូវ​ឡើង​ទៅ​ជា​មេ​ទ័ព​ម្នាក់​ដែល​កាន់​កាប់​អំណាច​ខាង​យោធា​ផង និង​អំណាច​ខាង​រដ្ឋ​បាល​ផង ហើយ​ដែល​មាន​បញ្ជា​ការ​ដ្ឋាន​តាំង​នៅ​ព្រៃ​នគរ​។ ចំណែក​ទឹក​ដី​ខ្មែរ​នៅ​ត្រង់​មេសរ យួន​បាន​ដាក់​អំណាច​ត្រួត​ត្រា តែ​នៅ​ក្រៅ​ផ្លូវ​ការ​នៅ​ឡើយ​។ នៅ​ដំណាច់​គ.ស.១៦៩៩ ព្រះ​ជ័យ​ជេដ្ឋា​ទ្រង់​បង្វែរ​រាជ​សម្បត្ដិ​ថ្វាយ​ទៅ​ព្រះ​កែវ​ហ្វា​អង្គ​អិម ព្រះ​រាជ​បុត្រ​ប្រសារ​ដែល​ទ្រង់​បាន​ឈ្នះ​យួន​ហើយ​ចាប់​បាន​ទាំង ឧក​ញ៉ាន​វិទ្ទ​អិម​ទៀត​ផង។

                  IV.             ព្រះកែវហ្វាទី៣ អង្គអិម (១៦៩៩ - ១៧០០)

ព្រះ​កែវ​ហ្វា​អង្គ​អិម ឡើង​សោយ​រាជ្យ​ស្នង​ព្រះ​បិតុលា គង់​នៅ​រាជ​វាំង​តាក់​នៅ​ពោធិ​សាត់​។ ចំណែក​អែ​ព្រះ​ជ័យ​ជេដ្ឋា កាល​ដាក់​រាជ​នោះ ព្រះ​អង្គ​ចេញ​ទ្រង់​ព្រះ​ផ្នួស​នៅ​ក្នុង​វត្ដ​ពោធិ​មាន​បុណ្យ​បាន​៣​ថ្ងៃ ក៏​លា​ផ្នួស ទើប​សម្ដេច​ព្រះកែ​វ​ហ្វា លើក​រាជ​សម្បត្ដិ​ថ្វាយ​ព្រះ​អង្គ​ព្រះ​អង្គ​ទ្រង់​ទទួល​សោយ​រាជ្យ​សម្បត្ដិ​វិញ​។ អែក​សារ​ខ្លះ​និយាយ​ថា ដោយ​យល់​ថា​ព្រះ​បិតា​ក្មេក​មាន​គុណ​ទើប​ព្រះ​កែវ​ហ្វា ថ្វាយ​រាជ​សម្បត្ដិ​ព្រះ​អង្គ​វិញ ប៉ុន្ដែ​អែក​សារ​ខ្លះ​ទៀត​និយាយ​ថា ដោយ​ព្រះ​អង្គ​គ្មាន​សមត្ថ​ភាព​គ្រប់​គ្រង​រដ្ឋ ទើប​ព្រះ​បិតា​ក្មេក​យក​រាជ​មក​វិញ​(៩)​។

                      V.            ព្រះជ័យជេដ្ឋាទី៣ (រជ្ជកាលទី៤ : ១៧០០ -១៧០២)

ក្នុង​រជ្ជ​កាល​ទី​៤​នេះ មាន​ការ​​បះ​បោរ​របស់​មន្រ្ដី​ម្នាក់​ឈ្មោះ គិម ដែល​មាន​យួន​គាំ​ទ្រ​។ ដំបូង​ព្រះ​អង្គ​ត្រូវ​ភៀស​ទៅ​ពោធិ​សាត់​ជា​មួយ​ពួក​បរិវារ ក្រោយ​មក​មាន​ជ័យ​ជំនះ ហើយ​ចាប់​បាន​មេ​បះ​បោរ​នោះ​ទៀត​(៩)​។
អែក​សារ​យួន​មួយ​និយាយ​ថា នៅគ.ស. ១៧០០ មេ​ទ័ព​ជាតិ​ចិន​ឈ្មោះ ត្រឹង ធឿង​ស្វៀង ដែល​បាន​បំរើ​ស្ដេច​យួន បាន​ច្បាំង​ឈ្នះ​ខ្មែរ​ច្រើន​លើក (ជួយ​គាំ​ទ្រ​មន្រ្ដី​ឈ្មោះ​គិម​នោះ​រឺ​?) បាន​លើ​ទ័ព​មក​ដល់​បន្ទាយ​ប៊ិច​ដ័រ(?) និង​ភ្នំ​ពេញ​។ អង្គ​ស៊ូ​ដក​ថយ បន្ទាយ​ត្រូវ​វាយ​បែក ពួក​សេនា​ទាហាន​សុំ​ចុះ​ចាញ់​ មេ​ទ័ព​ង្វៀង​ហ៊ីវ​គិញ ចូល​បន្ទាយ​​លួង​លោម​ប្រជា​រាស្រ្ដ​។ ក្រោយ​មក​អង្គ​ស៊ូ ក៏​មក​សុំ​ចំណុះ​ទៀត​។ យួន​ក៏​ដក​ថយ​ទៅ​វិញ​អស់​(៣៧)​។ ចំពោះ​ព្រឹត្ដិ​ការណ៍​បែប​នេះ តើ​ការ​ពិត​ស្ថិត​នៅ​ត្រង់​ណា​? អែក​សារ​ខ្មែរ​មិន​ឃើញ​និយាយ​សោះ​។

                  VI.             ព្រះបាទស្រីធម្មរាជាទី៣ (១៧០២ -១៧០៣)

នៅ​គ.ស.១៧០២ ព្រះ​បាទ​ជ័យ​ជេដ្ឋា​ទី​៣ ដោយ​ឃើញ​ព្រះ​រាជ​បុត្រ​នាម ធម្ម​រាជា​ដែល​មាន​ព្រះ​ជន្ម​តែ ១២​វស្សា មាន​រិក​ពាស​មរម្យ​ក៏​បង្វែរ​រាជ្យ​ថ្វាយ ប៉ុន្ដែ​មិន​បាន​ធ្វើ​ពិធី​រាជា​ភិសេក​ទេ ព្រោះ​មាន​វ័យ​ក្មេង​ពេក​។ ក្រោយ​មក​មាន​ជន​សំរែ​ម្នាក់​ឈ្មោះ កៈ​ហ្រៀង នៅ​ស្រុក​កុលា​(ភូមា?) បាន​បះ​ប្រឆាំង​ព្រះ​រាជា​។ ដោយ​មាន​ការ​ថ្វាយ​យោ​បល់​ពី​មន្រ្ដី​ព្រះ​អង្គ​ទ្រង់​បញ្ជ​អោយ​លើក​ទ័ព​ទៅ​បង្ក្រាប​ជន​សំរែ​នាះ​បាន​នៅ​ជាយ​ខេត្ដ​ពោធិ​សាត់ ហើយ​យក​ទៅ​បញ្ចូល​ជា​ពល​រក្សា​ប្រាសាទ​នគរ​វត្ដ​។ នៅគ.ស. ១៧០៣ ព្រះ​រាជា​យាង​ពី​ពោធិ​សាត់​មក​គង់​នៅ​រាជ​ធានីឧដុង្គ​វិញ​។ លុះ​គ្រង​រាជ​បាន ១​ឆ្នាំ ព្រះ​អង្គ​ ទ្រង់​លើក​រាជ​ថ្វាយ​ទៅ​ព្រះ​បិតា​វិញ​។

               VII.            ព្រះបាទជ័យជេដ្ឋាទី៣ រជ្ជកាលទី៥ ១៧០៣ - ១៧០៦

នៅគ.ស.១៧០៤ រាជ​វង្សា​នុវង្ស​លាវ​មួយ​អន្លើ​ដាយ​បរិវារ ៥០០០​នាក់ បាន​ភៀស​មក​សុំ​ជ្រក​កោន​នឹង​ព្រះ​រាជា​ខ្មែរ​។ ព្រះ​អង្គ​ទ្រង់​សព្វ​ព្រះ​ទ័យ​ទទួល​អោយ​ទៅ​រស់​នៅ​ក្នុង​ខេត្ដ​បាទី​នៅ​ជិត​ភូមិ​លាវ ដែល​ជា​ឈ្លើយ​ខ្មែរ​តាំង​ពី​សម័យ​លង្វែក​មក​ម៉្លេះ​។ អែ​ហេតុ​ដែល​នាំ​អោយ​មាន​ការ​ភៀស​ខ្លួន​នោះ​ មក​ពី​កាល​ណោះ​នៅ​រាជា​ណា​ចក្រ​វៀង​ចន្ទន៍ មាន​កើត​ចំបាំង​គ្នា​អែង​ក្នុង​ស្រុក​តាំង​ពី គ.ស ១៧០០​ម៉្លេះ​។ ទេសា​ភិបាល​ក្រុង នាក់​ហូន Nahône ឈ្មោះ​ ណាន​ថា​រាត Nan Tharat បាន​បះ​ដណ្ដើម​រាជ​សម្បត្ដិ​សោយ បណ្ដាល​អោយ​មាន​ការ​វឹក​វរ​ក្នុង​ផ្ទៃ​ប្រ​ទេស​។ លុះ​ព្រះ​រាជ​បុត្រ​មាន​ព្រះ​ជន្ម ​១៦វស្សា​ហើយ ព្រះ​រាជា​ដាក់​រាជ​ថ្វាយ​ម្ដង​ទៀត​។

           VIII.            ព្រះបាទធម្មរាជាទី៣ រជ្ជកាលទី២ ១៧០៦ - ១៧០៩

ព្រះ​អង្គ​ធ្វើ​ពិធី​អភិ​សេក​ឡើង​សោយ​រាជ ដោយ​មាន​ព្រះ​នាម​សំរាប់​រាជ​ថា ព្រះ​ស្រី​ធម្ម​រាជា​ធិ​រាជ​រាមា​ធិបតី​បរម​បពិត​។ អែ​ព្រះ​បិតា​ដែល​ដាក់​រាជ​នោះ​ទ្រង់​មាន​ឋានៈ​ជា​ក្សត្រិយ៍ ឧភ​យោ​រាជ​។ នៅ​គ.ស. ១៧០៦ ព្រះ​ម៉ែ​នាង​ស្រី​បុប្ផា​ប្រសូត​បុត្រ​នាម​អង្គ​អិម​។ នៅ​គ.ស. ១៧០៧ ព្រះ​អង្គ​ទង មាន​បុត្រ​នាម​អង្គ​សូរ ក្រោយ​មក​មាន​នាម​ថា ឧទ័យ​រាជា​។ ចំណែក​អែ​ព្រះ​ម្នាង​ជាតិ​ក្សត្រី មាន​បុត្រ​នាម​អង្គ​ចន្ទ (អែក​សារ​ខ្លះ​ហៅ​ថា ចៅ​ពញា​ចន្ទ) ក្រោយ​មក​មាន​នាម​ហៅ​ថា បទុម​រាជា និង​ព្រះ​កែវ​ហ្វា​។​
នៅគ.ស. ១៧០៧ ដដែល ដោយ​ឃើញ​ថា​ផ្ទៃ​ក្នុង​របស់​ខ្មែរ នៅ​តែ​មាន​ភាព​ច្របូក​ច្របល់​ដដែល ចិន​ឈ្មោះ​ម៉ាគីវ បាន​លើក​ដង្វាយ​សំដែង​ភក្ដី​ភាព​ចំពោះ​ស្ដេច​ង្វៀង ហើយ​ទូល​សុំ​ធ្វើ​ចៅ​ហ្វាយ​ខេត្ដ​ពាម​។ ស្ដេច​ហៀន តុង ទ្រង់​យល់​ព្រម​តាម​សំណើ​នោះ​។ ដូច្នេះ​ចាប់​ពី​គ.ស. ១៧០៧ ភូមិ​ភាគ​ ពាម​ ក៏​បាន​ក្លាយ​ទៅ​ជា​សាមន្ដ​រ​ដ្ឋ​យួន​។ ពេល​នោះ​មាន​ជន​ជាតិ​យួន​បាន​ចូលមក​​រស់​នៅ​​រាយ​បាយ​លើ​ទឹក​ដីខ្មែរ​។ ស្ដេច​ហៀង តុង ទ្រង់​ចាត់​អោយ​សេនា​ទៅ​ ប្រមែ​ប្រ​មូល​ពួក​នោះ ចែក​ដី​ធ្លី​អោយ​ដើម្បី​បង្កើត​ភូមិ : លើក​លែង​មិន​អោយ​បំពេញ​កិច្ច​ការ​ខាង​កំណែន​ផ្សេង​ៗ ខាង​យោធា​ហើយ​មិន​បាច់​បង់​ពន្ធ​ក្នុង​រយៈ​ពេល​៣​ឆ្នាំ​។
នៅគ.ស.១៧០៩ ព្រះ​ម៉ែ​នាង​ស្រី​បុប្ផា ប្រ​សូត្រ​បុត្រ​នាម អង្គ​ស្ងួន​។ នា​ឆ្នាំ​នោះ​ព្រះ​ធម្ម​រាជា ដោយ​មាន​ព្រះ​បំណង​ធ្វើ​ការ​ត្រួត​ពិនិត្យ​ពួក​លាវ ដែល​ភៀស​ខ្លួន​មក​នៅ​ក្នុង​ខេត្ដ​បាទី​នោះ ទ្រង់​បញ្ជា​អោយ​ប្រមូល​ពួក​នោះ ទៅ​រស់​នៅ​មូល​គ្នា​អែ​កោះ​រាម​វិញ តែ​ពួក​នោះ​មិន​យល់​ព្រម បែរ​ជា​បះ​បោរ​ប្រ​ឆាំង​នឹង​ព្រះ​រាជ​បញ្ជា​។ ព្រះ​រាជា​ទ្រង់​បង្គាប់​អោយ​លើក​ទ័ព​ទៅ​បង្ក្រាប​បំបែក​ពួក​នោះ​ជា​៣ក្រុម​៖
- ១ក្រុមរត់ទៅព្រៃលើ
- ១ក្រុមរត់ទៅនៅស្រុកក្រោម
- ១ក្រុមរត់ទៅចូលព្រះកែវហ្វាអង្គអិម ដែលត្រូវដាក់រាជនៅគ.ស. ១៧០០នោះ។
ស្ដេច​អង្គ​នេះ​ទំនង​ជា​មាន​គំនុំ នឹង​ព្រះ​បិតុ​លា (ជ័យ​ជេ​ដ្ឋា​ទី៣​) ក្នុង​ការ​ដែល​ព្រះ​អង្គ​ទ្រង់​បាន​យក​រាជ​សម្បត្ដិ​ទៅ​វិញ​នោះ បាន​ចូល​ដៃ​ជា​មួយ​ស្ដេច​មួយ​អង្គ​ទៀត​នាម​សុគន្ធ​បទ ហើយ​បំបះ​បំបោរ​ពួក​លាវ​ដែល​ត្រូវ​បាន​យួន​ផ្ដល់​ជំនួយ​ទ័ព ២០០០០​នាក់​។ ម្យ៉ាង​ទៀត​ព្រះ​អង្គ​អិម​ទ្រង់​ចាត់​អោយ​ទៅ​បញ្ចុះ​បញ្ចូល​រាស្រ្ដ​ព្រៃ​លើ មាន​កួយ​សំរែ បាន​ពល ១០០០០​នាក់​ទៀត លើក​ទៅ​វាយ​បាន​ខេត្ដ​ខាង​កើត រួច​ឆ្លង​ទន្លេ​យក​ទ័ព​ទៅ​លោម​ព័ទ្ធ​វាំងឧដុង្គ (គ.ស. ១៧១០)​។ ក្រោយ​ពី​ពេល​តស៊ូ​រយៈ​ពេល​៣​ខែ ព្រះ​ធម្ម​រាជា បាន​ភៀស​ព្រះ​អង្គ​ទៅ​ប្រ​ទេស​សៀម​ក្នុង​ពេល​រាត្រី ជា​មួយ​នឹង​ព្រះ​អង្គ​ទង (បុត្រ​ព្រះ​ឧទ័យ​ រាជា​អង្គ​យ៉ង​) និង​ព្រះ​រាជ​បុត្រ​ព្រះ​អង្គ គឺ​អង្គ​អិម​។ ដូច្នេះ​នេះជា​លើក​ទី​២​ហើយ​ដែល​មាន​ស្ដេច​ខ្មែរ​បាន​រត់​ទៅ​ពឹង​ពាក់​អោយ​សៀម​ជួយ​យក​អាសារ។ ស្ដេច​ទី​១ គឺ​ចៅ​ពញា​ចន្ទ រឺ​ចន្ទ​រាជា​។

                  IX.             ព្រះកែវហ្វាទី៣ អង្គអិម រជ្ជកាលទី២ ១៧១០ - ១៧២២

លុះ​ព្រះ​ធម្ម​រាជា ភៀស​ចេញ​ទៅ​បាត់​ហើយ មន្រ្ដី​ទាំង​ឡាយ​ក៏​អញ្ជើញ​អង្គ​អិម ឡើង​គ្រង​រាជ្យ​ស្នង​ព្រះ​អនុជ​។ ប៉ុន្ដែ ៤​ឆ្នាំ​ក្រោយ​មក​ទៀត​ទើប​ព្រះ​អង្គ​ធ្វើ​ពិធី​អភិ​សេក​ដោយ​មាន​ព្រះ​នាម​សំរាប់​រាជ​ថា ព្រះ​អង្គ​អិម​សម្ដេច​ព្រះ​កែវ​ហ្វា​។
នៅគ.ស.១៧១៤ ព្រះ​ចៅ​ក្រុង​ស្រី​អយុធ្យា ទ្រង់​ចាត់​អោយ​មន្រ្ដី​២​នាក់ គឺ​ចៅ​ពញា​ពល​ទេព និង​ពញា​សភា​វតី ជា​មួយ​នឹង​កង​ទ័ព ១៥០០០នាក់​នាំ​ស្ដេច​ទាំង​៣​អង្គ​មក​ចង​ស្ពាន​មេត្រី​។ ពេល​យាង​មក​ដល់​ក្រុង​បាត់​ដំបង សម្ដេច​ព្រះ​កែវ​ហ្វា ព្រះ​អង្គ​មិន​ព្រម​ទទួល​ជា​ផ្លូវ​មេ​ត្រី ក៏​ត្រ​លប់​ទៅ​ក្រុង​អយុធ្យា​វិញ​។ បន្ទាប់​ពី​នោះ ព្រះ​កែវ​ហ្វា​អង្គ​អិម ទ្រង់​បាន​ប្រ​គល់​រាជ​សម្បត្ដិ​អោយ សម្ដេច​ព្រះ​អគ្គ​មហេ​សី ហើយ​ទ្រង់​ផ្នួស​បាន​៣​ថ្ងៃ រួច​ព្រះ​អង្គ​លា​ផ្នួស​វិញ​។
នៅគ.ស.១៧១៥ ដោយ​មាន​ការ​គាំ​ទ្រ​ពី​ព្រះ​ចៅ​សៀម​ផង ព្រះ​អង្គ​ទង ត្រូវ​ចាត់​អោយ​លើក​ទ័ព​ចូល​មក​ដល់​ខេត្ដ​ពោធិ​សាត់ ដែល​មាន​ប្រជា​រាស្រ្ដ​ភាគ​ច្រើន នៅ​ស្រ​លាញ់​រាប់​អាន​ព្រះ​ធម្ម​រាជា​នៅ​ឡើយ​។ លុះ​ទ្រង់​ទទួល​ពត៌​មាន​ថា​រាស្រ្ដ​នៅ​ពោធិ​សាត់​បះ​ប្រ​ឆាំង​ព្រះ​អង្គ​ហើយ​ ព្រះ​កែវ​ហ្វា​អង្គ​អិម​ ទ្រង់​បញ្ជា​អោយ​ទ័ព​យួន​លើក​ទៅ​វាយ​។ ព្រះ​អង្គ​ទង​ត្រូវ​របួស​ថយ​ទៅ​នៅ​រិស្សី​សាញ រង់​ចាំ​ជំនួយ​ទ័ព​មក​ពី​ប្រ​ទេស​សៀម​។
ពីគ.ស.១៧១៩ ដល់ ១៧២២ ព្រះ​ចៅ​សៀម​ទ្រង់​បញ្ជា​អោយ​លើក​ទ័ព​ជើង​ទឹក​៥០០០​នាក់​មក​វាយ​ខេត្ដ​ពាម និង ទ័ព​ជើង​គោក ១០​០០០នាក់​ នាំ​ព្រះ​ធម្ម​រាជា និង​ព្រះ​រាជ​បុត្រ​ត្រលប់​ចូល​ប្រ​ទេស​ខ្មែរ​ម្ដង​ទៀត​។ ទ័ព​ជើង​ទឹក​របស់​សៀម​ត្រូវ​មេ​ទ័ព​ជាតិ​ចិន​ម្នាក់​ឈ្មោះ ម៉ាក គីវ​វាយ​អោយ​ថយ​ទៅ​វិញ​ ប៉ុន្ដែ​ទ័ព​ជើង​គោក​បាន​ជំរុល​ទៅ​ដល់​ក្រុង​ឧដុង្គ​។
ដោយ​ឃើញ​ស្ថាន​ភាព​ដុន​ដាប​ពេក​ហើយ ហើយ​ក្រោយ​ពី​ពិគ្រោះ​ជា​មួយ​ពួក​មន្រ្ដី សម្ដេច​ហ្វា​ទ្រង់​ចាត់​មន្រ្ដី​ជាន់​ខ្ពស់​ម្នាក់​ទៅ​ធ្វើ​ការ​ចរ​ចា​ជា​មួយ​មេ​ទ័ព​សៀម សុំ​ចង​ស្ពាន​មេត្រី ហើយ​ព្រម​នាំ​រាជ​សារ​ដំបារ​មាស​ឡើង​សៀម​តាម​ទំនៀម​(?)​។ ដោយ​ឃើញ​ថា ព្រះ​កែវ​ហ្វា ព្រម​ផ្ដល់​អត្ថ​ប្រ​យោជន៍​ច្រើន​ដល់​ជាតិ​គេ សៀម​យល់​ព្រម ហើយ​នាំ​ស្ដេច​ខ្មែរ​អភ័ព្វ​ទាំង​៣​ត្រលប់​ចូល​ស្រុក​សៀម​វិញ​អស់​។

                      X.            ព្រះបាទសត្ថាទី២ អង្គជី (រជ្ជកាលទី១ : ១៧២២ - ១៧២៩)

នៅ​គ.ស. ១៧២២ ព្រះ​កែវ​ហ្វា​អង្គ​អិម ទ្រង់​បង្វែរ​រាជ​សម្បត្ដិ​អោយ​រាជ​បុត្រ​នាម​អង្គជី​។ព្រះ​អង្គ​មាន​នាម​សំរាប់​រាជ​ថា សម្ដេច​ព្រះ​សត្ថា សោយ​រាជ្យ​នៅ​ក្រុង​ឧដុង្គ លើក​សម្ដេច​ព្រះ​ស្រី​សុជា​តា បុត្រី​ជ័យ​ជេដ្ឋា​ជា​អគ្គ​មហេសី​។ ពេល​នោះ​ប្រជា​ជន​នៅ​នាង​ផ្អែក បះ​បោរ​ប្រឆាំង​នឹង​ព្រះ​អង្គ ព្រះ​អង្គ​ទ្រង់​អោយ​លើក​ទ័ព​ទៅ​បង្រ្កាប​រាប​ទាប​វិញ នៅគ.ស.១៧២៩ ព្រះ​សត្ថា​ទ្រង់​លើក​រាជ​សម្បត្ដិ​ថ្វាយ​ទៅ​ព្រះ​បិតា​វិញ​។ ព្រះ​អង្គ​ក៏​ព្រម​ទទួល​ឡើង​សោយ​រាជ្យ​ជា​លើក​ទី៣​។

                  XI.             ព្រះកែវហ្វាទី៣ អង្គអិម រជ្ជកាលទី៣ : ១៧២៩

ព្រះ​អង្គ​សោយ​រាជ្យ​បាន​តែ ៧​ខែ ហើយ​មាន​ព្រះ​នាម​សំរាប់​រាជ​ថា ព្រះ​បាទ​សម្ដេច ស្ដេច​ព្រះ​ជ័យ​ជេដ្ឋា​ធិ​រាជ​រាមាឥសូរ​កំពូល​លោកី​យត្រី​ត្រៃ​ភាវ​នាថ​។ នៅ​ដំណាច់​គ.ស. ១៧២៩ ព្រះ​អង្គ​ទ្រង់​បង្វែរ​រាជ​អោយ​រាជ​បុត្រ​សារ​ជា​ថ្មី​ម្ដង​ទៀត​។

               XII.            ព្រះបាទសត្ថាទី២ អង្គជី រជ្ជកាលទី២ ១៧២៩ - ១៧៣៧

ព្រះ​អង្គ​មាន​នាម​សំរាប់​រាជ​ថា ព្រះ​បាទ​សម្ដេច​ស្ដេច​ព្រះ​រាជ​អោង្ការ​ព្រះ​បរម​រាជា​ធិ​រាជ​រាមា​ធិប​តី​។​ ព្រះ​បិតា​ទ្រង់​ស្ថិត​ជា​ឧប​យោ​រាជ​។ នៅ​គ.ស.១៧៣០ មាន​លាវ​ម្នាក់​នៅ​ប្រសូត​បា​ភ្នំ តាំង​ខ្លួន​ជា​អ្នក​មាន​បុណ្យ​ធម្មិក​ជន​។ មាន​ខ្មែរ​ជា​ច្រើន​ជឿ​តាម លាវ​នោះ​ក៏​លើក​ទៅ​វាយ​យួន​រហូត​ដល់​ព្រៃនគរ​។​ ស្ដេច​ទុក តុង បញ្ជា​អោយ​មេ​ទ័ព​ឈ្មោះ ទ្រឿង ភឿក​វិញ លើក​ទ័ព​ទៅ​បង្រ្កាប​(៣៧)​។ ពួក​នោះ​បាក់​ទ័ព​ថយ​ចូល​ស្រុក​ខ្មែរ​វិញ តែ​បាន​សំលាប់ រង្គាល​ជន​ជាតិ​យួន​ទាំង​ឡាយ​ដែល​ខ្លួន​បាន​ជួប​ប្រទះ​។ លុះ​ទ្រង់​ជ្រាប​ពី​ឧប្បត្ដិ​ហេតុ​ខាង​លើ​នោះ ព្រះ​សត្ថា​ទ្រង់​បញ្ជា​អោយ​លើក​ទ័ព​ទៅ​បង្ក្រាប​អោយ​រាប​វិញ​អស់​។ ប៉ុន្ដែ​នៅ​ឆ្នាំ​ក្រោយ (គ.ស.១៧៣១) យួន​បាន​លើក​ទ័ព​មក សង​សឹក​ខ្មែរ​រហូត​ដល់​ក្រុង​ភ្នំពេញ​។ ព្រះ​សត្ថា​ទ្រង់​ថយ​ទ័ព​ទៅ​នៅ​ពាម​ក្រែង (ស្រី​ស​ឈរ) សិន​។ លុះ​កែន​ទ័ព​បាន​គ្រប់​ល្មម​ហើយ ព្រះ​អង្គ​ទ្រង់​លើក​មក​វាយ​យួន​ថយ​ទៅ​វិញ​អស់​។
ក្រោយ​មក​ស្ដេច​យួន​ បាន​បញ្ជា​អោយ​លើក​ទ័ព​មក​ច្រើន​ជាង​មុន​ទៀត​។ ព្រះ​សត្ថា​ទ្រង់​ថយ​ទៅ​គង់​នៅ ពាម​ក្រ​បៅ (អាសន្ទុក) កែន​ទ័ព​រួច​លើក​ទៅ​ប្រ​យុទ្ធ​នឹង​យួន​។ ខ្មែរ​មាន​ជ័យ​ជំនះ​ទៀត​។ ក្រោយ​ពី​នោះ ព្រះ​សត្ថា និង​រាជ​វង្សា​នុ​វង្ស​យាង​ទៅ​គង់​នៅ​លង្វែក​វិញ​។ ចំពោះ​ព្រឹត្ដិ​ការណ៍​ខាង​លើ អែក​សារ​យួន​(៣៧) បាន​និយាយ​ថា ព្រះ​សត្ថា​ដោយ​ខ្លាច​មាន​ទោស​កំហុស​ធ្លាក់​ទៅ​លើ​​ព្រះ​អង្គ ក៏​បាន​ថយ​ទៅ​សឺន​បួ ហើយ​ទ្រង់​ផ្ញើ​សារ​លិខិត​ទៅ​មេ​ទ័ព​យួន​ថា សុំ​អោយ​ពន្យា​ពេល​ដើម្បី​ព្រះ​អង្គ​បង្រ្កាប​ជន​បះ​បោរ​។ ប៉ុន្ដែ​ពួក​បះ​បោរ​នៅ​តែ​បន្ដ​សកម្ម​ភាព​សំលាប់​យួន​ដដែល​។ មេ​ទ័ព​យួន​ឈ្មោះ​ទ្រឿង ភឿក​ វិញ​ បាន​បន្ទោស​ព្រះ​សត្ថា​ថា ចូល​ដៃ​នឹង​ពួក​បះ​បោរ​។ ព្រះ​អង្គ​ភិត​ភ័យ​ខ្លាំង​ទ្រង់​ថយ​ទៅ​សឺន​បួរ​(?) ទ្រង់​បញ្ជា​អោយ​យក​វត្ថុ​មាន​តំលៃ​ទៅ​សូក​ប៉ាន់ ដើម្បី​ទុក​ពេល​អោយ​ព្រះ​អង្គ​បង្ក្រាប​ពួក​បះ​បោរ​។ ទ័ព​យួន​វាយ​លុក​ចូល​ដល់ Lôvet (អង្គរ​វត្ដ) ព្រះ​សត្ថា​ទ្រង់​ប្រើ​ឧបាយ​សំលាប់​បាន​ពួក​លាវ​បះ​បោរ​ រួច​ចេញ​សារ​ភាព​ទទួល​ទោស​នៅ​ចំពោះ​ទ័ព​យួន​។ ទ័ព​យួន​ក៏​ដក​ថយ​វិញ​អស់​ទៅ​។
ប្រ​ភព​យួន​ដដែល​បាន​បញ្ជាក់​ថា ក្រោយ​ពី​បាន​ជ័យ​ជំនះ​ក្នុង​ការ​បង្ក្រាប​ពួក​បះ​បោរ​នោះ​ហើយ ស្ដេច​យួន​នាម ទុក តុង តំរូវ​អោយ​ព្រះ​សត្ថា​លើក​អោយ​យួន ២​ខេត្ដ គឺ​ខេត្ដ​មេសរ និង​លង់​ហោរ (គ.ស. ១៧៣២) ដោយ​យក​លេស​ថា ដើម្បី​ការ​ពារ​ជន​ជាតិ​យួន​ដែល​បាន​ទៅ​រស់​នៅ​ជា​ច្រើន​ត្រង់​តំបន់​នោះ​ហើយ​(៤២)​។
ដូច្នេះ​ជន​ជាតិ​យួន​បាន​ចូល​ដល់​ទន្លេ​មេគង្គ ហើយ​ក្នុង​ដំណើរ​សំរុក​មក​ទិស​ខាង​ត្បូង​របស់​ខ្លួន​។ នៅ​ក្នុង​ខេត្ដ​លង់ ហោរ យួន​បាន​បង្កើត​បន្ទាយ ឡុង ហោ ចំណែក​មេ​សរ​នៅ​រក្សា​លក្ខន្ដិកៈ​ចាស់​ដដែល​។ ចំណែក​ឯ​ព្រះ​ធម្ម​រាជា កាល​ដែល​យាង​ទៅ​គង់​នៅ​ឯ​ក្រុង​អយុធ្យាឯ​ណោះ​ មាន​ម្នាង​សៀម​ឈ្មោះ ម៉ម​រ៉ត ហើយ​មាន​បុត្រា​២​អង្គ និង​បុត្រី ១​អង្គ គឺ អង្គ ហ៊ីង, អង្គ​ដួង, អង្គ​សោ​ភាក្សត្រី​។
នៅគ.ស. ១៧៣៥ ព្រះ​អង្គ​ទ្រង់​ប្រ​ទាន​ដល់​រាជ​បុត្រ​អង្គ​អិម នូវ​នាម​ធម្ម​រាជា ដូច​ព្រះ​អង្គ​ដែរ​។ បន្ទាប់​មក​ព្រះ​ធម្ម​រាជា បុត្រ​ទ្រង់​បាន​សូម​អនុញ្ញាត​ពី​ព្រះ​ចៅ​សៀម​អោយ​ព្រះ​អង្គ​បាន​វិល​ត្រលប់​ចូល​មាតុ​ភូមិ​វិញ ដើម្បី​គិត​ការ​ដែន​ដី​។ លុះ​ព្រះ​ចៅ​សៀម​ទ្រង់​បាន​យល់​ព្រម​តាម​សំនើ​ហើយ ព្រះ​អង្គ​ក៏​យាង​ទៅ​គង់​ត្រង់​តំបន់​នគរ​រាជ​សីមា បញ្ជូន​ទូត​ទៅ​ចរ​ចា​សុំ​ចង​ស្ពាន​មេ​ត្រី​ជា​មួយ​ព្រះ​សត្ថា តែ​ពុំ​បាន​ផល​អ្វី​សោះ ព្រះ​អង្គ​ក៏​គង់​នៅ​នគរ​រាជ​សីមា​នោះ​សិន​ទៅ​។
គួរ​គប្បី​ជ្រាប​ថា នៅ​គ.ស. ១៧៣៥ ដដែល​នោះ ចិន​ឈ្មោះ​ម៉ាក គីវ ដែល​ឈរ​ត្រួត​តំបន់​មាត់​សមុទ្រ​ខ្មែរ​បាន​ទទួល​មរណ​ភាព​។ ស្ដេច​យួន​នាម ទុក តុង ទ្រង់​លើក​អោយ​កូន​លោក​ឈ្មោះ ម៉ាក ធៀង​ទី ដែល​មាន​ម្ដាយ​ជាតិ​យួន ឡើង​កាន់​តំណែង​ជា​ជំនួស​ឳពុក​។ កាល​ណោះ​តំបន់​ពាម បាន​ក្លាយ​ទៅ​ជា​តំបន់​ពាណិជ្ជ​កម្ម​មួយ​យ៉ាង​សំខាន់​។ ដោយ​ហេតុ​នោះ​ស្ដេច​យួន​ទ្រង់​ប្រទាន​អោយ​សំពៅ​ធំ​ ៣​គ្រឿង​សំរាប់​ទាក់​ទង​ជា​មួយ​នឹង​បរ​ទេស​។ មន្រ្ដី​រូប​នោះ ក៏​បាន​កែន​ទ័ព​សង់​បន្ទាយ សង់​ផ្សារ សង់​ក្រុង​។ កប៉ាល់​បរ​ទេស​ចេញ​ចូល​ធ្វើ​ជំនួញ​កាន់​តែ​ច្រើន​ឡើង​ៗ​។ ចំណែក​លោក​ក៏​បាន​បញ្ជូន​ទំនិញ​ចេញ​ទៅ​លក់​ដល់​ប្រ​ទេស​ជប៉ុន​ឯ​ណោះ​(៣៧​)​។
នៅគ.ស.១៧៣៦ ព្រះ​សត្ថា​ទ្រង់​មាន​ព្រះ​ទ័យ​សង្ស័យ​លើក​រូប​អគ្គ​មហេ​សី​ផ្ទាល់​របស់​ព្រះ​អង្គ​គឺ សម្ដេច​ព្រះ​ស្រី​សុជា​តា និង​ក្សត្រ​បី​អង្គ​៖ អង្គ​សូរ បុត្រ​ព្រះ​អង្គ​ទង ដែល​ភៀស​ទៅ​សៀម អង្គ​ស្ងួន និង​អង្គ​ចន្ទ បុត្រ​ព្រះ​ធម្ម​រាជា​ទី ៣ ដែល​ភៀស​ទៅ​សៀម​ដែរ ថា​មាន​គំនិត​ក្បត់​ចំពោះ​ព្រះ​អង្គ ទើប​ព្រះ​អង្គ​យាង​ទៅ​ស្ថិត​នៅ​ក្រុង​ភ្នំ​ពេញ​ហើយ បញ្ជា​អោយ​មនុស្ស​មក​ព័ទ្ធ​ដើម្បី​ធ្វើ​គត​ស្ដេច​ទាំង ៤​អង្គ​នោះ​។ ប៉ុន្ដែ​ក្សត្រា​ទាំង​៣​អង្គ បាន​ប្រ​មូល​រាស្រ្ដ​នៅ​ក្រុង​លង្វែក ហើយ​លើក​មក​ប្រយុទ្ធ​នឹង​ព្រះ​សត្ថា ហើយ​មាន​ជ័យ​ជំនះ​។ ព្រះ​សត្ថា​ទ្រង់​ភៀស​ព្រះ​អង្គ​ទៅ​ប្រទេស​យួន ជា​មួយ នឹង​ព្រះ​អនុជ​ពៅ​នាម​អង្គ​អិម (អែក​សារ​ខ្លះ​ថា អង្គ​អ៊ីង) នៅ​គ.ស.១៧៣៧។
បន្ទាប់​ពី​នោះ ក្សត្រ​តាំង​បី​ទ្រង់​បាន​ចាត់​វិធាន​ការ​ផ្សេង​ៗ ដើម្បី​ទប់​ទល់​នឹង​ការ​វិល​ត្រលប់​មក​វិញ​របស់​ព្រះ​សត្ថា ដែល​គេ​ជឿ​ជាក់​ថា​ មុខ​ជា​មាន​ទ័ព​យួន​ជួយ​ជា​មិន​ខាន​។ ម៉្លោះ​ហើយ​ព្រះ​អង្គ​ស្ងួន​យាង​ទៅ​គង់​នៅ​បាភ្នំ ត្រើយ​ខាង​កើត អែ​ព្រះ​អង្គ​ចន្ទ​យាង​ទៅ​គង់​នៅ​ត្រើយ​ខាង​លិច រង់​ចាំ​ផ្លូវ​ទ័ព​យួន​ដែល​នឹង​លើក​មក​តាម​ផ្លូវ​ទឹក​។ នៅ​ពេល​ជា​មួយ​គ្នា​នោះ​ព្រះ​ធម្ម​រាជា បុត្រ​អង្គ​អិម​ទ្រង់​កែន​អ្នក​ស្រុក​ភ្នំ​នៅ​តំបន់​នគរ​រាជ​ ហើយ​លើក​មក​យក​ខេត្ដ​នគរ​វត្ដ បាន​យ៉ាង​ងាយ​។ ចំណែក​អែ​ព្រះ​ចៅ​សៀម លុះ​ទ្រង់​ជ្រាប​ពី​ស្ថាន​ការណ៍​នៅ​ស្រុក​ខ្មែរ​ហើយ ទ្រង់​បាន​អនុញ្ញាត​អោយ​ព្រះ​ធម្មរា​ជា​(បិតា) ត្រ​លប់​មក​វិញ មក​ឡើង​គោក​នៅ​ត្រង់​កំពត ជា​មួយ​ទ័ព​៣០០០​នាក់ និង​អនុញ្ញាត​អោយ​ព្រះ​អង្គ​ទង លើក​ទ័ព ២០០០​នាក់ ឆ្ពោះ​ទៅ​នគរ​រាជ ជា​ទី​កន្លែង​ដែល​ព្រះ​អង្គ​កែន​ទ័ព​បាន​៨០០ នាក់​ជា​បន្ថែម ហើយ​លើក​ទៅ​ជួយ​ព្រះ​ធម្ម​រាជា​(បុត្រ) នៅ​នគរ​វត្ដ លុះ​បាន​ជួប​ជុំ​គ្នា​ហើយ ក្សត្រ​ទាំង​ពីរ​ទ្រង់​បាន​លើក​ចេញ​ជា​ពីរ​ផ្លូវ មួយ​អង្គ​យាង​តាម​បឹង​ទន្លេ​សាប មួយ​អង្គ​យាង​តាម​ផ្លូវ​គោក ហើយ​ទៅ​ជួប​គ្នា​នៅ​សំរោង​សែន​ក្នុង​ខេត្ដ​កំពង់​លែង​។
លុះ​ជ្រាប​ពត៌​មាន​នោះ​ហើយ ព្រះ​ស្រី​សុជាតា (អគ្គម​ហេសី ព្រះ​សត្ថា) ដែល​ជា​អ្នក​ផ្ដួច​ផ្ដើម​គំនិត​រំលំ​ព្រះ​ស្វាមី​នោះ ទ្រង់​បាន​ទាក់​ទង​ជា​មួយ​ស្ដេច​ខ្មែរ​ដែល​ទើប​តែ​យាង​មក​ពី​ស្រុក​សៀម​។ ក្រោយ​ពី​បាន​ធ្វើ​ការ​ចរចា​គ្នា​ហើយ ក្សត្រ​ទាំង​នោះ​ទ្រង់​បាន​ព្រម​ព្រៀង​គ្នា​ថា​ត្រូវ​តែ​លើក​រាជ​សម្បត្ដិ​ថ្វាយ​ទៅ​ព្រះ​ស្រី​ធម្ម​រាជា​ទី​៣​វិញ​។

           XIII.            ព្រះបាទធម្មរាជាទី៣ រជ្ជកាលទី៣ : ១៧៣៨ - ១៧៤៧

ព្រះ​អង្គ​ទទួល​នាម​សំរាប់​រាជ​ថា ព្រះ​ជ័យ​ជេដ្ឋា​ធិ​រាជ​រាមា​ធិបតី​។ រាជ​ធានី​តាំង​នៅ​ឧដុង្គ​។ ព្រះ​អង្គ​ទ្រង់​យក​អ្នក​ម្នាង​ជាតិ​ក្សត្រី ជា​ព្រះ​អគ្គ​មហេសី​ព្រះ​នាម​ថា សម្ដេច​ព្រះ​ជាតិ​ក្សត្រី​។ អែក​សារ​យួន​មួយ​បាន​និយាយ​ថា លុះ​បាន​ឡើង​សោយ​រាជ្យ​ហើយ​ ព្រះ​ធម្ម​រាជា​ទី៣ ទ្រង់​បាន​បញ្ជា​រាជ​ទូត​អោយ​នាំ​គ្រឿង​បណ្ណា​ការ​ទៅ​ថ្វាយ​ស្ដេច​ទុក​តុង ស្ដេច​អង្គ​នេះ​ទ្រង់​បាន​យល់​ព្រម​។ ចំណែក​អែ​ព្រះ​សត្ថា​ទី​២ ដែល​ភៀស​ទៅ​ស្រុក​យួន​នោះ បាន​ស្ដេច​យួន​ទុក​អោយ​ជ្រោក​កោន​នៅ​យ៉ា​ឌិញ រង់​ចាំ​ឱកាស​ល្អ ហើយ​បាន​គង់​នៅ​ទី​នោះ​អស់​ជាង ១០​ឆ្នាំ​(៣៧)​។
ពេល​ដែល​ម៉ាក គីវ ទទួល​មរណ​ភាព​ហើយ ព្រះ​ធម្ម​រាជា​ទី​៣ ទ្រង់​គិត​ថា នឹង​មាន​លទ្ធ​ភាព​ដណ្ដើម​យក​ដី​ពាម​មក​វិ ញ ក៏​លើក​ទ័ព​ទៅ​វាយ​នៅ​គ.ស. ១៧៣៩ ប៉ុន្ដែ​ត្រូវ ម៉ាក ធៀង​ទី ជា​កូន​រុញ​ច្រាន​មក​វិញ​(៣៧) ចំណែក​​ព្រះ​អង្គ​ទង ឡើង​ជា​មហា​ឧប​រាជ ហើយ​ក្រោយ​ទ្រង់​ទទួល​ព្រះ​នាម​ថា សម្ដេច​ព្រះ​រាមា​ធិបតី​។ ព្រះ​​អង្គ​សូរ ឧទ័យ​រាជា​បាន​ឡើង​ជា​មហា​ឧប​រាជ​។ ព្រះ​ធម្ម​រាជា​ទី​៣ ទ្រង់​ផ្សំ​ផ្គុំ​ព្រះ​រាជ​បុត្រ​ព្រះ​អង្គ​អិម​(ធម្ម​រាជា) ជា​មួយ​បុត្រី​ព្រះ​អង្គ គឺ​អ្នក​អង្គ​បែន នាម​សម្ដេច​ព្រះ​អែក​ក្សត្រី​។ ព្រះ​អង្គ​ថ្វាយ​ព្រះ​នាម​ព្រះ​អង្គ​អិម​ថា សម្ដេច​ព្រះ​កែវ​ហ្វា ហើយ​ទ្រង់​ផ្សំ​ផ្គុំ​ជា​មួយ​អ្នក​អង្គ​បុស (បុត្រី​ព្រះ​មហា​ឧភ​យោ​រាជ) ដែល​ទ្រង់​មាន​ព្រះ​នាម​ថា សម្ដេច​ព្រះ​អនុ​ជាតិ​ក្សត្រី​។ នៅ​គ.ស. ១៧៣៩ ក្សត្រី​អង្គ​នេះ​មាន​បុត្រ​ព្រះ​នាម​ព្រះ​អង្គ​ទង​។ ព្រះ​ឧប​រាជ​យក​ព្រះ​អនុជ​ព្រះ​សត្ថា​ទី​២ នាម​អង្គ​ពៅ ជា​មហេសី ហើយ​មាន​បុត្រ​នាម​អង្គ​តន់​។ ព្រះឧបរាជ​មាន​ម្នាង​ម្នាក់​ទៀត គឺ​អ្នក​ម្នាង​រស់ មាន​បុត្រ​នាម​ អង្គ​ប៉ាង និង​បុត្រី​នាម​អង្គ​មី​។
នៅ​គ.ស.១៧៤០ ព្រះ​រាជ​បុត្រ​នាម អង្គ​ស្ងួន​សម្ដេច​ព្រះ​ស្រី​ជ័យ​ជេដ្ឋ មាន​បុត្រ​២ ព្រះ​អង្គ​នាម អង្គ​នន់ និង អង្គ​ជី ពីរ​ឆ្នាំ​ក្រោយ​មក ព្រះ​អង្គ​នន់​ទ្រង់​មាន​នាម​ថា ព្រះ​រាមា​ធិបតី​។ នៅ​គ.ស. ១៧៤៣ ​សម្ដេច​ព្រះ​កែវ​ហ្វា​អង្គ​ចន្ទ ទ្រង់​អាពាធ​ហើយ​សុគត​។ នា​ឆ្នាំ​ដដែល ព្រះ​រាជា​ទ្រង់​ប្រ​ទាន​អោយ​ព្រះ​រាជ​បុត្រ​ អង្គ​ហ៊ីង នូវ​នាម​ថា ព្រះ​ស្រី​សុរិ​យោ​ពណ៌ ហើយ​ទ្រង់​ផ្សំ​ផ្គុំ​នឹង​ព្រះ​អនុ​ជាតិ​ក្សត្រី (អតី​ត​អគ្គមហេសី​ព្រះ​កែវ​ហ្វា)​។ អែ​ព្រះ​អង្គ​ដួង​ទ្រង់​ទទួល​ព្រះ​នាម​ថា ព្រះ​កែវ​ហ្វា​។ ម្នាង​របស់​ព្រះ​អង្គ​នាម​អ្នក​ម្នាង​ទា (បុត្រី​ឧក​ញ៉ា​មាន់) មាន​បុត្រី​នាម​អង្គ​លី​។ នៅ​គ.ស.១៧៤៥ អ្នក​ម្នាង​ទា មហេសី​ព្រះ​កែវ​ហ្វា​អង្គ​ដួង បាន​ប្រ​សូត​បុត្រ​នាម​អង្គ​ធម្ម​។ ព្រះ​ធម្ម​រាជា​ទី​៣​ទ្រង់​បាន​អាពាធ​ហើយ​សោយ​ទី​វង្គត​នៅ​គ.ស. ១៧៤៧។

            XIV.            ព្រះបាទធម្មរាជាទី៤ អង្គអិម(១៧៤៧)

ព្រះ​អង្គ​បាន​ឡើង​សោយ​រាជ្យ​ស្នង​ព្រះ​បិតា តែ​បា​ន​តែ​១​ឆ្នាំ ក៏​ព្រះ​អនុជ​នាម​អង្គ​ហ៊ីង (ប្រសូត្រ​នៅ​ស្រុក​សៀម)អោយ​បក្ស​ពួក​ធ្វើ​គត​។ ពួក​នា​ម៉ឺន និង​ព្រាហ្មណ៍​បុរោ​ហិត​មិន​ពេញ​ចិត្ដ​នឹង​អំពើ​ឧក្រិដ្ឋ​នេះ​ បា​ន​លើក​ព្រះ​អង្គ​ទង​មហា​ឧភ​យោ​រាជ​អោយ​ឡើង​សោយ​រាជ្យ​។

               XV.            ព្រះរាមាធិបតីទី៣ អង្គទង រជ្ជកាលទី១ : ១៧៤៧ - ១៧៤៨

នៅគ.ស. ១៧៤៧ នេះ​ទៀត លោក​ឧក​ញ៉ា​នរេន្ទ​តុក ចៅ​ហ្វាយ​ខេត្ដ​ស្រុក​បាសាក់ ដែល​ត្រូវ​យួន​វា​ចេះ​តែ​រំលោភ​អំណាច នៅ​លើក​​ទឹក​ដី​របស់​លោក ក៏​បាន​លើក​ទ័ព​ទៅ​ប្រយុទ្ធ​នឹង​ពួក​នោះ​។ ជ័យ​ជំនះ​បាន​មក​ខ្មែរ ពួក​យួន​ក៏​រត់​ទៅ​ជ្រក​នៅ​កោះ​កា​ហុង នៅ​ក្នុង​ទន្លេ​មេ​គង្គ​។ នៅ​គ.ស. ១៧៤៨ ដោយ​យក​លេស​ថា ដើម្បី​បង្ក្រាប​ខ្មែរ​បះ​បោរ​ដែល​មានឧក​ញ៉ា​នរេន្ទតុក យួន​ហៅ​ថា Sô liên-tôc) ជា​អ្នក​ដឹក​នាំនោះ ព្រះ​ចៅ​ក្រុង​វេ​ទ្រង់​បញ្ជា​អោយ​មេ​ទ័ព​ឈ្មោះ ង្វៀង​ហ៊ីវ យន លើក​ទ័ព​យួន​ដោយ​មាន​ព្រះ​សត្ថា​ទី​២ ចូល​រួម​ផង មក​ច្បាំង​ឈ្នះ​ឧក​ញ៉ាន​រេន្ទតុក ដុត​បំផ្លាញ​សំពៅ​របស់​លោក​នៅ​មេសរ​ ហើយ​លើក​ទ័ព​ឆ្ពោះ​ទៅ​ដល់​ក្រុង​ភ្នំពេញ​។ ហ្លួង​បញ្ឆោត​អោយ​ចៅ​ហ្វា​អែក (យួន​ហៅ Châu Thuy Yêt) លើក​ទ័ព​ចេញ​ទៅ​ត​ទល់​នឹង​យួន​នៅ​ត្រង់​ច្រាំង​ចំរេះ​។ ទ័ព​ខ្មែរ​ទន់​ដៃ​ជាង​ត្រូវ​ដក​ថយ យួន​ដេញ​តាម​ដល់​ឧដុង្គ​។ ហ្លួង​ព្រះ​ឧបរាជ និង​ព្រះ​អង្គ​ស្ងួន (ស្រី​ជ័យ​ជេដ្ឋា) ភៀស​ព្រះ​អង្គ​ទៅ​ប្រ​ទេស​សៀម​។

            XVI.            ព្រះសត្ថាទី២ អង្គជី រជ្ជកាលទី៣ : ១៧៤៩

អែក​សារ​យួន​ថា ស្ដេច​យួន​លើក​អោយ​ព្រះ​សត្ថា​ទី​២ ឡើង​សោយ​រាជ្យ​នៅ​ឧដុង្គ​។ ការ​គឺ​ពួក​មេ​ទ័ព​យួន​ជា​អ្នកកាន់​អំណាច : អំណាច​ហូត​យក​ពន្ធដា អំណាច​តែង​តាំង និង​ផ្លាស់​ប្ដូរ​ចៅ​ហ្វា​ស្រុក​ខ្មែរ និង​យក​ច្បាប់​រដ្ឋ​បាល​នៅ​ក្រុង​វេ មក​អនុវត្ដ​នៅ​ស្រុក​ខ្មែរ​។ កាល​ណោះ​មន្រ្ដី​ខ្មែរ​ម្នាក់ ឧក​ញ៉ា​ក្រលា​ហោម​អោក មាន​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង ចំពោះ​ការ​ត្រួត​ត្រា​បរ​ទេស បាន​កែន​ទ័ព​នៅ​ពោធិ​សាត់ ហើយ​លើក​ទៅ​ប្រ​យុទ្ធ​នឹង​យួន​នៅ​ត្រង់​វាល​ស្រាប​អង្កាម​។ ទ័ព​យួន​ទទួល​បរា​ជ័យ​ដក​ថយ​ទៅ​វិញ នាំ​ទាំង​ព្រះ​សត្ថា​ទី​២ និង​ក្សត្រា​ខ្លះ​ទៀត​ត្រលប់​ទៅ​ស្រុក​យួន​វិញ​។ ព្រះ​សត្ថា​ទ្រង់​អាពាធ ហើយ​សុគត​នៅ​កណ្ដាល​ផ្លូវ​។
ចំណែក​លោក​ឧក​ញ៉ា​ក្រលា​ហោម​ឌិញ និង​លោក​ចៅ​ហ្វាយ​ខេត្ដ​ពោធិ​សាត់ បាន​រៀប​ចំ​ប្រទេស​អោយ​មាន​សន្ដិ​ភាព​ឡើង​វិញ​។ រួច​លោក​ចាត់​អោយ​សេនា​បតី​ទៅ​ស្រុក​សៀម​សូម​យាង​ហ្លួង​ត្រលប់​មក​វិញ​។ រួច​លោក​ចាត់​អោយ​តែង​ព្រះ​អង្គ​ស្ងួន​មក​មុន អែ​ហ្លួង និង​ឧប​រាជ​ឧទ័យ​រាជា ត្រូវ​ឃាត់​ទុក​សិន​។

        XVII.            ព្រះបាទស្រីជ័យជេដ្ឋ អង្គស្ងួន ១៧៤៩ - ១៧៥៤

ព្រះ​អង្គ​ស្ងួន បាន​ឡើង​សោយ​រាជ្យ​នៅ​ឧដុង្គ ដោយ​មាន​ព្រះ​នាម​សំរាប់​រាជ​ថា ព្រះ​បាទ​សម្ដេច​ព្រះ​រាជា​អោង្ការ ព្រះ​ស្រី​ជ័យ​ជេដ្ឋ​ធិ​រាជ​បរម​បពិត្រ​។ ដើម្បី​តប​ស្នង​សង​គុណ​ចំពោះ​លោក​ឧក​ញ៉ា​សួគ៌ា ចៅ​ហ្វាយ​ស្រុក​ពោធិ​សាត់ ដែល​បាន​លើក​ទ័ព​ទៅ​កំចាត់​ខ្មាំង​សត្រូវ​នោះ ព្រះ​រាជា​ទ្រង់​សព្វ​ព្រះ​ទ័យ​លើក​លោក​ឡើង​ជា​ចៅ​ហ្វា​ទលហៈ(នាយក​រដ្ឋ​មន្រ្ដី) ការ​តែង​តាំង​ថ្មី​នេះ ធ្វើ​អោយ​មន្រ្ដី​អែ​ទៀត​មិន​ពេញ​ចិត្ដ ទូល​មួល​បង្កាច់​ថា​ចង់​ក្បត់​។ ម៉្លោះ​ហើយ​ព្រះ​អង្គ​ក៏​ជឿ​តាម​រួច​បញ្ជា​អោយ​ពួក​ចាម​ជ្វា​យក​ទៅ​សំលាប់​។ លោក​ឧក​ញ៉ា​សួគ៌ា ដឹង​ខ្លួន​ទាន់​ក៏​ភៀស​ទៅ​ស្រុក​សៀម​បាត់​ទៅ នៅ​គ.ស ​១៧៥០​។
នៅគ.ស. ១៧៥១ ព្រះ​ចៅ​សៀម​ទ្រង់​សព្វ​ព្រះ​ទ័យ​បើក​អោយ​ស្ដេច​ខ្មែរ​ដែល​ភៀស​ទៅ​នៅ​គ.ស. ១៧៤៨ ​នោះ អោយ​ត្រលប់​ចូល​ស្រុក​វិញ​។ ហ្លួង និង​រាជ​វង្សា​នុ​វង្ស​យាង​មក​ដល់​ខេត្ដ​ក្រុង ក៏​ឈប់​នៅ​ទី​នោះ​សិន ព្រោះ​នៅ គ.ស ១៧៥២ មាន​មន្រ្ដី​ឈ្មោះ​ខ្សែត្រ​អែក គិត​យក​រាជ​អោយ​ព្រះ​អង្គ​តន់​ រាជ​បុត្រ​ព្រះ​អុប​រាជ​ឧទ័យ​រាជា​។ លោក​បាន​យក​អ្នក​សិល្ប៍​ឈ្មោះ សួស ធ្វើ​មេ​ទ័ព តែ​ត្រូវ​ហ្លួង​នៅ​ខេត្ដ​ក្រុង ធ្វើ​កល​ចាប់​បាន ខ្សែត្រ​​អែក យក​ទៅ​សំលាប់​ចោល​។ ក្រោយ​មក​អ្នក​សិល្ប៍ សួស កូន​ខ្សែត្រ​អែក និង​មេ​ម្នាក់​ទៀត​ឈ្មោះ អង្គុលី​រាជ ត្រូវ​ចាប់​បាន​ ហើយ​ត្រូវ​ប្រហារ​ជីវិត​បង់​ទាំង​អស់​។ ​នៅ​គ.ស ១៧៥៣ ព្រះ​អុប​រាជ ឧទ័យ​រាជា ដែល​ចូល​បួស​នៅ​នគរ​វត្ដ កាល​យាង​មក​ស្រុក​សៀម​ក៏​សុគត​នៅឆ្នាំ​នោះ​។ ព្រះ​រាជ​បុត្រ​ព្រះ​អង្គ​នាម​អង្គ​តន់ ទ្រង់​យក​ព្រះនាម​ថា ឧទ័យ​រាជា ដូច​ព្រះ​បិតា​។ អែ​អង្គ​ហ៊ីង បាន​ឡើង​ជា​មហា​ឧប​រាជ​។

    XVIII.             ព្រះបាទរាមាធិបតីទី៣ អង្គទង រជ្ជកាលទី២ : ១៧៥៦ - ១៧៥៧

ព្រះ​បាទ​ស្រី​ជេដ្ឋ​អង្គ​ស្ងួន សោយ​ទីវង្គត​នៅ​គ.ស. ១៧៥៥​។ ព្រះ​មហា​ឧភ​យោ​រាជ អង្គ​ទង ត្រូវ​បាន​ពួក​មន្រ្ដី និង ព្រាហ្មណ៍​បុរោ​ហិត​លើក​អោយ​ឡើង​សោយ​រាជ្យ​នៅ​ គ.ស ១៧៥៦​។ វិវាទ​រវាង​ព្រះ​ឧប​រាជ​អង្គ​ហ៊ីង នឹង​ព្រះ​ឧទ័យ​រាជា បាន​កើត​ឡើង​។ ព្រះ​ឧទ័យ​រាជា​ទ្រង់​ភៀស​ទៅ​ស្រុក​ពាម ក្រោយ​មក​ទៅ​នៅ​ខេត្ដ​ព្រះ​ត្រពាំង​។ គ្រា​នោះ ម៉ាក​ធៀង​ទី កូន​ម៉ាក​គីវ បាន​ជួយ​កែន​ទ័ព ហើយ​ប្រគល់​អោយ​មន្រ្ដី​៣​នាក់​លើក​ឆ្ពោះ​ទៅ​ឧដុង្គ ចំណែក​ព្រះ​ឧទ័យ​រាជា បាន​លើក​ទ័ព​ជើង​ទឹក​តាម​ទន្លេ​មេ​គង្គ មក​ដល់​ភ្នំ​ពេញ ព្រះ​អង្គ​បាន​ទទួល​ដំណឹង​ថា ទ័ព​ព្រះ​អង្គ​បាន​វាយ​ឈ្នះ​ព្រះ​ឧប​រាជ ហើយ​ព្រះ​ឧប​រាជ​ក៏​ភៀស​ទៅ​ខេត្ដ​ព្រៃ​ក្ដី​ហើយ​។ ព្រះ​ឧទ័យ​រាជា ទ្រង់​អោយ​លើក​ទ័ព​ដេញ​តាម​ចាប់​បាន​ព្រះ​ឧប​រាជ​ហើយ​ធ្វើ​គត​ទៅ​។ រួច​ទ្រង់​អោយ​ចាប់​អង្គ​ដួង ជា​អនុជ​អង្គ​ហ៊ីង ដែល​រត់​ទៅ​បួស​យក​ទៅ​ផ្សឹក​ហើយ​សំលាប់​ចោល​ទៀត​។ ចំណែក​អែ​អង្គ​នន់ និង អង្គជី បុត្រ​អង្គ​ស្ងួន ត្រូវ​បាន​លើក​លែង​ទោស​ព្រោះ​នៅ​ក្មេង​ពេក​។
ពេល​នោះ ព្រះ​អនុជ​ជាតិ​ក្សត្រី អតី​ត​អគ្គ​ម​ហេ​សី​ព្រះ​ឧប​រាជ​ កែន​ទ័ព​ច្បាំង នឹង​ព្រះ​ឧទ័យ​រាជា នៅ​កំពង់​តា​គោ តែ​ត្រូវ​បរា​ជ័យ​។ ដោយ​ហេតុ​នោះ ហ្លួង​(អង្គ​ទង) អគ្គ​មហេ​សី​ព្រះ​ឧប​រាជ និង​ក្សត្រី​ខ្លះ​ភៀស​ទៅ​គង់​នៅ​ពោធិ​សាត់​។ នៅ​គ.ស. ១៧៥៧ ហ្លួង​ទ្រង់​សោយ​ទីវង្គត​នៅ​ទី​នោះ​។ ព្រះ​ឧទ័យ​រាជា​ ទ្រង់​បាន​បញ្ចេញ​អោយ​លើក​ទ័ព​ទៅ​ចាប់​អគ្គ​មហេ​សី​ព្រះ​ឧប​រាជ និង បុត្រ​នាម​អង្គ​ទង នៅ​រិស្សី​សាញ យក​ទៅ​ប្រហារ​ជីវិត​ទាំង​ពីរ​អង្គ​។ អែ​អង្គ​នន់ និង​អង្គ​ជី​ ដែល​ភៀស​ទៅ​នៅ​កំពង់​ស្វាយ ក៏​ត្រូវ​បញ្ជា​អោយ​ចាប់​ដែរ​។ នៅ​តាម​ផ្លូវ​មាន​មន្រ្ដី​ខ្លះ​បាន​ពង្រត់​អង្គ​នន់​ទៅ​ស្រុក​សៀម អែ​អង្គ​ជី​ត្រូវ​នាំ​ទៅ​ឧដុង្គ ហើយ​ត្រូវ​ធ្វើ​គត​។
គួរ​គប្បី​ជ្រាប​ថា នៅ​គ.ស. ១៧៥៧ មុន​ពេល​ដែល​សោយ​ទី​វង្គត​ទៅ ព្រះ​អង្គ​ទង​រាមា​ធិបតី ទ្រង់​បាន​យល់​ព្រម​លះ​បង់​អោយ​យួន​នូវ ខេត្ដ​ផ្សារ​ដែក ស្រុក​២​នៃ​ខេត្ដ​លង់​ហោរ (យួន​ហៅ Tâm Don និង Xuy Lap) និង​ខេត្ដ​មាត់​ជ្រូក​។ មូល​ហេតុ​បណ្ដាល​មក​ពី​យួន​បាន​បង្កើត​អោយ​មាន​ចលា​ចល​នៅ​ក្នុង​ខេត្ដ​ខ្មែរ​គឺ ខេត្ដ​ទ្រាំង ខេត្ដ​បន្ទាយ​មាស និង ខេត្ដ​ព្រៃ​កប្បាស ដែល​មាន​កំលាំង​កៀប​សង្កត់​មក​លើ​រាជ​ការ​ខ្មែរ ដែល​កំពុង​តែ​ជួប​ប្រទះ​នូវ​ស្ថាន​ការណ៍​លំបាក​ ព្រោះ​តែ​មាន​វិបត្ដិ​ជា​ទំងន់​ក្នុង​រាជ​វង្ស (៩) (សូមមើលផែនទី)​។

            XIX.            ព្រះបាទនរាយណ៍រាជាទី២ អង្គតន់ ១៧៥៨ - ១៧៧៥

ព្រះ​ឧប​រាជ ឧទ័យ​រាជា បាន​​ឡើង​​សោយ​រាជ្យ​នៅ​ឧដុង្គ ដោយ​មាន​ព្រះ​នាម​សំរាប់​រាជ​ថា ព្រះ​បាទ​សម្ដេច​ស្ដេច​ព្រះ​រាជា​អោង្ការ​ព្រះ​នរាយណ៍​រាជា​ធិ​រាជ រាមា​ធិប​តី ព្រះ​ស្រី​សុរិ​យោ​ពណ៌​។ លុះ​ឡើង​សោយ​រាជ​នៅ​គ.ស ១៧៥៨ ស្ដេច​អង្គ​នេះ​ទ្រង់​បាន​លើក​អោយ​ស្ដេច​យួន​នាម​ថេ តុង នូវ​ដី​ពីរ​ខេត្ដ​គឺ​ខេត្ដ​ ព្រះ​ត្រពាំង និង​ខេត្ដ​ឃ្លាំង ជា​សគុណ​ចំពោះ​ជំនួយ​ផ្សេង​ៗ ដែល​យួន​បាន​ផ្ដាល់​អោយ​ក្នុង​ជំលោះ​រវាង​រាជ​វង្សា​នុវង្ស​ខ្មែរ​(៤២) សូម​មើល​ ផែនទី។។

               XX.            កំនត់សំគាល់

ក្រោយ​ពី​ក្រុង​លង្វែក​ត្រូវ​បែក​បាក់​ដោយ​ការ​វាយ​លុក​របស់​សៀម ទឹក​ដី​ខ្មែរ​មួយ​ភាគ​ធំ​នៅ​អែ​នាយ​ភ្នំ​ដង​រែក​ត្រូវ​បាត់​បង់​ជា​ស្ថាពរ​។ ប៉ុណ្ណឹង​ហើយ អ្នក​ដឹក​នាំ​ជាតិ​ខ្មែរ​នៅ​តែ​មិន​ទាន់​ចេះ​ទាញ​មេ​រៀន​ពី​ការ​បែក​បាក់​សាមគ្គី​រវាង​គ្នា​អែង​នៅ​ឡើយ​។ ជំលោះ​ដណ្ដើម​អំណាច ដណ្ដើម​រាជ​សម្បត្ដិ​មាន​រិត​តែ​ច្រើន​ឡើង ហើយ​រិត​តែ​ញឹក​ញាប់​ឡើង​ ជា​ហេតុ​បណ្ដាល​អោយ​អ្នក​ជិត​ខាង ជា​ពិសេស​ជាតិ​យួន​ដែល​បាន​ក្លាយ​ជា​មហា​អំណាច​មួយ​ក្រោយ​ពី​បាន​ច្បាំង​ឈ្នះ​ប្រ​ទេស​ចំប៉ា​នោះ មាន​អោកាស និង មាន​លេស​ដើម្បី​អន្ដរា​គមន៍ លូក​ដៃ​កកូរ​ផ្ទៃ​ក្នុង​របស់​ខ្មែរ​តាម​តែ​អំពើ​ចិត្ដ​។
អ្នក​ដឹក​នាំ​ជាតិ​ក្នុង​សម័យ​នោះ ពុំ​បាន​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​វាសនា​ប្រ​ទេស​ជាតិ ចំពោះ​ជីវ​ភាព​របស់​រាស្រ្ដ គឺ​ថា​ពុំ​បាន​គិត​ដល់​ប្រ​យោជន៍​រួម​ទេ តែ​គិត​ធ្វើ​យ៉ាង​ណា​អោយ​តែ​បាន​អំណាច បាន​យស​សក្ដិ បាន​រាជ​បល្ល័ង្ក បាន​ស្នេហា បាន​ប្រយោជន៍​ផ្ទាល់​ខ្លួន​តែ​ប៉ុណ្ណោះ​។ ម៉្លោះ​ហើយ ក្នុង​ការ​ធ្វើ​អោយ​សំរេច​បំណង​រៀង​ៗ​ខ្លួន គេ​មិន​និយម​សំរប​សំរួល​ផ្សះ​ផ្សា​រាជ​វង្សា​នុវង្ស​ទេ គេ​សុខ​ចិត្ដ​កែន​រាស្រ្ដ​អោយ​បង្ហូរ​ឈាម​គ្នា រួច​រត់​ទៅ​ពឹង​ពាក់​បរទេស​ជិត​ខាង​អោយ​គេ​ជួយ​គាំទ្រ អោយ​គេ​ជួយ​ជំនួយ​ជា​ទ័ព​យក​មក​ជិះ​ជាន់​ស្រុក​ទេស​ខ្លួន យក​មក​កាប់​សំលាប់​តែ​ជាតិ​
នៅ​ទី​បំផុត​ខ្មែរ​ទាំង​សង​ខាង​ត្រូវ​ទ្រុឌ​ទ្រោម អស់​ឋាម​ពល​តែ​រៀង​ខ្លួន ប្រយោជន៍​ត្រូវ​បាន​ទៅ​អ្នក​ជិត​ខាង​ ដែល​គេ​តែង​តែ​ទារ​យក​សគុណ​ពី​ជំនួយ​រស់​គេ​គ្រប់​ប្រ​ភេទ​ក្នុង​ការ​ជួយ​គាំ​ទ្រ​ស្ដេច​ខ្មែរ​ដែល​កើត​វិវាទ​នឹង​គ្នា​។ ដោយ​ហេតុ​នោះ ស្ដេច​ខ្លះ​ដូច​ជា​អង្គ​អិម កែវ​ហ្វា​ទី​៣ សុខ​ចិត្ដ​ដាក់​ប្រ​ទេស​ចំនុះ​សៀម អោយ​តែ​សៀម​ទុក​អោយ​ព្រះ​អង្គ​បាន​សោយ​រាជ្យ ហើយ​នាំ​ស្ដេច​ជា​គូ​បដិ​បក្ខ​ត្រលប់​ទៅ​ស្រុក​វិញ រឺ សត្ថា​ទី​២ អង្គ​ជី សុខ​ចិត្ដ​យល់​ព្រម​អោយ​ពួក យួន​មក​តាំង​អំណាច​ត្រួត​ត្រា​លើ​ស្រុក​ខ្មែរ អោយ​តែ​ពួក​នេះ​ព្រម​ទទួល​ស្គាល់​ព្រះ​អង្គ​ជា​ព្រះ​មហាក្សត្រ​ខ្មែរ និង​ស្ដេច​ខ្លះ​ទៀត​បាន​យល់​ព្រម​លះ​បង់​ទឹក​ដី អោយ​បរ​ទេស​ដូច​ជា​ករណី​របស់​នារាយណ៍​រាជា​អង្គ​តន់​ជា​ដើម។
ក្នុងការដណ្ដើម​យក​ទឹក​ដី​ខាង​លើ​នេះ គេ​សង្កេត​ឃើញ​ថា យួន​បាន​អនុ​វត្ដ​វិធី​៣​យ៉ាង៖
- វិធី​ទូត រឺ សន្ដិ​វិធី : វិធី​នេះ​គេ​បាន​យក​មក​អនុ​វត្ដ​មុន​គេ​បង្អស់ ព្រោះ​ពេល​នោះ​ទោះ​បី​យួន​ច្បាំង​ឈ្នះ​ចាម​ហើយ​​ តែ​នៅ​មិន​ទាន់​លេប​អស់​ទឹក​ដី​ចាម​នៅ​ឡើយ​។ ស្ដេច​យួន​បាន​បញ្ជូន​ទូត​អោយ​មក សូម​អនុញ្ញាត​ពី​ស្ដេច​ខ្មែរ អោយ​រាស្រ្ដ​យួន​ចូល​រក​ស៊ី​ក្នុង​ទឹក​ដី​ខ្មែរ​។ នេះ​ជា​វិធី​មួយ​ដែល​យួន​ពុំ​បាន​ប្រើ​ជា​មួយ​ចាម​ទេ ព្រោះ​ជា​មួយ​ចាម គេ​បាន​បញ្ជូន​ទ័ព​មក​វាយ​ឈ្នះ​សិន​ទើប​បញ្ជូន​រាស្រ្ដ​មក​តាម​ក្រោយ។
- វិធីយោធា : យួន​បាន​ប្រើ​វិធី​នេះ ដោយ​ផ្ដល់​ជំនួយ​ជា​ទ័ព​ដើម្បី​ជួយ​ច្បាំង​ស្ដេច មេ​ដឹក​នាំ​ខ្មែរ រឺ​មន្រ្ដី​ណា​ដែល​បាន​រត់​ទៅ​ពឹង​គេ​អោយ​ជួយ (ករណី​របស់​អុក​ញ៉ា​នរិន្ទ​អិម​នៅ គ.ស. ១៦៩៩) រឺ​ដោយ​យក​លេស​ថា ការ​ពារ​ជន​ជាតិ​គេ​មក​រស់​នៅ​លើ​ដី​ខ្មែរ ក៏​លើក​ទ័ព​មក​ច្បាំង​នឹង​ខ្មែរ(ការ​បះ​បោរ​ប្រ​ឆាំង​យួន​ក្នុង​គ.ស ១៧៣០)។
- វិធី​ចិត្ដ​សាស្ដ្រ : យួន​ប្រើ​វិធី​នេះ​ដោយ​ធ្វើ​ការ​បំបះ​បំបោរ​បង្កើត​អោយ​មាន​ចលា​ចល អោយ​មាន​អន្ដិ​សុខ គេ​ធ្វើ​យ៉ាង​ណា​អោយ​រាជ​ការ​ខ្មែរ​ទ្រាំ​មិន​បាន ត្រូវ​លះ​បង់​ទឹក​ដី​អោយ​គេ​ទៀត​។ វិធី​នេះ យួន​ក៏​មាន​ប្រើ​ក្នុង​ការ​ទទួល​ស្គាល់ រឺ​លើក​ស្ដេច​ខ្មែរ​អង្គ​ណា​មួយ​អោយ​ឡើង​សោយ​រាជ្យ (ករណី​ព្រះនរាយណ៍​អង្គ​តន់​)។
គួរ​កត់​សំគាល់​ម្យ៉ាង​ទៀត​ថា ជន​ជាតិ​យួន​គេ​បាន​សរ​សេរ​ក្នុង​សៀវ​ភៅ​ប្រវត្ដិ​សាស្រ្ដ​របស់​គេ​ថា «ការ​បញ្ចូល​ទឹក​ដី​ជា​ផ្លូវ​ការ​ក្នុង​ផែន​ទី​ប្រទេស​គេ និង ការ​ដាក់​អាជ្ញា​ធរ​អោយ​ត្រួត​ត្រា​ច្រើន​ តែ​បាន​ប្រ​ព្រឹត្ដ​ក្រោយ​ពេល​ដែល​ជន​ជាតិ​យួន​បាន​ទៅ​នៅ​កុះ​ករ​នៅ​លើ​ទឹក​ដី​នោះ​ហើយ​។ ជន​ជាតិ​យួន​ជា​មនុស្ស​ឧស្សាហ៍​ព្យា​យាម​ក្នុង​ការ​រក​ស៊ី ហើយ​ម្យ៉ាង​ទៀត​ដោយ​មាន​វប្បធម៌ មាន​ទំនៀម​ទំលាប់​ខុស​គ្នា​ផង បាន​ជា​កន្លែង​ណា​ដែល​មាន​ជន​ជាតិ​យួន​ទៅ​នៅ​ហើយ ជន​ជាតិ​ខ្មែរ​ក៏​បោះ​បង់​ចោល​ទី​នោះ​ដើម្បី​ទៅ​រស់​នៅ​កន្លែង​ដទៃ​វិញ​។ មាន​កន្លែង​ខ្លះ មាន​ខ្មែរ​ និង យួន​នៅ​លាយលំ​គ្នា​ដែរ។ កាល​ណា​មាន​ជន​ជាតិ​យួន​ទៅ​រស់​នៅ​កន្លែង​ណា​បាន​ច្រើន​គ្នា​ហើយ ពួក​ស្ដេច​ង្វៀង ក៏​រក​មធ្យោ​បាយ​ដណ្ដើម​យក​ទឹក​ដី​កន្លែង​នោះ​ជា​ផ្លូវ​ការ និង ដាក់​អាជ្ញា​ធរ​អោយ​នៅ​ត្រួត​ត្រាត​ទៅ​ (៣៧)។ «កកន» រហូត​មក​ដល់​សព្វ​ថ្ងៃ​ ដូច​ដែល​យើង​គ្រប់​គ្នា​បាន​ជ្រាប​ស្រាប់​ហើយ លើ​​បញ្ហា​ព្រៃ​សម្បទាន​ ៩៩​ឆ្នាំ គួរ​តែ​ពិនិត្យ​ឡើង​វិញ ហើយ​គួរ​តែ​កាត់​បន្ថយ​មក​ត្រឹម​តែ​១៥ ​រឺ​២០​ឆ្នាំ​យ៉ាង​យូរ គឺ​វា​គ្រប់​គ្រាន់​ណាស់​ទៅ​ហើយ​ ពី​ព្រោះ​ថា​៩៩​ឆ្នាំ​វាយូរ​ណាស់ ហួស​ជំនាន់​មនុស្ស​ណា​ទាំង​អស់ ហើយ​នៅលើ​វិស័យ​ជា​ច្រើន​ទៀត ឧទាហរណ៍​ដូច​ជា​បញ្ហា​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ បក្ស​ពួក​គ្រួសារ​និយម​របស់​មេដឹក​នាំ​ខ្មែរ​សព្វ​ថ្ងៃ ល្មម​ឆ្អែត​ឆ្អន់​គ្រប់​គ្រាន់​ហើយ ល្មម​ដល់​ពេល​អស់​លោក​ចេះ​ឈប់​នៃ​ការ​លោភ​លន់​ទាំងឡាយ ដើម្បី​​បើក​ឱកាស​អោយ​ជាតិ​​ធ្វើ​ដំណើរ​បាន​ស្រួល​ផង កុំ​គិត​តែ​ពី​បូម​ គិត​តែ​ពីសំនូក​សូក​ប៉ាន់​គ្រប់​ច្រក​គ្រប់​ល្ហក។ ម្យ៉ាង​មួយ​ទៀត​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជាតិ​ធំ​ៗ កុំ​អោយ​មាន​ភាព​តាន​តឹង ឧទា​ហរណ៍​ជាក់​ស្ដែង​គឺ​បញ្ហា​អន្ដោ​ប្រ​វេស ហើយ​គឺ​អន្ដោ​ប្រវេស​យួន​ហ្នឹង​តែ​ម្ដង គណ​បក្ស​កាន់​អំណាច ត្រូវ​តែ​ជំរុញ​អនុញ្ញាត​អោយ​គណបក្ស​ប្រឆាំង (គណ​បក្ស​សង្គ្រោះ​ជាតិ) ចូល​រួម​ចំណែក​ក្នុង​ការ​ជំរុញ​ការ​អនុ​វត្ដ​ច្បាប់​អន្ដោ​ប្រ​វេស​អោយ​បាន​យ៉ាង​ម៉ឹង​មាត់ ដើម្បី​ធ្វើ​យ៉ាងណា​អោយ​រូប​​ភា​ព​នៃ​អន្ដោ​ប្រ​វេស​នេះ ធ្វើ​អោយ​ប្រជា​ពល​រដ្ឋ​អាច​ទុក​ចិត្ដ​បាន ថា​ព្រំ​ដែន​យើង​មិន​ត្រូវ​បាន​បើក​ចំហរ អោយ​គេ​ចេញ​ចូល​បាន​ដោយ​ស្រេច​តែ​ចិត្ដ ដោយ​មិន​មាន​ការ​ត្រួត​ពិនិត្យ​ត​ទៅ​ទៀត​ទេ។
បញ្ជីស្ដេចខ្មែរសោយរាជពីគ.ស ១៦០៣ - ១៧៥៨
រជ្ជកាល
នាមសំរាប់រាជនាមផ្ទាល់
កាលកំនត់រជ្ជកាល
រាជធានី
រជវង្ស
បរមរាជាទី៨ ស្រីសុរិយោពណ៌
១៦០៣ - ១៦១៨
កោះស្លាកែត ល្វាអែម
បុត្របរមរាជាទី៤
ជ័យជេដ្ឋាទី២
១៦១៨ - ១៦២៨
ឧដុង្គ
បុត្រស្ដេច១
ធម្មរាជាទី២ រឺរាជសំភារចៅពញាតូ
១៦២៩ - ១៦៣៤
កោះឃ្លោក
បុត្រស្ដេច២
ង្គទងរាជា ចៅពញានូ
១៦៣៥ - ១៦៣៩
ឧដុង្គ
បុត្រស្ដេច២
បរមរាជាទី១ អង្គនន់
១៦៣៩ - ១៦៤១
ឧដុង្គ
បុត្រព្រះឧទ័យ
រាមាធិបតីទី១ ចៅពញាចន្ទ
១៦៤១ - ១៦៥៩
ឧដុង្គ
បុត្រស្ដេច២
បរមរាជាទី៩ អង្គសូរ
១៦៥៩ - ១៦៧២
ឧដុង្គ
បុត្រព្រះឧទ័យ
បទុមរាជាទី២ ស្រីជ័យជេដ្ឋ
១៦៧២ - ១៦៧៣
ឧដុង្គ
បុត្រស្ដេច៥
កែវហ្វាទី២ អង្គជី
១៦៧៣ - ១៦៧៥
ឧដុង្គ
បុត្រស្ដេច៧
១០
ជ័យជេដ្ឋាទី៣ អង្គស៊ូចៅពញាសូរ
១៦៧៥ - ១៦៨៨
ឧដុង្គ ទ្រនំជ្រឹង
បុត្រស្ដេច៧
១១
ជ័យជេដ្ឋាទី៣ អង្គស៊ូចៅពញាសូរ
១៦៨៨ - ១៦៩៥
ឧដុង្គ
បុត្រស្ដេច៧
១២
ជ័យជេដ្ឋាទី៣ អង្គស៊ូចៅពញាសូរ
១៦៩៦ - ១៦៩៩
ឧដុង្គ
បុត្រស្ដេច៧
១៣
ជ័យជេដ្ឋាទី៣ អង្គស៊ូចៅពញាសូរ
១៧០០ - ១៧០២
ឧដុង្គ
បុត្រស្ដេច៧
១៤
ជ័យជេដ្ឋាទី៣ អង្គស៊ូចៅពញាសូរ
១៧០៣ - ១៧០៦
ឧដុង្គ
បុត្រស្ដេច៧
១៥
អ្នកម្នាងទៃ
១៦៨៨ (៣ខែ)
ឧដុង្គ
មាតាស្ដេច១០
១៦
រាមាធិបតីទី២ ឧទ័យរាជា អង្គយ៉ង
១៦៩៥ - ១១៦៩៦
ឧដុង្គ
បុត្រស្ដេច៩
១៧
កែវហ្វាទី៣ អង្គអិម
១៦៩៩ - ១៧០០
រាំងភាក់ ពោធិសាត់
បុត្រអង្គនន់
១៨
កែវហ្វាទី៣ អង្គអិម
១៧១០ - ១៧២២
ឧដុង្គ
បុត្រអង្គនន់
១៩
កែវហ្វាទី៣ អង្គអិម
១៧២៩ (៧ខែ)
ឧដុង្គ
បុត្រអង្គនន់
២០
ធម្មរាជាទី៣
១៧០២ - ១៧០៣
ពោធិសាត់ ឧដុង្គ
បុត្រស្ដេច១០
២១
ធម្មរាជាទី៣
១៧០៦ - ១៧០៩
ឧដុង្គ
បុត្រស្ដេច១០
២២
ធម្មរាជាទី៣
១៧៣៨ - ១៧៤៧
ឧដុង្គ
បុត្រស្ដេច១០
២៣
សត្ថាទី២ អង្គជី
១៧២២ - ១៧២៩
ឧដុង្គ
បុត្រស្ដេច១៣
២៤
សត្ថាទី២ អង្គជី
១៧២៩ - ១៧៣៧
ឧដុង្គ លង្វែក
បុត្រស្ដេច១៣
២៥
សត្ថាទី២ អង្គជី
១៧៤៩ រជ្ជកាលទី៣
ឧដុង្គ
បុត្រស្ដេច១៣
២៦
ធម្មរាជាទី៤ អង្គអិម
១៧៤៧ ១ឆ្នាំ
ឧដុង្គ
បុត្រស្ដេច១៤
២៧
រាមាធិបតីទី៣ អង្គទង
១៧៤៧ - ១៧៤៨
ឧដុង្គ
បុត្រស្ដេច១២
២៨
រាមាធិបតីទី៣ អង្គទង
១៧៥៦ - ១៧៥៧
ឧដុង្គ ពោធិសាត់
បុត្រស្ដេច១២
២៩
ស្រីជ័័យជេដ្ឋា អង្គស្ងួន
១៧៤៩ - ១៧៥៥
ឧដុង្គ
បុត្រស្ដេច១៤
៣០
នរាយណ៍រាជាទី២ អទ័យរាជាអង្គនត់
១៧៥៨ - ១៧៧៥
ឧដុង្គ
បុត្រស្ដេច១៧


No comments:

Post a Comment