ការកាត់ក្ដីនៅសម័យចេនឡា (កំណត់ហេតុ ជីវ តាក្វាន់)
១៣. អំពីពេលចូលឆ្នាំ
គេយកខែទី១០ របស់ចិនធ្វើជាខែទី១ ហើយខែនោះមានឈ្មោះថា
កាតិ (កក្ដិក?)1 ។
នៅពីមុខវាំង គេមានសង់វេទិកាមួយយ៉ាងធំ
ដែលអាចដាក់បានមនុស្សជាងមួយពាន់នាក់ ហើយគេចងប្រទីបជ្វាលា
និងផ្កាភ្ញីជាដើម លំអនៅលើថ្នាក់នោះ។
នៅពីមុខដែលឃ្លាតពីទីនេះប្រមាណជា ២០០ហត្ថ មានទីលានមួយទៀត
គេបន្តឈើធ្វើជារោងរន្ទា ដែលមានកំពស់ដល់ទៅជាង ២០០ហត្ថ។ ក្នុងយប់នោះ
គេមានអុជកាំជ្រួច រន្ទា ឬ ផាវ បីបួន ឬ ប្រាំកន្លែង។ នៅក្នុងរោងនោះ
មានសុទ្ធតែមន្ត្រីធំតូចគ្រប់ជាន់ថ្នាក់។ វេលានោះ ស្ដេចក៏យាងចេញមកទត
កាំជ្រួច រន្ទា និង ផាវ ដែលគេអុជនៅខាងក្រៅចំងាយ ១០០លី តែគេអាចមើលឃើញ
និងស្ដាប់លឺសូរយ៉ាងច្បាស់
លឺខ្លាំងមើលតែកាំភ្លើងធំទ្រហឹងខ្ទរខ្ទារពេញតែទីក្រុង។
មន្ត្រី
និងញាតិវង្សទាំងអស់ចែកគ្នាកាន់ទៀន
និងម្លូស្លាដែលជាហេតុនាំអោយចំណាយអស់ប្រាក់យ៉ាងច្រើន។
នៅក្នុងពិធីនេះ ស្ដេចបានអញ្ជើញពួកទូតបរទេសទៅចូលរួបរួមផងដែរ។
គេធ្វើដូចនេះ អស់រយៈកន្លះខែបានចប់។
នៅក្នុងខែនីមួយៗសុទ្ធតែមានពិធីបុណ្យដែរ ដូចជានៅខែទី៤ គេបោះឈូង
ខែទី៩ ធ្វើអ៊ាបឡាក់(2) ពិធីនេះគេហៅប្រជុំមនុស្សមកចូលក្នុងទីក្រុង
ហើយហាត់ក្បួនដើរដង្ហែកាត់មុខវាំង។ ខែទី៥ គេទទួលយកទឹកមន្តព្រះពុទ្ធ
ពីគ្រប់ទីជិតឆ្ងាយពេញទាំងអាណាចក្រ
យកមកស្រោចស្រង់ថ្វាយព្រះរាជាជំរះកាយ ហើយអុំនាវានៅលើគោក (អុំទូកគោក)
ឯស្ដេចយាងឡើងលើកើយប្រាសាទ ទតមកពិធីនេះ។ ខែទី៧
ធ្វើពិធីដុតភ្នំស្រូវ។ ពេលនោះ ស្រូវទើបនឹងទុំថ្មី
គេទទួលយកមកតាមទ្វារខាងត្បូង ហើយគេគរដុត
ថាជាការបូជាចំពោះព្រះពុទ្ធ។ មានស្រីៗជាច្រើនណាស់ជិះរទេះ ឬជិះដំរី
នាំគ្នាមកមើលពិធីនេះ ឯព្រះរាជាមិនចេញមកក្រសាលទតពិធីនេះទេ
ទ្រង់គង់នៅឯព្រះដំណាក់ ។ ខែទី៨ ធ្វើពិធី អៃឡាំ ពិធីនេះគឺគេរាំរែក។
គេចាត់អ្នករាំ និងអ្នកភ្លេងពូកែៗអោយចូលទៅរាំអៃឡាំ(3) ឯក្នុងវាំងរាល់ៗថ្ងៃ។ ក្រៅពីនេះមានប្រជល់ជ្រូក
និងប្រជល់ដំរីទៀត។ ពិធីនេះ
ស្ដេចក៏អញ្ជើញពួកទូតប្រទេសក្រៅចូលទស្សនាផងដែរ ។ គេធ្វើដូច្នេះ
រហូតដល់គ្រប់ដប់ថ្ងៃ ។ ឯខែដទៃទៀត
ខ្ញុំមិនបានកត់ត្រាអោយច្បាស់លាស់ទេ។ អ្នកស្រុកនេះ
ក៏មានអ្នកចេះវិជ្ជាតារាសាស្ត្រដូចចិនដែរ
អាចនឹងដេញរកថ្ងៃខែណាធំតូច ឬសូរ្យគ្រាស ចន្ទគ្រាសដែរ
តែថ្ងៃខែធំតូចនេះ មិនដូចគ្នានឹងប្រទេសចិនទេ។
បើឆ្នាំណាជាឆ្នាំអធិកមាស គេក៏មានលើកខែដែរ។ ខែដែលត្រូវលើកនោះ
គឺខែទី៩(4) ប៉ុន្តែខ្ញុំមិនបានដឹងការនេះសព្វគ្រប់ទេ។
ក្នុងមួយយប់ គេចែកចេញជាប្រាំយាម។ ប្រាំពីរថ្ងៃរាប់ជាមួយជុំ
គឺដូចគ្នានៅស្រុកចិន ហៅថា កាយពីភៀនជូ។
អ្នកស្រុកនេះ គ្មានប្រើនាមត្រកូល
(សែ) គ្មានឈ្មោះ ហើយមិនចេះកត់ថ្ងៃខែកំណើតផង ភាគច្រើន
គេយកឈ្មោះថ្ងៃដែលកើត ហៅជាឈ្មោះមនុស្ស។ តាមក្បួនយាមថា
ក្នុងមួយសប្ដាហ៍ មានពីរថ្ងៃល្អបំផុត បីថ្ងៃល្អមធ្យម ពីរថ្ងៃអាក្រក់
ហើយថ្ងៃណាត្រូវចេញដំណើរបែរមុខទៅទិសបូព៌ ឬត្រូវឆ្ពោះទៅទិសបស្ចិម។
ពួកស្រីៗក៏ចេះរាប់ថ្ងៃខែដែរ។ ឆ្នាំទាំង
១២មានយកសត្វជាដំណាងដូចឆ្នាំរបស់ចិនដែរ តែគេហៅឈ្មោះខុសគ្នា
ឧបមាដូចគេហៅឆ្នាំសេះថា ប៉ុកសាយ ឆ្នាំមាន់ហៅថា ឡាក់ ឆ្នាំជ្រូកហៅថា
ចេកលូ និងឆ្នាំគោ ហៅ គូ ជាដើម។
១៤.
អំពីការកាត់ក្ដី
រឿងប្រជារាស្ត្រក្ដីក្ដាំគ្នា
ពិតមែនតែជាការតូចតាច ប៉ុន្តែជាការមួយគួរអោយចង់ដឹងចង់លឺដែរ។
រឿងក្ដីក្ដាំរបស់រាស្ត្រ សុទ្ធតែឡើងគាល់រហូតដល់ស្ដេចអោយជម្រះក្ដី។
ដើមឡើយស្ដេចឥតមានវាយតប់ដោយរំពាត់ធំឬតូចឡើយ
មានតែពិន័យជាមាសប៉ុណ្ណោះ។ បើអ្នកនោះមានៈមិនព្រមធ្វើតាម
ឬមានទោសធ្ងន់នោះ គេមិនចាប់ចងយកទៅប្រហារជីវិតដែរ
គ្រាន់តែនាំចេញទៅទ្វារខាងលិច ហើយអោយជីករណ្ដៅកប់អ្នកទោសនោះ
និងយកដីឬថ្មកប់គ្របពីលើប៉ុណ្ណោះ ។
ទោសស្រាលបន្ទាប់មក
គឺកាត់ម្រាមដៃជើង មានខ្លះត្រូវគេកាត់ច្រមុះចោលក៏មានដែរ។
រឿងសហាយស្មន្ធ និងលេងល្បែង ឥតមានហាមឃាត់ទេ។
បើប្ដីរបស់ស្រីដែលមានសហាយនោះដឹង គេយកឈើពីរ
ទៅចងគាបជើងរបស់ប្រុសសហាយនោះអោយឈឺស្ទើរនឹងស្លាប់។
បក្សពួកខាងប្រុសទាំងប៉ុន្មានត្រូវរួចខ្លួន។
ឯអ្នកដែលផ្ដើមគំនិតបោកប្រាស់គេ ត្រូវមានទោសដែរ។
បើមានមនុស្សស្លាប់នៅ នឹង ទ្វារកំពែង
គេយកខ្សែចងអូសទៅទីវាលក្រៅទីក្រុង ហើយសម័យនោះ
គ្មានការពិនិត្យសាកសពអ្វីទេ។ បើគេចាប់បានចោរ
ក៏អាចនាំទៅឃុំឃាំងសួរចម្លើយដែរ តែមានការគួរអោយអស់សំណើច
គឺថាបើគេសង្ស័យថាជននោះជាចោរ ហើយជននោះមិនព្រមទទួលសារភាព
គេនឹងយកខ្ទះមកដាំខ្លាញ់អោយក្ដៅមែនទែន ហើយគេអោយជននោះ
លូកដៃទៅក្នុងខ្លាញ់កំពុងពុះនោះឯង។
បើជននោះជាចោរមែនក៏ត្រូវរលាករលួយដៃ បើមិនមែនជាចោរទេ
ឥតមានរលាកឡើយ។ គេប្រាប់ខ្ញុំថា អ្នកស្រុកនេះចេះមន្តអាគមពូកែណាស់។
ម៉្យាងទៀត បើមានគ្រួសារពីរក្ដីក្ដាំគ្នា ហើយរកកាត់សេចក្ដីថា
នរណាត្រង់វៀចមិនកើត គេធ្វើដូច្នេះ នៅពីមុខវាំងមានប្រាសាទថ្មតូចៗ ១២
ខ្នង ហើយបញ្ជាកូនក្ដីអោយចូលទៅអង្គុយក្នុងប្រាសាទនោះមួយម្នាក់។
គេអោយអង្គុយតាំងពីមួយថ្ងៃ ពីរ បី ឬបួនថ្ងៃទៅ
បើនរណាដែលជាអ្នកធ្វើខុសនឹងច្បាប់នោះ ពិតជាមានភស្តុតាងលេចឡើងមិនខាន
គឺបើមិនចេញកមរមាស់ទេ ក៏ក្អកក្ដៅផ្ដាសាយដែរ។
ឯអ្នកទៀងត្រង់ឥតមានផលរមាស់អ្វីឡើយ។ ការវិនិច្ឆ័យដូច្នេះ គេហៅថា
គុកសួគ៌(5)។
រឿងធ្វើដូច្នេះបាន មកពីព្រះភូមិរក្សាទឹកដីរបស់គេ
ពូកែសក្តិសិទ្ធិណាស់ ទើបគេអាចធ្វើដូច្នេះទៅកើត។
១៥. អំពីជំងឺស្រែង(6)
អ្នកស្រុកមានកើតជំងឺស្រែងច្រើនគ្នាណាស់
មកពីគេចូលចិត្តមុជត្រាំក្នុងទឹក ហើយឧស្សាហ៍កក់លាងសក់ក្បាល
តែងមានកើតជំងឺស្រែងច្រើនណាស់។ នៅតាមផ្លូវធ្លា
ពួកនេះមិនសូវអៀនខ្មាសទេ។ ខ្ញុំ លឺគេថា ពួកទាំងនេះតែគេរួមរ័កគ្នាភ្លាម
គេចុះទៅងូតទឹកហើយ ដូច្នេះតែងមានជំងឺមួល បណ្ដាលអោយស្លាប់អស់ ៨-៩
នាក់ដែរ ក្នុងបណ្ដាមួយពាន់នាក់។ នៅទីផ្សារ មានលក់ថ្នាំសំរាប់កែរោគដែរ
តែមិនដូចថ្នាំចិនទេ មិនដឹងជាថ្នាំអ្វីឡើយ
ថែមទាំងមានគ្រូមន្តអាគមដើរព្យាបាលរោគអោយគេជាការគួរអស់សំណើច ណាស់ ។
១៦.
អំពីមរណភាព
មនុស្សស្លាប់
គេឥតមានដាក់ក្ដារមឈូសទេ គេយកតែកន្ទេលក្រាលពីក្រោម
យកកំណាត់សំពត់គ្របពីលើ ហើយគេយកទៅព្រៃហើយ។ កាលពីដើម
គេក៏ប្រើទង់ព្រលឹង និងភ្លេងភ្លាត់ហែខ្មោចដែរ ហើយគេលីងលាចពីមុខ
បាចតាមផ្លូវនាំមុខខ្មោច លុះសែងទៅដល់ក្រៅក្រុងដល់កន្លែងណាស្ងាត់
គេដ៏ដាក់ចោលខ្មោចនោះហើយត្រឡប់មកវិញ។ បើមានសត្វខ្លែង
ឬតិរច្ឆានអ្វីដទៃទៀតស៊ីខ្មោចនោះអស់មួយរំពេចទៅ គេថាឪពុកម្ដាយនោះ
មានភ័ព្វបានសុខសប្បាយល្អណាស់ តែបើគ្មានសត្វស៊ីសោះ
ឬមានស៊ីដែរតែមិនអស់វិញ គេបែរជាយល់ថា
ឪពុកម្ដាយនេះមានពៀរមានទោសទើបបានជាដូច្នេះ។
លុះមកដល់គ្រាឥឡូវនេះ
មានគេយកខ្មោចទៅដុតបូជាខ្លះៗហើយ។ ពួកអ្នកដែលមានជាប់ពូជជាកូនចៅចិន
ឪពុកម្ដាយស្លាប់ទៅ គេឥតស្លៀកពាក់សកាន់ទុក្ខទេ។ ប្រុសគ្រាន់តែកោរសក់
ស្រីគេគ្រាន់តែកាត់សក់ខាងមុខធ្លាក់មកលើថ្ងាស់ប៉ុនមួយទះ
ក៏ចាត់ជាការកាន់ទុក្ខហើយ។ ចំណែក ស្ដេចវិញ មានប្រាសាទសំរាប់កប់
ប៉ុន្តែមិនដឹងជាកប់ខ្លួនទាំងមូល ឬកប់តែឆ្អឹងទេ។
១៧. អំពីការភ្ជួរដាំ
ប្រហែលជា ក្នុងមួយឆ្នាំ
គេអាចសាបព្រោះ និងច្រូតស្រូវបានបី ឬបួនលើក
ពីព្រោះរដូវទាំងបួនមានធាតុអាកាសស្រួលល្អ ដូចជានៅខែទី៥ ទី៦ ដែរ។
ម៉្យាងទៀត ស្រុកនេះគេមិនស្គាល់ដូចម្ដេចថាធ្លាក់ព្រិល ឬទឹកកកឡើយ។
ស្រុកគេកន្លះឆ្នាំមានភ្លៀង កន្លះឆ្នាំឥតមានភ្លៀងសោះ។
ចាប់តាំងពីខែ៤ ដល់ខែទី៩ តែដល់ពេលរសៀល មានភ្លៀងធ្លាក់រាល់ថ្ងៃ
ទឹកនៅក្នុងសមុទ្ទទឹកសាប (ទន្លេសាប) ជោរឡើងមានកំពស់ ៧០ ឬ ៨០ហត្ថ។
ដើមឈើធំៗ លិចនៅសល់តែចុង ឯពួកអ្នកស្រុករស់នៅក្បែរមាត់ទឹកនោះបាននាំគ្នារើលំនៅមកជ្រក
ខាងក្រោយភ្នំវិញ។
ចាប់ពីខែទី ១០ ដល់ខែទី៣
នៃឆ្នាំថ្មី គ្មានភ្លៀងមួយតំណក់ទេ នៅក្នុងសមុទ្ទទឹកសាបនោះ
ធ្វើដំណើរបានតែដោយកូននាវាតូចៗទេ។ ត្រង់កន្លែងទឹកជ្រៅ
មានជំរៅតែត្រឹម ៣ ឬ ៥ហត្ថប៉ុណ្ណោះ។
ពេលនោះអ្នកស្រុករើទីលំនៅទៅនៅមាត់ទឹកធ្វើការភ្ជួរដាំវិញ។
ចំពោះស្រូវដល់ទៅពេលណាទុំ ក៏ត្រូវពេលទឹកឡើងដល់ល្មម។
គេសាបព្រោះដាំតាមកន្លែងដីរបស់គេរក្សារៀងខ្លួន។
គេភ្ជួរស្រែដោយមិនបាច់ប្រើគោទេ។ ចប និង កណ្ដៀវរបស់គេ
ពិតមែនតែមានសណ្ឋានប្រហាក់ប្រហែលគ្នានឹងរបស់ចិនដែរ តែមិនដូចគ្នាឡើយ។
មានស្រែព្រៃ មួយបែបទៀត
គេមិនព្រោះដូចស្រូវធម្មតាទេ ស្រូវដែលគេព្រោះនោះចេះលូតឡើងតាមទឹក
បើទឹកឡើងដល់កំពស់ ១០ ហត្ថ ក៏ស្រូវលូតលាស់កំពស់នោះដែរ។
នេះប្រហែលជាពូជស្រូវមួយបែបផ្សេងទៀតហើយ។ ស្រែអំពក និងថ្នាលបន្លែ
គេមិនប្រើគ្រឿងស្មោគគ្រោកដែលជាហេតុនាំអោយមិនស្អាតនោះទេ។
ពួកចិនដែលទៅដល់ស្រុកនោះ
ក៏គេមិនហ៊ាននិយាយរឿងពាងលាមកនៅប្រទេសចិនអោយពួកនោះដឹងដែរ
ព្រោះខ្លាចគេមើលងាយ។ នៅក្នុងផ្ទះពីរបីខ្នង
គេជីករណ្ដៅបង្គន់អាចម៍មួយហើយគេប្រក់ស្បូវ។ ដល់កាលណាពេញទៅនោះ
គេលប់ចោលវិញ ហើយទៅជីករណ្ដៅមួយទៀត។ នៅរាល់ពេលដែលបន្ទោរបង់រួច
គេតែងតែចុះទៅលាងឯក្នុងស្រះអោយបានស្អាតជានិច្ច
តែគេយកតែដៃឆ្វេងទៅលាងទេ ឯដៃស្ដាំ គេទុកបរិភោគបាយ។
ពួកគេមើលឃើញជនជាតិចិនចូលបង្គន់ហើយ យកក្រដាសកិតគេសើច
ថែមទាំងមិនចង់អោយឡើងលើផ្ទះគេទៀតផង។ ស្រីៗស្រុកនេះ
បត់ជើងតូចក៏ឈរដូចប្រុសដែរ ជាការគួរអោយអស់សំណើចណាស់។
១៨.
អំពីទឹកដី
ចាប់តាំងពីចូលក្នុងស្រុក ចេងផូវ
មក ខ្ញុំមើលឃើញសុទ្ធតែព្រៃឈើវែងអន្លាយ នៅតាមមាត់ទន្លេដ៏ធំធេង
មានដើមឈើធំចាស់បុរាណ និងគុម្ពផ្ដៅស៊ុបទ្រុបចម្ងាយរាប់រយលី
ហើយមានសម្លេងបក្សាបក្សីស្រែកទ្រហឹងអឺងកង នៅទីនោះផង ។
លុះទៅដល់ពាក់កណ្ដាលទន្លេ ទើបមើលទៅឃើញវាលស្រែដ៏ធំធេង
គ្មានឃើញដើមឈើមួយដើមឡើយ គេមើលទៅឃើញតែស្រូវទុំនៅសព្វទិសទីប៉ុណ្ណោះ។
មានសត្វគោព្រៃរាប់រយរាប់ពាន់ បានមកផ្ដុំគ្នាជាហ្វូងនៅទីនោះ។
មានឫស្សីដុះជាប់គ្នាជាដងព្រៃ មានចំងាយរាប់រយលី
ហើយឫស្សីទាំងនោះមានជួរបន្លានៅត្រង់គ្រប់ថ្នាំង។ ទំពាំងឫស្សីមានរសជាតិហាងខ្លាំងណាស់
ហើយនិងមានភ្នំនៅគ្រប់ទិសទាំងបួនទៀតផង ។
១៩.
អំពីផលានុផល
ស្រុកនេះមានភ្នំច្រើន
និងមានដើមឈើប្លែកៗ។ កន្លែងណាដែលគ្មានដើមឈើទេ
គឺជាកន្លែងដែលសត្វរមាស និងដំរីរស់នៅ។ ពពួកសត្វស្លាបដ៏មានតំលៃ និង
សត្វម្រឹគដ៏ប្លែកៗ មានច្រើនឥតគណនា ។ មានសត្វចចាតពណ៌ និងរោមល្អិត
ភ្លុកដំរី កុយរមាស ឃ្មុំផ្លិតធំៗ ឈើចន្ទន៍ក្រស្នា ក្រវាញ ជ័រចុង បញ្ញើក្អែក
(ជីកេង) ប្រេងសំរោង (តៃហួងជឺ)... ។
ចចាតជា សត្វព្រៃមួយបែប
គេកម្រចាប់វាបានណាស់ ។ នៅក្នុងព្រៃមានស្រះ ឬត្រពាំង
ហើយនៅក្នុងទឹកនោះ មានត្រីជាច្រើន ។ សត្វចចាត
វាហើរចេញពីព្រៃមកចាប់ត្រីនោះជាអាហារ ។ ពួកអ្នកព្រៃ
គេយកស្លឹកឈើបិទបាំងខ្លួន ហើយទៅអង្គុយនៅក្បែរមាត់ទឹក ។
គេយកមេចចាតធ្នាក់មួយដាក់ក្នុងទ្រុង ដើម្បីនឹងបញ្ឆោតចាប់យកចចាតឈ្មោល
គឺនៅនឹងដៃគេមានកាន់កូនលប់មួយទៀត រង់ចាំកាលណាចចាតឈ្មោលនោះមកជិត
គេក៏គ្របលប់នោះយកវា។ គេធ្វើរបៀបនេះក្នុងមួយថ្ងៃទាល់ល្ងាច
ជួនកាលចាប់ឥតបានសោះក៏មានដែរ។ ភ្លុកដំរី
មានតែអ្នកដែលនៅក្នុងរូងភ្នំឆ្ងាយដាច់ស្រយាលពីគេ ទើបរកបាន។
ដំរីមួយស្រុតស្លាប់ទៅនៅសល់តែភ្លុកមួយគូប៉ុណ្ណោះ។
ដូច្នេះពាក្យដែលគេធ្លាប់និយាយថា
សត្វដំរីក្នុងមួយឆ្នាំប្ដូរភ្លុកម្ដងនោះមិនពិតទេ។
ភ្លុកណាដែលចាក់នឹងច្បូក ឬលំពែងបានមក គេទុកជាភ្លុកល្អលេខមួយ
បើភ្លុកដែលគេបានដោយឃើញថាស្រុតស្លាប់ខ្លួនវាភ្លាមគេចាត់ជាភ្លុកល្អលេខពីរ
បើគេរើសបានដោយដំរីស្លាប់យូរឆ្នាំចោលនៅក្នុងរូងភ្នំ
គេចាត់ជាធុនអន់ជាងគេ។
ក្រមួន
ឃ្មុំគេរកបានពីដើមឈើចាស់ៗ
នៅក្នុងភូមិដែលសត្វឃ្មុំមួយប្រភេទមានចង្កេះស្ដួចឆ្មារ ដូចសត្វអង្ក្រង
វាធ្វើសំបុក។ អ្នកស្រុកដែលទៅយកឃ្មុំ តាមទូកតូចៗ
គេអាចដាក់បានពីរបីពាន់ផ្លិត។ ផ្លិតណាដែលធំជាងគេមានទម្ងន់ដល់ទៅ
៣០-៤០ នាឡិ ឯផ្លិតណាដែលតូចក៏មិនតិចជាង ១៨ ឬ ១៩ នាឡិដែរ។
កុយរមាសណាដែលពណ៌ស ហើយមានផ្កា គេចាត់ទុកជាកុយល្អ ហើយបើខ្មៅវិញ
គេទុកជាកុយអន់មិនសូវល្អ។ ឈើចន្ទន៍ក្រស្នា
ដុះតែនៅក្នុងព្រៃស្បាតព្រៃស្ដុក។
អ្នកស្រុកទៅកាប់យកមកបានដោយពិបាកណាស់ ព្រោះជាឈើដែលមានខ្លឹម។
ឈើនេះមានសាច់ស្រាយកម្រាស់ ៨ ឬ ៩ តឹក។ ទោះបីដើមតូចក៏មានសាច់ស្រាយ ៤ ឬ
៥ តឹកដែរ។ ក្រវាញ គឺជាពួកអ្នកព្រៃគេដាំនៅលើភ្នំ។ ជ័រចុង
គឺជាជ័រឈើមួយយ៉ាងដែលអ្នកស្រុកនេះ
គេយកកាំបិតទៅចោះឈើសម្រក់ជ័រមុនមួយឆ្នាំ
ដល់ឆ្នាំបន្ទាប់មកទើបគេទៅយកជ័រនោះមក។ បញ្ញើក្អែកជីកេង (អ័រគីដេ?) ដុះនៅលើមែកឈើមួយប្រភេទ
ដូចគ្នានឹងដើមមនដែលដុះផ្ញើសាំនឹងគេដូច្នេះដែរ
ហើយគេកម្រនឹងរកបានណាស់។ ប្រេង សំរោង
គេយកមកពីផ្លែឈើដើមធំមួយប្រភេទដែលមានសណ្ឋានដូចផ្លែដូងល្អិត មូលៗ ។
នៅក្នុងផ្លែនោះមានគ្រាប់ជាច្រើនទៅទៀត។ ឯម្រេច
ដុះព័ទ្ធលើដើមផ្ដៅមួយគូ មានពណ៌បៃតងដូចផ្លែស្មៅ បើនៅខ្ចីពណ៌ក៏ខ្ចី
និងរិតតែហិរណាស់ផង។
២០.
អំពីរបរជំនួញ
អ្នកស្រុកនេះ
ពួកស្រីៗប៉ិនជួញដូរណាស់ ហេតុនេះ ពួកចិនៗគេត្រូវរកប្រពន្ធមួយជាមុនសិន
ហើយនឹងបានចំណេញច្រើនដោយគេប៉ិនប្រសប់រកស៊ី។ រាល់ថ្ងៃ
គេទៅលក់តាំងពីភ្លឺព្រាងៗ ដល់ពេលថ្ងៃត្រង់ទើបឈប់ ហើយពួកនេះគ្មានគ្រែ
ឬផ្ទះសំរាប់ដាក់លក់ឥវ៉ាន់ទេ គេច្រើនតែក្រាលវត្ថុ
ហាក់ដូចជាកន្ទេលផ្ទាល់ទៅនឹងដីតំរៀបគ្នា។ ខ្ញុំលឺគេថា
មានបង់ឈ្នួលដីជាលុយអោយពួកមន្ត្រីទៀតផង។ ជំនួញតូចតាច
គឺគេជួញស្រូវអង្ករ និងរបស់ដែលធ្វើមកពីស្រុកចិន។
បន្ទាប់មកមានលក់ដូរកំណាត់សំពត់ផ្សេងៗ។ ជំនួញធំ គឺគេជួញមាសប្រាក់។
តាមធម្មតា ពួកអ្នកព្រៃ តែឃើញពួកចិនទៅដល់ គេគោរពចិនសំបើមណាស់ ទុកដូចបានជួបនឹងព្រះ
ហើយក្រាបក្បាលគោរពទៀតផង។ លុះមកដល់ពេលថ្មីៗនេះ ទើបមានការបោកប្រាស់
និងមើលងាយចិន ដោយហេតុមកពីមានមនុស្សទៅច្រើនពេក។
២១.
ទំនិញចិនដែលគេត្រូវការ
អ្នក ស្រុកនេះ
គ្មានកើតមាសកើតប្រាក់ទេ គេនឹកឃើញតែមាសមកពីស្រុកចិន
គឺមាសប្រាក់ជាផលលេខ១ កំណាត់មានពណ៌ទាំងប្រាំជាលេខ២ ។ បន្ទាប់មក
គេត្រូវការសំណមកពីស្រុកកេងជីវ ថាំងតែស្មាច់មកពីស្រុកអ៊ូជីវ
ថូផ្កាពណ៌មកពីស្រុកជួរជីវ និងទឹកប្រាក់ ជាតិហិង្គុល ក្រដាសសរសេរ
ស្ពាន់ធ័រ ថ្មដុត ឈើក្រអូប ឫសប៉េកជី ក្រលៀនប្រើស សំពត់សរសៃឆ្មៃ
សំពត់ហ្វាងឆាវ ឆ័ត្រ ឆ្នាំងដែក ថាស់ស្ពាន់ គជ់ ម្រ័ក្សណ៍ ក្រាសឈើ ម្ជុល ជាដើម
។ ក្រៅពីនេះ របស់ដែលធំៗដូចជាកន្ទេលស្រុកម៉េងជីវ ដែលគេពេញ ចិត្តបំផុត
គឺមានសញ្ញារូបម្ទេស តែគេមិនងាយនឹងយកទៅបានទេ ។
២២. អំពីស្មៅ
និង ដើមឈើ
មានដើមទទឹម អំពៅ ផ្កាឈូក ក្រអៅឈូក
ផ្លែខេមម៉ា ចេក ដូចនៅស្រុកចិនដែរ ។ គូលែន និងក្រូចឃ្វិច
ក៏មានរាងរៅដូចតែជូរ ។ ក្រៅពីនេះ
មានឈើព្រៃជាច្រើនដែលប្រទេសចិនយើងមិនធ្លាប់ដែលឃើញ ហើយប្លែកៗទៀតផង ។
មានផ្កាជាច្រើន ដែលល្អៗ ហើយមានក្លិនក្រអូបណាស់ ។
ផ្កាដែលដុះនៅក្នុងទឹកក៏មានជាច្រើនយ៉ាង តែខ្ញុំមិនស្គាល់ថា
ជាឈ្មោះផ្កាអ្វីទេ ។ ចំណែកដើមថោ លីហេងបួយ សុង ប៉េក សាំ ក្វាយ ឡី ចោ អ៊ាងលីវ
គុយឡាង កេកលូយ ឈើប្រភេទអស់នេះ គ្មានទេ ។ នៅស្រុកនោះខែទី១ ក៏មានផ្កាឈូកដែរ
។
២៣.
អំពីសត្វស្លាប
បណ្ដាសត្វ ស្លាប ឃើញមានក្ងោក ចចាត
លលក ដែលប្រទេសចិនគ្មាន ។ ក្រៅពីនេះដូចជាខ្លែង ក្អែក ត្មាត សេក ចាបស្រុក
ត្រដក់ កុក ប្រវឹក និងចាបពូកជាដើមសុទ្ធតែមានទាំងអស់ ។
សត្វស្លាបដែលស្រុកនេះគ្មាន ដូចជា ហ៊ីងតូវ (ល្វាចេក?) ហុងអេង (ក្ងានព្រៃ) អ៊ឹងអេង (ក្លែងលឿង) តូវអ៊ូ
(ត្រចៀកកាំ) ... ។
២៤.
អំពីសត្វជើងបួន
សត្វចតុបាទ មានរមាស ដំរី គោព្រៃ
ដែលប្រទេសចិនគ្មាន ។ ក្រៅពីនេះ ខ្លាធំ ខ្លាត្រី ខ្លាឃ្មុំ ជ្រូកព្រៃ ប្រើស
ក្ដាន់ និងកញ្ជ្រោងជាដើម សុទ្ធតែមានច្រើនណាស់ ។ សត្វដែលស្រុកនេះគ្មាន គឺ
តោស៊ីងស៊ីង(7) (ស្វាគីងកុង) និងឱដ្ឋ ។ មាន់ ទា គោ សេះ
ជ្រូក និង ពពែ មានច្រើនក្រៃលែង ។ តែសេះស្រុកនេះទាបៗណាស់ គោតូចៗ
ក៏មានច្រើនណាស់ដែរ ។ សត្វគោនៅរស់ គេហ៊ានជិះតែដល់វាស្លាប់ទៅ
គេមិនហ៊ានស៊ី និងមិនហ៊ានវះយកស្បែកវាទេ
គេទុកអោយវារលួយទៅតាមចិត្តចុះ
ពីព្រោះវាធ្លាប់ជួយដល់កម្លាំងមនុស្សលោក ។ វាធ្លាប់តែអូសរទេះ ។ ពីដើមមក
មិនធ្លាប់មានក្ងានទេ ប៉ុន្តែឥឡូវនេះមានហើយ ព្រោះមាននាវាចិនទៅញយៗ
គេយកពូជពីស្រុកចិនទៅ ។ កណ្ដុរស្រុកនេះធំៗដូចសត្វឆ្មា
ហើយមានកណ្ដុរមួយមុខទៀត មានក្បាលប្លែកពិសេសធំ ដូចជាក្បាលកូនឆ្កែ ។
(1) បានជារាប់ពីខែកក្កិត
ព្រោះជំនាន់ដើមគេរាប់រនោចមុនខ្នើត គឺពី១រោចខែកក្ដិក
ទៅជាដើមឆ្នាំខែលេខ ១។
(2) លោកប៉េលីយោតប្រែថា Ya-lie ហើយចុះសេចក្ដីយល់ថា Ràp Riep។
(3 ) លោកប៉េលីយោតប្រែថា Gnai-lan (Ràm)
(4) តាមពិតយើងលើកខែទី៨ គឺខែអាសាធ ប៉ុន្ដែនេះ គឺលោកជីវក្វាន់និយាយតាមខ្មែរជំនាន់ដើម ដែលរាប់ពី១រោច ខែអាសាធ ទៅដល់ ១កើតខែស្រាពណ៍ចាត់ជាខែទី៩។
(5) គុកសួគ៌ គឺជាគុកមួយដែលសក្ដិសិទ្ធ ដូចទេវតាមកកាត់ក្ដីនេះអោយ។
(6) លោកប៉េលិយោត ប្រែថាឃ្លង់ ប៉ុន្ដែតាមន័យអក្សរចិន ប្រែអោយចំគឺស្រែង។ បើថាឃ្លង់ដូចជាមិនមែន ព្រោះកើតឃ្លង់អែណាដល់ទៅពេញស្រុក បើឃ្លង់មែន មិនងាយមើលជាទេ។ បើថាស្រែងនោះសមមែន ព្រោះជំងឺនេះច្រើនបណ្ដាលមកពីការកខ្វក់។
(7) គឺជាស្វាមាឌធំប៉ុនមនុស្ស ដូចគេធ្លាប់ហៅតាមកុនថា ស្វាគីងកុង។
(2) លោកប៉េលីយោតប្រែថា Ya-lie ហើយចុះសេចក្ដីយល់ថា Ràp Riep។
(3 ) លោកប៉េលីយោតប្រែថា Gnai-lan (Ràm)
(4) តាមពិតយើងលើកខែទី៨ គឺខែអាសាធ ប៉ុន្ដែនេះ គឺលោកជីវក្វាន់និយាយតាមខ្មែរជំនាន់ដើម ដែលរាប់ពី១រោច ខែអាសាធ ទៅដល់ ១កើតខែស្រាពណ៍ចាត់ជាខែទី៩។
(5) គុកសួគ៌ គឺជាគុកមួយដែលសក្ដិសិទ្ធ ដូចទេវតាមកកាត់ក្ដីនេះអោយ។
(6) លោកប៉េលិយោត ប្រែថាឃ្លង់ ប៉ុន្ដែតាមន័យអក្សរចិន ប្រែអោយចំគឺស្រែង។ បើថាឃ្លង់ដូចជាមិនមែន ព្រោះកើតឃ្លង់អែណាដល់ទៅពេញស្រុក បើឃ្លង់មែន មិនងាយមើលជាទេ។ បើថាស្រែងនោះសមមែន ព្រោះជំងឺនេះច្រើនបណ្ដាលមកពីការកខ្វក់។
(7) គឺជាស្វាមាឌធំប៉ុនមនុស្ស ដូចគេធ្លាប់ហៅតាមកុនថា ស្វាគីងកុង។
No comments:
Post a Comment