អំពីកសិកម្មនៅសម័យចេនឡា (កំណត់ហេតុ ជីវ តាក្វាន់)
២៥. អំពីបន្លែបង្ការ
បន្លែមានត្រកួន ស្ពៃ គូឆាយ ត្រប់
ឪឡឹក ត្រឡាច ត្រសក់ ឃិនឆាយ។ បន្លែដែលគ្មានសោះ គឺឆាយថៅ ស្ពៃខៀវ ខូវចេង ប៉ោឡេង
ជាដើម។ បន្លែដូចជាត្រប់ ឪឡឹក ត្រសក់ ត្រឡាចជាដើម តែដល់ខែទី១ មានហើយ។
ដើមត្រប់មានដុះរាប់ឆ្នាំមិនទាន់រំលើងចោលក៏មាន។ ដើមគរខ្ពស់ៗ
ជាងផ្ទះទៅទៀត អាយុជាង ១០ ឆ្នាំមិនទាន់កាប់ចោលក៏មានដែរ។
មានបន្លែច្រើនមុខទៀតដែលខ្ញុំមិនស្គាល់ឈ្មោះ
ឯបន្លែដុះក្នុងទឹកក៏មានច្រើនមុខណាស់ដែរ។
២៦. អំពីត្រី
និង សត្វលូន
ពួកត្រី និងអណ្ដើកមានត្រីរ៉ស់ច្រើនណាស់
ក្រៅពីនេះដូចជាត្រីឆ្ពិន និងត្រីល្អិតៗ ឯទៀតរិតតែច្រើនណាស់ទៅទៀត
មានត្រីថូវពូ ដែលធំនោះ មានទម្ងន់ដល់ជាងពីរនាឡិ
ហើយត្រីដែលខ្ញុំមិនស្គាល់ឈ្មោះនោះ ក៏មានច្រើនណាស់ដែរ
ដែលជាត្រីមកពីសមុទ្ទទឹកសាប (ទន្លេសាប)។ ចំណែកត្រីទឹកប្រៃវិញ
ក៏មានច្រើនមុខ រាងដូចអន្ទង់ និងត្រីខ្ជឹងបឹងដែរ។ ពួកអ្នកស្រុកនេះ
មិនស៊ីកង្កែបទេ ម៉្លោះហើយដល់ពេលយប់
គេឃើញកង្កែបលោតច្រវាត់កាត់ផ្លូវដើរ។ អណ្ដើក កន្ធាយធំៗប៉ុនចង្អេរអុំ។
ទោះជាអណ្ដើកនោះមានអាយុដល់ទៅ ៦ឆ្នាំ ក៏គេនៅតែស៊ីវាដែរ។
បង្កងនៅស្រុកឆាណាំ (កំពង់ឆ្នាំង) មួយ មានទម្ងន់ដល់ជាងមួយនាឡិ។
ជើងអណ្ដើកនៅស្រុកចេនភូ មានប្រវែងជាង ៨-៩ តឹក។ ក្រពើធំប៉ុនៗទូក។
មាននាគជើងបួនមួយប្រភេទយ៉ាងចំលែកឥតមានស្នែងទេ។ ចំពុះទា លៀស ខ្យង ខ្ចៅ
នៅក្នុងសមុទ្ទទឹកសាបនោះ គ្រាន់តែលូកដៃទៅក៏យកបានភ្លាមហើយ
តែខ្ញុំមិនឃើញមានក្ដាមទេ ខ្ញុំស្មានថាប្រហែលជាមានដែរ
តែគេមិនស៊ីទេមើលទៅ(1)។
២៧.
អំពីការបិទស្រា
ស្រាស្រុកគេនេះមានបួនយ៉ាង
ស្រាលេខមួយ ចិនហៅ ស្រាទឹកឃ្មុំ ដែលគេយកជាតិថ្នាំ
និងទឹកឃ្មុំលាយជាមួយទឹក ហើយផ្សំធ្វើឡើង។
បន្ទាប់មកហៅតាមពាក្យអ្នកស្រុកថា ផេងកេស៊ី ដែលគេយកស្លឹកឈើមកផ្សំ
គឺស្លឹកឈើឈ្មោះ ផេងកេស៊ី (ភ្ងាស) នេះឯង ជាឈើមួយប្រភេទ។ បន្ទាប់មកទៀត
គេយកអង្ករ ឬបាយដែលសេសសល់ទៅបិទស្រាហៅ ប៉ាវឡេងកាក ព្រោះពាក្យថា
ប៉ាវឡេងកាក បានន័យថា អង្ករ។ ក្រោមពីនោះមកទៀត មានស្រាទឹកល្ងៃស្ករ
ដែលគេយកជាតិស្ករមកបិទអោយកើតទៅជាស្រា។
បើគេចូលទៅស្រុកភូមិតាមមាត់ទន្លេ
គេប្រទះស្រាមួយមុខទៀតធ្វើពីទឹកក្រចាប់ ព្រោះក្រចាប់ដុះនៅមាត់ព្រែក
ហើយស្លឹកវាមានរសជាតិស្ករ ដែលគេអាចយកមកធ្វើជាស្រាបាន។
២៨. អំបិល
ទឹកខ្មេះ ស៊ីអ៊ីវ និង មី
នៅ ប្រទេសនេះ ការធ្វើរបស់ទាំងនេះ
ឥតមានហាមឃាត់ទេ។ តាមឆ្នេរសមុទ្ទចាប់ពីចេនភូ (ចន្ទបូរ) និងប៉ាកាង
(បាកាន)(2) គេធ្វើអំបិលដោយទឹកសមុទ្ទ។ នៅក្នុងភ្នំមានរ៉ែ
ដែលគេបានជាតិថ្មធ្វើជាអំបិលប្រសើរជាងអំបិលសមុទ្ទទៀត
និងយកថ្មធ្វើជាវត្ថុដទៃៗទៀត។ ពួកអ្នកស្រុកនេះ មិនចេះធ្វើទឹកខ្មេះ
តែគេចូលចិត្តប្រើជាតិជូរនៅក្នុងម្ហូបណាស់ គេត្រាំទឹកកាំផេង(3) (អម្ពិល) ធ្វើជាម្ជូរ កាលណាដើមឈើនេះកំពុងតែលាស់ គេយកស្លឹក
ឬទងខ្ចី កាលណាមានផ្លែគេយកផ្លែវិញ។ គេមិនចេះធ្វើមីទេ
ព្រោះតែគ្មានស្រូវសាឡី និងសណ្ដែក។ ពួកនេះ មិនចេះធ្វើដំបែគ្រាប់ទេ។
កាលណាគេបិទស្រា គេលាយទឹកឃ្មុំ និងទឹកត្រាំស្លឹកឈើ អោយបានជាក្បាលស្រា
ហើយក្បាលស្រានេះ ដូចគ្នានឹងស្រាស នៅក្នុងភូមិស្រុកយើងដែរ។
២៩.
អំពីដង្កូវនាង និង ដើមមន
អ្នកស្រុកនេះមិនចេះចិញ្ចឹមដង្កូវនាងទេ
ទាំងដើមមនក៏គ្មានដាំដែរ។ ស្រីៗមិនចេះប៉ាក់ជុល និងដេរប៉ះឡើយ។
គេចេះត្បាញសំពត់តែគេមិនចេះរវៃអំបោះទេ
គេយកដៃត្រគួញសរសៃកប្បាសអោយកើតបានជាអំបោះ
ហើយគេយកមកត្បាញមិនបាច់មានកីទេ។
គេចងសរសៃអំបោះម្ខាងជាប់នឹងចង្កេះគេ ហើយគេត្បាញពីចុងម្ខាងទៀត
ដោយមានត្រល់ជាបំពង់ឫស្សី។ ប៉ុន្មានឆ្នាំក្រោយមកនេះ មានពួកសៀមចូលមកនៅ
គេក៏ដាំមន ចិញ្ចឹមនាងធ្វើសូត្រ ដោយយកពូជមកពីស្រុកសៀម។ នៅស្រុកនេះ
គ្មានដើមឆ្មៃទេ មានតែដើមក្រចៅ។ ជនជាតិសៀមចេះដេរប៉ាក់ចំណាប់
បើសំពត់អ្នកស្រុកនេះរហែក គេយកមកពឹងស្រីសៀមអោយដេរប៉ះអោយ។
៣០.
អំពីប្រដាប់ប្រើប្រាស់
អ្នកស្រុកធម្មតាមានផ្ទះនៅហើយ
តែគ្មានតុកៅអី ចានដែក ឬថាំងជាដើមប្រើទេ
គេប្រើឆ្នាំងដីសំរាប់ដណ្ដាំបាយ ហើយឆ្នាំងមួយទៀតសំរាប់ស្ល។
គេយកថ្មបីដុំតំកល់ធ្វើជាជើងក្រាន និងយកត្រឡោកដូងធ្វើជាវែក។ គេប្រើចានទាបមកពីស្រុកចិនសំរាប់ដាក់បាយ
ឯសម្ល គេដាក់នឹងកន្ទោងស្លឹកឈើដែលកេវខ្ទាស់មិនលិចទឹកទេ។
គេយកស្លឹកក្រចាប់ធ្វើជាស្លាបព្រាដួសសម្លបញ្ចូលមាត់ កាលណាប្រើរួច
គេបោះចោលទៅ។ ម្ហូបថ្វាយព្រះ ឬថ្វាយទេពតាក៏គេដាក់នឹងស្លឹកដូច្នោះដែរ។
គេយកគ្រឿងដែលធ្វើពីស្ពាន់សដែលដាក់ទឹកនៅក្បែរខ្លួន
សំរាប់ជ្រលក់ដៃកុំអោយជាប់បាយនឹងដៃ ព្រោះគេបរិភោគដោយផ្ទាល់នឹងដៃ
បើគ្មានទឹកផ្សើមដៃមិនបានឡើយ។ គេប្រើផ្តិលសំរឹទ្ធិសំរាប់ចាក់ស្រាផឹក
ចំណែកអ្នកក្រប្រើផ្តិលដែលធ្វើអំពីដី រីឯពួកមន្ត្រី
គេប្រើផ្តិលធ្វើពីប្រាក់ ឬមាសផងក៏មាន។ បើក្នុងឱកាសបុណ្យធំៗ
ដូចជាបុណ្យជាតិវិញ គេប្រើប្រដាប់ទាំងនេះ សុទ្ធតែពីមាសទាំងអស់
ហើយមានរបៀបផ្សេងពិសេសទៀតផង។ នៅនឹងដីគេក្រាលកន្ទេលមកពីស្រុកម៉េងជីវ
(ស្រុកចិន) ឬមួយក្រាលស្បែកខ្លាធំ ខ្លារខិន ស្បែកប្រើស រមាំង... ពុំនោះទេ
គេប្រើកន្ទេលផ្ដៅ។ នៅពេលជិតៗនេះ គេទើបនឹងចេះប្រើតុទាបៗ
មានកំពស់ប្រហែលមួយហត្ថ។ សំរាប់កន្លែងគេដេក គេប្រើកន្ទេលឫស្សី
តែឥឡូវនេះមានខ្លះប្រើគ្រែទាបៗខ្លះដែរហើយ ដែលជាគ្រែធ្វើមកពីស្រុកចិន។
ម្ហូបចំណី គេគ្របដោយសំពត់ ឯនៅក្នុងវាំង គេប្រើសំពត់ព្រែប៉ាក់ឌិន
ឬខ្សែសយ ដែលបានមកពីពួកឈ្មួញសំពៅប្រទេសក្រៅនាំយកមកថ្វាយ។
ដើម្បីស្រិតអង្ករ គេមិនប្រើត្បាល់កិនទេ គេប្រើត្បាល់បុកទៅវិញ។
៣១. អំពីរទេះ និង
អង្រឹងស្នែង
ការធ្វើអង្រឹងស្នែង
គេយកឈើមួយដើមដែលកោងចំកណ្ដាលអ៊ែនចុះក្រោម ចុងសងខាងឡើងលើ
ហើយនៅចុងនោះគេឆ្លាក់ជាក្បាច់ផ្កាភ្ញី និងមានស្រោបមាស
ឬប្រាក់ពីក្រៅឈើនោះផង គេហៅថាអង្រឹងដងមាស ដងប្រាក់
សំរាប់តាមលំដាប់ថ្នាក់។ ចម្ងាយពីចុងដងប្រមាណមួយហត្ថ
គេវាយដែកធ្វើជាស្រយូវម្ខាងមួយ ហើយគេយកសំពត់មួយផ្ទាំងយ៉ាងធំ
ហើយក្រាស់ មកបត់ធ្វើជាត្រចៀកសំរាប់ស៊កខ្សែភ្ជាប់ទៅនឹងស្រយូវដែកនោះ។
អ្នកជិះអង្គុយលើសំពត់នោះ ដៃកាន់ជាយសំពត់ផង ហើយអោយមនុស្សពីរនាក់ជាអ្នកសែង។
នៅក្បែរអង្រឹងស្នែងតែងតែមានប្រដាប់មួយទៀតមានសណ្ឋានដូចដំបូលទូក
តែធំជាងដ៏មានបិទបាំងដោយសំពត់ព្រែប្រាំពណ៌
ហើយមានមនុស្សបួននាក់សែង និងមានមនុស្សដើរតាមហែរពីក្រោយផង។
បើធ្វើដំណើរទៅឆ្ងាយ គេអាចជិះដំរី និងសេះ ព្រមទាំងប្រើរទេះដែរ។
រទេះនៅស្រុកនេះ ក៏មានលក្ខណៈ ដូចរទេះស្រុកឯទៀតដែរ តែគេជិះសេះ
ឥតមានកែបទេ ឯដំរីក៏គ្មានប្រដាប់សំរាប់អង្គុយដែរ។
៣២. អំពីទូ
ច្រវា
អំពីទូកធំៗ
សុទ្ធតែធ្វើឡើងដោយយកឈើរឹងៗ មកចាំងជាបន្ទះក្ដារសិន រួចទើបវាយផ្ដុំឡើងជាទូក។
មេជាងឥតមានប្រើរណារទេ គេប្រើតែដឹង ហើយនិងដែកខួង
ដែលជាហេតុនាំអោយខាតឈើ និងកំលាំងច្រើនណាស់។
នៅគ្រប់ពេលដែលគេចង់កាត់ឈើជាកំណាត់
គេតែងយកដែកខួងមកខួងទម្លុះផ្ដាច់តែម្ដង ទោះជាធ្វើផ្ទះ
ក៏ធ្វើរបៀបដូចគ្នានេះដែរ។ គេមានប្រើដែកគោលវាយធ្វើទូកដែរ។
គេយកស្លឹកឡេង (ក្រចាប់) មកប្រក់ធ្វើដំបូល
ដោយយកដើមស្លាមកពុះជាបន្ទះគាបសង្កត់ស្លឹកនោះផង។ ទូករបៀបនេះ គេហៅថា
ស៊ីនណា។ គេបិទពរទូកដោយជ័រឈើ ខ្លាញ់ត្រី លាយនឹងកំបោរ។
ចំណែកទូកតូចៗវិញ គេលុងធ្វើពីឈើមួយដើមធំ។
គេយកភ្លើងដុតឆេះរោលអោយទន់សាច់ឈើ ទើបទល់បំប៉ោងពង្រីកពោះទូកអោយធំ
ក្បាលកន្សៃស្រួចឥតមានប្រើដំបូលទេ តែដាក់បានមនុស្សច្រើននាក់ដែរ។
ទូករបៀបនេះហៅថា កុយឡាំង។
៣៣. អំពីខេត្ត
ខេត្តមានទាំងអស់ជាង ៩០ គឺខេត្ត
ចេងពូ (ចន្ទបូរ) ឆាណាំ (ឆ្នាំង) ប៉ាកាង (បាកាន) មុងលាង ប៉ូចស៊ី ផូវមួយ ទីហួង
បាក់លុតប៉ោ ណៃកាខាំង ប៉ូចស៊ឺលី ជាដើម។ ក្រៅពីនេះ ខ្ញុំមិនចាំឈ្មោះទេ។
ខេត្តនិមួយៗសុទ្ធតែមានមន្ត្រីធំនៅកាន់កាប់
ហើយមានធ្វើបន្ទាយឈើជារបាំងផង។
៣៤.
អំពីស្រុកភូមិ
នៅក្នុងភូមិ នីមួយៗជួនមានវត្ត
ជួនមានប្រាសាទ ហើយមានមន្ត្រីម្នាក់នៅត្រួតត្រាយ៉ាងហ្មត់ចត់។
មន្ត្រីនោះគេហៅថា បួយស៊ី។ នៅតាមផ្លូវធំៗ
តែងមានសាលាមួយសំរាប់ឈប់សម្រាក គេហៅថា ស៊ិមប៉ាក់។ ប៉ុន្តែនៅពេលថ្មីៗនេះ
មានកើតចម្បាំងជាមួយនឹងប្រទេសសៀម
ភូមិទាំងនេះក៏ប្រែក្លាយទៅជាដីវាលទៅវិញ។
៣៥.
អំពីប្រមាត់ប្រមង់
កាលពីមុននេះ តែដល់ខែទី៨
គេតែងធ្វើការចាប់មនុស្សយកប្រមាត់
ពីព្រោះស្ដេចក្រុងចាមក្នុងមួយឆ្នាំគេសុំយកប្រមាត់មនុស្សមួយថូ
ដែលមានចំនួនរាប់ពាន់។ នៅក្នុងពេលយប់គេចាត់ពួកអ្នកយកប្រមាត់
(ប្រមាត់ប្រមង់?) ដើរទៅតាមផ្លូវនានាក្នុងទីក្រុង
និងក្នុងភូមិ។ បើប្រទះមនុស្សណាដើរក្នុងពេលយប់ស្ងាត់នោះ
គេចាប់យកខ្សែចងក្បាលអោយជាប់
ហើយយកកូនកាំបិតចាក់ក្រោមឃ្លៀកខាងស្ដាំខ្វេះយកប្រមាត់ដាក់ ក្នុងថូ
លុះត្រាតែបានពេញចំនួន ទើបគេយកទៅថ្វាយស្ដេចក្រុងចាម។
ប៉ុន្តែគេមិនយកប្រមាត់នៃជនជាតិចិនទេ។ ពីព្រោះមានកាលមួយឆ្នាំនោះ
គេយកប្រមាត់របស់ចិនមួយទៅលាយនឹងគេ
ក៏បណ្ដាលអោយស្អុយរលួយខូចប្រមាត់នៅក្នុងថូ លែងប្រើការបានទាំងអស់
ពេលក្រោយមក គេលែងមានការដើរចាប់យកប្រមាត់ទៀតហើយ
ហើយគេចាត់មន្ត្រីដោយឡែកសំរាប់មុខងារខាងយកប្រមាត់ពីពួកក្រោម
អំណាចខ្លួន ដែលតាំងអោយនៅជាយក្រុងក្បែរទ្វារខាងជើង។
៣៦.
អំពីរឿងចំលែកមួយ
នៅក្នុងកំពែងនាទិសខាងកើត
មានអ្នកព្រៃម្នាក់នោះរួមរ័កជាមួយប្អូនស្រីឯងបង្កើត
ក៏ស្រាប់តែជាប់ស្បែកសាច់គ្នាបេះមិនចេញ រហូតដល់គ្រប់បីថ្ងៃ
ឥតមានស៊ីចុកអ្វីសោះ ក៏ស្លាប់បង់ជិវិតទៅ។ អ្នកស្រុកខ្ញុំម្នាក់សែ ស៊ិ
គេបានមករស់នៅស្រុកនេះរវាងសាមសិបប្រាំឆ្នាំហើយ គេថា គេបានឃើញរឿងនេះច្បាស់នឹងភ្នែកពីរលើក
ហើយគេថា បានជាសក្តិសិទ្ធិដូច្នេះ
ព្រោះបារមីព្រះរបស់ស្រុកនេះខ្លាំងពូកែណាស់។
៣៧.
អំពីការងូតទឹក
ប្រទេសនេះក្ដៅខ្លាំងណាស់
ក្នុងមួយថ្ងៃៗបើមិនងូតទឹកច្រើនលើកទេ គឺច្បាស់ជាអត់ទ្រាំមិនបានឡើយ
ទោះបីនៅពេលយប់ក៏ជៀសមិនរួចពីការងូតទឹកម្ដង ឬពីរដងដែរ។
គេគ្មានបន្ទប់ទឹក គ្មានចានដែក គ្មានប៉ោតទេ។
ក្នុងផ្ទះមួយតោងមានស្រះមួយ បើពុំនោះទេ គេព្រួតគ្នា ២-៣
ផ្ទះទៅងូតទឹកស្រះមួយដោយលែងខ្លួនចោល ឥតគិតអៀនខ្មាសគ្នាស្រីប្រុសទេ។
ប៉ុន្តែបើឪពុកម្ដាយចាស់ គាត់ទៅដល់ស្រះមុន
ក្មេងស្រីប្រុសមិនហ៊ានទៅជិតទេ
ប្រសិនបើក្មេងកំពុងតែងូតទឹកស្រះនោះមុនវិញ ក៏ចាស់ទុំនោះ
នាំគ្នាគេចចេញដែរ។ មនុស្សមានវ័យស្របាលគ្នា ឥតគិតអៀនខ្មាសគ្នាឡើយ។
គេយកតែដៃឆ្វេងបិទបាំងកេរ្តិ៍ខ្មាសរបស់ខ្លួន ហើយដើរចុះក្នុងទឹកទៅ។
ជួនកាលក្នុងរយៈ ៣-៥ ថ្ងៃ ឬ ៥-៦ ថ្ងៃម្ដង
ពួកស្រីៗក្នុងទីក្រុងមួយក្រុមមានគ្នា ៣-៤ នាក់
នាំគ្នាចេញទៅមុជទឹកទន្លេឯខាងក្រៅកំពែងក្រុង។
នៅពេលដែលទៅដល់ទន្លេនោះ គេដោះសំពត់ដែលវ័ណ្ឌខ្លួនចេញ
ដើរចុះទៅក្នុងទឹកហើយទៅជួបជុំគ្នានៅក្នុងទន្លេនោះរាប់ពាន់នាក់។
សូម្បីតែពួកស្រីៗដែលមានត្រកូលខ្ពង់ខ្ពស់ក៏ដូច្នោះដែរ។
គេឥតមានការអៀនខ្មាសអ្វីទេ
ចាប់តាំងពីក្បាលដល់ចុងជើងមើលគ្នាឃើញទាំងអស់។
នៅមាត់ទន្លេក្រៅទីក្រុងនោះ
រាល់ថ្ងៃតែងតែមានជនជាតិចិននៅទំនេរ
ហើយលួចនាំគ្នាទៅចាំមើលលេងតាមគំនិតខិលខូច
ហើយឮថាគេលួចឆ្លៀតពេលនៅក្នុងទឹកនោះផង។ ទឹកនោះនៅក្ដៅឧណ្ហៗជានិច្ច
លុះត្រាដល់ពេលយប់យាមបួនទើបត្រជាក់ លុះដល់ព្រឹក
ថ្ងៃរះឡើងក៏ក្ដៅឧណ្ហៗឡើងវិញទៀត។
៣៨.
ការចូលជ្រកនៅ (អន្តោប្រវេសន៍)
ពួកជនជាតិចិន
ដែលជាអ្នកស៊ីឈ្នួលដើរសំពៅ កាលមកដល់ស្រុកនេះ ក៏ពេញចិត្តគេខ្លាំងណាស់
ព្រោះស្រុកនេះមិនបាច់ប្រើសម្លៀកបំពាក់ច្រើន ហើយអង្ករគេក៏ស្រួលរក
ប្រពន្ធក៏ស្រួលរកបាន ឯផ្ទះសំបែងក៏ងាយធ្វើ គ្រឿងប្រើប្រាស់ក៏ងាយរក
ការលក់ដូរក៏ធូរងាយ
ម៉្លោះហើយបានជាមានអ្នកចូលពីស្រុកក្រៅមករស់នៅស្រុកនេះច្រើន ណាស់។
៣៩.
អំពីកងទ័ព
កងទ័ពក៏ធ្វើដំណើរដោយលែងខ្លួនឥតអាវ។
ដៃស្ដាំគេកាន់លំពែង ដៃឆ្វេងកាន់ខែល គ្មានប្រើធ្នូ និងព្រួញទេ
កាំភ្លើងធំ ឬ អាវក្រោះក៏គ្មានដែរ។ តាមឮគេថា
កាលកើតចម្បាំងនឹងជាតិសៀមគេនាំគ្នាកេណ្ឌអ្នកស្រុកទៅវាយដោយកំលាំងតែម្ដង
ពុំមានប្រើល្បិចកលឧបាយអ្វីឡើយ(4)។
៤០.
ការយាងចេញនៃមហាក្សត្រ
ខ្ញុំ បានឮគេនិយាយថា
ស្ដេចអង្គមុនៗ មិនដែលយាងចេញទៅណាទេ ព្រោះខ្លាចមានរឿងហេតុ។
ស្ដេចអង្គថ្មីនេះ ត្រូវជាសុណិសាស្ដេចមុន (5)។ កាលពីដើម លោកមានឋានៈជាមេទ័ព។ បិតាក្មេកនោះសព្វព្រះទ័យនឹងបុត្រីព្រះអង្គណាស់បានជាកូនស្រីនេះ
លួចយកព្រះខ័នមាសបាន ហើយយកទៅអោយប្ដីរបស់ព្រះនាង។
បុត្រាបង្កើតក៏មិនបានទទួលរាជ្យស្នងបិតា ក៏លើកទៅវាយដណ្ដើមរាជ្យ
តែត្រូវស្ដេចថ្មីជ្រាបការទាន់ ចាប់បាននាំយកមកកាត់ម្រាមជើង
ហើយយកទៅដាក់គុកងងឹត។ ស្ដេចថ្មីនេះមានពាក់អាវក្រោះដែក
ទោះបីគេប្រើកាំបិត ឬព្រួញក៏មិនអាចមុតបានដែរ។ ដូច្នេះហើយ
ទើបព្រះអង្គហ៊ានយាងចេញក្រៅ។ ខ្ញុំបានទៅនៅទីនោះជាងមួយឆ្នាំ
បានឃើញព្រះអង្គយាងចេញមកបួនប្រាំដង។ ការយាងចេញមកម្ដងណា
តែងមានទ័ពនៅការពារពីខាងមុខ មានអ្នកកាន់ទង់ជ័យ
និងមានតន្ត្រីនៅខាងក្រោយ។ ស្រីស្នំបួន
ឬប្រាំនាក់ស្លៀកសំពត់ផ្កាសៀតផ្កានៅសក់ក្បាល
ដៃកាន់ទៀនធំដើរជាមួយក្រុមៗ។ ទោះបីនៅពេលថ្ងៃភ្លឺក្រឡែតក្ដី
ក៏គេអុជទានដែរ។ នៅក្នុងចំណោមស្រីស្នំទាំងនោះ
មានខ្លះកាន់គ្រឿងមានដូចជា ភាជន៍មាស និងគ្រឿងបិទបាំងជាដើមផ្សេងៗពីគ្នា
មិនដឹងជាគេយកទៅប្រើការអ្វីខ្លះឡើយ។ នៅមានស្រីស្នំខ្លះទៀតកាន់ស្នរ
លំពែង ខែល ជាទ័ព នៅខាងក្នុងមួយក្រុមទៀតផង មានរទេះទឹមពពែ និងរទេះទឹមសេះ
ដែលមានតាក់តែងដោយគ្រឿងមាសបរដង្ហែដែរ។
ពួកនាម៉ឺនសព្វមុខមន្ត្រី
និងពួកញាតិវង្ស សុទ្ធតែជិះដំរីនៅខាងមុខ បើមើលពីចម្ងាយទៅ
ឃើញសុទ្ធតែក្លស់ពណ៌ក្រហមឥតគណនា។ បន្ទាប់មក
ទើបដល់ព្រះមហេសីធំតូចតាមលំដាប់ថ្នាក់ ជិះអង្រឹងស្នែង ជិះរទេះសេះ
ឬជិះដំរីដ៏មានក្លស់បើកបាំងមិនតិចជាងមួយរយទេ។ បន្ទាប់មកទៀត
ទើបដល់ព្រះរាជាទ្រង់ឈរនៅលើខ្នងដំរី ព្រះហត្ថកាន់ព្រះខ័នទិព្វ។
ភ្លុកដំរី ព្រះទីនាំងសឹងមានពាក់ចង្កំមាស។ មានក្លស់ស (ស្វេច្ឆត្រ) ចំនួន ២០
ដ៏មានស៊ែមមាសបើកបាំងជុំព្រះអង្គ ដែលសុទ្ធតែជាក្លស់ដងមាស
នៅជុំវិញព្រះអង្គមានទ័ពដំរីប្រដាប់ដោយអាវុធជាគ្រឿងការពារ។
បើប្រសិនជាស្ដេចយាងទៅណាជិតៗទេ ទ្រង់គង់លើគ្រែស្នែង (ព្រះវរ)
ហើយអ្នកសែងសុទ្ធតែស្រីៗស្នំ។ សឹងតែរាល់ដង កាលណាស្ដេចយាងចេញដំណើរតែងមានរូបស្តូបតូចមួយ
ហើយពីមុខនេះមានព្រះពុទ្ធរូបមាសមួយអង្គផង សែងពីមុខព្រះរាជា។
បណ្ដាជនដែលនៅតាមដងផ្លូវ
ត្រូវសំពះលុតជង្គង់ក្រាបក្បាលដល់ដីដែលគេហៅថា សាំប៉ា (សំពះ?) បើពុំដូច្នោះទេ នឹងត្រូវគេចោទថា
មើលងាយព្រះចេស្ដា ហើយនឹងត្រូវគេចាប់យកទៅឃុំចោល ឥតដោះលែងឡើយ។
ក្នុងមួយថ្ងៃ
ព្រះរាជាទ្រង់កិច្ចការរដ្ឋពីរលើក គឺទទួលសវនាការពីរដ្ឋមន្ត្រី និងរាស្ត្រ
ប៉ុន្តែគ្មានបញ្ជីកត់កំណត់ចំនួនមនុស្ស និងកិច្ចការនោះទេ។ បើមន្ត្រី
ឬរាស្ត្រណាចង់ចូលគាល់ ត្រូវតែចូលទៅអង្គុយបត់ជើងផ្ទាល់នឹងដីរងចាំជាមុន។
មួយសន្ទុះក្រោយមក ទើបគេឮសូរសម្លេងតន្ត្រីរងំពីខាងក្នុង។
អ្នកនៅខាងក្រៅផ្លុំស័ង្ខតបទៅវិញ។ ខ្ញុំឮគេថា
គេប្រើតែទីនាំងគ្រែស្នែងមាស (ព្រះវរមាស) ទេ បើគ្រាន់តែយាងជិតៗ។ បន្តិចមក
គេឃើញស្រីស្នំពីរនាក់រូតវាំងននព្រះវរនោះឡើង
ក៏លេចឃើញស្ដេចគង់ឈរកាន់ព្រះខ័ន
នៅក្នុងស៊ុមមាសជាទីព្រះទែនគង់ប្រថាប់។ ពេលនោះ ទាំងមន្ត្រី
ទាំងរាស្ត្រសុទ្ធតែឱនក្បាលលើកដៃសំពះ
លុះត្រាតែផុតសម្លេងស័ង្ខដែលជាសញ្ញាអោយងើបមុខឡើង ទើបហ៊ានងើបព្រមគ្នា។
ស្ដេចក៏គង់ប្រថាប់ដែរ។ ព្រះទែននោះ ក្រាលដោយស្បែកសត្វសិង្ហ
ដែលជាកេរ្តិ៍ដំណមកច្រើនស្ដេចហើយ។ លុះទ្រង់ប្រាស្រ័យការចប់ហើយ
ស្ដេចយាងចូលវិញដោយមានស្រីស្នំពីរនាក់រូតរនាំងបិទដូចដើម
អ្នកទាំងអស់គ្នាក៏ក្រោកឈរហើយអែបៗខ្លួនទៅកៀនរៀងខ្លួនទៅ។
ពិតមែនតែស្រុកនេះមិនសូវស៊ីវិល័យ
តែគេស្គាល់ច្បាប់ទម្លាប់គោរពព្រះមហាក្សត្រ ៕ Tous les
contenus médiatiques et écrits illustrés sur site ne présentent pas définitivement des documentations officielles. Vous pouvez toujours
nous faire part votre commentaire ou votre savoir-faire pour la rectificatio
(១)ការពិតស្រុកយើងមានក្ដាមច្រើនណាស់ពីដើមមក
តែប្រហែលជាលោកជីវតាក្វាន់ មិនប្រទះឃើញក្នុងទន្លេ។
(2) ចេនភូ = ចន្ទបូរ រឺ ចន្ទបុរី។ ប៉ាកាង = បាកាន។
(3) តាមមើលទៅ ដើមនេះគួរជាដើមអំពិល ព្រោះគេប្រើស្លឹកក៏បានផ្លែក៏បាន។
(4) រឿងនេះ មកពីជីវតាក្វាន់ មិនបានឃើញ នឹងស៊ើបពត៌មានទេ ព្រោះតាមឯកសារជាច្រើនណាស់ ថាខ្មែរចេះរៀបចំទ័ពត្រឹមត្រូវ មានសាស្ដ្រាវុធ និងក្បួនយុទ្ធសាស្រ្ដផង។
(5) ស្ដេចអង្គនេះ លោក A-Leclère សរសេរក្នុង Histoire du Cambodge ថា : ក្នុងចន្លោះពេលនោះ មានស្ដេចសោយរាជ្យជាច្រើនអង្គមិនប្រាកដនាម តែគេសំគាល់បានមួយតាមលិលាចារឹក គឺ ស្ដេចជយបរមេសូរៈ (ព្រះបាទឥន្រ្ទវរ្ម័នទី៣) ដែលសោយរាជក្នុងចន្លោះឆ្នាំ ១២៥០ - ១៣០០នេះ។
(2) ចេនភូ = ចន្ទបូរ រឺ ចន្ទបុរី។ ប៉ាកាង = បាកាន។
(3) តាមមើលទៅ ដើមនេះគួរជាដើមអំពិល ព្រោះគេប្រើស្លឹកក៏បានផ្លែក៏បាន។
(4) រឿងនេះ មកពីជីវតាក្វាន់ មិនបានឃើញ នឹងស៊ើបពត៌មានទេ ព្រោះតាមឯកសារជាច្រើនណាស់ ថាខ្មែរចេះរៀបចំទ័ពត្រឹមត្រូវ មានសាស្ដ្រាវុធ និងក្បួនយុទ្ធសាស្រ្ដផង។
(5) ស្ដេចអង្គនេះ លោក A-Leclère សរសេរក្នុង Histoire du Cambodge ថា : ក្នុងចន្លោះពេលនោះ មានស្ដេចសោយរាជ្យជាច្រើនអង្គមិនប្រាកដនាម តែគេសំគាល់បានមួយតាមលិលាចារឹក គឺ ស្ដេចជយបរមេសូរៈ (ព្រះបាទឥន្រ្ទវរ្ម័នទី៣) ដែលសោយរាជក្នុងចន្លោះឆ្នាំ ១២៥០ - ១៣០០នេះ។
No comments:
Post a Comment