ពន្យល់ពាក្យខ្លះ
ជាសំដីខ្មែរ ហើយ ជីវតាក្វាន់ កត់ជាអក្សរចិន
រៀបតាមលំដាប់អក្សរ
កាងពាងឈូ ឬ កាងពាងជូ :តាមយោបល់របស់លោកប៉េលិយោតថា
ពាក្យកាងពាង ក្លាយពីពាក្យកំពង់។ តាមយោបល់របស់យើងថា កំពង់
ចិនសរសេរតែមួយមាត់ទេថា ប៉ុង ដូចជាប៉ុងចាំ = កំពង់ចាម។ ម្យ៉ាងទៀត ឈូ
រឺ ជូ ប្រែមិនកើត។
ដូច្នេះយើងយល់ថាពាក្យនេះទំនងជាមកពីពាក្យកំពែងជួរទៅវិញ
ព្រោះពីដើមទីក្រុងនីមួយៗ តោងធ្វើជាកំពែងជាជួរព័ទ្ធជុំវិញ
ជាព្រំដែននៃទីក្រុង។ ក្នុងបរិវេណនៃកំពែងនេះ អ្នកក្នុងរស់នៅមានវាំង
មានផ្សារផ្សោ មានផ្ទះអ្នកទីក្រុង។ ទំលាប់បុរាណហៅថាកំពែង រឺ សីមា។
សូមមើលពាក្យលោកសុត្ដន្ដប្រីជាឥន្ទ ក្នុងគតិលោកទី១ និយាយហៅទីក្រុងថា
កំពែង។ នៅសិលាចារឹកជាច្រើនក៏ហៅទីក្រុងថា កំពែង។
លោកប៉េលិយោតបានប្រែកាងពាងជូថា Vill Murée ក៏សមន័យថាកំពែងនេះដែរ។
កានពូជី (ចិនទាជីវអាន : កាំព័រទី) : ជាសំដីចិន
កត់តាមសំដីខ្មែរ : កម្ពុជ រឺ កម្ពុជា។ ហេតុនេះហើយ បានជាចិនដែល
សរសេរក្រោយជីវតាក្វាន់កែទៅជាកាំពូចេ
ដែលនៅប្រើជាប់រហូតសព្វថ្ងៃនេះ។ ជីវតាក្វាន់ បានបញ្ជាក់ក្នុងសេចក្ដីផ្ដើមថា
តាមការកត់ត្រារបស់ពួកអឺរ៉ុបថា ប្រទេសនេះឈ្មោះដូច្នេះដែរ។
ត្រង់នេះនាំអោយយើងដឹងថា ជីវតាក្វាន់បានមើល
សៀវភៅកំនត់ហេតុរបស់អឺរ៉ុប គឺពួកព័រទុយហ្គេ
ដែលសរសេរឈ្មោះប្រទេសយើងថា Kambuja រី Kamvuja
កម្វុជ (សូមមើលសៀវភៅ Le Cambodge។
ឃុនលុន : ឈ្មោះសមុទ្រដែលលោកជីវតាក្វាន់និយាយថា
នៅតាមរយៈផ្លូវពីក្រុងចាម មកស្រុកចេនឡា។
លោកប៉េលិយោតស្រាវជ្រាវឃើញថា ជាសមុទ្រកោះត្រលាចដែលលោកប្រែ = Lamer
de Poulo-Condor ប៉ុន្ដែយើងស្រាវជ្រាវតាមរកអោយឃើញន័យច្បាស់ជាងនេះទៀតពុំទាន់ឃើញ។
ចេនគាឡាង ឬ តាំងកេលាង : ទំនងជាពាក្យសំស្រ្កឹត
ស្រីគារដែលខ្មែរនិយមយកមកប្រើ ហៅពពួកស្នំបរិវារ និង អ្នកបំរើស្ដេច
សំរាប់ហែហម ជាលំអ និង ត្ដិយសស្ដេច។ យើងសរសេរសព្វថ្ងៃទៅជា «ស្រឹង្គារ»។ មកពីដំបូងគេអានថា សឹងគារៈ មានសំលេង រៈ
នៅចុងលុះចិនគ្មានអក្សរ រ ក៏យកសំលេង ឡ រឺ ល មកជំនួសបានជា សីការៈ
ទៅជា ចេនគាឡាង។ ចេងផូវ រឺ ថេងភូ : លោកជីវតាក្វាន់
ទុកជាឈ្មោះស្រុកមួយជាជាយដែនប្រទេសចេនឡា។
លោកប៉េលិយោតបញ្ជាក់ថែមថា ស្រុកនេះនៅត្រង់ភូមិភាគ Cap
Saint-Jacques រឺ ខេត្ដបារៀសព្វថ្ងៃនេះ។
ចេនឡា ឬ ចេនឡាក់ :
ពាក្យនេះនៅក្នុងការរាវរកសំខាន់ណាស់
ព្រោះជាឈ្មោះប្រទេសតែម្ដង។ នឹងថា ជាឈ្មោះដែលអ្នកស្រុកយើងហៅខ្លួនថា
យើងជាអ្នកចេនលា រឺ ជាតិចេនលា ក៏មិនមែន ព្រោះដូចនិយាយខាងដើមសេចក្ដីប្រែនេះស្រាប់
ដែលលោកជីវតាក្ចាន់បញ្ជាក់ អ្នកប្រទេសនេះហៅខ្លួនអែងថា កាន់ជៃ ចី
ហើយដែលអ្នកស្រុកអឺរ៉ុបកត់ទុកថា កាំពូចី ដែលមានសំលេងស្រដៀង នឹង
កាំពូចេដែរ។ កំនត់នេះបង្ហាញថា មិនមែនជនជាតិយើងដាក់ឈ្មោះចេនលានេះទេ
ប្រាកដជាបរទេសហៅសំគាល់តាមហេតុ រឺ តាមរបស់អ្វីមួយមិនខាន
ពិសេសគឺចិននេះអែង បានមកទាក់ទង ហើយបានសរសេរកត់ត្រាស្រុកយើងមុនគេ
(តាំងពីសតវត្សទី៤) ។ បើដូច្នេះយើងត្រូវរាវរកតាមសំនៀងសំដីចិន
តើចេនលានេះថាត្រាប់តាមសំដីខ្មែរថាម៉េច? ឧទាហរណ៍
ពាក្យហ្វូហាន រឺ ហ្វូណាមមកពីត្រាប់ពាក្យខ្មែរថា ភ្នំ
ចិនគ្មានអក្សរតំរួត ម្លោះហើយ ភ្នំ រំលែកសំលេងទៅជាភូណម រឺ ភូណាម។
កាលខ្ញុំទៅស្រុកចិន
ជួបនឹងអ្នកស្រាវជ្រាវចិនម្នាក់ ឈ្មោះស៊ីវម៉េង គាត់ប្រាប់ខ្ញុំថា
គាត់ឃើញអែកសារមួយនិយាយពី ឈ្មោះចេនលានេះ។ គឺដើមឡើយ
ចិនហៅប្រទេសមួយដែលស្ថិតនៅខាងលើប្រទេសហ្វូណាន។
ប្រទេសនោះមានព្រៃក្រាស់ណាស់ ហើយសំបូរឃ្មុំយកក្រមួនធ្វើទៀន។
ពួកចិនតែងធ្វើដំណើរតាមសំពៅមកទិញដូរយកក្រមួនសុទ្ធ
គឺក្រមួនយកពីឃ្មុំ ដើម្បីនាំទៅលក់អែស្រុកគេ សំរាប់ធ្វើទៀន
ហើយគេនាំគ្នាសន្មតហៅស្រុកនេះថា : ក្រមួនសុទ្ធៗ គឺថា ចេន រឺ ចេង
ប្រែថាសុទ្ធ អែ ឡា រឺឡាក់ ប្រែថា ក្រមួន រឺ ឃ្មុំ រឺ ទៀន
(ភាសាចិនគេដាក់គុណនាមមុននាម) បូករួមមកបានន័យថា «ស្រុកក្រមួនសុទ្ធ»។
មានយោបល់មួយទៀតចុះសំរុងគ្នាថា នៅច្រកទន្លេធ្លាយទៅសមុទ្រ
ជាកន្លែងអ្នកចេនលា នាំក្រមួនសុទ្ធទៅទុកលក់អោយសំពៅចិននោះ គេសន្មតឈ្មោះស្រុកក្រមួនដែរ
គឺក្រមួនស (កម្ពុជាក្រោម) សនេះមិនសំដៅខ្លាញ់គោទេ
ព្រោះសម័យនោះមិនទាន់មាន ដូច្នោះ សនេះគឺ ជាសុទ្ធនេះអែង
ហើយនៅភូមិភាគក្រមួនសនេះ ក៏មានស្រុកភូមិមានឈ្មោះថា ក្រមួនៗច្រើនណាស់
នាំអោយសន្និដ្ឋានបានថា : ស្រុកភូមិត្រង់នោះជាទីឃ្លាំងផ្ទុកក្រមួន
នាំទៅទុក លក់អោយសំពៅចិនមែន ព្រោះសំពៅដើរតែតាមសមុទ្រ
មិនបានចូលមកតាមទន្លេទេ។
ឆីនថា ឬ ឆេនថាន់ : ទំនងមកពីពាក្យ
ជាន់ឋាន ក្រែងក្នុងពិធីនេះគេនាំលោកមកកាន់ទីកន្លែងរបស់កូនស្រី?
ប៉ុន្ដែក្នុងទំនៀម
ហើយមកឥលូវនេះមិនឃើញមានធ្វើដូច្នេះទេ។ ពត៌មាននេះ មិនគួរនឹងជឿ
ប៉ុន្ដែយើងយល់ថា តើលោកជីវតាក្វាន់បំផ្លើសរឿងនេះដើម្បីប្រយោជន៍អ្វី?
មិនតែប៉ុណ្ណោះលោកបញ្ជាក់ទាំងពេលដែលឃើញគេធ្វើ
ហើយត្រង់ណាលោកមិនឃើញផ្ទាល់ភ្នែកដូចជានៅក្នុងបន្ទាប់ក៏លោកបញ្ជាក់ច្បាស់ថា
លោកគ្រាន់តែលឺគេថាទេ (ត្រង់នេះឃើញថា
លោកមានចិត្ដត្រង់ណាស់ក្នុងដំណើរកត់ហេតុនេះ។
ឆេណាំ ឬ ឆាណាំ : ជាសំលេងចិនត្រាប់តាមពាក្យខ្មែរឆ្នាំង
ដោយសារចិនគ្មានសំលេងអក្សរតំរួត គឺសំដៅយក កំពង់ឆ្នាំង
ព្រោះពាក្យកំពង់ប្រែថា ភូមិ ម៉្លោះហើយ
លោកជីវតាក្វាន់កត់យកតែឈ្មោះភូមិតែម្ដង។ ច្បាស់ថែមពីលើនេះទៀត គឺ
លោកជីវតាក្វាន់បានរាប់រៀបថា ជាឈ្មោះខេត្ដមួយនៃប្រទេសចេនលា
ហើយគេធ្វើដំណើរចេញពីនេះ ត្រូវឆ្លងកាត់សមុទ្រសាប (ទន្លេសាប)
អស់ពេលដប់ថ្ងៃទៀតទើបដល់ក្រុងធំ។
ផូគូ : ក្លាយតាមសំដីចិន ទំនងជាហៅពាក្យខ្មែរ
ចៅគូ ដែលគេធ្លាប់និយមប្រើនៅចុងសតវត្សទី១៣ សំរាប់ហៅលោកសង្ឃ
(សព្វថ្ងៃសៀមនៅប្រើនៅឡើយ)។
ប៉ាតេង : ពាក្យខ្មែរបុរាណ
ម្រតេង ដែលក្រោយមកក្លាយជា កំរតែង រួចសព្វថ្ងៃថា គំដែង
គឺសំរាប់សំគាល់ងារមន្រ្ដីជាន់ខ្ពស់ និង អ្នកប្រាជ្ញធំ ឬ
អ្នកមានរិទ្ធតេជៈខ្លាំងក្លា។ សព្វថ្ងៃនៅប្រើចំពោះព្រះសង្ឃ ឧទាហរណ៍ :
បពិត ព្រះគំដែងសង្ឃទាំងឡាយជាដើម។
ប៉ាធ : ទំនងជាត្រាប់តាមសំលេងអ្នកស្រុកដើមហៅថា
ប៉ាតូវ។ លោកប៉ែលិយោត បញ្ជាក់ថា សព្វថ្ងៃជនជាតិចារាយនៅប្រើពាក្យ ប៉ាតូវ
ហៅឳពុកនៅឡើយ។
ប៉ានឃាប ឬ ប៉ានឃីត : ទំនងជាត្រាប់សំលេងខ្មែរ
បណ្ឌិត (ដែលយើងអានក្លាយទៅ បន្ទីត ឬ អន្ទិត សំដៅយកពួកអ្នកប្រាជ្ញ។
ប៉ាវទៀងកាក : តាមសេចក្ដីក្នុងអត្ថបទ
លោកជីវតាក្វាន់ ហៅសំគាល់អង្ករ។ មកពីពាក្យអង្ករ បុរាណយើង
ហៅរង្ករមានប្រើក្នុងសិលាចារឹកជាច្រើន។
ប៉ាស៊ីវ៉ី :សំស្រ្កឹត បស្វី ប្រែថាអ្នកមានតបៈ
គឺខ្មែរបុរាណហៅពពួកអ្នកបួសជាតាបសនៅតាមព្រៃ ច្រើនអ្នកប្រតិបត្ដិតាមគម្ពីរវេទ
(សូមមើលក្នុងរឿងរាមកេរខ្មែរ គេប្រើពាក្យនេះសំរាប់ពួកយក្សហៅព្រះរាម
ដែលធ្វើតបៈក្នុងព្រៃថា បស្វី។
ផេងកេស៊ី : លោកជីវតាក្វាន់ថា
ផេងកេស៊ី ជារុក្ខជាតិដែលគេយកស្លឹកវាមកធ្វើស្រា។
យើងបានប្រទះឃើញក្នុងវចនានុក្រមខ្មែរភាគ១ ទំព័រ ៨២៩ និយាយថា
ខ្មែរយើងជាន់ដើមគេយកស្លឹកឈើម្យ៉ាងមកធ្វើស្រា ហៅថាស្លឹកភ្ងាស។
ភ្ងាសនេះជាឈើព្រៃមានសំបកក្រមរជ្រួញៗ ស្លឹកល្អិតរឹង
ផ្កាល្អិតកញ្ចុំពណ៌ស្វាយ។ ដូច្នេះគឺស្លឹកភ្ងាសនេះហើយ
ដែលកត់តាមសំលេងចិនទៅជាផេកេស៊ី។
ពុឡៃ : សំស្រ្កឹត ព្រះ ប្រែថា ប្រសើរ
គឺតាមនិយមន័យខ្មែរសំរាប់ហៅបុគ្គលជាទីគោរព មានព្រះពុទ្ធអង្គជាដើម។
ក្រោយមកគេហៅមន្រ្ដីមានសក្ដិខ្ពស់ រឺ សង្ឃដែលមានសមណសក្ដិ។
ពូលូវ ឬ ពូលូឈិង : មកពីពាក្យផ្លូវ
ដែលចិនគ្មានសំលេងអក្សរតំរួត ក៏អានទៅជាពីរព្យាង្គថា ពូលូវ។
អែពាក្យឈិង ជាពាក្យចិនប្រែថា ភូមិ ដូច្នេះ ពាក្យនេះមានន័យថា
ភូមិផ្លូវ ទំនងជា «ភូមិផ្លូវត្រី សព្វថ្ងៃទេដឹង? ព្រោះអត្ថបទនេះ និយាយពីភូមិនៅមាត់ទន្លេសាប
តាមរយៈដំណើរទៅសៀមរាប។
ភុយឡាំង : លោកប៉េលិយោត លោកពន្យល់ពាក្យនេះថា C'est
le non d'une barque faite seule pièce de bois, l'original plan? piran
n'est pas cnnu ចំពោះយើងយល់ថា ទំនងជាទូកកំរោល
ដែលគេលុងធ្វើពីឈើមួយដើម ប៉ុន្ដែមិនដឹងជាឈ្មោះដើមថាម៉េច
បានជាចិនកត់ជាពាក្យហៅផុយឡាំងនេះ។
ម៉ៃ ឬ មី :ជាពាក្យសំរាប់មនុស្សស្រ្ដី រឺ
សំរាប់ហៅម្ដាយដែលចិនខំថាតាមសំលេងខ្មែរមេ។ ឧទាហរណ៍ មេជ្រូក មេគោ
មេបា..។
សាមប៉ា : ចិនអានតាមសំលេងខ្មែរថា សំពះ។
ស៊ុនណា : លោក ប៉េលិយោត ដាក់ក្នុងវង់ក្រចកអានថា Siennaja
ហើយលោកពន្យល់ន័យថា L'original de ce nom de bateau, quelque
chose comme senda, n'a pas éteé retrouvé តាមមតិយើង គឺជាទូកម្យ៉ាង ដែលគេយក
បន្ទះក្ដារមកវាយភ្ជាប់ភ្ជិតគ្នា គេច្រើនហៅសព្វថ្ងៃថា ទូកឡើងក្ដារ
បុរាណហៅថាទូកសន្ដរ។ ទំនងជា សន្ដរ នេះហើយដែលចិនកត់ទៅជាស៊ីនណា។
ស៊ីលាក់ទី : មកពីពាក្យសំស្ក្រឹត ស្រិស្ឋិន ឬ ស្រិស្ធី
ប្រែថា អ្នកទ្រទ្រង់ នូវស្រុតិ គឺពួកអ្នកចេះដឹង រឺ អ្នកមានប្រាជ្ញា។
ហ៊ុតឈឹង : ពាក្យនេះ មកពីភាសាចិន ហ៊ុត = ព្រះពុទ្ធ +
ឈឹង = ភូមិព្រះពុទ្ធ។ លោកប៉េលិយោត យល់ថាជាភូមិពោធិសាត់
ប៉ុន្ដែបើតាមកំណាព្យលោកសុតន្ដប្រីជាឥន្ទ និរាសអង្គរវត្ដ
លោកនិយាយដំណើរលោកទៅអង្គរវត្ដតាមមាត់ទន្លេសាប
ឃើញភូមិមួយនៅពាក់កណ្ដាលផ្លូវនេះឈ្មោះថា ភូមិត្រភព។
ហើយគាត់ពិចារណាថា នរណាយកពាក្យត្រៃភពមកដាក់ឈ្មោះ
ជានាមរបស់ព្រះពុទ្ធដែរ ដូច្នេះហ៊ុឈឹង គឺជាភូមិត្រៃភពនោះអែង។
No comments:
Post a Comment