ជីវភាពរស់នៅរបស់អ្នកស្រុកចេនឡា (កំណត់ហេតុ ជីវ តាក្វាន់)
៦. អំពីអ្នកស្រុក
តាមទំលាប់របស់ពួកមនុស្សដែលមិនទាន់ ស៊ីវិល័យ
ច្រើនតែមានរូបឆោមខ្មៅគម្រីងគម្រាំង
មិននិយមទៅនៅលើកោះដែលសម្បូណ៌ដោយទឹកទេ
ចូលចិត្តតែនៅក្នុងភូមិឆ្ងាយដាច់ស្រយាលពីគេ។
ទំលាប់បែបនេះជាការពិតណាស់។ ចំណែកស្ត្រីក្នុងវាំង
ឬស្ត្រីក្នុងត្រកូលថ្កុំថ្កើងវិញមានសាច់សដូចចាន
ព្រោះតែគេមិនងាយប្រទះនឹងកំដៅថ្ងៃឡើយ។ តាមធម្មតាទាំងស្រី ទាំងប្រុស
គ្មានស្លៀកដណ្ដប់អ្វីក្រៅពីសំពត់មួយផ្ទាំងរុំព័ទ្ធភ្ជាប់នឹង
ចង្កេះនោះទេ។ គេលែងខ្លួនទុកដើមទ្រូងនៅកណ្ដាលវាល ឯសក់បួង ជើងទទេ
គ្មានស្បែកជើងឡើយ ទោះជាស្ត្រីមហេសីស្ដេចក៏ដោយ។
ព្រះមហាក្សត្រមានមហេសីប្រាំអង្គ គឺអគ្គមហេសីមួយ
និងមហេសីសាមញ្ញបួនប្រចាំទិសធំទាំងបួនដែរ។ ចុះពីនោះមក
ខ្ញុំលឺឺថាមានស្ត្រីស្នំ បួនពាន់ ឬប្រាំពាន់នាក់
ហើយមានចែកជាជាន់ថ្នាក់ និងមិនអោយចេញដើរទៅណាមកណាផ្ដេសផ្ដាស់ឡើយ។
ខ្ញុំចូលទៅក្នុងវាំងពេលណា ក៏ឃើញស្ដេចខ្មែរចេញមកជាមួយអគ្គមហេសី
ហើយគង់ប្រថាប់នៅក្នុង ស៊ុមមាស(1) នាល្វែងកណ្ដាលធំទូលាយ។ ចំនែកមន្ត្រី អ្នកក្នុងវាំងវិញ
នាំគ្នាទៅអង្គុយក្នុងថែវព័ទ្ធជុំវិញតាមលំដាប់ថ្នាក់យសសក្តិរៀងខ្លួន
ហើយនាំគ្នាលបមើលពីក្រោមស៊ុមមាសនោះមក។ ខ្ញុំបានចូលទៅឃើញម្ដង
គឺអោយតែនរណាមានកូនក្រមុំល្អ
ច្បាស់ជាត្រូវគេហៅអោយនាំចូលទៅក្នុងវាំង។ ពួកស្រីនៅខាងក្រោយនេះ
ដែលដើរច្រវាត់ចេញចូលបំរើគេហៅថា “តាំងកេឡាង” (ស្រឹង្គារ?)។ ពួកនេះមានចំនួនមិនតិចជាងមួយពាន់
ឬពីរពាន់នាក់ទេ តែអាចយកប្ដី រស់នៅជាមួយអ្នកធម្មតាបាន។
ស្ត្រីទាំងនេះសុទ្ធតែកោរសក់ពីលើថ្ងាស់បន្តិច ហាក់ដូចជាពួកអ្នកបើកផ្លូវទឹកនៅស្រុកចិនខាងជើង
ហើយគេលាបជាតិហិង្គុលនៅត្រង់ជើងសក់ក្បែរគុម្ពត្រចៀកទាំងសងខាង។
នេះហើយជាសញ្ញាសម្គាល់ពួក តាំងកេឡាង ឬ ជេនគាឡាង
គឺមានតែពួកនេះហើយដែលអាចចូលក្នុងវាំងបាន ឯអ្នកថយថោកពីនេះទៀត ចូលទៅកាន់ផ្លូវខ្វែងខ្វាត់ខាងក្រោមប្រាសាទនោះមិនបានទេ។
ស្ត្រីអ្នកភូមិធម្មតា ក៏បួងសក់ដែរ
ប៉ុន្តែគ្មានសៀតស្នៀតសក់ និងតុបតែងលម្អលើសក់ក្បាល ឬលម្អមុខឡើយ។
នៅកដៃមានពាក់កងមាស នៅនឹងម្រាមដៃមានពាក់ចិញ្ចៀនមាស។ ម្យ៉ាងទៀត
ពួកជេនគាឡាង និងអ្នកនៅក្នុងវាំងទាំងប្រុសទាំងស្រី
សុទ្ធតែលាបប្រេងក្រអូបដែលផ្សំធ្វើឡើងពីជាតិឈើក្រអូប
និងក្រលៀនប្រើស។ គ្រប់គ្រួសារទាំងអស់សុទ្ធតែគោរពប្រណិបតន៍ព្រះពុទ្ធ។
ក្នុងប្រទេសនេះ មានមនុស្សស្រីភេទខ្លះស្អាតៗ រាល់ថ្ងៃតែងដើរជាក្រុមដប់នាក់
ឬលើសពីនេះ ទៅពាសពេញទីផ្សារជាញឹកញយណាស់មានបំណងទាក់ទងពួកចិនៗ
ដូរយករបស់មានតំលៃ ដែលជាទំលាប់មួយមិនល្អ មិនថ្លៃថ្នូរសោះ។
៧. អំពីស្ត្រីសំរាលកូន
ស្រីអ្នកស្រុកនេះ ក្រោយដែលសំរាលកូនរួចទៅ
គេយកបាយក្ដៅប្រឡាក់លាយអំបិល ហើយញាត់ចូលទៅក្នុងទ្វារមាស
លុះដល់បានមួយយប់មួយថ្ងៃ ទើបគេយកចេញមកវិញ។ ការធ្វើដូច្នេះ
ជាហេតុនាំអោយមិនសូវមានជម្ងឺ និងអោយបានរួមទ្វារមាសតូចដូចជាស្រីក្រមុំទៀតផង។
កាលខ្ញុំទើបនឹងដឹងរឿងនេះដំបូង ឆ្ងល់ថា ក្រែងមិនពិតដូច្នោះទេដឹង? ព្រោះថា បើបានជាមានប្ដី និងមានកូនទៅហើយ
ចុះម៉េចខ្លាចគេដឹងរឿងនេះទៀត? ប៉ុន្តែនៅនឹងផ្ទះដែលខ្ញុំសំណាក់នៅមានស្រីម្នាក់សំរាលកូន
ដែលជាហេតុនាំអោយខ្ញុំដឹងរឿងនេះច្បាស់លាស់ នៅក្រោយពេលសំរាលកូនហើយ
មួយថ្ងៃទៀត ស្រីនោះពរកូនខ្ចីទៅមុជទឹកទន្លេ
ដែលជាការចំលែកមិនដែលជួបប្រទះទេ។
នៅពេលដែលខ្ញុំទៅជួបនឹងគេម្ដងណា គេតែងពោលថា
ស្រីស្រុកនេះក្រាស់ដោយកាមតណ្ហាណាស់។ ក្រោយពេលដែលសំរាលកូនហើយមួយថ្ងៃ
ឬពីរថ្ងៃប៉ុណ្ណោះ គេក៏រួមដំណេកជាមួយប្ដីទៀតហើយ។
បើប្ដីនោះបំពេញចំណង់ខ្លួនមិនបានទេ
នឹងត្រូវគេបោះបង់ចោលដូចពួកបូយឆេង(2) (ពួកដែលគេទិញដាច់មិនអោយទៅនៅមានប្រពន្ធកូនឡើយ)
មិនខាន។ ប្រសិនប្ដីនោះមានធុរៈទៅស្រុកឆ្ងាយអស់ពេលច្រើនយប់
ចាប់ពីដប់យប់ឡើងទៅ ច្បាស់ជាត្រូវប្រពន្ធស្ដីអោយថា «ខ្ញុំមិនមែនស្រីខ្មោចទេ
តើអោយខ្ញុំដេកម្នាក់ឯងម្ដេចនឹងបាន?»។
ខ្ញុំលឺថាមានស្ត្រីច្រើនណាស់រក្សាទុកសេចក្ដីបរិសុទ្ធរបស់ខ្លួន។
ស្រីៗច្រើនតែឆាប់ចាស់ណាស់ ពីព្រោះតែគេឆាប់មានប្ដី ឆាប់មានកូនពេក។
មនុស្សដែលមានអាយុ ២០ ឬ ៣០ គឺប្រហែលគ្នា នឹង ជនជាតិចិនដែលមានអាយុ ៤០ ឬ
៥០ ឆ្នាំដូច្នោះដែរ។
៨. អំពីស្ត្រីក្រមុំ
ពួកឪពុក ម្ដាយដែលមានកូនស្រី តែងអោយពរកូនថា «សូមអោយឯងទៅអនាគត បានជាស្រីដែលមានប្ដីរាប់រយពាន់»(3)។
កូនស្រីក្នុងគ្រួសារអ្នកមាន ចាប់ពីអាយុ ៧ ទៅ ៩ ឆ្នាំ
គ្រួសារអ្នកក្រខ្សត់រហូតដល់អាយុ ១១ឆ្នាំ គេនិមន្តលោក
ឬតាបសមកបើកមុខកូនស្រីហៅថា ឆឺនថាន់ (4)។ ពិធីនេះ រាជការដាក់កំរិតអោយធ្វើមួយឆ្នាំម្ដង
នៅក្នុងខែដែលត្រូវនឹងខែទី៤របស់ចិន ដោយរើសយកថ្ងៃណាមួយធ្វើតែម្ដង។
អ្នកមានកូនស្រីដែលត្រូវធ្វើពិធីនេះ តោងជំរាបរាជការជាមុន
ហើយអ្នករាជការ គេក៏អោយទៀនធំមួយដើមមកទុកមុន
និងមានគូសគំនូសមួយជាកំណត់សញ្ញាផងថា ដល់ពេលយប់ធ្វើពិធីនេះ
បើដុតទៀនអស់ត្រឹមគន្លាក់នោះហើយត្រូវចាប់ពិធី ឆឺនថានឡើង។
នៅមុនពេលដែលធ្វើពិធីនេះមួយខែ ឬកន្លះខែ ឬដប់ថ្ងៃ
ឪពុកម្ដាយត្រូវជ្រើសរើស លោក ឬ តាបសណាមួយ ប្រកាន់ទុកជាមុន
ទោះបីនៅវត្តណាក៏ដោយ ក៏តែងតែមានគេទៅនិមន្តដែរ។
លោកគ្រូអង្គណាដែលសំខាន់ៗជាងគេ តែងតែត្រូវពួកមន្ត្រី ឬអ្នកមានគេនិមន្តទុកអស់ហើយ
ឯអ្នកក្រពុំអាចជ្រើសរើសរកលោកបានតាមចំណង់ឡើយ។ មន្ត្រី ឬ អ្នកមាន
គេបូជាលោកនូវសុរា អង្ករ កំណាត់សំពត់ ស្លាម្លូ
និងគ្រឿងប្រាក់យ៉ាងច្រើនរហូតដល់ទៅ ១០០ អំរែកផង
ហើយមានតំលៃប្រមាណមិនតិចជាងសាច់ប្រាក់ចិន ២០០ ឬ ៣០០ តម្លឹងឡើយ។
អ្នកមានរបស់របរតិច ក៏គង់ ៣០‑៤០ ឬ ១០‑២០ អំរែកដែរ។
ដូច្នេះគ្រួសារអ្នកក្រត្រូវរង់ចាំដល់កូនស្រីអាយុ ១១
ឆ្នាំទើបចាប់ធ្វើពិធីនេះ មកពីពិបាករករបស់របរទាំងនេះឯង។
មានអ្នកខ្លះ គេជួយលុយដល់កូនអ្នកក្រ អោយធ្វើពិធីនេះដែលគេទុកជាការសាងកុសលមួយដែរ។
ក្នុងមួយឆ្នាំ លោក
ឬតាបសមួយអង្គអាចទទួលនិមន្តធ្វើពិធីនេះអោយក្មេងស្រីបានតែមួយ
នាក់ទេ បើលោកយល់ព្រមនឹងអ្នកណាមួយហើយមិនអាចទទួលអ្នកដទៃទៀតបានទេ។
នៅពេលយប់ដែលធ្វើពិធីនេះ គេមានរៀបចំគ្រឿងស៊ីផឹក
និងភ្លេងភ្លាត់ទ្រហឹងអឹងកង។ ក្រៅពីការជួបជុំញាតិមិត្តជិតឆ្ងាយ
គេមានសង់ធ្វើជារោងមួយ តំកល់រូបមនុស្ស រូបសត្វដែលសូនធ្វើអំពីដី។
អ្នកមានយសសក្ដិ ធ្វើរូបនេះដល់ទៅជាងដប់ ឯអ្នកធម្មតាហោចមក ក៏មានបី
ឬបួនដែរ។
ចំពោះអ្នកដែលទាល់ក្រខ្លាំងវិញ គ្មានធ្វើរូបនេះទេ
គិតតែរៀបពិធីតែម្ដងទៅ លុះដល់គ្រប់ពេលប្រាំពីរថ្ងៃ
ទើបគេរុះរោងនោះចេញ។ នៅយប់ដែលធ្វើពិធីនោះទៀត
គេយកគ្រែស្នែងទៅនិមន្តលោក ហើយបាំងក្លស់ និងលេងភ្លេងដង្ហែនាំយកមក។
គេមានកូនតូបពីរដូចគ្រែស្នែងដែរដែលបិទបាំងលម្អដោយព្រែពណ៌
ភ្លឺព្រាល។ តូបមួយសំរាប់អោយកូនស្រីនោះអង្គុយ ឯតូបមួយទៀត សំរាប់លោក
ឬតាបសគង់សូត្រធម៌ តែខ្ញុំមិនដឹងជាលោកសូត្រអ្វីឡើយ។
ពេលនោះភ្លេងក៏ប្រគុំលឺគឹកកងរំពងដែរ។ ខ្ញុំលឺថាយប់នេះគ្មានត្រណមអ្វីទេ
គ្រាន់តែដឹងថា ដល់ពេលវេលាភ្លាម លោក ឬ
តាបសនោះក៏ចូលទៅក្នុងបន្ទប់ជាមួយកូនស្រី
ហើយលូកដៃរបស់លោកផ្ទាល់ទៅយករបស់កូនស្រីដាក់ទៅក្នុងស្រា (5)។ ខ្លះថាឪពុកម្ដាយ
និងញាតិមិត្ត យកទៅផ្ដិតនឹងថ្ងាស់ ឬមុខរៀងខ្លួន។ ខ្លះទៀតថា
យកមកភ្លក្សគ្រប់គ្នា ហើយខ្លះថា លោកក៏រួមរ័កជាមួយកូនស្រីក្នុងពេលនោះ
តែខ្លះថា ឥតមានទេ។ រឿងនេះ គេមិនអោយពួកចិនបានឃើញផ្ទាល់ទេ ហេតុនេះ
ទើបខ្ញុំមិនអាចបានដឹងនូវការពិតឡើយ។
លុះដល់ពេលទៀបភ្លឺ ទើបគេដង្ហែលោកដោយគ្រែស្នែងមានភ្លេង
និងបាំងក្លស់នាំយកទៅវិញ ហើយគេយករបស់ល្អៗ មានព្រែពណ៌ជាដើម
ទៅធ្វើជាថ្នូរលស់យកកូនស្រីនោះមកវិញ។ បើពុំធ្វើដូច្នេះទេ
កូនស្រីនេះមិនអាចយកទៅអោយមានប្ដីដទៃទៀតបានឡើយ
ព្រោះនៅជាកម្មសិទ្ធិរបស់លោកនៅឡើយ។
ពេលដែលខ្ញុំបានឃើញរឿងរ៉ាវនេះ គឺនៅថ្ងៃទី៦ ខែទី៤
នៃឆ្នាំ តេងអ៊ីវ ក្នុងរជ្ជកាលស្ដេច តាយតេក (គ.ស ១២៩៧)។ នៅ
ពេលដែលមុនធ្វើពិធីនេះ កូនស្រីត្រូវនៅដេកក្នុងបន្ទប់ជាមួយឪពុកម្ដាយ
លុះដល់ធ្វើពិធីនេះរួចហើយ កូនស្រីត្រូវបែកទៅដេកបន្ទប់ដទៃ
ហើយនាងចង់ទៅដេកកន្លែងណាក៏បាន
តាមចិត្តចង់ឥតមាននរណាតាមមើលគយឃ្លាំឡើយ។ ចំពោះរឿងរៀបអាពាហ៍ពិពាហ៍វិញ
ពិតមែនតែមានតម្រូវអោយជូនលុយកាក់ជាច្រើន
ប៉ុន្តែគេមានអនុគ្រោះច្រើនដែរ។ មានខ្លះគេអាចដេកនៅរួមរ័កនឹងគ្នាជាមុនទៅហើយ
ទើបរៀបការជាក្រោយក៏បាន។
តាមប្រពៃណីគេមិនមានចាត់ទុកការណ៍នេះជាការគួរខ្មាសអៀន ឬជាចំលែកឡើយ។
នៅយប់ដែលធ្វើ ពិធី “ឆឺនថាន” នោះ ជួនកាលនៅតែតាមផ្លូវមួយមានដល់ទៅដប់ផ្ទះឯនោះ រៀបធ្វើពិធីនេះ។
នៅតាមទីក្រុង អ្នកណាហ៊ានដើរកាត់ហ្វូងពិធី ពីមុខលោក ឬតាបសទាំងនេះ
ច្បាស់ជាវង្វេងវង្វាន់ផ្លូវហើយ
ណាមួយលឺគឹកកងស័ព្ទសូរភ្លេងគ្មានចន្លោះត្រង់ណាទេ។
៩. អំពីទាសាទាសី
គេសុទ្ធតែទិញមនុស្សព្រៃ(6)យកមកបង្ខំអោយធ្វើជាទាសាទាសី។ អ្នកដែលមានច្រើន
គឺទាសាដល់ទៅជាងមួយរយនាក់ ឯអ្នកដែលមានតិច ក៏ត្រឹមដប់ ម្ភៃនាក់ដែរ
លើកលែងតែអ្នកក្របំផុតទើបគ្មានសោះ។ ចំណែកមនុស្សព្រៃទាំងនោះ
គឺជាអ្នករស់នៅក្នុងព្រៃភ្នំមានជាវង្សត្រកូលមួយហៅថាអាចោរ “ថុង” (ជង?)(7)។ ពួកនេះបើមកនៅកន្លែងណាហើយ
មិនហ៊ានចេញដើរទៅណាក្រៅផ្ទះឡើយ។ ពួកអ្នកស្រុកក្រុង គេឈ្លោះគ្នា
គេជេរគ្នាថា “អាថុងៗ” ដូច្នេះ គេខឹងខ្លាំងណាស់ ព្រោះទុកជាការមើលងាយយ៉ាងធ្ងន់។
ក្មេងៗមានកម្លាំងពេញ គេលក់បានតំលៃមួយរយ «ប៉ូវ»(8) (កំណាត់សំពត់) បើចាស់ៗ
ខ្សោយកម្លាំងបានតែសាមសិប ឬសែសិបទេ។
ពួកនេះ គេអោយនៅតែក្រោមផ្ទះ
លុះត្រាមានការប្រើចាំបាច់ទើបគេអនុញ្ញាតអោយឡើងលើផ្ទះ
ហើយត្រូវអោយលុតជង្គង់លើកដៃសំពះគេសិន ទើបអាចដើរចូលក្នុងផ្ទះបាន។
គេហៅម្ចាស់គេថា ប៉ាថូ (9)(ទំនងមកពីពាក្យ
ប៉ាតាវ ដែលនៅសល់ក្នុងភាសាជនជាតិដើមចារ៉ាយហៅឪពុក) ហៅម្ចាស់ស្រីថា មី(A)។ ប្រសិនបើមានកំហុសត្រូវគេវាយដំវិញ
ពួកនេះសុខចិត្តជ្រប់មុខបណ្ដោយអោយគេវាយតាមចិត្ត
មិនហ៊ានរើបម្រះឡើយ។ ពួកនេះស្រី‑ប្រុស គេយកតែគ្នាគេជាប្ដី‑ប្រពន្ធ
គ្មានសិទ្ធិយកអ្នកដទៃឡើយ។ បើមានពួកចិនទៅនៅស្រុកនោះយូរ
លួចរួមរ័កជាមួយស្ត្រីពួកនោះ ដោយការស្រេកឃ្លានកាមតណ្ហា
ហើយម្ចាស់គេទាន់ នោះអ្នកផងគេលែងអោយចិននេះអង្គុយជាមួយគេហើយ ព្រោះខ្លួនលួចលាក់ជាមួយពួកទាសៈ។
បើពួកទាសៈទាំងនេះ ទាក់ទងលួចលាក់ជាមួយអ្នកក្រៅ រហូតដល់មានផ្ទៃពោះ
កើតបានជាកូនទៅ ក៏ចៅហ្វាយនាយឥតសួររកហេតុផលឡើយ។
បានជាគេមិនសួរមកពីគេយល់ថា បើទាសៈនោះ កាលណាបានកូនមក
នឹងបានផលដល់គេ ព្រោះថ្ងៃក្រោយគេនឹងចម្រើនទាសៈឡើងទៀត។
បើទាសៈណាលួចរត់ ហើយគេតាមចាប់បានមកវិញ
គេត្រូវយកមកសាក់មុខ ចំកណ្ដាលថ្ងាស់ពណ៌ខៀវ ជាគ្រឿងចំណាំ
ហើយគេដាក់ឃ្នាងជាប់នឹងក ជួនដាក់ឃ្នាងជាប់ទាំងដៃជើងទៀតផង។
១០. អំពីភាសា
ភាសាចិន មានសម្លេងប្រហាក់ប្រហែលនឹងភាសាអ្នកស្រុកនេះដែរ
តែនិយាយប្រាស្រ័យស្ដាប់គ្នាមិនបានទេ ស្រុកនេះមានភាសាមួយពិសេស
ទោះបីជាភាសាអ្នកជិតខាងខ្លួនដូចជា ចាម ឬសៀម
ក៏មិនអាចដូចគ្នាស្ដាប់គ្នាបានឡើយ។ ១ គេថាបួយ ២ ថាព័ក ៣ ថាបេក ៤
ថាពួន ៥ ថាពុណាំ ៦ ថាពុណាំបួយ ៧ ថាពុណាំព័ក ៨ ថាពុណាំបេក ៩ ថាពុណាំពួន ១០
ថាតាប់។ គេហៅឪពុកថា “ប៉ាថូ” ឪពុកធំ ឪពុកមាក៏ហៅ ប៉ាថូ ដែរ។ ម្ដាយ គេហៅ “មី” ឯម្ដាយមីង និងស្ត្រីអ្នកជិតខាងក៏គេហៅមីដែរ។
បងស្រី ប្រុស ហៅថា “ប៉ង” ប្អូនប្រុសស្រី ហៅថា “ផូវអ៊ូង”។ មាខាងម្ដាយហៅថា “ងាកឡៃ” ឯប្ដីរបស់ម្ដាយមីងខាងឪពុក ហៅថា “ពូឡៃ”។ គេប្រើពាក្យយកខាងចុងជាដើមបញ្ច្រាស់គ្នា។
ឧបមាដូចពាក្យ “នេះ មនុស្សទាសាំ ជាប្អូន គេថាៈ ផូងអ៊ូង‑ទាសាំ” ពាក្យថា “នេះ មនុស្ស លីស៊ឺមាខាងឪពុក” គេថា “ងានឡៃលីស៊ឺ” ឧបមាមួយទៀត ដូចពាក្យគេហៅចិនថា “ពីស៊ី” ហៅមន្ត្រីថា “ប៉ាតេង” ហៅអ្នកប្រាជ្ញថា “ប៉ានឃាប” លុះដល់គេចង់ថា មន្ត្រីចិន ឬ
អ្នកប្រាជ្ញចិន គេមិនថា ពីស៊ី ប៉ាតេង ឬ ពីស៊ីប៉ានឃាប ទេ គេទៅជាប្រើថា ប៉ាតេងពីស៊ី
ឬ ប៉ានឃាប ពីស៊ី (B)ទៅវិញ។
ទាំងនេះ គ្រាន់តែលើកយកជាឧទាហរណ៍គោលៗទេ។ មួយយ៉ាងទៀត
គឺមន្ត្រីគេនិយាយតាមបែបមន្ត្រី
អ្នកប្រាជ្ញនិយាយគ្នាតាមភាសាអ្នកប្រាជ្ញ លោកសង្ឃ
ឬតាបសក៏មានពាក្យសម្ដីប្រើរបៀបខ្លួនជាសង្ឃ ជាតាបស
ឯអ្នកស្រែចំការក៏និយាយប្លែកតាមបែបរបស់គេដែរ មិនប្លែកអ្វីពីរបៀបប្រើភាសាអ្នកស្រុកចិនទេ។
១១. អំពីមនុស្សព្រៃ
មនុស្សព្រៃមាន ២បែប។
មួយពួកជាពួកចេះនិយាយភាសាអ្នកស្រុកស្ដាប់គ្នាបាន
គឺពួកមនុស្សព្រៃលក់ខ្លួនជាទាសៈបំរើគេនេះឯង។ មួយពួកទៀត
គឺពួកមនុស្សព្រៃដែលនិយាយស្ដាប់ភាសាគ្នាមិនបាន
គ្មានរវល់នឹងការចម្រើន។ ពួកនេះ គ្មានចេះធ្វើផ្ទះជ្រកនៅទេ
តែងនាំគ្នាទាំងគ្រួៗដើររស់នៅតាមភ្នំ។
ក្បាលគេមានពាក់អ្វីម្យ៉ាងធ្វើពីដីរាងដូចឆ្នាំង។
បើដើរទៅជួបនឹងសត្វព្រៃ គេបាញ់នឹងព្រួញ ឬពួយនឹងលំពែង បានសត្វនោះមក ក៏គូសដុំថ្មយកភ្លើងចម្អិនសត្វ
រួចអង្គុយដំកង់ចែកគ្នាស៊ី។ រួចហើយដើរទៅទៀត។ ពួកនេះកាចសាហាវណាស់
តែងសម្លាប់គ្នានៅក្រុមជាមួយ ហើយចេះផ្សំថ្នាំពិសពូកែសក្ដិសិទ្ធណាស់។
នៅដីវាលជិតខាងកន្លែងនៅ គេមានដាំសណ្ដែកគួ ដើមក្រវាញ និងដាំកប្បាសត្បាញសំពត់ជាវិជ្ជាជីវៈ។
សំពត់របស់គេនោះ សាច់ក្រាស់គ្រើម ហើយមានពណ៌ក្រវេមក្រវាមណាស់ផង។
១២. អំពីអក្សរសាស្ត្រ(C)
លិខិតធម្មតា និងអត្ថបទទាំងអស់ ដូចជាឯកសារផ្លូវការជាដើម
សុទ្ធតែសរសេរលើស្បែកសត្វប្រើស រមាំង ឬ ស្បែកដទៃទៀត ដែលគេយកមកហាលស្ងួតលាបពណ៌ខ្មៅ។
គេកាត់ស្បែកនោះអោយមានទំហំធំ ឬតូច ទៅតាមសេចក្ដីត្រូវការ
និងយកម្សៅម៉្យាងមកប្រើ មានសណ្ឋានដូចដីសនៅស្រុកចិន ដោយលញ់អោយវែង
ចិតចុងស្រួច គេហៅថា សោ(D) ហើយគេសរសេរដោយដៃបានជាប់ដិតល្អណាស់មិនងាយនឹងរលុបឡើយ។
កាលណាគេសរសេរហើយ គេយកដីសនោះមកសៀតនឹងត្រចៀក
នាំអោយគេចំណាំបានថាអ្នកនេះ ហើយជាអ្នកសរសេរ។ បើសរសេរហើយ
ត្រូវការលុបវិញតោងប្រើរបស់ទទឹកយកមកជូតទើបរលុបអក្សរនោះទៅ វិញ។
អក្សរនេះ មានសណ្ឋានដូចអក្សរជនជាតិហួយតូវ (តួរក៍) ដូច្នោះដែរ។
ការសរសេរជាលិខិតអ្វីក៏ដោយ គេសុទ្ធតែសរសេរពីក្រោយទៅមុខ
មិនមែនសរសេរពីលើចុះក្រោមទេ។ ខ្ញុំលឺអ៊ាសាយហាយ៉ា និយាយថា
ស្រៈនៃអក្សររបស់គេ ស្រដៀងគ្នានឹងអក្សរជាតិមុងហ្គោលដែរ
មានប្លែកគ្នាតែពីរបីប៉ុណ្ណោះ។ កាលនោះ គ្មានអត្ថបទបោះពុម្ពទេ
ប៉ុន្តែមានអ្នកនិពន្ធ និងអ្នកតែងពាក្យពេចន៍ដែរ។
(1) ល៊ុមមាសនេះហើយ
ដែលយើងស្គាល់ម្ដងមកហើយ ហើយយើងសន្មតថាជាបុស្បុកដែកជាទីប្រថាប់ក្នុងក្រលាព្រះកំណល់។
(2)បួយឆេង ប្រែថា មន្រ្ដីទិញ គឺពួកដែលគេទិញដាច់ មិនអោយទៅនៅមានប្រពន្ធកូនឡើយ។
(3)ពរនេះ បានន័យថា អោយមានគេស្រលាញ់ច្រើន ដូចទំលាប់ពួក កួយ-ពុង បើមានកូនក្រមុំ គេអោយដេកនៅផ្ទះបាយ ទុកអោកាសពេលយប់អោយកំលោះចូលទៅស្គាល់លលួងចុះ។
(4) ឆិនថាន់ នេះមិនដឹងជាពាក្យដើមថាអ្វី រកប្រែអោយជាន័យច្បាស់ពុំទាន់ឃើញ។
(5)ត្រង់នេះ អត្ថបទដើមក៏និយាយមិនច្បាស់សេចក្ដីដែរ យើងប្រែអោយនៅន័យត្រឹមតាមឃ្លាដើមជា (អក្សរចិន)។ ត្រង់នេះលោកប៉េលីយោតប្រែថា : Il lade flore avec la main et recueille ses premices dans du vin។ អ្នកបកប្រែ សូមបញ្ជាក់ថា រឿងរ៉ាវក្នុងវគ្គនេះ ពុំដែលលឺក្នុងទំនៀមខ្មែរទេ ប៉ុន្ដែយើងប្រែតាមតែអត្ថបទដើមប៉ុណ្ណោះ មិនហ៊ានបំបាត់ចោលឡើយ។
(6) មនុស្សព្រៃនេះ គឺពួកអ្នកស្រុកដើមដែលរស់នៅដោយព្រៃមិនទាន់មានទទួលស៊ីវិល័យ គេកៀរចាប់មកលក់
(7) លោកប៉េលីយោត ក៏សន្និដ្ឋានថា ពាក្យនេះមកពី «ជង» ដែរ ហើយអះអាងថាជាពាក្យដែលអានតាមសំលេងចិនក្នុងសតវត្សទី១៣។
(8) លោកប៉េលីយោត បន្ថែមន័យថា D'étoffe ពុំដឹងជាមានកំនត់ប៉ុន្មានទេ តែនេះយើងប្រែតាមពាក្យដើមថា ប៉ូវ ដែលប្រែថា កំណាត់សំពត់។
(9) ទំនងជាមកពី ប៉ាតាវ ដែលនៅសល់ក្នុងភាសាជនជាតិដើមចារ៉ាយ ហៅឳពុក។
(A) សំលេងចិនអានថា មី សំដៅពាក្យហៅម្ដាយថា មេ។
(B) ប៉ាតេងពីស៊ី = មន្រ្ដីចិន។ ប៉ានឃាបពីស៊ី = អ្នកប្រាជ្ញចិន។
(C) លោកប៉េលិយោត ប្រែត្រង់នេះថា Ecriture។ តែន័យយើងថានេះទូលាយជាង ព្រោះតំរូវតាមអក្សរចិន (?)។
(D) ត្រង់នេះលោកប៉េលិយោតថា ហៅថាសូ ទៅវិញ។ តែបើលឺតាមចាស់ៗនិយាយតៗមកថា គេសរសេរនឹងដីសពងគឺដីសុទ្ធ តែដូចម្សៅ។
(2)បួយឆេង ប្រែថា មន្រ្ដីទិញ គឺពួកដែលគេទិញដាច់ មិនអោយទៅនៅមានប្រពន្ធកូនឡើយ។
(3)ពរនេះ បានន័យថា អោយមានគេស្រលាញ់ច្រើន ដូចទំលាប់ពួក កួយ-ពុង បើមានកូនក្រមុំ គេអោយដេកនៅផ្ទះបាយ ទុកអោកាសពេលយប់អោយកំលោះចូលទៅស្គាល់លលួងចុះ។
(4) ឆិនថាន់ នេះមិនដឹងជាពាក្យដើមថាអ្វី រកប្រែអោយជាន័យច្បាស់ពុំទាន់ឃើញ។
(5)ត្រង់នេះ អត្ថបទដើមក៏និយាយមិនច្បាស់សេចក្ដីដែរ យើងប្រែអោយនៅន័យត្រឹមតាមឃ្លាដើមជា (អក្សរចិន)។ ត្រង់នេះលោកប៉េលីយោតប្រែថា : Il lade flore avec la main et recueille ses premices dans du vin។ អ្នកបកប្រែ សូមបញ្ជាក់ថា រឿងរ៉ាវក្នុងវគ្គនេះ ពុំដែលលឺក្នុងទំនៀមខ្មែរទេ ប៉ុន្ដែយើងប្រែតាមតែអត្ថបទដើមប៉ុណ្ណោះ មិនហ៊ានបំបាត់ចោលឡើយ។
(6) មនុស្សព្រៃនេះ គឺពួកអ្នកស្រុកដើមដែលរស់នៅដោយព្រៃមិនទាន់មានទទួលស៊ីវិល័យ គេកៀរចាប់មកលក់
(7) លោកប៉េលីយោត ក៏សន្និដ្ឋានថា ពាក្យនេះមកពី «ជង» ដែរ ហើយអះអាងថាជាពាក្យដែលអានតាមសំលេងចិនក្នុងសតវត្សទី១៣។
(8) លោកប៉េលីយោត បន្ថែមន័យថា D'étoffe ពុំដឹងជាមានកំនត់ប៉ុន្មានទេ តែនេះយើងប្រែតាមពាក្យដើមថា ប៉ូវ ដែលប្រែថា កំណាត់សំពត់។
(9) ទំនងជាមកពី ប៉ាតាវ ដែលនៅសល់ក្នុងភាសាជនជាតិដើមចារ៉ាយ ហៅឳពុក។
(A) សំលេងចិនអានថា មី សំដៅពាក្យហៅម្ដាយថា មេ។
(B) ប៉ាតេងពីស៊ី = មន្រ្ដីចិន។ ប៉ានឃាបពីស៊ី = អ្នកប្រាជ្ញចិន។
(C) លោកប៉េលិយោត ប្រែត្រង់នេះថា Ecriture។ តែន័យយើងថានេះទូលាយជាង ព្រោះតំរូវតាមអក្សរចិន (?)។
(D) ត្រង់នេះលោកប៉េលិយោតថា ហៅថាសូ ទៅវិញ។ តែបើលឺតាមចាស់ៗនិយាយតៗមកថា គេសរសេរនឹងដីសពងគឺដីសុទ្ធ តែដូចម្សៅ។
No comments:
Post a Comment