លោកគ្រូអាចារ្យ ហែម ចៀវ វីរបុរសជាតិខ្មែរ
សាធារណរដ្ឋប្រជាធិបតេយ្យនិយម
ទឹកចិត្ត ព្រះអាចារ្យហែម-ចៀវ
ឆ្នាំងបាយលោកសង្ឃ គឺនៅនឹងប្រជាជន បើប្រជាជនវេទនា
អត់បាយប្រជាជនគ្មានសិទ្ធិសេរីភាព
បើប្រជាជននៅក្នុងឋានជាខ្ញុំកញ្ជោះគេ
លោកសង្ឃក៏ទទួលអំណោយផលអាក្រក់ដែរ។
ដូច្នេះលោកសង្ឃដែលមានភារប្រោសសត្វលោក
គឺត្រូវស្តីប្រដៅធ្វើអោយមនុស្សមានស៊ីមានស្លៀក មានសេរីភាព ក្នុងប្រទេសឯករាជ្យ
និងសន្តិភាពដ៏បរិបូណ៌ ។ * ទឹកភ្នែកប្រជារាស្ត្រ គឺទឹកភ្នែកព្រះសង្ឃ *(
ស្រង់ចេញពីសារពត៌មានប្រជាជាតិ )
១ ជីវប្រវត្តិនៃលោកគ្រូព្រះបាឡាត់
មុននឹងសិក្សាពីគោលគំនិតនៃវីរបុរសនីមួយៗ
ជាបឋមយើងត្រូវសិក្សាអំពីជីវប្រវត្តិសង្ខេបរបស់លោកសិន។ ក្នុងពេលនេះ
យើងនាំគ្នាសិក្សាអំពីជីវប្រវត្តិលោកគ្រូអាចារ្យហែម ចៀវ
ដែលជាមហាថេរមួយអង្គ ក្រលេកឃើញប្រជារាស្ត្រ
ទទួលទុក្ខទោសតាមឋានខ្លួនជាមនុស្សក្នុងអនានិគម ហើយក្នុងសម័យនោះ
(ឆ្នាំ១៩៣៣ -១៩៤២) គេបានលើកលោកជាវីរ បុរសមួយដ៏ឆ្នើមក្នុងផ្លូវនយោបាយ
រហូតមកដល់សព្វថ្ងៃ។ តើលោកបដិសន្ធិក្នុងត្រកូលបែបណា ? ក្នុងទីណា ?។
លោកគ្រូអាចារ្យហែម ចៀវ ប្រសូត្រថ្ងៃអង្គារ ឆ្នាំច ពស ២៤៤០
គស ១៨៩៨ នៅភូមិអូរកូនទេញ (កោណ្ឌ័ញ្ញ) សង្កាត់ដំបូកមានលក្សណ៍៍ ស្រុកឧដ្តុង
ខេត្តកំពង់ស្ពឺ (នៅខាងជើងជិតស្ពានស្ថានីយរថភ្លើងបាតដឹង)។
ឳពុកលោកឈ្មោះហែម ធ្វើជាមេស្រុកដំបូកមានលក្សណ៍៍។
ម្តាយលោកឈ្មោះឧបាសិកា ទីវ
ខំប្រឹងប្រែងធ្វើស្រែចំការដោយឥតខ្លាចហត់នឿយ។
គ្រួសារនេះមានបងប្អូន៥នាក់គឺ ហែម លី, ហែម
ចៀវ, ហែម ហួត, នាងហែម សុច, ហែម សាយ។ បងប្រុសលោកឈ្មោះ ហែម លីធ្វើជាស្មាក្ដី
(មេធាវី)ក្រោយមកធ្វើជាមេស្រុកតពីឳពុក។
កាលនៅពីកុមារ
លោកបានស្គាល់នូវសេចក្តីលំបាកគ្រប់បែបយ៉ាង
ដូចជាកូនកសិករក្រីក្រទូទៅដែរ គឺលោកបានឃ្វាល គោ រកអុស ដេញចាប
តាមឋាននៃកូនកសិករ ជាមួយឳពុកម្តាយព្រឹកល្ងាច រហូតដល់អាយុ១២ឆ្នាំ
ទើបមេស្រុក ហែម ជាឳពុកនាំយកទៅប្រគេនព្រះសង្ឃសត្ថា ជួន ណាត
វត្តឳណ្ណាលោមក្រុងភ្នំពេញ ដោយហេតុមេស្រុកហែម និងព្រះគ្រូ
សង្ឃសត្ថាជាមិត្តភក្តិនឹងគ្នាយ៉ាងជិតស្និទ្ធ។
កុមារ ហែម-ចៀវ
ជាក្មេងមានសីលធម៌ល្អប្លែកជាងក្មេងដទៃៗទៀត
មានមាត់ពាក្យរហ័សច្បាស់លាស់ មានសណ្ដាប់ធ្នាប់
សមរម្យគួរអោយអ្នកផងពេញចិត្ត។
កុមារនេះមានព្យាយាមខ្ជាប់ខ្ជួនល្អណាស់ បានរៀនអក្សរសាស្ត្រក្នុងសំណាក់ព្រះគ្រូសង្ឃសត្ថា
តាំងអំពីដំបូង រហូតទាល់តែមើលបាន សរសេរអក្សរកើតដោយបរិបូណ៌។
កុមារ ហែម ចៀវ...
បាននៅសិក្សាអប់រំក្នុងសំណាក់ព្រះគ្រូសង្ឃសត្ថា ជួន ណាត អស់យូរឆ្នាំ
ដោយបានដើរស្ពាយយាម ព្រះគ្រូសង្ឃសត្ថា ដែលត្រូវនិមន្តទៅទេសនាក្នុងស្រុកខេត្តឯទៀតៗ
ជាញឹកញយ។ កុមារហែម ចៀវ
បានស្តាប់ធម៌ទេសនារបស់ព្រះគ្រូសង្ឃសត្ថាអស់ច្រើនឆ្នាំ
ទើបជាហេតុនាំអោយកុមារចៀវ មានសេចក្តីឆ្លៀវឆ្លាស
យល់ហេតុផលក្នុងផ្លូវលោកផ្លូវធម៌ជាច្រើនយ៉ាងណាស់ ជាកុមារមានសំដីវោហារព្រោកប្រាជ្ញពូកែជាងកុមារឯទៀតៗទាំងអស់។
កុដិដែលកុមារស្នាក់សិក្សា ស្ថិតនៅខាងក្រោយមហាកុដិសព្វថ្ងៃនេះ។
កុមារ ហែម ចៀវ ព្យាយាមរៀនសូត្រឥតធ្វេសប្រហែស
ឬខ្ជិលច្រអូសទេ។ កុមារខំរៀនមិនថាយប់មិនថាថ្ងៃ
ព្រោះលោកចាំបណ្ដាំបិតា ក្នុងកាលដែលឳពុកនាំយកទៅទុកក្នុងសំណាក់
នៃព្រះគ្រូសង្ឃសត្ថាថា ៖
- ចៀវ កូនប្រុសសំលាញ់ឳពុកៗ
គ្មានអ្វីចែកអោយកូនទេ គឺមានតែវិជ្ជានេះហើយ ដែលឯងអាចយឹតយោងគ្រួសារ
យើងអោយខ្ពង់ខ្ពស់បាន។ មនុស្សល្ងង់គេមើលងាយណាស់កូន! បើកូនចេះឳពុកក៏ចេះដែរ!
កូននៅភ្នំពេញខំរៀនឡើង! កុំឈ្លោះប្រកែកគ្នាណា!
ខុសត្រូវម្តេចម្តាត្រូវចេះអត់ធ្មត់ទើបប្រសើរ
ព្រោះយើងជាកូនកំសត់ដើរស្វែងរកវិជ្ជាដូចគ្នា។
ដូច្នេះត្រូវចេះស្រលាញ់គ្នា ទើបអ្នកផងសរសើរ ចូរកូនចាំសុភាសិតបុរាណមួយឃ្លាថា
«នៅផ្ទះម្តាយទីទៃ ទៅព្រៃម្តាយជាមួយ»។ លោកគ្រូព្រះសង្ឃសត្ថាអង្គនេះ ជាអ្នកប្រាជ្ញជ្រៅជ្រះ
បានជាអញនាំកូនឯងមកអោយនៅនឹងលោក
ត្រូវកូនឯងខំរៀនសូធ្យយកចិត្តទុកដាក់អោយមែនទែន។
- បាទលោកឳពុក កូននឹងគោរពតាមសំដីពុកលុះថ្ងៃស្លាប់!
សូមពុកកុំព្រួយបារម្ភអោយសោះ!
- ល្អហើយកូនប្រុសឳពុក!
ឯងជាតំណឈាមរបស់អញហើយ អញសង្ឃឹមលើឯងគ្រប់ដប់!
ពាក្យនេះធ្វើអោយកុមារ ចៀវ
ចងចាំទុកក្នុងបេះដូងអិតមានថ្ងៃភ្លេច។
កុមារស្រលាញ់គោរពតាមអោវាទមាតាបិតាណាស់
មិនដែលធ្វើអោយអ្នកមានគុណព្រួយចិត្តម្តងណាឡើយ។
២ សាងផ្នួស និង សកម្មភាព
វ័យ១៦ឆ្នាំក៏ចូលមកដល់
លោកមេស្រុកហែមនិងភរិយាបានជំនុំគ្នា អំពីការបំបួសកូនជាសាមណេរ
ហើយមូលមតិថា ត្រូវបំបួសនៅវត្តឧណ្ណាលោម
ហើយអោយគង់សំណាក់សិក្សាបតិបត្តិធម៌នៅវត្តឧណ្ណាលោមដដែល។
លុះបួសរួចហើយ សាមណេរចៀវទន្ទេញមេសូត្រ (មូលវេយ្យាករណ៍បាលី)
ចាំយ៉ាងស្ទាត់ជំនាញ។ ថ្ងៃខែចេះតែកន្លងជាលំដាប់ សាមណេរ ហែម ចៀវ
អាយុបាន២០ឆ្នាំ ក៏បំពេញឧបសម្បទា ជាភិក្ខុភាវ
ក្នុងពុទ្ធសីមានៅវត្តលង្កា ដែលមានព្រះមហា វិមលធម្ម ថោង
(ចាងហ្វាងសាលាបាលីជាន់ខ្ពស់មុនដំបូង) ជាឧបជ្ឈាយ មានព្រះគ្រូបវរវិជ្ជា
ល្វី អែម និងព្រះគ្រូសង្ឃសត្ថា ជួន-ណាត ជាគ្រូសូត្រ។
នៅពេលបំពេញជាភិក្ខុហើយ
លោកក៏បានប្រឡងចូលរៀនសាលាបាលីជាន់ខ្ពស់ជាប់ដូចចិត្តប្រាថ្នា។
ការសិក្សាចំនួន៧ឆ្នាំនៅសាលាបាលីជាន់ខ្ពស់ ធ្វើអោយលោកចេះដឹងផ្លូវលោក
ផ្លូវធម៌ ល្មមប្រើការបានដោយពេញបរិបូណ៌ក្នុងផ្លូវព្រះពុទ្ធសាសនា។
លោកជាសិស្សសំនប់មួយរូប នៃព្រះគ្រូសង្ឃសត្ថាជួន ណាត
ដែលលោកស្រលាញ់ជាងគេ ដោយភិក្ខុហែម ចៀវជាបព្វជិត ឈ្លាសវៃរហ័សរហួន
ចេះគួរសមទៅតាមឋានជាមនុស្សដូចគ្នា។ លុះគំរប់ឆ្នាំទី៧
លោកបានប្រឡងយកសញ្ញាប័ត្រឌីប្លូមសាលាបាលីជាន់ខ្ពស់ជាប់លេខ៦
ខាងភាសាបាលីដែលសម័យនោះ ខ្មែរយើងកំពុងរាប់អានណាស់។
នៅពេលប្រឡងចេញពីសាលាបាលីហើយ ក្នុងឆ្នាំ១៩២៧
កាលណោះលោករ៉េស្យូម ជាតិបារាំង ធ្វើជារ៉េស៊ីដង់ខេត្តកំពត បានពឹងលើលោកមេគណវត្តអង្គសុរភីហៅកន្ថោ
ស្រុកកំពង់ត្រាច អោយជួយរកលោកសង្ឃមួយអង្គ
ដែលមានសញ្ញាប័ត្រសាលាបាលីជាន់ខ្ពស់ ក្នុងកាលនោះ
លោកគ្រូមេគណវត្តកន្ថោ និមន្តមកអែវត្តឧណ្ណាលោមក្រុងភ្នំពេញ
មកពឹងព្រះគ្រូសង្ឃសត្ថា ជួន ណាត សូមនិមន្តលោកមួយអង្គដែលមានសញ្ញាប័ត្រឌីប្លូមសាលាបាលីជាន់ខ្ពស់
ទៅបង្រៀនអក្សរសាស្ត្រខ្មែរនៅខេត្តកំពត ដោយហេតុលោករ៉េស៊ីដង់ រ៉េស្យូម
ខេត្តកំពតបង្កើតអង្គការសិក្សាអក្សរសាស្ត្រខ្មែរ
អោយមានរបៀបត្រឹមត្រូវឡើង។
កាលនោះព្រះគ្រូសង្ឃសត្ថា បានចាត់លោកអាចារ្យ ហែម ចៀវ
អោយទៅបង្រៀនអក្សរសាស្ត្រជាតិអែខេត្តកំពត យកវត្តក្រាំងដូង
ស្រុកបន្ទាយមាស និងវត្តកន្ថោស្រុកកំពង់ត្រាចជាមជ្ឈមណ្ឌល។ គ្រូអាចារ្យ
ហែម ចៀវ បានទៅនៅបង្រៀនអក្សរសាស្ត្រជាតិក្នុងខេត្តកំពតអស់៦ឆ្នាំ គឺតាំងពីឆ្នាំ១៩២៧
ដល់១៩៣២ ទើបត្រលប់មកនៅភ្នំពេញវិញ រួចបានប្រឡងជាប់
ជាសាស្ត្រាចារ្យនៅសាលាបាលីជាន់ខ្ពស់ក្នុងឆ្នាំនោះអែង។
ក្រៅពីម៉ោងបង្រៀនសិស្ស
លោកអាចារ្យតែងនិមន្តទៅទេសនាជាញឹកញយ។
ទេសន៍កន្លែងណាក៏ដូចកន្លែងណាដែរ លោកច្រើនតែយកពុទ្ធភាសិតថា «វិរិយេន ទុក្ខរច្ឆេតិ »ហើយនិង «អត្តា ហិ អត្តនោ នាថោ » មកអធិប្បាយពន្យល់លើក
ឧទាហរណ៍ដើម្បីអោយពុទ្ធបរិស័ទងាយស្តាប់បាន។
លក្ខណខ្លះដែលគួរដឹង
លោកគ្រូអាចារ្យ ហែម ចៀវ មានសំលេងធំក្រអួន
មានទឹកដមគួរអោយចង់ស្តាប់ហើយស្តាប់ទៀត
មានវោហាក្បោះក្បាយរអិលទៅមុខជាដរាប ពុំមានខ្ជួនពាក្យដដែលៗ
សូម្បីតែមួយម៉ាត់ក៏គ្មានដែរ។ ប៉ុន្តែលោកពុំសូវពូកែខាងសរសេរ សៀវភៅទេ
ព្រោះសំបូណ៌ពាក្យពេចន៍ និង រវល់បង្រៀនទេសនាពេក។
ចំណែកដំណើរទេសនាចេញបែបដូចគ្រូរបស់លោកបេះបិត គឺសម្ដេចព្រះសង្ឃរាជ ជួន
ណាត (តាមប្រសាសន៍របស់លោក ឈឹម-ស៊ុម)។ ត្រង់នេះបានសេចក្តីថា
លោកគ្រូព្រះបាលាត់ឃោសនានាគ ហែម ចៀវ មានលក្ខណមិនខុសពីសម្ដេចព្រះសង្ឃរាជប៉ុន្មានទេ។
ចំពោះភ្លៀវពន្លឺលោកទទួលដោយរាក់ទាក់ អិតរើសមុខថា
អ្នកមានអ្នកក្រអ្វីទេ។ ជនណាដែលបានប្រាស្រ័យជាមួយលោកម្តងហើយ
ជននោះរមែងចង់ប្រាស្រ័យម្តងទៀត ដើម្បីស្តាប់លោកអធិប្បាយញែកវែក
អំពីទ្រឹស្តីព្រះពុទ្ធដែលដឹកនាំសត្វលោកអោយដល់ត្រើយនៃសុភមង្គល ។
រីអែការបង្រៀនសិស្សវិញ
ពូកែពន្យល់ខាងចេះធ្វើអោយសិស្សចូលចិត្តរៀនណាស់សូម្បីតែសាស្ត្រាចារ្យនៅសាលាបាលីជាន់ខ្ពស់
ក៏មិនអាចអត់ទ្រាំសរសើរលោកបានដែរ។
សិស្សរបស់លោកស្រលាញ់លោកគ្រប់ៗគ្នា ព្រោះជាសាស្ត្រាចារ្យមិនប្រកាន់ធម៌អគតិ។
បើឃើញសិស្សណាខ្ជិលរៀនសូត្រ លោកតែងពោលចំពោះសិស្សនោះដោយសំលេងថ្នមៗ
ចូរលោកខំរៀនឡើង! កុំបណ្ដែតបណ្ដោយ
ព្រោះយើងជាភេទដែលអ្នកផងគេគោរពរាប់អាន គេផ្ញើទាន
ម៉ែឳយើងនៅក្រោមការត្រួតត្រារបស់បរទេស ព្រះពុទ្ធសាសនាត្រូវ
ចុះអន់ថយជាលំដាប់
អក្សរសាស្ត្រយើងស្ទើរសាបសូន្យទៅហើយគួរយើងប្រឹងប្រែងកុំខ្លាចនឿយហត់
ដើម្បីស្រោចស្រង់មាតុភូមិអោយរួចពីខ្ញុំកញ្ជះបារាំង
កុំភ្លេចខ្លួនអោយសោះថា យើងជាអ្នកបួសរស់ដោយសារប្រជាជនចិញ្ជឹម
ត្រូវតែមានចំណេះវិជ្ជាជ្រៅជ្រះ
ទើបធ្វើអោយអ្នកចិញ្ជឹមយើងមានសទ្ធាជ្រះថ្លា។ ចុះបើយើងល្ងង់ខ្លៅ
តើដឹកនាំគេម្តេចកើត? តើនរណាគេគោរពរាប់អានយើង?
បញ្ហានេះសូមលោកគិតពិចារណាមើលអោយមែនទែន
បំណាច់យើងចោលស្រុកចោលស្រែចំការ ម៉ែឳបងប្អូនមករៀននៅទីនេះ
តើយើងមកដើម្បីអ្វី? យើងសុទ្ធតែកូនអ្នកក្រដូចគ្នាត្រូវជួយគ្នាឡើង
កុំធ្វេសប្រហែសអោយសោះ ប្រយ័ត្នគេមើលងាយណា ខ្ញុំគ្មានអ្វីជួយលោកទេ
មានតែចំណេះវិជ្ជាដ៏ស្តួចស្តើងប៉ុណ្ណោះ។ លោក! ការដែលខ្ញុំនិយាយនេះមិនមែនជាការប្រៀនប្រដៅទេ
គឺជាការរំលឹកគ្នាទៅវិញទៅមក ក្នុងថានជាកូនអ្នកស្រែ
និងអ្នកបួសដូចគ្នា យើងត្រូវតែណែនាំគ្នា
ដើម្បីស្វែងរកសុភមង្គលអោយប្រទេសយើងដែលបានបាត់បង់ច្រើនឆ្នាំមកហើយ។
...។
ពាក្យដាស់តឿនរបស់លោកគ្រូបាលាត់ឃោសនាគ ហែម ចៀវ
ធ្វើអោយសិស្សសាលាបាលីជាន់ខ្ពស់ស្រលាញ់គ្រូ
ហើយខិតខំរៀនសូត្រអិតហ៊ានធ្វេសប្រហែសសោះឡើយ។
មិនត្រឹមតែស្រលាញ់ខំរៀនប៉ុណ្ណោះទេ
ថែមទាំងមានការឈឺចាប់នឹងពួកអនានិគមបារាំងខ្លាំងឡើងៗជាលំដាប់
ធ្វើអោយមជ្ឈដ្ឋានអ្នកស្នេហាជាតិកោតសរសើរ
សិស្សសាលាបាលីជាន់ខ្ពស់គ្រប់ៗគ្នា។
ក្នុងពេលនោះហើយ
ដែលធ្វើអោយកិត្តិនាមរបស់លោកគ្រូព្រះបាលាត់ហែម ចៀវក្រអូបគ្រប់ទិសទី។
ស្រុកណា ភូមិណា ខេត្តណា ក៏ចង់និមន្តលោកទៅសំដែងធម៌ទេសនាដែរ
ម៉្លោះហើយលោកមានពេលសំរាកតិចណាស់។
៣ សកម្មភាពដើម្បីជាតិសាសនា
លុះចប់កិច្ចសិក្សាហើយ
លោកបានទៅធ្វើជាគ្រូបង្រៀនអក្សរសាស្ត្រជាតិនៅវត្តក្រាំដូង
បង្រៀនព្រះសង្ឃសំរាប់ធ្វើគ្រូតទៅ ប្រកបទៅដោយជោគជ័យជាទីបំផុត។ ក្រៅពីពេលបង្រៀន
លោកឆ្លៀតសិក្សាខ្លួនអែងទៀត ដើម្បីឈោងចាប់យកសេចក្តីពិត
មកទូន្មានខ្លួន និង សិស្សានុសិ ស្ស ព្រមជាមួយអន្លើដោយឧបាសក ឧបាសិកា
ដែលត្រូវការចង់ចេះចង់ដឹង។
នៅពេលលោកទេសនាមាត់ទទេលើកដំបូង មិនសូវមានអ្នកស្តាប់ច្រើនប៉ុន្មានទេ
ព្រោះខ្មែរជាន់ដើមទំលាប់តែទេសន៍ តាមសាស្ត្រាស្លឹករឹត។
ម៉្លោះហើយចាស់ៗខ្លះប្រកាន់ថា «ធម៌សម័យថ្មីគេមិនចេះស្តាប់ទេ»។ ហេតុការណ៍ទា៍ងំនេះ ពុំបានធ្វើអោយលោកគ្រូអាចារ្យហែម ចៀវ
ព្រួយបារម្ភលំបាកចិត្តអ្វីទេ ដោយលោកឈ្លាសវៃក្នុងការពន្យល់
មុនដំបូងវាតែងមានប្រតិកម្មដូច្នេះហើយ បើយើងមិនតស៊ូទេ
មុខជាមិនបានសំរេចបំណងឡើយ។ ចាប់តាំងពីពេលនោះមក ព្រះអាចារ្យតែងធ្វើ
សេចក្តីស្និទ្ធស្នាលចំពោះចាស់ៗ
ណាដែលមិនសូវចូលចិត្តស្តាប់លោកសំដែងធម៌មាត់ទទេ ជាងអ្នកផងទាំងពួង។
មិនយូរប៉ុន្មានអ្នកទាំងនោះក៏ស្តាប់បាន ងាយយល់ ថែមទាំងសំលេងពីរោះផង
ហើយស្រលាញ់លោកហួសនិយាយ ចង់អោយតែលោកអាចារ្យសំដែងធម៌ទេសនារាល់ថ្ងៃសីល
និង បុណ្យទាន។ នៅឆ្នាំនោះហើយដែលព្រះសង្ឃខ្មែរយើងចាប់ប្រែសូត្រមន្ត
ពីភាសាបាលី មកជាភាសាខ្មែរ។ ការប្រែមកអោយស្តាប់បាននេះ
ធ្វើអោយអ្នកគិតមិនដល់
ជេរត្មះតិះដៀលដល់ព្រះសង្ឃដែលខិតខំប្រែយ៉ាងសំបើម
រហូតដល់មានប្តឹងផ្តល់ទៅចូលតុលាការថែមទៀត។
ប៉ុន្តែសេចក្តីតស៊ូប្រឹងប្រែងធ្វើការ ដើម្បីអោយសាសនាបានរុងរឿងមានប្រយោជន៍ដល់មហាជន
ដោយមិនតបតទៅ តាមអំពើពាលល្ងង់ខ្លៅ
កិច្ចការនោះក៏បានសំរេចជោគជ័យជាស្ថាពរ រហូតមកដល់សព្វថ្ងៃនេះ។
មកដល់ភ្នំពេញ លោកអាចារ្យ ហែម ចៀវ បានទទួលថានជា «អាចារ្យសាលាបាលីជាន់ខ្ពស់» (សាស្ត្រាចារ្យ)
មានកំរៃប្រចាំខែ៥០រៀល ល្មមនឹងទ្រទ្រង់ជីវភាពអោយសំរេចទៅកើត។
លោកគ្រូអាចារ្យហែម ចៀវ មានសាមណសក្តិជា «ព្រះបាលាត់ឃោសនាគ» របស់សម្ដេចព្រះសង្ឃរាជ
ជួន -ណាត កាលលោកនៅជាព្រះពុទ្ធឃោសាចារ្យ
មុខងារថ្មីនេះពុំអាចទាញកំលាំងចិត្តស្នេហាជាតិរបស់លោកអោយភ្លេចបានឡើយ។
លោករឹងរឹតតែខំរៀន ខំអានសៀវភៅខ្មែរបរទេសដែលសំខាន់ៗ
ស្តីអំពីរឿងសាសនា នយោបាយ សេដ្ឋកិច្ច អក្សរសាស្ត្រ ទស្សនវិជ្ជាគ្រប់ទិវារាត្រី
អិតបីបណ្ដោយអោយពេលវេលាកន្លងផុតដោយពុំបានធ្វើអ្វីជាប្រយោជន៍ទេ។
ក្រៅពីការសិក្សាបង្រៀនសិស្សទេសនា ពន្យល់ខ្មែរល្ងិតល្ងង់
ព្រះបាលាត់ឃ្លោសនាគហែម ចៀវ ឆ្លៀតពេលទៅប្រាស្រ័យទាក់ទងនឹងវរជនធំៗ
ដែលស្នេហាមាតុភូមិជាច្រើនទៀត ដូចជាលោកប៉ាច ឈឺន, សឺង ង៉ុកថាញ់ , ជុំ -មួង,
នួន-ដួង និង ស៊ឹម-វ៉ា ៘
ដើម្បីរិះរកមធ្យោបាយរំដោះជាតិអោយរួចពីខ្ញុំបារាំង។
វេលាថ្ងៃមួយ លោកសឺង ង៉ុកថាញ់ បានទៅជួបព្រះបាលាត់ ហែម ចៀវ
ហើយប្រគេនដំនឹងថា ៖
- លោកគ្រូព្រះបាលាត់ បំណងយើងជិតបានសំរេចហើយ!
- ពរ! ជិតបានសំរេចអីលោក ?
ព្រះបាលាត់ ហែម ចៀវ ចោទសំនួរដោយងឿងឆ្ងល់។ លោកសឺង ង៉ុកថាញ់
ញញឹមបន្ដិច រួចបន្លឺវាចា
- ករុណាម្ជាស់ សព្វថ្ងៃនេះ
ដូចជាលោកគ្រូអាចារ្យដឹងស្រាប់ហើយ ទាហានជើងក្រហម និង
ជើងខ្មៅមិនត្រូវគ្នាទេ ដោយសារបារាំងចេះតែចាក់រុក អោយបែកសាមគ្គី។
ឥលូវនេះបារាំងបានចាត់អោយខ្ញុំករុណា
និមន្តព្រះសង្ឃទេសនាពន្យល់ពួកទាហានទាំងនុ៎ះ
ដើម្បីកុំអោយទាស់គ្នាទៀត។ ក្នុងពេលនេះ
ខ្ញុំករុណាសូមនិមន្តលោកអាចារ្យហើយ។
- យឺ! ម៉េចក៏លោកមិននិមន្តលោកអាចារ្យ ប៉ាង-ខាត់,
សូ-ហាយ ផង ?
- ករុណា ខ្ញុំនិមន្តតែទាំងអស់អង្គហ្នឹង
មិនអោយសល់ទេ តែធ្វើយ៉ាងណាកុំអោយពួកវាដឹង ឬ សង្ស័យ ក្រែងទៅទេសនា ឬ
ពន្យល់ទៀតមិនកើត។
- ពរការនេះមិនថ្វីទេ ចំពោះរូបអាត្មាភាព
តែអាត្មាព្រួយក្រែងខ្មែរយើងខ្លះចង់បានបុណ្យសក្តិពីបារាំង ហើយយកការណ៍ទៅអោយបារាំងវិញ!
- ករុណាវាពិតហើយ តែយើងមិនត្រូវខ្លាចទេ។
យើងត្រូវខំពុះពារគ្រប់ឧបសគ្គ ទើបបំណងរបស់យើងបានសំរេច។
- ពរ ត្រូវហើយលោក!
អាត្មាមិនដែលនឹកខ្លាចដល់គ្រោះថ្នាក់អ្វីផ្ទាល់ខ្លួនទេ
គឺខ្លាចបែកការសំងាត់របស់ក្រុមបដិវត្តន៍យើង!
អាត្មាមិនមែនជាអ្នកនយោបាយដូចលោកទេ គឺជាអ្នកបួស
គ្រាន់តែទេសនាពន្យល់ពុទ្ធបរិស័ទអោយស្គាល់ អោយដឹង
អោយយល់អោយអនុវត្តន៍តាមព្រះសម្ពុទ្ធទេតើ! បើស្លាប់ដើម្បីជាតិ សាសនា
អាត្មាក៏មិនតូចចិត្តដែរធ្វើម៉េចវាសនាមនុស្សវាត្រូវទទួលដូច្នេះ!
- ត្រូវហើយលោកគ្រូម្ជាស់
ការពិតដែលយើងត្រូវនិយាយនោះ យើងត្រូវតែនិយាយអោយប្រជារាស្ត្រដឹង។
លេងធម៌និយមអែបអប មុខជារាស្ត្រលិចលង់ដដែល។
ខ្ញុំករុណាសុខចិត្តបូជាជីវិតជូនជាតិ សាសនា អស់ហើយ ពុំមានខ្លាចស្លាប់ទេ!
ព្រោះយើងកើតមករមែងស្លាប់ទៅវិញជាធម្មតា។
ខ្ញុំករុណាគិតសុំថ្វាយបង្គំលាសិនហើយ!
- កុំប្រញាប់អញ្ជើញពេកលោក!
- ខ្ញុំករុណាមានការច្រើនទៀតដែលត្រូវធ្វើ!
ចាំថ្ងៃក្រោយ ចាំជជែកអោយយូរបន្តិច ។
- ពរ អញ្ជើញចុះលោក សូមអោយបានសុខ!
លោកសឺងង៉ុកថាញ់ ក៏ក្រាបបងំ្គលាព្រះអាចារ្យ
វិលទៅលំនៅវិញប្រកបដោយទឹកចិត្តរីករាយជាអនេក។
ក្រុមខ្មែរអ្នកភ្ញាក់រលឹក
ចេះតែដើរឃោសនាបញ្ចុះបញ្ចូលរាស្ត្រ
ព្រះសង្ឃគ្រប់និគមជនបទអោយមានការឈឺចាប់ឡើង។ លោកប៉ាច ឈឺន
មាននាមល្បីខ័្ទរខ្ទារដោយធ្វើជាចាងហ្វាងសារពត៌មាន «នគរវត្ត » មានអ្នកអានសុទ្ធជាអ្នកស្រលាញ់ជាតិពិតប្រាកដ។
ប្រជារាស្ត្រ និង ព្រះសង្ឃ បានគាំទ្រសារពត៌មាននេះយ៉ាងពេញទំហឹង។
ចំណែកខាងព្រះសង្ឃ ដែលខំតស៊ូ យ៉ាងស្វិតស្វាញមិនខ្លាចស្លាប់
ដើម្បីមាតុភូមិរស់នោះគឺ លោកអាចារ្យប៉ាង-ខាត់ សាស្ត្រាចារ្យភាសាសំស្ក្រឹត
លោកគ្រូអាចារ្យសូរហាយ ក្រុមជំនុំព្រះត្រៃបិដក លោកគ្រូអាចារ្យខៀវ ជុំ
គង់នៅវត្តលង្កា ព្រះងារចារ្យហែម ចៀវ សាស្ត្រាចារ្យភាសាបាលី
និងសាមណសិស្សនៅសាលាបាលីជាន់ខ្ពស់ជាច្រើនអង្គទៀតជួយផង។ ព្រះសង្ឃទាំងអស់អង្គនេះហើយ
ដែលធ្វើអោយទាហានខ្មែរភ្ញាក់រលឹក លែងឈ្លោះទាស់ទែងគ្នាដោយខុសបទ។
ក្រុមទាហានបារាំងកាចសាហាវណាស់ មិនស្គាល់ ច្បាប់ទំលាប់អ្វីសោះ។
បងប្អូនខ្មែរយើងស្អប់ខ្ពើមមិនអោយកូនទេ។ ដូច្នេះហើយ បានជាអ្នកស្រុកស្រែចំការហាមមិនអោយកូនធ្វើទាហានទេ
ព្រោះខ្លាចគេស្អប់ រហូតដល់សព្វថ្ងៃ។ ក្រុមទាហានទាំងនោះ
ចូលទៅដល់ភូមិណា ភូមិនោះមុខជាហិនហោចទ្រព្យសម្បត្តិមិនខាន។
នេះជានយោបាយបំបែកបំបាក់ដើម្បីត្រួតត្រារបស់ចោរព្រៃបារាំង។
គស ១៩៤០ កងទ័ពជប៉ុនក៏ចូលមកដល់ (សូមមើលគុកនយោបាយរបស់លោក
ប៊ុណ្ណចន្ទម៉ុល បើចង់ជ្រាបច្បាស់) ដើម្បីវាយកំចាត់
សត្រូវរបស់ខ្លួន គឺបារាំង អាមេរិកាំង អង់គ្លេស នៅក្នុងអិណ្ឌូចិនទាំងមូល។
ពេលនោះកងទ័ពបារាំង មានកំលាំងខ្សោយណាស់ទៅហើយ។ ខ្មែរយើងឃើញដូច្នេះ
ក៏ចូលទៅទាក់ទងនឹងជប៉ុន ដើម្បីអោយគេជួយ
ពួកជប៉ុនក៏យល់ព្រមតាមសេចក្តី ស្នើរបស់លោកសឺង ងុកថាញ់
ដែលជាអ្នកតំណាងក្រុមបដិវត្តន៍។
នៅពេលទេសនាម្តងៗ ព្រះអាចារ្យ ហែម ចៀវ
បានលើកយកពុទ្ធភាសិតសំខាន់ៗ
ដែលទាក់ទងនឹងជីវភាពប្រជារាស្ត្រដើម្បីអោយជ្រាបច្បាស់
បានដឹងច្បាស់នូវគោលបំណងនៃព្រះបរមគ្រូរបស់យើង។
ពុទ្ធភាសិតទាំងនោះគឺ៖
- កុំធ្វើមនុស្សអោយចង្អៀតលោក
- ត្រូវគិតបច្ចុប្បន្នអោយបានសុខជាមុន ព្រោះថា
បើបានសុខក្នុងបច្ចុប្បន្នហើយ អនាគតមុខជាបានសុខទៀត។
- ត្រូវខំធ្វើការ កុំដេកផ្សងសំណាង
- កន្លងសេចក្តីទុក្ខបាន ព្រោះព្យាយាមខ្ជាប់ខ្ជួន
- មានតែខ្លួនយើងទេ ដែលជាទីពំនឹងបាន
- បុគ្គលមិនគប្បីសេពគប់នូវមិត្តដ៏លាមកទាំងឡាយឡើយ
មិនគប្បីសេពគប់នូវបុរសដ៏ទាបថោកទាំងឡាយឡើយគប្បីសេពគប់តែនឹងកល្យាមិត្តទាំងឡាយ
គប្បីសេពគប់នូវបុរសដ៏ឧត្តមទាំងឡាយ (១០០គាថា)។
- មនុស្សអិតប្រាជ្ញា
រមែងណែនាំនូវចំណែកដែលមិនគួរណែនាំ
រមែងដឹកនាំអោយប្រកបក្នុងចំណែកដែលមិនជាធុរជាមនុស្សគឺគេណែនាំ
រឺប្រដៅអោយបានល្អដោយលំបាក កាលបើគេនិយាយល្អៗ ក៏ស្រាប់តែច្រលោតខឹង
មនុស្សនោះមិនចេះដឹងវិន័យច្បាប់អ្វីឡើយ កិរិយាមិនជួបប្រទះ រឺ
មិនឃើញនូវមនុស្សដូចនោះជាការល្អ (១០០គាថា)
- បុគ្គល មិនគួរអាស្រ័យអ្នកដទៃចិញ្ចឹមជីវិតឡើយ ។
ពុទ្ធភាសិតទាំងអស់នេះ លោកចង់អោយប្រជារាស្ត្រមានសេរីភាព
ដោយពឹងផ្អែកលើខ្នងអែងជាមូលដ្ឋាន កុំផ្ញើវាសនាទៅលើស្តេច
ដែលជាមនុស្សឃោរឃៅសប្បាយភ្លេចជាតិនោះមិនល្អទេ។ ក្រៅពីលើកពុទ្ធភាសិត
លោកអាចារ្យបានទាញឧទាហរណ៍ល្អៗ ពីប្រទេសនានា
ដែលគេចេះកសាងជាតិអោយបានរុងរឿងគ្រប់វិស័យ។
មិនត្រឹមតែបន្ដុះស្មារតីអោ
យខ្មែរក្រោកឈរប្រយុទ្ធយកអែករាជ្យពីបារាំងនោះទេ លោកបានបន្ដុះស្មារតី
កូនខ្មែរអោយស្រលាញ់ការសិក្សា អោយយល់តំលៃនៃវិជ្ជាថែមទៀតផង។
មហាវិស្សមកាលក៏ចូលមកដល់... ព្រះអាចារ្យហែម ចៀវ
បាននិមន្តទៅវត្តកំណើត ដើម្បីសួរសុខទុកញោមញាតិ
និងភិក្ខុសាមណេរអែទៀតដែលរាប់អានគ្នា។ នៅពេលយប់ឡើង
មានចាស់ៗស្រីប្រុស និងភិក្ខុសាមណេរបានមកចោមរោម
ដើម្បីអោយលោកអធិប្បាយធម៌ រឺ រឿងរ៉ាវផ្សេងៗអោយស្តាប់។ មុនដំបូង
លោកលើករឿងអ្វីផ្សេងៗ ដែលមានប្រយោជន៍ ទើបលោកមានថេរដីកាមួយៗ «ប្រទេសយើងមិនដឹងពេលណារួចពីខ្ញុំបារាំងទេ។
បារាំងមកត្រួតត្រាស្រុកយើងហិនហោចទ្រព្យសម្បត្តិអស់
គ្មានអ្វីចំរើនរុងរឿងសោះ ដូចយើងរាល់គ្នាឃើញស្រាប់ហើយ
អាត្មាធ្វើបុណ្យរាល់ថ្ងៃ បួងសួងសុំអោយខ្មែរបានអែករាជ្យមកវិញ
ដើម្បីកុំអោយបរទេសជិះជាន់យើងតទៅទៀត»។
ខណនោះលោកតាម្នាក់ពោលឡើង
ករុណាម្ចាស់ ក៏គិតដូចលោកគ្រូអាចារ្យដែរ តែមិនដឹងធ្វើម៉េចបានឈ្នះពួកបារាំងទេ។ ចំនុចនេះ បានធ្វើអោយទឹកព្រះទ័យព្រះអាចារ្យរីករាយពេកក្រៃ។ លោកក៏តបដោយសំលេងក្រអួនព្រមទាំងញញឹមផង
ករុណាម្ចាស់ ក៏គិតដូចលោកគ្រូអាចារ្យដែរ តែមិនដឹងធ្វើម៉េចបានឈ្នះពួកបារាំងទេ។ ចំនុចនេះ បានធ្វើអោយទឹកព្រះទ័យព្រះអាចារ្យរីករាយពេកក្រៃ។ លោកក៏តបដោយសំលេងក្រអួនព្រមទាំងញញឹមផង
ពរជាការងាយទេ លោកតា បើយើងចង់បានអែករាជ្យ
ព្រោះព្រះសម្មាសម្ពុទ្ធទ្រង់បង្ហាញផ្លូវអោយយើងដើរហើយថា «សេចក្តីសាមគ្គីនាំមកនូវសេចក្តីសុខគ្រប់យ៉ាង»។ តែកាលណាយើងស្រុះស្រួលគ្នា យើង
នឹងអាចធ្វើអ្វីៗកើតមិនខាន។ អាត្មាសង្ឃឹមថា
បើប្រជារាស្ត្រយើងស្រុះស្រួលគ្នា
មុខជាឈ្នះបារាំងពេលឆាប់ៗនេះមិនខាន។ តែបើខ្មែរយើងមិនស្របគ្នាទេ
យើងពុំអាចដណ្ដើមយកសេរីភាពនោះមកវិញបានឡើយ។ អាត្មាមិនពេញចិត្ត
នឹងអ្នកខ្លះ ដែលគេយកព្រះពុទ្ធសាសនា ដើម្បីបំភ័ន្តមតិប្រជារាស្ត្រ
ហើយបោកប្រជារាស្ត្រជាដាច់ខាត។ លោក តា! លោកទាំងអស់ឃើញស្រាប់ហើយ ប្រទេសយើងមានអ្នកបន្លំខ្លួន
កេងយកកំរៃពីសាសនាសំបើមណាស់។
-ករុណាម្ចាស់ ពិតហើយការនេះ!
ការសន្ទនាអំពីរឿងសាសនា នយោបាយ និងអំពីការណែនាំអោយប្រជាជនចេះ ប្រកបការងារចិញ្ចឹមជីវិត ស្របតាមគន្លងព្រះសម្ពុទ្ធ បានប្រព្រឹត្តទៅរហូតពាក់កណ្ដាលអាធ្រាត្រទើបឈប់។ ពេលនិមន្តទៅស្រុកម្តងៗ ព្រះអាចារ្យតែងនិមន្តគ្រប់ផ្ទះបងប្អូនណាដែលក្រីក្រជាងគេ។ លោកពេញចិត្តប្រាស្រ័យជាមួយជនជំពូកនោះ ក៏ដូចជាលោកពេញចិត្តនឹងភូមិកំនើត រឺ ព្រះសម្ពុទ្ធដែរ។
ការសន្ទនាអំពីរឿងសាសនា នយោបាយ និងអំពីការណែនាំអោយប្រជាជនចេះ ប្រកបការងារចិញ្ចឹមជីវិត ស្របតាមគន្លងព្រះសម្ពុទ្ធ បានប្រព្រឹត្តទៅរហូតពាក់កណ្ដាលអាធ្រាត្រទើបឈប់។ ពេលនិមន្តទៅស្រុកម្តងៗ ព្រះអាចារ្យតែងនិមន្តគ្រប់ផ្ទះបងប្អូនណាដែលក្រីក្រជាងគេ។ លោកពេញចិត្តប្រាស្រ័យជាមួយជនជំពូកនោះ ក៏ដូចជាលោកពេញចិត្តនឹងភូមិកំនើត រឺ ព្រះសម្ពុទ្ធដែរ។
៤ អាចារ្យហែម
ចៀវត្រូវបារាំងចាប់ផ្សឹក
ព្រះអាទិត្យជិតអស្តង្គតរលត់រស្មីទៅហើយ...
សំលេងរៃយំគ្រលួច ពីលើចុងគគីរមកប៉ះត្រចៀកបុរីជន អោយស្រងេះស្រងោចខ្លោចផ្សាស្ទើរទប់ជលនេត្រពុំបាន។ ឆ្នាំ១៩៤២ ជាឆ្នាំដែលប្រទេសយើងត្រូវបាត់បង់អ្នកស្នេហាជាតិមាតុភូមិអស់ជាច្រើន។ ព្រឹត្តិការណ៍សកលលោក បានតឹងតែងជាលំដាប់។ សង្គ្រាមលោកលើកទី២ក៏ផ្ទុះឡើង។
សំលេងរៃយំគ្រលួច ពីលើចុងគគីរមកប៉ះត្រចៀកបុរីជន អោយស្រងេះស្រងោចខ្លោចផ្សាស្ទើរទប់ជលនេត្រពុំបាន។ ឆ្នាំ១៩៤២ ជាឆ្នាំដែលប្រទេសយើងត្រូវបាត់បង់អ្នកស្នេហាជាតិមាតុភូមិអស់ជាច្រើន។ ព្រឹត្តិការណ៍សកលលោក បានតឹងតែងជាលំដាប់។ សង្គ្រាមលោកលើកទី២ក៏ផ្ទុះឡើង។
ស្ថានការណ៍ក្នុងប្រទេសខ្មែរ មានសភាពតឹងតែងស្ទើរកែលែងរួច
ព្រោះប្រជាជនខ្មែរយើងហាក់ដូចជាលង់លក់ ដោយមិនដឹងថា
ប្រទេសអញនៅក្រោមអំណាចរបស់បារាំងទេ។ តែបើដឹងវិញ
ក៏គ្រាន់តែត្រឹមដឹងស្ទើរ មិនហ៊ានធ្វើសកម្មភាពអ្វីឡើយ។
តើដោយសារអ្វី? ជនជាតិខ្មែរដែលបារាំងចាប់ខ្លួន
គ្មានវរជន រឺ ស្តេចណាទៅសុំតវ៉ាអោយរួចខ្លួនមកវិញទេ។
គេបែរជាជំរុញអោយបរទេសសំលាប់ចោលទៅវិញ។ ម៉្លោះហើយ អ្នកមានចំណេះតិចរមែងខ្លាចស្លាប់ជាធម្មតា
ការភ័យខ្លាច ក៏កើតមានឡើង។ តែខ្មែរឈាមអង្គរវត្ត
ធ្លាប់ធ្វើជាមហាអំណាចមួយនឹងគេដែរ
ក៏ក្រោកឈរទាញដៃបងប្អូនឈាមខ្លួនអោយតស៊ូប្រយុទ្ធឡើង។
ក្រុមបដិវត្តន៍បានតស៊ូធ្វើសកម្មភាពរបស់ខ្លួនយ៉ាងមមាញឹក
ដើម្បីអោយទាន់ស្ថានការណ៍ សកលលោកដែលកំពុងច្បាំងគ្នា។
ពេលនោះព្រះអាចារ្យ ហែមចៀវ
តែងនិមន្តទៅអប់រំខ្មែរស្រុកស្រែចំការជាញឹកញយ
ដើម្បីសុំការឧបត្ថម្ភពីប្រជារាស្ត្រគ្រប់មធ្យោបាយ និង គ្រប់សំភារ។
ចំណែកប្រជារាស្ត្រ និង ព្រះសង្ឃ បានគាំទ្រក្រុមបដិវត្តន៍
ទាំងផ្លូវចិត្ត ផ្លូវកាយអិតសង្ស័យឡើយ។ ផែនការសំងាត់របស់ខ្មែរបដិវត្តន៍
បានដឹងដល់ក្រសួងស៊ើបអង្កេតនៃពួកបរទេស។ ការនេះ
ដឹងដោយសារទាហានខ្មែរយើងដែលនៅស្រលាញ់បារាំង
ហើយយកការណ៍ទៅអោយបារាំងដើម្បីខ្លួនបានបុណ្យស័កិ្ត (1)។
តាម «សៀវភៅគុកនយោបាយរបស់លោកប៊ុណ្ណ ចន្ទម៉ុល» ដែលជាសមាជិកម្នាក់ដ៏សំខាន់
នៃក្រុមបដិវត្តន៍បានសរសេរយ៉ាងច្បាស់លាស់ថា
ដោយពួកទាហានខ្មែរដែលបានមកទាក់ទងជាមួយលោកគ្រូអាចារ្យហែម ចៀវ និងលោក
នួន ឌួងនោះ មានទាហានខ្លះដែលស្រលាញ់បារាំងដុះស្លែក្នុងខួរដុះមិនជ្រះនោះ
វានាំរឿងសំងាត់នេះទៅប្រាប់បារាំងថា លោកអាចារ្យ ហែម ចៀវ និងលោកនួន ឌួង
ជាមេដឹកនាំពួកទាហានខ្មែរអោយបះបោរប្រឆាំង នឹង បារាំង។
ទាហានខ្មែរចំនួន១៥ នាក់ ត្រូវចាប់ស្ងាត់ៗដើម្បីកុំអោយបែកការណ៍ ។
នៅថ្ងៃ១៧ កក្កដា ១៩៤២ ស្រាប់តែឃើញចាងហ្វាងគិញបារាំងម្នាក់
និង លេខាធិការខ្មែរពីរនាក់ទៀត មានកាន់សំណុំលិខិតមួយដុំផង
បានទៅជួបលោក អ៊ឹង អ៊ី នាយករដ្ឋមន្ត្រីព្រមទាំងលោកទា សាន
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ធម្មការ និង មន្ត្រីអែទៀត។ គ្រានោះ លោក
ទា សាន បានបញ្ជាលោក ជុំ មួង (កាលណោះធ្វើជាលេខាធិការក្រោមបង្គាប់លោក)
អោយទៅនិមន្តលោកគ្រូអាចារ្យ ហែម ចៀវមក។ លោកជុំ មួង
នឹកប្រហែលជាមានការធំហើយ ក្នុងរឿងសំងាត់ជាមួយគ្នា
តែចាប់លោកគ្រូអាចារ្យ ហែម ចៀវទៅ នឹងរាលដាលដល់អាត្មាអញមិនខាន
ប៉ុន្តែពុំទាន់ដឹងច្បាស់ជារឿងអ្វីដែរ? ដោយពុំហ៊ានសួរគេ។
លោកជុំ មួង ក៏ទៅវត្តឧណ្ណាលោម និមន្តលោកគ្រូហែម ចៀវ
លោកក៏បាននិមន្តជាមួយគ្នាជាបន្ទាន់។ តាមផ្លូវ លោកក៏បានសួរលោកជុំ មួង
ពីដំណើរដែលលោករដ្ឋមន្ត្រីអោយមកនិមន្តនេះ។ លោកជុំ មួង
ក៏ទូលលោកតាមដំណើរ ដែលបានឃើញ តែពុំដឹងជារឿងអ្វី ។ លោកមានថេរដីកាថា
បើវាសួរពីរឿងយើង យើងឆ្លើយប្រកែកថា តែពុំបានដឹងទៅ!
រួចលោកមានថេរដីកាតមកទៀតថា លោកសឺង ង៉ុកថាញ់បានផ្តាំថា
បើបារាំងវាដឹងរឿងត្រូវអោយប្រញាប់រត់ចូលទៅអែមន្ទីរកងអាវុធហត្ថជប៉ុនជាប្រញាប់
ទើបរួចខ្លួន! យោបល់ទាំងពីរនាក់យល់ថា
ច្បាស់ជាបារាំងវាដឹងរឿងសំងាត់ហើយ ប៉ុន្តែពុំបានគិតដល់រឿងអ្វីទេ
នឹកថាប្រហែលជាវាគ្រាន់តែហៅសួរសិនតែប៉ុណ្ណោះទេយ៉ាងមើល? លុះលោកគ្រូអាចារ្យហែម ចៀវ ទៅ
ដល់ស្រាប់តែលោក ទា សាន ប្រើអោយបំរើទៅទិញខោ១ អាវ១ មកហើយ
បង្ខំលោកគ្រូអាចារ្យហែម ចៀវអោយផ្លាស់ស្បង់ចីពរពីខ្លួន
ហើយស្លៀកពាក់ខោអាវភ្លាមរួចបារាំងវានាំទៅតាមរថយន្តវាបាត់ទៅតែម្តង។
រកតែរត់ទៅប្រាប់អ្នកណា ក៏មិនទាន់។
គិតទៅពួកគេចាប់លោកផ្សឹកទាំងអិតជំនុំសោះ។
លោកជុំ មួង កាន់តែភ័យខ្លាំងថា
អញច្បាស់ជាបារាំងវាចាប់ខ្លួនទៀតជាពុំខាន។ លុះដល់ពេលចេញពីធ្វើការ
ក៏ទៅជំរាបលោក សឺង ង៉ុកថាញ់តាមដំណើរ។ លោកក៏ប្រាប់ថា
អោយប្រយ័ត្នខ្លួនអោយមែនទែន បារាំងប្រាកដជាចាប់យើងហើយ។
រឿងចាប់លោកគ្រូអាចារ្យហែម ចៀវ ក៏ផ្អើលឆោឡោឡើង
ក្នុងបណ្ដាពួកលោកសង្ឃជានិស្សិតនៃសាលាបាលីជាន់ខ្ពស់ និង វត្តនានា
ក្នុងក្រុងភ្នំពេញ ដែលច្រើនតែជាមិត្តភ័ក្តិ និងជាសិស្សរបស់លោក។
ក្នុងពេលជាមួយគ្នានោះ លោកនួន ឌួង
ក៏ត្រូវគិញបារាំងទៅចាប់អែផ្ទះដែរ។ នៅពេលដែលបារាំងចាប់ផ្សឹកលោក
គ្រូអាចារ្យហែម ចៀវ មានការឈឺចាប់អិតឧបមា
ធ្វើអោយទឹកនេត្រាលោកហូរដោយមិនដឹងខ្លួន។ លោកនឹកតូចចិត្ត នឹង
ខ្មែរគ្នាអែង ដែលធ្វើធំហើយ
មិនជួយឈឺឆ្អាលការពារកិត្តិយសព្រះសង្ឃខ្មែរ
បែរជាបណ្ដោយអោយជនបរទេសញាំញីតាមអំពើចិត្តរបស់គេ។
លោកគ្មាននឹកខ្លាចថា បារាំងធ្វើទារុណកម្មអ្វីទេ
តែលោកនឹកស្តាយគំរោងការណ៍ដែលនឹងជិតបានសំរេចផល
ផ្តល់ទៅអោយប្រជារាស្ត្រខ្មែរ ដែលរស់ក្នុងអន្លង់ទុក្ខ
ក្រោមក្រញាំបិសាចបារាំង និងស្តេចយង់ឃ្នងជាច្រើនឆ្នាំមកហើយ។
នៅក្នុងទីឃុំឃាំង លោកអាចារ្យហែម ចៀវ
អង្គុយសំលឹងតាមរន្ធតូចមួយមើលទៅមេឃា ដែលមានដុំពពករសាត់គ្រឿនៗ
ប្រៀបដូចជាដុំទុក្ខផុសចេញពីក្រអៅបេះដូង នៃ ប្រជាជនរួមជាតិ។
ព្រះអាចារ្យពោលតែម្នាក់អែងទាំងទឹកភ្នែកសស្រាក់៖
-អោ! ប្រទេសអញអើយ! តើកាលណាទៅ នឹង
បានអែករាជ្យសម្បូសប្បាយដូចសម័យមហានគរវិញ!
បើមន្ត្រីធំៗសុទ្ធសឹងលក់ក្បាលយ៉ាងដាច់ថ្លៃអោយបារាំងទៅហើយ។
- តើថ្ងៃណា ទើបខ្មែរយើងក្រោកពីដេក? ទើបខ្មែរស្គាល់ខ្លួនអែងជាមនុស្សដូចសាសន៍ដ៍ទៃ!
- អោ! ប្រិយមិត្ត! ដែលរួមថ្លើម ស៊ូប្តូរជីវិតអិតស្តាយស្រណោះ ដើម្បីស៊ូគ្រលាស់ខ្លួនអោយរួចពីនឹមអណានិគមបារាំងសែស! មិត្តមិនដឹងជាព្រួយយ៉ាងណាទេ! ព្រោះខ្លាចបែកការណ៍ (ផែនការសំងាត់) របស់យើង! មិត្តអើយ ទោះបីអាចោរអបលក្សណ៍ទាងនោះ យកអាវុធមកពុះទ្រូងរូងយកថ្លើមខ្ញុំក៏ដោយ ខ្ញុំមិនឆ្លើយប្រាប់នូវការណ៍ពិតទាំងនោះឡើយ! ខ្ញុំមិនសុខចិត្តអោយប្រទេសខ្ញុំស្លាប់ជាដាច់ខាត ហើយខ្ញុំមិនសុខចិត្តរស់ដោយឃើញប្រទេសខ្ញុំកញ្ជោះគេដែរ។ អោ! មិត្តរួមសាសនា! ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវិញ្ញាណក្ខន្ធនៃវីរបុរសខ្មែរ ដែលមានលោកក្រលាហោមគង់ជាដើម ជួយគាំពារអោយការតស៊ូ របស់យើងបានសំរេចជោគជ័យកុំបីខាន ដើម្បីអោយកូនចៅរបស់យើង ស្គាល់នូវសិទ្ធិសេរីភាពយុត្តិធម៌ សុភមង្គលដូចអារ្យប្រទេសនានា។ ទំនួញដ៏សោកសៅនេះ បានហើរចូលទៅក្នុងបេះដូងខ្មែរអ្នកស្នេហាជាតិ អោយរឹងរឹតតែក្លាហានឡើងជាទ្វេភាគ។
- តើថ្ងៃណា ទើបខ្មែរយើងក្រោកពីដេក? ទើបខ្មែរស្គាល់ខ្លួនអែងជាមនុស្សដូចសាសន៍ដ៍ទៃ!
- អោ! ប្រិយមិត្ត! ដែលរួមថ្លើម ស៊ូប្តូរជីវិតអិតស្តាយស្រណោះ ដើម្បីស៊ូគ្រលាស់ខ្លួនអោយរួចពីនឹមអណានិគមបារាំងសែស! មិត្តមិនដឹងជាព្រួយយ៉ាងណាទេ! ព្រោះខ្លាចបែកការណ៍ (ផែនការសំងាត់) របស់យើង! មិត្តអើយ ទោះបីអាចោរអបលក្សណ៍ទាងនោះ យកអាវុធមកពុះទ្រូងរូងយកថ្លើមខ្ញុំក៏ដោយ ខ្ញុំមិនឆ្លើយប្រាប់នូវការណ៍ពិតទាំងនោះឡើយ! ខ្ញុំមិនសុខចិត្តអោយប្រទេសខ្ញុំស្លាប់ជាដាច់ខាត ហើយខ្ញុំមិនសុខចិត្តរស់ដោយឃើញប្រទេសខ្ញុំកញ្ជោះគេដែរ។ អោ! មិត្តរួមសាសនា! ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវិញ្ញាណក្ខន្ធនៃវីរបុរសខ្មែរ ដែលមានលោកក្រលាហោមគង់ជាដើម ជួយគាំពារអោយការតស៊ូ របស់យើងបានសំរេចជោគជ័យកុំបីខាន ដើម្បីអោយកូនចៅរបស់យើង ស្គាល់នូវសិទ្ធិសេរីភាពយុត្តិធម៌ សុភមង្គលដូចអារ្យប្រទេសនានា។ ទំនួញដ៏សោកសៅនេះ បានហើរចូលទៅក្នុងបេះដូងខ្មែរអ្នកស្នេហាជាតិ អោយរឹងរឹតតែក្លាហានឡើងជាទ្វេភាគ។
សេចក្តីទុក្ខលំបាករបស់លោក
ដែលបារាំងបានធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ ដើម្បីសួរចំលើយនោះ
មានវិសាលភាពមិនអាចពណ៌នាបានឡើយ។ រីអែលោកនួន ឌួង
ធ្វើការនៅក្រុមជំនុំប្រែព្រះត្រៃបិដក ក៏ត្រូវទទួលអំពើយង់ឃ្នង
ដូចព្រះអាចារ្យហែម ចៀវដែរ តែ វីរបុរសទាំងពីររូបនេះ
បានរក្សាទុកកិត្ដិយសខ្មែរយើងរហូតមកដល់សព្វថ្ងៃ។
(1) មានចាស់ៗខ្លះបាននិយាយថា
អាចារ្យហែម ចៀវ ដែលត្រូវបារាំងចាប់នេះ
មកពីស្តេចសីហនុខ្សឹបអោយបារាំងចាប់ ទើបបានជាពួកវាដឹង។ ស្តេចសីហនុ
ខ្លាចក្រុមបដិវត្តន៍រំលាយរាជបល្លង្គចោល ទើបធ្វើដូច្នេះ។
៥ -មហាបាតុកម្មថ្ងៃ ទី២០ កក្គដា ១៩៤២
ដំណឹងបារាំងចាប់ផ្សឹកលោកគ្រូអាចារ្យហែម ចៀវ
បានធ្វើអោយសាមណសិស្សនៅសាលាបាលីជាន់ខ្ពស់ រំជើបរំជួលយ៉ាងខាំង
ហើយផ្សាយទៅគ្រប់វត្តអារាមនិងខេត្តក្រៅដើម្បីរួមប្រជុំគ្នា
ធ្វើបាតុកម្មតវ៉ាអោយបារាំងដោះលែងលោកគ្រូអាចារ្យហែមចៀវ និងលោកនួន
ឌួង ពីទីឃុំឃ្លាំងមកវិញ។ មហាបាតុកម្មនេះ បំរុងធ្វើនៅថ្ងៃទី១៨ កក្កដា
តែត្រូវអាក់ខានទៅវិញ ដោយនៅវត្តលង្កា
ជាប់រវល់ធ្វើបុណ្យចំរើនព្រះជន្មវស្សាព្រះធម្មលិខិត ល្វី អែម
ជាចាងហ្វាងសាលាបាលីជាន់ខ្ពស់ ក្នុងអោកាសដែលលោកឡើងសមណស័ក្តិ ទីជាព្រះធម្មលិខិត។
ពិធីបុណ្យនេះបានបង្ហើយនៅថ្ងៃទី១៩ កក្កដា។ ពេលនោះ លោកសឺង ង៉ុកថាញ់
បានភៀសខ្លួនទៅពួនអែការិយាល័យកងអាវុធហត្ថជប៉ុន
ដើម្បីគេចខ្លួនអោយផុតពីកណ្ដាប់ដៃបារាំងសែស
ក្នុងគោលបំណងដឹកនាំក្រុមបដិវត្តន៍ក្នុងការរំដោះជាតិអោយបានសំរេច។
ការទាក់ទងរវាងលោកសឺង ង៉ុកថាញ់ និង មេដឹកនាំខាងបាតុកម្ម
បានប្រព្រឹត្តទៅយ៉ាងសកម្ម ដោយមានលោក ប៊ុណ្ណ ចន្ទម៉ុល
ជាអ្នកនាំពាក្យទៅជំរាបលោកប៉ាច ឈឺន
ដែលជាបុរសម្នាក់មានចិត្តរឹងដូចថ្ម។ រាត្រីថ្ងៃទី១៩កក្កដា មេដឹកនាំពួកបាតុករបានរៀបចំក្បួនដោយក្រុមៗ
តាមកម្មវិធីរបស់ ខ្លួនជាស្រេច។
ថ្ងៃទី២០ កក្កដា ក៏ចូលមកដល់....ប្រជារាស្ត្រ និង ព្រះសង្ឃខ្មែរ
នៅទីក្រុងភ្នំពេញដៃកាន់ដងបដា
ដើរសំដៅទៅវិមានទេសាភិបាលបារាំងនៅខាងលិចវត្តភ្នំ
(ទីស្តីការរដ្ឋមន្ត្រីក្រសួងផែនការសព្វថ្ងៃ)
ប្រកបដោយទឹកមុខអង់អាចក្លាហាន និង ខឹងផង។ នៅខាងលើផ្ទាំងបដានោះ មានចារិកពាក្យស្លោកថា
«យើងខ្ញុំសូមអោយដោះលែងលោកគ្រូអាចារ្យហែម ចៀវ និង លោកនួន
ឌួងមកវិញ»។ ពួកបាតុករ
បានទៅដល់ការិយាល័យទេសាភិបាលបារាំងយ៉ាងកុះករ ដោយចំរុះដោយពណ៌លឿងផង
ធ្វើអោយទិដ្ឋភាពនេះគួរគយគន់អិតគណនា។ នៅមុខពួកបាតុកររាប់ម៉ឺននាក់
គេក្រលេកឃើញលោកប៉ាច ឈឺន ឈរយ៉ាងសង្ហា
គ្មានព្រឺរោមខ្លាចពួកបារាំងយង់ឃ្នងធ្វើបាបអ្វីឡើយ។ មុនដំបូងលោកប៉ាច
ឈឺនបានរ៉ាយរ៉ាប់ប្រាប់បារាំង ពីហេតុការណ៍ផ្សេងៗ និង
សុំជួបទេសាភិបាលបារាំង តែបារាំងអោយចូលពីរបីនាក់ប៉ុណ្ណោះ។
ក្រុមបាតុករមិនព្រមព្រោះខ្លាចពួកវាចាប់ទៀត។
ពេលនោះដោយមនុស្សច្រាលចុះច្រាលឡើង ធ្វើអោយលោកប៉ាច
ឈឺនជ្រុលខ្លួនចូលក្នុងរបងការិយាល័យរបស់បរទេស
ហើយបារាំងក៏បិទទ្វាររួចវានាំមេបាតុករតាមផ្លូវក្រោយបាត់ទៅ។
ឃើញបារាំងចាប់លោកប៉ាច ឈឺនដូច្នេះ ក្រុមបាតុករទ្រាំមិនបាន
ក៏បះគិលវាយគិញបារាំង យួនបែកក្បាលហូរឈាមឡើង។
ព្រះសង្ឃដេញចាក់បារាំងនឹងដងឆ័ត្រ
ព្រោះតែខឹងគេធ្វើបាបសាស្ត្រាចារ្យរបស់ខ្លួន។ ចំណែកគ្រហស្ថប្រើដុំថ្ម
ដំបង និងកូនតឹងជាអាវុធដែរ។
ការបះបោរវាយដូច្នេះ ធ្វើអោយខូចគំរោងការអស់រលីង
ដែលលោកសឺង ង៉ុកថាញ់បានទាក់ទងអោយជប៉ុនជួយធ្វើអន្តរាគមន៍
បើប្រសិនណាទេសាភិបាលបារាំងមិនដោះលែងវីរជនទាំងពីរទេ
(សូមអានគុកនយោបាយរបស់លោក ប៉ុណ្ណ ចន្ទម៉ុល) ពេលកំពុងវាយប្រលូកគ្នានោះ
ពួកបារាំងបានថតរូបបាតុករ ដើម្បីស្រួលដើរចាប់។ ព្រះភិក្ខុ ប៉ាង-ខាត់
និងព្រះអាចារ្យអ៊ុក ជា លោកប៉ុណ្ណ-ចន្ទម៉ុល លោកជុំ មួង ភិក្ខុធម្មបាល ខៀវ
ជុំ ៘ បានរត់គេចខ្លួនយ៉ាងរហ័ស។ ជនណាយឺតដំណើរ
ក៏ត្រូវពួកបារាំងចាប់ដាក់គុកអស់។
ព្រះតេជព្រះគុណ ប៉ាង-ខាត់ គេចខ្លួនរួច
ហើយបែរជានិមន្តទៅអោយបារាំងចាប់ដោយចិត្តក្លាហានជាទីបំផុត។ លោក
ប៉ុណ្ណ-ចន្ទម៉ុល ក៏ត្រូវបារាំងចាប់ដែរ។ រីអែព្រះអាចារ្យអ៊ុក ជា
និងភិក្ខុធម្មបាលខៀវ ជុំ បាននិមន្តភៀសខ្លួនទៅកាន់ប្រទេសសៀមទាំងទឹកភ្នែក។
(ព្រះអាចារ្យអ៊ុក-ជា គង់នៅស្រុកសៀមរហូតមកដល់សព្វថ្ងៃ)។ ចំណែកលោកជុំ
មួង ក៏បានគេចខ្លួនទៅបាត់ដំបងដែរ។ ខ្មែរអ្នកស្នេហាជាតិទាំងព្រះសង្ឃ
ទាំងគ្រហស្ថ ដែលចាប់បានគេដាក់ក្នុងទីឃុំឃាំង
រួចបញ្ជូនទៅគុកធំភ្នំពេញទុកកាត់ទោស។
ចំណែកស្តេចសីហនុ គ្មានគិតបញ្ហាប្រទេសជាតិទេ
គឺគិតតែសប្បាយ នឹងស្រីញី រាំរែក ពេញចន្ទឆាយា
ពុំជួយឈឺឆ្អាលពួកបាតុករសោះ បែជាចូលដៃនឹងបារាំង ជេរព្រះសង្ឃថា «អាត្រងោលបួសបំផ្លាញបាយ» ទៅវិញ
ហើយថែមទាំងហាមមិនអោយសិស្សសាលាបាលីជាន់ខ្ពស់ប្រើឆ័ត្រដងដែកទៀតផង។
(លោកតាម្នាក់មានប្រសាសន៍ថា
ស្តេចសុរាម្រិតបានដឹកប្រាក់សុទ្ធនិងមាសទៅសូកបារាំងច្រើនណាស់
ដើម្បីអោយកូនខ្លួនបានសោយរាជ្យ។ បារាំងក៏យល់ព្រមហើយដាក់ខសន្យា
កុំអោយសីហនុភ្លេចបារាំង។ ដូច្នេះហើយបានជាស្តេចសីហនុនឹកគុណបារាំងមិនភ្លេច។
បាតុកម្មនេះពុំបានសំរេចដូចគោលបំណងទេ
គឺហាក់ដូចជាគ្រាន់តែធ្វើអោយជាការសាកល្បង
អោយខ្មែរទូទៅដឹងខ្លួនប៉ុណ្ណោះ។ ក្រោយមកអ្នកទោសនយោបាយ
ក៏ត្រូវបារាំងបញ្ជូនទៅព្រៃនគរតាមកប៉ាល់ដើម្បីកាត់ទោស។
៦ -ការកាត់ទោសប្រហារជីវិត
នាវាស្រែកលាកំពង់ផែភ្នំពេញបីវូម
ក៏ទំលាក់កន្ទុយហើយធ្វើដំណើរគ្រឿនៗទៅ។ នៅលើនាវា លោកគ្រូអាចារ្យហែម
ចៀវ, លោកប៉ាច ឈឺន, លោក នួន ឌួង,
និងអ្នកទោសអែទៀតជើងជាប់ច្រវាក់
សំលឹងមើលកំពូលវត្តឧណ្ណាលោម សំដែងនូវសេចក្តីអាលោះអាល័យមាតុភូមិ
មិនចង់ឃ្លាតឆ្ងាយទេ
លោកស្តាយខានបានរស់នៅជាមួយជនរួមឈាមជាទីស្នេហា!
ស្តាយខានឃើញមុខឧបាសកឧបាសិកា ដែលតែងពិគ្រោះគ្នាអំពីបញ្ហាជាតិសាសនា។
លោកអាចារ្យកំសត់លើកដៃទាំងពីរប្រណមហើយពោលខ្សឹបៗ ៖
- ខ្ញុំម្ចាស់សូមថ្វាយព្រះបង្គំលាហើយ
មិនដឹងថ្ងៃណាបានជួបវិញទេ! សូមព្រះបារមីជួយថែរក្សាទូលព្រះបង្គំផង
ទូលបង្គំចង់រស់តទៅទៀតដើម្បីស្រោចស្រង់ប្រទេស
ដែលលិចលង់ច្រើនឆ្នាំមកហើយណាស់។ ឱកន្លែងដ៏មនោរម្យ! ដែលធ្លាប់ផ្តល់នូវវិជ្ជា
និង សេចក្ដីសុខគ្រប់បែបយ៉ាង! ខ្ញុំមិនភ្លេចអ្នកទេ!
ទោះបីអាចោរព្រៃសំលាប់ខ្ញុំ
ក៏វិញ្ញាណក្ខន្ធខ្ញុំហើរមកនៅទីនេះវិញដែរ។ សូមអ្នកអភ័យទោសដល់ខ្ញុំ
ដែលមិនបានចូលលាដល់កន្លែង ព្រោះខ្ញុំជាមនុស្សមានទោស មិនអាចមានសេរីភាពធ្វើអ្វីកើតតាមចិត្តចង់!
តែខ្ញុំមិនតូចចិត្តឡើយ នូវទោសកំហុសដែលបារាំងវាចោទ
ដោយសារខ្ញុំស្រលាញ់ជាតិ សាសនា ខ្ញុំស្លាប់ក៏ស្លាប់ចុះ អោយតែជាតិ!
សាសនារស់។
កប៉ាល់បើកមកដល់មុខវាំង ញ៉ាំងចិន្តាលោកគ្រូអាចារ្យហែម ចៀវ
និងមិត្តភក្តិអែទៀតអោយក្តៅឆេះឆួល ហួសប្រមាណ
លោកស្អប់ខ្ពើមពួកស្តេចដែលកាចឃោរឃៅ
សំលាប់មនុស្សគ្មានពិចារណារកយុត្តិធម៌ គ្មានគិតប្រជារាស្ត្រក្រីក្រ
ល្ហេមល្ហាមដែលពួកបរទេសសង្កត់សង្កិន មានចិន យួន បារាំងជាដើម។
មើលចុះវាំងប្រាសាទរបស់គេមានរស្មីភឺរន្ទាល អស់លុយជាតិរាប់រយលាន!
ចំណែកលំនៅប្រជារាស្ត្រ រកតែស្លឹកបាំងមិនជិតទឹកភ្លៀង និង កំដៅផង!
គេទុកខ្លួនគេជាអ្នកគ្រប់គ្រងប្រជារាស្ត្រ។ តែតាមពិតពួកគេជាសត្រូវ
នៃប្រជារាស្ត្រទើបត្រឹមត្រូវ ទើបសមនឹងសកម្មភាពដែលគេបានប្រព្រឹត្ត។
ការឈឺចិត្តការភ្ញាក់រលឹករបស់លោកអាចារ្យហែម ចៀវ
មានតាំងពីលោកនៅជាសិស្សសាលាបាលីជាន់ខ្ពស់ម៉្លេះ។
លោកជាមេបដិវត្តន៍ដ៏ឧត្តមម្នាក់ដែលយើងកំរនឹងបានជួប។
បន្តិចក្រោយមក នាវាចំបាំងដឹកអ្នកទោសនេះ ក៏មកដល់មុខសាលាបាលីជាន់ខ្ពស់
ដែលជាទីបន្ដុះវិជ្ជារបស់លោក។ លោកសំលឹងកំពូលសាលាដោយចុកណែនអោរា
ហើយបង្កើតសំលេងតាមខ្យល់ទៅសិស្សកំសត់៖
- អោសិស្សជាទីស្នេហាអើយ! តើអ្នកបានគ្រូណាបង្រៀនអ្នកទៀត! បើខ្ញុំត្រូវបរទេសគេដឹកទៅប្រហារជីវិតដូច្នេះ! ខ្ញុំមិនចង់ឃ្លាតអ្នកទេ! អ្នកជាសិស្សប្រកបដោយធម៌ ចេះស្រលាញ់វិជ្ជាដូចចិត្តគ្រូប៉ងប្រាថ្នា! ថ្ងៃនេះខ្ញុំឃ្លាតពីអ្នកហើយ! ចូរ អ្នកខំសិក្សាជាមួយគ្រូថ្មី អោយមែនទែន បើអ្នកពិតជាស្រលាញ់ខ្មែរមែន! ចូរអ្នកខំរក្សាកិត្តិយស សាសនា យើងកុំអោយសាបសូន្យណា៎! ខ្ញុំគ្មានអីផ្ញើមកអ្នកក្រៅពីបណ្ដាំមួយម៉ាត់នេះទេ គឺបើអ្នកស្រលាញ់ខ្ញុំ ទុកខ្ញុំជាគ្រូត្រូវខំរៀន ហើយរំដោះប្រទេសអោយបានអែករាជ្យឡើង។
- អោសិស្សជាទីស្នេហាអើយ! តើអ្នកបានគ្រូណាបង្រៀនអ្នកទៀត! បើខ្ញុំត្រូវបរទេសគេដឹកទៅប្រហារជីវិតដូច្នេះ! ខ្ញុំមិនចង់ឃ្លាតអ្នកទេ! អ្នកជាសិស្សប្រកបដោយធម៌ ចេះស្រលាញ់វិជ្ជាដូចចិត្តគ្រូប៉ងប្រាថ្នា! ថ្ងៃនេះខ្ញុំឃ្លាតពីអ្នកហើយ! ចូរ អ្នកខំសិក្សាជាមួយគ្រូថ្មី អោយមែនទែន បើអ្នកពិតជាស្រលាញ់ខ្មែរមែន! ចូរអ្នកខំរក្សាកិត្តិយស សាសនា យើងកុំអោយសាបសូន្យណា៎! ខ្ញុំគ្មានអីផ្ញើមកអ្នកក្រៅពីបណ្ដាំមួយម៉ាត់នេះទេ គឺបើអ្នកស្រលាញ់ខ្ញុំ ទុកខ្ញុំជាគ្រូត្រូវខំរៀន ហើយរំដោះប្រទេសអោយបានអែករាជ្យឡើង។
ជយោសាលាបាលី! ខ្ញុំលាហើយ លាទាំងមិនបានឃើញមុខអ្នករាល់គ្នា
លាហើយកន្លែងធ្លាប់រៀន ធ្លាប់ជំនុំគ្នា! លាហើយ
មាតុភូមិជាទីស្នេហាស្មើដោយជីវិត! លាហើយញោមញាតិ
ដែលធាប់ស្រលាញ់រាប់អានគ្នាអិតមានហ្មង...
លាហើយទីក្រុងកំសត់ដែលត្រូវគេសង្កត់សង្កិន!
លាហើយប្រិយមិត្រដែលគិតប្រយោជន៍ជាតិ!
ខ្ញុំលាទាំងអាល័យនិងឈឺចិត្តជាទីបំផុត!។ ចំណែកលោកនួន ឌួង និងលោកប៉ាច
ឈឺន ក៏មានដុំទុក្ខដូចជាលោកគ្រូហែម ចៀវដែរ។ លោកប៉ាច ឈឺនក្តី លោកនួន
ឌួងក្តី លោកគ្រូអាចារ្យហែមចៀវក្តី និងអ្នកអែទៀតក្តី
គ្មានស្តាយស្រណោះជីវិតទេ តែសាកស្តាយខានបានបន្តសកម្មភាពដើម្បីរំដោះជាតិអោយរួចពីនឹមដែកអណានិគមនិយមបារាំងអោយរួចសិន។
ការគិតវែងឆ្ងាយ នូវបញ្ហាជាតិទាំងនេះហើយ ដែល
ធ្វើអោយជលនេត្រវីរបុរសខ្មែរយើងហូរដោយមិនដឹងខ្លួន។
លោកទាំងនេះពុំបានសន្ទនាគ្នានៅតាមសំលេងទេ គឺគ្រាន់តែ
សន្ទនាតាមខ្សែភ្នែកប៉ុណ្ណោះ។
ដំណើរនាវាទៅមុខជានិច្ជ
អិតគិតដល់មនុស្សដែលមានទុក្ខទោសហួសព្រំដែនសោះឡើយ។
ទេសភាពដងទន្លេពីភ្នំពេញ ទៅព្រៃនគរមានសភាពក្រៀមក្រំ សំងំស្ងៀមឈឹង
ហាក់ដូចជាឈរគោរពវីរបុរសដែលបារាំងដឹកទៅកាត់ទោសនាក្រុងព្រៃនគរក្នុងពេលខាងមុខនេះ។
សភាពស្ងប់ស្ងាត់នេះ រឹងរឹតតែទាញព្រលឹងវីរជនយើងអោយរំភើបអិតអុបមា។
នៅពេលដែលនាវាបើកហួសព្រំប្រទល់ដែនខ្មែរ លោកនួន-ដួង
បានបន្លឺសំលេងទៅកាន់លោកអាចារ្យហែម ចៀវដោយញ័រៗ៖
- ព្រះតេជព្រះគុណ យើងឃ្លាតពីមាតុភូមិយើងហើយ!
- អើលោក! នេះជាការធម្មតារបស់យើងទេ...
សូមកុំទោមនស្សអី!
- ពិតមែនហើយ!
តែព្រលឹងខ្ញុំវាមិនព្រមដាច់អាល័យពីខ្មែរយើងសោះ!
- អើ! ខ្លួនខ្ញុំក៏យ៉ាងនោះដែរ!
ខ្ញុំមិនអាចបំភ្លេចជាតិយើងបានទេ ទោះបីបារាំងសំលាប់ចោលក៏ដោយ ខ្ញុំមិនគិតដែរ
គឺខ្លាចតែប្រទេសយើងពុំបានសេរីភាពប៉ុណ្ណោះ។
លោក នួន ឌួង ឆ្លើយ
- មិនអីទេ
ខ្មែរយើងភ្ញាក់រលឹកខ្លះហើយព្រះតេជព្រះគុណ!
កំពុងសន្ទនាគ្នាជាប់មាត់ ស្រាប់តែស័ក្តិ២បារាំងដើរមកជិតហើយស្រែក
- ឈប់ជជែកគ្នាទៅ! រៀបចំខ្លួនឡើងដល់ផែអីលូវហើយ!
អ្នកទោសទាំងអស់ក៏ធ្វើតាមបារាំងនោះ។
ដល់ព្រៃនគរ
រថយន្តទ្រុងមួយបានមកដឹកអ្នកទោសយកទៅដាក់ក្នុងគុកធំ។
អំពើយង់ឃ្នងនៅគុកព្រៃនគរ ក៏ដូចជានៅគុកធំភ្នំពេញដែរ។
ពួកអ្នកចូលថ្មី តែងទទួលថ្នាំខាំងពីអ្នកទោសដៃឆើតស្ទើរគ្រប់គ្នា។
អំពើប្រាសចាកមនុស្សធម៌នេះ កើតដោយសារពួកបារាំងវាបង្កើតឡើង
កុំអោយអ្នកទោសត្រូវ នឹងអ្នកទោស គឺជានយោបាយបំបែកបំបាក់
ដើម្បីស្រួលត្រួតត្រាទៅទៀត។ ខ្មែរអ្នកទោសខ្លះដោយបារាំងកាន់ជើង
ខ្លួនក៏ឡើងដៃវាយធ្វើបាបជាតិអែងគ្មានគិតមុខគិតក្រោយអ្វីសោះ។
ពេលចូលទៅដល់ លោក នួន ឌួង
បានត្រូវមេតំរួតគុកព្រៃនគរវាយធ្លាក់រហូតសន្លប់បាត់ស្មារតី
លែងដឹងខ្លួននៅចំពោះអ្នកទោ សជាច្រើនព្រោះតែលោកឆ្លើយថា «ក្បត់បារាំង» អំពើនេះធ្វើអោយកល្យាណមិត្តលោកអាណិតស្ទើរភ្លេចស្មារតី។
អាចារ្យ ហែម ចៀវ ឃើញមិត្តខ្លួនទទួលទណ្ឌកម្មដ៏សាហាវដូច្នេះ
លោកបារម្ភក្នុងចិត្តខ្លះដែរ
ដោយខ្លាចទទួលរង្វាន់អប្រិយពីជនទុយ៌សដូចលោកនួន ឌួង។
តែខណនោះលោកនឹកឃើញ «នេះជាការធម្មតារបស់អ្នកទោសទេ!
នេះហើយជាស្ថាននរកលោកិយ! អញមិនត្រូវរុញរាឡើយ...» បន្ទាប់ពីពួកយួនវាធ្វើបាបលោកអារ្យ នួន ឌួង អស់ចិត្តហើយ
ជនអប្រិយនោះក៏មកហៅ អាចារ្យ ហែម ចៀវ ទៅសួរម្តង។
លោកអាចារ្យក៏ចូលទៅជិតតាមទំលាប់គេនិយមអនុវត្តនោះ
ដោយមិនហ៊ានងើបមើលមុខគេផង។ មេត្រួតត្រាក៏បោះសំដីទាំងកំរោលទៅកាន់អាចារ្យហែម
ចៀវថា៖
- ចុះអាកញ្ជ្រមឯងនេះមានរឿងអីដែរបានជាជាប់គុក?
លោកអាចារ្យក៏ឆ្លើ យទៅវាវិញ
- ខ្ញុំបាទនេះជាលោកសង្ឃទេ
ម្នាក់អំបាញ់មិញក៏ជាអាចារ្យ មានរឿងជាមួយខ្ញុំបាទដែរប្របាទ
ព្រះតេជព្រះគុណម្ជាស់! ខ្ញុំបាទត្រូវបារាំងចាប់ជាមួយគ្នា
ដោយសងង្ស័យថាខ្ញុំក្បត់បារាំង តែតាមពិតបារាំងគេនិមន្តខ្ញុំ
អោយដើរទេសនាពន្យល់អ្នកស្រុកទាហានកុំអោយទាស់គ្នា។
លុះឃើញពួកទាំងនោះចូលចិត្តខ្ញុំបាទច្រើន
បារាំងភ័យខ្លាចខ្ញុំបំបះបំបោរ គេក៏ចាប់ខ្ញុំបាទមក!
- អើមិនអីទេអាអែងរួចខ្លួន! ទៅកន្លែងវិញចុះ!
ចាប់តាំងពីចូលមកនៅក្នុងគុកព្រៃនគរ លោកអាចារ្យ ហែម ចៀវ
មិនដែលប្រើអាកប្បកិរិយាច្រលើសបើសទ្បើយ
លោកតែងនិយាយណែនាំអប់រំអ្នកទោសខ្មែរអោយស្រលាញ់អ្នកទោសខ្មែរ
កុំអោយភ្លេចជាតិខ្លួន។ មិនត្រឹមតែខ្មែរយើងទេ ដែលស្រឡាញ់លោកអាចារ្យ
សូម្បីតែពួកជាប់ពន្ធធនាគារជាមួយក៏ស្រលាញ់គោរពដល់លោកជារឿយៗដែរ។
កិរិយាសុភាពរាបសា
សំដីពីរោះចិត្តល្អមិនចេះឈ្នានិះជនណាមួយដូចលោកអាចារ្យហែម ចៀវ
តែងបានទទួលនូវសេចក្តីអាណិតអាសូរពីអ្នកផងជានិច្ច។
គេបានដាក់លោកទាំងពីរនៅលើអាគារជាន់ទី៤ បន្ទប់លេខ៣។
គុកនៅព្រៃនគរមានសភាពស្អាតស្អំធំទូលាយជាងគុកនៅភ្នំពេញច្រើន
ហើយសំលៀកបំពាក់សោតក៏លើភ្នំពេញដែរ។ តើបញ្ហានេះមកពីអ្វី
បើយើងទាំងពីរកញ្ជះបារាំងដូចគ្នា?។
ការជំនុំអ្នកទោសខ្មែរយើងពីរបីដងទៅហើយ
នៅតែមិនទាន់សំរេចថាយ៉ាងណាសោះ។ ឃើញតែព្រះអាចារ្យប៉ាងខាត់
មួយត្រូវរួចវិលមកភ្នំពេញវិញ។
ចំណែកអស់លោកអែទៀតកំពុងនិន្ទ្រាគងថ្ងាសជញ្ជឹងគិតថា តើវាសនាអញ
នឹងធ្លាក់ដល់ណា! តែស្អីក៏ស្អីទៅចុះ ព្រោះជីវិតអញៗ
បានបូជាជូនជាតិស្រេចទៅហើយ ការប្តេជ្ញាចិត្តបែបនេះហើយ
ដែលធ្វើអោយវីរបុរសទាំងនោះគ្មានតក់ស្លុតអ្វីសោះ។
រហូតមកដល់មានអស់លោកខ្លះ ស្រែកជេរអោយស័ក្តិប្រាំបារាំងថា «ពួកអារ៉ែងចង់ធ្វើអីអញក៏ធ្វើទៅចុះ! អាចោរលួចប្រទេសអញ!
អញខ្ពើមរស់ក្រោមការជិះជាន់របស់អាអែងណាស់អាហន្ទយុំ! អាកំសាក!
សំលាប់អញទៅ។
ថ្ងៃកាត់ទោសក៏មកដល់! ក្រោយពីជំនុំជំរះសំរេចសេចក្តីមក
លោកស័ក្តិប្រាំចាងហ្វាងតុលាការសឹកបានកាន់សំនុំរឿង
ចេញមកឈរនៅចំពោះមុខអ្នកទោសខ្មែរយ៉ាងក្លាហាន
ដោយមានខ្មែរយើងម្នាក់ជាអ្នកបកប្រែភាសាអមផង។
ជាបឋមគេហៅឈ្មោះលោកប៉ាច ឈឺន។ លោកប៉ាច ឈឺន ក្រោកឈរយ៉ាងសង្ហាររួចឆ្លើយ៖
- បាទ!
- អ្នកអែងត្រូវមានទោសប្រហារជីវិតបង់!
លោកហែម ចៀវ ក៏មានទោសប្រហារជីវិតដែរ!
លោក នួន ឌួង ក៏មានទោសប្រហារជីវិតដែរ!
ចំនែកលោកប៉ុណ្ណចន្ទម៉ុល មានទោសគុក៥ឆ្នាំ
និងនិរទេសមិនអោយចូលស្រុក១៥ឆ្នាំទៀត ៘
ក្នុងចំនោមអ្នកទោសទាំងនេះមានតែលោកប៉ុណ្ណ-ចន្ទម៉ុលម្នាក់ទេដែលភ័យខ្លះ
ព្រោះលោកមានវ័យក្មេងជាងគេ។ ចំនែកលោកប៉ាច ឈឺន, អាចារ្យហែម ចៀវ, អាចារ្យនួន
ឌួង, នៅមានស្មារតីរឹងប៉ឹងដដែល។
លោកទាំងបីប្រាណញញឹមដោយការឈឺចាប់អិតអុបមា
ចំពោះការកាត់ទោសដ៏លាមកនេះ។ បន្ទាប់មកលោកស័ក្តិប្រាំនោះ
ក៏ពោលមកកាន់អ្នកទោសប្រហារជីវិតបង់ថា៖
យើងនឹងបញ្ជូនសំនុំរឿងអ្នកអែង ទៅសុំសំរាលទោសពីលោកឧត្តមសេនិយ
ប៉េតាំងប្រមុខរដ្ឋាភិបាលបារាំង
ដើម្បីអោយលោកអនុគ្រោះទោសខ្លះដល់អ្នករាល់គ្នា។
សំលេងរបស់លោកស័ក្តិប្រាំចប់ដោយស្ងៀមស្ងាត់
គ្មានអ្នកទោសខ្មែរណាម្នាក់ថ្លែងនូវអំណរគុណសោះឡើយ។
លោកស័ក្តិប្រាំកំណាចនោះក៏បញ្ជាអោយភ្នាក់ងារគុក
នាំអ្នកទោសវិលមកកាន់ទីឃុំឃាំងវិញ។ រវាង២ខែក្រោយ លោកអាចារ្យហែម ចៀវ
មានចិត្តអាណិតអាសូរលោកប៉ុណ្ណ-ចន្ទម៉ុលនិងមិត្តអែទៀតណាស់ដោយត្រូវគេបញ្ជូនទៅអោយនៅគុកអែកោះត្រលាច។
អែលោកទាំងបីមិនទាន់បញ្ជូនទៅភ្លាមៗទេ ព្រោះរង់ចាំសេចក្តីសំរេចចិត្តពីឧត្តមសេនិយ
ប៉េតាំង សិន។
ដរាបណាខ្មែរលែងមានគំនិតក្តិចខ្មែរ
ដរាបនោះជាតិយើងនឹងបានរុងរឿងមិនខាន។
៦-មរណភាពក្នុគុកកោះត្រឡាច
ការរស់នៅក្នុងពន្ធនាគារមួយឆ្នាំ ប្រៀបដូចយើងរស់នៅខាងក្រៅមួយសតវត្ស។ លោកអាចារ្យហែម ចៀវ ចាប់តាំងពីបារាំងផ្សឹកមក លោកមិនដែលទទួលទានអាហារល្ងាចទេ។ វីរជននេះមិនត្រឹមតែមិនពិសារអាហារល្ងាចប៉ុណ្ណោះទេ គឺលោករក្សាសិលប្រាំបីជាប់ជានិច្ជផង។ ទឹកភ្នែករបស់លោកអាចារ្យ តែងធ្លាក់ស្ទើររាល់ទិវារាត្រី ដោយឃើញមនុស្សទោសទាំងនោះ ត្រូវគេធ្វើបាបជាងសត្វតិរច្ឆានទៅទៀត។ ពេលនោះហើយដែលព្រះអាចារ្យយកគុកជាសាលារៀន ស្តីពីសង្គមសាស្ត្រ។ មហាបុរសនេះនឹកគិតថា «ក្នុងលោកសន្និវាសយើងនេះ គ្មានសត្វណាអាក្រក់ជាងមនុស្សយើងទេ! មួយថ្ងៃៗ ឃើញតែកាប់ចាក់ ទាត់ ធ្លាក់ ដាក់ខ្នោះ វាយដំ ប្រហារជីវិតគ្នាដោយអិតត្រាប្រណីអ្វីឡើយ។ មើលចុះ! អ្នកធំធ្វើបាបអ្នកតូច! ស្តេចហុតឈាមរាស្ត្រ សំលាប់រាស្ត្រតាមទំនើងចិត្តរបស់គេ។
ការរស់នៅក្នុងពន្ធនាគារមួយឆ្នាំ ប្រៀបដូចយើងរស់នៅខាងក្រៅមួយសតវត្ស។ លោកអាចារ្យហែម ចៀវ ចាប់តាំងពីបារាំងផ្សឹកមក លោកមិនដែលទទួលទានអាហារល្ងាចទេ។ វីរជននេះមិនត្រឹមតែមិនពិសារអាហារល្ងាចប៉ុណ្ណោះទេ គឺលោករក្សាសិលប្រាំបីជាប់ជានិច្ជផង។ ទឹកភ្នែករបស់លោកអាចារ្យ តែងធ្លាក់ស្ទើររាល់ទិវារាត្រី ដោយឃើញមនុស្សទោសទាំងនោះ ត្រូវគេធ្វើបាបជាងសត្វតិរច្ឆានទៅទៀត។ ពេលនោះហើយដែលព្រះអាចារ្យយកគុកជាសាលារៀន ស្តីពីសង្គមសាស្ត្រ។ មហាបុរសនេះនឹកគិតថា «ក្នុងលោកសន្និវាសយើងនេះ គ្មានសត្វណាអាក្រក់ជាងមនុស្សយើងទេ! មួយថ្ងៃៗ ឃើញតែកាប់ចាក់ ទាត់ ធ្លាក់ ដាក់ខ្នោះ វាយដំ ប្រហារជីវិតគ្នាដោយអិតត្រាប្រណីអ្វីឡើយ។ មើលចុះ! អ្នកធំធ្វើបាបអ្នកតូច! ស្តេចហុតឈាមរាស្ត្រ សំលាប់រាស្ត្រតាមទំនើងចិត្តរបស់គេ។
ប្រទេសតូចតាចត្រូវមហាអំណាចប្លន់ត្រួតត្រា! អ្នកស្រែចំការធ្វើការពីព្រលឹមទល់ព្រលប់
គ្មានបានរបស់អ្វីឆ្ងាញ់ក្រៅពីបាយ និងប្រហុកមួយខ្នប់ឡើយ។
អែស្តេចមន្ត្រីធំៗ នាយទុន ដេកស្រណុក ស៊ីសុទ្ធតែម្ហូបឆ្ងាញ់ៗ!
មានតែស្ថានសួគ៌របស់មនុស្ស? គ្មានទេព្រះអើយ!
មានតែស្ថាននរកអព្វមង្គលតែមួយប៉ុណ្ណោះ!
ការពិតសង្គមនុស្សចំរើនតែអំពើអយុត្តិធម៌ អមនុស្សធម៌
ហុតឈាមគ្នាអិតឈប់ឈរសោះ តាំងពីផែនដីនេះកើតឡើង!
អោបងប្អូនរួមជាតិអើយ! ចូរភ្ញាក់ស្មារតីឡើង ទើបយើងកំចាត់ពួកបារាំង
រឺពួកអភិជនអោយវិនាសសាបសូន្យបាន! រាស្ត្រនេះហើយ
ដែលដឹងទុក្ខធុររាស្ត្រពិតប្រាកដ កុំចេះតែជឿសំដីបោកប្រាស់របស់គេនោះ
មិនសមជាពុទ្ធបរិស័ទឡើយ ព្រះអង្គយកខ្លួនយើងជារំពឹង យកអ្នកដទៃជាពឹង
មិនមែនជាវិធីទៅកាន់សេចក្តីសុខទេ...
យើងនឹងនាំខ្លួនយើងអោយធ្លាក់ចុះក្នុងទាសភាពគេមិនខាន។
ក្នុងវាលវដ្តសង្សារដ៏ធំធេងនេះ
គ្មានអ្វីប្រសើរជាងការធ្វើខ្លួនយើងម្នាក់ៗ
អោយមានសេរីភាពសម្បូសប្បាយនោះឡើ យ ចំណែកខ្លួនខ្ញុំ
ៗរើបំរះមិនរួចទេតាមផ្លូវកាយ
តែតាមផ្លូវចិត្តវិញខ្ញុំឈ្នះជនកំណាចឈ្លានពាននេះ ហើយសូមបងប្អូនបន្តកិច្ចការនេះកុំបីរុញរាអោយសោះ
ទើបយើងបានសុខ បើយើងខ្លាច រឺ មិនស្រុះស្រួលគ្នា
ការប្រយុទ្ធរបស់យើងមុខជាមិនឈ្នះយ៉ាងដាច់ខាត។ ជីវិតយើងរស់គ្មានសេរី
តើយើងរស់ថោកទាបដូចសត្វតិរច្ឆាន? «ខំទៅនឿយមុនស្រណុកក្រោយ!»។
លោកគិតមិនចេះចប់មិនចេះហើយ
ចំពោះសេចក្ដីទុក្ខរបស់ប្រជារាស្ត្រស្លូតត្រង់។
រំលងជាច្រើនខែមក ទើបឃើញលិខិតរបស់លោកប៉េតាំង
ប្រមុខរដ្ឋាភិបាលបារាំងផ្ញើមកចាងហ្វាងតុលាការ
អនុញ្ញាតអោយលោកទាំងបីនាក់ នៅត្រឹមជាប់គុកអស់មួយជីវិត
ហើយធ្វើការជាទំងន់ផង។ ថ្វីបើការសំរេចទោសយ៉ាងនេះក៏ដោយ
លោកទាំងបីពុំសប្បាយចិត្តនឹងអំពើនេះទេ។
លោកមិនចង់រស់ទទួលគ្រោះថ្នាក់បែបនេះតទៅទៀតឡើយ...
លោកចង់សំលាប់ខ្លួនអោយហើយតែម្តងទៅ! តែលោកចង់ឃើញវាសនាប្រទេសនឹងទៅបែបណា!៖
ខែមិថុនា១៩៤៣ លោកប៉ាច ឈឺន លោកនួន ឌួង
និងព្រះអាចារ្យហែម-ចៀវ ត្រូវបារាំងបញ្ជូនពីគុកធំព្រៃនគរទៅគុកធំ
អែកោះត្រលាច។ គេដាក់លោកទាំង៣ នៅគុកលេខ៤
ដែលជាកន្លែងទោសឧក្រិដ្ឋអស់មួយជីវិត។ ទីនេះហាមមិនអោយ
អ្នកក្រៅចូលសួរសុខទុក្ខទេ។ អ្នកទោសត្រូវធ្វើការគ្រប់បែបយ៉ាង
ដែលបារាំងវាតំរូវអោយធ្វើ។ កោះត្រលាច មានវិសាលភាពដ៏ធំធេង
ស្ថិតក្នុងកណ្ដាលសមុទ្រ។ មានផ្ទះរាប់ពាន់ខ្នង សង់តាមមាត់សមុទ្រ
ព្រៃព្រឹក្សាគ្របលើភ្នំគួរអោយសង្វេគ។ ដីមានជីរជាតិល្អណាស់។
គេអោយអ្នកទោសដាំដំណាំគ្រប់មុខ។ ជនដែលមានចិត្តស្រាល
តែងយំនឹកស្រុកកំណើតស្ទើររាល់ថ្ងៃ។
អ្នកទោសត្រូវបង្ខំអោយធ្វើការជាងសត្វពាហនៈ
មានជនខ្លះរស់នៅលើកោះត្រលាចបានតែពីរបីថ្ងៃក៏ឈឺស្លាប់ទៅ ។
នៅរដូវរងារម្តងៗ អ្នកទោសមានសេចក្តីទុក្ខវេទនាសំបើមណាស់
ដោយខ្លួនគ្មានអ្វីការពារអោយបាត់ត្រជាក់បានទេ។ ព្រះអាចារ្យ ហែម ចៀវ
និងលោក នួន ឌួង ដែលមិនសូវមានសុខភាពស្រាប់ផងក៏មានជំងឺជាញឹកញយ។
លោកនៅក្នុងតំបន់ដិយុកបានប្រហែល៦ខែ ស្រាប់តែមានជំងឺមួលមករុករានកាយជាទំងន់។
ជំងឺកាន់តែដាបណាស់ទៅហើយលោកអាចារ្យ ហែម ចៀវ ក៏បន្លឺវាចាទៅកាន់អាចារ្យ
នួន ឌួង ជាកូនសិស្ស៖
- អាចារ្យ ឌួង ?
- មានការអីព្រះតេជព្រះគុណ!?..
- អាការរោគខ្ញុំប្រហែលមិនជាទេអាចារ្យអើយ
ខ្ញុំស្តាយណាស់ ស្តាយដោយមិនបានវិលទៅជួបមុខប្រជារាស្ត្រយើងវិញ!
ខ្ញុំមុខជាចោលឆ្អឹងនៅកោះត្រលាចនេះជាមិនខាន
សូមអាចារ្យអែងតាំងស្មារតីអោយមែនទែន បើខ្ញុំស្លាប់ទៅ!
កុំតក់ស្លុតអោយសោះ ធ្វើម៉េចសង្ខារមនុស្ស រមែងស្លាប់ទៅជាធម្មតា។
-ព្រះតេជព្រះគុណ! សូមកុំទាន់អស់សង្ឃឹមពេក
មុខតែនឹងជាវិញទេ!.. គ្រូពេទ្យគេកំពុងព្យាបាលយើងរាល់ថ្ងៃ!
- គេព្យាបាលយើងមែន តែគេធ្វើសោះ នឹងខាន
យើងឃើញស្រាប់ហើយ មានថ្នាំអីអោយយើងផឹក!
រោគមួលនៅទីនេះមិនមែនស្រួលមើលដូចនៅស្រុកយើងទេ
គឺ៩០ភាគរយត្រូវស្លាប់!.. ខ្ញុំរាល់ថ្ងៃដេកចាំតែស្លាប់ប៉ុណ្ណោះ។
តែទោះបីយ៉ាងណាក៏ដោយ
សុំធ្វើចិត្តព្រងើយកុំកើតទុក្ខអីចំពោះរូបខ្ញុំមួយ!...។
- យើងពីរនាក់គឺជីវិតតែមួយ...!
បើព្រះតេជព្រះគុណស្លាប់ ខ្ញុំក៏ស្លាប់ ដែរ! ។
- វាពិតហើយអាចារ្យ ឌួង យើងបានបំរើជាតិរួមគ្នា
ជាប់គុកក៏រួមគ្នាទៀត ។
ព្រះអាចារ្យ ហែម ចៀវ
ពោលមកដល់ត្រឹមណេះក៏អួលដើមកហារមាត់និយាយតទៅទៀតពុំកើត
ក៏ទាញកន្សែងជូតទឹកភ្នែក ដែលកំពុងរមៀលចេញពីរន្ធភ្នែកដ៏ខូង
កាត់តាមថ្ពាល់ជ្រីវជ្រួញនៃរដ្ឋបុរសអភ័ព្វ។ រីអែលោក នួន ឌួង
ថ្វីបើខ្លួនលោកមានជំងឺដែរក៏ដោយ លោកនៅថែទាំបំរើគ្រូរបស់ខ្លួន
អិតហ៊ានដើរចោលទៅណាឡើយ។
- ព្រះតេជព្រះគុណ កុំគិតច្រើនពេក!
សំដីលោក នួន ឌួង ចេញទាំងរអាក់រអួលដូចកូនក្មេងត្រូវគេវាយដំ។
លោកមានអុទានវាចាបន្តទៅទៀត
- បើសង្ខារយើងមិនអស់ មិនស្លាប់ទេ! យើងនឹងរស់នៅ
ហើយបានវិលទៅស្រុកថែមទៀត។
- អើខ្ញុំស្តាប់បានហើយ!
តែពីយប់មិញនេះសុបិន្តនិមិត្តប្រាប់ខ្ញុំថា «សង្ខារចៀវអែងត្រូវអស់ពេលនេះហើយ!» អាចារ្យឌួង!
- មិនមែនទេព្រះគុណ!
គឺពិតជាការស្រមើស្រមៃរបស់ព្រះគុណ!. សុំអោយព្រះតេជព្រះគុណសំងំ
សំរាកកុំអោយនិយាយច្រើនពេក នាំតែអស់កំលាំងអិតប្រយោជន៍ទេ។
- អាចារ្យ ឌួង តើលោកប៉ាច ឈឺន
បានដឹងថាខ្ញុំឈឺរឺទេ ?
- លោកថីមិនដឹង! ពីម្សិលមិញលោកបានមកសួរសុខទុក្ខដែរ
ប៉ុន្តែព្រះតេជព្រះគុណសន្លប់មិនដឹងខ្លួន!។
- ចុះប្អូន ប៊ុណ្ណចន្ទ-ម៉ុល ?
- ប្អូនម៉ុលមិនទាន់មកទេ
គ្រាន់តែផ្ញើថ្នាំមកនឹងគេ អោយយើងថាមកមិនទាន់រួច។
- ខ្ញុំចង់ឃើញមិត្តយើងទាំងអស់ណាស់
មុននឹងលាលោកនេះទៅ...
សំលេងនេះរឹងរឹតតែធ្វើអោយបេះដូងអាចារ្យ នួន ឌួង ញាប់ញ័រ
ភ័យព្រួយចំពោះលោកគ្រូជាទីគោរព តែមួយក្នុងលោកដែលកំរ នឹងរកបាន។
ជលនេត្រលោកហូរអិតដឹងខ្លួន។ លោកគ្រូ ហែម ចៀវ ទាញដៃលោក នួន ឌួង
មកដាក់លើដើមទ្រូងដូចជានឹកខាំងណាស់។ នៅអែលើមេឃ
ផ្គរលាន់គ្រហឹមកាន់តែរន្ថើនឡើងៗ ហាក់ដូចជាចង់ទាញព្រលឹងអាចារ្យ ហែម
ចៀវ អោយផុតពីដីកោះត្រលាចមួយរំពេច។ មេឃងងឹតស្លុប
ខ្យល់គួចដុំពពកខ្មៅដេរដាស។ បន្តិចក្រោយមក
ព្រះវរុណក៏បង្អុរដូចគេចាក់ទឹកពីក្អម
ដែលធ្វើអោយអ្នកជំងឺរងារស្ទើរទ្រាំមិនបាន។ រំពេចនោះលោកប៊ុណ្ណចន្ទ
ម៉ុលក៏ចូលមកដល់ ឃើញលោកអាចារ្យទាំងពីរញ័រដូចកូនសត្វដូច្នេះ
លោកមានចិត្តរំភើបអិតឧបមា ស្ទើរតែរកពាក្យនិយាយមិនរួច។
ទាំងបីនាក់មានមុខជោកដោយទឹកភ្នែកទាំងមិនដឹងខ្លួន។
- លោកគ្រូ! បានស្រួលខ្លួនខ្លះរឺទេ ?
- មិនអីទេប្អូនម៉ុល ។
លោកអាចារ្យ ហែម ចៀវ ប្រឹងញញឹមទាំងទឹកភ្នែក
បែរមុខទៅកាន់លោកប៊ុណ្ណចន្ទ-ម៉ុល រួចបន្លឺវាថា
- កុំព្រួយអីប្អូន!
រូបខ្ញុំស្លាប់ចុះមិនស្តាយទេ
ខ្ញុំស្តាយតែខានបានទៅឃើញវាសនាប្រទេសយើងប៉ុណ្ណោះ។
សូមកុំភ្លេចការបដិវត្តន៍របស់យើងណា៎!
យើងត្រូវតែធ្វើអោយបានសំរេចកុំបោះបង់ចោល!
- បាទលោកគ្រូ!
ដរាបណាខ្ញុំនៅរស់នឹងធ្វើតាមបន្ដាំលោកគ្រូរហូតបានសំរេចទើបឈប់ ។
- លោកម៉ុលអែង ចេះតែបានសុខសប្បាយទេរឺសព្វថ្ងៃ ?
- បានសុខសប្បាយទេ!
- លោកម៉ុលអែងល្មមវិលទៅវិញចុះ ក្រែងគេធ្វើទោស
យើងទាំងពីរត្រេកអរណាស់ ដែលលបមកសួរជំងឺខ្ញុំដូច្នេះ!
- បាទមិនអីទេ! ខ្ញុំចង់មកថែទាំណាស់ តែធ្វើទៅពុំកើត!
- កុំគិតវែងឆ្ងាយពេក នៅទីនេះមិនមែនផ្ទះយើងទេ
យើងបានជួបមុខគ្នាប៉ុណ្ណេះ គឺជាសំនាងធំហើយមែនទេឌួង ?
- ត្រូវហើយ! ទីនេះជាស្ថាននរក មិនមែនជាមន្ទីរពេទ្យទេ
។
ការសន្ទនាគ្នាផ្សេងៗបានប្រព្រឹត្តទៅអស់រយជិតមួយម៉ោង
ទើបលោកប៊ុណ្ណចន្ទ-ម៉ុលវិលត្រលប់ទៅកន្លែងវិញ។ មួយថ្ងៃកន្លងមក
ស្តេចមច្ជុរាជក៏មកផ្តាច់សង្ខារលោកគ្រូអាចារ្យ ហែម ចៀវចោលលោក នួន ឌួង
អោយនៅតែអែង ត្រមង់ត្រមោចកណ្ដាលកោះត្រលាច។
មហាបុរសរដ្ឋនេះបានទទួលមរណក្នុងជន្មាយុ៤៥ឆ្នាំ
ក៏ព្រោះតែស្រលាញ់ជាតិមាតុភូមិ
មិនព្រមរស់នៅក្រោមអណានិគមនិយមបារាំងសែស។
ពីរថ្ងៃក្រោយមកលោកប៊ុណ្ណចន្ទ ម៉ុល បានមកសួរទៀតស្រាប់តែ
បាត់លោកគ្រូអាចារ្យហែម ចៀវ ឃើញតែលោក នួន ឌួង កំពុងសំរាន្តដោយអស់សង្ឃឹម៖
- ប្អូនម៉ុល! លោកគ្រូអាចារ្យយើងស្លាប់ ទៅហើយ!
- លោកស្លាប់ពីថ្មើរណា ? មានផ្តាំអ្វីខ្លះទេ
?
- លោកស្លាប់ពីរថ្ងៃហើយ! ស្លាប់នៅលើភ្លៅរបស់ខ្ញុំ!
មុននឹងស្លាប់ លោកបាននិយាយថា
សូមអាចារ្យអែងប្រាប់មិត្តទាំងឡាយថា
ខ្ញុំមិនរស់ទេ
ការកសាងទឹកដីធ្វើតែម្នាក់អែងពុំបានសំរេចជោគជ័យជាដាច់ខាត
ត្រូវរួមគ្នាគ្រប់ជាន់ថ្នាក់អោយបានច្រើន ហើយចេះតែធ្វើតទៅទៀត!
ចូរអស់លោកខំកសាងជំនួសរូបខ្ញុំតទៅទៀតចុះ។ ខ្ញុំពរដែនដីម្នាក់អែងមិនរួចទេ
ផែនដីយើងទាំងអស់គ្នា ខ្ញុំមិនខ្លាចសេចក្តីស្លាប់ទេ
តែខ្ញុំនៅនឹកស្តាយត្រង់មិនបានឃើញប្រទេសកម្ពុជាបានអែករាជ្យម៉្យាងប៉ុណ្ណោះ។
សូមលោកនៅអោយបានសុខកុំបីខាន បើចង់អោយប្រទេសយើងបានសុខត្រូវរៀបចំជាសាធារណរដ្ឋ
កុំភ្លេចណា៎! ខ្ញុំលាហើយលោក...»។
បណ្ដាំដ៏មានខ្លឹមសារនេះ ធ្វើអោយលោកប៊ុណ្ណចន្ទ
ម៉ុលកត់ត្រាទុកក្នុងបេះដូងរហូតដល់សព្វថ្ងៃ។ លោកបានទៅរៀបចំផ្នូរ
អោយវីរបុរសយើងយ៉ាងសមរម្យទៀតផង។
មិត្តអ្នកអានជាទីមេត្រី! ព្រះអាចារ្យហែម ចៀវបានស្លាប់
នៅកោះត្រលាចក៏ពិតមែនហើយ
តែព្រលឹងរបស់លោកហោះហើរមកសន្ធិតក្នុងខួរក្បាលកូនខ្មែរ
អ្នកស្នេហាជាតិគ្រប់ៗកាល។ ដោយសារវីរភាពរបស់លោកនេះហើយ
ដែលញ៉ាំងខ្មែរយើងអោយនាំគ្នាធ្វើនយោបាយដេញបារាំងខ្ទាតចេញពីមាតុភូមិយើង
រហូតដល់បានរបបសាធារណរដ្ឋ។ យើងទាំងអស់គ្នា
សូមគោរពវិញ្ញាណក្ខន្ធរបស់លោកគ្រូអាចារ្យហែម ចៀវរដ្ឋបុរសខ្មែរ
និងកល្យាណមិត្តលោកលុះដល់ថ្ងៃស្លាប់។
អ្នករៀបរៀង គង់ សម្ភារ
ពិធីទទួលអដ្ឋិធាតុអាចារ្យហែម ចៀវ នៅថ្ងៃទី៤ កក្កដា ១៩៧២
គឺជាថ្ងៃប្រវតិស្តាស្ត្រថ្មីមួយ
ដែលរដ្ឋាភិបាលបាននាំព្រះអដ្ឋិធាតុព្រះអាចារ្យហែម ចៀវ
ពីកោះត្រលាចមកធ្វើបុណ្យនៅប្រទេសយើងវិញ
ក្រោមអធិបតីភាពនៃសម្ដេចសង្ឃទាំងពីរគណ និងលោកប្រធានាធិបតី លន់-នល់
ព្រមទាំងជនរួមឈាមជាច្រើនផង។ ធាតុវីរបុរសនេះ
បានតម្កល់ទុកនៅវត្តឧណ្ណាលោមសព្វថ្ងៃ។
៧ ព្រះអាចារ្យហែមចៀវកើតជាថ្មី
អ្នកតស៊ូខ្មែរមួយរូប ក្នុងចំណោមអ្នកតស៊ូជាច្រើនទៀត
ដែលបានបូជាជីវិតក្នុងការប្រយុទ្ធប្តូរផ្តាច់ ប្រឆាំងនឹងការជិះជាន់សង្កត់សង្កិនរបស់អណានិគមនិយមបារាំង
ហើយដែលត្រូវប្រវត្តិសាស្ត្រជាតិបានបំភ្លេចចោលក្នុងសម័យរាជានិយម
បានទទួលកិត្តិយសរស់ឡើងវិញ។ គឺឆ្អឹងរបស់លោកអាចារ្យ ហែម ចៀវ
ដែលគេបានបំបរបង់ទុកចោលនៅបរទេសស្រុកយួន បណ្ដាលអោយពេលវេលាស៊ីបំផ្លាញបំបាត់ភស្តុតាងយ៉ាងងាយបំផុតនូវវីរភាពមួយ
ទើបតែនឹងត្រូវដឹកនាំតាមយន្តហោះ
វិលត្រលប់មកកាន់ទឹកដីដែលបានផ្តល់កំណើតដល់លោក
ហើយលោកបានបង្ហូរឈាមដើម្បីតបស្នងគុណវិញ។
កាលពីព្រឹកថ្ងៃអង្គារម្សិលមិញ (ថ្ងៃទី៤កក្កដា១៩៧២)
ពិធីបុណ្យតាមប្រពៃណីសាសនា បានចាត់ចែងឡើងយ៉ាងឧឡារិក
ដើម្បីផ្តល់កិត្តិយសដល់ការតស៊ូ ដែលលោកអាចារ្យហែម ចៀវ
បានបូជាជីវិតជូនជាតិ។ ពិធីបុណ្យនេះបានធ្វើអោយចិត្តខ្មែររំភើប បានអង្រន់មនសិការអោយនឹកទៅដល់សំរែកឈឺចាប់
ដែលខ្មែរបានទទួលដល់ទឹកភ្នែក និងដំណក់ឈាម
ដែលអ្នកស្នេហាជាតិខ្មែរបានសំរក់ដោយសារស្រលាញ់ជាតិ
ខំការពារជាតិយ៉ាងមានៈ
អោយបានគង់វង្សចំពោះការជិះជាន់របស់ពួកអាណានិគមនិយម
ដែលពុំញញើតដៃនឹងសំលាប់បំផ្លាញបំបាត់ក្រុមបញ្ញវន្តយើង។ លោកអាចារ្យហែម
ចៀវ បានស្លាប់ចោលឆ្អឹងនៅក្នុងគុកអែកោះត្រលាច ដែលជាមណ្ឌលដាក់ទណ្ឌកម្ម
ធ្វើទារុណកម្មដល់ពួកបះបោរនៅឥណ្ឌូចិនដែលហ៊ានតស៊ូ
ប្រឆាំងនឹងអំណាចផ្តាច់ការរបស់អណានិគមនិយមបារាំង។ ក្រៅពីឈ្មោះលោក ហែម
ចៀវ គេអាចរៀបរាប់រាយឈ្មោះអ្នកតស៊ូខ្មែរដ៏ច្រើនទៀត
ដែលបានទទួលរងគ្រោះស្លាប់ បាត់បង់ជីវិតដោយសារស្នាដៃបារាំង
មានក្រលាហោមគង់ អាចារ្យស្វា ពោកំបោរ ជាដើម
និងការឃុបឃិតក្បត់ជាតិរបស់ខ្មែរខ្លះដែលបានលក់ខ្លួនប្តូរផ្តាច់ផ្គាប់ចិត្តចៅហ្វាយបរទេស។
ក្នុងសម័យរាជនិយមសក្តិភូមិ
អ្នកកាន់អំណាចតែភ័យព្រួយបារម្ភចំពោះគំនិតបដិវត្តន៍។
ហេតុនេះជីវប្រវត្តិនៃអ្នកតស៊ូដើម្បីជាតិ
មានការប្រឆាំងនឹងពួកអណានិគមនិយមជាដើម បានត្រូវគេបំភ្លេចចោល បំផ្លាញស្នាដៃបំបាត់ភស្តុតាង
ហើយខំបំប៉នទំព័រប្រវត្តិសាស្ត្រអោយលើកដំកើងវណ្ណ
ដែលបានទទួលបុព្វសិទ្ធិក្នុងការជិះជាន់ ប្រវ័ញ្ជពីជិតក្តីឆ្ងាយក្តី
លើប្រជារាស្ត្រតែប៉ុណ្ណោះ។ ហេតុនេះទៀត អក្សរសិល្ប៍ជាតិយើង
ដែលបានបំភ្លេចចោលសូន្យសុងនូវដំណក់ឈាមនៃអ្នកដែលបានបូជាជីវិតជូនជាតិ
គួរតែបំផុសរឿងបដិវត្តិន៍របស់អ្នកស្នេហាជាតិ អោយបានពិស្តារឡើងវិញ។
ក្នុងកាលទេសដ៏លំបាក
ដែលខ្មែរយើងត្រូវពង្រឹងមនសិការជាតិអោយកាន់តែបានរឹងប៉ឹងជាអតិមរមា
ដើម្បីអាយុជីវិតជាតិ ហើយដែលខ្មែរយើងកំពុងលើកដំកើងគំនិតបដិវត្តន៍ស្នេហាជាតិនោះ
ក៏គួរតែយើងចេះរួបរួមគ្នា
រឺមួយចេះចែកផ្លូវគ្នាដើរតាមលទ្ធិប្រជាធិបតេយ្យយ៉ាងច្បាស់លាស់មួយ ( La vraie démocratie est de savoir se diviser )។
បើពុំដូច្នោះទេ ការបំផុសមនសិការជាតិគ្រាន់តែបណ្ដោយអោយប្រវត្តិសាស្ត្រថ្មីសើចចំអក
ដើម្បីបង្កើតទណ្ឌកម្មដល់យើងថែមទៀតប៉ុណ្ណោះទេ។
ហើយគំនិតរបស់លោកអាចារ្យហែម ចៀវ ដែលទើបនឹង «រស់» ឡើងវិញនេះក្តី
ក៏នឹងត្រូវសាបសូន្យទៅវិញមិនខាន។
អាចារ្យ ហែម ចៀវ (ចេញថ្ងៃទី៥ កក្កដា ១៩៧២) នគរធំ
លោកប៊ុណ្ណចន្ទ ម៉ុល បានធ្វើសំភាសន៍ក្នុងទូរទស្សន៍ខ្មែរថ្ងៃទី៧
ខែនេះអំពីអដ្ឋិធាតុលោកអាចារ្យហែម ចៀវ
ដែលលោកបានទៅគាស់យកមកពីកោះត្រលាច
ដើម្បីយកមកធ្វើបុណ្យជាផ្លូវការនៅថ្ងៃមុខ។ លោកពន្យល់អោយយើងរាល់គ្នាគិតឃើញថា
ទោះលោកស្លាប់ទៅជាង៣០ឆ្នាំហើយ គង់តែជាតិមិនភ្លេចគុណលោកអាចារ្យហែម
ចៀវ ដែលលោកបានធ្វើចំពោះជាតិ។ តាមលោកប៊ុណ្ណចន្ទ ម៉ុល
ហើយតាមយើងបានដឹងខ្លះៗមក លោកអាចារ្យហែម
ចៀវច្បាស់ជាអ្នកភ្ញាក់រលឹកទីមួយ ចំពោះវាសនាជាតិមែន។
យើងជាពលរដ្ឋសាធារណរដ្ឋខ្មែរមានចិត្តជាខ្មែរទាំងអស់គ្នា
គួរចាំអោយច្បាស់នូវពាក្យលោកប៊ុណ្ណចន្ទ ម៉ុល ដែលលោកបានរំលឹកថា «ស្រុកណាក៏ដោយ គេតែងមានមនុស្សជាគំរូ
ដែលត្រូវយកឆាយាល័ក្ខណ៍ មកទុកនៅផ្ទះជាគ្រឿងសក្ការបូជា»។
នៅស្រុកក្លឹងគេទុក គន្ធី ជាមនុស្សទី១
ដែលពលរដ្ឋគេមានរូបទុកជាវត្ថុសក្ការបូជាគ្រប់ៗគ្នា គេយកនារីម្នាក់
គឺនាងសានដាក ដែលរាស្ត្រនៅស្រុកបារាំង គេទទួលស្គាល់ជាព្រះមួយរូបដែរ (
Sainte Jeann D'Arc )នៅស្រុកអែទៀតក៏មានមនុស្សដែលស្លាប់ទៅយូរហើយ
ដែលរដ្ឋគេមិនភ្លេចសងគុណឡើយ។ តែយើងគួរកត់សំគាល់ថា
មនុស្សដែលគេគួរគោរព គឺច្រើនតែមនុស្សស្លាប់យូរទៅហើយៗ
ដែលគ្មាននរណាអាចប្រកែកបានថាមិនមែនជាអ្នកស្នេហាជាតិឡើយ។
ស្តេចសីហនុបានបើកឆាកមុនគេអោយគេគោរពទាំងអស់
យើងបានឃើញហើយថា ការគោរពនេះបានធ្វើទៅក្នុងការបង្ខិតបង្ខំ
ហើយដែលស្តេចនេះដើរខុសផ្លូវយកសត្រូវធ្វើជាមិត្ត យកមិត្តធ្វើជាសត្រូវ
យើងរាល់គ្នាមិនត្រឹមតែលែងគោរព យើងបានទាំងកាត់ទោសស្តេចនេះ
ថាជាស្តេចក្បត់ជាតិ ត្រូវមានទោសប្រហារជីវិតផង។
ស្រង់ចេញពីសារពត៌មានសង្គ្រោះជាតិ (ថ្ងៃទី១០ កក្កដា
១៩៧២)
អត្ថបទទាំងពីរខាងលើនេះសអោយឃើញថា ព្រះអាចារ្យហែម ចៀវ
មិនមែនជាមនុស្សធម្មតាទេ គឺលោកពិតជាបាន បំពេញមហាពលិកម្មដ៏ប្រសើរ
ជូនជាតិសាសនាដ៏អិតប្រកែកបានឡើយ។ យើងមានការសោកស្តាយណាស់
ដោយមិនបានចុះអត្ថបទសំខាន់ៗនៃសារពត៌មានដទៃទៀត
ព្រោះកុំអោយក្រាស់ពេក។
ប្រកាសនីយប័ត្រ រដ្ឋបុរសជាតិ
បានឃើញ សេចក្តីសំរេចរបស់គណរដ្ឋមន្ត្រីសម័យប្រជុំ
នាថ្ងៃទី ២២ មីនា គស ១៩៧២ ស្តីពីការទទួលស្គាល់ និងការផ្ទេរធាតុលោកអាចារ្យហែម
ចៀវ មកពីកោះត្រលាចបានឃើញសេចក្ដីសំរេចរបស់គណរដ្ឋមន្ត្រី
សម័យប្រជុំនាថ្ងៃទី ១៤ កក្កដា គស ១៩៧២ តំកល់តំកើងឋានៈ លោកអាចារ្យហែម ចៀវ
ជារដ្ឋបុរសជាតិ ក្នុងបច្ឆាមរណប្រធានាធិបតី នៃសាធារណរដ្ឋខ្មែរប្រកាសថា
:
បានទទួលស្គាល់នូវអំពើល្អទាំងឡាយរបស់លោកគ្រូអាចារ្យហែម
ចៀវ ដែលបានធ្វើជូនប្រជាជាតិខ្មែរ គឺសកម្មភាពមុះមុតអង់អាច កាលពីរវាង
គស ១៩៤២ ដើម្បីដាស់សតិកូនខ្មែរអោយប្រឆាំង
និងរើបំរះចេញពីនឹមអណានិគមនិយមបរទេស។ ប្រជាជាតិខ្មែរសូមតំកល់លោកគ្រូអាចារ្យហែម
ចៀវ ទុកជារដ្ឋបុរសជាតិ និងជាគំរូដ៏ឧត្តមសំរាប់កុលបុត្តខ្មែរទូទៅ។
ធ្វើនៅភ្នំពេញ, ថ្ងៃទី
២០ កក្កដា គស ១៩៧២
សេនាប្រមុខ លន់-នល់
ស្រណោះអាចារ្យ ហែម ចៀវ និពន្ធដោយសិស្ស ពៅសុទ្ធី
«ជូនដល់អ្នកស្នេហាជាតិខ្មែរគ្រប់រូប»
ផ្តើម សំលេងកប៉ាល់ទូន! ទូន!...
ផ្តើម សំលេងកប៉ាល់ទូន! ទូន!...
១-សំរែកនាវាលាកំពង់ផែ ទៅមុខអិតបែរដឹកនាំជនខ្មែរអ្នកស្នេហាជាតិសែនចុកឈាមណាស់
អោរាចង្អៀត លាអស់ផៅញាតិ ឃ្លាតទាំងសាសនា ។
២-មុខគួរសង្វេគក្រោមមេឃបណ៌ប្រាក់ ដៃជាប់ច្រវ៉ាក់ជើងប្រឹងទធ្លាក់សែនវេទនា
ខំផ្ជង់អញ្ជលីស្រដីឡើងថា អោយជាតិខេមរា នាំគ្នាភ្ញាក់ឡើង ។
បន្ទរ- អោ! សំដីចុងក្រោយដង្ហោយហៅខ្មែរ សូមជួយកែប្រែជាតិអោយថ្កើងធ្វើម្តេចរូបលោកបានជាជ្រុលជើង
ទុកអោយរូបយើងសោកស្តាយគ្រប់គ្នា ។
៣ -ហែម ចៀវ កំសត់ព្រាត់រូបបាត់ទៅ
តែកេរ្តិ៍ឈ្មោនៅះរន្ទឺក្រអៅពេញលោការដ្ឋបុរសនៃជាតិខេមរា បូជាកាយាជូនប្រទេសជាតិ ។
ចំរៀងនេះ
មិត្តសិល្បករណាក៏អាចយកទៅច្រៀងបានដែរអោយតែរក្សាឈ្មោះអ្នកតែង ឱ! កោះត្រលាច
បទភ្លេង-ទំនុកច្រៀង ច្រៀងដោយ យ៉ង់ -ឈាង សំនៀង-រិទ្ធី
ផ្តើម - អោ! ទឹកដីព្រៃព្រឹក្សានាកោះត្រលាច
ខ្ញុំសូមផ្ញើព្រះអដ្ឋិធាតុលោកគ្រូអាចារ្យហែម ចៀវ និងខ្មែរស្នេហាជាតិអែទៀតផង
១- អោ! កោះត្រលាច គួរអោយខ្លាច ហើយរន្ធត់ ដែលបានរំលត់
វិញ្ញាណក្ខន្ធអាចារ្យហែម ចៀវ ចារឹកដោយឈាម លើផែនដី ស្រែកហោរកញ្ជៀវខំអំពាវនាវ
ហៅរកកូនខ្មែរ អ្នកបដិវត្តន៍ ។
២- កោះត្រលាចអើយ ខ្ញុំលឺហើយៗសច្ជា ការពារសាសនាបន្តការលុះត្រាជោគជ័យ
ទឹកចិត្តកូនខ្មែរនាសម័យ សាធារណរដ្ឋ មិនដែលភាំងភាត់ភ្លេចបុព្វបុរសអុត្តមអតីតឡើយ។
អំនោយពីលោកយ៉ង់-ឈាង
អ្នកនិពន្ធបទភេងនិងទំនុកច្រៀងបដិវត្តន៍ដ៏ល្បីល្បាញ ក្នុងសាធារណរដ្ឋខ្មែរ
No comments:
Post a Comment