កំណត់ហេតុ ជីវ តាក្វាន់
កំនត់ហេតុរបស់ ជីវតាក្វាន់
អំពីប្រពៃណីនៃអ្នកស្រុកចេនឡា ដែលមិត្ដអ្នកអានកំពុងកាន់នៅដៃនេះ
ពិតជាអែកសារពិសិដ្ឋមួយនៃប្រវត្ដិសាស្រ្ដខ្មែរយើង។
សៀវភៅប្រវត្ដិវិទ្យា រឺ អត្ថបទណាមួយដែលស្ដីពីស្រុកខ្មែរ
មិនដែលចន្លោះឈ្មោះ អែកសារជីវតាក្វាន់នេះឡើយ។
កូនខ្មែរគ្រប់រូបរៀនប្រវត្ដិប្រទេសរបស់ខ្លួនមិនដែលនរណាមួយមិនស្គាល់ឈ្មោះ
ជីវតាក្វាន់ទេ ប៉ុន្ដែការដែលយើងស្គាល់នោះសុទ្ធតែលឺពាក្យតៗគ្នា
កត់ចំលងតៗគ្នា ពីសៀវភៅមួយទៅសៀវភៅមួយតាមរយៈសៀភៅដើមជាភាសាបារាំងដែលលោកប៉ូលប៉េលិយោត
បានប្រែសំរួលចេញពីអត្ថបទចិន ហើយបោះពុម្ពផ្សាយ
ដំបូងក្នុងព្រឹត្ដិបត្ដនៃភាសាបារាំងនៅចុងបូព៌ា Bulletin de l' école Francaise d' Extrème-Orient (BEFEO) ពីឆ្នាំ
១៩០២ហើយក្រោយមកពេលដែលលោកប៉េលិយោត ទទួលមរណភាពទៅលោក ហ្សកសឺដេស
ក៏យកស្នាដៃនេះ មានទាំងអត្ថាធិប្បាយបន្ថែមក្បោះក្បាយផង
ទៅបោះពុម្ពរួបរួមជាសៀវភៅមួយឡើងពី គ.ស ១៩៥១។ លោកប៉េលិយោតបាន
បញ្ជាក់ក្នុងអារម្ភកថា ថាលោកបានព្យាយាមបកប្រែតាមការស្រាវជ្រាវរកអែកសាររបស់ជីវតាក្វាន់
ដែលមានលោក អាប់បែលរ៉េមុសាត៍បានប្រែផ្សាយម្ដងហើយពី គ.ស ១៨១៩
ប៉ុន្ដែមិនទាន់គ្រប់សព្វ។ ខ្លួនលោកបានទៅនៅប្រទេសចិនអស់ច្រើនឆ្នាំ
ទើបប្រែបានជាស្នាដៃនេះ។
យើងជាខ្មែរ យើងសូមគោរព អរគុណពិសេស ចំពោះលោកអ្នកស្រាវជ្រាវជំនាញទាំងនេះ
ទុកដូចជាជួយរើកកាយកំណប់ ដ៏មានតំលៃមួយអោយយើងដែរ។ ប៉ុន្ដែ
ដោយលោកអ្នកប្រែនោះអែង មិនមែនជាខ្មែរ
ម្លោះហើយយើងចេះតែមានចិត្ដតូចមួយមមៃនឹកជានិច្ចថា
ប្រសិនជាខ្មែរណាប្រែចេញពីអត្ថបទភាសាចិនផ្ទាល់តែម្ដង
យើងដូចជាអស់ចិត្ដជាង
ទោះបីការបកប្រែនោះមិនជ្រៅជ្រះឆ្អិនឆ្អៅណាស់ណាក៏ដោយ។
ខ្ញុំធ្លាប់បានរៀនអក្សរចិនអស់បួនឆ្នាំ កាលនៅពីក្មេង
តែភ្លេចភ្លាំងទៅវិញស្ទើរគ្មានសល់
នៅចាំបានតែតួអក្សរណាធ្លាប់ប្រើញឹកញាប់ និង នៅចេះសរសេរចំលងតាមគេកើត។
ទាំងពាក្យ ទាំងអក្សរចិនមកបញ្ជាក់ផង ដូចជាឈ្មោះស្រុក ឈ្មោះរបស់
ឈ្មោះការផ្សាយជាដើម ខ្ញុំក៏ចេះតែកត់ទុកៗ
នូវអក្សរចិនទាំងនោះគ្រាន់ជាអែកសារ។
សំណាងមែននៅឆ្នាំ ១៩៦២
ខ្ញុំបានទទួលបេសកកម្មមួយខាងវប្បធម៌ អោយខ្ញុំដឹកនាំគណៈប្រតិភូអ្នកនិពន្ធខ្មែរ
ទៅកាន់ប្រទេសចិន។ ខ្ញុំនឹកជាប់ក្នុងចិត្ដជានិច្ចថា ក្នុងដំណើរនេះ
ខ្ញុំនឹងសាកសួរគេរកអែកសារស្នាដៃ ជីវតាក្វាន់ អោយបានឃើញ
ផ្ទាល់ភ្នែកតែម្ដង បំណាច់បានមកជាន់ដីស្រុកកំណើតជីវតាក្វាន់ហើយ។
នៅពេលដែលខ្ញុំជួបសន្ទនាជាមួយនឹងរដ្ឋមន្រ្ដីក្រសួងវប្បធម៌ចិន
ដែលកាលនោះជាប្រធានសមាគមអ្នកនិពន្ធចិនផងនោះ
ខ្ញុំបានស្នើនឹងគេអំពីបំណងចង់ឃើញ
និងចង់ចំលងអែកសារជីវតាក្វាន់នេះ។ រដ្ឋមន្រ្ដីវប្បធម៌នោះអែង ទទួលរ៉ាប់រងបំពេញបំណងខ្ញុំ។
យប់នោះខ្ញុំអរក្រៃលែងអរ បន់អោយតែភ្លឺឆាប់
នឹងបានទៅទស្សនាបណ្ណាល័យជាតិរបស់គេ តែមិនទាន់បានទៅភ្លាមទេ
ព្រោះមានកម្មវិធីទៅទស្សនាទីឆ្ងាយៗពីនេះសិន។
ទាល់តែប្រាំថ្ងៃក្រោយមកទើបគេនាំខ្ញុំទៅកាន់ទីទុកអែកសារនេះ
ដែលគេហៅថា ផ្នែកខាងសៀវភៅកំរ
ស្ថិតនៅក្នុងបណ្ណាល័យជាតិក្រុងប៉េកាំង។
នាយកបណ្ណាល័យនាំសហការីគេពីរនាក់ទៀតនៅរង់ចាំខ្ញុំ គឺ
នាយផ្នែកខាងសៀវភៅកំរ និងអ្នកអែកទេសខាងការស្រាវជ្រាវ
ប្រវត្ដិចុងបូព៌ាប្រទេស ឈ្មោះទាសីវម៉េង អាយុ៦៩ ឆ្នាំ។ គឺលោក ទា
សីវម៉េង នេះហើយដែលបានរើសៀវភៅក្រាស់ៗមួយគំនរ
មកចាំបង្ហាញខ្ញុំដែលសុទ្ធសឹងជាសៀវភៅ
មានស្ដីទាក់ទងនឹងប្រវត្ដិសាស្រ្ដខ្មែរ
ហើយសុទ្ធតែសៀវភៅដែលបោះពុម្ពតាំងពីសតវត្សទី ១៤, ១៥, ១៦ និង ១៧ មកម្ល៉េះ។
គេសន្ទនានឹងខ្ញុំយ៉ាងច្រើន ហាក់ដូចជាចង់ល្បងថា
តើខ្ញុំទទូចរកអែកសារនេះ ជាអ្នកចេះដឹងខាងប្រវត្ដិស្រុកទេសមែនទែន
រឺ ក៏គ្រាន់តែរកៗទៅទេ? ជាភ័ព្វល្អខ្ញុំធ្លាប់បានមើលអែកសារច្រើន
ស្ដីពីការទាក់ទងរវាងស្រុកទាំងពីរនេះ ហើយមុននឹងទៅស្រុកគេ
ក៏ខ្ញុំបានកត់ត្រាអែកសារនេះច្បាស់ៗទៀត ព្រោះបេសកកម្មខ្ញុំ
ចំលើរឿងវប្បធម៌នេះអែងផង ម៉្លោះហើយ ខ្ញុំឆ្លើយនឹងគេរហ័សរហួន។ណាស់
រហូតគូសន្ទនាទាំងបីនាក់នោះ នាំខ្ញុំទៅជួបនឹងបណ្ឌិតសភាខាងប្រវត្ដិសាស្រ្ដទៀត។
ក្នុងបណ្ដាសៀវភៅក្រាស់ៗទាំងនេះ
មានខ្លះនិយាយពីស្រុកយើងតែ ១ រឺ ២ ទំព័រប៉ុណ្ណោះទេ
មានតែមួយប៉ុណ្ណោះដែលមានសេចក្ដីវែងក្បោះក្បាយ
គឺប្រវត្ដក្នុងរាជសន្ដិវង្សម៉ុងហ្គោល ដែលមានមួយភាគធំ និយាយពីការចាត់អ្នកកត់ត្រាមកស្រុកចេនលា
គឺលោក ជីវតាក្វាន់នេះអែង។ ខ្ញុំសុំចំលងអត្ថបទនេះទាំងស្រុង
ដែលមានចំនួន៦៣ទំព័រ គេក៏ព្រមថតចំលង អត្ថបទនេះអោយខ្ញុំ
បានជាហ្វីលមួយខ្សែវែង។ លុះមកដល់ស្រុកវិញ
ខ្ញុំផ្ដិតចេញជាសន្លឹកអក្សរ ហើយអនិច្ចា! នៅតែ អង្គុយមើលៗ
វាយសេចក្ដីមិនបែកសោះ។ ខ្ញុំបានយកអក្សរថតផ្ដិតនេះ
បិទធ្វើជាសៀវភៅមួយ ហើយយកទៅតំកល់ទុកនៅសមាគមអ្នកនិពន្ធខ្មែរ
ព្រោះសង្ឃឹមក្រែងថ្ងៃក្រោយ
មានលោកណាមួយក្នុងបណ្ដាអ្នកនិពន្ធអ្នកស្រាវជ្រាវ អាចធ្វើការបកប្រែអត្ថបទនេះបាន។
ស្រាប់តែពីរឆ្នាំក្រោយមក បាត់សៀវភៅនោះជាអាសារបង់ទៅ
សួររកដើមចុងមិនឃើញ ខ្ញុំនឹកថា : អ្នកដែលឆ្លៀតបំបាត់សៀវភៅនេះ
ពិតជាមានបំណងយកទៅធ្វើអែកសារផ្ទាល់ រឺ មួយលាក់កំបាំងកុំអោយយើង
ធ្វើការបកប្រែបាន។ តែសំណាងល្អ ខ្ញុំនៅសល់ហ្វីល
ក៏ផ្ដិតបានមួយច្បាប់ទៀត ហើយក៏ចាត់ចែងបកប្រែបោះពុម្ពអោយបាន
ទោះមិនទាន់ហ្មតចត់ ក៏បានជាផ្លូវសំរាប់អ្នកសិក្សា
អ្នកស្រាវជ្រាវមួយផ្នែកធំដែរ។ មួយទៀតសំរាប់អ្នកសិក្សាបានជាប្រភពមួយទៀតប្រៀបធៀបនឹងប្រភពដទៃៗផង។
ការបកប្រែនេះបានធ្វើទុក្ខខ្ញុំយ៉ាងខ្លាំង
ព្រោះខ្ញុំត្រូវការពឹងរកអ្នក ចេះអក្សរចិន ហើយរបៀបចិនបុរាណទៀត
អែអ្នកចេះចិនសម័យថ្មី អានមិនយល់ច្បាស់វាយសេចក្ដីពុំបានន័យឡើយ។
មិត្ដខ្ញុំម្នាក់ឈ្មោះ អ៉ឹង ឡាយ ជាអ្នកនិពន្ធប្រលោមលោកច្រើនរឿងដែរ
តាំងពីឆ្នាំ ១៩៥៥ - ៥៦ ហើយតមកគាត់ជាអ្នកអែកទេសប្រែរឿងភាពយន្ដចិន
ទោះជារឿងបុរាណដែលប្រើពាក្យជំនាន់ចាស់ៗ
ក៏គាត់ធ្លាប់ជួបប្រទះគ្មានសល់។ មិត្ដ អ៉ឹង ឡាយបានធនាជួយខ្ញុំពេញកំលាំង។
លោកប្រែអត្ថបទនេះមួយចប់អោយខ្ញុំ ហើយត្រង់ពាក្យណាពិបាកពេកគាត់ដេ
ញសួរទៅវចនានុក្រមចិន ហើយកត់ទាំងពាក្យពន្យល់ទុកអោយខ្ញុំផង។
មានមិត្ដខ្ញុំម្នាក់ទៀតឈ្មោះ ម៉ា អៀត ធ្លាប់ធ្វើ
ជាគ្រូបង្រៀនអក្សរខ្មែរនៅសាលាចិន ក៏បានជួយបកប្រែខ្ញុំមួយចំណែកផ្សេងទៀតដោយអន្លើខ្លះ
មិនបានចប់ចុងចប់ដើមទេ។ ខ្ញុំយកសំណៅបកប្រែទាំងពីរនេះមកមើល
សំរួលកែកុនផ្សំបញ្ចូលគ្នា
ដោយផ្ទៀងផ្ទាត់ខ្លះជាមួយអក្សរចិនជាអត្ថបទដើម
ដែលខ្ញុំមើលបានដោយអន្លើៗ ផ្សែផ្សំផង
ហើយខ្ញុំផ្ទៀងជាមួយនឹងស្នាដៃប្រែរបស់លោក ប៉េលិយោត
ជាភាសាបារាំងទៀត។ ប៉ុន្ដែនៅតែមិនអស់ចិត្ដ។
លុះថ្ងៃមួយខ្ញុំជួបគ្រូចាស់ខ្ញុំ ដែលឥលូវអាយុ៧១ ឆ្នាំហើយ ឈ្មោះលោក
តាំង ស៊ុយគង់។ កាលខ្ញុំរៀនអក្សរចិន (១៩៤០) លោកជាសាស្រ្ដាចារ្យខាងអក្សរសាស្រ្ដ
ធ្លាប់ចេះចាំរឿងព្រេងសព្វគ្រប់ ជាអ្នកសិក្សាដោយខ្លួនអែង
តាមរបៀបចិនបុរាណ។ ឥលូវលោករស់នៅជាមួយកូនចៅ
ដែលសុទ្ធសឹងជាមន្រ្ដីរាជការយើងខ្លះ និងខ្លះជាអ្នកជំនួញ។
ខ្ញុំស្នើសុំអោយគាត់ជួយផ្ទៀងជាមួយខ្ញុំ។ លោកតាទទួលដោយរីករាយ
ពេញចិត្ដនឹងកិច្ចការនេះ ដូចមិត្ដខ្ញុំទាំងពីរខាងលើដែរ។
គាត់ពន្យល់ខ្ញុំម្ដងមួយវគ្គៗ ខ្ញុំផ្ទៀងមើល
តើត្រូវន័យសព្វគ្រប់ដូចសេចក្ដីប្រែរបស់ខ្ញុំរឺទេ? បើខ្វះខ្លះខ្ញុំ ក៏បន្ថែម បើមិនងាយយល់
ខ្ញុំក៏ធ្វើន័យលក្ខណៈ នព្យល់ខាងក្រោមតាមគាត់ប្រាប់។ អស់រយៈបីខែទៀត
ទើបបានសំរេចយកសេចក្ដីបាន ហើយដែលចាត់ការបោះពុម្ពពេលនេះ។
ម្យ៉ាងទៀត អំពីសំនៀងភាសាចិន មានច្រើនយ៉ាងតាមគ្រាមភាសា (Dialeeles) ដូចជាភាសាប៉េកាំង ស៊ាងហៃ កន្ដាំង
ទាជីវ ហុកគៀន៘ ខ្ញុំសូមបញ្ជាក់ថា លោកជីវតាក្វាន់
មានដើមកំណើតនៅវ៉េងតា ខែត្រ ជាក់កាង ក្នុងភូមិភាគចិនខាងត្បូង។
ដូច្នេះសំដីភាសាលោកក៏ពិសេសតាមស្រុកនោះដែរ។
តែមកដល់ប្រទេសចេនលាគ្មានចិនស្រុកគាត់មកនៅទេ មានតែចិនខែត្រ គង់ទុង
រឺ ក្វាងតាំង ខ្មែរយើងធ្លាប់ហៅ ចិនកន្ដាំង ចិនទាជីវនេះអែង មករស់នៅ។
ម្លោះហើយសំលេងពាក្យដែលគាត់ប្រែពីខ្មែរទៅពិបាកស្ដាប់ណាស់
ព្រោះតាមសំនៀងពួកកន្ដាំង និង ទាជីវជាអ្នកប្រែអោយគាត់ផង
និងតាមសំនៀងភាសាផ្ទាល់របស់ស្រុកកំណើតគាត់ផង។ ក្នុងការបកប្រែនេះ
យើងខ្ញុំសំរេចគ្នាថា យកតាមសំនៀងចិនទាជីវជាគោល
ព្រោះមានតែចិនទាជីវទេ ដែលរស់នៅភាគច្រើនលើសលុបគេក្នុងស្រុកខ្មែរ
ហើយអ្នកចេះភាសាចិន រឺ ក៏ពាក្យខ្មែរខ្លះ
ដែលក្លាយមកពីចិនសុទ្ធតែអានតាមសំនៀងចិនទាជីវទាំងអស់។ ដូច្នេះខ្ញុំ
សូមអភ័យទោសជាមុន ពីសំណាក់លោកអ្នកដែលចេះចិនជ្រៅជ្រះ ក្រែងលោខ្ញុំ
និងគ្នីគ្នាខ្ញុំ
ផ្សំគ្នាប្រែនេះមិនទាន់សព្វគ្រប់ខ្វះចន្លោះពាក្យពេចន៍។
ភ្នំពេញ ខែមិថុនា គ.ស. ១៩៧១ លី ធាមតេង
No comments:
Post a Comment