រឿងកំពុបតែអុង និងឥទ្ធិពលរបស់យួន
(ស.វទី១៨ ស.វទី១៩)
I.
ព្រះបាទឧទ័យរាជា អង្គចន្ទ ១៨០៦
- ១៨៣៤
នៅខែសីហា គ.ស. ១៨០៦
ព្រះអង្គចន្ទដែលមានព្រះជន្មទើបបាន១៥វស្សា បានអភិសេកនៅក្រុងបាងកក
ដោយមានព្រះនាមសំរាប់រាជថា
ព្រះបាទសម្ដេចព្រះឧទ័យរាជាធិបតីព្រះស្រីសុរិយោពណ៌។
រួចហើយព្រះអង្គទ្រង់យាងត្រលប់មកសោយរាជ្យនៅក្រុងឧដុង្គវិញ។
បីខែក្រោយមកចៅពញាអភ័យធីបែសបែន
បានយកកូនស្រីឈ្មោះទេពមកថ្វាយជាម្នាង
បន្ទាប់មកព្រះឧទ័យរាជាទ្រង់នាំគ្រឿងបណ្ណាការទៅថ្វាយស្ដេចសៀម
សុំយាងក្សត្រត្រីខ្លះមកវិញ។ ស្ដេចសៀមអោយតែព្រះមាតា
និងបុត្រីអង្គពៅត្រលប់មកវិញ (១៨០៧)។
នៅគ.ស. ១៨០៩
អ្នកម្នាងទេពប្រសូត្របុត្រីនាមអង្គប៉ែន។
នៅឆ្នាំដដែលព្រះចៅសៀមសោយទីវង្គត
ហើយព្រះរាជបុត្រច្បងឡើងសោយរាជ្យស្នង។ អែចៅពញាអភ័យធិបែស បែន
ក៏ទទួលមរណភាពដំណាលគ្នានោះដែរ។ កូនលោកគឺ ឧកញ៉ាវិបុលរាជបែន
ត្រូវបានព្រះចៅសៀមតែងតាំងអោយកាន់តំណែងជាជំនួសឳពុកលោក។
ព្រះអង្គចន្ទ ទ្រង់បានចាត់អោយព្រះអនុជ និង
មន្រ្ដីខ្លះទៅចូលរួមក្នុងពិធីបុណ្យសពស្ដេចសៀម។
ព្រះចៅសៀមដែលស្នងរាជស្នងបិតា
ទ្រង់សព្វព្រះទ័យតាំងព្រះអង្គស្ងួនជាឧភយោរាជ និង តាំងព្រះអង្គអិម
ជាឧបរាជ។ ក្រោយមកវិវាទបានកើតឡើងរវាងព្រះអង្គចន្ទ និង
ព្រះអនុជជាឧភយោរាជ។ បុព្វហេតុទំនងជាបណ្ដាលមកពី
ស្ដេចសៀមពុំបានសួរយោបល់ព្រះអង្គក្នុងការតែងតាំងនេះ។ ព្រះឧភយោរាជ
និង គ្រួសារទ្រង់បានភៀសខ្លួនទៅនៅពោធិសាត់។
ព្រះរាជាទ្រង់បានសូមសម្ដេចព្រះសង្ឃរាជ
និងចាត់មន្រ្ដីអោយសូមយាងមកវិញ តែឥតប្រយោជន៍។
ដោយហេតុខ្លាចក្រែងមានចំបាំងគ្នាអែងក្នុងស្រុកកើតឡើង
ព្រះអង្គក៏ទ្រង់អោយទៅសុំទ័ពយួនមកបង្ការ។
ទ័ពយួននេះបានមកហើយទៅបោះនៅត្រង់កោះចិន។
ប្រហែលជាចាប់ពេលនោះ
ព្រះអង្គទ្រង់បានខិតជិតមកខាងយួន
ទ្រង់ទុកដាក់ប្រទេសខ្មែរជាសាមន្ដរដ្ឋ
ហើយលើកសួយសារអាករទៅថ្វាយស្ដេចយ៉ាឡុង ៣ឆ្នាំម្ដង។
ចំណែកព្រះចៅសៀមទ្រង់មិនពេញព្រះទ័យចំពោះអំពើព្រះអង្គចន្ទ
ដែលបានងាកទៅរកយួនជាមិត្ដនោះវិញ។
ម៉្លោះហើយក៏ទ្រង់បញ្ជូនទ័ពអោយចូលប្រទេសខ្មែរ ជា៣ផ្លូវ។ ទ័ពចំរុះ
-យួន ច្បាំងនិងទ័ពសៀម។ ដោយឃើញស្ថានការណ៍មានសភាពកាន់តែធ្ងន់
ព្រះអង្គចន្ទ និងព្រះអនុជទាំងពីរគឺ អង្គអិម និង អង្គដួង ដកថយទៅគង់នៅតឹងចូវ។
នៅពេលយប់ ព្រះឧបរាជអង្គអិម និង អង្គដួង នាំព្រះមាតា
និងបណ្ដាខ្ញុំរត់ទៅប្រទេសសៀមជាមួយអង្គស្ងួន។ នៅគ.ស ១៨១៣
ក្រោយពីបានធ្វើការសំរុះសំរួលជាមួយសៀមខ្លះហើយ ស្ដេចយ៉ាលុង
ទ្រង់បានបញ្ជាអោយលោក លេ វ៉ាន់យៀក ហែរព្រះអង្គចន្ទអោយត្រលប់មកសោយរាជ្យប្រទេសខ្មែរវិញ។
ពេលទ័ពយួនមកដល់ ពួកមេទ័ពសៀមបែរជាស្រលាំងកាំង ដកទ័ពថយទៅវិញ
ហើយមានមេទ័ពខ្លះមកថ្វាយស័ព្ទសាធុកាពរចំពោះព្រះអង្គថែមទៀតផង។
ឯកសារសៀមក្ដី(៣៦) រាជពង្សាវតារក្ដី
បាននិយាយស្របគ្នាថា ទោះបីព្រះអង្គសិទ្ធស្នាលនឹងយួនជាងក៏ដោយ
ក៏ព្រះអង្គចន្ទបាននាំគ្រឿងបណ្ណាការទៅថ្វាយស្ដេចសៀមក្នុងឋានៈជាប្រទេសរាជ។
នៅគ.ស. ១៨១៤ សៀមលើកទ័ពចូលម្ដងទៀត តែពុំមែនមកកំចាត់យួនដូចពេលមុនៗទេ
គឺមកដណ្ដើមយកទឹកដីខ្មែរដោយត្រង់ៗតែម្ដង
ដូច្នោះទឹកដីខ្មែរបីខេត្ដទៀតត្រូវបានទៅសៀមចាប់តាំងពេលនោះទៅ
គឺម្លូព្រៃ ទន្លេពៅ និងស្ទឹងត្រែង (សូមមើលផែនទី)។ លោកម៊ូររា(៤២)
ការបាត់បង់ទឹកដីខាងលើនេះ គឺបណ្ដាលមកពីចៅហ្វាយស្រុកខេត្ដកំពង់ស្វាយ
ឈ្មោះ ម៉ឺ បានទៅអះអាងប្រាប់ព្រះចៅសៀមថា
ប្រជារាស្រ្ដក្នុងខេត្ដទាំងប៉ុន្មាននោះ
បានសុំដោយទទូចអោយខ្លួនបានទៅនៅក្រោមអំណាចគ្រប់គ្រងសៀម។
ឯកសារយួនមួយបានសរសេរថា លោកលេវ៉ាន់យៀក
ទេសាភិបាលនៅយ៉ាឌិញបានទទួលសូមអនុញ្ញាតពីស្ដេចយួន អោយសង់បន្ទាយនៅភ្នំពេញ
និង ឡាឡេម(ល្វាអែម) លុះបន្ទាយទាំងនោះបានសង់រួចស្រេចហើយ ស្ដេចយួនថេតោ
គឺស្ដេចយ៉ាលុងបានបញ្ជាអោយមេទ័ព ង្វៀង វ៉ាន់ធុយ យកទាហាន
១០០០នាក់ទៅតាំងអាណាព្យាបាលភាពលើប្រទេសចឹងលាប (ប្រទេសខ្មែរ)(៤០)។
ចំណែកទេសាភិបាលយួនឈរនៅកម្ពុជាក្រោម
មានអំណាចសំរេចការរាជការគ្រប់បែបយ៉ាងលើប្រទេសខ្មែរ
គឺទាំងខាងរដ្ឋបាល និងទាំងខាងយោធា(៤២)។
រាជពង្សាវតារខ្មែរបានបញ្ជាក់បន្ថែមទៀតថា
អុង តាគុន (គឺលេវ៉ាន់យៀក) បានសាងវាំថ្មីមួយនៅខាងត្បូងវត្ដឧណ្ណាលោម
ហៅថាព្រះរាជវាំងកំផែងកែវ ហើយយាងព្រះឧទ័យរាជា
អោយមកគង់នៅក្នុងវាំងថ្មីនេះ។
ម្យ៉ាងទៀតលោកបានអោយលើកដីសង់ដំណាក់ព្រះបារមីមួយនៅជ្រោយចង្វារ
តែដល់ថ្ងៃ១កើត និង
១៥កើតអោយអស់មន្រ្ដីយួនខ្មែរទៅសំពះរំលឹកគុណស្ដេចយួន។ ពេលទៅនោះ ទាំងព្រះឧទ័យរាជា
ទាំងនាម៉ឺនសព្វមុខមន្រ្ដី
សុទ្ធតែស្លៀកខោពាក់អាវជួតឈ្នួតក្បាលតាមបែបយួនទាំងអស់។
II.
រឿងកំពុបតែអុង
នៅគ.ស ១៨១៥ អ្នកម្នាងក្រចាប់
មានបុត្រីនាមអង្គម៉ី។ នៅឆ្នាំដដែល
ស្ដេចយួនទ្រង់ចាត់អោយសង់បន្ទាយនៅមាត់ជ្រូក និងជីកព្រែកពីរនៅក្នុងទឹកដីកម្ពុជាក្រោម៖
- ព្រែកមួយហៅថា ព្រែកវិញតេ
មានប្រវែង ៥៣គ.ម ត្រូវតភ្ជាប់ពីមាត់ជ្រូកទៅនឹងសមុទ្រនៅតំបន់ពាម។
- ព្រែកមួយទៀត ហៅថា វិញអាន
ប្រវែង ១៤គ.ម ទទឹង២៤ម តភ្ជាប់ទន្លេធំនឹងទន្លេបាសាក់។
រាជពង្សាវតារខ្មែរបានបញ្ជាក់ថា
ក្នុងការជីកព្រែកទាំងពីរខាងលើនេះ ប្រជារាស្រ្ដខ្មែរត្រូវគេកែនទៅ ហើយត្រូវយួនធ្វើបាបគ្មានត្រាប្រណីដល់តិចតួចសោះឡើយ។
រឿងកំពប់តែអុង ដែលយួនវាយកខ្មែរកប់ទាំងរស់យកក្បាល
ធ្វើជើងក្រានដាំតែ បានកើតឡើងនៅសម័យនោះអែង។
ឯកសារខ្មែរមួយទៀតបានសរសេរទាក់ទងនឹងរឿងនេះដែរថា
ក្ដីលំបាកវេទនារបស់ខ្មែរ ជាគូលីកំណែននេះប្រៀបបាននឹងឋាននរក។
មួយថ្ងៃៗ ធ្វើការតាំងពីព្រលឹមទល់ព្រលប់ អិតមានសំរាកឡើយ
ទឹកសំរាប់ផឹកមានក្លិនលាមក បាយស៊ីទៅហើមពោះ បណ្ដាលអោយកើតរោគ
យួនវាយសំពងថែមទៀត ដោយចោទថាខ្មែរខ្ជិល ខ្មែរធ្វើពុត ខ្មែរយឺត។ នៅពេលដែលយួនបើកទឹកបង្ហូរចូលព្រែក
យួនអិតប្រាប់ខ្មែរទេ បណ្ដាលអោយកម្មករកំណែនខ្មែរ
ដែលរត់មិនទាន់លិចលង់ក្នុងព្រែកស្លាប់ជាច្រើន។ ចំពោះអំពើព្រៃផ្សៃ
អមនុស្សធម៌របស់យួន ព្រះអង្គចន្ទអិតបានតវ៉ាឡើយ
មានតែមន្រ្ដីម្នាក់បានចេញមុខការពារ។
យួនដឹងក៏ចាប់មន្រ្ដីនោះទៅសំលាប់ចោល។ ក្រៅពីកែនខ្មែរអោយទៅជីកព្រែក
យួននៅបានបង្ខំខ្មែរអោយកាប់ព្រៃឈើ អោយគេថែមទៀត។
ដំបូងគេប្រើគោក្របីរទេះសំរាប់អូសឈើ
តែដល់សត្វស្លាប់អស់ទៅដោយកាប់ឈើច្រើនពេក គេក៏ប្រើមនុស្សអោយអូសវិញ។
អំពើអមនុស្សធម៌នេះបណ្ដាលអោយប្រជារាស្រ្ដខ្មែរ
ព្រះសង្ឃខ្មែរទ្រាំពុំបាន ក៏នាំគ្នាកាប់សំលាប់យួនអស់ជាច្រើន។
តែយួនសងសឹកខ្មែរវិញយ៉ាងសាហាវបំផុត(១៨)។
នៅគ.ស.១៨២០ មានភិក្ខុមួយអង្គនាមកែគង់
បួសនៅវត្ដសំបួរក្នុងខេត្ដភ្នំពេញបានតាំងខ្លួនជាអ្នកសិល្ប៍ភូវិសេស
ទៅបញ្ចុះបញ្ចូលអស់រាស្រ្ដនៅខេត្ដបាភ្នំ រួចទៅរួបរួម
នឹងសម្ដេចចៅពញាតី ឧកញ៉ានរេន្ទគល់ និង នាយកែព្រាលន លើកទ័ពទៅកាប់សំលាប់យួនអស់ជាច្រើន។
ពេលនោះអុងតាគុន លេវ៉ាន់យៀក នៅព្រៃនគរប្រើអោយនាំពល
៣០០នាក់លើកដល់ភ្នំពេញ ហើយបង្ហួសទៅបោះទ័ពនៅកោះសូទិន
ទើបសម្ដេចព្រះឧទ័យរាជា ទ្រង់បញ្ជាអោយលើកទ័ពទៅជាបន្ថែម
ហើយចាប់ភិក្ខុកែគង់ យកទៅសំលាប់។ ចំណែកអែសម្ដេចចៅពញាតី
ឧកញ៉ានរេន្ទគល់ នាយកែព្រាលន ត្រូវចាប់បានបញ្ជូនទៅព្រៃនគរ
ហើយក្រោយមកត្រូវប្រហារជីវិតបង់ដែរ។ រាជពង្សាវតារបានបញ្ជាក់ថា
ឧប្បត្ដិហេតុនេះ កើតមកពីការវិវាទរវាងនាម៉ឺនខ្មែរ និងនាម៉ឺនយួន។
នៅគ.ស១៨២១ ម្នាងម្នាក់នៃអង្គដួង
បានប្រសូតបុត្រីនាមមុំ។ នៅឆ្នាំក្រោយអ្នកម្នាងយស
របស់អង្គចន្ទមានបុត្រីនាមអង្គពៅ។ នៅគ.ស ១៨២៩ អ្នកម្នាងប៉ែន
(ប្អូនអ្នកម្នាងក្រចាប់) មានបុត្រីនាមអង្គស្ងួន។ នៅគ.ស ១៨៣២
សៀមលើកទ័ពមកតាមផ្លូវបាត់តំបង ពោធិសាត់ ហើយមករហូតដល់កំពង់ឆ្នាំង។
ទ័ពខ្មែរស្ថិតនៅក្រោមបញ្ជាការចក្រី ឡុង
បានប្រយុទ្ធជាមួយទ័ពសៀមនៅបឹងពោធិ តែនៅទីបំផុតខ្មែរទន់ដៃជាង
បាក់ទ័ពហើយចក្រី ឡុង ក៏ភៀសទៅនៅខេត្ដបាភ្នំ។
បរាជ័យលើកនេះជាហេតុបណ្ដាលអោយព្រះឧទ័យរាជាអង្គចន្ទ
ភៀសទៅស្រុកក្រោមម្ដងទៀត ហើយទៅគង់នៅលង់ហោរ។ ទ័ពសៀមដែលមាន
ពញាបឌិនតេជោ ជាមេបញ្ជាការបាននាំព្រះអង្គអិមមហាឧបរាជ និង ព្រះអង្គដួង
មកទុកអោយគង់នៅភ្នំពេញ
ហើយលើកទ័ពបង្ហួសទៅប្រយុទ្ធជាមួយយួននៅមាត់ជ្រូក វាយឈ្នះយកបានបន្ទាយនេះ។
នៅពេលនោះឧកញ៉ាចក្រី ឡុង
ដែលបានភៀសទៅបាភ្នំនោះ បានទៅកែនទ័ព
ហើយវាយឈ្នះទ័ពសៀមដែលឆ្លងទៅត្រើយខាងកើត។ ចំណែកពញាបឌិនតេជោ
ដែលវាយឈ្នះយួននៅមាត់ជ្រូកនោះ បានជំរុលរហូតដល់លង់ហោរ
តែត្រូវទទួលបរាជ័យ ក្នុងចំបាំងជើងទឹកជាមួយយួន។
សៀមលើកទ័ពថយទៅវិញអស់។ លុះទ្រង់ជ្រាបដំណឹងនេះ ព្រះអង្គអិម
និងព្រះអង្គដួងក៏ភៀសទាំងពីរអង្គទៅខេត្ដបាត់ដំបង។
លុះសៀមដកទ័ពថយទៅវិញអស់
ហើយយួននាំព្រះឧទ័យរាជាអង្គចន្ទត្រលប់មកសោយរាជ្យនៅភ្នំពេញវិញ។ ចក្រីឡុងត្រូវបានតាំងជានាយករដ្ឋមន្រ្ដី។
យួនបានសង់បន្ទាយអាណ្ណាមនៅជិតក្រុងភ្នំពេញ
ហើយចាត់មេទ័ពឈ្មោះទ្រឿងមិញយ៉ាង និងមន្រ្ដីឈ្មោះលេដាយ គឿង
អោយឈរត្រួតត្រាប្រទេសខ្មែរ។ ព្រះឧទ័យរាជាអង្គចន្ទ
ទ្រង់សោយទីវង្គតនៅ គ.ស ១៨៣៤ ដោយរោគរាគក្នុងព្រះជន្ម៤៤ព្រះវស្សា។
III.
ក្សត្រីអង្គម៉ី គ.ស ១៨៣៤ -
១៨៤០
ព្រះចៅមិញ ម៉ាង
ដែលជារាជបុត្រសោយរាជ្យស្នងព្រះចៅ យ៉ាឡុង ទ្រង់បញ្ជូន អុងខាំ ម៉ាង
អោយនាំគ្រឿងបណ្ណាការឡើងមកជួយការបុណ្យព្រះបរមសព។ រាជទូតរូបនេះ
នៅមានបេសកកម្មម្យ៉ាងទៀតគឺ
ការជ្រើសរើសក្សត្រអោយឡើងសោយរាជ្យសម្បត្ដិស្នងព្រះឧទ័យរាជាអង្គចន្ទ។
តាមពិតលោកបានទទួលបញ្ជាជាស្រេចពីព្រះចៅមិញ ម៉ាង
ថាត្រូវជ្រើសរើសក្សត្រអង្គណាអោយឡើងកាន់អំណាច
ដូចមានសេចក្ដីបញ្ជាក់ពីព្រះរាជពង្សាវតារថា អុង ខាំម៉ាង
បាននាំទាំងព្រះនាមមកថ្វាយរៀបអភិសេកអ្នកអង្គម៉ី
ជាព្រះរាជបុត្រីបន្ទាប់អោយគ្រប់គ្រងក្រុងកម្ពុជាធិបតី។ ប៉ុន្ដែ
ដើម្បីជាការបិទបាំងកុំអោយអ្នកផងស្គាល់ព្រះរាជបំណងព្រះចៅយួន
លោកបានធ្វើការប្រឹក្សាសួរយោបល់នៃមន្រ្ដីខ្មែរ ដោយបានបញ្ជាក់ថា
ត្រូវចៀសវាងកុំលើកក្សត្រទាំងឡាយដែលបានភៀសទៅខាងសៀម មានព្រះអង្គអិម
មហាឧបរាជ និងព្រះអង្គដួងជាដើម នឹងត្រូវចៀសវាងកុំលើកក្សត្រី
អង្គប៉ែន ព្រោះមាតាជាអ្នកស្និតស្នាលនឹងសៀមទៀត(៤២)។
ដោយហេតុនោះក្សត្រីអង្គម៉ី
ជាបុត្រីបន្ទាប់នៃព្រះឧទ័យរាជាអង្គចន្ទ ត្រូវលើកអោយឡើងសោយរាជ្យ
ក្នុងព្រះជន្ម ២០វស្សា នៅកោះស្លាកែត ដោយមានព្រះនាមហៅតាមយួនថា
បាគុនចៅ ប៉ុន្ដែបើតាមឯកសារយួនថា មានព្រះនាមថា ង៉ុក វីងកុងជូ
ហើយមានឋានៈត្រឹមជា ក្វឹង ជួ គឺស្មើ នឹងចៅហ្វាយខេត្ដម្នាក់ប៉ុណ្ណោះ។
ចំណែកអែក្សត្រីអង្គពៅ ត្រូវលើកជាឧបរាជជីនី និងក្សត្រី អង្គស្ងួន
ត្រូវលើកជាកែវហ្វា(៤០-៤៤)។
ចំពោះការជ្រើសរើសក្សត្រីមួយអង្គអោយឡើងសោយរាជ្យនេះ
លោកអាដ្ហេមាដ លើគ្លែ បានសរសេរថា ការជ្រើសរើសតាំងនេះ
ពុំបានធ្វើអោយអាណាចក្រប្រជារាស្រ្ដងឿងឆ្ងល់ពេកទេ
ព្រោះថាបើគេពុំដែលនឹកឃើញថា
ស្រ្ដីម្នាក់អាចត្រូវបានលើកអោយឡើងសោយរាជ្យនៅប្រទេសកម្ពុជា
ក៏គេធ្លាប់បានឃើញជាញយដងដែរថា
មានព្រះរាជាខ្លះដោយជក់ព្រះទ័យខ្លាំងនឹងការសាងផ្នួស
ទ្រង់បានប្រគល់អំណាចអោយព្រះអគ្គមហេសី រឺព្រះមាតាដែរ (៤៤)។
ឯកសារផ្សេងៗបានបញ្ជាក់អោយឃើញថា
ក្នុងរជ្ជកាលរបស់ព្រះអង្គក្សត្រីអង្គម៉ី ពុំមានអំណាចអ្វីធំដុំឡើយ
ហើយយួនបានចាត់វិធានការគ្រប់បែបយ៉ាងដើម្បីអោយខ្មែរក្លាយទៅជាយួន
ជាហេតុបណ្ដាលអោយអាណាចក្រប្រជានុរាស្រ្ដបានដល់នូវសេចក្ដីទុក្ខវេទនាអិតស្រាកស្រាន្ដ។
ដំបូងប្រទេសខ្មែរត្រូវគេផ្លាស់អោយមានឈ្មោះហៅថា ត្រឹង តីថាញ់(១)
ហើយត្រូវចែកជា ៣២ភូ(២) និង ពីររៀង(៣)។ នៅប្រទេសខ្មែរទាំងមូលមានមេទ័ពម្នាក់
និងមន្រ្ដីយួនជាច្រើននាក់ទៀតជាអ្នកមើលការខុសត្រូវ
ក្នុងកិច្ចការរដ្ឋទាំងឡាយ។ នៅកន្លែងណាដែលជាចំនុចយុទ្ធសាស្រ្ដនោះ
មានចាត់អោយមានបន្ថែមនូវមន្រ្ដីដែលយួនហៅថា ទ្វៀនភូ និង អានភូ(៤)
ដើម្បីការពារថែមទៀត(៤០)។
ឈ្មោះខ្មែរទាំងឡាយ គិតតាំងពីឈ្មោះមនុស្ស
រហូតដល់ឈ្មោះក្រុងខេត្ដស្រុក
ភូមិសុទ្ធតែត្រូវផ្លាស់ប្ដូរមានសូរសៀងជាយួនទាំងអស់៖
- ក្សត្រីអង្គម៉ី ..... ង៉ុកវីង
កុងជូ
- ចៅហ្វាឡុង ..... ត្រាឡុង
- ភ្នំពេញ ....ណាវ៉ាង
- បន្ទាយពេជ្រ ... កប៊ិច
- ល្វាអែម .... ឡាឡេប
- ឧដុង្គ .....បាក់ កូ ណាម
- សំរោង ... ឡុងទោន
- បន្ទាយមាស ... សាយម៉ាត
- កំពត ... កឹងវ៉ត
- បាសាក់ ...បាថាក់
- ពាមបន្ទាយមាស ... ហាទៀង
- ស្រុកឃ្លាំង ... សុក ត្រាំង៘
រាជពង្សាវតារខ្មែរ បានបញ្ជាក់ថា កាលណោះ
អុងតាគុន ជាធំនៅថែរក្សាស្រុកភ្នំពេញ បានធ្វើអោយនាម៉ឺនសព្វមុខមន្រ្ដីខ្មែរមានការក្ដៅក្រហាយ
ដោយបង្ខំអោយស្លៀកពាក់ខោអាវ អោយជួតក្បាល និងអោយមានងារសក្ដិ
ហៅតាមបែបយួនទាំងអស់។
ម្ប៉ាងទៀតចៅហ្វាយស្រុកនៃខេត្ដខ្មែរទាំងអស់សុទ្ធតែមានមន្រ្ដីយួននៅអមដើម្បីត្រួតពិនិត្រនិងឃ្លាំមើលសកម្មភាពជាអចិន្ត្រៃយ៍។
អាណាចក្រប្រជារាស្រ្ដត្រូវបង្ខំអោយបង់ពន្ធជាទំងន់
ត្រូវកែនចាប់ប្រើអោយធ្វើស្រែកាប់ចំការខ្លះ
បំពេញកិច្ចការសារធារណៈខ្លះ ដូចសង់បន្ទាយ លើកផ្លូវពីភ្នំពេញ
ទៅខេត្ដទ្រាំងបន្ទាយមាស។ នៅតាមបណ្ដោយផ្លូវនោះតំរូវអោយសង់រោងមានមនុស្សប្រចាំការ
៣នាក់គ្រប់ដំណាក់ដែលយួនហៅថាត្រាម។
ចំណែកព្រះពុទ្ធសាសនា
ក៏ត្រូវរាជការយួនធ្វើទុក្ខបុកម្នេញយ៉ាងខ្លាំង។
វត្ដអារាមត្រូវរុះរើ ព្រះពុទ្ធរូបត្រូវវាយកំទេច។ នៅអែស្រុកក្រោម
ស្ដេចមិញ ម៉ាង
បានបង្ខំអោយព្រះសង្ឃខ្មែរប្រព្រឹត្ដដូចជាលោកសង្ឃយួនផ្នែកមហាយាន
គឺត្រូវទុកចិញ្ចើម មិនឆាន់សាច់ស្លៀកខោពាក់អាវផាយ កត្រង់ពណ៌ឈាមជ្រូក
ពេលសូត្រធម៌ត្រូវមានវាយត្រដោកផង (៤៥-៤៧)
គឺនៅក្នុងក្របខ័ណ្ឌប្រឆាំងបំបាត់ទំនៀមទំលាប់ប្រពៃណីខ្មែរនេះហើយ
ដែលលោកចៅហ្វាយស្រុកខេត្ដព្រះត្រពាំងនាមចៅហ្វាគុយ សុខចិត្ដធ្វើពលិកម្មបូជាជិវិតដើម្បីថែរក្សាកេរមត៌កពីដូនតាតទៅទៀត។
នៅអែកម្ពុជាលើ
ក៏មានមន្រ្ដីជាច្រើនបានប្រឆាំងចំពោះការជិះជាន់របស់យួន
ខ្លះក៏ត្រូវចាប់បាន ហើយយកទៅប្រហារជីវិត ខ្លះទៀតក៏រត់ចូលទៅខាងសៀម។
នៅគ.ស. ១៨៤០ ស្ដេចមិញ ម៉ាង ទ្រង់បញ្ជាមន្រ្ដីជាន់ខ្ពស់ពីរនាក់ទៀត
គឺលេវ៉ាន់ឌិក និង យនអ៊ុន អោយមកជួយងឿងមិញយ៉ាង
ក្នុងការគ្រប់គ្រងប្រទេសខ្មែរ ជាពិសេសក្នុងការត្រួតពិនិត្យពាណិជ្ជកម្ម
ការកំរិតពន្ធដា និងការវាស់វែងដីស្រែ។
ឆ្នាំដដែលនោះដើម្បីចៀសវាងការបះបោរ
ដែលអាចកើតមានឡើង ទ្រឿង មិញយ៉ាង បានប្រើឧបាយបញ្ជាអោយមន្រ្ដីធំជំនិត
នាំសារទៅថ្វាយអង្គអិម មហាឧបរាជ ដែលព្រះចៅសៀមនាមណាំង ក្លាវ
ទ្រង់ប្រោសអាយទៅគង់នៅបាត់តំបង ថាសូមយាងព្រះអង្គចូលសោយរាជ្យ
នៅប្រទេសកម្ពុជា។ លុះលឺដូច្នោះហើយ
ព្រះមហាឧបរាជក៏ជឿតាមទ្រង់បញ្ជាអោយមន្ត្រីទូលបង្កាច់ថា
ព្រះអនុជអង្គដួង ចង់រត់ចូលកម្ពុជា ដើម្បីឡើងសោយរាជ្យ។
ពេលនោះព្រះចៅសៀមទ្រង់បានបញ្ជាអោយគេនាំព្រះអង្គដួងត្រលប់ចូលក្រុងបឹងកកវិញ។
ចំណែកព្រះឧបរាជទ្រង់ដំណើរមកដល់ភ្នំពេញ។ ទ្រឿងមិញយ៉ាង
បានបញ្ជាអោយនាំបង្ហួសយកទៅដល់ក្រុងវេ។
បន្ទាប់ពីនោះ
ទ្រឿងមិញយ៉ាងបានប្រើកលម្ដងទៀតថា
សូមអញ្ជើញមន្រ្ដីជាន់ខ្ពស់របស់ខ្មែរមានចៅហ្វាឡុង ជាដើមអោយទៅក្រុងវេ
ថាដើម្បីពិភាក្សាពីកិច្ចការរដ្ឋជាមួយព្រះចៅយួន និងព្រះឧបរាជ។
លុះមន្រ្ដីចេញដំណើរអស់ហើយ ទ្រឿងមិញយ៉ាង
បានបញ្ជាអោយគេចាប់ក្សត្រីទាំង៤ បញ្ជូនទៅស្រុកក្រោមទៀត។ លុះទៅដល់លង់
ហោរ លោកចៅហ្វាយខេត្ដនេះអោយតែក្សត្រី ៣អង្គ គឺអង្គម៉ី អង្គពៅ និង
អង្គស្ងួន បន្ដដំណើរទៅដល់ព្រៃនគរ ចំណែកអង្គប៉ែន ត្រូវយកទៅផ្លុងទឹកចោល
ដោយត្រូវចោទថាចង់នាំមាតារត់ទៅស្រុកសៀម។
អំពើទាំងប៉ុន្មានដែលយួនបានប្រព្រឹត្ដនេះពុំបានបាត់ស្ងាត់ទេ។
អស់នាម៉ឺនសព្វមុខមន្ដ្រីចៅហ្វាយស្រុកខេត្ដ និង
អស់បណ្ដារាស្រ្ដកើតក្ដីក្ដៅក្រហាយខឹងនឹងយួន
ព្រោះដឹងថាវាបំរុងនឹងរំលាយស្រុកខ្មែរអោយសាបសូន្យ
ម៉្លោះហើយបានស្រុះចិត្ដគ្នាបះឡើងកជាទ័ព
លើកទៅកាប់សំលាប់យួនអស់ជាច្រើន យួនរត់មកផ្ដុំគ្នានៅភ្នំពេញ។ នាម៉ឺន
និងរាស្រ្ដខ្មែរជំនុំពិភាក្សាគ្នាហើយ មូលមតិគ្នាចាត់ឧកញ៉ាវិបុលរាជ ឡុង
និងឧកញ៉ាសួគ៌ាលោកមុក អោយចូលទៅស្រុកសៀមទូលព្រះចៅ ណាំងភ្លាវ
សូមយាងព្រះអង្គបឌិនតេជោ លើកទ័ពនាំព្រះអង្គដួងចូលមកស្រុកខ្មែរវិញ។
ស្ដេចយួនឃើញស្ថានការណ៍ដូច្នោះ
ទ្រង់ចាត់អោយលើកទ័ពនាំព្រះមហាឧបរាជ និងក្សត្រាក្សត្រីមកវិញ
តែរាស្រ្ដខ្មែរមិនជឿយួនទៀត
យួនក៏នាំព្រះមហាឧបរាជទៅគង់នៅមាត់ជ្រូកសិន។
(១)
មណ្ឌលរដ្ឋបាលមួយក្នុងសម័យបុរាណរបស់យួន, តី =
ខាងលិច, ថាញ់ = បន្ទាយ, ដូច្នះ
ត្រឹង តី ថាញ់ មានន័យថា មណ្ឌលរដ្ឋបាលជាបន្ទាយនៅទិសខាងលិច។
(២) ភូ ស្មើនឹងខេត្ដមួយ។
(៣)វៀង ស្មើ នឹងស្រុកមួយ។
(៤) ស្មើនឹងចៅហ្វាយខេត្ដ?។
No comments:
Post a Comment