សៀម និង យួន ស្រុះស្រួលគ្នាដើម្បីត្រួតត្រាខ្មែរ
I.
ព្រះហរិរក្សរាមាអិស្សរាធិបតីអង្គដួង
គ.ស១៨៤០ - ១៤៥៩
ព្រះអង្គដួង
ព្រះរាជបុត្រពៅនៃព្រះបាទ នារាយណ៍រាជាទី៣ អង្គអេង
ត្រូវបាននាម៉ឺនសព្វមុខមន្រ្ដី និង ពញាបឌិនតេជោ
យាងអោយឡើងសោយរាជ្យសម្បត្ដិ។ ព្រះអង្គទៅគង់នៅវាំងឃ្លាំងស្បែក
ដែលរាស្រ្ដបានសាងថ្វាយ នៅជិតពញាលឺ។ ឯពញាបឌិនតេជោ
ក៏ស្ថិតនៅក្នុងប្រទេសខ្មែរសិនដើម្បីចាំជួយអន្ដរាគមន៍
អោយបានទាន់ពេលវេលា បើមានការចាំបាច់។
ឯកសារយួនបាននិយាយថានៅពេលនោះ
នៅប្រទេសចឹងឡាប (ប្រទេសខ្មែរ) ពួកអ្នកស្រុករួមគ្នា
និងពួកសៀមបានធ្វើការប្រយុទ្ធយ៉ាងខ្លាំងក្លា។ ទ័ពយួនទប់មិនជាប់ជាហេតុនាំអោយរាជការយួនមានសេចក្ដីព្រួយបារម្ភយ៉ាងខ្លាំង។
ម៉្លោះហើយនៅដើមរជ្ជកាលស្ដេចធៀរទ្រី (១៨៤១) នាម៉ឺនឈ្មោះ តាក្វាង គឺ
បានទទួលសុំបោះបង់ចោលប្រទេសចឹងឡាប
ដកថយទៅចាំទប់ទល់នៅមាត់ជ្រូកវិញ។ ស្ដេចយួនទ្រង់ជឿតាមហើយបញ្ជាអោយ
ទ្រឿងមិញយ៉ាងដកទ័ពចេញពីស្រុកខ្មែរ។
លុះមកដល់មាត់ជ្រូកលោកឈឺចិត្ដពេកធ្លាក់ឈឺហើយទទួលមរណភាពទៅ(៤០)។
ព្រភពយួនដដែលនេះបាននិយាយថា
ក្នុងពេលដំណាលគ្នានោះនៅស្រុកក្រោមមានការតស៊ូរបស់លោក លឹម សោម
និងព្រះសង្ឃ។ ចំពោះរឿងនេះ ឯកសារខ្លះទៀតបានបញ្ជាក់ថា លោកលឹមសោម រឺ
ទេស្សាសោម បានកទ័ពនៅស្រុកចាបភ្លើង ក្នុងខេត្ដព្រះត្រពាំង
ក្នុងបំណងសងសឹកជួសចៅហ្វាយគុយ
និងដេញកំចាត់សត្រូវអោយចេញផុតពីទឹកដីដូនតារបស់លោក។
ដោយមានសេនាឯកប្រុញ និង ម៉ឺនសោម ជួយយ៉ាងសកម្មផង
លោកបានលើកទ័ពទៅដល់ផ្នោរដូង សំលាប់បានយួនជាច្រើន
តែនៅទីបំផុតលោកត្រូវទទួលបរាជ័យដោយទ័ពជំនួយរបស់យួនលើកមកពីខេត្ដខាងកើត។
លោកត្រូវចាប់ដាក់ទ្រុង
នាំយកទៅក្រុងវេហើយត្រូវប្រហារជីវិតតាមបញ្ជាស្ដេចធៀវទ្រី។
លុះមេទ័ពឈ្មោះ ង្វៀង ទៀនលឹម និងង្វៀងកុងទ្រី
បាន
បង្ក្រាបការតស៊ូរបស់លោកលឹមសោមនៅស្រុកក្រោមហើយ
សៀមបានលើកទ័ពជើងទឹកមកចុះត្រង់កំពត
ហើយការប្រយុទ្ធគ្នាជាមួយទ័ពយួនបានប្រព្រឹត្ដទៅនៅពាម
នៅទីបំផុតសៀមដកទ័ពថយទៅវិញអស់។
ប៉ុន្ដែទ័ពសៀមដែលនៅសល់ក្នុងស្រុកខ្មែរ
និងទ័ពយួនដែលនៅក្នុងស្រុកក្រោមចេះតែប្រយុទ្ធគ្នាជាបន្ដទៅទៀតរហូតដល់ឆ្នាំ១៨៤៥។
នៅឆ្នាំនោះស្ដេចធៀវទ្រី បានបញ្ជាអោយលើកទ័ពធំចូលវាយសៀមយកបានភ្នំពេញ
ហើយលើកបង្ហួសទៅព័ទ្ធក្រុងឧដុង្គថែមទៀត។ ខាងខ្មែរ -
សៀមសុំចរចារកសន្ដិភាព យួនមិនព្រម។
តែមិនយូរប៉ុន្មានយួនខ្លួនអែងសុំចរចាម្ដងវិញ។
ការចរចាបានប្រព្រឹត្ដទៅនៅសមរភូមិពោធិបីដើម
: យួន និង សៀមថា ចង់ទំនុកបំរុងប្រទេសខ្មែរ និង ស្ដេចខ្មែរដូចគ្នា
ថាត្រូវអភិសេកព្រះអង្គដួង អោយឡើងសោយរាជ្យដោយតំណាងប្រទេសទាំងពីរ
សៀមរុះបន្ទាយយួន យួនរុះបន្ទាយសៀម។ សៀមបានដោះលែងមេទ័ព
និងទាហានយួនជាឈ្លើយ ឯយួនត្រូវដោះលែងក្សត្រាក្សត្រីខ្មែរមកវិញ។
រហូតដល់គ.ស ១៨៤៧ ទើបព្រះអង្គដួងត្រូវបានអភិសេកអោយឡើងសោយរាជ្យនៅឧដុង្គ
ដោយមានព្រះនាមសំរាប់រាជថា ព្រះហរិរក្សរាមាអិស្សរាធិបតី។
នៅឆ្នាំក្រោយពញាបឌិនតេជោ បានលាព្រះអង្គត្រលប់ចូលក្រុងបឹងកកវិញ។
គួរគប្បីជ្រាបថា
នៅពេលឡើងសោយរាជព្រះអង្គដួង ទ្រង់តូចព្រះទ័យខ្លាំងណាស់ ចំពោះការបាត់បង់ទឹកដីជាច្រើនដែលត្រូវយួន
និងសៀមប្រវ័ញ្ចយកដោយខុសច្បាប់។ ទឹកដីខ្មែរពីដើមមានវិសាលភាពធំទូលាយ
ឥលូវនេះត្រូវរួញតូចជាអតិបរិមា
ប៉ុន្ដែព្រះអង្គដួងពុំហ៊ានលើកបញ្ហានោះមកចោទ រឺ តវ៉ាអ្វីជាមួយយួន
និងសៀមឡើយ ពីព្រោះអ្នកជិតខាងទាំងពីរនេះមិនចូលចិត្ដអោយលើករឿងទឹកដីនេះមកពិភាក្សាឡើងវិញ។
គេយល់ថាទឹកដីទាំងប៉ុន្មានដែគេបានកាន់កាប់នោះ
គឺសុទ្ធជាកម្មសិទ្ធស្របច្បាប់របស់គេទាំងអស់រួចហើយ។
នៅគ.ស. ១៨៥៤ ដោយអត់ទ្រាំពុំបាននឹងអំពើរំលោភទន្រ្ទានយកទឹកដីពីសំណាក់ជនជាតិយួន
ដែលរស់នៅក្នុងកម្ពុជាក្រោម ព្រះអង្គដួងទ្រង់បានសំរេចព្រះទ័យថា
ត្រូវតែសុំជំនួយ និងការពារពីមហាអំណាចអឺរ៉ុបណាមួយ។
ដោយហេតុនោះព្រះអង្គទ្រង់បានបញ្ជូនដោយសំងាត់នូវមន្ដ្រីខ្មែរម្នាក់កាន់សាសនាកាតូលិចអោយទៅសិង្ហបុរី
ដើម្បីយកព្រះសារលិខិតរបស់ព្រះអង្គសរសេរជាភាសាបារាំងដោយសម្ដេចមិស Miche យកទៅថ្វាយព្រះចៅណាប់ប៉ូលេអុងទី៣
តាមរយៈលោកកុងស៊ុលបារាំងប្រចាំនៅទីនោះ។
ជាមួយគ្នានោះព្រះអង្គដួងទ្រង់បានផ្ញើ គ្រឿងបណ្ណាការខ្លះទៅថ្វាយព្រះចៅប្រទេសបារាំង
មានភ្លុកដំរី កុយរមាស រង្គ ស្ករ និងម្រេចជាដើម។
លោកកុងស៊ុលបារាំងបានសន្យាថា នឹងនាំព្រះសារលិខិត
និងដង្វាយទៅក្រុងបារីស។
នៅគ.ស ១៨៥៤ លោករាជទូត ដឺម៉ុងទីញី Montigny ត្រូវបានចាត់អោយបំពេញបេសកកម្មជាច្រើននៅឥណ្ឌូចិន
និងប្រទេសចិន។ លោកបានទទួលបញ្ជាពីព្រះចៅណាប់ប៉ូលេអុង
អោយធ្វើសន្ធិសញ្ញាមិត្ដភាព និងខាងជំនួញជាមួយខ្មែរ
ប៉ុន្ដែការធ្វេសប្រហែសរបស់រាជទូតរូបនេះ
បានធ្វើអោយព្រះចៅសៀមទ្រង់ជ្រាបពីបំណងរបស់ប្រទេសបារាំង
ជាហេតុបណ្ដាលអោយសន្ធិសញ្ញារវាងខ្មែរ និងបារាំងពុំបានសំរេចទៅវិញ។
ម្យ៉ាងទៀតលោកដឺម៉ុងទីញី ពុំបានអញ្ជើញទៅជួបនឹងព្រះរាជាខ្មែរទេ
លោកគ្រាន់តែបញ្ជាអោយបព្វជិតហ៊ាត្រេស ដែលឈរនៅកំពតទៅគាល់ព្រះអង្គ។
ដោយទ្រង់មិនពេញព្រះទ័យ នឹងអាកប្បកិរិយារបស់លោកម៉ុងទីញីផង
និងដោយខ្លាចមានការធ្វើទុក្ខបុកម្នេញពីសំណាក់សៀមផង
ព្រះអង្គដួងក៏ទ្រង់លះបង់ចោលនូវព្រះបំណងសុំការពារពីប្រទេសបារាំង។
ក្នុងព្រះសារលិខិតទី២
ព្រះអង្គទ្រង់បានរំលឹកដល់ព្រះចៅណាប់ប៉ូលេអុង
ទឹកដីដែលយួនបានយកហើយដែលស្ថិតនៅចន្លោះត្រើយខាងលិចនៃព្រែកព្រៃនគរ
និងពាម គិតទាំងកោះត្រល់ និងកោះត្រលាច ពិតជាដីរបស់ខ្មែរ។
ចំពោះព្រះសារលិខិតទី២នេះ ប្រទេសបារាំងពុំបានឆ្លើយតបអ្វីសោះឡើយ។
នៅគ.ស.
១៨៥៦ ដោយព្រះអង្គវ័យកាន់តែជរា
ហើយដោយនឹកគិតទៅដល់អនាគតនៃប្រទេសជាតិ
ព្រះអង្គដួងទ្រង់សូមព្រះចៅសៀមអោយតែងតាំងព្រះរាជបុត្រច្បងនាម
អង្គវតី ជាមហាឧបរាជ និង ព្រះរាជបុត្របន្ទាប់នាម ស៊ីសុវត្ដិ
ជាព្រះកែវហ្វា
និងសូមអោយបានវិលចូលក្រុងកម្ពុជាដើម្បីជួយបំពេញរាជការផង។
នាឆ្នាំដដែល
យួននៅស្រុកក្រោមបានសង់បន្ទាយនៅបាយឆៅ នៅឃ្លាំង និងនៅ លំពូយា
ដើម្បីពង្រឹងជំហររបស់ខ្លួននៅក្នុងខេត្ដខាងលិច។ វាបានរំលោភអំណាចរបស់ព្រះចៅហ្វាស្រុកសុខ
ជាហេតុបណ្ដាលអោយខ្មែរ ក្រោកឡើងក្រោមបញ្ជាការរបស់សេនាលឹម
លើកទៅប្រយុទ្ធ នឹងយួនដោយមានជ័យជំនះ នៅតំបន់ទំនប់ និងកំពង់ត្រប់។
ពេលនោះព្រះអង្គដួង ទ្រង់អោយសង់បន្ទាយ និងលើកទ័ពទៅចាំនៅព្រំដែន។
យួនឃើញដូច្នោះបានលើកទ័ពទៅរាំងដើម្បីកុំអោយខ្មែរខាងលើ
និងខ្មែរខាងក្រោមទាក់ទងគ្នាបាន។
និយាយពីនៅស្រុកយួនឯណោះ
ក្នុងរជ្ជកាលរបស់ស្ដេចទីឌឹក និងក្នុងរជ្ជកាលមុនៗ
មានការធ្វើទុក្ខបុកម្នេញលើរូបអ្នកផ្សាយសាសនា ជាហេតុនាំអោយបារាំងធ្វើអន្ដរាគមន៍ដោយយកលេសថា
ដើម្បីការពារជនទាំងនោះ នៅគ.ស. ១៨៥៨។
គឺនៅក្នុងស្ថានភាពថ្មីនេះហើយដែលព្រះអង្គដួង
បានទាក់ទងសាជាថ្មីជាមួយជនជាតិបារាំង។ តាមរាជពង្សាវតារខ្មែរថា
ព្រះអង្គទ្រង់បានជួលទ័ពបារាំងអោយជួយវាយយកព្រៃនគរ គិតជាឈ្នួល
៥០០ណែនប្រាក់។ ក្នុងពេលដំណាលគ្នានោះ ពួកចាមជ្វានៅខេត្ដត្បូងឃ្មុំ
បានបះប្រឆាំងនឹងចៅហ្វាយស្រុកខេត្ដនេះ ក្រោមការដឹកនាំមេ ៣នាក់គឺ
ទួនហ៊ីម ទួនស៊ី និង ទួនអ៊ិត។ ព្រះអង្គដួង ទ្រង់លើកទ័ពទៅបង្ក្រាប
មេម្នាក់ត្រូវស្លាប់ ២នាក់ទៀតបានរត់រួចចូលទៅមាត់ជ្រូក។
រាជពង្សាវតារខ្មែរថានៅគ.ស ១៨៥៨នោះ លោកមេទ័ព
ឌូដាដដឺលាក្រេ Doudart de lagrée បាលើកទ័ពទៅវាយព្រៃនគរ
អែព្រះអង្គដួងទ្រង់បញ្ជាអោយលោកឧកញ៉ាជាសេដ្ឋីកែប
លើកទ័ពទៅវាយទ្រាំងត្បូង បាសាក់ ព្រះត្រពាំង ក្រមួនស មាត់ជ្រូក។
ចំណែកអែពួកចាមជ្វាដែលរត់ទៅមាត់ជ្រូក
ចូលទៅបំបះរាស្រ្ដលើកទៅវាយឧដុង្គ តែត្រូវព្រះឧបរាជ
និងព្រះកែវហ្វាចាប់បានពួកមេដឹកនាំហើយបាក់ទ័ពរត់ខ្ជាត់ខ្ជាយទៅវិញអស់។
និយាយពីឧកញ៉ា កែប ដែលលើកទ័ពទៅវាយយួនអែស្រុកក្រោមនោះ
ឃើញថាមានជោគជ័យ ហើយចេះតែជំរុញទៅមុខ
ប៉ុន្ដែនៅពេលដែលព្រះរាជាសោយទីវង្គតទៅ (១៨៥៩)
ហើយដោយមានការវិកវរនៅឯរាជធានីឧដុង្គ
លោកក៏ដកទ័ពចូលវាយស្រុកក្រោមនោះ
គឺដើម្បីទៅបង្រ្កាបពួកចាមជ្វាបះបោររត់ទៅទីនោះ
ហើយដែលរាជការយួនមិនព្រមចាប់ប្រគល់មកអោយខ្មែរវិញ(៤២)។
II.
ស្នាព្រះហស្ដព្រះអង្គដួង
ព្រះបាទហរិរក្សរាមាអិស្សរាធិបតីអង្គដួង
ជាព្រះរាជាមួយអង្គដែលប្រកបដោយទសពិធរាជធម៌។
ព្រះអង្គទ្រង់យកព្រះទ័យទុកដាក់រៀបចំអោយមានសន្ដិភាពក្នុងប្រទេស
និងអោយមានរបៀបរៀបរយក្នុងរាជការ។ យ៉ាងណាមិញ
ការបែកបាក់សាមគ្គីរវាងខ្មែរ និងចំបាំងឈ្លានពានរបស់បរទេស
ជាហេតុនាំអោយប្រទេសពើបប្រទះ នឹងមហន្ដរាយ : ភូមិស្រុកត្រូវដុតបំផ្លាញ
ស្រែចំការត្រូវបានបោះបង់ចោល ផ្នូវថ្នល់ត្រូវបំផ្លិចបំផ្លាញដោយបរិច្ឆេទកម្ម
និងដោយទឹកជំនន់ ស្ពានភាគច្រើនត្រូវខូចខាត។
អសន្ដិសុខកើតពាសពេញផ្ទៃប្រទេស
ព្រោះរាស្រ្ដដែលអត់ឃ្លានក្លាយទៅជាចោរលួចចោរប្លន់
កាប់សំលាប់អិតត្រាប្រណី សកម្មភាពខាងជំនួញអិតមានទាល់តែសោះ។
គឺនៅក្នុងស្ថានភាពដុនដាបបែបហ្នឹងហើយ
ដែលព្រះអង្គដួងទ្រង់បានឡើងគ្រងរាជ។ ព្រះអង្គទ្រង់បានខិតខំរៀ
បចំប្រទេសជាតិឡើងវិញ និងលើកតំកើងជីវភាពប្រជារាស្រ្ដ។ រាជធានីឧដុង្គ
ត្រូវបានស្ថាបនាឡើងវិញ។ ចំនួនខេត្ដក្នុងព្រះរាជាណាចក្រត្រូវបន្ថយ។
ខេត្ដនិមួយៗ មានទំហំផ្ទៃប្រហាក់ប្រហែលគ្នា ហើយត្រូវបែងចែកជាស្រុក។
ពីគ.ស. ១៨៥១ ដល់ ១៨៥៧ ព្រះអង្គបញ្ជាអោយលើកផ្លូវមួយពីឧដុង្គ ទៅ កំពត
ដែលជាកំពង់ផែសមុទ្រតែមួយរបស់ខ្មែរ ព្រោះកំពង់ផែព្រៃនគរ
ត្រូវបានទៅយួនជាស្ថាពរទៅហើយ។ នៅគ.ស.១៨៥២
ព្រះអង្គទ្រង់អោយលើកផ្លូវមួយទៀតភ្ជាប់រាជធានីឧដុង្គ ទៅកំពង់ហ្លួង
ជាកំពង់ផែសំខាន់មួយទៀតរបស់ខ្មែរក្នុងសម័យនោះ។
ក្នុងរជ្ជកាលព្រះអង្គដួង
ព្រះអង្គបញ្ជាកុំអោយមានការតំលើង និង ការបង្កើតពន្ធថ្មី
និងចៀសវាងកុំកែនរាស្រ្ដ
អោយបំពេញកិច្ចការសាធារណៈក្នុងរដូវធ្វើស្រែចំការ។
ព្រះអង្គមានព្រះទ័យអាណិតអាសូរចំពោះរាស្រ្ដដែលរងទុក្ខវេទនា។
ដូច្នេះហើយបានជានៅពេលដែលកើតជំងឺរាតត្បាត
ព្រះអង្គទ្រង់យាងដោយផ្ទាល់ទៅចែកស្បៀងអាហារ និងសំសៀកបំពាក់អោយរាស្រ្ដក្រីក្រ។
ម្យ៉ាងទៀតព្រះអង្គទ្រង់ហាមមិនអោយបរបាញ់សត្វ និង
មិនអោយចាប់ត្រីដោយប្រើព្រួលរាំងពេញព្រែកទេ។ ព្រះអង្គស្ដីបន្ទោស
និងដាក់ទណ្ឌកម្មយ៉ាងធ្ងន់លើពួកជនប្រមឹក ជនជក់អាភៀន
និងជនប្រព្រឹត្ដល្បែងស៊ីសង ទ្រង់បង្ក្រាបដោយតឹងរ៉ឹងនូវអំពើចងការប្រាក់ដោយយកការធ្ងន់ហួសប្រមាណ
ហើយក្នុងការខ្ចីបុលគ្នា
ទ្រង់តំរូវអោយមានកិច្ចព្រមព្រៀងគ្នាជាលាយលក្ខណ៍អក្សរ រវាងមេបំណុល និង
កូនបំណុល។ ជាពិសេសទៅទៀត ព្រះអង្គទ្រង់បានបរិច្ចាគព្រះរាជទ្រព្យផ្ទាល់ដើម្បីលោះ
ពួកមនុស្សខ្ញុំគេអោយបានរួចខ្លួនវិញអស់ជាច្រើន។
ក្នុងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រះអង្គទ្រង់បានបោះប្រាក់រាងមូល
ម្ខាងមានរូបប្រាសាទអង្គរវត្ដ ម្ខាងទៀតមានរូបសត្វហង្ស
សំរាប់ប្រើប្រាស់ក្នុងព្រះរាជណាចក្រ និង ទ្រង់បានទាក់ទាញឈ្មួញចិន និង
ឥណ្ឌាអោយចូលធ្វើពាណិជ្ជកម្មក្នុងប្រទេសខ្មែរទៀតផង។
ឯពន្ធដាត្រូវបានអោយទារតាមរបបភាស៊ី
ជាហេតុអោយរាជការមានលទ្ធភាពរៀបចំថវិកាមួយដែលមានតុល្យភាព។
ក្នុងវិស័យវប្បធម៌ ព្រះអង្គទ្រង់បានបង្កើតសាលាតាមវត្ដជាច្រើន
ទ្រង់បានលើកទឹកចិត្ដពួកអ្នកប្រាជ្ញបណ្ឌិត កវី
ហើយទ្រង់បានផ្ដល់នូវលុយកាក់ និង មធ្យោបាយផ្សេងៗ
ដល់ជនណាដែលចង់ធ្វើការសិក្សាស្វែងរកចំណេះវិជ្ជា។
ព្រះអង្គទ្រង់សព្វព្រះទ័យធ្វើការពិភាក្សាជាមួយព្រះសង្ឃពីបញ្ហាសាសនា
និង អក្សរសាស្រ្ដ និង ទ្រង់បានបរិច្ចាគព្រះរាជទ្រព្យផ្ដល់ចំពោះព្រះសង្ឃ
សំរាប់កសាងវត្ដអារាម និងចំណាយផ្សេងៗ តាមពុទ្ធបញ្ញត្ដិ។
នៅទីបញ្ចប់នេះ
គួរគប្បីបញ្ជាក់ដែរថា ព្រះអង្គដួង ជាអ្នកនិពន្ធមួយរូបយ៉ាងឆ្នើមដែរ
ស្នាព្រះហស្ថរបស់ព្រះអង្គក្នុងវិស័យអក្សរសិល្ប៍គឺ ៖
- ចំប៉ាថោង (គ.ស.១៨១០)
- រឿងកាកី (គ.ស.១៨១៥)
- ច្បាប់ស្រី (គ.ស. ១៨៣៧)
No comments:
Post a Comment