វិបត្ដិរាជវង្សខ្មែរ និង ការជ្រៀតជ្រែករបស់សៀមនៅសតវត្សទី១៦
I.
ចំបាំងគ្នាឯងក្នុងស្រុក
ចំបាំងគ្នាឯងក្នុងស្រុកដែលបានកើតឡើងជាលើកដំបូងក្នុងសង្គមខ្មែរ
នៅពាក់កណ្ដាលទី២ នៃស.វទី១៥ ត្រូវបាត់ស្ងាត់ទៅអស់មួយរយៈពេល
ហើយបានកំរើកឡើវិញយ៉ាងខ្លាំងនៅខាងដើមនៃស.វទី១៦។
II.
ព្រះបាទស្រីសុគន្ធបទ (១៥០៤ - ១៥១២) និងការជៀតជ្រែកស្ដេចកន
នៅពេលដែលព្រះបាទធម្មរាជា សោយទីវង្គតនៅគ.ស.
១៥០៤ បុត្រច្បងរបស់ព្រះអង្គគឺ ចៅពញាដាំខាត់រាជា
បានឡើងសោយរាជ្យស្នងព្រះអង្គ ដោយមាននាមសំរាប់រាជថា
ព្រះបាទស្រីសុគន្ធបទ គង់នៅរាជធានីចតុមុខ។ ក្រោយបន្ដិចមក
ព្រះអង្គទ្រង់សព្វព្រះហរិទ័យលើករាជធានីទៅតាំងនៅទួលបាសានវិញ
ដោយព្រះអង្គទ្រង់ឈ្វេងយល់ថា ទីនោះជាចំនុចយុទ្ធសាស្រ្ដមួយ
មានឧបសគ្គធម្មជាតិ (បឹងធំ ទន្លេព្រៃញឹក)
ស្រួលការពារខ្លួនជាងនៅក្រុងចតុមុខ។ ឯព្រះអនុជព្រះនាមពញាចន្ទរាជា
ត្រូវបានតែងតាំងជាមហាឧបរាជនៅ គ.ស.១៥០៨
ហើយនៅការពារក្រុងចតុមុខមើលការខុសត្រូវលើអានាខេត្ដត្រើយខាងលិច។
រាជពង្សាវតារបាននិយាយថា
កាលដែលព្រះបាទ ស្រីសុគន្ធបទ យាងទៅគង់នៅរាជធានីទួលបាសាននោះ
ព្រះអង្គលើកនាងស (អែកសារខ្លះថាឈ្មោះនាងពៅ) ជាស្នំឯកមាននាមថា
កេសរបុប្ផា ទើបស្រុកនោះមានឈ្មោះថា ស្រីសឈរដែលតមកទៀតបានក្លាយជា
ស្រីសន្ធរ រៀងរហូតមក។ នាងសនេះជាកូនរបស់មន្រ្ដីម្នាក់ឈ្មោះ ពិជ័យនាគ
ដែលជាពលព្រះស្រីរតនត្រៃ។ ប្អូនប្រុសរបស់នាងស ឈ្មោះកៅ រឺ កន ត្រូវបានតែងតាំងជាមហាតលិក
ក្រោយមកទៀតបានឡើងឋានៈជា ឃុនហ្លូងព្រះស្ដេច
មាននាទីមើលខុសត្រូវលើពលព្រះទាំងអស់
និងលើកកិរិយាមារយាទពលរដ្ឋទូទៅ។
រាជពង្សាវតារបាននិយាយទៀតថា
នៅគ.ស.១៥០៩ ព្រះបាទស្រីសុគន្ធបទ ទ្រង់សុបិនឃើញនាគដេញខាំព្រះអង្គ
ហើយខាំពាំស្វេតច្ឆ័ត្រថែមទៀត។ ព្រះអង្គទ្រង់បញ្ជាអោយហោរទាយ
ហោរាដែលមានសេចក្ដីច្រណែន ស្អប់ឃុនហ្លួងព្រះស្ដេចកន
ក៏ទាយមួលបង្កាច់ថា មានកលាហល បង្កដោយអ្នកកើតឆ្នាំរោង
គឺឃុនហ្លួងព្រះស្ដេចកន ដែលកើតនៅឆ្នាំរោង(នាគ) នេះឯងហើយ។
ស្របពេលជាមួយគ្នានោះ មានពាក្យបណ្ដឹងងមកថា
មានកើតហេតុចំលែកផ្សេងៗនៅក្នុងព្រះរាជអាណាចក្រ។
ដោយខ្លាចក្រែងស្ដេចកនក្បត់ដណ្ដើមរាជសម្បត្ដិ សមដូចទំនាយហោរានោះ
ព្រះរាជាទ្រង់បានធ្វើការប្រជុំសំងាត់នៃពួកមន្រ្ដីជំនិត ដើម្បីរិះរកមធ្យោបាយសំលាប់ស្ដេចកន
អោយបាន តែស្នំឯកលបលួចស្ដាប់ដឹងការណ៍
ហើយផ្ញើសំបុត្រទៅប្រាប់ប្អូនព្រះនាងពីគំរោងការលំលាប់របស់ព្រះរាជា
ចំពោះស្ដេចកនយ៉ាងប្រញាប់។
តមក
ព្រះរាជាទ្រង់បញ្ជាអោយពួកមន្រ្ដីរៀបចំដង្ហែព្រះអង្គទៅក្រសាលបឹងបង់សំំណាញ់កំសាន្ដទៅតាមចំណូលព្រះហរិទ័យរបស់ព្រះអង្គ
ដែលធ្លាប់តែធ្វើពិធីមុនរៀងមក។
ស្ដេចកនក៏ត្រូវបានគេចាត់អោយទៅហែហមព្រះរាជា ជាមួយនឹងមន្រ្ដីអែទៀតៗដែរ។
ដូចបានគ្រោងទុកជាមុនស្រេច ព្រះរាជាទ្រង់ធ្វើកលថា
សំណាញ់ព្រះអង្គជាប់សំរាស់លើកពុំរួច ហើយទ្រង់បញ្ជាអោយស្ដេចកន
មុជទឹកទៅដោះ។ ស្ដេចកនទទួលបញ្ជាហើយលោតទៅក្នុងទឹក
ធ្វើហាក់ដូចជាពុំដឹងខ្លួន ហើយមុជថយចេញពីកន្លែងនោះឆ្ងាយទៅ។
ពេលនោះពួកបរិវារដែលជាជំនិតនឹកស្មានថា ស្ដេចកន
បានធ្លាក់ក្នុងអន្ទាក់របស់ខ្លួនហើយ
ក៏ប្រញាប់បង់សំណាញ់ព្រមគ្នាគ្របត្រង់កន្លែងដែលស្ដេចកនលោតចុះទៅនោះ
ដោយមានបំណងធ្វើអោយស្ដេចកនជាប់សំនាញ់រើពុំរួច ស្លាប់នៅក្នុងទឹកនោះទៅ។
លុះផុតគ្រោះថ្នាក់ហើយស្ដេចកនបានភៀសខ្លួនទៅដល់ខេត្ដបាភ្នំ
ហើយប្រើឧបាយកលបោកបញ្ឆោតពួកចៅហ្វាយខេត្ដថា
ខ្លួនបានទទួលបញ្ជាពីព្រះរាជាអោយមកកែនទ័ពទៅកំចាត់មហាឧបរាជ ចន្ទរាជា
ដែលមានចិត្ដចង់ឡើងសោយរាជនៅក្រុងចតុមុខ។ ព្រះរាជាលុះបានជ្រាបដំណឹងថា
ស្ដេចកននៅរស់ហើយមានទ័ពប្រឆាំង ព្រះអង្គថែមទៀតក៏ទ្រង់បញ្ជាអោយឳពុក
និងបងស្រីស្ដេចកនសរសេរសំបុត្រហៅត្រលប់មកវិញ។
ស្ដេចកនប្រើឧបាយកលម្ដងទៀត ដោយប្រាប់ទៅពួកចៅហ្វាខេត្ដ
និងអ្នកស្រុកថា ហ្លួងទ្រង់តឿនពីរឿងសង្រ្គាមទៅវិញ។
ពាក្យឃោសនារបស់ស្ដេចកន បានលេចលឺទៅដល់មហាឧរាជ ចន្ទរាជា។
ព្រះអង្គនឹកស្មានថាមានហេតុមិនស្រួលក៏នាំព្រះរាជវង្សានុវង្សប្រញាប់ប្រញាល់ភៀសខ្លួនទៅសុំជ្រកកោននឹងស្ដេចសៀមទៅ។
កាលដែលយាង ទៅដល់ពោធិសាត់
ព្រះចន្ទរាជាទ្រង់បានទៅសំណាក់ផ្ទះមន្រ្ដីម្នាក់ឈ្មោះពេជ
ហើយទ្រង់បានទទួលការទំនុកបំរុងផ្សេងៗពីមន្រ្ដីរូបនេះ។
លុះបានដឹងថា ព្រះចន្ទរាជាព្រះអនុជ
ព្រះស្រីសុគន្ធបទបានយាងចេញផុតពីប្រទេសហើយ
ស្ដេចកនក៏ចាប់ផ្ដើមវាយលុកចូលរាជធានីទួលបាសាន។
ព្រះរាជាទ្រង់បានលើកទ័ពចេញតទល់ផ្ទាល់ព្រះអង្គ តែត្រូវទទួលបរាជ័យ
ហើយថយទៅកែនទ័ពថែមនៅក្រុងចតុមុខ។
ស្ដេចកនលើកទ័ពដេញតាមវាយបែកបន្ទាយភ្នំពេញទៀត
ព្រះបាទស្រីសុគន្ធបទថយទៅគង់នៅលង្វែក។ លុះបន្ទាយលង្វែកត្រូវបានវាយបែក
ព្រះអង្គយាងទៅគង់នៅស្រុកបរិបូរ (អម្រិន្ទបូរ) រួចនៅទីបំផុត
ទៅគង់នៅបន្ទាយស្ទឹងសែន ក្នុងខេត្ដសន្ទុកនៅគ.ស.១៥១២ ។
ពេលនោះឃុនហ្លួងព្រះស្ដេចកន ទៅតាំងទ័ពបោះបន្ទាយនៅទទួលបាសាន
ហើយប្រារព្ធធ្វើពិធីលើកខ្លួនអែងឡើងជាមហាឧបរាជ រួចស្រេចហើយ
ទ្រង់បានបញ្ជាអោយទ័ពលើកឆ្លងទៅបោះនៅកំពង់សៀមទៀត។
ស្ដេចកនបានក្លែងសំបុត្រផ្ញើទៅហ្លួងសុំចុះចូល តែសុំអោយម្ដាយ
និងបងប្អូនបានមកមុនសិន។ ហ្លួងបញ្ជាអោយឆ្លើយវិញថា
ត្រូវតែស្ដេចកនចូលមកមុន បើពុំដូច្នោះទេនឹងសំលាប់ម្ដាយ
និងបងប្អូនទាំងអស់។ ស្ដេចកនលើកទ័ពទៅជិតអាសន្ទុក រកឧបាយយកម្ដាយ
និងញាតិសន្ដានមកវិញ។ ពេលនោះ
មានមន្រ្ដីម្នាក់ស្ម័គ្រចិត្ដទទួលបំពេញកិច្ចការនេះថ្វាយស្ដេចកន ឈ្មោះ
ឧកម៉ឺនលុរិន្ទកែវ។ កាលនោះគេចោទមន្រ្ដីរូបនេះក្បត់
ស្រាប់តែមានទាហាន២០០នាក់ជួយយកអាសា នាំទៅខាងបន្ទាយហ្លួងសុំចុះចូល
បន្ទាប់មកឃុនហ្លួងព្រះស្ដេចកន
នាំទ័ពចូលវាយលុកបន្ទាយស្ទឹងសែនយ៉ាងខ្លាំង។ ដោយទ្រង់ឈ្វេងយល់ថា
មិនអាចទប់ទល់យូរអង្វែងតទៅទៀតបាន ព្រះរាជាគិតដកថយទៅតាមជើងទឹក
ទៅកាន់ខេត្ដពោធិសាត់ តែពេលនោះ ឧកម៉ឺនសុរិន្ទកែវ
និងបក្សពួកបះឡើងចោមធ្វើគតព្រះអង្គបានក្នុងបន្ទាយ ស្ទឹងសែននោះនៅ
គ.ស. ១៥១២ ។ ព្រះរាជបុត្រព្រះអង្គនាម ពញាយសរាជា
(បុត្រជាមួយម្នាងកេសរបុប្ផា) និងបរិវារមួយក្រុម
បានភៀសទៅជ្រកកោនក្នុងប្រទេសសៀមជាមួយព្រះចន្ទរាជា។
ឃុនហ្លួងព្រះស្ដេចកន ត្រលប់មកទួលបាសានវិញ
ប្រកាសអោយរកព្រះខាន់រាជ ព្រះលំពែងជ័យ
និងគ្រឿងបញ្ចក្សត្រដើម្បីឡើងសោយរាជសម្បត្ដិ។
រាជពង្សាវតារខ្លះបានបញ្ជាក់ថា កាលដែលបានឡើងសោយរាជនោះ ស្ដេចកន
មានព្រះជនទើបបាន២៩ វស្សា ហើយមាននាមសំរាប់រាជថា
ស្រីជេដ្ឋាធិរាជរាមាធិបតី។ ព្រះអង្គទ្រង់បញ្ជាអោយមេទ័ព កៅ
ដែលត្រូវជាឳពុកមាបង្កើត
អោយលើកទ័ពទៅបង្ក្រាបយកខេត្ដទាំងឡាយណាដែលមិនទាន់ចុះចូលព្រះអង្គនៅឡើយ។
លុះបានសុខសន្ដិភាពបរិបូរឡើងវិញហើយ ព្រះអង្គទ្រង់លើកឱពុកមាអោយឡើង
ឋានៈជាស្ដេចចៅហ្វាទឡហៈ (នាយករដ្ឋមន្រ្ដី) ឯពួកបរិវារឯទៀត
ក៏បានទទួលយកយសសក្ដិទៅតាមគុណបំណាច់រៀងៗខ្លួនដែរ។
នៅប្រមាណ គ.ស. ១៥១៤ ព្រះបាទស្រីជេដ្ឋា (ស្ដេចកន)
ទ្រង់លើករាជធានីទៅតាំងនៅ ចន្លក់ដូនតី នៅបានតែ ៥ខែ
រួចលើកទៅតាំងនៅភូមិត្រលប់នៅទល់ដែនខេត្ដត្បូងឃ្មុំ នឹងបាភ្នំ
រាជធានីថ្មីនេះជាបន្ទាយមួយយ៉ាងមាំ ដែលព្រះអង្គប្រទាននាមថា
ក្រុងស្រលប់ពិជ័យព្រៃនគរ។ រាជពង្សាវតារខ្លះបានបញ្ជាក់ថា
ព្រះបាទស្រីជេដ្ឋា(កន) ទ្រង់មានចំណូលហរិទ័យខាងបរបាញ់សត្វ ចាប់ត្រី
ល្បែង ស្រី ទតរបាំមហោស្រពតន្រ្ដី។ ក្នុងរជ្ជកាលរបស់ព្រះអង្គ
មានបោះប្រាក់ស្លឹង (សាច់ប្រាក់សុទ្ធ)
មានរូបនាគសំរាប់ប្រើប្រាស់ក្នុងប្រទេស ហើយមានប្រវត្ដិវិទូខ្លះសង្កត់សេចក្ដីថា
នៅសម័យនោះអាណាប្រជារាស្រ្ដបានសុខសំបូរសប្បាយថែមទៀតផង(១១)។
III.
ចំបាំងរវាងស្ដេចកន និង ព្រះចន្ទរាជា (១៥១៦ - ១៥២៥)
និយាយពីព្រះចន្ទរាជា
កាលដែលទៅសុំជ្រកកោនជាមួយព្រះចៅសៀមនោះ
តែងតែយករបរទាក់ដំរីទៅបំរើព្រះអង្គ។ លុះទ្រង់ជ្រាបថា
ព្រះរៀមត្រូវបក្សពួកឃុនហ្លួងព្រះស្ដេចកន ធ្វើគតបានហើយ
ព្រះចន្ទរាជាទ្រង់រិះរកគ្រប់មធ្យោបាយដើម្បីវិលត្រលប់ចូលមាតុប្រទេសវិញ។
នៅ គ.ស. ១៥១៥ ព្រះអង្គទាក់បានដំរីស យកទៅថ្វាយព្រះចៅសៀម
ហើយសុំអនុញ្ញាតធ្វើវិវត្ដន៍ចូលស្រុកវិញ។
តែពុំបានសំរេចដូចសេចក្ដីប្រាថ្នាឡើយ
ដោយហេតុនោះព្រះអង្គក៏ទ្រង់ប្រឌិតថា មានដំរីខ្ពស់១០ ហត្ថ(៥ម) នៅក្នុងព្រៃភូមភាគខាងកើតនៃប្រទេសសៀម។
លុះទ្រង់ ជ្រាបដំណឹងនេះហើយ
ព្រះចៅសៀមក៏ទ្រង់ត្រាស់បញ្ជាអោយព្រះចន្ទរាជា
ចេញទៅទាក់ដំរីនោះយកមកថ្វាយព្រះអង្គអោយបាន
ក្នុងការបំពេញបេសកកម្មក្លែងបន្លំនេះ ព្រះចន្ទរាជាទ្រង់បានទូលសុំពលចំនួន
៥០០០នាក់ ដំរីធ្នាក់ ១០០គ្រឿងសស្រ្ដាវុធ ស្បៀងអាហារ និងដាវអាជ្ញាសឹក។
ព្រះចៅសៀមក៏ទ្រង់យល់ព្រមតាមសំណូមពរគ្រប់ប្រការ។
នៅ គ.ស.១៥១៦
មុននឹងចេញបំពេញបេសកកម្មទាក់ដំរីនោះ ព្រះចន្ទរាជា
ទ្រង់បានយាងទៅជួបជាសំងាត់ជាមួយ ពញាអុង ហើយបបួលព្រះអង្គអោយវិលត្រលប់ចូលប្រទេសវិញ។
កាលនោះ ពញាអុងជាបុត្រធម៌ព្រះចៅសៀម
ហើយត្រូវបានតែតាំងអោយកាន់ដំណែងជាចៅហ្វាយខេត្ដ
សុវណ្ណខេត្ដលោកថែមទៀត
ព្រះអង្គទ្រង់បានប្រកែកពុំព្រមវិលចូលមាតុប្រទេសទេ ដោយទ្រង់យល់ថា
បានសុខសាន្ដ និងបានយសសក្ដិគ្រប់សព្វណាស់ទៅ ហើយ។
ដោយមិនអាចទាក់ទាញពញាអុង អោយធ្វើតាមព្រះអង្គ
ព្រះចន្ទរាជា ទ្រង់បញ្ជាទ័ពអោយធ្វើដំណើរឆ្ពោះទៅទិសខាងកើត
ធ្វើហាក់ដូចជាខំតាមដានដំរីស
ហើយនៅទីបំផុតបានទៅដល់ព្រំដែនប្រទេសខ្មែរ។ ព្រះចន្ទរាជាទ្រង់
ចាត់អោយគេនាំសារទៅថ្វាយព្រះចៅសៀមថា សុំទ័ពជាបន្ថែមទៀត
ប៉ុន្ដែពញាអុង បានទៅទូលថ្វាយពីកលល្បិច
កិច្ចកលគ្រប់សព្វរបស់ព្រះចន្ទរាជា ព្រះចៅសៀមទ្រង់ខ្ញាល់ខ្លាំងណាស់
ហើយទ្រង់បញ្ជាអោយលើកទ័ពទៅនាំព្រះចន្ទរាជាមកវិញ។ ក្នុងអំលុងពេលនោះ
ព្រះចន្ទរាជា បានលើកទ័ពចូលទៅក្នុងដីខ្មែររួចជាស្រេច។ លុះទៅ
ដល់បាត់ដំបង ព្រះអង្គកែនបានពល ១០ ០០០នាក់ ហើយលើកបង្ហួសទៅពោធិសាត់។
លោកឧកញ៉ា សួគ៌ាលោកកែវ ចៅហ្វាយស្រុកខេត្ដនេះ លុះបានដឹងហើយក៏ប្រញាប់ចាត់អោយនាំដំណឹងនេះទៅថ្វាយព្រះបាទ
ស្រីជេដ្ឋាធិរាជ (កន)។ ចំណែកតាពេជ បានប្រមូលបក្សពួក
ហើយទៅវាយឆ្មក់លុកចូលបន្ទាយ ហើយសំលាប់ចៅហ្វាយស្រុកកែវបាន។
គាត់ក៏ខិតខំបញ្ចុះបញ្ចូលអោយពលទាហានចូលខាងព្រះចន្ទរាជា
ព្រះអង្គសព្វព្រះរាជហរិទ័យយ៉ាងខ្លាំងចំពោះថ្វីដៃរបស់តាពេជ
ហើយបានតាំងគាត់ជា ចៅពញាសួគ៌ាលោក ជាជំនួយឧកញ៉ាកែវ។ ម្យ៉ាងទៀត
ព្រះចន្ទរាជាបានតែងតាំងតាពេជ ជាមេទ័ពធំ
និងកូនទាំង៤នាក់របស់គាត់ជាមេទ័ពរង ហើយទ្រង់បញ្ជាអោយ
លើកទៅវាយយកខេត្ដក្រគរ ខ្លុង ក្រង។
លុះបានដំណឹងពីការវិលត្រលប់មកវិញរបស់ព្រះចន្ទរាជាភ្លាម
ព្រះបាទស្រីជេដ្ឋាកន ទ្រង់បានបញ្ជាអោយចៅហ្វា កៅ
លើកទ័ពទៅតទល់ត្រង់ក្រគរ។ ដោយមានទាហានស្លាប់ច្រើនពេក តាពេជ
បញ្ជាអោយទ័ពថយចូលទៅក្នុងបន្ទាពោធិសាត់សិន ទ័ពខាងស្ដេចកន ក៏ដេញតាម
ហើយទៅព័ទ្ធបន្ទាយជាប់រយៈពេល១២ខែ តែវាយលុកចូលពុំបានសោះ
ក៏ដកថយទៅតាំងទ័ពឆ្ងាយពីនោះដើម្បីរង់ចាំជំនួយមកដល់។
គឺនៅក្នុងកាលទេសៈបែបនោះហើយ ដែលតាពេជ
បានធ្វើពលិកម្មបូជាជីវិតដើម្បីទៅកែនទ័ពបិសាចមកជាទ័ពជំនួយ។
បន្ទាប់ពីនោះការប្រយុទ្ធបង្ហូរឈាមបានកើតឡើងសាជាថ្មីទៀត
រវាងទ័ពព្រះចន្ទរាជា និងទ័ពស្ដេចកន
នៅលើកនេះជ័យជំនះត្រូវបានទៅខាងព្រះចន្ទរាជា ចំណែកចៅហ្វាយកៅ
បាក់ទ័ពថយទៅខាងកើតវិញ។ «កន្លែងដែល
តាពេជ បូជាជីវិតនោះ បានក្លាយជាកន្លែងទីសក្ការៈបូជាមួយ ឈ្មោះថា
អ្នកតាឃ្លាំងមឿងរហូត មកដល់សព្វថ្ងៃនេះ»។
ក្នុងដំណើរជ្រុលទៅមុខ ព្រះចន្ទរាជា
បានលើកទ័ពវាយយកបានខេត្ដជាច្រើនជាបន្ដបន្ទាប់គ្នា គឺក្រគរ ខ្លុង ក្រង
បរិបូរ កំពង់សៀម ជើងព្រៃ ស្ទឹងត្រង់។ គ្រានោះមានពួកខាងស្ដេចកន
ដែលទទួលបរាជ័យនោះមកសុំចុះចូលជាច្រើន
អែពួកដែលរត់ពួនកាលព្រះបាទសុគន្ធបទ ច្បាំងចាញ់
ឥលូវនេះចេញមកថ្វាយខ្លួនទាំងអស់។
ពួកនាះបានសុំអោយព្រះចន្ទរាជាឡើងសោយរាជ ព្រះអង្គព្រមឡើងគ្រងរាជសិន
ដោយមានព្រះនាមសំរាប់រាជថា ព្រះបរមរាជាចន្ទរាជា នៅ គ.ស.១៥១៦។
នៅឆ្នាំបន្ទាប់ គ.ស១៥១៧
ដោយត្រូវទទួលបរាជ័យអស់ច្រើនលើកច្រើនសាមកហើយ ព្រះបាទស្រីជេដ្ឋាកន
ទ្រង់ស្នើទៅព្រះចន្ទរាជា
អោយផ្អាកសង្រ្គាមដើម្បីអោយរាស្រ្ដធ្វើស្រែសិន សំណើនេះក៏បានទទួលសេចក្ដីយល់ព្រម
ពីព្រះចន្ទរាជា។ ដល់ពេលចេញវស្សា ព្រះបាទស្រីជេដ្ឋាកន
បានផ្ដើមការវាយលុកម្ដងទៀតដោយប្រើកលល្បិច
អោយទាហានសុំចុះចូលខាងព្រះចន្ទរាជាផង
ក្នុងបំណងធ្វើគតស្ដេចអង្គនេះអោយបាន តែមិនបានសំរេច ឯខាងព្រះចន្ទរាជាក៏ប្រើល្បិចដូចគ្នាហើយមិនបានសំរេចដូចគ្នាដែរ។
ព្រះអង្គក៏ថយទៅគង់នៅខេត្ដពោធិសាត់ នៅ គ.ស.១៥២០។ អគ្គមហេសី
គឺសម្ដេចភគវតីនសិរីចក្រពត្ដិ បានប្រសូតបុត្រនាមព្រះរាមាធិបតី
ហើយឆ្នាំបន្ទាប់មកស្នំឯកបរមបុប្ផាបានប្រសូត្របុត្រនាមព្រះបរមេន្ទរាជា។
នៅគ.ស.១៥២៥ ព្រះចន្ទរាជា
ក្រោយដែលទ្រង់បានចាត់អោយទៅទិញកំាភ្លើងធំតូចពីប្រទេសម៉ាលាយូមក
ទ្រង់បានផ្ដើមការវាយលុក ទៅលើទ័ពស្ដេចកន
ដែលទ្រង់បានរៀបចំធ្វើចំបាំងដូចគ្នានេះដែរ។ ព្រះចន្ទរាជា
បានលើកទ័ពចេញជាបីផ្លូវ។
ព្រះអង្គទ្រង់នាំទ័ពទៅវាយបន្ទាយស្រីសឈរដោយផ្ទាល់ព្រះអង្គ។
ព្រះបាទស្រីជេដ្ឋាកន និងចៅហ្វាកៅ
ខំវាយទំលុះរត់ចូលទៅក្នុងបន្ទាយស្រលប់ពិជ័យ។ ព្រះចន្ទរាជា
បញ្ជាអោយលើកទ័ពទៅវាយបន្ទាយនោះទៀត នៅទីបំផុត ក្រោយពីបានតស៊ូយ៉ាងប្ដូរផ្ដាច់អស់រយៈពេល៣ខែមក
ស្ដេចកន គឺព្រះបាទស្រីជេដ្ឋា
ត្រូវគេកាត់ព្រះសិរបានយកទៅដោតនៅមុខបន្ទាយក្រុងស្រលប់ពិជ័យ
ឯចៅហ្វាកៅ ក៏ត្រូវគេសំលាប់បានក្នុងបន្ទាយនោះដែរ។
ដូច្នេះសង្គ្រាមគ្នាឯង ដែលមានរយៈពេល ៩ឆ្នាំ (១៥១៦ -១៥២៥)
ត្រូវបានបញ្ជប់នៅពេលនោះទៅ។
No comments:
Post a Comment