តើអ្នកដឹងទេ!
ប្រទេសណាផលិតកាំភ្លើងធំមុនគេ ហើយប្រើនៅនគរខ្មែរចាប់ពីពេលណា?
(ភ្នំពេញ)៖ កាំភ្លើងធំដែលកំពុងនិយាយនេះ
មិនមែនកាំភ្លើងធំទំនើប ឬហៅថាអាទែរី (Artillery) នោះទេ
តែយើងកំពុងនិយាយអំពីកាំភ្លើងធំបុរាណ ដែលត្រូវបានបង្កើតឡើងមុនសម័យអាណានិគមអឺរ៉ុប
ពីព្រោះសម្ភារសឹកបុរាណទាំងនេះហើយ
ដែលនាំទៅដល់ការអភិវឌ្ឍឱ្យមានសម្ភារសឹកទំនើបៗជាបន្តបន្ទាប់រហូតដល់ពេលបច្ចុប្បន្ន។
កាំភ្លើងធំបុរាណ ឬហៅថា Ancient Cannon ត្រូវបានបង្កើតឡើងដំបូងគេនៅប្រទេសចិន នាសតវត្សរ៍ទី១២
ដោយវាទំនងជាត្រូវបានអភិវឌ្ឍចេញពីកាំជ្រួច ដែលប្រជាជនចិននិយមប្រើក្នុងពិធីបុណ្យប្រពៃណីរបស់ខ្លួន
ឬក៏ផលិតឡើងក្នុងពេលដំណាលគ្នាជាមួយនឹងការផលិតកាំជ្រួចផងដែរ
ប៉ុន្តែវាមិនទាន់មានការប្រើប្រាស់ក្នុងវិស័យយោធានៅឡើយទេ។
ការប្រើប្រាស់កាំភ្លើងធំបុរាណនៅក្នុងសមរភូមិដំបូង
ត្រូវបានគេកត់ត្រាទុកថាបានកើតឡើងនៅឆ្នាំ១១៣២ គឺក្នុងពេលដែលមេទ័ពមហាសុងឈ្មោះ ហាន
ស្ស៉ីចុង (Han
Shizhong) លើកទ័ពទៅដណ្ដើមយកខេត្តហ្វូជាន (Fujian) ទល់មុខកោះតៃវ៉ាន់បច្ចុប្បន្ន។ លុះដល់ចុងសម័យរាជវង្សសុង (Song) នាសតវត្សរ៍ទី១៣
ពោលគឺក្នុងពេលនគរសុងខាងត្បូងកំពុងតស៊ូប្រឆាំងនឹងការឈ្លានពានពីសំណាក់កងទ័ពម៉ុងហ្គោល
កាំភ្លើងធំបុរាណនេះក៏ត្រូវបានគេនិយមប្រើប្រាស់ក្នុងសមរភូមិជាហូរហែមកដែរ។
កាំភ្លើងធំបុរាណដែលគេស្គាល់មុនគេនៅលើពិភពលោក
គឺកាំភ្លើងធំនៅខេត្តហេឡុងជាំង (Heilongjiang) ភាគឦសានប្រទេសចិនបច្ចុប្បន្ន
ដែលចុះកាលបរិច្ឆេទផលិតនៅឆ្នាំ១២៨៨ គឺនៅក្នុងសម័យរាជវង្សយ័ន (Yuan) របស់ម៉ុងហ្គោលដែលបានត្រួតត្រាប្រទេសចិនចាប់ពីឆ្នាំ១២៧៩-១៣៦៨។
* វត្តមានកាំភ្លើងធំដំបូងនៅលើទឹកដីខ្មែរ
ក្នុងសង្គ្រាមខ្មែរ-សៀមលើកទី២
ដែលបានផ្ទុះឡើងចាប់ពីឆ្នាំ១៣៥១-១៣៥៣
ក៏មាននិយាយអំពីការប្រើប្រាស់កាំភ្លើងធំក្នុងសមរភូមិការពារព្រះនគរផងដែរ។ កាលណោះ
ព្រះចៅឧទង (Uthong)
ឬរាមាធិបតីទី១ (Ramathibudi I) នៃក្រុងស្រីអយុធ្យា
បានលើកទ័ពមកវាយលុកក្រុងយសោធរបុរៈ (ក្រុងអង្គរធំបច្ចុប្បន្ន)
ដែលគ្រងរាជ្យដោយព្រះបាទសម្ដេច ព្រះលំពង្សរាជា រាមាធិបតី។
នៅពេលរំកិលទ័ពមកដល់ក្បែររាជធានីរបស់ខ្មែរ
សៀមបានលើកប៉មសឹកខ្ពស់ៗស្មើនឹងកំពែងក្រុងអង្គរធំ។ គ្រានោះព្រះបាទលំពង្សរាជា
ក៏បានចេញព្រះរាជឱង្ការឱ្យកងទ័ពខ្មែរអូសកាំភ្លើងធំឡើងលើកំពែងក្រុង
តម្រៀបតម្រង់ក្បាលកាណុងឱ្យចំប៉មសឹករបស់ទ័ពសៀម ដើម្បីត្រៀមបាញ់រំលំប៉មទាំងនោះ
កុំឱ្យកងទ័ពសៀមបាញ់មកមុន។
កាំភ្លើងធំទាំងនេះប្រហែលត្រូវបាននគរខ្មែរទិញពីប្រទេសចិន
ពីព្រោះនៅមុនព្រឹត្តិការណ៍សង្គ្រាមនេះបន្តិច គេនៅមាននិយាយអំពីទំនាក់ទំនងពាណិជ្ជកម្មរវាងនគរខ្មែរ
និងប្រទេសចិននៅឡើយដែរ ទោះបីថាប្រទេសចិនបានធ្លាក់នៅក្រោមការត្រួតត្រារបស់ម៉ុងហ្គោល
(រាជវង្សយ័ន) ទៅហើយក្ដី។ គេសង្កេតឃើញថា នៅឆ្នាំ១៣២០
ព្រះមហាក្សត្រនៃរាជវង្សយ័នរបស់ម៉ុងហ្គោល បានបញ្ជូនបេសកទូតមកនគរខ្មែរ
ដើម្បីសុំទិញដំរីដែលផ្សាំងរួចហើយយកទៅបម្រើក្នុងវិស័យយោធានៅប្រទេសចិន
ហើយនៅមានវិស័យធុរកិច្ចច្រើនទៀត ដែលនគរខ្មែរបានធ្វើជាមួយមហាយ័ន
ប្រហែលរួមទាំងការទិញលក់កាំភ្លើងធំនេះដែរហើយមើលទៅ
ទើបប្រទេសខ្មែរចាប់មានកាំភ្លើងធំប្រើប្រាស់ក្នុងព្រះនគរតរៀងមក៕
No comments:
Post a Comment