បទប្បញ្ញត្តិទូទៅ
មាត្រា១.-
ច្បាប់នេះមានគោលដៅកំណត់អំពីរបបកម្មសិទ្ធិលើអចលនវត្ថុទាំងឡាយនៅក្នុងព្រះរាជាណាចក្រកម្ពុជា
ក្នុងគោលបំណងធានាការពារសិទ្ធិ នៃកម្មសិទ្ធិ និង
សិទ្ធិផ្សេងៗទៀតលើអចលនវត្ថុស្របតាមបទប្បញ្ញត្តិ នៃរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ នៃព្រះរាជាណាចក្រកម្ពុជា
។
មាត្រា២.-
ចាត់ទុកជាអចលនវត្ថុ
តាមន័យ នៃច្បាប់នេះមានអចលនវត្ថុពីកំណើត អចលនវត្ថុពីភ័ព្វវាសនា និង
អចលនវត្ថុតាមការកំណត់របស់ច្បាប់ ។ អចលនវត្ថុពីកំណើតមានដីធម្មជាតិដូចជា ដីព្រៃឈើ
ដីកាប់រាន ដីដាំដុះ ដីទុកទំនេរ ឬ មិនអាចដាំដុះ ដីលិចទឹកដោយទឹកនៅនឹង ឬ ទឹកហូរ និង
សំណង់ ឬ ការរៀបចំទាំងឡាយ ដែលស្ថិតនៅជាប់មួយកន្លែង កើតឡើងដោយអំពើរបស់មនុស្ស
ហើយមិនអាចរំកិល ឬ ផ្លាស់ប្ដូរកន្លែងបាន ។ អចលនវត្ថុពីភ័ព្វវាសនាមានវត្ថុ
ដែលជាប់នឹងដី ឬ បញ្ចូលជាមួយសំណង់ទាំងឡាយ
ដែលមិនអាចបែកចេញបានដោយមិនធ្វើឲ្យមានការខូចខាត ឬ មិនដូរសភាពដើមដូចជា ដើមឈើ
ឧបករណ៍តែងលំអជាដើម ។
អចលនវត្ថុតាមការកំណត់របស់ច្បាប់មានសិទ្ធិភណ្ឌិកទាំងឡាយលើអចលនវត្ថុ និង ចលនវត្ថុទាំងឡាយ ដែលបានកំណត់ដោយច្បាប់ជាអចលនវត្ថុ ។
មាត្រា៣.-
ជនគ្រប់រូបត្រូវគោរពទ្រព្យសម្បត្តិរបស់រដ្ឋ និង កម្មសិទ្ធិឯកជនស្របច្បាប់លើអចលនវត្ថុ ។ ការគ្រប់គ្រងផ្នែករដ្ឋបាលសុរិយោដីលើអចលនវត្ថុ ដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ និង ការចេញប័ណ្ណកម្មសិទ្ធិលើអចលនវត្ថុទូទាំងព្រះរាជាណាចក្រកម្ពុជា ជាសមត្ថកិច្ចរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ។ បទបញ្ជា និងនីតិវិធី នៃការគ្រប់គ្រងអចលនវត្ថុ ដែលជាទ្រព្យសម្បត្តិរបស់រដ្ឋនឹងត្រូវកំណត់ដោយអនុក្រឹត្យ ។

No comments:
Post a Comment