របបដឹកនាំសម័យសង្គមរាស្រ្តនិយ
I. ការបង្កើតសង្គមរាស្ត្រនិយម
· រដ្ឋធម្មនុញ្ញឆ្នាំ១៩៤៧
បានកំណត់ឲ្យកម្ពុជាជាប្រទេសរាជានិយមអាស្រ័យរដ្ឋធម្មនុញ
· គណបក្សក្នុងសភាជារបាំងជានិច្ចទោះបីកម្មវិធីព្រះមហាក្សត្រល្អយ៉ាងណាក៏ដោយ
· ព្រះរាជតម្រិះរបស់ព្រះបាទនរោត្តមសីហនុ
គឺចង់អោយគណបក្សនយោបាយមហាជនរស់ជុំវិញព្រះមហាក្សត្រ។
ព្រះអង្គមិនចង់ឃើញបញ្ហាផ្ទៃក្នុងដែលនៅតែប្រេះស្រាំ គ្មានឯកភាពជាតិ។
អាស្រ័យហេតុនេះទើបនៅថ្ងៃទី៣
ខែមិនា ឆ្នាំ១៩៥៥ ព្រះបាទនរោត្តម សីហនុ បានថ្វាយរាជបល្ល័ង្កទៅព្រះបិតានាម
នរោត្តមសុរាម្រិត។ នៅថ្ងៃទី២៣ ខែមិនា ឆ្នាំ១៩៥៥ សម្ដេចនរោត្តមសីហនុ
បានបង្កើតអង្គការនយោបាយ សង្គមរាស្រ្តនិយម ហៅកាត់ថាសង្គម។
អង្គការនេះចូលរួមបោះឆ្នោតនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ១៩៥៥ ដែលមានបក្សជាច្រើនចូលរួមប្រកួតប្រជែង។
II. កត្តាដែលធ្វើអោយប្រជាជនជឿជាក់លើសង្គមរាស្ត្រនិយម
· សម្ដេចនរោត្តម សីហនុដែលជាស្ថាបនិក និង ជាប្រធានមានប្រជាប្រិយខ្លាំង
ព្រោះប្រជារាស្ត្រទទួលស្គាល់ព្រះអង្គជាបិតាឯករាជ្យជាតិ និង សន្តិភាព
· ភាពរឹងម៉ាំនៃរចនាសម្ព័ន្ធដឹកនាំរបស់សង្គមរាស្ត្រនិយម ថ្នាក់មូលដ្ឋាន៖
កត្តានេះធ្វើអោយមានការគាំទ្រពីមហាជនថ្នាក់មូលដ្ឋាន និង
មន្ត្រីរាជការដែលជាកម្លាំងចលករធ្វើអោយមានជម្នះក្នុងការបោះឆ្នោត
· ក្រៅពីសម្ដេចនរោត្តមសីហនុ ដែលអ្នកដឹកនាំ
មានឥស្សរជននយោបាយសំខាន់ៗជាច្រើនទៀតបានចូលរួមក្នុងសង្គមរាស្ត្រនិយម ដូចជា លោក ស៊ឹម
វ៉ារ សម្ដេច ស៊ឺន សាន ព្រះអង្គម្ចាស់ នរិន្ធដេត លោក យ៉ែម សំបូរ ជាដើម។
· គណបក្សរាស្ត្រនិយមមានហិរញ្ញវត្ថុម៉ាំ
ដែលបានមកពីការបរិច្ចាករបស់សមាជិក និង អ្នកមានព្រទ្យសម្បត្តិភាគច្រើនក្នុងស្រុក។
ក្នុងការបោះឆ្នោតថ្ងៃទី១១
ខែកញ្ញា ឆ្នាំ១៩៥៥ គណបក្សសង្គមរាស្ត្រនិយម
ដណ្ដើមបានជាង៨៣ភាគរយក្នុងសភាដែលបានបង្កើតរដ្ឋាភិបាលឯកតោភាគី។
ប្រព័ន្ធពហុបក្សត្រូវបានបញ្ចប់ និង ជំនួសដោយប្រព័ន្ធឯកបក្សសង្គមរាស្ត្រនិយម
រហូតដល់ថ្ងៃទី១៨ ខែមិនា ឆ្នាំ១៩៧៩។
III. សមាជជាតិ
· សមាជាតិគឺជាវេទិកានៃលទ្ធិប្រជាធិបតេយ្យដែលប្រជាជនគ្រប់ស្រទាប់វណ្ណះ
គ្រប់និន្នាការនយោបាយ ជួបជាមួយរដ្ឋាភិបាលដើម្បីពិភាក្សាពីប្រយោជន៍របស់ជាតិ។
· សមាជជាតិប្រារព្ធឡើងក្នុង១ឆ្នាំ ២ដង
ដោយមានសម្ដេចនរោត្តមសីហនុជាព្រះប្រធាន។ សមាជជាតិត្រូវមានការចូលរួមពីមហាជនគ្រប់ស្រទាប់វណ្ណះ
គ្រប់និន្នាការ និង តំណាបក្សផ្សេងៗ។ នៅថ្ងៃទី២៥-២៦ ខែកញ្ញា ឆ្នាំ ១៩៥៥
សមាជជាតិបានប្រារព្ធឡើងជាលើកទី២ដោយបានពិភាក្សាគ្នាពីការផ្ដល់សិទ្ធបោះឆ្នោតអោយស្រ្តី
និង គោលការណ៍នៃការជ្រើសរើសសភាខេត្ត។
· ក្រោយមក សមាជជាតិបានក្លាយជាស្ថាប័នរដ្ឋដែលមានចែងក្នុងរដ្ឋធម្មនុញ។
· សមាជជាតិសម្រេចបានសមិទ្ធផលជាច្រើនដូចជា៖
– ការប្រឆាំងនិងអំពើពុករលួយ
– ការកំណត់ភាសាខ្មែរជាផ្លូវការ
– សភាតំណាងរាស្ត្រមានសិទ្ធចូលរួមក្នុងការកែរលំអរ
អសកម្មភាពរដ្ឋបាល និង ទាមទារអោយដាក់ទណ្ឌកម្មចំពោះមន្ត្រីអសកម្ម។
– ផ្ដល់សិទ្ធដល់ស្ត្រីក្នុងការបោះឆ្នោត
និង ឈរឈ្មោះអោយគេបោះឆ្នោត (ថ្ងៃទី៦ ខែកមរា ឆ្នាំ១៩៥៨)
IV. នយោបាយអព្យាក្រិត
នៅពេលដែលពិភពលោកកំពុងតែរងការគំរាមកំហែងពីការប្រណាំងប្រជែងរបស់មហាអំណាចសេរី
និង លោកកុម្មុយនីស្ដ កម្ពុជាបានប្រកាន់យកនយោបាយអព្យាក្រិត និង
ចូលរួមក្នុងចលនាមិនចូលបក្សសម្ព័ន្ធទាត់ចោលការចូលក្នុងអង្កការយោធាណាតូ។
១.មូលហេតុនៃការប្រកាន់នយោបាយអព្យាក្រិតនៅក្នុងរបបសង្គមរាស្ត្រនិយម
នយោបាយអព្យាក្រិតជាស្មារតីនៃសន្និសិទ្ធក្រុងស៊ឺណែវឆ្នាំ១៩៥៤។
សេចក្ដីសម្រេចនេះគឺជាការទាមទាររបស់ចិន និង
សូវៀតដើម្បីបញ្ចៀសមិនអោយសហរដ្ឋអាមេរិកកសាងមូលដ្ឋានទ័ពនៅកម្ពុជា។
ដើម្បីពង្រឹងនយោបាយអព្យាក្រឹតនៅកម្ពុជា
សង្គមរាស្ត្រនិយមបានធ្វើកិច្ចការដូចតទៅ៖
· នៅថ្ងៃទី១៨ ខែមិនា ឆ្នាំ១៩៥៥ ក្នុងដំណើរទស្សនៈកិច្ចនៅឥណ្ឌា
សម្ដេចនរោត្តមសីហនុ បានចុះហត្ថលេខាជាមួយលោក នេរុ (នាយករដ្ឋមន្រ្តីឥណ្ឌា)
លើសេចក្ដីប្រកាសរួមគឺការរួមរស់ជាមួយគ្នាដោយសុខសន្តិភាព
· នៅថ្ងៃទី១៨-២៤ ខែមិនា ឆ្នាំ១៩៥៥
ក្នុងសន្និសិទប្រទេសអាស៊ី-អាហ្រិចនាក្រុងបានឌុង (ឥណ្ឌូណេស៊ី) សម្ដេចនរោត្តមសីហនុ
បានធ្វើសេចក្ដីអះអាងអំពីកម្មវិធីនយោបាយអព្យាក្រឹតរបស់កម្ពុជា និង
ការរួមរស់ជាមួយគ្នាដោយសន្តិភាព។ ក្នុងឳកាសនោះទ្រង់បានជួបជាមួយមេដឹកនាំចិន ជួ
អេនឡាយ និង មេដឹកនាំវៀតណាម ផាម វ៉ាន់ដុង
ដលប្រទេសទាំពីរសុទ្ធតែបានប្រកាសពីការកសាងទំនាក់ទំនងជាមួយកម្ពុជា
ដោយឈរលើគោលការណ៍គោរពសិទ្ធគ្នាទៅវិញទៅមក គោរពអធិបតេយ្យភាព បូរណភាពទឹកដី
និងមិនលូកដៃចូលបញ្ហាផ្ទៃក្នុងរបស់ប្រទេសជិតខាង
· នៅក្នុងឳកាសដែលកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិនៅថ្ងៃទី១៤
ខែធ្នូ ឆ្នាំ១៩៥៥ នោះតំណាងរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសពីការដើរលើមាគ៌ានយោបាយអព្យាក្រឹត។
២.
លទ្ធផលនៃកាប្រកាន់នយោបាយអព្យាក្រឹត
ជំហានដំបូង
· ធ្វើអោយកិត្យានុភាពកម្ពុជាល្បីសុះសាយក្នុងតំបន់
· ក្រុមអ្នកប្រឆាំងពុំហានប៉ះពាល់
ហើយទទួលស្គាល់គុណសម្បត្តិនៃនយោបាយអព្យាក្រឹត
· ប្រទេសកម្ពុជារស់ក្នុងសុខសន្តិភាពអស់រយះពេល១៥ឆ្នាំ
ក្នុងខណះដែលប្រទេសជិតខាងដូចជាវៀតណាមស្ថិតនៅក្នុងភ្លើងសង្គ្រាម។
ដំណាក់កាលនៃសង្គ្រាមត្រជាក់
នយោបាយអព្យាក្រឹតរបស់កម្ពុជាចុះខ្សោយ
ដោយសារតែប្រទេសជាមហាអំណាចនៃប្លុកទាំងពីរមិនទុកកម្ពុជាក្នុងមាគ៌ាសន្តិភាព
ហើយគេបានធ្វើសកម្មភាពប្រឆាំងនិងនយោបាយអព្យាក្រឹតដូចជា
· សហរដ្ឋអាមេរិកផ្ដល់ជំនួយដល់កម្ពុជា
ពិសេសជំនួយផ្នែកយោធាដែលជំនួយនេះមានទិសដៅចិញ្ចឹមពួកស្ដាំនិយម
· ប្រទេសថៃ បានគាំទ្រសកម្មភាពខ្មែរសេរី ដែលកងទ័ពប្រឆាំងរដ្ឋាភិបាល
ដោយផ្ដល់ដីអោយកសាងជំរំហាត់ទ័ព កសាងស្ថានីយ៍វិទ្យុផ្សាយសំលេង
ដើម្បីប្រឆាំងនយោបាយសង្គមរាស្រ្តនិយម
· កងទ័ពវៀតណាមខាងត្បូងបានធ្វើសកម្មភាពឈ្លានពានលើទឹកដីខ្មែរតាមព្រំដែន
· កងទ័ពវៀតណាមខាងជើង បានបង្កើតមូលដ្ឋានទ័ពលើទឹកដីខ្មែរនៅតាមព្រំដែន។
ពួកនេះបានបណ្ដុះបណ្ដាលកងកម្លាំងកងទ័ពក្រហមដើម្បីធ្វើការបដិវត្តន៍
សកម្មភាពរបស់ប្រទេសជិតខាងមានទិសដៅប្រឆាំនិងនយោបាយអព្យាក្រឹត។
ការបញ្ចប់នយោបាយអព្យាក្រឹត
នយោបាយអព្យាក្រឹតត្រូវបញ្ចប់ដោយសារកម្លាំងខាងក្នុង
គឺការធ្វើរដ្ឋប្រហារនៅថ្ងៃទី ១៨ ខែមិនា ឆ្នាំ១៩៧០ ដោយលោក លន់ នល់ និង
ព្រះអង្គម្ចាស់ស៊ីសុវត្ថិ សិរីមតៈ ដែលមាននិន្នាការទៅរកសហរដ្ឋអាមរិក
ដើម្បីទម្លាក់សម្ដេចនរោត្តមសីហនុ ពីប្រមុខរដ្ឋ។
V. ការឡើងកាន់អំណាចជាប្រមុខរដ្ឋរបស់សម្ដេចសីហនុ
១.
ការជ្រើសតាំងព្រះមហាក្សត្រថ្មី
នៅថ្ងៃទី៣ មេសា
១៩៦០ព្រះមហាក្សត្រនរោត្តម សុរាម្រឹត សោយទីវង្គត។
ការជ្រើសរើសបន្តរាជ្យគឺជាបញ្ហាស្មុកស្មាញ។ តាមរដ្ឋធម្មនុញ្ញឆ្នាំ១៩៤៧
អ្នកបន្តរាជ្យសម្បត្តិត្រូវតែជាក្សត្រដែលមានខ្សែលោហិតព្រះបាទអង្គឌួង
ដែលត្រូវជ្រើសរើសដោយក្រុមប្រឹក្សារាជសម្បត្តិ។
នៅថ្ងៃទី៦ មេសា ១៩៦០
ការប្រជុំក្រុមប្រឹក្សារាជ្យសម្បត្តិ
ពុំអាចជ្រើសរើសបេក្ខជនណាមួយជាមហាក្សត្រថ្មីបាន។
គេក៏បង្កើតក្រុមប្រឹក្សារាជានុសិទ្ធ ដោយមានទ្រង់សស៊ីសុវត្ថិ មុន្នីរ៉េត
ជាប្រធានតួនាទីបំពេញការងារជាប្រធានព្រះមហាក្សត្របណ្នោះអាសន្ន។
២. ការធ្វើប្រជាមតិ
កម្មវិធីនយោបាយសង្គមរាស្រ្តនិយម
ដើម្បីពង្រឹងជំហរនយោបាយសង្គមរាស្រ្តនិយមក្រោយពីសម្ដេច
នរោត្តមសីហនុ សុំលាលែងពីតំណៃងក្រុមប្រឹក្សារដ្ឋមន្ត្រី
រាជរដ្ឋាភិបាលក៏បានក៏បានសម្រេចចិត្តរៀបចំធ្វើប្រជាមតិ។ នៅថ្ងៃទី៥ ខែមីនា
ឆ្នាំ១៩៦០ ការធ្វើប្រជាមតិត្រូវបានប្រព្រឹត្តឡើង។ ប្រជាជន៩៩.៩ ភាគរយបានបោះឆ្នោតអោយកម្មវិធីនយោបាយសង្គមរាស្ត្រនិយម
និង សម្ដេចនរោត្តមសីហនុ។
៣.
ការជ្រើសរើសប្រមុខរដ្ឋ
យោងតាមរដ្ឋធម្មនុញ្ញ
នៅពេលដែលកម្ពុជាមិនទាន់មានព្រះមហាក្សត្រថ្មី
ដូច្នេះតួនាទីព្រះមុខរដ្ឋត្រូវបានបំពេញដោយប្រធានរដ្ឋសភា។
ក្រោយពីមានលទ្ធផលនៃការធ្វើប្រជាមតិ សម្ដេចនរោត្តមសីហនុ បានថ្លៃងសុន្ទរកថាចំពោះជាតិ
ចំពោះមុខប្រជាជនកែប អំពីរបំណងរបស់ទ្រង់ចង់កាន់កាប់ជាព្រះប្រមុខរដ្ឋ
បើប្រជាជនស្នើរសុំព្រះអង្គ។
សេចក្ដីថ្លែងការនេះធ្វើអោយមានព្យុះហយាត្រាគាំទ្ររបស់របស់ប្រជាជននៅកែប និង
រាជធានីភ្នំពេញ។ សភាជាតិ និង ក្រុបប្រឹក្សារាជានោះសិទ្ទិសុំអោយសម្ដេច
កាន់តំណែងជាប្រមុខរដ្ឋ ដោយបានបង្កើតមាត្រាពិសេសនៅក្នុងរដ្ឋធម្មនុញ។
ទំនាស់ជុំវិញបញ្ហានេះរាជបល្ល័ងបានបញ្ចប់
ហើយព្រះមហាក្សត្រីយ៍នីយ កុសមៈនារីរតន៍ គង់ប្រថាប់ជានិមិត្តរូបនៃព្ររាជបល្ល័ង្ក។
VI. សមិទ្ធិផលសង្គមរាស្ត្រនិយម
១. វិស័យសេដ្ឋកិច្ច
· រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើវិស័យកសិកម្ម
ដោយពង្រីកផ្ទៃដីកសិកម្ម ធ្វើការជ្រើសរើស ធ្វើនយោបាយ ប្រើប្រាស់ជី
ចាក់ថ្នាំបង្ការដល់សត្វពាហនៈដែលកម្លាំងអូសទាញ បង្កើតរុក្ខទិវាគ្រប់ខេត្ត-ក្រុង។
· វិស័យនេសាទមានការរីកចម្រើន ដែលអាចបម្រើជីវភាពប្រជាជនប្រចាំថ្ងៃ និង
នាំចេញទៅលក់នៅបរទេសថែមទៀត
២. វីស័យគមនាគមន៍
· ពង្រីកកំពង់ផែភ្នំពេញ និង កសាងកំពង់ផែនៅក្រុងព្រះសីហនុកសាងផ្លូវជាតិលេខ៤
ប្រវែង២២៦គម
· ពង្រីកអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង
(បច្ចុប្បន្នអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ) និង កសាងអាកាសយានដ្ឋានអន្តរជាតិសៀមរាប
· កសាងផ្លូវរថភ្លើងខ្សែរទី២ ពីភ្នំពេញទៅក្រុងព្រះសីហនុ ប្រវែង២៧០គម និង
កសាងស្ពានជ្រោយចង្វារ (ស្ពានមិត្តភាពកម្ពុជា-ចិន)
· ភ្ជាប់ខ្សែរទូរស័ព្ទជាមួយក្រុងតូក្សូ សាន់ហ្រាន់ស៊ីស្កូ ក្រុងអូសាកា……។
៣. វិស័យពានិជ្ជកម្ម
និង ឧស្សាហកម្ម
វិស័យពានិជ្ជកម្ម
· ក្រុមហ៊ុនធំៗរបស់បារាំង និង
សាខាក្រុមហ៊ុនសហរដ្ឋអាមេរិកជាច្រើនបានដាក់ទុនវិនិយោគនៅកម្ពុជា
· នៅខែវិច្ឆិកា ១៩៦៣ រាជរដ្ឋាភិបាលបានសម្រេច និង
អនុវត្តការកែប្រែប្រព័ន្ធធនាគារ និង ពានិជ្ចកម្មក្រៅប្រទេស
ដោយធ្វើការហាមឃាត់ក្រុមហ៊ុនពានិជ្ជកម្មក្រៅប្រទេស និង
ធនាគារឯកជនខាងពានិជ្ជកម្មនៅក្នុងស្រុក។
រដ្ឋាភិបាលបានអនុញ្ញាតិអោយក្រុមហ៊ុនបរទេសខ្លះបន្តសកម្មភាពរបស់ខ្លួនដូចជាក្រុមហ៊ុនសែល
ក្រុមហ៊ុនអេសូ និង កាល់តិច។
· រដ្ឋបានបង្កើតឈ្មោះក្រុមហ៊ុនអាហរ័ណនីហរ័ណជាតិ ហៅកាត់ថា សូណិចស៊ូម
ដែលមានភាគរយជាទុនរបស់រដ្ឋ និង ៤០ភាគរយជា
ទុនពានិជ្ជកម្មកម្ពុជា
· នៅឆ្នាំ១៩៦៤ ក្រុមហ៊ុនពានិជ្ជកម្មរដ្ឋពីរទៀតត្រូវបានបង្កើតឡើងគឺ៖
ក្រុមហ៊ុនខ្មែរនៃការទិញផលិតផលកសិកម្ម ហៅកាត់ថា សូរ៉ាប៉ា និង
ក្រុមហ៊ុនជាតិនៃការចែករំលែកទំនិញនាំចូល ហៅកាត់ថា សូណាព្រីម។
វិស័យធនាគារ
ប្រាក់រៀលដែលជារូបិយវត្ថុក្នុងស្រុកត្រូវបានចរាចរណ៍ទូទាំងប្រទេស។
ចំពោះវិស័យធនាគារ គេឃើញមានក្រុមហ៊ុនបរទេសពីរគឺ៖
· អង់គ្លេសមានធនាគារឆាទែរិច និង ហុងកុង សៀងហៃ
· ជប៉ុនមានធនាគារអូហូតូត្យូ
ធនាគារទាំងនេះបានបញ្ចប់បេសកម្មរបស់ខ្លួនក្រោយពីរាជរដ្ឋាភិបាលអនុវត្តការកែប្រែប្រព័ន្ធធនាគារ។
ការផ្ដល់ឥណទានត្រូវបានធ្វើដោយធនាគារពានិជ្ជកម្មរដ្ឋឈ្មោះឥណទានជាតិ។
វិស័យឧស្សាហកម្ម
រាជរដ្ឋាភិបាលបានកសាងរោងចក្រជាច្រើនដូចជា
រោងចក្រវាយនភ័ណ្ឌ រោងចក្រក្ដារបន្ទះ រោងចក្រកែវ រោងចក្រក្រដាស រោងចក្រស៊ូម៉ងត៍
រោងចក្របាក្រចៅ រោងចក្រដំឡើងត្រាក់ទ័រ រោងចក្រចម្រាញ់ប្រេងកាត និង រោងចក្រស្រាបៀរ
ទន្ទឹមនិងនោះ
ក៏មានការកសាងទំនប់វារីអគ្គិសនីនៅស្ទឹងច្រាលគីរីរម្យ និង នៅព្រែកត្នោត
ក្នុងកំពង់ស្ពឺ។
៤. វិស័យវប្បធម៌
ការសិក្សា
រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់វិស័យសិក្សាធិការដោយបណ្ដុះបណ្ដាលគ្រូបង្រៀន
និង កសាងសាលារៀន បឋមដល់សាកលវិទ្យាល័យ ព្រមទាំងធ្វើយុទ្ធនាការបំបាត់អនក្ខរភាព។
រាជរដ្ឋាភិបាលក៏បានបញ្ជូននិស្សិតទៅសិក្សានៅបរទេសពិសេសប្រទេសបារាំង
ព្រមទាំងកសាងអន្តេវាសិកដ្ឋាននៅទីនោះផងដែរ។
វិស័យកីឡា
រាជរដ្ឋាភិបាលបានលើកស្ទួយវិស័យកីឡាអោយមានសន្ទុះខ្លាំងក្លា
ដោយបណ្ដុះបណ្ដាលកីឡាគ្រប់ខេត្តក្រុង និង ជួលគ្រូមកពីបរទេសមកបង្ហាត់បង្រៀន និង
កសាងពហុកីឡាដ្ឋានជាតិអូឡាំពិក។
សាសនា
រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះព្រះពុទ្ធសាសនា
ដោយបង្កើតពុទ្ធិកបឋមសិក្សារហូតដល់ពុទ្ធិកមហាវិទ្យាល័យ។
សិល្បះ
រាជរដ្ឋាភិបាលបានចាត់វិធានការថែរក្សាសម្បត្តិវប្បធម៌
បេតិកភណ្ឌ ព្រមទាំងបង្កើតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បះ និង
សាលមហាស្រពតាមខេត្ត-ក្រុង។
៥. វិស័យសុខាភិបាល
សុខភាពជាបញ្ហាចម្បង
ដូចនេះរដ្ឋាភិបាលបាន៖
· កសាងមន្ទីពេទ្យជាច្រើនដូចជា៖ មន្ទីពេទ្យកុមារគន្ធបុប្ផា
ឳសថាល័យព្រះសុរាម្រឹត មហាវិទ្យាល័យភូម្ទវិជ្ជាពេទ្យ មន្ទីសម្ភពផះង៉ាង៉ា
(មន្ទីពេទ្យព្រះកេតុមាលា) មន្ទីពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ)
· ចាត់វិធានការការពារ ដោយចាក់ថ្នាំការពាររោគត្បាត
ព្រមទាំងរក្សាអនាម័យតាមលំនៅដ្ឋាន ជីកអណ្ដូងទឹក សង់ផ្ទះ សង់ផ្ទះ ជីកស្រះ។
ការអនុវត្តច្បាប់
· ទប់ស្កាត់អំពើរពេស្យាចារ និង
បង្កើតបជ្ឈមណ្ឌលអប់រំស្រ្តីពេស្យានៅទួលគោគ
· ផ្ដល់សិទ្ធអោយស្រីមានសិទ្ធបោះឆ្នោត និង ឈរឈ្មោះបោះឆ្នោត (៦មករា១៩៥៨)
ការអនុវត្តិគោលនយោបាយជាតូបនីយកម្មសេដ្ឋកិច្ចធ្វើអោយហិរញ្ញវត្ថុសាធារណៈជាពិសេសថវិកាជាតិជួបនិងឳនភាព
រូបីយវត្ថុជាតិ ប្រាក់រៀល បាត់បង់តម្លៃបន្តិចម្ដងៗ និង
ការគ្រប់គ្រងក្រុមហ៊ុនរដ្ឋគ្មានប្រសិទ្ធភាព។ រូវីយវត្ថុជាតិ ប្រាក់រៀល បាត់់បង់បន្តិចម្ដងៗ
និង ការគ្រប់គ្រង់ក្រុមហ៊ុនក្រុមហ៊ុនរដ្ឋគ្មានប្រសិទ្ធភាព។ បរិបទនៃសង្គ្រាមត្រជាក់
និង សម្ពាធពីសង្គ្រាមវៀតណាមបានជំរុញអោយសម្ដេចព្រះនរោត្តមសីហនុ
ចាប់ផ្ដើមងាកមករកប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិកនៅចុងទស្សវត្សរ៍ឆ្នាំ១៩៦០
ប៉ុន្តែការសម្រេចចិត្តនេះមិនបានធ្វើអោយស្ថានភាពនៅប្រទេសកម្ពុជាប្រសើរឡើងឡើយ។
របបសង្គមរាស្ត្រនិយមបានដួលរលំដោយសារវិបត្តិសេដ្ឋកិច្ច
វិបត្តិនយោបាយផ្ទៃក្នុង វត្តមានកងទ័ពវៀតណាមខាងជើងលើទឹកដីខ្មែរ និង
ការប្រឈមគ្នារវាងពួកមហាអំណាចសេរី និង កុម្មុយនីស្ដក្នុងបរិបនៃសង្គ្រាមត្រជាក់
ហើយរបបសាធារណះរដ្ឋខ្មែរក៏បានកើតឡើង។
No comments:
Post a Comment