Pisey trip: ប្រវត្តិ​អាស៊ាន
សូមស្វាគមន៍!!! មកកាន់ ប្លក់ បេះដូងអ្នកសិក្សា ប្លក់នេះបង្កើតឡើងដើម្បីចែករំលែកនូវ ឯកសារ ប្រវត្តិសាស្រ្ដ​ មេរៀនស្រាវជ្រាវ ដើម្បីជាគន្លឹះសម្រាប់បងប្អូនប្រិយមិត្តអ្នកអាន ទទួលបាននូវចំណេះដឹង និងការបង្កើតឱ្យមានវប្បធម៌ចែករំលែក​ អ្នកចេះបង្រៀនអ្នកមិនសូវចេះ អ្នកមិនសូវចេះបង្រៀនអ្នកមិនចេះ ជាគន្លឹះសម្រាប់បងប្អុនដែលកំពុងតែសិក្សាដើម្បីពង្រីកចំណេះដឹងផងដែល សូមអរគុណ!!! សម្រាប់ការកាំទ្រ យើងខ្ញុំសូមសន្យាថានឹងស្វែងរកនូវអត្ថបទល្អចែកជូនបងប្អូនទស្សនាជាបន្ដទៀត.....

ប្រវត្តិ​អាស៊ាន




ប្រវត្តិ​អាស៊ាន
ប្រវត្តិ​អាស៊ាន
អាស៊ាន ឬ សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​១៩៦៧ ដោយ​ប្រទេស​ចំនួន​៥ រួម​មាន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន សិង្ហបុរី និង​ប្រទេស​ថៃ នា​ទីក្រុង​បាងកក ប្រទេស​ថៃ។ ប្រទេស​ស្ថាបនិក​ទាំង​នោះ លើក​លែង​ប្រទេស​ថៃ  សុទ្ធសឹងតែ​ជា​ដែនដី​ដែល​ទើប​ទទួល​បាន​អធិបតេយ្យភាព​ថ្មីថ្មោង​ពី​នឹម​អាណានិគម​ក្នុង​សម័យ​នោះ។ គួបផ្សំ​នឹង​ការ​ចាប់​ផ្ដើម​នៃ​សង្គ្រាម​ត្រជាក់​ផង  ទើប​ជំរុញ​ឲ្យ​ប្រទេស​ទាំង​ប្រាំ​ប្រកៀក​ស្មា​គ្នា​បង្កើត​សមាគម​នេះ​ឡើង ដោយ​មាន​គោលដៅ​រួម ជំរុញ​ឲ្យ​មាន​សន្តិភាព ស្ថិរភាព កំណើន​សេដ្ឋកិច្ច រួម​ទាំង​ការ​អភិវឌ្ឍ​សង្គម និង​វប្បធម៌ ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ទាំង​មូល។
ចាប់​ពី​ឆ្នាំ​១៩៨៤ មក ទើប​បណ្ដា​ប្រទេស​ដទៃ​ប្រាំ​ទៀត​ក្នុង​តំបន់​នេះ រួម​មាន ប៊្រុយណេ វៀតណាម ឡាវ មីយ៉ាន់ម៉ា និង​កម្ពុជា ដែល​ជា​កូនពៅ បាន​ក្លាយ​ជា​សមាជិក​នៃ​សមាគម​នេះ​ជា​បន្តបន្ទាប់។
អត្តសញ្ញាណ​អាស៊ាន
«ចក្ខុវិស័យ​មួយ អត្តសញ្ញាណ​មួយ សហគមន៍​មួយ» គឺ​ជា​បាវចនា​របស់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍។ មិន​ខុស​ពី​ជាតិ​មួយ​ដែល​មាន​ទង់ជាតិ និង​ភ្លេង​ជាតិ​ផ្ទាល់​ខ្លួន​ទេ អាស៊ាន​ក៏​មាន​ទង់​អាស៊ាន និង​ភ្លេង​អាស៊ាន​ដែរ៖ «ភ្លេង​អាស៊ាន»
ភ្លេង​អាស៊ាន តែង​ប្រគំ​ឡើង​ក្នុង​ពិធី​ផ្លូវ​ការ​របស់​អាស៊ាន ដូចជា​កិច្ចប្រជុំ​ធំៗ និង​ទិវា​អាស៊ាន​ជាដើម ក្នុង​ន័យ​បង្ហាញ​ពី​សាមគ្គីភាព​រវាង​ប្រទេស​ជា​សមាជិក និង​កម្ពស់​អត្តសញ្ញាណ​របស់​ខ្លួន។
​អគ្គលេខាធិការដ្ឋាន​អាស៊ាន

​មជ្ឈមណ្ឌល​រដ្ឋបាល​របស់​អាស៊ាន គឺ​អគ្គលេខាធិការដ្ឋាន​អាស៊ាន មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​ហ្សាកាតា ប្រទេស​ឥណ្ឌូនេស៊ី ដែល​មាន​អគ្គលេខាធិការ​ទទួល​បន្ទុក​សម្របសម្រួល និង​អនុវត្ត​សកម្មភាព​នានា​របស់​អាស៊ាន។ អគ្គលេខាធិការ​នោះ ត្រូវ​តែងតាំង​ដោយ​កិច្ចប្រជុំ​កំពូល​អាស៊ាន មាន​អាណត្តិ ៥​ឆ្នាំ ប្ដូរ​វេន​គ្នា​ទៅ​តាម​លំដាប់​អក្ខរក្រម​នៃ​ឈ្មោះ​ជា​ភាសា​អង់គ្លេស​របស់​រដ្ឋ​ជា​សមាជិក។
ធម្មនុញ្ញ​អាស៊ាន​កំណត់​ថា ការ​ជ្រើសរើស​អគ្គលេខាធិការ​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដូចជា សុចរិត​ភាព បទពិសោធន៍​ការងារ សមត្ថភាព និង​សមភាព​យេនឌ័រ។ អគ្គលេខាធិការ​អាស៊ាន បច្ចុប្បន្ន​ដែល​មាន​អាណត្តិ​ពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៧ គឺ​លោក ឡឺ លួងមិញ (Le Luong Minh) ជា​អតីត​អនុរដ្ឋមន្ត្រី​ការ​បរទេស​នៃ​ប្រទេស​វៀតណាម។ អគ្គលេខាធិការដ្ឋាន​មាន​តួនាទី​សម្របសម្រួល​ការអនុវត្ត​គម្រោង និង​សកម្មភាព​របស់​អាស៊ាន។
កិច្ចប្រជុំ​អាស៊ាន
រាល់​ការ​សម្រេច​ចិត្ត​សំខាន់ៗ​ដែល​ពាក់ព័ន្ធ​នឹង​ជោគវាសនា​របស់​សមាគម​អាស៊ាន គឺ​ត្រូវ​ធ្វើ​ដោយ​កិច្ចប្រជុំ​កំពូល​អាស៊ាន  ដែល​ប្រព្រឹត្ត​ទៅ​ជា​រៀងរាល់​ឆ្នាំ​នៅ​ប្រទេស​ដែល​មាន​តួនាទី​ជា​ប្រធាន​អាស៊ាន។ ក្រៅ​ពី​កិច្ចប្រជុំ​កំពូល នៅ​មាន​កិច្ចប្រជុំ​ដទៃ​ទៀត ដូចជា​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ជំនាញ​តាម​ផ្នែក​ជាដើម ជាក់ស្ដែង​គឺ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​ទី​៤៨  ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​៤ ខែ​សីហា នៅ​ប្រទេស​ម៉ាឡេស៊ី ដែល​ជា​ប្រធាន​អាស៊ាន​សម្រាប់​ឆ្នាំ​២០១៥ នេះ។
ប្រធាន​អាស៊ាន
​មាត្រា​៣១ នៃ​ធម្មនុញ្ញ​អាស៊ាន​ចែង​ថា «ប្រធាន​អាស៊ាន​ត្រូវ​ប្ដូរ​វេន​ជា​រៀងរាល់​ឆ្នាំ​តាម​លំដាប់​អក្ខរក្រម​នៃ​ឈ្មោះ​ជា​ភាសា​អង់គ្លេស​របស់​រដ្ឋ​សមាជិក» ហើយ​រដ្ឋ​សមាជិក​ដែល​ទទួល​បាន​ឋានៈ​ជា​ប្រធាន​អាស៊ាន​នោះ ត្រូវ​ធ្វើ​ជា​ប្រធាន​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​មួយ​ចំនួន​ទៀត។ កន្លង​មក ប្រទេស​កម្ពុជា ធ្លាប់​ធ្វើ​ជា​ប្រធាន​អាស៊ាន​បាន​ចំនួន​ពីរ​ដង គឺ​លើក​ទី​១ នៅ​ឆ្នាំ​២០០២ និង​លើក​ទី​ពីរ​នៅ​ឆ្នាំ​២០១២។
សសរស្ដម្ភ
​ក្នុង​រយៈកាល​ជិត​កន្លះ​សតវត្ស​មក​នេះ សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ដំណើរការ​ដោយ​ផ្ដោត​លើ​សសរស្ដម្ភ​ចំនួន​បី រួម​មាន សហគមន៍​សន្តិសុខ-​នយោបាយ សហគមន៍​សេដ្ឋកិច្ច និង​សហគមន៍​វប្បធម៌-​សង្គម ដែល​សហគមន៍​ទាំង​បី​នេះ មាន​ទំនាក់ទំនង​គ្នា​ទៅ​វិញ​ទៅ​មក។ យ៉ាងណាក៏ដោយ  មាន​តែ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ទេ ដែល​ត្រូវ​បាន​មជ្ឈដ្ឋាន​ទូទៅ​ស្គាល់​ច្រើន ក្រោយ​ពី​ត្រូវ​បាន​មេដឹកនាំ​ប្រទេស​ក្នុង​តំបន់​អាស៊ាន បាន​ឯកភាព​គ្នា​កាល​ពី​ឆ្នាំ​២០០៧  ថា​នឹង​ប្រែក្លាយ​តំបន់​អាស៊ី​អាគ្នេយ៍​ឲ្យ​ក្លាយ​ជា​សហគមន៍​សេដ្ឋកិច្ច​រួម​មួយ​ឲ្យ​បាន​ត្រឹម​ឆ្នាំ​២០១៥។
សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នេះ អនុញ្ញាត​ឲ្យ​មាន​លំហូរ​ដោយ​សេរី​នូវ​ទំនិញ សេវាកម្ម ការ​វិនិយោគ និង​ពលកម្ម​ជំនាញ។ ឧបមា​ថា អាស៊ាន​គឺ​ជា​ប្រទេស​មួយ នោះ អាស៊ាន​គឺ​ជា​មហាអំណាច​សេដ្ឋកិច្ច​ទី​៧ ក្នុង​ពិភពលោក​ដែល​មាន​ប្រជាជន​ជាង ៦០០​លាន​នាក់ ហើយ​ត្រូវ​បាន​អ្នកសេដ្ឋកិច្ច​ព្យាករ​ថា អាច​នឹង​ក្លាយ​ជា​មហា​អំណាច​សេដ្ឋកិច្ច​ទី​៤ ត្រឹម​ឆ្នាំ​២០៥០ ប្រសិនបើ​កំណើន​សេដ្ឋកិច្ច​នៅ​តែ​បន្ត។ តំបន់​អាស៊ាន​ក៏​ជា​ប្រភព​នៃ​កម្លាំង​ពលកម្ម​លំដាប់​ទី​៣ បន្ទាប់ពី​ប្រទេស​ចិន និង​ឥណ្ឌា។
បញ្ហា​ប្រឈម
​ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ដំណើរ​ឆ្ពោះ​ទៅ​មុខ​របស់​អាស៊ាន​ត្រូវ​បាន​យាយី​ដោយ​បញ្ហា​មួយ​ចំនួន ទាំង​បញ្ហា​ផ្ទៃក្នុង​នៃ​ប្រទេស​សមាជិក​នីមួយៗ ទាំង​បញ្ហា​រវាង​ប្រទេស​ជា​សមាជិក ព្រម​ទាំង​រឿងរ៉ាវ​រវាង​ប្រទេស​សមាជិក និង​ប្រទេស​មិន​មែន​ជា​សមាជិក។
​ក្នុង​ចំណោម​សមាជិក​ទាំង​ដប់​នៃ​អាស៊ាន ប្រទេស​កម្ពុជា ឡាវ  មីយ៉ាន់ម៉ា និង​វៀតណាម មាន​ស្ថានភាព​សេដ្ឋកិច្ច​ទាប​ជាង​គេ ប្រៀបធៀប​នឹង​សមាជិក ៦​ផ្សេង​ទៀត។  ម្យ៉ាង​វិញ​ទៀត ប្រទេស​ជា​សមាជិក​មួយ​ចំនួន​នៅ​មាន​ជម្លោះ​ព្រំដែន​រវាង​គ្នា​នៅ​ឡើយ ជាក់ស្ដែង ជម្លោះ​ព្រំដែន​រវាង​កម្ពុជា-វៀតណាម ​នៅ​ពេល​បច្ចុប្បន្ន។ យ៉ាង​ណា​ក៏ដោយ បញ្ហា​នេះ មិន​បាន​ធ្វើ​ឲ្យ​អាស៊ាន​ឈឺ​ក្បាល​ខ្លាំង​ដូច​ករណី​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​នោះ​ទេ។
​រឿងរ៉ាវ​សមុទ្រ​ចិន​ខាង​ត្បូង​នេះ បាន​ធ្វើ​ឲ្យ​ទំនាក់ទំនង​របស់​ប្រទេស​សមាជិក​អាស៊ាន​មួយ​ចំនួន​មាន​ភាព​ល្អក់កករ ហើយ​បញ្ហា​នេះ​តែង​ក្លាយ​ជា​ប្រធានបទ​ក្ដៅ​ក្នុង​រាល់​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ជាក់ស្ដែង កិច្ច​ប្រជុំ​កំពូល​អាស៊ាន កាល​ពី​ឆ្នាំ​២០១២ ដែល​មាន​កម្ពុជា ជា​ប្រធាន មិន​អាច​ឈាន​ដល់​ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ​បាន​ឡើយ ហើយ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន នៅ​ដើម​ខែ​សីហា នេះ​ទៀតសោត ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង កាន់តែ​ធ្វើ​ឲ្យ​មាន​ភាព​តឹងតែង។
ទោះ​យ៉ាង​ណា សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន ក៏​នៅតែ​ជា​ប្រធានបទ​ដែល​អាស៊ាន​កំពុង​យក​ចិត្ត​ទុក​ដាក់​ខ្លាំង  ហើយក៏​ជា​សសរស្ដម្ភ​មួយ​ក្នុង​ចំណោម​សសរស្ដម្ភ​ទាំង​បី​ដែល​សម្រេច​បាន​សមិទ្ធផល​ច្រើន​ជាង​គេ។ ប៉ុន្តែ​សម្រាប់​អ្នក​សិក្សា​ស្រាវជ្រាវ​ពី​តំបន់​អាស៊ាន​មួយ​ចំនួន នៅ​តែ​យល់​ថា ក្ដី​ស្រមៃ​មួយ​នេះ ស្ថិត​ក្នុង​ភាព​ស្រពេចស្រពិល​នៅ​ឡើយ ទោះបី​របាយការណ៍​របស់​អាស៊ាន​បង្ហាញ​ថា អាស៊ាន​សម្រេច​បាន ៩០% នៃ​គោលដៅ​ដែល​បាន​កំណត់​ក្នុង​ផែនការ​គោចរ​នៃ​សសរស្ដម្ភ​ទាំង​បី​ក៏ដោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



No comments:

Post a Comment