ឱនភាពនៃប្រទេសកម្ពុជា
ព្រះបាទជ័យវរ្ម័នទី៧
ជាយុគមួយដ៏ខ្ពង់ខ្ពស់ ភ្លឺថ្លាត្រចះត្រចង់ ថ្កុំថ្កើងក្រៃលែង
នៅក្នុងប្រវត្ដិសាស្រ្ដខ្មែរ តែបន្ទាប់មក
ប្រទេសកម្ពុជាត្រូវធ្លាក់ចុះទន់ខ្សោយបន្ដិចម្ដងៗជាលំដាប់។
បុព្វហេតុមានជាច្រើន តែបុព្វហេតុ ទាំងនោះគ្មានអ្វីជាថ្មីទេ។ ខ្មែរតែងតែជួបប្រទះ
ខ្មែរតែងតែស្គាល់ និងយល់ តែខ្មែរនៅតែដើរជាន់ដានចាស់ដដែល
ពីសតវត្សមួយទៅសតវត្សមួយ ពីសម័យមួយទៅសម័យមួយ និងពីជំនាន់មួយទៅជំនាន់មួយ។
I.
ព្រះបាទឥន្រ្ទវរ្ម័នទី២
( គ.ស.១២០១ - ១២៤៣ )
បន្ទាប់ពីព្រះបាទជ័យវរ្ម័ទី៧
ចូលទីវង្គត បុត្ររបស់ព្រះអង្គជាមួយនឹងព្រះនាងឥន្រ្ទទេវី ព្រះនាមឥន្រ្ទវរ្ម័នទី២
ត្រូវបានជ្រើសរើស និងបានទទួលអភិសេសឡើងសោយរាជសម្បត្ដិប្រទេសកម្ពុជា។
ដោយព្រះអង្គលុះទៅ តាមគន្លងព្រះពុទ្ធសាសនា ព្រះអង្គនិយមសុខសន្ដិភាព
ហើយគ្មានគំនិតលោភលន់ចង់បានផលប្រយោជន៍ ប្រទេសជិតខាងឡើយ។ ដូច្នេះហើយ
បានជាព្រះអង្គបញ្ជាអោយដកកងទ័ពខ្មែរចេញពីប្រទេសចំប៉ា ប្រគល់ឯករាជភាព
និងតែងតាំងអោយស្ដេចចាមម្នាក់ជាព្រះមហាក្សត្រនៅនគរចំប៉ា។
ព្រឹត្ដិការណ៍ផ្សេងទៀត
នៅក្នុងរជ្ជកាលស្ដេចអង្គនេះ យើងមិនបានស្គាល់ច្បាស់លាស់ទេ ដោយខ្វះឯកសារ។
តែយើងអាចប៉ាន់ស្មានថា វិបត្ដិយ៉ាងធំដែលខ្មែរត្រូវជួបទៅថ្ងៃក្រោយ
គឺបណ្ដាលមកអំពីឥរិយាបថ របស់ព្រះបាទ ឥន្រ្ទវរ្ម័នទី២ យល់ច្រលំបញ្ហាជាតិ និងសាសនា។
ព្រះអង្គបានសុគត ក្នុងគ.ស១២៤៣។
II.
ព្រះបាទជ័យវរ្ម័នទី៨
(គ.ស.១២៤៣ - ១២៩៥ )
២.១.ការវិលត្រលប់នៃព្រហ្មញ្ញសាសនា
ព្រះមហាក្សត្រអង្គនេះ បានឡើងការសោយរាជសម្បត្ដិ
បន្ទាប់ពីព្រះបាទឥន្រ្ទវរ្ម័នទី២ តែគេមិនបានដឹងថា
តើព្រះអង្គឡើងសោយរាជដោយរបៀបវិធីណាឡើយ ចំណែកព្រះរាជវង្ស
ខ្សែស្រលាយការទាក់ទង នឹងព្រះមហាក្សត្រមុន ក៏គេមិនបានស្គាល់ដែរ។
គេគ្រាន់តែដឹងថា ព្រះបាទជ័យវរ្ម័ទី៨ នៅពេលឡើងសោយរាជភ្លាម
ព្រះអង្គប្រកាសអោយប្រជាជនខ្មែរគ្រប់វណ្ណៈ គ្រប់ស្រទាប់ជាន់ថ្នាក់ក្នុងនគរ
ធ្វើសក្ការៈគោរពបូជាតែព្រះអាទិទេពព្រះសិវៈមួយប៉ុណ្ណោះ។ វត្ដអារាម
ព្រះពុទ្ទរូប
និងកន្លែងសក្ការៈបូជាព្រះពុទ្ធសាសនាក្នុងនគរទាំងប៉ុន្មានត្រូវព្រះអង្គ
ក្រុមព្រាហ្មណ៍បរោហិត មន្រ្ដីទាហាន និងបក្សពួកវាយបំបាក់បំបែកដុតបំផ្លាញធ្វើអោយខូចអន្ដរាយអស់គ្មានសល់។
អ្វីដែលជាស្នាដៃ របស់ព្រះបាទជ័យវរ្ម័នទី៧ ព្រះអគ្គមហេសីជ័យទេវី
ព្រះអគ្គមហេសីឥន្រ្ទទេវី និងព្រះរាជបុត្រ បានសាងដោយចិត្ដបរិសុទ្ធ
ក្នុងមាគ៌ាព្រះពុទ្ធសាសនា ត្រូវវិនាសហិនហោចអស់។
អ្នកបំរើនៅជុំវិញព្រះអង្គ
សុទ្ធតែជាពួកព្រាហ្មណ៍ ហើយមហេសីព្រះអង្គម្នាក់ឈ្មោះចក្រវត្ដីទេវី
ត្រូវជាកូនស្រីរបស់ព្រាហ្មណ៍ រិសីកេសៈ ដែលធ្លាប់មានឥទ្ធិពលនៅក្នុងប្រទេស។
បងប្អូនជីដូនមួយបង្កើតព្រះនាងម្នាក់ ជាព្រាហ្មណ៍ឈ្មោះ ជ័យមង្គលអដ្ឋៈ
ដែលជាអ្នកប្រាជ្ញកំពូលក្នុងព្រហ្មញ្ញសាសនា ហើយដែលព្រះមហាក្សត្រ
និងនាម៉ឺនតូចធំតែងតែកោតខ្លាចគោរព។ ដើម្បីបញ្ជាក់បង្ហាញនូវទឹកចិត្ដរបស់ព្រះអង្គ
ចំពោះព្រហ្មញ្ញសាសនា ព្រះបាទជ័យវរ្ម័នទី៨
បានកសាងប្រាសាទមួយសំរាប់តំកល់ដាក់រូបសំណាកព្រាហ្មណ៍ ជ័យមង្គលអដ្ឋៈ
ទុកជាទីសក្ការៈបូជា។
២.២.ភាពរង្គោះរង្គើនៃមហាចក្រខ្មែរ
ឥរិយាបថផ្ដាច់ការរបស់ព្រះបាទជ័យវរ្ម័នទី៨
និង ក្រុមបក្សពួក មិនបានបង្កើតបរិយាកាសរីករាយសុខសន្ដិភាព ចំរុងចំរើនក្នុងនគរទេ
ផ្ទុយទៅវិញ ការជិះជាន់ចាប់ចងឃុំឃាំង កាប់សំលាប់ពីបទប្រមាថមាក់ងាយសាសនា
ការភ័យខ្លាចតក់ស្លុត ទុក្ខសោកព្រួយវេទនាការស្អប់ខ្ពើមមិនសប្បាយចិត្ដ
និងអសន្ដិសុខ បានផុសកើតនៅតាមគ្រប់ភូមិស្ថានក្នុងនគរ។ ប្រទេសជិតខាង ដែលសង្កេតឃើញ
ភាពរកេតរកូត ភាពទន់ខ្សោយខ្វះសាមគ្គីភាព ក៏ឆ្លៀតឱកាសនេះដែរ
ដើម្បីក្រេបជញ្ជក់លេបយកទឹកដីនគរខ្មែរ។
ក្នុងគ.ស.១២៨២ ស្ដេចម៉ុងហ្គោល
ឃូប៊ីឡាយ Khoubilai ជាចៅរបស់ស្ទង់ស្ទីខាន់ Gengis
Khan អ្នកដែលវាយប្រហារយកបានប្រទេសចិនដាក់ជាចំនុះ
បានបញ្ជាមេទ័ពម្នាក់ឈ្មោះ សិហ្គាទូ Sögatou អោយដឹកនាំកងទ័ពចុះ មកវាយប្រហារដណ្ដើមយកប្រទេសចំប៉ា និងកម្ពុជា។
តែកងទ័ពចិនត្រូវបរាជ័យ ហើយមេទ័ពចិននោះ ក៏ត្រូវបាត់បង់ជីវិតក្នុងគ្រានោះដែរ។
ព្រះមហាក្សត្រខ្មែរ ព្រះបាទជ័យវរ្ម័នទី៨ ដែលយល់ថាស្ថានការណ៍មិនស្រួល
បានសុខចិត្ដនាំសួយសារអាករ ទៅថ្វាយស្ដេចម៉ុងហ្គោល ដើម្បីសុំសេចក្ដីសុខ
គឺនៅក្នុង គ.ស.១២៨៥។
ប៉ុន្មានឆ្នាំក្រោយមក ពួកជនជាតិថៃ
ដែលខ្មែរហៅថាសៀម ដែលធ្លាប់រស់នៅក្នុងស្រុកយូណាន់ ក្នុងប្រទេសចិន
ហើយដែលអីលូវបានមកជ្រកកោនលើទឹកដីខ្មែរ
បានផ្សំគំនិតរួមដៃគ្នាជាមួយស្ដេច
នាម៉ឺនមុខមន្រ្ដីមេទ័ពខ្មែររៀបចំជាកងពលសេនាធ្វើសង្គ្រាមផ្ដាច់ទឹកដី។
ក្នុងសតវត្សទី៨ នគររបស់ជាតិថៃឈ្មោះ
ណាន់ឆាវ ស្ថិតនៅខាងជើងឆៀងខាលិចប្រទេសភូមា។ ដោយមានសង្គ្រាមទប់ទល់នឹងកងទ័ពស្ដេចម៉ុងហ្គោលឃូបីឡាយមិនបាន
ក្រុមជនជាតិថៃបានធ្វើដំណើរ រំកិលចុះទៅរកប្រទេសភូមា
និងមួយទៀតសំដៅទៅរកស្រុកខ្មែរ។ ដំណើរលូនសន្សឹមៗ
វាតទីរបស់សៀមមកលើទឹកដីខ្មែរ និងភូមាបានចាប់ផ្ដើមក្នុងសតវត្សទឺ១២។
នៅក្នុងភូមិភាគអាស៊ីអគ្នេយ៍
នៅមានដំណើរចុះមកទិសខាងត្បូងទីបីមួយទៀតដែលជាដំណើរវាតទឹកដីរបស់យួន
សំដៅប្រទេសចំប៉ា។
ដំណើរសៀម ចុះមកវាតទីនៅលើទឹកដីខ្មែរ
មានសភាពដូចជាស៊ីសង្វាក់គ្នារវាងជនជាតិទាំងពីរ រហូតដល់ទៅ
ជនជាតិសៀមបានរៀបចំផ្ទាល់ខ្លួន ទទួលយកវប្បធម៌ និង អរិយធម៌ខ្មែរ
មកធ្វើជាកេរមរតកសម្បត្ដិរបស់សាសន៍ជាតិខ្លួនឯង។ កាលនោះ ថៃដែលមានឈ្មោះថាសៀម
ឬស៊ីយ៉ាម ក្នុងសតវត្សទី១៣ សង្រ្គាមប្រយុទ្ធគ្នា រវាងខ្មែរ និងសៀម
ចាប់ផ្ដើមមានជាញឹកញាប់ធ្វើអោយមានការខូចខាតជាច្រើនដល់ប្រទេសជាតិ។
កាលនោះស្ដេចខ្មែរមួយអង្គ ឈ្មោះរាមាកំហែង
ដែលបានផ្ដាច់ទឹកដីខ្មែរយកទៅបង្កើតនគរសៀម ហើយបានយក ទីក្រុងខ្មែរសុខោទ័យ
ធ្វើជារាជធានី។
២.៣.អវសានរជ្ជកាល
ព្រឹត្ដិការណ៍ចុងក្រោយនេះ
ត្រូវបានកត់ត្រាដោយអ្នកដំណើរចិន ជីតាក្វាន់
ដែលក្នុងសម័យនោះបានធ្វើដំណើរទៅស្រុកខ្មែរ។ កាលនោះ ព្រះបាទជ័យវរ្ម័នទី៨
មានព្រះជន្មកាន់តែច្រើនចាស់ជរាហើយកំលាំងលែងមាំមួន។
ចិនជីតាក្វាន់ បានសរសេរទុកមកថា បុត្រីព្រះមហាក្សត្រ បានលួចព្រះខ័នរាជ ជាតំណាងអំណាច និងរាជសម្បត្ដិ ដូច្នេះ ព្រះរាជបុត្រព្រះបាទជ័យវរ្ម័នទី៨ ដែលត្រូវឡើងសោយរាជបន្ដពីឳពុក ដោយគ្មានព្រះខ័នរាជ សំរាប់សំគាល់ជាតំណាងអំណាច និងរាជបល្ល័ង្គ ក៏លែងមានសិទ្ធិនឹងឡើងសោយរាជគ្រប់គ្រងនគរដែរ គឺបុគ្គលមានព្រះខ័នរាជ ដែលមានសិទ្ធិអំណាចត្រឹមត្រូវ ឡើធ្វើជាព្រះមហាក្សត្រកម្ពុជា។ គ្រានោះព្រះមហាក្សត្រ ព្រះបាទជ័យវរ្ម័នទី៨ មិនរិះរកមធ្យោបាយអ្វីមកទប់ទល់ឡើយ។ ព្រឹត្ដិការណ៍បានជំរុញបង្ខំចិត្ដព្រះបាទជ័យវរ្ម័នទី៨ ដាក់រាជ ក្នុងគ.ស ១២៩៩។
ចិនជីតាក្វាន់ បានសរសេរទុកមកថា បុត្រីព្រះមហាក្សត្រ បានលួចព្រះខ័នរាជ ជាតំណាងអំណាច និងរាជសម្បត្ដិ ដូច្នេះ ព្រះរាជបុត្រព្រះបាទជ័យវរ្ម័នទី៨ ដែលត្រូវឡើងសោយរាជបន្ដពីឳពុក ដោយគ្មានព្រះខ័នរាជ សំរាប់សំគាល់ជាតំណាងអំណាច និងរាជបល្ល័ង្គ ក៏លែងមានសិទ្ធិនឹងឡើងសោយរាជគ្រប់គ្រងនគរដែរ គឺបុគ្គលមានព្រះខ័នរាជ ដែលមានសិទ្ធិអំណាចត្រឹមត្រូវ ឡើធ្វើជាព្រះមហាក្សត្រកម្ពុជា។ គ្រានោះព្រះមហាក្សត្រ ព្រះបាទជ័យវរ្ម័នទី៨ មិនរិះរកមធ្យោបាយអ្វីមកទប់ទល់ឡើយ។ ព្រឹត្ដិការណ៍បានជំរុញបង្ខំចិត្ដព្រះបាទជ័យវរ្ម័នទី៨ ដាក់រាជ ក្នុងគ.ស ១២៩៩។
III.
ព្រះបាទឥន្រ្ទវរ្ម័នទី៣
គ.ស ១២៩៩ - ១៣០៨
ព្រះបាទឥន្រ្ទវរ្ម័នទី៣
ជាកូនប្រសាររបស់ព្រះបាទជ័យវរ្ម័នទី៨ ក្នុងរាជព្រះអង្គ
ព្រះរាជបុត្រព្រះបាទជ័យវរ្ម័ទី៨ ដែលត្រូវទទួលរាជសម្បត្ដិពីឳពុក
បានទៅបង្កទ័ព បង្កើតចលាចលធ្វើសង្គ្រាមដណ្ដើមយករាជបល្ល័ងមកវិញ។
តែព្រះអង្គត្រូវបរាជ័យ ហើយត្រូវព្រះបាទឥន្រ្ទវរ្ម័នទី៣ចាប់បាន។
ព្រះបាទឥន្រ្ទវរ្ម័នទី៣ បានបញ្ជាអោយកាត់ម្រាមជើង ដើម្បីជាសញ្ញាបញ្ជាក់ថា
ស្ដេចអង្គនេះគ្មានអំណាច នឹងទាមទាររាជសម្បត្ដិទេ។ ព្រះបាទជ័យវរ្ម័នទី៣
បានបញ្ជាអោយយកព្រះអង្គទៅដាក់ចាក់សោឃុំទុកក្នុងបន្ទប់ងងិតមួយ
ក្នុងបរមរាជវាំង។
ព្រះអង្គបានផ្លាស់ប្ដូរសាសនា
មកប្រកាន់ព្រះពុទ្ធសាសនាផ្នែកថេរវាទ(១) ឬហីនយានវិញ។ ព្រះពុទ្ធសាសនា
ថេរវាទត្រូវបានព្រះអង្គតមលិន្ដ ដែលជាបុត្រព្រះបាទជ័យវរ្ម័នទី៧
នាំចូលមកប្រទេសកម្ពុជា ព្រះអង្គជាក្សត្រទី១ ដែលបានរៀបចំយកភាសាបាលី
មកសរសេរជំនួសភាសាសំស្រ្កឹត ព្រះបាទជ័យវរ្ម័នទី៣
ថែរក្សាការពារសាសនាទាំងអស់ ទាំងព្រហ្មញ្ញសាសនា ទាំងព្រះពុទ្ធសាសនា។
ក្នុងរជ្ជកាលព្រះអង្គ ប្រទេសជាតិបានសុខសន្ដិភាព
ប្រជានុរាស្រ្ដរស់ដោយក្សេមក្សាន្ដ គ្មានទុក្ខគ្មានភ័យ ហើយសង្រ្គាម
នឹងប្រទេសជិតឆ្ងាយក៏គ្មានដែរ។ ថ្ងៃក្រោយមក ក្នុងគ.ស.១៣០៨
ព្រះបាទឥន្រ្ទវរ្ម័នដាក់រាជ ហើយព្រះអង្គបានយាងទៅសាងផ្នួស។
ការដណ្ដើមយកអំណាចយកសោយរាជ
របស់ព្រះបាទឥន្រ្ទវរ្ម័ទី៣ ក្នុងឋានៈព្រះអង្គជាកូនប្រសារព្រះមហាក្សត្រ
ការប្រកាន់គោរពបូជាព្រះពុទ្ធសាសនាផ្នែកថេរវាទ ឬហីនយាន ធ្វើអោយយើងប៉ាន់ស្មានថា
ព្រះអង្គអាចជាតួ អង្គព្រះបាទត្រសក់ផ្អែមដែលជាស្ដេចសំរែ
ក្នុងពង្សាវតារខ្មែរភាគរឿងនិទាន។
IV.
ព្រះបាទឥន្រ្ទជ័យវរ្ម័ន
គ.ស.១៣០៨ - ១៣២៧
ព្រះបាទឥន្ទ្រជ័យវរ្ម័ន
បានឡើងសោយរាជបន្ដពីព្រះបាទឥន្រ្ទវរ្ម័នទី៣ យើងមិនបានស្គាល់ប្រវត្ដិព្រះអង្គ
ខ្សែស្រលាយ ញាតិសន្ដានជាប់នឹងព្រះមហាក្សត្រចាស់
និងរបៀបដែលតែងតាំងអោយធ្វើជាស្ដេចយ៉ាងណានោះទេ ប្រវត្ដិស្ដេចអង្គនេះ
យើងដឹងបានខ្លះៗ ដាយសារសិលាចារឹកនៅប្រាសាទមង្គលអដ្ឋៈ ក្នុងបរិវេណនគរធំ
និងសិលាចារឹកនៅបន្ទាយស្រី។
ព្រះមហាក្សត្រអង្គនេះ កាលឡើងសោយរាជសម្បត្ដិហើយ
ក៏ចាប់ផ្ដើមផ្លាស់ប្ដូរសាសនាប្រកាន់យកព្រហ្មញ្ញសាសនាគោរពព្រះសិវៈ
មកធ្វើជាត្រីមុខ។ សង្រ្គាមសាសនា
ឬសង្រ្គាមមនោគមវិជ្ជាបានផុសនៅគ្រប់ទិសទី ហើយការដេញចាប់ចងសំលាប់ក្រុមគោរព
និងកាន់ព្រះពុទ្ធសាសនាក៏ចាប់ផ្ដើមមានដែរ។ ព្រះបាទឥន្រ្ទជ័យវរ្ម័
ទ្រង់ចូលទីវង្គតនៅ គ.ស.១៣២៧។
V.
ព្រះបាទជ័យវរ្ម័នបរមឥស្វរៈ
ចំពោះព្រះមហាក្សត្រអង្គនេះ
យើងពុំបានដឹងអំពីរិសគល់ពូជពង្សទេ។ យើងក៏មិនដឹងដែរអំពីរបៀបឡើងសោយរាជ
តែសិលាចារឹកនៅប្រាសាទមង្គលអដ្ន (ប្រាសាទតុប) ក្នុងបរិវេណនគរធំ និង
សិលាចារឹកនៅប្រាសាទ បន្ទាយស្រី អាចអោយយើងដឹងអំពីវត្ដមានរបស់ព្រះអង្គ
នៅក្នុងប្រវត្ដិសាស្រ្ដខ្មែរ។ យើងអាចយល់បានថាស្ដេចអង្គនេះ
គោរពបូជាព្រះសិវៈ។ ដើម្បីបញ្ជាក់ នូវទឹកចិត្ដប្ដូរផ្ដាច់មុះមុតជឿទៅលើព្រះសិវៈ
ហើយដើម្បីប្រឆាំង កំចាត់បំផ្លាញព្រះពុទ្ធសាសនា ព្រះអង្គបានចារអក្សរលើប្រាសាទបាយ័ន
ចោទប្រកាន់ត្មះតិដៀលព្រះពុទ្ធសាសនា។ ព្រះអង្គបានចូលទីវង្គតក្នុងគ.ស ១៣៣៦។
១ = ថេរវាទ
គឺជាព្រះពុទ្ធដិការ ឬពាក្យបន្ទូលទូន្មានប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធ
ដែលព្រះអហន្ដទាំងឡាយបានលើកសង្គាយនា រៀបចំចងក្រងយ៉ាងទៀងទាត់ទុកក្នុងព្រះត្រៃបិតក។
No comments:
Post a Comment