ពាក្យពេចន៍ម៉ែឪ
មកដល់កូនជាទីស្រលាញ់
មកដល់កូនជាទីស្រលាញ់ សេចក្តីល្អនិងសេចក្តីចម្រើនរបស់កូន
ម៉ែឪមិនធ្លាប់មានការប្រាថ្នាអាក្រក់ និងមិនធ្លាប់មានការច្រណែនម្តងណាឡើយ
ព្រោះក្នុងបេះដូងរបស់ម៉ែឪមានតែសេចក្តីប្រថា្នល្អ សេចក្តីស្រលាញ់
និងការគ្រប់គ្រងគ្រប់ពេលទាំងអស់ មិនមានចន្លោះទុកសម្រាប់ឪ្យការប្រាថ្នាអាក្រក់
និងការច្រណែនថិតនៅផងឡើយ ។ទឹកចិត្តស្រលាញ់របស់ម៉ែឪទៅលើកូន មិនមានកំណត់ទីបំផុត
ជាសេចក្តីស្រលាញ់ដ៏បរិសុទ្ធ ។ ម៉ែឪមិនជាទុក្ខឬ ខ្មាសគេអ្វីឡើយ
ដែលមានកូនជាមនុស្សក្រទ្រព្យសម្បត្តិ នោះ ប៉ុន្តែ ម៉ែឪជាទុក្ខនិងខ្មាស
គេជាទីបំផុត បើថាកូនជាមនុស្សអាក្រក់ ។ ម៉ែឪ មានសេចក្តីសុខ រីករាយក្នុងចិត្ត
ព្រោះបានឃើញកូនៗមានសេចក្តីចម្រើនក្នុងជីវិត មានការងារល្អ មានគ្រួសារកក់ក្តៅ
ហើយជាពិសេស ខ្លាំងណាស់នោះ គឺម៉ែឪមាននូវសេចក្តីសុខដ៏ក្រៃលែង
ព្រោះបានឃើញកូនជាមនុស្សល្អ ។ ម៉ែឪមិនមែនជាទេវតា តែក្រៃលែងជាងទេវតាទៅទៀត មិនមែជាព្រះព្រហ្ម
តែក្រៃលែងជាងព្រះព្រហ្មទៅទៀត ព្រោះម៉ែឪ ឲ្យសេចក្តីស្រលាញ់ ដល់កូនដ៏ក្រៃលែង
និងឲ្យនូវអ្វីដែលទេវតាឥន្ទព្រហ្មឲ្យមិនបាន នោះគឺជីវិត ។ ម៉ែឪប្រាថ្នា
ឲ្យជីវិតកូនមានតម្លៃ មានភាពភ្លឺស្វាង និងមានសេចក្តីសុខ
ទើបម៉ែឪព្យាយាមពន្យល់កូនទូន្មានកូនដូច្នេះ
ត្រូវកូនយកចិត្តទុកដាក់ស្តាប់នូវពាក្យពេចន៍ម៉ែឪអោយ បានច្បាស់លាស់
និងត្រូវគិតឲ្យបានយល់ ហើយបរិបត្តតាមឲ្យបានល្អជាទីបំផុត
នោះសេចក្តីចម្រើននឹងកើតមានដល់អ្នក ។
ការពិតក្នុងចិត្ត
កូនជាទីស្រលាញ់ ឥឡូវនេះកូនធំហើយ
ល្មមអាចយល់ដឹងនូវរឿងរ៉ាវរបស់ជីវិតបាន បើមិនច្រើនក៏ខ្លះៗដែរ ។
កូនគង់តេបានដឹងហើយថា ឪពុកម្តាយស្រលាញ់កូនច្រើនប៉ុណ្ណា កូនប្រៀបបីដូចជាកែវភ្នែក
ឬថ្លើមប្រមាត់របស់ ម៉ែឪដូច្នោះឯង ។ ឪពុកម្តាយនឿយហត់កនុងការងាររាល់ថ្ងៃនេះ
កូនក៏ដឹងដែរថាគឺដើម្បីកូនគ្រប់គ្នា បើសម្រាប់តែមាត់ពីរ
ក្រពះពីររបស់ឪពុកម្តាយទេនោះ ឪពុកម្តាយមិននឿយហត់ដូច្នេះទេ ។ ដែលពោលយ៉ាងនេះ
មិនមែនចង់រំលឹកគុណ
ហើយប្រថា្ននូវការតបស្នងអ្វីក្រៅអំពីចង់ឲ្យកូនជាមនុស្សល្អឡើយ ។ តាមពិត
ម៉ែឪត្រូវការអ្វីៗច្រើនយ៉ាងពីកូនមែមគ្រាន់តែនិយាយាមិនចេញ
ហាក់ដូចជាទឹកលិចដល់មាត់ អីចឹងឯង ។ ចូរកូដឹងចុះ សូម្បីមាតាបិតា ទាំងឡាយមានទ្រព្យសម្បត្តិច្រើនលើសពីការប្រើប្រាស់ទៅទៀតក៏ដោយ
តែក៏នៅចង់បានជំនូន ចង់បានរបស់ដែលកូនអោយដែរ ទោះបីរបស់នោះមិនសូវល្អ មិនសូវថ្លៃ
ប្រៀបនិងរបស់ដែលម៉ែឪមានមិនបានក៏ដោយ ឲ្យតែថា ជារបស់កូនដែលកូនជូនហើយ
ឪពុកម្តាយសប្បាយចិត្តណាស់ ។ កាលដែលកូនមាននំ មានផ្លែឈើមកជូននោះ
ឪពុកម្តាយឆ្អែតស្រេចហើយក៏ដោយ ក៏នៅតែទទួលពិសារដោយពេញចិត្តដែរ ។
សម្លៀកបំពាក់ដែលកូននាំមកជូន ទោះជាមិនស្អាតក៏ដោយ ក៏មាតាបិតាស្លៀកពាក់ដែរ
ដើម្បីបង្ហាញកូនយកចិត្តកូន ។ ទោះជាកូន មិនមានអ្វីមកជូនសោះ
គឺគ្រាន់តែបង្ហាញមុខ ហើយមានដៃសំពះថ្វាយបង្គំប៉ុណ្ណឹង ក៏ម៉ែឪពេញចិត្តទៅហើយ ។
នេះជាបំនងប្រាថ្នា ដែលមានក្នុងចិត្តរបស់ឪពុម្តាយគ្រប់គ្នា
ពោលគឺចង់ឲ្យកូនជមនុស្សល្អ គិតល្អ ធ្វើល្អ និយាយល្អ ដឹងគុណ ដឹងទោសតាមសេចក្តីពិត
ប៉ុន្តែ ឲ្យម៉ែឪហាមាត់ប្រាប់កូនថា ថ្វាយបង្គំមក ទិញផ្លែឈើល្អៗអោយមក
យ៉ាងម៉េចរួចទៅ ម្លោះហើយមាតាបិតា ខ្លះបានបិទភ្នែកលាចាកលោកនេះទៅ ទាំងដែលមិនធ្លាប់
ឃើញកូនក្រាបសំពះខ្លួនម្តងផង ។
កំណាព្យ
• ពាក្យពេចន៍ម៉ែឪកូនត្រូវចាំ
បណ្តាំទឹកចិត្តពិតពាក្យព្រហ្ម ពាក្យប្រាជ្ងពីព្រេងម៉ែឪផ្គុំ
និយមព្រះពុទ្ធវិសុទ្ធពេចន៍ ។
• អរុណពណ៌មាសជះរស្មី សម្តីម៉ែឪត្រូវរំលេច រំលឹកចំៗកុំអោយភ្លេច
ពាក្យពេចន៍ដូចថ្ងៃថ្លៃដូចមាស។
• ទ្វីបលោកល្អស្រស់ព្រោះសូរិយា មាតាបិតាគឺជាព្រះ
ជាដួងតារាយាត្រារះ កូនត្រូវសំពះទិសបូព៌ា។
• ទិសបូព៌មានន័យបូព្វការី បង្កើតប្រុសស្រីពេញពសុធា
ពាក្យពេចន៍ម៉ែឪត្រូវដូចជា សុរិយាក្នុងគ្រាបំភ្លឺលោក ។
គ្រួសារកក់ក្តៅ
កូនជាទីស្រលាញ់ ពាក្យថាគ្រួសារ
ជាពាក្យដែលមានសេចក្តីឬអត្ថន័យច្រើន គឺសំដៅដល់ការស្រលាញ់ ភាពកក់ក្តៅ
ភាពនៃត្រកូលតែមួយជាមួយគ្នា ។ល។ នៅប្រទេសខាងលិច
ភរិយាតែងយកត្រកូលប្តីមកប្រើហើយតែងហៅគ្នាថា «អ្នកផ្ទះខ្ញុំ» ឬគ្រួសារខ្ញុំជាដើម ។សម័យដែលកូននៅក្មេងៗ យើងតែងហៅគ្នាថាគ្រួសារ
មានសំឡេងសើចសប្បាយ មានសំឡេងរត់ប្រឡែងគ្នា បរិភោគអាហាររួមគ្នា
និងធ្វើអ្វីៗជាមួយគ្នា មានភាពរស់រវើក ។ ឪពុកម្តាយ
សូម្បីធ្វើការហត់នឿយអស់កំលាំងយ៉ាងណាក៏ដោយ លុះមកដល់ផ្ទះហើយគ្រាន់តែឃើញមុខកូនៗ
រត់មកទទួល ជួយកាន់ជួយទទួលយករបស់របរ និងសាកសួរពីការនឿយហត់ប៉ុណ្ណឹង
ម៉ែឪក៏ភ្លេចអស់នូវភាពនឿយហត់ទៅហើយ ។ មាតាបិតាឃើញកូនញ៉ាំបាន គេងលក់សប្បាយចិត្ត
ទាំងអស់នេះឯងណាកូន ដែលគេថាគ្រួសារមានភាពកក់ក្តៅនោះ ។ឥឡូវនេះកូនក៏បានធំៗអស់ហើយ
កូនអើយធ្វើជាបងជាប្អូន កូនត្រូវតែចេះស្រលាញ់គ្នា ។ សាច់ឈាមជាមួយគ្នា
យ៉ាងណាៗក៏កាត់មិនបាន ពាក្យចាស់ពោលថា «កាត់ទឹកមិនដាច់ កាត់សាច់មិនបាន» ដូច្នេះ ចូរកូនកុំស្អប់ខ្ពើម កុំកំណាញ់ កុំច្រណែន
ឬខឹងក្រោធគំនុំគុំកួនអ្វីដល់គ្នាឡើយ កូនត្រូវជួយគ្នា និងមើលថែគ្នាវិញទើបបានល្អ
។ បានមកធ្វើជាបងប្អូននិងគ្នាហើយ ស្រាប់តែមកឈ្លោះទាស់ទែងគ្នាវាជារឿងដែលគួរអោយខ្មាស់អៀនណាស់កូនអើយ
មនុស្សល្អគេមិនឈ្លោះទាស់ទែងគ្នាដូច្នេះឡើយ
ម្យ៉ាទៀតកូនត្រូវគិតដល់ទ្រូងម្តាយឪពុកផង ។ គិតដល់ពេលដែលកូននៅតូចៗ
ឈ្លោះគ្នាហើយក៏ល្អនឹងគ្នាវិញ លេងជាមួយគ្នាវិញដូចដើម។
កំណាព្យ
• គ្រួសារកក់ក្តៅ ម៉ែឪកូនចៅ ត្រូវនៅក្នុងធម៍
មិនតាមកិលេស ចេះរស់ក្នុងពរ អាយុបវរ គុណធម៍ក្នុងចិត្ត ។
No comments:
Post a Comment