សូមស្វាគមន៍!!! មកកាន់ បេះដូងអ្នកសិក្សា ប្លក់នេះបង្កើតឡើងដើម្បីចែករំលែកនូវ ឯកសារ ប្រវត្តិសាស្រ្ដ​ មេរៀនស្រាវជ្រាវ ដើម្បីជាគន្លឹះសម្រាប់បងប្អូនប្រិយមិត្តអ្នកអាន ទទួលបាននូវចំណេះដឹង និងការបង្កើតឱ្យមានវប្បធម៌ចែករំលែក​ អ្នកចេះបង្រៀនអ្នកមិនសូវចេះ អ្នកមិនសូវចេះបង្រៀនអ្នកមិនចេះ ជាគន្លឹះសម្រាប់បងប្អុនដែលកំពុងតែសិក្សាដើម្បីពង្រីកចំណេះដឹងផងដែល សូមអរគុណ!!! សម្រាប់ការកាំទ្រ យើងខ្ញុំសូមសន្យាថានឹងស្វែងរកនូវអត្ថបទល្អចែកជូនបងប្អូនទស្សនាជាបន្ដទៀត.....សូមអរគុណ!សម្រាប់ការគាំទ្រ🙏🤝

Sunday, 19 April 2026

ជំពូកទី ២ : អំពីកម្មសិទ្ធិសាធារណៈ មាត្រា ១២ ដល់មាត្រា ១៩ នៃច្បាប់ភូមិបាល ឆ្នាំ២០០១

 





មាត្រា ១២ .-

រដ្ឋជាកម្មសិទ្ធិករ នៃទ្រព្យសម្បត្តិទាំងឡាយក្នុងដែនដី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចែងក្នុងមាត្រា ៥៨ នៃរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ និង ទ្រព្យនិទាយាទភាពទាំងអស់ ឬ ទ្រព្យ ដែលម្ចាស់ប្រគល់ឲ្យរដ្ឋដោយស្ម័គ្រចិត្ត ឬ ទ្រព្យ ដែលមិនមែនជាកម្មវត្ថុ នៃការយកធ្វើជារបស់ឯកជនតាមច្បាប់ ឬ មិនមែនជាទ្រព្យ ដែលកំពុងកាន់កាប់ជារបស់ឯកជនស្របតាមបទប្បញ្ញត្តិ នៃជំពូកទី ៤ នៃច្បាប់នេះ ។

 

មាត្រា ១៣ .-

ក្រៅពីរដ្ឋ សមូហភាពដែនដីសាធារណៈ គ្រឹះស្ថានសាធារណៈ និង នីតិបុគ្គល នៃនីតិសាធារណៈ ដែលបានទទួលស្គាល់ដោយច្បាប់ថាជានីតិបុគ្គល អាចជាកម្មសិទ្ធិករ នៃទ្រព្យជាអចលនវត្ថុក្នុងលក្ខខណ្ឌ ដែលបានកំណត់ក្នុងជំពូកនេះ ។

 

មាត្រា ១៤ .-

ទ្រព្យមួយចំនួនរបស់រដ្ឋ ឬ របស់សមូហភាពដែនដីសាធារណៈ ដែលត្រូវបានដាក់នៅក្រោមរបបគតិយុត្តពិសេសគឺជាទ្រព្យសម្បត្តិសាធារណៈរបស់នីតិបុគ្គលសាធារណៈ ។ ទ្រព្យមួយចំនួនទៀតត្រូវគ្រប់គ្រងដូចកម្មសិទ្ធិឯកជន និង អាចជាកម្មវត្ថុ នៃកិច្ចការជំនួញ គឺជាទ្រព្យសម្បត្តិឯកជនរបស់នីតិបុគ្គលសាធារណៈ ។

 

មាត្រា ១៥ .-

រាប់ចូលក្នុងសម្បត្តិសាធារណៈរបស់រដ្ឋ និង របស់នីតិបុគ្គលសាធារណៈ ៖

- ទ្រព្យទាំងឡាយ ដែលបង្ហាញនូវការកើតឡើងពីធម្មជាតិដូចជា ព្រៃឈើផ្លូវទឹក ដែលនាវា ឬ ក្បូនចេញចូលបាន បណ្ដែតបាន បឹងធម្មជាតិ ច្រាំងទន្លេ ដែលនាវា ឬ ក្បួនចេញចូលបាន បណ្ដែតបាន និង ត្រើយសមុទ្រ

- ទ្រព្យទាំងឡាយ ដែលជាកម្មវត្ថុ នៃការរៀបចំពិសេសសម្រាប់ប្រយោជន៍ទូទៅដូចជាតីរឋាន កំពង់ផែ ផ្លូវដែក ស្ថានីយរថភ្លើង និង ព្រលានយន្តហោះ

- ទ្រព្យទាំងឡាយណា ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ជាសាធារណៈតាមស្ថានភាពពីកំណើត ឬ ក្រោយពីបានរៀបចំដូចជាផ្លូវថ្នល់ ផ្លូវលំ ផ្លូវរទេះ ផ្លូវដើរ សួនច្បារ និង ឧទ្យានសាធារណៈ និង ដីចំណី

- ទ្រព្យទាំងឡាយ ដែលត្រូវបានដាក់ឱ្យដំណើរការសម្រាប់សេវាសាធារណៈដូចជាសាលារៀន ឬ អគារសិក្សាសាធារណៈ អគាររដ្ឋបាល មន្ទីរពេទ្យសាធារណៈទាំងឡាយ

- ទ្រព្យទាំងឡាយ ដែលបង្កើតជាដែនបំរុងធម្មជាតិការពារដោយច្បាប់

- បេតិកភណ្ឌបុរាណវិទ្យា វប្បធម៌ និង ប្រវត្តិសាស្ត្រ

- អចលនវត្ថុជាព្រះរាជទ្រព្យ ដែលមិនមែនជាទ្រព្យសម្បត្តិឯកជនរបស់ព្រះរាជវង្សានុវង្ស ។ អចលនវត្ថុជាទ្រព្យត្រូវបានចាត់ចែងដោយព្រះមហាក្សត្រ កំពុងគ្រងរាជ្យ ។


មាត្រា ១៦ .-

ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋមិនអាចលក់ដូរបានឡើយហើយ កម្មសិទ្ធិ នៃទ្រព្យទាំងនោះមិនអាចកំណត់អាជ្ញាយុកាលបានទេ ។ ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មិនអាចឋិតនៅក្រោមការកាន់កាប់ដោយលទ្ធកម្មពិសេស នៃជំពូកទី ៤ នៃច្បាប់នេះបានទេ ។ ប៉ុន្តែទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋអាចជាកម្មវត្ថុ នៃការអនុញ្ញាតឱ្យកាន់កាប់ ឬ ប្រើប្រាស់ជាបណ្ដោះអាសន្ន មិនទៀង ហើយអាចដកហូតវិញបាន បើមិនបានបំពេញកាតព្វកិច្ចបង់ពន្ធផ្សេងៗ លើកលែងតែបានអនុញ្ញាតតាមជំពូកទី ៣ នៃច្បាប់នេះ ។ ការអនុញ្ញាតទាំងនេះមិនអាចប្រែក្លាយទៅជាកម្មសិទ្ធិ ឬ ជាសិទ្ធិភណ្ឌិកជាប្រយោជន៍ដល់អ្នកកាន់កាប់ទ្រព្យទាំងនេះបានឡើយ ។ ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ នៅពេលបាត់បង់ផលប្រយោជន៍សាធារណៈ អាចត្រូវចាត់បញ្ចូលជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋតាមរយៈច្បាប់អនុបយោគ ។

 

មាត្រា ១៧ .-

ទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ និង របស់នីតិបុគ្គលសាធារណៈ អាចជាកម្មវត្ថុ នៃការលក់ ការដូរ ការបែងចែក ឬ ការផ្ទេរសិទ្ធិតាមការកំណត់ដោយច្បាប់ ។ ទ្រព្យទាំងនោះអាចផ្ដល់ឲ្យតាមរយៈភតិសន្យា និង ជាកម្មវត្ថុ នៃកិច្ចសន្យា ដែលបានធ្វើឡើងត្រឹមត្រូវតាមច្បាប់ ។ លក្ខខណ្ឌទាំងឡាយ និង នីតិវិធី នៃការលក់ និង ការគ្រប់គ្រងទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ និង របស់នីតិបុគ្គលសាធារណៈនឹងកំណត់ដោយអនុក្រឹត្យ ។ គ្មានការលក់ណាមួយអាចត្រូវបានសម្រេចដោយគ្មានអនុក្រឹត្យនេះឡើយ ។ ដីជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋអាចជាកម្មវត្ថុ នៃសម្បទានក្នុងលក្ខខណ្ឌ ដែលមានចែងក្នុងជំពូកទី ៥ នៃច្បាប់នេះ ។ គ្មានការចាប់យកដីតាមទំនើងចិត្តណាមួយ អាចកើតឡើងទៅលើទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ឬ របស់នីតិបុគ្គលសាធារណៈបានឡើយ ចាប់ពីច្បាប់នេះចូលជាធរមាន ទោះបីស្របនឹងជំពូកទី ៤ នៃច្បាប់នេះក៏ដោយ ។ ប៉ុន្តែដីទំនេរ នៃទ្រព្យសម្បត្តិឯកជនរបស់រដ្ឋអាចត្រូវបានបែងចែកទៅឱ្យបុគ្គល ដែលត្រូវការដីក្នុងគោលដៅសង្គមកិច្ចតាមលក្ខខណ្ឌ ដែលកំណត់ដោយអនុក្រឹត្យ ។


មាត្រា ១៨ .-

ត្រូវទុកជាមោឃៈ និង គ្មានអានុភាព ហើយមិនអាចត្រូវបានធ្វើនិយ័តកម្ម ទោះតាមរូបភាពណាក៏ដោយនូវ ៖

- រាល់ការចូលកាន់កាប់ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និង របស់នីតិបុគ្គលសាធារណៈ និង រាល់ការបំប្លែងការកាន់កាប់ទ្រព្យសម្បត្តិឯកជនរបស់រដ្ឋទៅជាសិទ្ធិកម្មសិទ្ធិ ទោះបីការកាន់កាប់ និង ការបំប្លែងនេះ

កើតមាននៅពេលណាក៏ដោយ ដែលមិនស្របតាមលិខិតបទដ្ឋានគតិយុត្ត និង នីតិវិធី ដែលបានកំណត់កន្លងមក

- រាល់ការបំប្លែងទៅជាសិទ្ធិកម្មសិទ្ធិ នៃដីសម្បទាន ទោះជាការបំប្លែងនោះកើតឡើងមុនពេលច្បាប់នេះចូលជាធរមានក៏ដោយ លើកលែងតែសម្បទាន ដែលឆ្លើយតបទៅ នឹងប្រយោជន៍សង្គម

- រាល់សម្បទានមិនស្របនឹងបញ្ញត្តិទាំងឡាយ នៃជំពូកទី ៥

- រាល់ការចូលកាន់កាប់ទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ទោះជាតាមរូបភាពណាក៏ដោយ ដែលបានកើតឡើងក្រោយច្បាប់នេះត្រូវចូលជាធរមាន ។


មាត្រា ១៩ .-

បុគ្គលទាំងឡាយ ដែលមានប័ណ្ណ ឬ មានស្ថានភាពជាក់ស្ដែងឋិតនៅក្រោមឥទ្ធិពល នៃមាត្រា ១៨ នៃច្បាប់នេះមិនអាចទាមទារសំណងទូទាត់ ឬ សោហ៊ុយសម្រាប់ការថែទាំ ឬ ការរៀបចំ ដែលបានធ្វើលើអចលនវត្ថុ ដែលបានកាន់កាប់ដោយខុសច្បាប់បានឡើយ ។ លទ្ធកម្មណាមួយដោយខុសច្បាប់ និង ដោយចេតនា ឬ ដោយបោកប្រាស់លើទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ឬ របស់នីតិបុគ្គលសាធារណៈ ត្រូវផ្ដន្ទាទោសដូចមានចែងក្នុងមាត្រា ២៥៩ នៃច្បាប់នេះ ។ ចំពោះការកាន់កាប់ទ្រព្យសម្បត្តិសាធារណៈ ដែលបណ្ដាលឱ្យខូចខាត ឬ ធ្វើឱ្យយឺតយ៉ាវដល់ការងារ ដែលជាប្រយោជន៍ទូទៅ ពិសេសចំពោះការកាន់កាប់ដីចំណីផ្លូវកំរិតទោសនឹងត្រូវកំណត់ជាទ្វេ ។ ក្នុងគ្រប់ករណី បើជនល្មើសមិនបញ្ឈប់ការកាន់កាប់របស់ខ្លួនក្នុងរយៈពេល ដែលបានកំណត់ដោយអាជ្ញាធរមានសមត្ថកិច្ចទេ អាជ្ញាធរអាចដំណើរការបណ្ដេញជនល្មើសចេញ ។


 

No comments:

Post a Comment

Featured post

ជំពូកទី ៣ : អំពីកម្មសិទ្ធិរបស់សមូហភាព ផ្នែកទី ១ : អំពីអចលនវត្ថុរបស់វត្ត

  ជំពូកទី ៣  : អំពីកម្មសិទ្ធិរបស់សមូហភាព ផ្នែកទី ១  : អំពីអចលនវត្ថុរបស់វត្ត         មាត្រា ២០  .- អចលនវត្ថុជាដី និង ជាសំណង់ ដែលមាននៅក...