Pisey trip: អរិយធម៌ខ្មែរសម័យក្រោយអង្គរ (ភ្នំពេញ, លង្វែក, ទួលបាសាន, ស្រីសន្ធរ)
សូមស្វាគមន៍!!! មកកាន់ ប្លក់ បេះដូងអ្នកសិក្សា ប្លក់នេះបង្កើតឡើងដើម្បីចែករំលែកនូវ ឯកសារ ប្រវត្តិសាស្រ្ដ​ មេរៀនស្រាវជ្រាវ ដើម្បីជាគន្លឹះសម្រាប់បងប្អូនប្រិយមិត្តអ្នកអាន ទទួលបាននូវចំណេះដឹង និងការបង្កើតឱ្យមានវប្បធម៌ចែករំលែក​ អ្នកចេះបង្រៀនអ្នកមិនសូវចេះ អ្នកមិនសូវចេះបង្រៀនអ្នកមិនចេះ ជាគន្លឹះសម្រាប់បងប្អុនដែលកំពុងតែសិក្សាដើម្បីពង្រីកចំណេះដឹងផងដែល សូមអរគុណ!!! សម្រាប់ការកាំទ្រ យើងខ្ញុំសូមសន្យាថានឹងស្វែងរកនូវអត្ថបទល្អចែកជូនបងប្អូនទស្សនាជាបន្ដទៀត.....

អរិយធម៌ខ្មែរសម័យក្រោយអង្គរ (ភ្នំពេញ, លង្វែក, ទួលបាសាន, ស្រីសន្ធរ)





អរិយធម៌ខ្មែរសម័យក្រោយអង្គរ (ភ្នំពេញ, លង្វែក, ទួលបាសាន, ស្រីសន្ធរ)



តាម​ទស្សនៈ​ថ្មី គេ​បាន​ចាត់​ទុក​ថា ប្រ​វត្ដិ​សាស្រ្ដ​ជា​ធម៌​សំយោគ​រវាង​វប្ប​ធម៌ និង សង្គម​ធម៌ ហើយ​ពុំ​មែន​គ្រាន់​តេ​ជា​កំរង​ព្រឹត្ដិ​ការណ៍​នយោ​បាយ​ដែល​បាន​កើត​ឡើង​ជា​បន្ដប​ន្ទាប់​គ្នា​ហូរ​ហែ​តែ​ប៉ុណ្ណោះ​ទេ។ យើង​យល់​ថា​ ទស្សនៈ​នេះ​មាន​លក្ខណៈ​សម​រម្យ​ណាស់ ហើយ​យើង​ចង់​យក​មក​អនុ​វត្ដ​ក្នុង​កិច្ច​ការ​របស់​យើង​នេះ​ដែរ ដើម្បី​បង្ហាយ​អោយ​អ្នក​អាន​ឃើញ​ភាព​នៃ​សង្គម​ខ្មែរ​យើង​ក្នុង​សម័យ​កាល​និមួយ​ៗ​។ ប៉ុន្ដែ​ក្នុង​ការ​ធ្វើ​អោយ​សំរេច​បំណង​របស់​យើង​​ខាង​​លើ​​នេះ យើង​បាន​ជួប​ប្រទះ នូវ​ឧប​សគ្គ​ជា​ច្រើន​។ យ៉ាង​ណា​មិញ ឯក​សារ​ដែល​យើង​ប្រើ​ប្រាស់​សំរាប់​ចង​ក្រង​ប្រ​វត្ដិ​សាស្រ្ដ​ខ្មែរ​សម័យ​ក្រោយ​អង្គរ​នេះ ច្រើន​តែ​ជា​រាជ​ពង្សា​តារ​។ ដូច​មិត្ដ​អ្នក​អាន​បាន​ជ្រាប​ស្រាប់​ហើយ​ថា រាជ​ពង្សា​វតារ ជា​ឯក​សារ​អធិប្បាយ​អំពី​ដំណើរ​ប្រែ​ប្រួល​របស់​វង្ស​ស្ដេច​ផែន​ដី ម៉្លោះ​ហើយ​ពត៌​មាន​ដែល​យើង​អាច​ស្រង់​ចេញ​ពី​ឯក​សារ​ប្រ​ភេទ​នេះ​ច្រើន​តែ​សង្កត់​ទៅ​លើ​រឿង​រ៉ាវ ដែល​ទាក់​ទង​នឹង​ព្រះ​មហា​ក្សត្រ រាជ​វង្សា​នុវង្ស នា​ម៉ឺន ចម្បាំង ចំណែកឯពត៌​មាន​ដែល​ទាក់​ទង​នឹង​ជី​វភាព​ប្រជា​រាស្រ្ដ ការ​រស់​នៅ និង មែក​ធាង​អែ​ទៀត​នៃ​វប្បធម៌ និង សង្គម​ធម៌ មាន​តិច​តួច​ស្ដួច​ស្ដើង​ណាស់​។ តាម​ការសង្កេត​សៀវ​ភៅ​ប្រ​វត្ដិ​សាស្រ្ដ​ជា​ភាសា​ជាតិ​ក្ដី ជា​ភាសា​បរ​ទេស​ក្ដី ដែល​បាន​ចង​ក្រង​រួច​មក​ហើយ​រហូត​មក​ដល់​ពេល​នេះ ក៏​ពុំ​អាច​ទៅ​ដល់​គោល​ដៅ​ខាង​លើ​នេះ​ដែរ​។ ចំពោះ​យើង​វិញ យើង​ពុំ​ហ៊ាន​អះ​អាង​ថា នឹង ទៅ​ដល់​គោល​ដៅ​ទាំង​ស្រុង​នោះ​ដែរ​។ តែ​ទោះ​បី​មាន​កង្វះ​ឯក​សារ​យ៉ាង​ណា​ក៏​ដោយ ក៏​យើង​នឹង​ខិត​ខំ​សាក​ល្បង​ដោយ​ប្រើ​អែក​សារ​ដែល​មាន​រួច​មកហើយ ផ្សំ​ជា​មួយ​នឹង​អែក​សារ​បរ​ទេស​ខ្លះ​ ដើម្បី​ធ្វើ​អោយ​សង្គម​ខ្មែរ​ក្នុង​អតីត​កាល​ លេច​​រូប​រាង​ឡើង​ចំពោះ​មុខ​អ្នក​អាន​តាម​លទ្ធ​ភាព​ដែល​យើង​អាច​ធ្វើ​បាន​។

អំពីរបបនយោបាយ

I. ព្រះរាជា : ជីវភាព និងអំណាច

ទោះ​បី​លទ្ធិ​ទេវ​រាជ​ត្រូវ​ខ្មែរ​បោះ​បង់​ចោល​ជា​ស្ថាពរ​តាំង​ពី​បដិ​វត្ដន៍​នាយ​ត្រសក់​ផ្អែម​មក​ម៉្លេះ​ក៏​ដោយ ក៏​ព្រះ​មហា​ក្សត្រ នៅ​មាន​លក្ខណ​ពិសិដ្ឋ​ពុំ​មាន​ជន​ណា​ល្មើស​បាន​ឡើយ ហើយ​ដែល​គេ​និយម​ហៅ​ថា ​ព្រះ​សម្ម​តី​ទេព​ គឺ​ថា​ជា​ជន​ខ្ពង់​ខ្ពស់​ផុត​គេ​ ឬ​ក៏​ជា​ទេវ​តា ដោយ​សន្មត​ក្នុង​ចំណោម​មនុស្ស ជា​អាណា​ប្រជា​នុ​រាស្រ្ដ​របស់​ព្រះអង្គ​។
លក្ខណ​ពិសិដ្ឋ​របស់​ព្រះ​មហា​ក្សត្រ​ខាង​លើ​នេះ គឺ​បាន​មក​ពី​ពិធី រាជា​ភិ​សេក​អោយ​ឡើង​សោយ​រាជ្យ​សម្បត្ដិ ( manger la royauté)​។ ពាក្យ​សោយ​នេះ​ខ្មែរ​ពី​បុរាណ​លោក​បាន​ប្រើ​ជា​ហូរ​ហែ​រៀង​មក មាន​ភស្ដុ​តាង​ក្នុង​សិលា​ចារឹក​ជា​ដើម តែ​លោក​សរ​សេរ​ថា ស្វេយ​ទៅ​វិញ (ស្វេយ​វ្រៈ ធម្មិ​រាជ-​ សិលា​ចារឹក​ប្រា​សាទ លុះ​គ.ស ១០៤៩)​។ គួរ​គប្បី​ជ្រាប​ថា ក្សត្រ​អង្គ​ណា​ដែល​មិន​ទាន់​បាន​អភិ​សេក ហើយ​គ្រាន់​តែ​បាន​ទទួល​រាជ​សម្បត្ដិ​គ្រប់​គ្រង​អាណា​ប្រជា​នុ​រាស្រ្ដ​ជា​បណ្ដោះ​អាសន្ន​សិន​នោះ តាម​ក្បួន​លោក​អោយ​ហៅ​ថា គ្រង​រាជ​សម្បត្ដិ ដូច​ជា​ករណី​របស់​ព្រះ​បរម​រាជា​ទី​២ ចៅ​ពញា​យ៉ាត កាល​ដែល​វាយ​រំដោះ​បាន​រាជ​ធានី​អង្គរ ពី​កណ្ដាប់​ដៃ​នៃ​ទ័ព​សៀម និង ព្រះ​ចន្ទ​រាជា កាល​ដែល​មិន​ទាន់​ច្បាំង​ឈ្នះ​ស្ដេច​កន​ជា​ស្ថាពរ​នៅ​ឡើយ​។ ម្យ៉ាង​ទៀត ប្រសិន​បើ​អភិ​សេក​ក្នុង​ពេល​ធ្វើ​សង្រ្គាម លោក​អោយ​ហៅ​ថា សង្រ្គា​មា​ភិ​សេក ហើយ​ប្រសិន​បើ​អភិ​សេក​ក្រោយ​ដែល​បាន​បង្ក្រាប​ខ្មាំង​សត្រូវ​អោយ​រាប​ទាប លោក​អោយ​ហៅ​ថា ប្រាប្ដា​ភិសេក​ទៅ​វិញ​។
ត្រង់​នេះ​គួរ​គប្បី​ជ្រាប​ថា​ក្សត្រ​ដែល​អាច​អភិ​សេក​ឡើង​សោយ​រាជ្យ​ពេញ​លក្ខណ​ជា​ព្រះ​មហា​ក្សត្រ​បាន​លុះ​ត្រា​តែ​មាន​គ្រឿង​សំរាប់​រាជ គឺ​ព្រះ​ខាន់​រាជ​១ ព្រះ​លំពែង​ជ័យ​១ និង គ្រឿង​ព្រះ​បញ្ច​ក្សត្រ​។ ប៉ុន្ដែ​តាម​អែក​សារ​ខ្មែរ​ខ្លះ គេ​បញ្ចូល​ព្រះ​ខាន់​រាជ ឬ ព្រះ​ខាន់​ជ័យ​នេះ​ទៅ​ក្នុង​គឿង​បញ្ច​ក្សត្រ វិញ​ដែល​គេ​ហៅ​ថា បញ្ច​ក​កុធ​ភ័ណ្ឌ ឬ រាជ​កកុណ្ឌ​ភ័ណ្ឌ​គឺ៖
1.   ព្រះមកុដ
2.   ព្រះវាលវីជនី (ផ្លិតធ្វើពីរោមសត្វពណ៌ស)
3.   ព្រះខាន់
4.   ស្វេតច្ឆត្រ
5.   ព្រះសុវណ្ណបាទុកា (ស្បែកជើងមាស)

ប្រភព​ដដែល​បាន​និយាយ​ទៀតថា : កាល​នឹង​ស្ដេច​ចេញ​ទៅ​ធ្វើ​រាជ​សង្រ្គាម​ ក៏​ត្រូវ​យក​ព្រះ​ខាន់​ជាប់​នឹង​ព្រះ​អង្គ​ទៅ​ផង​ជា​ដរាប តែ​មិន​មែន​យក​ទៅ​ប្រើ​កាប់​សំលាប់​ផ្ដេស​ផ្ដាស​ដូច​អាវុធ​អែ​ទៀត​ទេ លុះ​តែ​កាល​ណា​សត្រូវ​ដែល​អង់​អាច​ចូល​មក​ដល់​ព្រះ​អង្គ ដែល​ត្រូវ​ប្រើ​អាវុធ​ខ្លី​ប្រហារ​នោះ ទោះ​នឹង​យក​ព្រះ​ខាន់​ប្រហារ​អោយ​វិនាស​ទៅ​បាន រួម​សេច​ក្ដី​ទៅ​ថា ត្រូវ​តែ​សំលាប់​ដោយ​កិត្ដិ​យស​។
ទោះ​បី​ចាប់​ពី​រជ្ជ​កាល​ព្រះ​បាទ​ត្រសក់​ផ្អែម​ត​មក ខ្មែរ​យើង​កាន់​ខ្ជាប់​តែ​ព្រះ​ពុទ្ធ​សាសនា​ហីន​យាន​ក៏​ដោយ តែ​ព្រះ​ខាន់​រាជ​ និង គ្រឿង​បញ្ច​ក្សត្រ ត្រូវ​បាន​បាគូ​ថែ​រក្សា​យ៉ាង​តឹង​រ៉ឹង ហើយ​នឹង​មាន​កិច្ច​ពិធី​បូជា​ជា​រៀង​រាល់​ខែ​ផង​។ ពួក​បាគូ​នេះ​ជា​កូន​ចៅ​មាន​តំណ​វង្ស​ពី​ពួក​ព្រាហ្មណ៍​បរោ​ហិត គឺ​ពួក​ព្រាហ្មណ៍​ដែល​មាន​នា​ទី​ប្រា​រព្ធ​ធ្វើ​រាជ​ពិធី​ផ្សេង​ៗ ក្នុង​ព្រះ​រាជ​វាំង នា​សម័យ​អង្គរ​ដែល​ព្រះ​រាជា​ខ្មែរ​ភាគ​ច្រើន​និយម​រាប់​អាន​សាសនា​ព្រាហ្មណ៍​ជាង​ព្រះ​ពុទ្ធ​សាសនា​។
តាម​រាជ​ពង្សាវ​តារ​ខ្មែរ​ថា កាល​ដែល​ស្ដេច​កន មាន​ជ័យ​ជំនះ​ហើយ សម្ដេច​អិសី​ភន្ទ​បាន​យក​ព្រះ​ខាន់​រាជ ព្រះ​លំពែង​ជ័យ និង គ្រឿង​បញ្ចក្សត្រ ទៅ​លាក់​ទុក​ក្នុង​រន្ធ​នៃ​ប្រហោង​ដើម​ចំបក់​មួយ​នៅ​ក្នុង​ព្រៃ​។ លុះ​​ស្ដេច​កន​ទទួល​អភិ​សេក​ឡើង​សោ យ​រាជ ព្រះ​អង្គ​ទ្រង់​ចាត់​អោយ​គេ​ដើរ​រក​គ្រឿង​សំរាប់​រាជ​ទាំង​នោះ​នៅ​គ្រប់​ទិស​ទី តែ​ពុំ​ឃើញ​សោះ​។ ចំណែក​អែ​ព្រះ​ចន្ទ​រាជា កាល​ដែល​នាំ​នាម៉ឺន​សព្វ​មុខ​មន្រ្ដី​សូម​យាង​ព្រះ​អង្គ​ទទួល​ប្រាប្តា​ភិសេក​ឡើង​សោយ​រាជ្យ​សម្បត្ដិ​នោះ ព្រះ​អង្គ​ទ្រង់ប្រ​កែក​ព្រោះ​រក​គ្រឿង​សំរាប់​រាជ​មិន​ទាន់​ឃើញ​។ បើ​តាម​រាជ​ពង្សា​វតារ​​ខ្មែរ​ថា គ្រឿង​ទាំង​នោះ​គេ​អាច​រក​ឃើញ​ឡើង​វិញ ដោយ​សារ​តែ​ក្រលា​ពាស​ម្នាក់​ដេក​យល់​សប្ដិ​ឃើញ​គេ​មក​ប្រាប់​អោយ​ទៅ​យក​​។
រួម​សេច​ក្ដី​មក យើង​ឃើញ​ថា គ្រឿង​សំរាប់​រាជ ​ដូច​បាន​ពោល​ខាង​លើ​នេះ​មាន​សារៈ​សំខាន់​ណាស់​។ បុគ្គល​ដែល​ឡើង​សោយ​រាជ្យ តែ​ពុំ​មាន​គ្រឿង​នេះ​ទេ គេ​ចាត់​ទុក​ថា​ពុំ​មាន​លក្ខណ​ជា​ស្ដេច ទ្រង់​សោយ​រាជ​ពេញ​លេញ​ទេ​។ ដោយ​ហេតុ​នេះ​ក្នុង​គ្រា​អាសន្ន​បើ​ទោះ​បី​មាន​គ្រោះ​ថ្នាក់​យ៉ាង​ណា​ក៏​ដោយ​ ក៏​ព្រាហ្មណ៍​បាគូ​សេវ​កា​មាត្យ​ត្រូវ​ខំ​រំដោះ​គ្រឿង​សំរាប់​រាជ​នេះ​អោយ​បាន តួ​យ៉ាង​ដូច​កាល​ពី គ.ស. ១៣៥២ នៅ​ពេល​ដែល​សៀម​វាយ​បែក​រាជ​ធានី​អង្គរ​ក្នុង​រជ្ជ​កាល​ព្រះ​បាទ​លំពង់​រាជា​នោះ ពួក​រាជ​គ្រូប​រោ​ហិត​បាន​នាំ​យក​គ្រឿង​សំរាប់​រាជ​វាយ​ទំលាយ​ទ័ព​សៀម​រត់​រួច​ចេញ​ទៅ​។
ដូច្នេះ យើង​ឃើញ​ថា​អំណាច​របស់​ព្រះ​រាជា​ស្ថិត​នៅ​លើ​ព្រះ​រាជ​ពិធី​រាជា​ពិ​សេក​នេះ​មួយ និង​គ្រឿង​សំរាប់​រាជ​នេះ​១​។ អំណាច​ទាំង​ឡាយ​មាន​ប្រភព​ចេញ​មក​ពី​ព្រះ​រាជា​។ ព្រះ​អង្គ​ជា​អ្នក​តាក់​តែង​ច្បាប់ ប៉ុន្ដែ​ជា​ច្បាប់​សាធា​រណ​ប៉ុណ្ណោះ​។ ព្រះ​អង្គ​ក៏​ជា​អគ្គ​មេ​បញ្ជា​ការ​លើ​កង​ទ័ព​ជាតិ ហើយ​តែង​តែ​លើក​ទ័ព​ផ្ទាល់​ព្រះ​អង្គ​ទៅ​ប្រ​យុទ្ធ​ប្រឆាំង​នឹង​មារ​សត្រូវ ទាំង​ខាង​ក្រៅ​ប្រទេស ក៏​ដូច​ជា​ខាង​ក្នុង​ប្រ​ទេស ដោយ​ហេតុ​នេះ​បាន​ជា​យើង​ឃើញ ព្រះ​ស្រី​រាជា​លើក​ទ័ព​ផ្ទាល់​ព្រះ​អង្គ​ទៅ​ដោះ​យក​អាណា​ខេត្ដ​ខាង​លិច ព្រះ​ចន្ទ​រាជា ព្រះ​បរម​រាជា​ទី​៤ និង ព្រះ​សត្ថា​ទី​១ សុទ្ធ​តែ​បាន​លើក​ទ័ព​វាយ​យក​ទឹក​ដី​ខ្មែរ​ ដែល​ត្រូវ​បាត់​បង់ ហើយ​សុទ្ធ​តែ​បាន​ទៅ​ដល់​រាជ​ធានី​ស្រី​អយុធ្យា ចំណែក​អែ​ព្រះ​បរម​រាជា​ទី​៤ ទ្រង់​បាន​លើក​ទ័ព​ចេញ​ទៅ​ត​ទល់ នឹង ស្ដេច​លាវ​ដែល​មក​សង​សឹក​ក្រោយ​ពី​ប្រ​ជល់​ដំរី​ចាញ់​ខ្មែរ​។
ដោយ​សារ​ព្រះ​រាជា​ភិសេក ព្រះ​រាជា​ក៏​បាន​ក្លាយ​ទៅ​ជា​មេសាសនា​ផង​ដែរ​។ ព្រះ​អង្គ​មាន​សិទ្ធ​ជ្រើស​រើស​មន្រ្ដី​សង្ឃ និង មាន​សិទ្ធិ​ដក​សក្ដិ​ពី​មន្រ្ដី​ប្រ​ភេទ​នេះ​ទៀត​។ ដោយ​សារ​ព្រះ​រាជ​ពិធី​ដដែល​នេះ ព្រះ​រាជា​ក៏​មាន​ឋានៈ​ជា ម្ចាស់​ជីវិត​លើ​ត្បូង​ មាន​សិទ្ធិ​អោយ​ស្លាប់​អោយ​រស់​លើ​សព្វ​សត្វ​នៅ​លើ​ផែន​ដី​ បាន​សេច​ក្ដី​ថា ព្រះ​អង្គ​ជា​ចៅ​ក្រម​ម្នាក់​អាច​វិនិច្ឆ័យ​ទោស កំហុស​ជា​យថា​ហេតុ ប៉ុន្ដែ​ក្នុង​ករណី​ចុង​ក្រោយ​នេះ ក៏​ដូច​ជា​ក្នុង​ករ​ណី​អែ​ទៀត​ៗ​ដែរ ព្រះ​អង្គ​ត្រូវ​ប្រកប​ដោយ​ទស​ពិធ​រាជ​ធម៌ មាន​ទាន​សីល​នេះ​ជា​ដើម​។
ដូច្នេះ ទោះ​បី​ព្រះ​រាជា​ជា​ប្រភព​នៃ​អំណាច​គ្រប់​បែប​យ៉ាង កាន់​កាប់​អំណាច​គ្រប់​ប្រ​ភេទ​ក៏​ដោយ គ៏​ពុំ​មាន​សេច​ក្ដី​ថា ព្រះ​អង្គ​ជា​អ្នក​កាន់​អំណាច​ផ្ដាច់​ការ​ទេ​។ ផ្ទុយ​ទៅ​វិញ​ព្រះ​អង្គ​ត្រូវ​ប្រកប​ដោយ​សីល​ធម៌​អោយ​បរិ​បូណ៌ នឹង​គោ​រព​ច្បាប់​ថែម​ទៀត​ផង​។ ការ​ដែល​មាន​ព្រះ​រាជា​ខ្លះ​ដូច​ជា ចៅ​ពញា​អន និង ចៅ​ពញា​ញោម ពុំ​គោ​រព​ក្រិត្យ​វិន័យ សំរាប់​ស្ដេច​ទ្រង់​រាជ​ហើយ​ បែរ​ជា​ប្រ​ព្រិត្ដ​អំពើ​អបាយ​មុខ​រំលោភ​លើ​រូប​ប្រ​ពន្ធ​កូន​អ្នក​ដទៃ​ បណ្ដោយ​អោយ​មាន​វឹក​វរ​ក្នុង​ផ្ទៃ​ប្រ​ទេស​នោះ គឺ​ជា​អំពើ​ពុំ​សម​រម្យ​ចំពោះ​អ្នក​ដឹក​នាំ​ជាតិ ដែល​ត្រូវ​មាន​ករណី​កិច្ច​មើល​សុខ​ទុក្ខ​លើ​អាណា​ប្រ​ជា​រាស្រ្ដ​ទេ​។
ក្នុង​សម័យ​កាល​ដែល​យើង​បាន​លើក​មក​សិក្សា​ក្នុង​ទី​នេះ យើង​ឃើញ​ថា​ព្រះ​រាជា​ដែល​សោយ​រាជ្យ​បន្ដប​ន្ទាប់​គ្នា ទ្រង់​បាន​គង់​នៅ​ក្នុង​រាជ​ធានី​បី​សំខាន់ គឺ​រាជ​ធានី​ភ្នំ​ពេញ​ចតុ​មុខ រាជ​ធានី​លង្វែក និង រាជ​ធានី​ទួល​បាន​សាន​ស្រី​សន្ធរ​។ តាម​ពត៌​មាន​ដែល​អែក​សារ​ផ្សេង​ៗ បាន​ផ្ដល់ និង តាម​ដែល​យើង​ អាច​ពិនិត្យ​ឃើញ​ពេល​សព្វ​ថ្ងៃ​នេះ ឃើញ​ថា​ទី​តាំង​នៃ​រាជ​ធានី​ទាំង​នោះ សុទ្ធ​តែ​ជា​ចំនុច​យុទ្ធ​សាស្រ្ដ ស្ថិត​នៅ​ជិត​ទន្លេ បឹង និង ព្រៃ ជា​ឧប​សគ្គ​សំរាប់​ការ​ពារ​ខ្លួន​បាន​ស្រួល​។ ម្យ៉ាង​ទៀត រាជ​ធានី​នីមួយ​ៗ សុទ្ធ​តែ​មាន​កំពែង និង គូ ឬ អូរ ព័ទ្ធ​ជុំ​វិញ ហើយ​មាន​បន្ទាយ មាន​សើន​(?) នៅ​ច្រើន​កន្លែង​សំរាប់​ការ​ពារ​ទៀត​។ រាជ​ធានី​លង្វែក ជា​បន្ទាយ​មួយ​មាំ​មួន​ជាង​បន្ទាយ​អែ​ទៀត នេះ​គឺ​ដោយ​សារ​តែ​ព្រៃ​រិស្សី យ៉ាង​ក្រាស់​ដែល​ព័ទ្ធ​ពី​ក្រៅ​គូ​ទឹក​ទៀត ប៉ុន្ដែ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​សៀម ដោយ​ខ្មែរ​យើង​ចាញ់​កល​ល្បិច​គេ​។
គួរគប្បីបញ្ជាក់ថា ក្រៅ​ពី​អគ្គ​មហេសី​ព្រះ​រាជា​នៅ​មាន​ស្រី​ស្នំ ស្រឹង្គារ​ជា​ច្រើន​ទៀត ដែល​គេ​អាច​ចែក​ការ​ងារ​ជា​ច្រើន​ថ្នាក់​ គឺ​ពី​ទាប​ទៅ​ខ្ពស់​៖
- អ្នកនាង (ឧ. អ្នកនាងពៅ មាតារបស់ព្រះជ័យជេដ្ឋាទី១ និង ចៅពញាតន់)
- អ្នកម្នាង (ឧ. អ្នកម្នាងទេវី មាតាព្រះនារាយណ៍រាជា)
- ព្រះម៉ែនាង (ឧ. ព្រះម៉ែនាងវង មាតាចៅពញាអន)
- ព្រះម្នាង (ឧ. ព្រះម្នាងកេសរមាលា មាតាស្រីសុរិយោពណ៌)
ពេល​សោយ​ទី​វង្គត​ទៅ​ គេ​តែង​លើក​ព្រះ​សព​តំកល់​ក្នុង​កោដ្ឋ ធ្វើ​បុណ្យ​ថ្វាយ​ព្រះ​ភ្លើង រួច​យក​បរម​អដ្ឋិ​ធាតុ​ទៅ​បញ្ចុះ​ក្នុង​ចេតិយ ដែល​ច្រើន​តែ​សាង​នៅ​លើ​ភ្នំ ដូច​ជា​ភ្នំ​ដូន​ពេញ (ចេតិយ​ព្រះ​បរម​រាជា​ទី​២ ចៅ​ពញា​យ៉ាត) ភ្នំ​ព្រះ​រាជ​ទ្រព្យ ចេតិយ​ព្រះ​ចន្ទ​រាជា​៘ ក្នុង​ករណី​គូ​បដិ​បក្ស​ជាប់​ញាតិ​វង្ស​ ហើយ​ត្រូវ​ធ្វើ​គត ក៏​ព្រះ​រាជា​តែង​ធ្វើ​បុណ្យ​ថ្វាយ​ព្រះ​ភ្លើង​ដល់​ព្រះ​សព​អោយ​សម​ឋានៈ​ជា​ក្សត្រ​ដែរ ដូច​ជា​ព្រះ​ធម្មរា​ជា​ទី​១ ទ្រង់​បាន​សុំ​សព​ព្រះ​រៀម​គឺ ព្រះ​ស្រី​រាជា និង​ក្មួយ​គឺ ស្រី​សុរិ​យោ​ទ័យ ពី​ព្រះ​ចៅ​សៀម និង ព្រះ​ចន្ទ​រាជា បាន​បញ្ជា​អោយ​គេ​យក​សព​ពញាអុង​ ពី​សមរ​ភូមិ​កាល​ដែល​លើក​ទ័ព​ចូល​មក​វាយ​ខ្មែរ ដើម្បី​យក​ទៅ​ធ្វើ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​តាម​ប្រពៃ​ណី​ក្សត្រ​។

II- ពួកបរិវារ

គេ​ឃើញ​មាន​ជា​អាទិ​រាជ​វង្សា​នុវង្ស​គឺៈ
ឧភ​យោ​រាជ : តាម​ន័យ​ដើម ពាក្យ​នេះ​មាន​ន័យ​ថា ក្សត្រ​ដាក់​រាជ្យ​អោយ​អង្គ​ណា​មួយ​សោយ​ដំណាង​ព្រះ​អង្គ ទទួល​សក្ដិ​ជា​ក្សត្រ​កណ្ដាល​ ជួយ​ដាស់​តឿន​ក្រើន​រំលឹក​ក្សត្រ​ទ្រង់​រាជ និង ក្សត្រ​ឧប​រាជ​ទាំង​ពីរ​អង្គ អោយ​ស្ថិត​នៅ​ក្នុង​ទស​ពិធ​រាជ​ធម៌ ប៉ុន្ដែ​ក្នុង​ភាព​ពិត​ជាក់​ស្ដែង​វិញ ឧភ​យោ​រាជ ជា​ក្សត្រ​ដែល​មាន​ព្រះ​ឋានៈ​បន្ទាប់​ពី​ក្សត្រ​ទ្រង់​រាជ (ឧ.ព្រះ​ស្រី​សុរិ​យោ​ពណ៌)។
ឧប​រាជ ឬ មហា​ឧប​រាជ : ឋានៈ​ជា ឧប​រាជ​នេះ​មាន​មក​ជា​យូរ​ណាស់​មក​ហើយ​។ គេ​ជ្រើស​រើស ឧប​រាជ ក្នុង​ចំណោម​បុត្រ​ច្បង ឬ អនុជ​ក្សត្រ​ទ្រង់​រាជ​ដែល​មាន​គុណ​វុឌ្ឍិ​ដ៏​ខ្ពង់​ខ្ពស់ ប៉ុន្ដែ​ក្នុង​ភាព​ពិត​ជាក់​ស្ដែង​ពុំ​មែន​សុទ្ធ​តែ​មាន​ដំណើរ​ប្រ​ព្រឹត្ដ​ទៅ​បែប​នេះ​ទេ ព្រោះ​កាល​ដែល​ព្រះ​សត្ថា​ទី​១ ដាក់​រាជ​ថ្វាយ​ទៅ​ព្រះ​រាជ​បុត្រ​ច្បង​នាម​ព្រះ​ជ័យ​ជេដ្នា ដែល​មាន​ព្រះ​ជន្ម​១១ វស្សា​អោយ​ឡើង​សោយ​រាជ និង​លើក​ព្រះ​រាជ​បុត្រ​បន្ទាប់​នាម ពញា​តន់ ដែល​មាន​ព្រះ​ជន្ម​ទើប​បាន ៦​វស្សា អោយ​ឡើង​ឋានៈ​ ជា​ឧបរាជ​ នោះ អំពើ​នេះ​ធ្វើ​អោយ​មាន​ការ​អាក់​អន់​ស្រពន់​ចិត្ដ​ច្រើន ក្នុង​ចំណោម​នា​ម៉ឺន​សព្វ​មុខ​សព្វ​មុខ​មន្ដ្រី និង អាណា​ប្រជា​នុរាស្រ្ដ​។
ព្រះ​វរ​រាជ​មាតា ឬ ព្រះ​វរ​រាជ​អយ្យកា : ក៏​ទំនង​ជា​មាន​អិទ្ធិ​ពល​ខ្លាំង​ក្លា​ណាស់​ដែរ ព្រោះ​កាល​ដែល​ព្រះ​កែវ​ហ្វាទី​១ ចៅ​ពញា​ញោម មិន​ប្រកប​ដោយ​ទស​ពិធ​រាជ​ធម៌ សម្ដេច​ព្រះ​ទេវី​ក្សត្រី ត្រូវ​ជា​សម្ដេច​ព្រះ​អយ្យកា​បាន​ជំនុំ​នឹង​មន្រ្ដី​ រួច​ផ្ញើ​សារ​ទៅ​ក្រុង​អយុធ្យា​ក្រាប​ទូល​ព្រះ​ចៅ​សៀម​បើក​សម្ដេច​ព្រះ​ ស្រី​សុរិ​យោពណ៌ អោយ​ចេញ​មក​ក្រុង​កម្ពុជា​ធិប​តី​វិញ​។
ចៅ​ហ្វា​ទលហៈ : បើ​ប្រៀប​ធៀប​នឹង​សព្វ​ថ្ងៃ ចៅ​ហ្វា​ទលហៈ មាន​បណ្ដា​សក្ដិ​ស្មើ​នឹង នាយក​រដ្ឋ​មន្រ្ដី ឬ រដ្ឋ​មន្រ្ដី​ទី​១​។ បន្ទាប់​ពី​ចៅ​ហ្វា​ទល​ហៈ​ មក​គេ​ឃើញ​មាន​មន្រ្ដី​ជាន់ខ្ពស់ ៤​រូប​ទៀត​ដែល​មាន​មុខ​ងារ​ជា​អ្នក​សំរេច​រាជ​ការ និង គ្រប់​គ្រង​ផែន​ដី រួម​នឹង​ព្រះ​មហា​ក្សត្រ​។ មន្រ្ដី​ជាន់​ខ្ពស់​ទាំង​៤ នេះ​គេ​ចាត់​ដូច​សសរ​ជើង​រៀង​ទាំង​៤ នៃ​ប្រា​សាទ ទើប​មាន​នាម​រួម​ថា ចតុស្ដម្ភៈ ៖
1.   - ឧកញ៉ាក្រលាហោម
2.   - ឧកញ៉ាវាំង
3.   - ឧកញ៉ាយមរាជ
4.   - ឧកញ៉ាចក្រី។
មហាតលឹក : នេះ​ជា​មន្រ្ដី​ខ្ញុំ​រាជ​ការ ដែល​មាន​មុខ​ងារ​គាល់​បម្រើ​ព្រះ​រាជា​។ ស្ដេច​កន​កាល​ពី​ដើម​ជា មហា​តលឹក​មួយ​រូប ដែល​ត្រូវ​បាន​ព្រះ​បាទ​ស្រី​សុគន្ធ​បទ តំលើង​អោយ​ឡើង​ជា​ឋានៈ ឃុន​ហ្លួង​ព្រះ​ស្ដេច​។
ហោរា : ជា​មន្រ្ដី​១ ប្រ​ភេទ​ដែល​មាន​មុខ​ងារ​សំខាន់​ណាស់​ដែរ ព្រោះ​ក្នុង​សម័យ​នោះ​តាំង​ពី​ក្សត្រ​ទ្រង់​រាជ​ដល់​អាណា​ប្រជា​រាស្រ្ដ សុទ្ធ​តែ​មាន​ជំនឿ​លើ​ការ​ទស្សន៍​ទាយ​។ មុន​នឹង​លើក​រាជ​ធានី​ពី​ទួល​បាសាន​មក​ភ្នំ​ពេញ ព្រះ​បរម​រាជា​ទី​២ ចៅ​ពញា​យ៉ាត ទ្រង់​បាន​បញ្ជា ឧក​ញា​ហោ​រា​​ធិប​តី​ខៀវ និង ​មន្រ្ដី​អែ​ទៀត​អោយ​មក​ពិនិត្យ​មើល​កន្លែង​តាម​ក្បួន​ហោរា​សិន​។ អែ​ព្រះ​បាទ​ស្រី​សុគន្ធ​បទ ពេល​ទ្រង់​យល់​សុបិន​ឃើញ​នាគ​ពាំ​ស្វេត​ច្ឆត្រ ក៏​អោយ​ហោ​រា​ទស្សន៍​ទាយ​ទៅ​ឃើញ​ថា​មាន​គេចង់​ជ្រែក​រាជ គឺ​ស្ដេច​កន​នេះ​អែង​។
ចៅជិត ចៅចម : ចៅ​ជិត គឺ​ពួក​ស្រ្ដី​ជា​ព្រះ​រាជ​បរិវារ មាន​មុខ​ងារ​ក្រាប​បង្គំ​គាល់​បម្រើ​ជិត​ស្និទ្ធ​ក្នុង​ព្រះ​រាជ​ត្រកូល អែ​ចៅ​ចម​គឺ​ពួក​ស្រ្ដី​ជា​រាស្រ្ដ​សាមញ្ញ ដែល​គេ​ថ្វាយ​អោយ​ធ្វើ​ជា​មហេសី​ស្ដេច បាន​ដល់​ពួក​ស្រ្ដី​ស្នំ​ស្រឹង្គារ​នេះ​អែង​។

III ការបន្ដរាជសម្បត្ដិ

ជា​ទូ​ទៅ​ គេ​សង្កេត​ឃើញ​រាជ​សម្បត្ដិ​ត្រូវ​បាន​បន្ដ​ពី​បិតា​ក្សត្រ​ទ្រង់​រាជ ទៅ​បុត្រ បាន​សេច​ក្ដី​ថា នៅ​ពេល​ដែល​ព្រះ​បិតា​សោយ​ទី​វង្គត​ទៅ ឬ ក៏​ដាក់​រាជ គឺ​បុត្រ​ច្បង​ត្រូវ​មាន​សិទ្ធ​ឡើង​សោយ​រាជ្យ​ស្នង ហើយ​ប្រ​សិន​បើ​បុត្រ​ច្បង​ត្រូវ​សុគត​មុន​សោយ​រាជ្យ គឺ​បុត្រ​បន្ទាប់​មាន​សិទ្ធិ​សោយ​រាជ្យ​ស្នង​បិតា​។ ដោយ​ហេតុ​នេះ​ហើយ​ទើប​យើង​ឃើញ​ព្រះ​នារាយ​រាជា​ឡើង​សោយ​រាជ្យ​ស្នង​ព្រះ​បរម​រាជា​ទី​២ ចៅ​ពញា​យ៉ាត ព្រះ​សត្ថា​ទី​១ សោយ​រាជ្យ​ស្នង​ព្រះ​បរម​រាជា​ទី​៤ អែ​ព្រះ​បរម​រាជា​ទី​៤ បាន​ឡើង​សោយ​រាជ្យ​ស្នង​ពី​ព្រះ​ចន្ទ​រាជា ព្រោះ​បុត្រ​ច្បង​នាម​រាមា​ធិប​តី​បាន​សុគត​មុន​សោយ​រាជ្យ (តាម​រាជ​ពង្សាវ​តារ​ខ្លះ​ថា​ត្រូវ​ព្រះ​ធរណី​ស្រូប​)​។
ក្នុង​ករណី​ដែល​ក្សត្រ​ទ្រង់​រាជ​ពុំ​មាន​បុត្រ​សោយ​រាជ្យ​ស្នង​ទេ សិទ្ធិ​នេះ​ត្រូវ​បាន​ទៅ​ព្រះ​អនុជ​ជា​បន្ដប​ន្ទាប់​គ្នា​។ ព្រះ​ចន្ទ​រាជា បាន​ឡើង​សោយ​រាជ្យ​ជា​តំណ​វង្ស​ពី​ព្រះ​បាន​ស្រី​សុគន្ធ​បទ ព្រោះ​រាជ​បុត្រ​ក្សត្រ​អង្គ​នេះ​គឺ ពញា​យស​រាជា បាន​សុគត​មុន​សោយ​រាជ្យ។ ប្រសិន​បើ​គេ​មិន​គោរព​ទំលាប់​នេះ​ទេ​នោះ​ វិបត្ដិ​ច្បាស់​ជា​កើត​ឡើង​ចៀស​មិន​បាន​។ នេះ​គឺ​ជា​ករណី​របស់​ស្រី​សុរិ​យោ​ទ័យ ដែល​ត្រូវ​បាន​ឡើង​សោយ​រាជ្យ​ស្នង​ព្រះ​បិតា គឺ​ព្រះ​នារាយណ៍​រាជា តែ​ពុំ​ដូច្នោះ​បែរ​ជា​បាន​ទៅ​ព្រះ​ស្រី​រាជា ជា​អនុជ​សោយ​រាជ​ស្នង​ព្រះ​បិតា គឺ​ព្រះ​នារាយណ៍​រាជា តែ​ពុំ​ដូច្នោះ​បែរ​ជា​បាន​ទៅព្រះ​ស្រី​រាជា ជា​អនុជ​សោយ​រាជ្យ​វិញ ជា​ហេតុ​នាំ​អោយ​មាន​ចម្បាំង​គ្នាង​អែង​ក្នុង​ស្រុក​អស់​រយៈ​ពេល ១០​ឆ្នាំ​(១៤៧៥ - ​១៤៨៥)​។
ក្នុង​សម័យ​កាល​ដែល​យើង​លើក​យក​មក​សិក្សា​នេះ គេ​សង្កេត​ឃើញ​ថា មាន​អន្ដ​រាគមន៍​របស់​ពួក​មន្រ្ដី​ក្នុង​ការ​ជ្រើស​រើស​ក្សត្រ​អោយ​ឡើង​សោយ​រាជ្យ ហើយ​អន្ដរា​គមន៍​នេះ​មាន​ប្រសិទ្ធិ​ភាព​ខ្លាំង​ណាស់​ដែរ​។ យ៉ាង​ណា​មិញ​ព្រះ​ស្រី​រាជា ព្រះ​បរម​រាជា​ទី​៧ ចៅ​ពញា​អន និង ព្រះ​ស្រី​សុរិ​យោពណ៌ សុទ្ធ​តែ​បាន​ឡើង​សោយ​រាជ្យ​ដោយ​សារ​តែ​អន្ដរា​គម​របស់​នា​ម៉ឺន​សព្វ​មុខ​មន្រ្ដី​នេះ​អែង​។ ក្នុង​ករណី​ដែល​បុគ្គល​ណា​មួយ ទោះ​ជា​មន្រ្ដី​ជាន់​ខ្ពស់​ក្ដី ទោះ​ជាប់​ព្រះ​ញាតិ​នឹង​ក្សត្រ​គ្រង​រាជ​ក្ដី តែ​បើ​ពុំ​មាន​សិទ្ធ​ទទួល​រាជ​សម្បត្ដិ​ទេ ហើយ​បែរ​ជា​ប្រើ​កំលាំង​អាវុធ​ដើម្បី​បាន​ឡើង​សោយ​រាជ្យ​នោះ គេ​អោយ​ឈ្មោះ​ហៅ​ថា​ស្ដេច​ជ្រែក​រាជ (ស្ដេច​កន ព្រះ​រាម​ជើង​ព្រៃ)​។

 ៣.១.នយោបាយក្នុងប្រទេស

គេ​សង្កេត​ឃើញ​មាន​វិបត្ដិ​ក្នុង​រាជ​វង្ស​ជា​ញឹក​ញាប់ ជា​​ហេតុ​បណ្ដាល​អោយ​មាន​ចម្បាំង​គ្នា​អែង​ក្នុង​ស្រុក។ ចម្បាំង​រវាង​ស្រី​រាជា ស្រី​សុរិ​យោ​ទ័យ ធម្ម​រាជា អស់​រយៈ​ពេល ១០​ឆ្នាំ (១៤៧៥ - ១៤៨៥) និង​ចម្បាំង​ស្រី​សុគន្ធ​បទ ស្ដេច​កន​ ចន្ទ​រាជា​(១៥០៩ ១៥១២ និង ១៥១៦ - ១៥២៥)។ យ៉ាង​ណា​មិញ ព្រះ​ស្រី​សុរិ​យោយ​ទ័យ ច្បាំង​នឹង​ព្រះ​ស្រី​រាជា មក​តែ​ពី​គិត​​ប្រយោជន៍​ផ្ទាល់​ខ្លួន ច្រើន​ជាង​ប្រ​យោជន៍​រួម​។ គឺ​សិទ្ធ​ត្រូវ​បាន​សោយ​រាជ្យ​ស្នង​ព្រះ​បិតា ព្រះ​បាទ​ស្រី​សុគន្ធ​បទ រក​កល​សំលាប់​ស្ដេច​កន មក​តែ​ពី​ខ្លាច​មន្រ្ដី្ដ​រូប​នេះ​ដន្ដើម​រាជ​សម្បត្ដិ​ ព្រះ​សត្ថា​ទី​១ បាន​ដាក់​រាជ​ថ្វាយ​ទៅ​បុត្រ​ដែល​សុទ្ធ​តែ​មាន​វ័យ​ក្មេង​ៗ​ ព្រោះ​​តែ​ខ្លាច​រាជ​សម្បត្ដិ​បាន​ទៅ​ព្រះ​អនុជ​ គឺ​ព្រះ​ស្រី​សុ​រិយោ​ពណ៌ ដែល​មាន​សមត្ថ​ភាព និង​មាន​ប្រជា​ប្រិយ​ភាព​ជាង​។ លុះ​ជំលោះ​កើត​ឡើង​ហើយ អ្នក​ដឹក​នាំ​ជាតិ​មិន​និយម​ការ​ដោះ​ស្រាយ​ដោយ​សំរប​សំរួល​គ្នា​ទេ បែរ​ជា​សុខ​ចិត្ដ​ទៅ​ពឹង​ពាក់​អោយ​បរ​ទេស​ជិត​ខាង​ចូល​មក​ផ្សះ​ផ្សារ​វិវាទ​ផ្ទៃ​ក្នុង​របស់​ខ្មែរ​ទៅ​វិញ​។ ដោយ​ហេតុ​នេះ​ហើយ ទើប​ព្រះ​ធម្ម​រាជា ទ្រង់​បាន​ទៅ​អន្ទង​ស្ដេច​សៀម​អោយ​លើក​ទ័ព​ចូល​មក​ធ្វើ​កល​ចាប់​ព្រះ​ស្រី​រាជា និង ស្រី​សុរិ​យោ​ទ័យ​យក​ទៅ​ស្រុក​សៀម​អស់​ទៅ​។

៣.២.នយោបាយក្រៅប្រទេស

នៅ​គ្រា​នោះ​ខ្មែរ​មិន​ទាន់​មាន​កង្វល់​នៅ​ព្រំ​ដែន​ខាង​កើត​នៅ​ឡើយ​ទេ ព្រោះ​ប្រ​ទេស ចំប៉ា​កំពុង​តែ​ជាប់​ធ្វើ​ចម្បាំង​ជា​មួយ​យួន​ពួក​ង្វៀង ដែល​បាន​លេប​ទឹក​ដី​របស់​រាជា​ណា​ចក្រ​នេះ​បន្ដិច​ម្ដង​ៗ​។ ប៉ុន្ដែ​ព្រំ​ដែន​ខាង​លិច ព្រះ​រាជា​ខ្មែរ​បាន​ព្យា​យាម វាយ​រំដោះ​យក​ទឹក​ដី​ដែល​ត្រូវ​បាត់​បង់​ទៅ​តាំង​ពី ស.វ.ទី ​១៣ រៀង​​មក​។ គឺ​ក្នុង​គោល​បំណង​នេះ​ហើយ​ដែល​ព្រះ​ស្រី​រាជា ព្រះ​ចន្ទ​រាជា ព្រះ​បរម​រាជា​ទី​៤ ព្រះ​សត្ថា​ទី​១ បាន​លើក​ទ័ព​ទៅ​វាយ​លុក​ រហូត​ដល់​រាជ​ធានី​ស្រី​អយុធ្យា ហើយ​រំដោះ​យក​បាន​ទឹក​ដី​មក​វិញ​ច្រើន​មែន​។ អែ​ហេតុ​ដែល​នាំ​អោយ​ខ្មែរ​មាន​ជោគ​ជ័យ​បែប​នេះ គឺ​បណ្ដាល​មក​ពី​ភូមា​បាន​លើក​ទ័ព​ចូល​វាយ​សៀម​ជា​ញឹក​ញយ វាយ​យក​បាន​រាជ​ធានី​ស្រី​អយុធ្យា​ ២​លើក (គ.ស. ១៥៦៤ និង ១៥៦៩) និង ដាក់​ប្រ​ទេស​សៀម​ជា​ចំនុះ​អស់​រយៈ​ពេល ១៥​ឆ្នាំ​ទៀត​ផង ហើយ​ស្ដេច​ខ្មែរ​ចេះ​ឆ្លៀត​យក​អោ​កាស​ដែល​សត្រូវ​កំពុង​តែ​ទន់​ខ្សោយ​នោះ លើក​ទ័ព​ចូល​វាយ​បន្ថែម​ទៀត​ផង ហើយ​អាច​រំដោះ​យក​បាន​ទឹក​ដី​ដែល​ត្រូវ​បាត់​បង់​មក​វិញ​។ ត្រង់​ចំនុច​នេះ​អែក​សារ​អឺ​រ៉ុប និយាយ​ថា​ខ្មែរ​បាន​ធ្វើ​សម្ព័ន្ធ​មិត្ដ​ជា​មួយ​ភូមា​ដើម្បី​វាយ​សៀម ប៉ុន្ដែ​អែក​សារ​ខ្មែរ​មិន​បាន​និយាយ​រឿង​នេះ​ទេ​។ ប្រ​ភព​អឺ​រ៉ុប​ដដែល​បាន​បន្ថែម​ទៀត​ថា ក្រោយ​មក​ខ្មែរ​បាន​ងាក​ទៅ​ចង​សម្ព័ន្ធ មេត្រី​ជា​មួយ​សត្រូវ​ខ្លួន (សន្ធិ​សញ្ញាខ្មែរ - សៀម​ គ.ស ១៥៧៤ ព្រះ​សត្ថា​ទី​១ បញ្ជា​អោយ​ស្រី​សុរិ​យោ​ពណ៌ លើក​ទ័ព​ទៅ​ ជួយ​សៀម​វាយ​ឈ្នះ​ភូមា​)​។
ប៉ុន្ដែ​មិន​បាន​ផល​ល្អ ព្រោះ​ក្រោយ​ពី​បាន​រំដោះ​ខ្លួន​ពី​ចំនុះ​ភូមា​មក សៀម​តែង​បាន​លើក​ទ័ព​ចូល​មក​វាយ​ខ្មែរ​ញឹក​ញាប់​ ថា​ព្រោះ​តែ​ខ្មែរ​មិន​រក្សា​ពាក្យ​សច្ចៈ​។ ការ​ពិត​សៀម​ធ្វើ​នេះ គឺ​នៅ​ក្នុង​ក្រប​ខ័ណ្ឌ​ពង្រីក​ទឹក​ដី​របស់​ខ្លួន​តែ​ប៉ុណ្ណោះ​។ ម៉្លោះ​ហើយ​នៅ​ចំពោះ​មុខ​គ្រោះ​ថាក់ ដែល​តែង​តែ​គំរាម​គំហែង​មក​លើ​ប្រ​ទេស​ជាតិ​នេះ ព្រះ​រាជា​ខ្មែរ​ចាប់​ពី​ព្រះ​សត្ថា​ទី​១ រៀង​មក​បាន​ងាក​ទៅ​រក​ជំនួយ​ពី​ពួក​ព័រ​​ទុយ​កល ហើយ​ក្រោយ​មក​ពី​ពួក​អេស្ប៉ាញ​ទៀត​។ ព្រះ​អង្គ​ទ្រង់​បាន​យក​ចិត្ដ​នាក់​ផ្សាយ​សាស​នា​អឺ​រ៉ុប​យ៉ាង​ខ្លាំង ដើម្បី​អោយ​ពួក​នេះ​ជួយ​ធ្វើ​អន្ដរា​គមន៍ សុំ​ជំនួយ​ទ័ព​មក​ប្រឆាំង​នឹង​សៀម​។ ព្រះ​អង្គ​ទ្រង់​បាន​ សន្យា​ថា នឹង​បើក​សិទ្ធ​អោយ​ពួក​នេះ ផ្សាយ​សាសនា​គ្រិស្ដ​នៅ​គ្រប់​ទិស​ទី​ក្នុង​រាជា​ណា​ចក្រ​របស់​ព្រះ​អង្គ ហើយ​បាន​ជួយ​សង់​វិហារ និង ផ្ដល់​ទេយ្យ​ទាន មាន​អង្ករ​ជា​ដើម ដល់​ពួក​នេះ​។ ពួក​អេស្ប៉ាញ នៅ​ម៉ានឹល មាន​បំណង​ចង់​មក​តាំង​អាណា​ព្យា​បាល​ភាព​លើ​ប្រ​ទេស​ខ្មែរ ហើយ​បាន​បញ្ចូន​ទ័ព និង អ្នក​ផ្សាយ​សាសនា​មក​ប្រ​ទេស​ខ្មែរ​ជា​ច្រើន​លើក តែ​ពុំ​បាន​សំរេច​ដូច​ប្រាថ្នា​។ នៅ​ទី​បំផុត ព្រះ​ស្រី​សុរិ​យោ​ពណ៌ ដែល​ទ័ព​សៀម​ចាប់​នាំ​យក​ទៅ​ក្រុង​អយុធ្យា បាន​ត្រលប់​ចូល​មក​ប្រ​ទេស​ខ្មែរ​វិញ ដោយ​នាំ​យក​អិទ្ធិ​ពល​របស់​សៀម​មក​ផ្សាយ​ទៀត​។ គួរ​គប្បី​បញ្ជាក់​ថា ពួក​សៀម​ដែល​កាន់​ព្រះ​ពុទ្ធសាសនា​ដូច​ខ្មែរ​ដែរ​នោះ បាន​ប្រ​ឆាំង​យ៉ាង​ខ្លាំង ចំពោះ​ការ​ប៉ុន​ប៉ង​ផ្សាយ​សាសនា​របស់​ជន​ជាតិ​អឺរ៉ុប ជា​ពិសេស​ក្នុង​រជ្ជ​កាល​របស់​ព្រះ​នរេ​សូរ។

អំពីរដ្ឋបាល

I. ការបែងចែកអាណាចក្រ

នៅ​សម័យ​នោះ ប្រ​ទេស​ខ្មែរ​លែង​ជា​មហា​អំណាច​មួយ​ខាង​ទឹក​ដី​ទៀត​ហើយ : ទឹក​ដី​ជាន់​ក្រៅ​គឺ ស្រុក​បច្ចន្ដ​ជន​បទ ដូច​ជា​ស្រុក​សុខោទ័យ ស្រុក​ស្រី​អយុធ្យា ស្រុក​លព​បុរី ស្រុក​គោត្រ​បុរ(ភិម៉ាយ) ត្រូវ​បាត់​បង់​អស់​ទៅ​ហើយ អែ​ប្រ​ទេស​សាមន្ដ​រាជ​ដូច ចំប៉ា អាណ្ណាម ជ្វា មន ក៏​លែង​មាន​ទៀត​ដែរ​ហើយ​។ ព្រំ​ដែន​ខាង​ជើង​របស់​ខ្មែរ​ធ្លាក់​មក​នៅ​ត្រឹម​ទន្លេ​មូល ឬ​នៅ​លើ​នេះ​បន្ដិច​បន្ដួច​ និង​ប្រ​ទេស​លាវ​។ ព្រំដែនខាងលិចទល់នឹង បច្ចឹមបុរី និង រយ៉ង ខាងពាយ័ព្យទល់នឹងស្រុកនាងរងន គររាជ ខាងកើតទល់នឹងប្រទេសចំប៉ា ខាងត្បូងទល់នឹងសមុទ្រចិន និងឈូងសមុទ្រសៀម។
បើ​តាម​ពង្សាវ​តារ​អាណាចក្រ​ខ្មែរ​សម័យ​នោះ​មាន​ប្រមាណ​ជា ៧០​ខេត្ដគឺ : លង្វែក, អំរិន្ទបូរ, ក្រគរ, ពោធិសាត់,បាត់ដំបង, រិស្សី​សាញ, តាម​សីមា, មង្គល​បុរី, រយ៉ង, សុរិន្ទ សិង្គារ, កំពុង​សៀម, ស្ទឹង​ត្រែង, ជើង​ព្រៃ, គោក​សេះ, អន្លង់​រាជ, ព្រំ​ទេព, ព្រៃក្ដី, ស្ទោង, ជីក្រែង, រលួស, សៀម​រាប, កំពង់​ស្វាយ, ម្លូព្រៃ, ជាំ​ក្សាន្ដ, ត្នោត, ទឹកជោរ, សៀមបូក, សំបុក​សំបូណ៌ ក្រចេះ​ឆ្លូង, ត្បូង, បាសាន, ទទឹង​ថ្ងៃ, ព្រៃ​វែង, ត្បូង​ឃ្មុំ, បាភ្នំ, រំដួល, ស្វាយ​ទាប, រោង​ដំរី, ព្រៃ​នគរ, លង់​ហោរ, ជើង​បាដែង, សំរោង​ទង, បាទី, លើក​ដែក, ទ្រាំង, បន្ទាយ​មាស, ថ្ពង, បាសាក់, បារៀ​ (បារា) ពាម, កោះ​ស្លាកែត, កំពត, កំពង់​សោម, ទឹក ខ្មៅ​ពាម​មេសរ, ព្រះ​ត្រពាំង, ក្រមួន​ស, ដូន​ណៃ៘
គួរ​កត់​សំគាល់​ថា ក្នុង​ចំណោម​ខេត្ដ​ទាំង​ប៉ុន្មាន​នេះ ខេត្ដ​ខ្លះ​នៅ​ឋានៈ​ជា​ខេត្ដ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ដូច​ជា ពោធិ​សាត់ បាត់​ដំបង, ស្ទឹង​ត្រែង, សៀម​រាប, ក្រចេះ, ព្រៃវែង, ៘ អែ​ខេត្ដ​ខ្លះ​ទៀត​ធ្លាក់​ឋានៈ​មក​ជា​ស្រុក​វិញ ដូច​ជា​មង្គល​បុរី. ស្ទោង, ជីក្រែង, រលួស, ទឹក​ជោរ៘ អែ​ខេត្ដ​ខ្លះ​ទៀត​ត្រូវ​បាត់​ឈ្មោះ​រលាយ​ចូល​នឹង​ខេត្ដ​អែ​ទៀត​ៗ​អស់​ទៅ​។ ខេត្ដ​នី​មួយ​ៗ​ត្រូវ​បែង​ចែក​ជា​ស្រុក ហើយ​ស្រុក​នីមួយ​ៗ​ត្រូវ​បែង​ចែក​ជា​ភូមិ​ជា​ច្រើន​ទៅ​ទៀត​។ ប៉ុន្ដែ​ខេត្ដ​ជា​ច្រើន​ត្រូវ​បាន​ប្រមូល​ផ្ដុំ​ជា​តំបន់​ធំ​ៗ ដែល​គេ​អោយ​ឈ្មោះ​ហៅ​ថា​ដី​។

II. រដ្ឋបាលកណ្ដាល

ដោយ​ហេតុ​ព្រះ​រាជា​ជា​ប្រ​ភព​នៃ​អំណាច​ទាំង​ឡាយ ហើយ​ពួក​បរិ​វារ​របស់​ព្រះ​អង្គ​សុទ្ធ​តែ​ជា​រាជ​វង្ស និង​មន្រ្ដី​ជាន់​ខ្ពស់​ផង​នោះ គេ​អាច​យល់​បាន​ថា គឺ​ពួក​បរិ​វារ​នេះ​ហើយ​ជា​អ្នក​ញ៉ាំង​ម៉ា​ស៊ីន​រដ្ឋ​បាល​កណ្ដាល​អោយ​ប្រ​ព្រឹត្ដ​ទៅ​។ ដូច​យើង​បាន​រៀប​រាប់​មក​ហើយ​ក្នុង​វគ្គ​នីមួយ​ៗ​ ពី​ព្រះ​រាជ​បរិ​វារ ឃើញ​ថា​បន្ទាប់​ពី​ស្ដេច​ទ្រង់​រាជ​មក​ មាន​ឧភ​យោ​រាជ ឧប​រាជ ឬ មហា​ឧប​រាជ ព្រះ​វរ​រាជ​មាតា វរ​រាជ​យយ្យកា ចៅ​ហ្វា​ទល​ហៈ និង​មន្រ្ដី​ជាន់​ខ្ពស់ ៤​រូប​ដែល​គេ​និយម​ហៅ​ថា​ចតុស្ដម្ភ​គឺ៖
1.   - ឧកញ៉ាយមរាជ (រដ្ឋមន្រ្ដីក្រសួងយុត្ដិធម៌)
2.   - ឧកញ៉ាក្រលាហោម (រដ្ឋមន្រ្ដីក្រសួងទ័ពជើងទឹក)
3.   - ឧកញ៉ាវាំង (រដ្ឋមន្រ្ដីក្រសួងបរមរាជវាំង)
4.   - ឧកញ៉ាចក្រី (រដ្ឋមន្រ្ដីខាងទ័ពជើងគោក)។
ដូច្នេះ​ចៅ​ហ្វា​ទលហៈ និង​មន្រ្ដី​ជាន់​ខ្ពស់​ទាំង ៤​រូប​នេះ​បៀប​បាន​នឹង គណៈ​រដ្ឋ​មន្រ្ដី​សព្វ​ថ្ងៃ ហើយ​ដែល​ពី​ដើម​គេ​និយម​ហៅ​ថា សេនា​បតី​។ មន្រ្ដី​ជាន់​ខ្ពស់​ទាំង​៤​រូប​នេះ​គេ​ហៅ​ថា មន្រ្ដី​សំរាប់​អែក គឺ​ជា​មន្រ្ដី​ដែល​ត្រូវ​ឡើង​ទៅ​ព្រះ​មហា​ក្សត្រ មន្រ្ដី​ទាំង​នេះ​មាន​មុខ​ងារ​ញ៉ាំង​រដ្ឋ​បាល​កណ្ដាល​​អោយ​ប្រ​ព្រឹត្ដ​ទៅ​ផង ហើយ​មាន​អំណាច​ត្រួត​ត្រា​លើ​ខេត្ដ​ខ្លះ​ទៀត​ផង​។ ក្រៅ​ពី​ព្រះ​ឧបរាជ ឬ មហា​ឧប​រាជ និង មន្រ្ដី​សំរាប់​ចត្វា ត្រូវ​ឡើង​ទៅ​ព្រះ​វរ​រាជ​មាតា ឬ ព្រះ​វរ​រាជ​អយ្យកា​។ មន្រ្ដី​ទាំង​៤​សំរាប់​នេះ លើក​លែង​ចៅ​ហ្វា​ទលហៈ​ចេញ​ដែល​មាន​ឋានន្ដរ​​សក្ដិ​ថា សម្ដេច​ចៅ​ពញា សុទ្ធ​តែ​មាន​ឋា​នន្ដរ​សក្ដិ​ជា ឧកញ៉ា​ សក្ដិ​១០ ហ៊ូ​ពាន់​(ហ៊ួពាន់ : ពាក្យ​សៀម មាន​ន័យ​ថា​ក្បាល​ពាន់ គឺ​ទ័ព ១០០០​នាក់ ដែល​នៅ​ក្រោម​បង្គាប់​របស់​មន្រ្ដី​ណា​ម្នាក់)​។
ក្រៅ​ពី​មន្រ្ដី​ជាន់​ខ្ពស់​ទាំង​ប៉ុន្មាន​ដូច​រៀប​រាប់​រួច​មក​ហើយ​នេះ គេ​ឃើញ​មាន​មន្រ្ដី​ជាន់​កណ្ដាល​ និង​ជាន់​ទាប​ជា​ច្រើន​ទៀត​ដែល​មាន​ឋានន្ដរ​សក្ដិ​ដូច​ត​ទៅ​៖
- ព្រះ ........... សក្ដិ ៦ ហ៊ួពាន់
- ហ្លួង........... សក្ដិ៥
- ឃុនម៉ឺន..... សក្ដិ៤
- ឧកម៉ឺន ..... សក្ដិ៣
- ចៈម៉ឺន ....... សក្ដិ២
- ម៉ឺន ............ សក្ដិ១
ចំណែកខ្ញុំរាជការដែលមិនទាន់បានទទួលយសសក្ដិនៅឡើយទេ នោះអោយហៅថា នាយ។

III. រដ្ឋបាលភូមិភាគ

ក្នុង​ផ្នែក​ទី​១ ដែល​ទាក់​ទង​នឹង​ការ​បែង​ចែក​អាណា​ចក្រ យើង​បាន​ឃើញ​ថា​ទឹក​ដី​ខ្មែរ​ត្រូវ​ចែក​ជា​ប្រមាណ ៧០​ខេត្ដ​ទាំង​នេះ ត្រូវ​ប្រ​មូល​ផ្ដុំ​ជា​តំបន់​ដែល​គេ​ហៅ​ថា​ដី​។ ក្នុង​តំបន់​នីមួយ​ៗ មាន​ស្ដេច​ក្រាញ់​មួយ​អង្គ​ឈរ​ត្រួត​ត្រា (ជួន​កាល​ហៅ​ថា ស្ដេច​ក្រាញ់​ក៏​បាន ពាក្យ​នេះ​ទំនង​ជា​ក្លាយ​មក​ពី​ពាក្យ​បុរាណ​ ម្រតាញ ដែល​មាន​ប្រើ​ក្នុង​សិលា​ចារឹក​ខ្មែរ​)​។ ស្ដេច​ក្រាញ់​មួយ​អង្គ​ៗ មាន​នាទី​គ្រប់​គ្រង​តំបន់​របស់​ខ្លួន​ផង ហើយ​មាន​នាទី​គ្រប់​គ្រង​ខេត្ដ​របស់​ខ្លួន​ផ្ទាល់​ផង​។ បើ​តាម​អែក​សារ​រាជ​ពង្សាវ​តារ​ខ្មែរ ក្នុង​រជ្ជ​កាល​ព្រះ​បាទ​ធម្ម​រាជា​ទី​១ មាន​ការ​តែង​តាំង​ស្ដេច​ក្រាញ់​៥​អង្គ​គឺ៖
- ពញាតេជោ ចៅហ្វាយស្រុកខេត្ដកំពង់ស្វាយ១
- ពញាសួគ៌ាលោក ចៅហ្វាខេត្ដពោធិសាត់១
- ពញាស្រីធម្មាតេជោ ចៅហ្វាស្រុកខេត្ដបាភ្នំ១
- ពញាពិសនុលោក ចៅហ្វាខេត្ដទ្រាំង១
- ពញាអរជូន ចៅហ្វាស្រុកត្បូងឃ្មុំ១។
ដូច​បាន​ពោល​រួច​ខាង​លើ​នេះ យើង​ឃើញ​ថា ក្នុង​ខេត្ដ​នីមួយ​ៗ មាន​មន្រ្ដី​ជាន់​ខ្ពស់​ម្នាក់​ឈរ​ត្រួត​ត្រា​។ មន្រ្ដី​នេះ​គេ​និយម​ហៅ​ថា ចៅ​ហ្វាយ​ស្រុក : ឧ. មន្រ្ដី​ឈរ​ត្រួត ខេត្ដ​ទ្រាំង គេ​ហៅ​ថា ចៅ​ហ្វាយ​ស្រុក​ខេត្ដ​ទ្រាំង​ តាម​ប្រ​ភព​រាជ​ពង្សាវ​តារ​ខ្មែរ​ដដែល គេ​ដឹង​ថា ចៅ​ហ្វាយ​ស្រុក សុទ្ធ​តែ​មាន​សក្ដិ​១០​ ឬ​ ៩​ ហ៊ួ​ពាន់​ពី​បុរាណ​កាល​មក តាំង​ឡើង​សុទ្ធ​តែ​ជា សម្ដេច​ចៅ​ពញា ព្រោះ​ចៅ​ហ្វាយ​​ស្រុក​ទាំង​នោះ​សុទ្ធ​តែ​ជា​ព្រះ​ញាតិ​នៃ​ព្រះ​រាជា តែ​ក្រោយ​មក ចៅ​ហ្វា យ​ស្រុក​ទាំង​នោះ​ច្រើន​តែ​ពុំ​សូវ​គោរព​កោត​ខ្លាច​សេនា​បតី ទើប​ត្រូ​វំលាក់​មក​នៅ​ត្រឹម​តែ​ចៅ​ពញា​។ គួរ​គប្បី​ជ្រាប​ដែរ​ថា ទី​ចៅ​ពញា​នេះ​ក៏​ជា​ឋា​នន្ដរ​សក្ដិ​របស់​បុត្រ​ស្ដេច​ទ្រង់​រាជ​ដែរ (ឧ. ចៅពញា​ដាំ​ខាត់​រាជា ចៅ​ពញា​ចន្ទ​រាជា ចៅ​ពញាតន់​ ចៅ​ពញា​អន ចៅ​ពញា​ញោម​៘ បើ​ចៅ​ហ្វាយ​ស្រុក​ណា​មាន​សក្ដិ​៨ ឬ​៧​​ហ៊ួ​ពាន់ ត្រូវ​តាំង​ជា​ពញា​។ ខេត្ដ​នីមួយ​ៗ​ត្រូវ បែង​ចែក​ជា​ច្រើន​ស្រុក​ដែល​គ្រប់​គ្រង​ដោយ​មេ​ស្រុក​។ ហើយ​មេ​ស្រុក​នីមួយ​ៗ​ ទំនង​ជា​ត្រូវ​ចែក​ជា​ឃុំ ជា ភូមិ ដែល​មាន​ មេឃុំ​ និង មេ​ភូមិ ជា​អ្នក​គ្រប់​គ្រង​។

អំពីកងទ័ព

I. ការរៀបចំកងទ័ព

 ក្នុងសម័យនោះ កងទ័ពខ្មែរត្រូវបែងចែកជា កងទ័ពជើងគោក និង កងទ័ពជើងទឹក។ កងទ័ពជើងគោក​ ស្ថិតនៅក្រោមអំណាចដឹកនាំរបស់ឧកញ៉ាចក្រី ហើយត្រូវបែងចែកជា ៤ពួក៖
·  http://www.khmer-kulturzentrum.ch/History/Lapidaire/Im16/Elesoldat.jpg
- ពួកទ័ពដំរី ១
- ពួកទ័ពសេះ ១
- ពួកទ័ពរថ ១
- ពួកទ័ពថ្មើរជើង ១
ទ័ពទាំង ៤ពួកនេះរួមគ្នាទៅ លោកអោយឈ្មោះហៅថា ចតុរង្គ ហើយត្រូវបានរាជការចិញ្ចឹមទុកអោយមាននៅប្រចាំការជានិច្ច។
ទ័ពដំរី : ដំរី​ជា​សត្វ​ពាហន​ដ៏​សំខាន់​១​។ ក្នុង​សម័យ​បុរាណ​គេ​អាច​ប្រៀប​សត្វ​ដំរី​ទៅ​នឹង​រថ​ក្រោះ​សព្វ​ថ្ងៃ​បាន ក្នុង​ពេល​ធ្វើ​ចម្បាំង​គេ​ប្រើ​សត្វ​ដំរី ក្នុង​ការ​ដឹក​នាំ និង ក្នុង​ការ​លុក​ចូល​វាយ​ទ័ព​ខាង​សត្រូវ​។ ដោយ​ហេតុ​នេះ​ហើយ រាជ​ការ​ខ្មែរ​តាំង​ពី​បុរាណ​រៀង​មក​ដរាប​ដល់​បច្ចុប្បន្ន​នេះ​បាន​តាំង​ភ្នាក់​ងារ​ ១​ក្រុម​ហៅ​ថា ក្រុម​ដំរី មាន​មុខ​ងារ​ជា​អ្នក​ថែ​រក្សា​ដំរី​ព្រះ​រាជ​ទ្រព្យ​ទាំ​ងអស់ និង ទាក់​ដំរី​ព្រៃ​យក​មក​ផ្សាំង​បង្ហាត់​អោយ​បាន​បទ​តាម​ដែល​ត្រូវ​ការ ទុក​សំរាប់​ប្រើ​ក្នុង​រាជ​ការ​។
ទ័ពសេះ និង ទ័ពរថ : ទ័ព​ទាំង​ពីរ​ប្រភេទ​នេះ ឡើង​សេនា​បតី​ជើង​គោក​ជា​មួយ​គ្នា​។ សេះ​ជា​សត្វ​ពាហន ១​ដែល​គេ​និយម​ប្រើ​ណាស់ ក្នុង​ការ​ធ្វើ​សង្គ្រាម ព្រោះ​វា​មាន​ល្បឿន​ចាត់​ការ​បាន​ឆាប់​ទាន់​ពេល​វេលា​។ ទ័ព​រថ ប្រើ​រថ​ទឹម​សេះ​ក៏​មាន ប្រើ​រទេះ​ទឹម​គោ​ក៏​មាន​។
ទ័ពថ្មើរជើង : គឺ​សំដៅ​យក​ពួក​សេនា​ទា​ហាន ដែល​មិន​ត្រូវ​ជិះ​ដំរី​សេះ ឬ​រថ​។ ទ័ព​ទាំង​៤ ពួក​ខាង​លើ​នេះ​សុទ្ធ​តែ​បាន​ទទួល​ការ​បង្វិក​បង្ហាត់​ក្នុង​ក្បួន​យុទ្ធ​វិធី​តាម​សម័យ​និយម​យ៉ាង​ជំនាញ​ៗ​។ អែក​សារ​ខ្មែរ​មួយ​បាន​សរ​សេរ​ថា : «ការ​ហាត់​យុទ្ធ​វិធី​ក្នុង​ជាន់​នោះ ក៏​គឺ​ការ​ហាត់​គុន​ដាវ គុន​ល្បុក្ក​តោ គុន​ដំបង ហាត់​កាប់​ដោយ​ដាវ​ ដោយ​ផ្កាក់ ហាត់​ចាក់​ដោយ​លំពែង ហាត់​បាញ់​ដោយ​ធ្នូ ហាត់​ដាល់ ហាត់​ចំបាប់ ហាត់​ជិះ​ដំរី ដូច​យ៉ាង​បញ្ចុះ​មន្ដ​អាគម- យ័ន្ដ​នៅ​អាវ នៅ​កន្សែង​សំរាប់​ជួត​ក្បាល សាក់​តាម​ខ្លួន នឹង​ផឹក​ថ្នាំ​គង់​ជា​ដើម និង​សិក្សា​ក្នុង​ក្បួន​កល​យុទ្ធ មាន​តំរា​ពិ​ជ័យ​សង្គ្រាម​ជា​ដើម​សឹង​ប្រកប​ដោយ​យុទ្ធ​វិធី​ផ្សេង​ៗ​ជា​ច្រើន បំរុង​ទុក​សំរាប់​ប្រើ​ការ​ក្នុង​យាម​មាន​សឹក​សង្រ្គាម​»
ក្រៅ​ពី​ទាហាន​ដែល​ប្រ​ចាំ​ការ​ទាំង​៤ ពួក​ខាង​លើ​នេះ នៅ​មាន​ទា​ហាន​ក្រៅ​តំណែង​នេះ សំដៅ​យក​យុវ​ជន ដែល​នៅ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​ទាំង​មូល ពួក​នេះ​មិន​បាន​កែន​មក​អោយ​នៅ​ប្រចាំ​ការ​ទេ ដោយ​អនុញ្ញាត​អោយ​នៅ​ធ្វើ​ការ​រក​ស៊ី​តាម​ទី​លំ​នៅ​រៀង​ខ្លួន តែ​បាន​ដាក់​អោយ​ជា​ភារៈ​របស់​អ្នក​រាជ​ការ​ដែល​គ្រប់​គ្រង​និគម ស្រុក​ខេត្ដ​នោះ ចាត់​ការ​បណ្ដុះបណ្ដាល​វិជ្ជា ខាង​ទាហាន និង​អោយ​មាន​និស្ស័យ​ចិត្ដ​ជា​ទាហាន​ទូ​ទៅ​ក្នុង​ប្រ​ទេស​តាម​របៀប​ដូច​មាន​ពោល​ហើយ​ខាង​ដើម... ទាហាន​ពួក​នេះ​ពិត​មែន​តែ​មិន​បាន​កែន​មក​នៅ​ប្រចាំ​ការ តែ​ព្រះ​រាជ​កំនត់​ត្រា​ទុក​ថា ត្រូវ​កែន​មក​ធ្វើ​ការ​សម​យុទ្ធ​ក្នុង​ក្រុង​ថ្វាយ​ ព្រះ​ករុណា​ម្ចាស់​ផែន​ដី​ទត និង ធ្វើ​ពិធី​បង្កក់​ប្រ​សិទ្ធិ ពិធី​ផឹក​ទឹក​ពិភទ្ទ​សច្ចា​រាល់​ៗ​ឆ្នាំ​ក្នុង​១​ឆ្នាំ​២​ដង​។

II កងទ័ពជើងទឹក

ទ័ព​ប្រ​ភេទ​នេះ​ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​ដឹក​នាំ​របស់ ឧក​ញ៉ា​ក្រលា​ហោម​។ រៀង​រាល់​ឆ្នាំ​ទ័ព​នេះ​ត្រូវ​ប្រជុំ​ធ្វើ​សម​យុទ្ធ ដូច​ទ័ព​ជើង​គោក​ដែរ ឃើញ​មាន​ស្នាម​ធ្វើ​រៀង​មក​ដល់​សម័យ​បច្ចុប្បន្ន តែ​ក្លាយ​ទៅ​ជា​ការ​ប្រណាំង​ទូក​សំរាប់​មើល​លេង ក្នុង​អោកាស​បុណ្យ​បណ្ដែត​ប្រ​ទីប​បូជា​ព្រះ​ពុទ្ធ​បាទ និង​បុណ្យ​បូជា​ព្រះ​ចន្ទ​ទៅ​វិញ​(២១)​។

III ចំណែកទ័ព

តាម​អែក​សារ​ខ្លះ និង​តាម​ការ​ស្រាវ​ជ្រាវ​របស់​អ្នក​ប្រ​វត្ដិ​សាស្រ្ដ​ខ្មែរ ជា​ពិសេស​ការ​ស្រាវ​ជ្រាវ​ខាង​ប្រ​វត្ដិ​សាស្រ្ដ​ខ្មែរ (២៣)​យើង​អាច​ដឹង​ពី​ការ​បែង​ចែក​ទ័ព​ខ្មែរ​ទោះ​ជា​ខាង​ជើង​គោក​ក្ដី ខាង​ជើង​ទឹក​ក្ដី មាន​​ដូច​ត​ទៅ​៖
- ពួក : នេះជាអែកភាពតូចបំផុតនៃកងទ័ព មានមេពួកម្នាក់ ជាអ្នកគ្រប់គ្រង។
- ក្រុម : មាន មេ ឬ នាយក្រុម ម្នាក់ជាអ្នកគ្រប់គ្រង។
- កងរយ : មានទាហានចំនួន ១០០នាក់ ប្រៀប​បាន​នឹង​អនុ​សេនា​ធំ​១ ក្នុង​ពេល​សព្វ​ថ្ងៃ​មាន​មេ​បង្គាប់​ម្នាក់​ជា​អ្នក​គ្រប់​គ្រង​។
- កងពាន់ : មានទាហានចំនួន ១០០០នាក់ មាន​មេ​បង្គាប់​ការ​ម្នាក់​ជា​អ្នក​គ្រប់​គ្រង​។
- កងទ័ពតូច ឬ កងពល : មានទាហានចំនួន១០ ០០០ នាក់ មាន​មេ​បញ្ជា​ការ​កង​ពល​ម្នាក់​ជា​អ្នក​គ្រប់​គ្រង​។
- កងទ័ព ឬ កងទ័ពធំ ឬ កងទ័ពហ្លួង : មាន​ទាហាន​ចំនួន​មួយ​សែន​នាក់ មាន​មេ​បញ្ជា​ការ​កង​ទ័ព​ម្នាក់​ជា​អ្នក​គ្រប់​គ្រង ឬ ព្រះ​រាជា​អង្គ​អែង​តែ​ម្ដង​ជា​មេ​បញ្ជាការ។

IV ទ័ពបិសាច

ក្នុង​ករណី​ខ្លះ ដោយ​ទ័ព​មនុស្ស​មាន​ចំនួន​មិន​គ្រប់​គ្រាន់ គេ​អាច​ពឹង​ពាក់​ដល់​ពួក​ទ័ព​បិសាច​អោយ​មក​ជួយ​យក​អាសា​បាន​។ រឿង​នេះ​មាន​លក្ខណ​អស្ចារ្យ​បន្ដិច ប៉ុន្ដែ​រាជ​ពង្សាវ​តារ​ខ្មែរ​បាន​កត់​ត្រា​ទុក​មក ហើយ​មាន​លំនាំ​ជា​ព្រិត្ដិ​ការណ៍​ប្រវត្ដិ​សាស្រ្ដ​មួយ​យ៉ាង​ពិត​ប្រាកដ​។ យ៉ាង​ណា​មិញ នៅ​គ.ស ១៥១៦ ទ័ព​ខាង​ស្ដេច​កន បាន​ដេញ​តាម​ទ័ព​ព្រះ​ចន្ទ​រាជា ហើយ​ទៅ​លោម​ព័ទ្ធ​បន្ទាយ​ពោធិ​សាត់​អស់​រយ​ពេល ១២​ខែ តែ​វាយ​លុក​ចូល​ពុំ​បាន​សោះ​។ គ្រា​នោះ តា​ពេជ បាន​ធ្វើ​ពលិ​កម្ម​បូជា​ជីវិត ទៅ​កែន​ទ័ព​បិសាច​ដោយ​លោត​ចូល​ទៅ​ក្នុង​រណ្ដៅ​មួយ​ដែល​មាន​សុទ្ធ​តែ​អាវុធ​ស្រួច​ៗ​។
គ្រឿង​សាស្រ្ដា​វុធ និង​យុទ្ធូប​ករណ៍​ គេ​សង្កេត​ឃើញ​ថា​ មាន​គ្រឿង​សស្រ្ដា​វុធ​ខ្លះ​ជា​របស់​ស្ដេច​ទ្រង់​រាជ ឬ របស់​ស្ដេច​ក្រាញ់​និង សស្រ្ដា​វុធ​ខ្លះ​ទៀត​អាច​ប្រើ​ជា​ទូ​ទៅ​ក្នុង​កង​ទ័ព :
- ព្រះខាន់រាជ ឬ ព្រះខាន់ជ័យ និង លំពែងជ័យ (សូមមើលសេចក្ដីអិធិប្បាយត្រង់វគ្គនិយាយពីគ្រឿងសំរាប់រាជ)
- ព្រះខាន់រង ឬ ព្រះខាន់ជ័យស្រី មានរូបតូចជាងព្រះខាន់រាជ។
- ព្រះខាន់ស្ដេចត្រាញ់ ដែលព្រះរាជាទ្រង់ប្រទានអោយស្ដេចត្រាញ់គ្រាដែលចេញទៅឈរត្រួតត្រាស្រុក(បុរាណហៅថា ឆីស្រុក)។
- ធ្នូ ជាអាវុធមួយសំរាប់ព្រះរាជាផង សំរាប់ប្រើទូទៅផង។
- ស្នា
- ទួន : មានលក្ខណប្រហែលគ្នានឹងលំពែង ប្លែកតែនៅគល់ដងមានភូ។
- ដាវវែង ដាវខ្លី
- ផ្គាក់ ច្បូក
- លំពែងខ្លី លំពែងវែង។
- ដំបង
- ខែល
- ក្រឹស
- កាំ​ភ្លើង​តូច កាំ​ភ្លើង​ធំ ជា​អាវុធ​ដែល​ច្រើន​តែ​ទិញ​ពី​ពួក​អឺរ៉ុប​នៅ​ស្រុក​ជ្វា ម៉ាលាយ​យូ​។ ក្នុង​ដំណាក់​ការ​ចុង​ក្រោយ​នៃ​ចម្បាំង​រវាង​ព្រះ​ចន្ទ​រាជា និង ស្ដេច​កន គេ​ឃើញ​ទាំង​សង​ខាង​បាន​ចាត់​អោយ​ទិញ​អាវុធ​ធុន​នេះ​រាប់​ពាន់​ដើម​យក​​មក​ប្រើ​។
ចំណែកយុទ្ធូបករណ៍ គេឃើញមាន៖
- អាវក្រោះ : គឺអាវស្រាបដែក មានតែស្ដេចសឹក នឹង​ពួក​មេ​ទ័ព មេ​កង​ប្រើ​សំរាប់​ការ​ពារ​ព្រួញ និង​ដាវ​លំពែង​។
- អាវយ័ន្ដ : គឺអាវដៃខ្លីហើយមានគូរជាយ័ន្ដ បញ្ចុះសាច់មន្ដអាគម។
- យ័ន្ដតេជ ឬ កន្សែងយ័ន្ដ : គឺជាសំពត់បួនជ្រុង ហើយមានបញ្ចុះមន្ដអាគម។
- ទង់ជាតិ : ទង់សំរាប់ជាតិខ្មែរ
- ទង់មហារាជ : ទង់សំរាប់ស្ដេចទ្រង់រាជ
- ទង់ជ័យ : ទង់ប្រចាំកងទ័ព។
- ស្គរជ័យ : ស្គរដែលប្រើក្នុងចម្បាំង វាយសំរាប់​ប្រជុំ​ពល និង​សំរាប់​ប្រកាស​អោយ​រេហ៍​ពល​ដឹង​ថា​មាន​ជ័យ​ជំនះ​ហើយ​។
- គងជ័យ : សំរាប់ប្រើក្នុងក្បួនទ័ព
- ភ្លេងស្គរជ្វា ឬ ខ្លងខែក។
ក្នុងមួយវង់មានចំនួនស្គរ២ ស្រលៃ​១​។ ភ្លេង​នេះ​គេ​លេង​ក្នុង​ពេល​លើក​ទ័ព​ចេញ​ទៅ​ច្បាំង​ដើម្បី​ជា​គ្រឿង​សំរើប​ចិត្ដ​ទាហាន​សេច​ក្ដី​ដក​ស្រង់​ខាង​ក្រោម​នេះ​ អាច​បង្ហាញ​ពី​ទិដ្ឋ​ភាព​ក្នុង​ការ​រៀប​ចំ​ក្បួន​ទ័ព​ចេញ​ដំណើរ ការ​ប្រើ​យាន​ជំនិះ និង​យុទ្ធូប​ករណ៍​ផ្សេង​ៗ​(២៤)​។
ខណ​នោះ​ស្ដេច (ព្រះ​ធម្ម​រាជា​ទី​១) ទ្រង់​គ្រឿង​រាជ​រន​រង្គ​យុទ្ធ ស្រេច​ហើយ​ស្ដេច​ឡើង​គង់​ព្រះ​ទីនាំង​ហត្ថី​ ចង​គ្រឿង​គជា ហរណៈ បាំង​នូវ​ព្រះ​បរម​ស្វេត​ច្ឆត្រ​ឆើត​ឆាយ ដោយ​នូវ​អភិ​រម​សែន​ត្វាន ទង់​ជ័យ​ប្រ​ពៃ​រន្ទាល​ច្រាល​ឆ្អៅ​គ្រប់​កង​គជ​សារ អស្សា​ពាជី​យោធី​ព្រៀង​ព្រម មក​ស្ថិត​ចាំ​ស្ដេច​នៅ​ព្រះ​លាន​ជ័យ​។ លុះ​បាន​ពិជ័យ​រិក​ល្អ​ហើយ ហោ​រា​ក៏​គោះ​គង​ទូង​ស្គរ អ្នក​មុខ​អ្នក​ការ​ក៏​ប្រគំ​រងំ​ដោយ​នូវ​តន្រ្ដី ភ្លែ​ភ្លៀវ​លេង​ស្គរ​ជ័យ​ល្វាល​​ល្វៃព្យូ​ហៈ ទ័ព​ចេញ​ចាក​ព្រះ​មហា​នគរ​ទៅ​ឧត្ដរ​ទិស​។

អំពីចម្បាំង

I ប្រភេទចម្បាំង

ក្នុងសម័យកាលដែលលើកយកមកសិក្សានេះ គេសង្កេតឃើញមានចម្បាំង ៣ប្រភេទដូចតទៅនេះ៖
ចម្បាំងគ្នាក្នុងស្រុក : ចម្បាំង​ប្រភេទ​នេះ​សុទ្ធ​តែ​បណ្ដាល​មក​ពី​វិបត្ដិ​ក្នុង​រាជ​វង្ស​។ ចម្បាំង​រវាង​ព្រះ​ស្រី​រាជា ស្រី​សុរិ​យោ​ទ័យ​ ស្រី​ធម្ម​រាជា​១៤៧៥ - ១៤៨៥ និង ចម្បាំង​រវាង​ស្រី​សុគន្ធ​បទ ស្ដេច​កន ចន្ទរាជា ១៥០៩ - ១៥១២ រួច ១៥១៦ -១៥២៥ សុទ្ធ​តែ​ជា​ចម្បាំង​គ្នា​អែង​ក្នុង​ស្រុក​ក្នុង​ស្រុក​ទាំ​ងអស់​។​
ចម្បាំង​រំដោះ​ទឹក​ដី : ចាប់​ពី​សត​វត្ស​ទី​១៣ រៀង​មក ខ្មែរ​យើង​ត្រូវ​បាត់​បង់​ទឹក​ដី​ចាប់​ពី​វាល​ទំនាប​នៃ​ទន្លេ​មេ​នាម រហូត​មក​ដល់​ព្រំ​ប្រទល់​ខេត្ដ​បាត់​ដំបង សៀម​រាប​។ ចាប់​តាំង​ពី​រជ្ជ​កាល​ព្រះ​ស្រី​រាជ​ រាល់​រជ្ជ​​កាល ព្រះ​សត្ថា​ទី១ ខ្មែរ​យើង​តែង​បាន​លើក​ទ័ព​ទៅ​វាយ​រំដោះ​យក​អាណា​ខេត្ដ​ដែល​ត្រូវ​បាត់​បង់​ទៅ​ក្នុង​កណ្ដាប់​ដៃ​សៀម​នោះ​មក​វិញ​។
ចម្បាំង​ការ​ពារ​ជាតិ : ក្នុង​ករណី​ខ្លះ​ជន​ជាតិ​ជិត​ខាង​មាន​សៀម លាវ បាន​លើក​ទ័ព​ចូល​មក​វាយ​ខ្មែរ​ក្នុង​បំណង​ពង្រីក​ទឹក​ដី​របស់​គេ ដោយ​យក​លេស​ផ្សេង​ៗ​។ ដោយ​ព្រះ​ចន្ទ​រាជា​ទ្រង់​ប្រ​កែក​មិន​ព្រម​ថ្វាយ​ដំរី​ស ព្រះ​ចៅ​សៀម​បាន​លើក​ទ័ព​ចូល​វាយ​ខ្មែរ​ពីរ​លើក លើក​ទី​១ នៅ​សៀម​រាប លើក​ទី​២ នៅ​ពោធិ​សាត់​។ ក្រោយ​មក​ក្នុង​រជ្ជ​កាល​ព្រះ​បរម​រាជា​ទី​៤ ដោយ​ប្រ​ជល់​ដំរី​ចាញ់​ស្ដេច​ខ្មែរ ស្ដេច​លាវ​បាន​លើក​ទ័ព​ចូល​វាយ​ខ្មែរ​ពីរ​លើក​។ ប៉ុន្ដែ​ទាំង​ទ័ព​សៀម ទាំង​ទ័ព​លាវ សុទ្ធ​តែ​ត្រូវ​ទទួល​បរា​ជ័យ​ថយ​ទៅ​វិញ​ទាំង​អស់​។

II យុទ្ធសាស្រ្ដ និងកលយុទ្ធ

ជា​ទូទៅ​ គេ​សង្កេត​ឃើញ​ថា ទោះ​នៅ​ក្នុង​ច្បាំង​ប្រ​ភេទ​ណា​ក៏​ដោយ សុទ្ធ​តែ​មាន​គោល​ដៅ​ចម្បាំង​តែ​មួយ គឺ​វាយ​ដណ្ដើម​យក​ទឹក​ដី និង​ប្រជា​រាស្រ្ដ ហើយ​ប្រសិន​បើ​វាយ​យក​មិន​បាន​ទឹក​ដី​ទេ ក៏​គេ​ខិត​ខំ​កៀរ​យក​អោយ​បាន​មនុស្ស​មក​ខាង​គេ​ដែរ​។ ដោយ​ហេតុ​នោះ​ហើយ ទើប​យើង​ឃើញ​ថា នៅ​ក្នុង​វង្វង់​ព្រំ​ដែន​ទឹក​ដី​ខ្មែរ​សព្វ​ថ្ងៃ​នៅ​មាន​ជន​ជាតិ​បរ​ទេស​ខ្លះ​ដែល​រស់​រាន​រហូត​ដូច​ជា​ជន​ជាតិ​ភូមា នៅ​ប៉ៃ​លិន​ខេត្ដ​បាត់​ដំបង ជន​ជាតិ​លាវ នៅ​បារាយណ៍​នៅ​បាភ្នំ​ជា​ដើម​។ នៅ​ក្នុង​ការ​ធ្វើ​ចម្បាំង​ទាំ​ងបី​ប្រភេទ​ដូច​បាន​ពោល​រួច​មក​ហើយ​នោះ ឃើញ​ថា​គេ​ច្រើន​តែ​ច្បាំង​ដោយ​ទល់​មុខ​គ្នា គឺ​ថា គូ​បដិ​បក្ខ​ទាំង​សង​ខាង​លើក​ទ័ព​ធំ​ទៅ​ទល់​គ្នា​លើ​សមរ​ភូមិ​តែ​ម្ដង (Guerre de front) ។ ចំណែក​ឯ​របៀប​រាយ​ទ័ព​លើក​ទៅ​ប្រយុទ្ធ​នឹង​ខ្មាំង​សត្រូវ គេ​ឃើញ​មាន​របៀប​សំខាន់​តែ​មួយ​ដែល​គេ​ច្រើន​ប្រើ​មាន​ដូច​ត​ទៅ​៖
- ទ័ពមុខ Le corps d' avant garde
- ទ័ពស្ដាំ Le Corps de droite
- ទ័ពឆ្វេង Le Corps de gauche
- ទ័ពហ្លួង ឬ ទ័ពធំនៅកណ្ដាលគេ (Le corps principal)
- ទ័ពក្រោយ (Le corps d' arrière garde)
គួរគប្បីបញ្ជាក់ថា ក្នុង​ករ​ណី​ខ្លះ ទ័ព​មុខ និង ទ័ព​ក្រោយ ពុំ​ឃើញ​មាន​ផង​ទេ ប៉ុន្ដែ​មាន​ទ័ព​ដែល​មាន​មុខ​ងារ​ពិសេស​ខ្លះ​គឺ​ទ័ព​ក្រវែល ទ័ព​ស្ទាក់ ទ័ព​ជន្ល ទ័ព​បង្កប់​។
- ទ័ពក្រវែល គឺពួកទាហានដែលគេ​អោយ​ដើរ​ល្បាត ដើម្បី​ឃ្លាំ​មើល​ចលនា និង​សកម្ម​ភាព​របស់​ទ័ព​សត្រូវ​។
- ទ័ពស្ទាក់ គឺពួក​ទាហាន​ដែល​មាន​បេ​សក​កម្ម​រា​រាំង​កុំ​អោយ​ទ័ព​សត្រូវ​ទាក់​ទង​គ្នា​បាន ឬ កុំ​អោយ​ទ័ព​សត្រូវ​ផ្នែក​ណា​មួយ​ទៅ​ជួយ​ផ្នែក​ណា​មួយ​ទៀត​បាន​។
- ទ័ពជន្ល គឺពួកទាហានដែល​គេអោយ​ទៅ​មុន សំរាប់​ទាក់​ទាញ​ទ័ព​សត្រូវ​ដេញ​តាម​។
- ទ័ពបង្កប់ គឺពួក​ទាហាន​ដែល​គេ​បង្កប់​ក្នុង​ព្រៃ​មិន​អោយ​សត្រូវ​ដឹង មាន​បេ​សក​កម្ម​ងើប​វាយ​ផ្ទប់​សត្រូវ​គ្រប់​ទិស កាល​ណា​ពួក​នេះ​ធ្លាក់​ក្នុង​អន្ទាក់​របស់​គេ​។
ចំពោះ​ទាហាន​ក្នុង​ប្រ​ភេទ​ទ័ព​ទាំង​ប៉ុន្មាន ដូច​បាន​រៀប​រាប់​មក​ហើយ​នោះ ឃើញ​ថា មាន​ចំនួន​មិន​ស្មើ​គ្នា​ក្នុង​កង​ទ័ព​ម្ខាង​ៗ​។ ចំនួន​នេះ​តែង​តែ​ផ្លាស់​ប្ដូរ​ទៅ​តាម​កាលៈ​ទេសៈ គឺ​ថា​ទៅ​តាម​លទ្ធ​ភាព​ដែល​គូ​បដិ​បក្ខ​អាច​កែន​បាន​តិច ឬ​ច្រើន​។ ជា​ទូ​ទៅ​គេ​សង្កេត​ឃើញ ទ័ព​មុខ ឬ​ទ័ព​ស្រួច តែង​មាន​ចំនួន​ច្រើន​ជាង​ទ័ព​ស្ដាំ និង ​ឆ្វេង ដែល​មាន​ស្មើ​គ្នា​។ អែ​ទ័ព​ក្រោយ មាន​ចំនួន​ប្រហាក់​ប្រ​ហែល​នឹង​ទ័ព​ស្ដាំ​ឆ្វេង​ដែរ​។ មាន​តែ​ទ័ព​ហ្លួង ឬ ទ័ព​ធំ​ទេ​ដែល​មាន​ចំនួន​ទាហាន​ច្រើន​ជាង​គេ​។ ឯ​ទ័ព​ក្រវែល ទ័ព​ជន្ល ទ័ព​បង្កប់ មាន​ចំនួន​ទាហាន​ប្រ​ហែល​ៗ​គ្នា ហើយ​តិច​ជាង​គេ​ផង​។ ខាង​ក្រោម​នេះ​ជា​ឧទា​ហរណ៍​មួយ​ពី​ចំណាត់​ទ័ព​សំរាប់​ចូល​ច្បាំង​ ៖
- ទ័ពមុខ : ២០ ០០០នាក់
- ទ័ពស្ដាំង : ១០ ០០០នាក់
- ទ័ពឆ្វេង : ១០ ០០០នាក់
- ទ័ពហ្លួង : ៤០ ០០០នាក់
- ទ័ពបង្កប់ : ៥០០០នាក់
ក្នុង​ផ្នែក​កល​យុទ្ធ ជូន​កាល​គេ​ធ្វើ​កល​ជា​ចាញ់ ហើយ​បើ​សត្រូវ​ដេញ​តាម​ទៅ​នោះ​ច្បាស់ ជា​ត្រូវ​ពួក​ទ័ព​បង្កប់ និង ទ័ព​ស្ទាក់​ងើប​ឡើង​វាយ​ផ្ទប់​យក​ឈ្នះ​ជា​មិន​ខាន​។
ក្នុង​ករណី​ដែល​ទ័ព​ម្ខាង​ៗ​ប្រ​យុទ្ធ​ហើយ​ទន់​ដៃ​ជាង​ទ័ព​ម្ខាង​ទៀត​នោះ គេ​ច្រើន​ថយ​ចូល​ការ​ពារ​ខ្លួន​ក្នុង​បន្ទាយ ដូច​កាល​ទ័ព​ព្រះ​បាទ​ស្រី​សុគន្ធ​បទ ថយ​ចូល​ក្នុង​បន្ទាយ​ស្ទឹង​សែន ទ័ព​ព្រះ​ចន្ទ​រាជា ថយ​ចូល​ក្នុង​បន្ទាយ​ពោធិ​សាត់ ទ័ព​ស្ដេច​កន ថយ​ចូល​ក្នុង​បន្ទាយ​ស្រលប់​ពិ​ជ័យ ទ័ព​ព្រះ​ស្រី​សុរិ​យោ​ពណ៌​ ថយ​ចូល​ក្នុង​បន្ទាយ​លង្វែក​។ អែ​ទ័ព​ម្ខាង​ទៀត​ក៏​មក​ធ្វើ​ការ​ឡោម​ព័ទ្ធ​អស់​ពេល​ជា​ច្រើន​ខែ​។ បន្ទាយ​នីមួយ​ៗ សុទ្ធ​តែ​មាន​សើន​ មាន​ប៉ម​សំរាប់​ការ​ពារ​មាំ​ណាស់ អែ​ទ័ព​នៅ​ខាង​ក្នុង សុទ្ធ​តែ​បាន​ប្រ​មូល​ស្បៀង​ទុក​បំរុង សំរាប់​រស់​នៅ​អោយ​បាន​យូរ​ពេល​។ ម្លោះ​ហើយ​ទ័ព​ម្ខាង​ទៀត​ដែល​ធ្វើ​ការ​ឡោម​ព័ ទ្ធ​នោះ​មិន​ងាយ​ចូល​វាយ​លុក​យក​បន្ទាយ​បាន​ដោយ​ងាយ​ៗ​ទេ​។ ស្ដេច​កន អោយ​ទាហាន​ធ្វើ​កល​ជា​ក្បត់​រត់​ចូល​ខាង​ព្រះ​បាទ​ស្រី​សុគន្ធ​បទ ហើយ​រក​អោ​កាស​ល្អ​ចូល​លុក​ធ្វើ​គត​ព្រះ​អង្គ​បាន​។ ពេល​នោះ​ស្ដេច​កន ក៏​វាយ​លុក​ចូល​យក​បាន​បន្ទាយ​ទៅ​។ កាល​ទ័ព​សៀម​លើក​ទ័ព​ចូល​ព័ទ្ធ​បន្ទាយ​លង្វែក​លើក​ទី​១ វា​មិន​អាច​វាយ​យក​បន្ទាយ​នោះ​ទេ ព្រោះ​មាន​របង​រិស្សី ព័ទ្ធ​ពី​ក្រៅ​ក្រាស់​ពេក​។ ដោយ​ហេតុ​នោះ​សៀម​បាន​ធ្វើ​កល​បាញ់​ប្រាក់​ដួង​ចូល​ក្នុង​របង​រិស្សី​មុន​នឹង​ដក​ថយ​ទៅ​វិញ ហើយ​បញ្ជូន​ចារ​បុរស​អោយ​មក​ស៊ើប​យក​ការណ៍​អោយ​ដឹង​ថា តើ​ខ្មែរ​ខ្លោំង​ពូ​កែ​ដោយ​សារ​អ្វី​។ក្រោយ​មក ដោ ​យ​សារ​ខ្មែរ​យើង​នាំ​គ្នា​ឆ្ការ​ព្រៃ​រិស្សី ដើម្បី​យក​ប្រាក់​នោះ​រហូត​ធ្លុះ​ធ្លាយ​អស់ ទើប​ទ័ព​សៀម​អាច​វាយ​លុក​ចូល​យក​បន្ទាយ​បាន​។ កាល​ដែល​ទ័ព​ព្រះ​ចន្ទ​រាជា ទៅ​ព័ទ្ធ​ស្ដេច​កន​នៅ​ក្នុង​បន្ទាយ​ស្រលប់​ពិជ័យ ហើយ​យក​មិន​បាន​នោះ ព្រះ​អង្គ​​ទ្រង់​ចាត់​អោយ​ប្រកាស​ថា ព្រះ​អង្គ​នឹង​វាយ​បន្ទាយ​អោយ​ទាល់​តែ​បាន​ ហើយ​នៅ​ពេល​យក​បាន​បន្ទាយ​នោះ ជន​ណា​ដែល​នៅ​ក្នុង​បន្ទាយ នឹង​ត្រូវ​ដាក់​អោយ​ទៅ​ជា​អ្នក​ងារ​។ ម្យ៉ាង​ទៀត​ខាង​ព្រះ​ចន្ទ​រាជា បាន​ឃោ​សនា​ថា​ ព្រះ​ចៅ​សៀម​បាន​បញ្ជូន​កង​ទ័ព​មួយ​មក​អោយ​ព្រះ​ចន្ទ​រាជា​ទៀត​។ ពាក្យ​នេះ​ធ្វើ​អោយ​មនុស្ស​នៅ​ក្នុង​បន្ទាយ​ មាន​ការ​ភិត​ភ័យ​យ៉ាង​ខ្លាំង​។ នៅ​ពេល​យប់​ព្រះ​ចន្ទ​រាជា ទ្រង់​បាន​ចាត់​អោយ​ដុត​ស្មៅ​ស្ងួត​នៅ​ជុំវិញ​បន្ទាយ​។ មនុស្ស​នៅ​ក្នុង​បន្ទាយ​ឃើញ​ដូច្នេះ​រិត​តែ​ភិត​ភ័យ​ខ្លាំង​ថែម​ទៀត ដោយ​នឹក​ស្មាន​ថា ភ្លើង​ទាំង​នោះ​ជា​កន្លែង​ជំរុំ​របស់​កង​ទ័ព​សៀម​មែន​។ ម្លោះ​ហើយ​ទ័ព​ស្ដេច​កន ក៏​នាំ​គ្នា​ពពាក់​ពពូន​រត់​ចេញ​ពី​បន្ទាយ ដោយ​ខ្លាច​គេ​សំលាប់​ផង និង​ ខ្លាច​គេ​ដាក់​អោយ​ទៅ​ជា​អ្នក​ងារ​ផង​។ គឺ​ដោយ​ហេតុ​នោះ​ហើយ ទើប​ព្រះ​ចន្ទ​រាជា អាច​យក​បន្ទាយ​ស្រលប់​ពិ​ជ័យ និង​ចាប់​ស្ដេច​កន​បាន​។

III សកម្មភាពចិត្ដសាស្រ្ដក្នុងពេលធ្វើចម្បាំង

ក្នុង​ពេល​ធ្វើ​ចម្បាំង មេ​ម្ខាង​ៗ តែង​តែ​ផ្ដល់​រង្វាន់​ដល់​សេនា​ទាហាន​ ដែល​មាន​ថ្វី​ដៃ ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ដ នៅ​ពេល​ផ្អាក​សង្រ្គាម​ម្ដង​ៗ តែង​តែ​មាន​ការ​ប្រលង​ថ្វី​ដៃ ហើយ​បើ​ឈ្មោះ​ណា​បាន​ជា​សេនា​ទាហាន​ហើយ យស​សក្ដិ​ទ្រព្យ​សម្បត្ដិ​ ជា​រង្វន់​មិន​គ្រាន់​តែ​បាន​ត្រឹម​ឈ្មោះ​នោះ​ទេ តែ​បាន​ដល់​គ្រួសារ​ខ្លួន​ទៀត​។ នៅ​រដូវ​វស្សា គេ​ច្រើន​តែ​ព្រម​ព្រៀង​គ្នា​រំសាយ​កង​ទ័ព បើក​អោយ​ទាហាន​ត្រលប់​ទៅ​ជួប​ជុំ​ប្រពន្ធ​កូន​ផង និង​អោយ​មាន​​អោកាស​ធ្វើ​ស្រែ​ចំការ​យក​ស្បៀង​ចិញ្ចើម​គ្រួសារ និង​ចិញ្ចឹ​ម​កង​ទ័ព​ត​ទៅ​ទៀត​។
ដើម្បី​អោយ​អ្នក​ស្រុក និង​កង​ទ័ព​គូ​សត្រូវ​ចូល​ខាង​ខ្លួន គេ​តែង​តែ​ឃោ​សនា​បង្ហាញ​នូវ​លក្ខណៈ ត្រឹម​ត្រូវ​ពេញ​ច្បាប់​ខាង​គេ ហើយ​បង្ហាញ​ពី​លក្ខណៈ មិន​គាប់​ប្រ​សើរ​របស់​គូ​បដិ​បក្ខ ដូច​ខាង​ព្រះ​ចន្ទ​រាជា តែង​តែ​ឃោសនា​ប្រាប់​រាស្រ្ដ​ថា​ ព្រះ​អង្គ​ជា​ពូជ​ពង្ស​ក្សត្រ ចំណែក​កង​ស្ដេច​កន ជា​ពល​ព្រះ​មនុស្ស​ក្នុង​វណ្ណៈ​ថោក​ទាប​ជា​ដើម​។ នៅ​ពេល​លើក​ទ័ព​ទៅ​វាយ​ត្រង់​តំបន់​ណា​ដែល​ម្ខាង​ទៀត​ធ្លាប់​កាន់​កាប់ គេ​តែង​បញ្ជូន​អ្នក​មាន​វោ​ហារ​ថ្វី​មាត់ អោយ​ទៅ​និយាយ​បញ្ចុះ​បញ្ចូល​ចៅ​ហ្វាយ​ស្រុក និង ប្រជា​រាស្រ្ដ​អោយ​ចូល​ខាង​ខ្លួន​គេ​ជា​មុន​សិន​។
ក្នុង​ការ​ធ្វើ​ចម្បាំង គេ​តែង​ចេញ​បញ្ជា​ហាម​ប្រាម​មិន​អោយ​ទាហាន​ទៅ​រំលោភ​ជិះ​ជាន់​ប្លន់​យក​ទ្រព្យ​សម្បត្ដិ​ពី​ប្រជា​រាស្រ្ដ​ឡើយ​។ បើ​មាន​ជន​ណា​ល្មើស​ច្បាប់​ធ្វើ​អោយ​រាស្រ្ដ​ក្ដៅ​ក្រហាយ នោះ​នឹង​ត្រូវ​ទទួល​ទណ្ឌ​កម្ម​រហូត​ដល់​ត្រូវ​ប្រហារ​ជីវិត ម្យ៉ាង​ទៀត ខាង​ស្ដេច​បាន​បញ្ជា​អោយ​យក​រាជ​ប្រកាស​ទៅ​បិទ​នៅ​តំបន់​សត្រូវ​កាន់​កាប់​ថា បើ​ជន​ណា​មាន​ចិត្ដ​ស្មោះ​ត្រង់ ព្រម​ចុះ​ចូល​បម្រើ​ព្រះ​អង្គ​ពី​អីលូវ​ទៅ ព្រះ​អង្គ​នឹង​លើក​ទោស​អោយ តែ​បើ​ផ្ទុយ​ទៅ​វិញ​កាល​ណា​ស្រុក​រាប​ទាប​ហើយ ព្រះ​អង្គ​នឹង​ទុក​ជា​ក្បត់​ហើយ​ត្រូវ​ទទួល​ទោស​ជា​ទំងន់ មាន​ការ​ដាក់​អោយ​ទៅ​ជា​អ្នក​ងារ​ជា​ដើម​។

អំពីជីវ​ភាព​សង្គម

I ថ្នាក់សង្គម

ទោះ​បី​ខ្មែរ​បាន​ទទួល​អិទ្ធិ​ពល​ពី​អិណ្ឌា​ក្នុង​ការ​បែង​ចែក​មនុស្ស​ក្នុង​សង្គម​ជា​វណ្ណៈ​ក៏​ដោយ ក៏​សង្គម​ខ្មែរ​ពុំ​មាន​លក្ខណៈ​ដូច​សង្គម​អិណ្ឌា​បេះ​បិទ​ទេ​។ យ៉ាង​ណា​មិញ​ក្នុង​សង្គម​អិណ្ឌា​គេ​បាន​បែង​ចែក​មនុស្ស​ជា ៤​វណ្ណៈ​គឺ៖
- វណ្ណៈទី១ ជាវណ្ណៈរបស់ពួក ព្រាហ្មណៈ
- វណ្ណៈទី២ ជាវណ្ណៈរបស់ពួក ក្សត្រិយៈ
- វណ្ណៈទី៣ ជាវណ្ណៈរបស់ពួក វៃស្យៈ
- វណ្ណៈទី៤ ជាវណ្ណៈរបស់ពួក សូទ្រៈ
ចំណែក​អែ​ក្នុង​សង្គម​ខ្មែរ​សម័យ​នោះ ពុំ​មាន​ចែក​ជា​វណ្ណៈ​ទេ តែ​ចែក​ជា​ថ្នាក់​ទៅ​វិញ ហើយ​មាន​ទាំង​អស់​៥​ថ្នាក់​ដូច​ត​ទៅ​ ៖
រាជវង្សានុវង្ស : ផ្ទុយពីសង្គមអិន្ឌា ក្នុងសង្គមខ្មែរគឺពួក ក្សត្រិយៈ អ្នកគ្រប់គ្រងប្រទេសជាថ្នាក់សង្គមដែលខ្លួនខ្ពស់ជាងគេ។ តំនែងធំៗទាំងប៉ន្មាន ច្រើនតែបានពួកក្សត្រិយៈ ជាអ្នកកាន់កាប់។
ពួកមន្រ្ដី :​ ពួកនេះមានអែកសិទ្ធិច្រើន ដូចជាមិនបាច់បង់ពន្ធ និង មិនបាច់បំពេញកិច្ចការធារណៈជាដើម។ ពួកមន្រ្ដីជាន់ខ្ពស់ និង ពួកចៅហ្វាយស្រុកសុទ្ធតែបានព្រះរាជាតែងតាំងឡើង ហើយត្រូវធ្វើសច្ចាប្រនិធានថាស្មោះត្រង់បម្រើព្រះអង្គជានិច្ច។

II បព្វជិត

បាគូ :​​​​ ទោះ​បី​ខ្មែរលែង​កាន់​សាសនា​ព្រាហ្មណ៍​ទៀត​ហើយ​ក៏​ដោយ ក៏​ព្រះ​មហា​ក្សត្រ​ខ្មែរ​ពុំ​បាន​បោះ​បង់​ចោល​ទាំង​ស្រុង​នូវ​ប្រពៃ​ណី ខាង​សាសនា​ព្រាហ្មណ៍​ផង​ទេ​។ ដោយ​ហេតុ​នោះ​ហើយ ទើប​គេ​ឃើញ​នៅ​ក្នុង​ព្រះ​បរម​រាជ​វាំង​នូវ​វត្ដ​មាន​​របស់​ពួក​បាគូ ដែល​ជា​កូន​ចៅ​របស់​ពួក​ព្រាហ្មណ៍​បុរោ​ហិត​កាល​ពី​សម័យ​មុន​ៗ មាន​សម័យ​អង្គរ​ជា​ដើម​។ មាន​អែក​សារ​ខ្លះ​ថា​​​ ពួក​បា​គូ អាច​ឡើង​សោយ​រាជ​បាន​ក្នុង​ករណី​ណា​ដែល​ត្រូវ​មហា​ក្សត្រ​សោយ​ទី​វង្គត​ទៅ​ហើយ​គ្មាន​បុត្រ ឬ ញាតិ​ណា​អាច​ឡើង​សោយ​រាជ​ស្នង ប៉ុន្ដែ​ក្នុង​ភាព​ពិត​ជាក់​ស្ដែង គេ​ពុំ​ដែល​ប្រទះ​ករណី​បែប​នេះ​សោះ​ឡើយ​។ ពួក​បាគូ​ មាន​ឯក​សិទ្ធ​ជា​អ្នក​ថែ​រក្សា​គ្រឿង​សំរាប់​រាជ​ មាន​ព្រះ​ខាន់​រាជ ព្រះ​លំពែង​ជ័យ និង គ្រឿង​បញ្ច​ក្សត្រ និង​ជា​អ្នក​ប្រារព្ធ​ធ្វើ​រាជ​ពិធី​ផ្សេង​ៗ ក្នុង​ព្រះ​បរម​រាជ​វាំង​។ ម្យ៉ាង​ទៀត​ពួក​បាគូ​នៅ​មាន​អែក​សិទ្ធ​មិន​បាច់​បង់​ពន្ធ មិន​បាច់​បំពេញ​កិច្ច​ការ​សារ​ធារណ និង មិន​បាច់​កែន​ធ្វើ​ទាហាន​ទៀត​ផង​។
ព្រះសង្ឃ : ជាថ្នាក់សង្គមមួយពិសេស ព្រោះចៅក្រមដែលជាគ្រហស្ដ ពុំអាចកាត់សេចក្ដីចំពោះទោសកំខុស របស់ព្រះសង្ឃបានឡើយ។ មានតែព្រះសង្ឃនាយក ទើបអាចត្រួតពិនិត្យវិន័យ និង ដាក់ទណ្ឌកម្មលើរូបព្រះ សង្ឃបាន។ ក្នុងករណីមានទោស ឬ ទោសឧក្រិដ្ឋ ព្រះសង្ឃនាយក អាចផ្សឹក ព្រះសង្ឃដែលមានទោសបាន ហើយបញ្ជូនខ្លួនទៅអោយតុលាការពិសេសកាត់ទោស។ ព្រះសង្ឃមានសិទ្ធដូចពួកបាគូដែរ។
អ្នកជា (ពូជព្រៃងារ) : គេអាចប្រៀប​ធៀប​ពួក​នេះ​ទៅ​នឹង​ពួក​វៃ​ស្យៈ នៅ​ក្នុង​សង្គម​អិណ្ឌា​។ ពួក​នេះ​គេ​សំដៅ​យក​ប្រជា​រាស្រ្ដ​ទូ​ទៅ ដែល​ប្រកប​របរ​ស្រែ​ចំការ លក់​ដូរ នេសាទ​ជា​ដើម​។
ខ្ញុំបម្រើ : គេអាចប្រៀប​ពួក​នេះ​ទៅ​នឹង​ពួក​សូទ្រៈ នៅ​ក្នុង​សង្គម​អិណ្ឌា មាន​​ខ្ញុំ បី​ប្រភេទ៖
ខ្ញុំស្ដេច : ជន​ដែល​ធ្លាក់​ខ្លួន​ទៅ​ជា​ខ្ញុំ​ស្ដេច គឺ​ពួក​ឈ្លើយ​សង្គ្រាម ជន​ប្រព្រិត្ដ​បទ​ឧក្រិដ្ឋ ជន​ធានា​អ្នក​ទោស​ឧក្រិដ្ឋ​រត់​រួច សំលាប់​គេ ធ្វើ​ប្រាក់​បន្លំ ដុត​ផ្ទះ ស្រ្ដី​ដែល​មាន​សហាយ​ត្រូវ​ប្ដី​សំលាប់ និង​កូន​ពួក​ខ្ញុំ​របស់​ស្ដេច​។ ខ្ញុំ​ប្រ​ភេទ​នេះ​គេ​នៅ​ហៅ​ថា អ្នក​ងារ ដែល​មាន​ការ​បញ្ជាក់​ពី​អែក​សារ​អក្សរ​សិល្ប៍​។ យ៉ាង​ណា​មិញ​រឿង​ទុំទាវ បាន​ប្រាប់​យើង​ថា អ្នក​ស្រុក​ត្បូង​ឃ្មុំ​ដែល​បណ្ដោយ​អោយ​អរ​ជូន​សំលាប់​ម៉ឺន​អែក​​ទុំ ដែល​មាន​ព្រះ​រាជ​សារ​ជាប់​នៅ​នឹង​ខ្លួន​នោះ សុទ្ធ​តែ​ត្រូវ​ដាក់​អោយ​ទៅ​ជា​អ្នក​ងារ​ទាំង​អស់​។ ម្យ៉ាង​ទៀត នៅ​ពេល​ដែល​ព្រះ​ចន្ទ​រាជា មាន​ជ័យ​ជំនះ​លើ​ស្ដេច​កន បក្ស​ពួក​របស់​ស្ដេច​កន សុទ្ធ​តែ​ត្រូវ​ដាក់​ជា​ អ្នក​ងារ​ទាំង​អស់​ដែរ​។ គួរ​គប្បី​ជ្រាប​ថា ពួក​ខ្ញុំ​ប្រ​ភេទ​នេះ​ច្រើន​តែ​ត្រូវ​បង្ខំ​អោយ​ធ្វើ​ការ​ជា​ទំងន់​លើ​ដី​ព្រះ​រាជ​ទ្រព្យ​។ ក្នុង​ករណី​ខ្លះ​ពួក​នេះ​អាច​រំដោះ​ខ្លួន​បាន ដោយ​សេច​ក្ដី​អនុ​គ្រោះ​របស់​ស្ដេច ដោយ​លោះ​ខ្លួន​ដោយ​ប្រាក់ ដោយ​ការ​ជំនួស ដោយ​ការ​សាង​ផ្នួស​។
ខ្ញុំវត្ដ : ខ្ញុំ​ប្រ​ភេទ​នេះ​មាន​ឈ្មោះ​ម្យ៉ាង​ទៀត​ហៅថា ពល​ព្រះ ឬ ពល​ព្រះ​រតន​ត្រៃ​។ រាជ​ពង្សាវ​តារ​ខ្មែរ បាន​និយាយ​ថា ពួក​ខ្ញុំ​ប្រ​ភេទ​នេះ មាន​កំណើត​កើត​មក​តាំង​ពី​រជ្ជ​កាល ព្រះ​បាទ​ធម្ម​រាជា​ទី​១​ម្ល៉េះ​។
ស្ដេច​ព្រះ​បាទ​ធម្ម​រាជា គង់​ក្នុង​ភេទ​ជា​ភិក្ខុ​ភាវៈ ៣​ថ្ងៃ ហើយ​ទ្រង់​លា​ចាក​សិក្ខា​បទ ទ្រង់​បរិច្ចាគ​ព្រះ​រាជ​ទ្រព្យ​ធ្វើ​ឆ្នោត​ព្រះ​រាជ​ទាន​បណ្ដា​រាស្រ្ដ​ជា​អនេក​អនន្ដ​ពន់​ពេក​។ ទ្រង់​ព្រះ​រាជ​សទ្ធា​វេរ​ភូមិ​២១ ស្រែ​២១ ខ្ញុំ​ប្រុស​២១​នាក់ ខ្ញុំ​ស្រី​២១​នាក់ រទេះ គោ​២១​នឹម រទេះ​ក្របី​២១​នឹម សេះ​២១ ដំរី​២១ នូវ​គ្រឿង​ប្រគំ​ផ្សេង​ៗ​ថ្វាយ​ទុក​ជា​ទាសា​ទាសី​អោយ​រក្សា​ព្រះ​ចេតីយ៍ ព្រះ​វិហារ សីមា សំរាប់​បោស​ច្រាស​សំអាត​។ ទ្រង់​តាំង​អោយ​មាន​មេ​ពីរ​នាក់​ជា​នាយ​ត្រួត​ត្រា​រក្សា​។ អាស្រ័យ​ហេតុ​នេះ​ហើយ​ បាន​ជា​មាន​ពល​ព្រះ​ស្រី​រតន​ត្រៃ តាំង​ពី​នោះ​មក​។
គួរ​គប្បី​ជ្រាប​ថា ពួក​ពល​ព្រះ​នេះ ទោះ​បី​មាន​បុណ្យ​សក្ដិ​​ខ្ពង់​ខ្ពស់​យ៉ាង​ណា​ក៏​ដោយ ក៏​នៅ​តែ​ពុំ​អាច​រំដោះ​ខ្លួន​អោយ​ចេញ​ផុត​ពី​ឋានៈ​នេះ​បាន​។ ព្រះ​បាទ​ស្រី​សុគន្ធ​បទ ទ្រង់​មាន​បំណង​រំដោះ​ព្រះ​ស្នំ​អែក (នាងស) និង ស្ដេច​កន ជា​ព្រះ​អនុជ​ថ្លៃ​ អោយ​រួច​ពី​ឋានៈ​ពល​ព្រះ​។ ព្រះ​អង្គ​ទ្រង់​បាន​ពិគ្រោះ​នឹង​មន្រ្ដី​ជាន់​ខ្ពស់ តែ​មន្រ្ដី​ទាំង​នោះ​បាន​ទូល​វិញ​ថា គ្រួសារ​ណា​មួយ​ដែល​ធ្លាក់​ខ្លួន​ទៅ​ជា​ពល​ព្រះ​ហើយ ត្រូវ​ស្ថិត​នៅ​ក្នុង​ឋានៈ​នោះ​អស់​រយៈ​ពេល​៥០០០​ឆ្នាំ ហើយ​ព្រះ​រាជា​ក៏​ពុំ​អាច​ធ្វើ​ការ​រំដោះ​បាន​ដែរ ព្រោះ​បើ​ព្រះ​អង្គ​ហ៊ាន​ប្រព្រិត្ដ​ដូច្នោះ អ្នក​ផង​នឹង​ចោទ​ថា​ព្រះ​អង្គ​ពុំ​គោរព​ចំពោះ​ព្រះ​រតន​ត្រៃ​ឡើយ​។ អែក​សារ​ខ្លះ​បាន​បញ្ជាក់​ថា ឋាន​ពល​ព្រះ​បាន​មក​ពី៖​
- ម្ដាយជាពលព្រះ
- ធ្វើឃាតព្រះសង្ឃ
- លួចទ្រព្យគរុភ័ណ្ឌ
- ដុតវត្ដ
-ទោស​កំហុស​ខ្លះ​ប្រ​ព្រិត្ដ​ដោយ​ព្រះ​សង្ឃ ដូច​ជា​សាហាយ​ស្មន់ ងុប​ក្នុង​កាម​គុណ ធ្វើ​ថ្នាំ​ពន្លូត​កូន​៘ ពួក​ខ្ញុំ​ប្រ​ភេទ​នេះ​ទំនង​ជា​មាន​ជី​វភាព​មិន​យ៉ាប់​យើន​ដូច​ខ្ញុំ​ប្រ​ភេទ​ដទៃ​ទៀត​ទេ ព្រោះ​ព្រះ​សង្ឃ​តែង​មាន​ព្រះ​ទ័យ​សប្បុ​រស​ចំពោះ​ពួក​នេះ​។
ខ្ញុំគេ (ទាសៈ ទាសី) : ពួក​នេះ​គឺ​ជា​ខ្ញុំ​កំដរ​អ្នក​ជា ឬ ពួក​មន្រ្ដី​។ ឋានៈ​នេះ​ត្រូវ​បាន​ទៅ​ជន​ណា​ដែល​ជំពាក់​បំនុល​គេ​ ហើយ​គ្មាន​ប្រាក់​សង​វិញ បាន​ទៅ​ពួក​ឈ្លើយ​សង្គ្រាម ឬ ពួក​អ្នក​ស្រុក​ភ្នំ​ដែល​គេ​ទៅ​ចាប់​យក​មក​ដោយ​បង្ខំ​។ ពួក​ខ្លះ​រំដោះ​ខ្លួន​បាន​តែ​មាន​ខ្លះ​មិន​អាច​រំដោះ​ខ្លួន​បាន​ឡើយ​។


No comments:

Post a Comment