ដើមកំណើតបុណ្យនេះមិនមានឯកសារណាមួយបានបរិយាយថា ចាប់ធ្វើពីសម័យណាទេ ។
ប៉ុន្ដែក្នុងគម្ពីរ តិរោកុឌ្ឌសូត្របានបរិយាយថា ព្រះបាទពិម្ពិសារមានពួកញាតិមួយក្រុមបានបំពេញទានមិនបរិសុទ្ធ
គឺស៊ីបាយមុន លោក លុះចាកលោកទៅកាន់លោកខាងមុខ ក៏កើតទៅជាប្រេត ។
លុះដល់ព្រះសម្ពុទ្ធព្រះនាម កុក្កសន្ធោបាន ត្រាស់ដឹងឡើងក្នុងលោក
ពួកប្រេតទាំងនោះទៅសួរព្រះអង្គថា “ចុះយើងខ្ញុំកាលណា បានអាហារបរិភោគ ?” ព្រះពុទ្ធត្រាស់ថា “ចាំសួរព្រះពុទ្ធជាន់ក្រោយចុះ ក្នុងសាសនាតថាគតអ្នកទាំង
ឡាយមិនត្រូវបានអាហារបរិភោគ ទេ”។ លុះដល់ព្រះពុទ្ធព្រះនាមនាគមនោបានត្រាស់ដឹង
ពួកប្រេតទាំង នោះនាំគ្នាទៅសួរទៀត ។ ព្រះពុទ្ធព្រះនាម នាគមនោក៏ត្រាស់ប្រាប់ដូចព្រះពុទ្ធមុនទៀត
។ ពេលព្រះពុទ្ធ ព្រះនាមកស្សបោបានត្រាស់ដឹងក៏មានហេតុដូចគ្នា។ ទើបមកដល់ព្រះសម្ពុទ្ធព្រះនាមសមណគោត្ដម
យើងនេះ ព្រះអង្គទ្រង់ត្រាស់ថា “ចាំមើលព្រះបាទពិម្ពិសារជា
ញាតិ របស់អ្នកទាំងឡាយទ្រង់ឱ្យទានដល់តថាគត នោះនឹងញាំងអាហារឱ្យសំរេចដល់អ្នកទាំងឡាយ”។ លុះព្រះ បាទពិម្ពិសារបានថ្វាយទានជាដំបូង ហើយមិនផ្សាយទៅឱ្យពួកញាតិក៏ស្រាប់តែពួកប្រេតជាញាតិទាំងឡាយនោះ
យំស្រែកទ្រហឹងក្នុងពេលរាត្រីនោះ។ ព្រះបាទពិម្ពិសារស្ដេចយាងទៅកាន់វត្ដវេឡុវ័ន
ហើយទូលសួរព្រះពុទ្ធ ព្រះអង្គត្រាស់ថា “ពួកប្រេតជាញាតិ
របស់ព្រះអង្គនាំគ្នាយំទារអាហារ ព្រោះពួកប្រេតទាំងនោះត្រូវបានអាហារ បរិភោគក្នុងសាសនាតថាគត”។ ប៉ុន្ដែព្រះអង្គបានធ្វើបុណ្យហើយមិនបានផ្សាយផលទៅឱ្យ។
ពេលព្រះអង្គបាន ជ្រាបហើយ ក៏ចាត់ចែងធ្វើបុណ្យបញ្ជូនទៅឱ្យ ។
ពួកប្រេតទាំងនោះក៏បានទទួលផលក្នុងពេលនោះហើយ ។
កម្មវិធីបុណ្យ
ពេលរសៀលថ្ងៃ១៥ កើត ខែភទ្របទ ពុទ្ធបរិស័ទបានមកជួបជុំគ្នានៅសាលាឆាន់
។ អ្នកដែលបានព្រម ទទួលបន្ទុកចំណាយប្រាក់កាសក្នុងការទិញម្ហូបអាហារ ភេសជ្ជៈ
ឬរណ្ដាប់រៀបចំពិធីសំរាប់ថ្ងៃទី១ គឺថ្ងៃ១ រោច ខែភទ្របទ ដែលគេនិយមហៅថា កាន់បិណ្ឌ
ហើយថាបិណ្ឌ១គេត្រូវមកកាន់ទីវត្ដ ដើម្បីដំណើរការពិធីដូចគេទៅៈ ១-អ្នកកាន់វេន
និងពុទ្ធបរិស័ទទាំងអស់ នាំគ្នារៀបចំបាយបិណ្ឌ ។
បាយបិណ្ឌគឺជាបាយដែលគេដាំពីអង្ករដំណើប ហើយពួតលាយជាមួយគ្នានេះដែរ
គេត្រូវរៀបចំពានបិណ្ឌ ឬ ហៅជើងបិណ្ឌនោះជាពីរចំណែក ទុកប្រគេនព្រះ សង្ឃមួយចំណែក
សំរាប់ឧទ្ធិសដល់អ្នកដែលចែកឋានទៅ និងជូនអាចារ្យមួយចំណែកនៅថ្ងៃកាន់បិណ្ឌរបស់គេ
ដើម្បីជាការដឹងគុណដែលលោកហត់នឿយជួយចាត់ចែងពិធី ។ ការរៀបជើងបិណ្ឌ
មានដាក់ផ្លែឈើគ្រប់មុខ នំ អង្ករ ប្រាក់កាសខ្លះតាមសទ្ធា និង
ចំណូលចិត្ដរបស់អ្នកកាន់បិណ្ឌ ឬអ្នកដទៃ ផ្សេងទៀតដែលគេបានយកមកដាក់ ចូលរួមជាមួយដែរ ។
គេពួតបាយធ្វើជាផ្កាបិណ្ឌទៀត កំណត់រាប់តាម ចំនួនវេនបិណ្ឌ ។ ឧបមា ថ្ងៃបិណ្ឌ៥ គេធ្វើ៥
ថ្ងៃបិណ្ឌ១០ គេធ្វើ១០ដែរ ។ ផ្កាបិណ្ឌនេះគេធ្វើដោយ សន្លឹកចេកកេវជាកន្ទោងរួចកាត់ចេកទុំមួយចំណិតញាត់
ត្រង់កំពូលស្រួច ហើយញាត់បាយដំណើបរហូត ដល់ពេញរួចបានផ្កាប់បញ្ឈរចេញជារាងសាជី
គេដោតទង់តូចៗ និងផ្កាចំរុះគ្រប់ពណ៌ពីលើជាលំអ សំរាប់
ឧទ្ធិសថ្វាយដល់ព្រះចូឡាមណីចេតិយ ។ ២-នៅពេលព្រលប់លោក អាចារ្យ អ្នកកាន់វេន
និងពុទ្ធបរិស័ទទាំងអស់ប្រារឰធ្វើពិធីថ្វាយបង្គំព្រះ និង ឧទ្ទិសហៅដួងព្រលឹង
អ្នកដែលចែក ឋានទៅអញ្ជើញមកទទួលកុសល និងសូត្រប្រតិស្ថានបាយបិណ្ឌ ។
៣-ព្រះសង្ឃនិមន្ដចូលក្នុងសាលាឆាន់ ដើម្បី សូត្រធម៌ចំរើនព្រះបរិត្ដ និងឧទ្ទិស
កុសលបាចទឹកមន្ដ គឺពិធីក្រុងពាលីបាយបិណ្ឌ ។ ៤-ព្រះសង្ឃទេសនា
ច្រើនទេសពីអានិសង្សនៃកុសល ដែលបានឧទ្ទិសដល់អ្នកចែកឋាន ឬពីកុសលផ្សេងៗ
ដែលពាក់ព័ន្ធដល់ពិធីកាន់ បិណ្ឌ-ភ្ជុំបិណ្ឌ ។ ៥-ព្រះសង្ឃ (ប្រធានសង្ឃ)
ប្រទានឱវាទខ្លះៗសំរាប់កម្មវិធីបុណ្យនាវេលាទៀបភ្លឺ ។
ថ្ងៃស្អែកពេលជិតភ្លឺវេលាប្រហែលម៉ោង៤ព្រះសង្ឃទូងស្គរជាសញ្ញាដាស់ឱ្យភ្ញាក់ពីដំណេក
ដើម្បីដំណើរការ ពិធីបន្ដដូចតទៅ ៖ -ព្រះសង្ឃចូលក្នុងព្រះវិហារសូត្រធម៌ថ្វាយបង្គំព្រះ
។ រីឯពុទ្ធបរិស័ទនិងអ្នកកាន់វេនបិណ្ឌ នាំគ្នាចូលទៅសាលាឆាន់ អុជទៀន
ធូបរៀបចំបាយបិណ្ឌ និងថ្វាយបង្គំព្រះ ។ -ព្រះសង្ឃនិមន្ដពីព្រះវិហារចូល
មកកាន់សាលាឆាន់ដើម្បីសូត្របរាភវសូត្រ ដែលគេនិយមហៅកាត់ថា “សូត្របរា” ។ បរាភវសូត្រនេះ គឺជាធម៌
ដែលចែងពីរឿងវិនាស១២ប្រការ មានអំពើផិតក្បត់ ការលេង ល្បែង៣ប្រការ ស្រី ស្រា ល្បែង
ការមិនត្រេក អរក្នុងធម៌ អ្នកមានទ្រព្យសម្បត្ដិមិនចិញ្ចឹមមាតា បិតា
ការសេពគប់បុគ្គលពាល ។ល។ -សូត្របរាចប់ព្រះសង្ឃ បង្សុកូល
និងឧទ្ទិសបាយបិណ្ឌដល់ប្រេតនរក ។ ក្រោយពេលព្រះសង្ឃសូត្រចប់ អាចារ្យវាយគង ហើយភ្លេង
ពិណពាទ្យចាប់កំដរពិធី ។ -ភ្លេងប្រគុំកំដរជាហូរហែ
ព្រមគ្នាជាមួយព្រះសង្ឃសូត្រធម៌ឧទ្ធិសជាបន្ដបន្ទាប់នោះ ពួកពុទ្ធបរិស័ទ
ទាំងអស់កាន់ចានបាយបិណ្ឌរៀងៗខ្លួនដើរដំរង់ទៅព្រះវិហារដើម្បីប្រទក្សិណ៣ជុំព្រះវិហារ
ដែល គេហៅថា “បោះបាយបិណ្ឌ” ។ ពេលដើរជុំវិញព្រះវិហារនោះគេត្រូវដុតធូបប្រាំសរសៃនៅលើចានបាយបិណ្ឌ
។ ឱកាសដើរព័ទ្ធបានមួយជុំអាចារ្យប្រកាសថា អនុមោទនាលោកអើយ! ទាំងអស់គ្នាស្រែកទទួលថា
សាធុ ! រួចគេចាប់យកបាយមួយដុំដាក់ទៅលើដី
ឬបោះគ្រវែងទៅកាន់ទីឆ្ងាយហើយដោតធូបមួយសរសៃ ដោត ផ្កាឈូក ឬផ្កាផ្សេងៗមួយទងនៅលើដីដែរ ។
គេធ្វើបែបនេះគំរប់៣ដង។ រីឯបាយបិណ្ឌ និងធូបនៅសល់ គេនាំយកតាម
អាចារ្យដែលអញ្ជើញចេញទៅក្រៅវត្ដទៅកាន់ទីដែលនៅជិតខ្ទមអ្នកតា ឬក្រោមដើមឈើធំៗ
ហើយអុជធូប និងចាក់បាយបិណ្ឌទាំងអស់នោះទៅលើដីដើម្បីឱ្យខ្មោចដែលគ្មានបងប្អូន
ធ្វើបុណ្យបញ្ជូនឱ្យ។ អាចារ្យបានហាម មិនឱ្យលាងចាន និងលាងដៃនៅទីនោះឡើយ ព្រោះហាក់ដូចជាអសីលធម៌ដល់ខ្មោចដែលកំពុងទទួល។
បន្ទាប់ពី ចាក់បាយបិណ្ឌទៅលើដីអស់គ្រប់គ្នាហើយ អាចារ្យធ្វើពិធីបង្សុកូល
ច្រូចទឹកលើនំចំណី និងបាយបិណ្ឌឱ្យប្រេតទាំង នោះ ដែលមកចាំទទួលដែរ
តែគ្មានញាតិសន្ដានឧទ្ទិសឱ្យ ។ -បន្ទាប់ពីចប់កិច្ចក្រៅវត្ដ
ពុទ្ធបរិស័ទទាំងអស់បានចូល មកកាន់សាលាឆាន់វិញ
ដើម្បីរៀបចំប្រគេនព្រះសង្ឃឆាន់ពេលព្រឹក។ -ព្រះសង្ឃបានរៀបចំពិធីបង្សុកូល
ដើម្បីឱ្យពុទ្ធបរិស័ទរាប់បាត្រ ។ -ចាប់ពីម៉ោង៨ព្រឹកទៅគេសង្កេតឃើញថា មានអ្នកស្រុក
អ្នកភូមិបានយកបាយ ម្ហូប នំចំណី ផ្លែឈើ
គ្រប់មុខជាបន្ដបន្ទាប់ដើម្បីប្រគេនព្រះសង្ឃឆាន់ត្រង់ និងរាប់បាត្រជាបណ្ដើរៗរហូត
ដល់ម៉ោង១១ ។ -ម៉ោង១១អាចារ្យទូងស្គរម្ដងទៀត ដើម្បីប្រជុំព្រះសង្ឃឆាន់ថ្ងៃត្រង់ ។
-ពុទ្ធបរិស័ទប្រជុំគ្នា ថ្វាយបង្គំព្រះ និងសមាទានសីលចប់ព្រះសង្ឃធ្វើពិធីដារឆ្លង
ដើម្បីជាកិច្ចបញ្ចប់បុណ្យនៃវេននីមួយៗ ។ កម្មវិធីដែលដំណើរការបានកន្លងមកហើយនោះ
បានអនុវត្ដជាបន្ដបន្ទាប់ពីមួយថ្ងៃ ទៅមួយថ្ងៃ គឺវេនទី១ ឬបិណ្ឌ១ រហូតដល់វេនទី១៤
ឬបិណ្ឌ១៤ ។ ចំណែកថ្ងៃទី១៥ រោច ខែភទ្របទ គឺជាថ្ងៃបង្ហើយគេហៅថា “ភ្ជុំបិណ្ឌ” ព្រោះគឺជាការប្រជុំអ្នកកាន់វេន
ព្រមទាំងពុទ្ធបរិស័ទដើម្បីឆ្លងបញ្ចប់បុណ្យ ។ ឯកិច្ចឆ្លងកុសលនេះគេ រៀបចំដូចវេននីមួយៗដែរ
គ្រាន់តែថ្ងៃទី១៥ អ្នកកាន់វេនមកចូលរួមគ្រប់គ្នា ចំណែកពុទ្ធបរិស័ទ ក៏បានមក
ចូលរួមច្រើនកុះករលើសថ្ងៃមុនៗ ។ ចំណែកតាមគេហដ្ឋាន នៅពេលក្របីចូលក្រោល
ប្រជារាស្ដ្រខ្មែរបានរៀបចំ សែនដូនតា ដោយមានរៀបកំរាលស
ពីលើខ្នើយប្រវែងប្រហែលពីរម៉ែត្រ ដាក់សំលៀកបំពាក់ឆ្វេងស្ដាំ ។ រណ្ដាប់ហូបចុកមាន
ម្លូស្លាបារី បង្អែម ចំអាប ផ្លែឈើ ភេសជ្ជៈ និងទឹកមួយផ្ដិលបង់ផ្កាម្លិះផង ។
នៅលើចានម្ហូបអាហារ ផ្លែឈើសុទ្ធតែបានអុជធូបមួយសរសៃ ដើម្បីឱ្យបានជ្រោប
ហើយអុជទៀនបំភ្លឺព្រោង ព្រាតផង។ នៅពេលល្ងាចនោះដែរ គេបានយកស្រទបចេក
ឬដើមចេកមករចនាធ្វើជាទូក ឬ សំពៅទុកសំរាប់ ព្រឹកស្អែក ពេលព្រះអាទិត្យជិតរះច្បាស់
ដើម្បីជូនដូនតាជិះត្រឡប់វិលទៅទីស្នាក់អាស្រ័យវិញ ។ នៅលើទូក ឬ សំពៅនោះដែរ
គេដាក់ថង់តូចៗដែលមានដាក់ស្រូវ អង្ករ អំបិល ពោត សណ្ដែក
ល្ងឆៅ...សំរាប់ទុកជូនដូនតាហូប ចុកបន្ដទៀត ។
ដកស្រង់ចេញពីសៀវភៅប្រជុំរឿងព្រេងខ្មែរ
No comments:
Post a Comment