Pisey trip: សន្ដិវង្សមហិធរបុរៈ (អង្ករទី២)
សូមស្វាគមន៍!!! មកកាន់ ប្លក់ បេះដូងអ្នកសិក្សា ប្លក់នេះបង្កើតឡើងដើម្បីចែករំលែកនូវ ឯកសារ ប្រវត្តិសាស្រ្ដ​ មេរៀនស្រាវជ្រាវ ដើម្បីជាគន្លឹះសម្រាប់បងប្អូនប្រិយមិត្តអ្នកអាន ទទួលបាននូវចំណេះដឹង និងការបង្កើតឱ្យមានវប្បធម៌ចែករំលែក​ អ្នកចេះបង្រៀនអ្នកមិនសូវចេះ អ្នកមិនសូវចេះបង្រៀនអ្នកមិនចេះ ជាគន្លឹះសម្រាប់បងប្អុនដែលកំពុងតែសិក្សាដើម្បីពង្រីកចំណេះដឹងផងដែល សូមអរគុណ!!! សម្រាប់ការកាំទ្រ យើងខ្ញុំសូមសន្យាថានឹងស្វែងរកនូវអត្ថបទល្អចែកជូនបងប្អូនទស្សនាជាបន្ដទៀត.....

សន្ដិវង្សមហិធរបុរៈ (អង្ករទី២)



សន្ដិវង្សមហិធរបុរៈ (អង្ករទី២)

  យើងឃើញប្រទេសកម្ពុជាចែកជានគរពីរ ដែលមានស្ដេចពីរសោយរាជ គឺព្រះបាទនរិបតិន្រ្ទវរ្ម័ន ដែលត្រួតត្រា​គ្រប់​គ្រង​ទឹក​ដី​ផ្នែក​ខាង​ត្បូង និង​ ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៦ ដែល​កាន់​កាប់​ទឹកដី ផ្នែកខាងជើងភ្នំដងរែក។ ទិដ្ឋភាពបែងចែកទឹកដីមួយខាងជើង មួយខាងត្បូងដោយ​យក​ជួរ​ភ្នំដង​រែក​ជា​ព្រំ​ដែន​សីមា បញ្ជាក់​អោយ​យើង​សន្និ​ដ្ឋាន​បាន​ថា ធាតុដើមនៃនគរហ្វូនន់ និង ចេនឡា ចេនឡាដីគោក និងចេនឡាលិចទឹក មាន​ការ​ពិបាក​ជា​ច្រើន​ ក្នុង​ការ​រំលាយ​ខ្លួន​បញ្ចូល​កម្ពុជា​តែ​មួយ​។ ទោះបីជាមានការខំប្រឹងប្រែងបង្រួបបង្រួម បង្កបង្កើតអោយមានលក្ខណឯក​ភាព​ជាតិ អំពី​សំណាក់​ព្រះ​មហា​ក្សត្រ​ខ្មែរ ដែល​ធំ​ខ្លាំង​ពូ​កែក្លាហានដូចម្ដេចក៏ដោយ។

     I.            ព្រះបាទជ័យវរ្ម័នទី៦ គ.ស១០៨២ - ១១០៧

  ព្រះជ័យវរ្ម័នទី៦ ស្ថិតនៅក្នុងរាជវង្សមហិធរបុរៈ ដែលមានទឹកដីនៅក្នុងតំបន់ ជ្រលងភ្នំទន្លេ ខាងជើងភ្នំដងរែក ដែលជា​បច្ចុប្បន្ន​នគរ​រាជ​សីមា​។ ព្រះ​អង្គ​បាន​ធ្វើ​ចំបាំង​វាត​ទឹក​ដី យកប្រទេសជិតខាង ដែលស្ថិតក្នុងភូមិភាគខាង ជើងកម្ពុជាឬ ខាងជើងភ្នំដងរែកមកដាក់ជានគរចំណុះ បញ្ចូល​អោយ​នៅ​ក្រោម​ការ​គ្រប់​គ្រង​ផ្ទាល់​របស់​ព្រះ​អង្គ​។
  បើយោងទៅតាមសិលាចារឹកនៅភ្នំរោង និង តាមការសិក្សាស្រាវជ្រាវរបស់លោក ហ្សកកូដេស George Coedes គេ​អាច​ដឹង​ថា ព្រះ​បិតា​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៦ ឈ្មោះ​ហិ​រញ្ញ​វរ្ម័ន ហើយព្រះមាតាឈ្មោះហិរញ្ញលក្សស្មី។ ព្រះអង្គមានបងប្អូនបង្កើតទាំងអស់បួននាក់ ដែល​គេ​ស្គាល់​ឈ្មោះ​តែ​ពីរ​នាក់​ប៉ុណ្ណោះ គឺ​ធរ​និន្រ្ទ​វរ្ម័ន​ទី​១ និង​យុវ​រាជ​។

១. កំលាំងសាសនា

  ព្រះបាទជ័យវរ្ម័នទី៦ បានប្រកាសតាំងខ្លួនជាព្រះមហាក្សត្រខ្មែរក្នុងគ.ស ១០៨២ ដោយបានទទួលអភិសេក និងការគាំទ្រ​ពី​សំណាក់​ព្រាហ្មណ៍​ទិ​វាករ​។ ដើម្បី​អោយ​បាន​ត្រឹម​ត្រូវ​តាមច្បាប់ទំលាប់សាសនា ដើម្បីអោយប្រជាពល រដ្ឋគ្រប់ក្រុមសាសនាសប្បាយពេញ​ចិត្ដ និង​គាំ​ទ្រ​ហើយ​និង​ដើម្បី​ពង្រឹង​អំណាច​អោយ​រិត​តែ​ខ្លាំងមុតមាំ ព្រះអង្គបានសាងប្រាសាទជាច្រើន សំរាប់ធ្វើសក្ការៈបូជាថ្វាយចំពោះព្រះសិសូរ​ផង ចំពោះ​ព្រះ​ពុទ្ធ​សាស​នា​ផង​។

២. ការកសាង និងស្នាដៃ

ប្រាសាទ​វត្ត​ភូ ជា​ស្នា​ដៃ​ធំ​ចំ​បង ក្នុង​រជ្ជ​កាល​របស់​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៦ ដែល​គេ​ចាត់​ទុក​ជា​សិល្បៈ​ខ្មែរ លំនាំ​ដើម​ប្រា​សាទ​នគរ​វត្ដ​។ សព្វ​ថ្ងៃ​ប្រា​សាទ​​វត្ត​ភូ ដែល​ជា​ប្រា​សាទ​​ខ្មែរ ស្ថិត​នៅ​លើ​ទឹក​ដី​លាវ​ខាង​ត្បូង ក្នុង​តំ​បន់ចំប៉ា​សាក់​។ គឺ​ជា​ប្រា​សាទ​មួយ​ដែល​បុព្វ​បុរស​​ខ្មែរ​​បាន​​សាង​​សង់​​ផ្នែក​នៅ​លើ​ចង្កេះ​ភ្នំ ដើម្បី​ឡើង​ទៅ​ដល់​កន្លែង​សក្ការ​បូជា គេ​ត្រូវ​ឡើង​តាម​ជណ្ដើរ​យ៉ាង​ល្អ​ប្រណិត ប្រវែង ១៤០០ម​។ ហើយ​នូវ​ដើម​ផ្លូវ​គេ​​បាន​ជីក​បារាយ​​មួយ​យ៉ាង​ធំ ដែល​មាន​ប្រវែង​ ៦០០ម x ១៥០ម តាម​ផ្លូវ​ឡើង​ទៅ​ប្រា​សាទ​ធំ​ដែល​ចែក​ចេញ​ជា​ប្រាំ​ថ្នាក់ គេ​ឃើញ​មាន​​ប្រា​សាទ​តូច​ធំ​ជា​ច្រើន​ផ្សេង​ទៀត​។

៣. សង្គ្រាមផ្ទៃក្នុង

  ប៉ុន្ដែព្រះអង្គមិនអាចវាតឥទ្ធិពល និង ប្រើអំណាចគ្របដន្ដប់ ត្រួតត្រាទៅលើទឹកដីនគរទាំងមូលបានទេ ព្រះបាទជ័យ​វរ្ម័ន​ទី​៦ កាន់​កាប់​បាន​តែ​តំបន់​ភូមិ​ភាគ​ទឹក​ដី​ខ្មែរ​ខាង​ជើង និង​ខាង​កើតតែប៉ុណ្ណោះ។ ឯភូមិភាគមហានគរ ខេត្ដខ័ណ្ឌនៅទិសខាងលិច និង​ខាង​ត្បូង ស្ថិត​នៅ​ក្រោម​អំណាច​ព្រះ​មហា​ក្សត្រ​ពេញ​ច្បាប់ ព្រះ​បាទ​នរប​តិន្រ្ទ​វរ្ម័ន​។ ដូច្នេះ​សង្រ្គាម​ផ្ទៃក្នុងរវាងស្ដេចខ្មែរទាំងពីរព្រះអង្គ មានជាប់​ជា​និច្ច ក្នុង​រជ្ជ​កាល​ព្រះ​អង្គ​។​ ឯ​អសន្ដិ​សុខ និង វិបត្ដ​គ្រប់​បែប​យ៉ាង នៅ​តែ​បោក​បក់​សោកនាដកម្មមកលើប្រជាជាតិ។ ព្រះបាទជ័យវរ្ម័នទី៦ បានសុគត​ក្នុង គ.ស​១១០៧ ដោយ​មិន​បាន​សំរេច​គោល​បំណង​កាន់​កាប់​គ្រប់​គ្រង សោយរាជទឹកដីកម្ពុជាទាំងមូលឡើយ។

 II.            ព្រះយុវរាជ គ.ស១១០៧

  ដោយព្រះបាទជ័យវរ្ម័នទី៦ គ្មានព្រះរាជបុត្រ សំរាប់បន្ដរាជ រាជសម្បត្ដិក៏ត្រូវធ្លាក់មកក្នុងកន្ដាប់ដៃព្រះយុវរាជ ដែល​ជា​ប្អូន​ពៅ​ព្រះ​អង្គ គឺ​ព្រាហ្មណ៍​ទិ​វា​ករ ដែល​បាន​រៀប​ចំ​អភិ​សេក តែងតាំងព្រះអង្គជាព្រះមហាក្សត្រ ប្រវត្ដិ ព្រះមហាក្សត្រអង្គនេះ យើង​ពុំ​មាន​ឯសារ​អ្វី​ជា​ច្បាស់​លាស់​សំរាប់​ធ្វើ​ការ​សិក្សា​ទេ តែ​គេ​អាច​ដឹង​ថា ព្រះអង្គ សោយរាជមិនបានយូរទេ។ ព្រះអង្គត្រូវអស់ព្រះជន្ម ក្នុងឆ្នាំ១១០៧។

III.            ព្រះបាទធរនិន្រ្ទវរ្ម័នទី១ ១១០៧ - ១១១២

  ព្រះបាទយុវរាជគ្មានព្រះរាជបុត្រ សំរាប់ស្នងរាជបន្ដទេ។ ដូច្នេះរាជសម្បត្ដិត្រូវធ្លាក់ មកលើព្រះបាទធរនិន្រ្ទវរ្ម័ន​ទី១ ដែល​ជា​បង​បង្កើត​របស់​ព្រះ​បាទ​ជ័យ​វរ្ម័​ទី​៦ និង​ព្រះ​យុវ​រាជ​។

១. បរិយាកាសនៃការឡើងសោយរាជ

  កាលនោះព្រះធរនិន្រ្ទវរ្ម័នទី១ នៅសាងផ្នួសជាសង្ឃនៅឡើយ ព្រះអង្គបានដាក់ចិត្ដគំនិតរូបរាងកាយ សំរាប់បូជា ថ្វាយ​ចំពោះ​ព្រះ​ពុទ្ធ​សាសនា​រួច​ជា​ស្រេច​ដែរ​។ ព្រះ​អង្គ​ត្រូវ​សឹក​លា​ចាក​សិក្ខាបទ មកទទួលព្រះរាជាភិសេក ជាព្រះមហាក្សត្រ។ គឺព្រាហ្មណ៍ទិវាករ​ទៀត​ដែល​បាន​រៀប​ចំ ប្រារព្ធ​ធ្វើ​រាជា​ភិសេក​ស្រោច​ទឹក តែងតាំងថ្វាយ ព្រះអង្គ តាមលក្ខណប្រពៃនីសាសនា ដើម្បីអោយបានទៅជា​ព្រះ​មហា​ក្សត្រ​ពេញ​ច្បាប់​។
  សិលាចារឹកខ្មែរបានកត់ទុកមកថា «ព្រះអង្គមិនដែលប៉ងប្រាថ្នា ចង់បានរាជបល្ល័ង្គទេ តែដោយសារមនុស្សម្នាច្រើន គ្មាន​អ្នក​ការ​ពារ គ្មាន​ទី​ពំ​នាក់​ បាន​​មក​អង្វរ​ករ​ព្រះ​អង្គ ព្រះ​អង្គ​ក៏​សុខ​ចិត្ដ​ទទួលរាជសម្បត្ដិ តាមសំណូមពរ»។ព្រះអង្គគ្រប់គ្រងប្រទេសជាតិ ដោយ​សច្ចៈ​យុត្ដិ​ធម៌ និង​ប្រុង​ប្រយ័ត្ន​ជា​និច្ច​។
  ព្រះអង្គគោរពគ្រប់ច្បាប់វិន័យត្រិត្យក្រម ដែលមាននៅក្នុងសង្គមជាតិ។ ហេតុដូច្នេះហើយទើបបានជាព្រះអង្គសុខចិត្ដ​រៀប​អភិ​សេក​ជា​មួយ​នឹង​មហេសី​ព្រះ​បាទ​យុវ​រាជ ដែល​ត្រូវ​ជា​ប្អូន បើតាមសិចារឹក ដើមឡើយព្រះនាងត្រូវជាមហេសីរបស់ព្រះបាទជ័យវរ្ម័នទី៦ បន្ទាប់​មក​ព្រះ​នាង​បាន​ក្លាយ​ជា​មហេសី​របស់​ព្រះ​បាទ​យុវ​រាជ​។ ក្រោ យដែលព្រះយុវរាជបានចូលទីវង្គត ព្រះមហេសីដដែលនេះ បាន​ក្លាយ​ទៅ​ជា​ព្រះ​អគ្គ​មហេ​សី​របស់​ព្រះ​បាទ​ធរនិន្រ្ទ​វរ្ម័ន​ទី​១​។

២. អវសានជីវិត

  ក្នុងរជ្ជកាលព្រះអង្គ គេសង្កេតពុំឃើញមានឯកភាព ឬការចុះសំរុងស៊ីសង្វាក់គ្នារវាងខ្មែរ នឹងខ្មែរឡើយ។ ការបែក​បាក់​ទាស់​ទែង​ខ្វែង​គំនិត​គ្នា ​ការ​បែក​ចែក​ជា​ក្រុម​បក្ស​ពួក​បដិ​បក្ខ ក៏កើតមានដែរ ដែលជាហេតុធ្វើអោយយើងដឹងថា មាននាម៉ឺនមន្រ្ដី អ្នកកាន់សាសនា​តូច​ធំ មិន​បាន​ពេញ​ចិត្ដ​នឹង​ព្រះ​មហា​ក្សត្រ​ទេ​។ ឯ​បុព្វ​ហេតុ​វិញ គេពុំអាចដឹងជាមកអំពីអ្វីដែរ។ គេគ្រាន់តែដឹងថាព្រាហ្មណ៍ទិវាករ ដែល​ធ្លាប់​តែ​ស្មោះ​ត្រង់​បំរើ​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៦ ព្រះ​បាទ​យុវ​រាជ​ រហូត​មក​ដល់ព្រះអង្គចូលសុគត បែរជាក្បត់រួមកំលាំងជាមួយនឹងព្រះបាទសុរិយាវរ្ម័ន​ទី​៦ ទំលាក់​និង​ធ្វើ​ឃាត​ព្រះ​អង្គ​ទៅ​វិញ​។
  ក្រោយដែលសោយរាជសម្បត្ដិនគរកម្ពុជាបាន៥ឆ្នាំ ព្រះបានទធរនិន្រ្ទវរ្ម័ន ត្រូវអស់ព្រះជន្មក្នុងគ.ស ១១១២ ដោយព្រះ​បាទ​សុរិយា​វរ្ម័ន​ទី​២ធ្វើ​ឃាត​។ សិលា​ចារឹក​ប្រាសាទ​ជ្រុង ដែល​ស្ថិត​នៅក្នុងវង្វង់នគរធំ បានបញ្ជាក់ថា មាន ការផ្ទុះអាវុធ ប្រយុទ្ធគ្នាយ៉ាងសាហាវ​ខ្លាំង​ក្លា​អស្ចារ្យ តែ​ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ​ប៉ុណ្ណោះ ការ​ផ្ទុះ​អាវុធ​ក៏​ចប់ទៅវិញ។ គឺព្រះបាទសុរិយាវរ្ម័នទី២ សំរេចជោគជ័យដណ្ដើមយកបានរាជ​សម្បត្ដិ ពី​ព្រះ​បាទ​ធរ​និន្រ្ទ​វរ្ម័ន​ទី​១​។

IV.            ព្រះបាទសុរិយាវរ្ម័នទី២ គ.ស. ១១១៣ - ១១៥០

  ព្រះបាទសុរិយាវរ្ម័នទី២ បានទទួលព្រះរាជាភិសេកឡើងសោយរាជសម្បត្ដិប្រទេសកម្ពុជា ដោយមាន​ព្រាហ្មណ៍​ទិវា​ករ ជា​អ្នក​រៀប​ចំ​ធ្វើ​ជា​ប្រមុខ​ពីធី​បុណ្យ​ព្រះ​រាជា​ភិសេក​។

១. ព្រះរាជវង្ស

  ព្រះបាទសុរិយាវរ្ម័នទី២ ព្រះអង្គជាសមាជិកមួយរូប ក្នុងព្រះរាជវង្សមហិធរបុរៈ ព្រះអង្គត្រូវជាចៅមីង របស់ព្រះ បាទ​ជ័យ​វរ្ម័ន​ទី​៦​។ បិតា​ព្រះ​អង្គ​ ព្រះ​នាម​ក្សត្រ​ឥន្រ្ទា​ទិយា ត្រូវ​ជា​ចៅ​ព្រះ​ហិរញ្ញ​វរ្ម័ន និង ព្រះនាងហិរញ្ញរក្សស្មី និងត្រូវជាក្មួយបង្កើត របស់ព្រះបាទជ័យ​វរ្ម័ន​ទី​៦ ព្រះ​បាទ​យុវ​រាជ​ និង​ព្រះ​បាទ​ធរ​និន្រ្ទ​វរ្ម័ន​។ ដូច្នេះជីតាព្រះអង្គខាងឳពុក និងជីដូនព្រះអង្គខាងម្ដាយ សុទ្ធតែជាកូនរបស់ព្រះ​ហិរញ្ញ​វរ្ម័ន​ទាំង​អស់​។

២. ការបង្រួបបង្រួមកម្ពុជា

  បានឡើងគ្រងរាជសម្បត្ដិកាលណា ព្រះបាទសុរិយាវរ្ម័នទី២ ក៏រៀបចំចាត់ចែង ធ្វើសឹកសង្គ្រាម វាយប្រយុទ្ធ បង្ក្រាប​នគរ​ចំនុះ​ជិត​ឆ្ងាយ ដើម្បី​បញ្ចូល​ទឹក​ដី​នគរ​កម្ពុជា​តូច​ធំ​ទាំង​ប៉ុន្មានអោយឯកភាពរួមចូលតែមួយវិញ។ ព្រះអង្គបានយកជ័យជំនះលើកងយោធារបស់​ព្រះ​បាទ​នរប​តិន្រ្ទ​វរ្ម័ន​ ហើយ​ដណ្ដើម​យក​បាន​មហាន​គរ​។ ព្រះ​បាទ​នរប​តិន្ទ្រ​វរ្ម័ន ដែលជាព្រះមហាក្សត្រខ្មែរត្រឹមត្រូវតាមច្បាប់ ព្រះ​អង្គ​បាន​អស់​ព្រះ​ជន្ម​ក្នុង​ពេល​ធ្វើ​ចំបាំង​នោះ នៅ​ក្នុង គ.ស. ១១១៣​។
  ព្រះបានសុរិយវរ្ម័នទី២ បានជ័យជំនះឈ្នះដោយប្រើកំលាំងអាវុធ។ ក្នុងឱកាសជាមួយគ្នានោះ ព្រះអង្គក៏បានបង្រួបបង្រួម​ទឹក​ដី​ខ្មែរ អោយ​មក​តែ​មួយ​វិញ​ដែរ​។ កម្ពុជា​លែង​មាន​ស្ដេច​ពីរ ហើយមានស្ដេចតែមួយអង្គគត់ ក្នុងការត្រួតត្រាដឹកនាំប្រទេសជាតិ។ ដើម្បីនគរ និង​ប្រជា​នុ​រាស្រ្ដ​ ព្រះ​អង្គ​ខំ​ប្រឹង​ប្រែង​រៀប​ចំ​ស្រុក​ទេស ក្នុងគ្រប់វិស័យ។ ព្រះបាទសុរិយាវរ្ម័នទី២ ជាព្រះមហាក្សត្រមួយអង្គដ៏ខ្លាំង​ពូកែ ដែល​អាច​ធ្វើ​សង្គ្រាម​ប្រយុទ្ទ​បង្រ្កាប​យក​ជោគ​ជ័យ​លើ​សមរ​ភូមិ​ពីរ​ខុស​គ្នា ក្នុងកាលៈទេសៈជាមួយគ្នា លើពួកក្រុមបះបោរក្នុងស្រុក និងលើកកង​ទ័ព​នគរ​ចំប៉ា​ឈ្លាន​ពាន​។​

៣. សង្គ្រាមនឹងនគរចំប៉ា

  ព្រះមហាក្សត្រនគរចំប៉ា ដែលសង្កេតឃើញប្រទេសកម្ពុជាកំពុងតែជាប់ដៃ វាយប្រយុទ្ធកាប់សំលាប់ផ្ទៃក្នុង បាន​ឆ្លៀត​ឱកាស​យ៉ាង​ល្អ​កម្រ​រក​មាន​នេះ លើក​កង​ទ័ព​ពល​សេនា​មក​វាយប្រហារដណ្ដើមយកទឹកដីខ្មែរ។ ព្រះបាទសុរិយាវរ្ម័នទី២ ដោយមានទ័ពចាម​នគរ​វិជ័យ​រួម​កំលាំង​ បាន​លើក​ទ័ព​ទៅ​ទប់​ទល់​ទ័ព​ចាម វាយប្រហារចូលលុកដល់នគរចំប៉ា ហើយដណ្ដើមយកបានរាជធានីវិជ័យ នេះជាសេចក្ដី​ដែល​សិលា​ចារឹក​នគរ​ចំប៉ា​ នៅ​ពោ​នគរ បាន​ចារ​ទុក​មក​ជា​ប្រ​វត្ដិ​សាស្រ្ដ​។ សិលាចារឹកចំប៉ាដដែល បានបញ្ជាក់ទៀតថា ព្រះបាទសុរិយា​វរ្ម័ន​ទី​២ បាន​តែង​តាំង​ប្អូន​ថ្លៃ​ព្រះ​អង្គ​ ព្រះ​នាម​ហរិ​ទេវៈ ជា​ឧប​រាជ​សោយ​រាជ​នគរ​ចំប៉ា​មក​ក្នុង​នគរ​កម្ពុជា ធ្វើនគរតែមួយដែរ។
  មេទ័ពចាម និង ខ្មែរជាច្រើន ដែលជាជនក្បត់ព្រះអង្គ ឬប្រឆាំងនឹងខ្មែរ បាននាំគ្នារត់ទៅសុំស្ដេចយួនជ្រោកកោន​រស់​នៅ​តុង​កឹង​។ ប្រទេស​យួន​ ដែល​បាន​អនុញ្ញាត​អោយ​ជន​ខុស​ច្បាប់ទាំងនេះជ្រោកកោន យកធ្វើជាជំរុំ ត្រូវបានព្រះបាទសុរិយាវរ្ម័នទី២ វាយ​ប្រហារ​របើក​របាញ​បាក់​បរា​ជ័យ​អស់​គ្មាន​សល់​។ ស្ដេច​ចិន​ដែល​បាន​ស្គាល់នូវថ្វីដៃ ធ្វើសឹកសង្គ្រាមយ៉ាងក្លាហានអង់អាចអស្ចារ្យរបស់ព្រះអង្គ បាន​កោដ​សរ​សើរ និង​ផ្ដល់​កិត្ដិ​យស​ឧដុង្គ​ឧត្ដម​ដល់​ព្រះ​អង្គ​។ អគ្គរាជទូតប្រទេសខាងជើងតែងតែចេញចូលទៅវិញទៅមកជាប្រក្រតី។

៤. ទឹកដីកម្ពុជា

  សង្គ្រាម មិនមែនមានតែជាមួយនឹងនគរចំប៉ាមួយប៉ុណ្ណោះទេ ព្រះបាទសុរិយាវរ្ម័នទី២ ព្រះអង្គបានធ្វើចំបាំង រហូតដល់នគរ​មន នៃ​រដ្ឋ​ហរិ​បុណ​ជ័យ​ និង​នគរ​ថៃ​ដែល​ស្ថិត​នៅ​ខាង​ជើង​ទន្លេមេណាមជិតជាប់នឹងប្រទេសចិន។ ក្នុងរជ្ជកាលព្រះអង្គ ទឹកដីខ្មែរមានទំហំធំ​ទូ​លំ​ទូលាយ​ណាស់​។ ខាង​ជើង​ព្រំ​ដែន​ដី​ខ្មែរ​ជាប់​នឹង​ប្រទេស​ចិន ខាងត្បូងលាតសន្ធឹងទៅដល់សមុទ្រជាប់ជាមួយនគរជ្វា នៅទិសខាងលិចជាប់នឹង​ប្រទេស​ភូមា​ហើយ​ខាង​​កើត​ជាប់​ទល់​នឹង​ប្រទេស​ចាម​។

៥. ការកសាង និង ស្នាដៃ

  ព្រះបាទសុរិយាវរ្ម័នទី២ ព្រះអង្គមិនមែនពូកែតែខាងធ្វើសឹកសង្គ្រាមប៉ុណ្ណោះទេ ព្រះអង្គក៏ពូកែឈ្លាសវៃ ក្នុង​ការ​រៀប​ចំសាង​នគរ​អោយ​បាន​សុខ​សន្ដិភាព​ និង​ចំរើន​លូត​លាស់​ដែរ​។ ព្រះអង្គខំរិះរកគ្រប់មធ្យោបាយ ដើម្បីដោះស្រាយបំបាត់កុំអោយមានការប៉ះទង្គិចគ្នា ដែល​បណ្ដាល​អោយ​មាន​ការ​ប្រះ​ឆា​បែក​សាមគ្គី​ភាព​ក្នុង​សង្គម​ជាតិ​។
  ដូច្នេះហើយ ទោះបីជាព្រះអង្គនិយមចូលចិត្ដគោរពបូជាព្រះវិស្ណុ ឬព្រះនរាយន៍ក៏ដោយ ក៏ព្រះអង្គអនុញ្ញាត​សាសនា​ទាំង​បី ព្រះ​ពុទ្ធ​សាសនា​ ព្រះ​សិវៈ និង​ព្រះ​វិស្ណុ មានសិទ្ធិសេរីភាពស្មើដូចគ្នា។ ព្រះអង្គគោរពបូជា និង ការពារថែរក្សាទំនុកបំរុងសាសនាទាំងបី​។ ព្រះ​អង្គ​បាន​បរិច្ចាគ​ផ្ដល់​នូវ​ព្រះ​រាជ​ទ្រព្យ និង​កសាង​ផ្គត់​ផ្គង់​កន្លែង​សក្ការៈ​បូជា​ជា​ច្រើន។
  នគរវត្ដជាស្នាដៃដ៏ធំចំបងអស្ចារ្យ របស់ព្រះបាទសុរិយាវរ្ម័នទី២ ដែលមានឈ្មោះល្បីល្បាញរន្ទឺសុះសាយទៅ​គ្រប់​ទិស​ទី លើ​ពិភព​លោក មិន​តែ​ប៉ុណ្ណោះ ប្រាសាទ​នគរ​វត្ដ ក៏​ជា​រូប​ភាព​តំណាង​ប្រទេសជាតិខ្មែរដែរ។ នគរវត្ដមានកសិណឬគូទឹកព័ទ្ធជុំវិញ ប្រហែលជា ១៦​គ.ម ចំណែក​កសិណ​ពិត​ប្រាកដ​របស់​ប្រាសាទ មាន​បណ្ដោយ​ប្រ​វែង ១៥០០ម x ១៣០០ម លើ២០០ម ផ្លូវធំដើរចូលពីទិសខាងលិច​ទៅ​ដល់​ប្រាសាទ​កណ្ដាល​មាន​ប្រវែង​២៥០​ម ឯ​កំពូល​កណ្ដាល​ខ្ពស់​ធំជាងគេបំផុតរបស់នគរវត្ដ មានកំពស់៦៥​ម​។ នេះយើងមិនរាប់រៀបអំពីរូបចំលាក់​យ៉ាង​ញឹក​ស្អេក ដែល​មាន​លើ​ផ្ទាំង​ថ្ម​ផង​៘ និង​៘
  ព្រះបាទសុរិយាវរ្ម័នទី២ បានកសាងប្រាសាទនគរវត្ដ ដើម្បីថ្វាយបូជាដល់ព្រះវិស្ណុ ព្រះអង្គក៏បានទុកស្លាកស្នាម ព្រះ​ភ័ក្រ្ដ​រូប​រាង​កាយ​ព្រះ​អង្គ​ជា​ភស្ដុ​តាង​ដែរ នៅ​លើ​ផ្ទាំង​សិលា​នគរ​វត្ដ អ្នកស្រាវជ្រាវបរទេសខ្លះមានជំនឿថា បដិមាករព្រះវិស្ណុនៅចំកណ្ដាលកំពូល​អង្គរ​វត្ដ ជា​រូប​ព្រះ​សុរិយា​វរ្ម័ន​ទី​២ ហើយ​ព្រះ​មហា​ក្សត្រ​គង់​លើ​រាជ​បល្ល័ង្គ អម​ទៅ​ដោយ​បរិវារ និង​នាម៉ឺន​មុខ​មន្រ្ដី ដែល​សិល្បករ​ខ្មែរ មាន​ឆ្លាក់​ជាប់​លើ​ជញ្ជាំង​ថែវ​ខាង​ត្បូង​ជាន់​ទី​២ ក៏ជា​ព្រះ​បាទ​សុរិយា​វរ្ម័ន​ទី​២​ដែរ​។
  ប្រាសាទបឹងមាលាក៏ជាស្នាដៃរបស់ព្រះអង្គដែរ។ ប្រាសាទបឹងមាលា ដែលមានលំនាំប្រហាក់ប្រហែលនគរវត្ដ ស្ថិតនៅប្រហែល ៤០គ.ម​ខាង​កើត​នគរ​ធំ​ឬ​មហា​នគរ មាន​ទំហំ​ប្រ​វែង ១៨១​ម x ១៥២ម ប៉ុន្ដែ​ប្រាសាទ​នេះ​គ្មាន​លក្ខណ​ខ្ពស់​លេច​ចេញ​ត្រដែត​ដូច​នគរ​វត្ដ​ទេ​។
  បន្ទាយសំរែត្រូវបានសាងសង់នៅរជ្ជកាលព្រះអង្គដែរ។ ទោះបីជាមិនសូវល្បីល្បាញ ដូចប្រាង្គ​ប្រាសាទ​ឯ​ទៀត ហើយ​មាន​ទំហំ​មិន​អស្ចារ្យ​ក៏​ដោយ​ ក៏​គេ​អាច​ចាត់​ទុក​ជា​ស្នា​ដៃ​មួយ​យ៉ាង​ល្អ​ប្រណិត​ដែរ​។
  ប្រាសាទព្រះវិហារនៅលើជួរភ្នំដងរែក ដែលចាប់ផ្ដើមសង់តាំងពីរជ្ជកាលព្រះមហាក្សត្រខ្មែរ ព្រះបាទយសោ​វរ្ម័ន​ទី​១ ត្រូវ​បាន​ព្រះ​អង្គ​សង់​បន្ដ​រហូត​ដល់​ហើយ​ជា​ស្ថាពរ​។
  ព្រះបាទសុរិយាវរ្ម័នទី២ បានទុកកេរមរតក នូវទឹកដីធំទូលំទូលាយ នូវប្រាង្គប្រាសាទនគរវត្ដ ដ៏ល្អប្រនិតគ្មានពីរ និង​កិត្យា​នុ​ភាព​ខ្មែរ​ជា​មហា​អំណាច​ក្នុង​ភូមិ​ភាគ​អាស៊ី​អគ្គេយ៍​។ ព្រះ​អង្គ​បាន​ចូល​ទី​វង្គត​ក្នុង គ.ស.​១១៥០​។


No comments:

Post a Comment