Pisey trip: ទស្សនៈចំពោះរឿងផ្កាស្រពោន (និពន្ធដោយ លោក នូ ហាច )
សូមស្វាគមន៍!!! មកកាន់ ប្លក់ បេះដូងអ្នកសិក្សា ប្លក់នេះបង្កើតឡើងដើម្បីចែករំលែកនូវ ឯកសារ ប្រវត្តិសាស្រ្ដ​ មេរៀនស្រាវជ្រាវ ដើម្បីជាគន្លឹះសម្រាប់បងប្អូនប្រិយមិត្តអ្នកអាន ទទួលបាននូវចំណេះដឹង និងការបង្កើតឱ្យមានវប្បធម៌ចែករំលែក​ អ្នកចេះបង្រៀនអ្នកមិនសូវចេះ អ្នកមិនសូវចេះបង្រៀនអ្នកមិនចេះ ជាគន្លឹះសម្រាប់បងប្អុនដែលកំពុងតែសិក្សាដើម្បីពង្រីកចំណេះដឹងផងដែល សូមអរគុណ!!! សម្រាប់ការកាំទ្រ យើងខ្ញុំសូមសន្យាថានឹងស្វែងរកនូវអត្ថបទល្អចែកជូនបងប្អូនទស្សនាជាបន្ដទៀត.....

ទស្សនៈចំពោះរឿងផ្កាស្រពោន (និពន្ធដោយ លោក នូ ហាច )

 



រឿង​ផ្កា​ស្រពោន​ដែល​ទស្សនា​វដ្តី​ប្រចាំ​សប្តាហ៍​កម្ពុជា​បោះ​ផ្សាយ​ជា​ភាគ​និទាន​នៅ​ឆ្នាំ ១៩៤៧ ហើយ​ដែល​ត្រូវ​បាន​ចង់​ក្រង​ជា​សៀវភៅ​ប្រលោម​លោក​ទាំង​មូល​នៅ​ឆ្នាំ ១៩៤៩ ជា​ប្រលោម​លោក​មុន​ដំបូង​បង្អស់​របស់​លោក នូ ហាច ។ ស្នា​ដៃ​នេះ​ត្រូវ​បាន​ក្រសួង​សិក្សា​ធិការ​ជាតិ​បញ្ចូល​មក​ក្នុង​កម្ម​វិធី​សិក្សា​អក្សរ​សិល្ប៍​ខ្មែរ​នៅ​ឆ្នាំ​ ១៩៦០ សម្រាប់​ថ្នាក់​ទី​៤​ទំនើប​នៃ​មធ្យម​សិក្សា ។ សិក្សា​នុ​សិស្ស​វិទ្យាល័យ​និង​អនុ​វិទ្យាល័យ​ស្គាល់​រឿង​ផ្កា​ស្រពោន​នេះ​គ្រប់​ៗ​គ្នា​គឺ​ជា​ប្រលោម​លោក​ផ្នែក​មនោ​សញ្ចេត​នា​មួយ​ដែល​គួរ​ស្នេហ៍​ពី​រូប​គឺ​ប៊ុន ធឿន និង​នាង​វិធាវី​ពុំ​បាន​ជួប​គ្នា​ដូច​គោល​បំណង​ព្រោះ​តែ​ម្តាយ​របស់​នាង​វិធាវី​មើល​ស្រាល​ពេក​ទៅ​លើ​សេចក្តី​ស្នេហា​រវាង​យុវជន​ដ៏​បរិសុទ្ធ​ទាំង​ពីរ​នោះ ហើយ​ចាត់​ទុក​បញ្ហា​ទ្រព្យ​​សម្បត្តិ​ផ្នែក​សម្ភារៈ​ថា​ជា​បញ្ហា​សំខាន់​ជាង ។

ប៊ុន ធឿន​ដែល​ជា​សិស្ស​វិទ្យា​ល័យ​ ស៊ីសុវត្ថិ មាន​ចិត្ត​ប្រតិព័ត្តិ​ទៅ​លើ​នាង​វិធាវី​ដែល​ធ្លាប់​រាប់​អាន​គ្នា​តាំង​ពីរ​កុមារ​ភាព​មក​សង្ឃឹម​ថា​ថ្ងៃ​ណា​មួយ​និង​បាន​រួម​រស់​ជា​មួយ​គ្នា​ជា​ប្តី​ប្រពន្ធ ។ ប៉ុន្តែ​ជា​អកុសល​ឪពុក​របស់​ ប៊ុន ធឿន រក​ស៊ី​ខាត​ព្រោះ​លិច​កប៉ាល​ដឹក​ស្រូវ​មួយ​នៅ​ទន្លេសាប ហើយ​ក៏​ធ្លាក់​ខ្លួន​ក្រ​ជា​ហេតុ​ធ្វើ​ឱ្យ​ការ​សិក្សា​បំពេញ​វិជ្ជា​របស់​ ប៊ុន ធឿន អាច​ជួប​នឹង​ឧបសគ្គ ។ ដោយ​ដឹង​រឿង​នេះ​យាយ​នួន ម្តាយ​របស់​នាង​វិធាវី រក​គ្រប់​កលល្បិច​ដើម្បី​ផ្សំ​ផ្គុំ​កូន​ស្រី​ជាមួយ​ ណៃ ស៊ត​វិញ ។ ណៃ​ ស៊ត ដែល​ជា​កូន​របស់​ជិក ណៃ សៀន​ជា​ឈ្មួញ​កាណូត​មួយ​ដែល​កំពុង​រក​ស៊ី​មាន​បាន ។

បន្ទាប់​ពី​យាយ​នួន​នាំ​នាង​វិធាវីនិង​ណៃ​ ស៊ត​ទៅ​ដើរ​លេង​នៅ​អង្គរ ហើយ​ត្រូវ​ដើរ​ក្រោម​ទឹក​ភ្លៀង​ទទឹក​ជោក​ខ្លួន​ញ័រ​ចម្រក​ នៅ​ពេល​ត្រឡប់​មក​វិញ​នាង​វិធាវី​ក៏​ធ្លាក់​ឈឺ​តែ​ម្តង ។ នាង​បាន​សរសេរ​សំបុត្រ​ទៅ​ប្រាប់​ប៊ុន ធឿន​អំពី​គោល​បំណង​របស់​ម្តាយ​នាង ប៊ុន ធឿន​បាន​សុំ​ឱ្យ​នាង​សម្រប់​ទៅ​តាម​ម្តាយ​ចុះ​ព្រោះ​ខ្លួន​គេ​មិន​ប្រាកដ​ថា​និង​រក​សុភមង្គល​ឱ្យ​នាង​បាន ។ ដោយ​តូច​ចិត្ត​នឹង​វាសនា​ដ៏​អភ័ព្ធ​របស់​នាង​ពេក​គឺ​ត្រូវ​បោះ​បង់​គូរ​ស្នេហ៍​ដើម្បី​តម្រូវ​ចិត្ត​ម្តាយ​នាង​វិធាវី​ក៏​ឈឺ​ធ្ងន់​ហើយ​ចាក​ឋាន​បាត់​ទៅ ។ ប៉ុន្តែ​បាន​ទុក​កូន​សំបុត្រ​មួយ​ផ្តាំ​ផ្ញើ​ប៊ុន ធឿន​ឱ្យ​ខិត​ខំ​រៀន​សូត្រ​បន្ត​ទៀត ហើយ​រក​នារី​ម្នាក់​ទៀត​ធ្វើ​ជា​ប្រពន្ធ ។

ដូច​ដំណើរ​រឿង​បាន​បញ្ជាក់​ដូច្នេះ​ដែរ​ រឿង​ផ្កា​ស្រពោន​មិន​ត្រឹម​តែ​ជា​រឿង​ស្នេហា​មួយ​ដ៏​កម្សត់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ការ​ឆ្លុះ​បញ្ចាំង​នូវ​សង្គម​ខ្មែរ​កាល​ជំនាន់​នោះ​ដែរ​យាយ​នួន​ជា​ម្តាយ​ម្នាក់​ដែល​ជឿ​ថា​មាន​តែ​ទ្រព្យ​សម្បត្តិ​ ភាព​ថ្កុំ​ថ្កើងនៅ​ក្នុង​សង្គម​ប៉ុណ្នោះ​ដែល​អាច​ផ្តល់​សុភមង្គល​ទៅ​ឱ្យ​កូន​ស្រី​របស់​គាត់ ។ ប៊ុន​ ធឿន​ក៏​មិន​ប្រឆាំង​និង​លោក​ទស្សនៈ​នេះ​ដែរ ព្រោះ​អនាគត់​របស់​គេ​គ្មាន​ការ​ទៀង​ទៀត សេចក្តី​ស្នេហា​របស់​ប៊ុន ធឿន​ទៅ​លើ​នាង​វិធាវី​មាន​ទំហំ​ដ៏​ធំ​មហិមារ​គឺ​គេ​សុខ​ចិត្ត​លះ​បង់​ដើម្បី​ឱ្យ​គូរ​ស្នេហ៍​របស់​គេ​អាច​មាន​ជីវិត​មួយ​ដ៏​សមរម្យ ។ នេះ​ជា​សេចក្តី​ស្នេហា​មួយ​ដ៏​ពិត​ប្រាកដ​ ព្រោះ​ថា​កាល​ណា​គេ​ស្រឡាញ់​មនុស្ស​ម្នាក់​គឺ​គេ​គិត​រឿង​នេះ​ជា​ធំ ក៏​ប៉ុន្តែ​ទំនាស់​នៅ​ត្រង់​ថា​កាល​ណា​គ្មាន​សេចក្តី​សេ្នហា​ប្តី​ប្រពន្ធ​ដែល​រៀប​ការ​ដោយ​បង្ខំ ដោយ​តម្រូវ​ទៅ​តាម​សង្គម​ក៏​មិន​អាច​រួម​សុខ​ទុក្ខ​គ្នា​បាន​ល្អ​ដែរ ។

តើ​គេ​អាច​រស់​នៅ​ល្អូក​ល្អើន​ជា​មួយ​មនុស្ស​ម្នាក់​ដែល​អារម្មណ៍​ផ្តោត​ជា​មួយ​តែ​ទៅ​លើ​មនុស្ស​ម្នាក់​ផ្សេង​ទៀត​បាន​ទេ?
លោក​នូ ហាច ដែល​បាន​ទទួល​ឥទ្ធិ​ពល​ច្រើន​របស់​រឿង​បារាំង​ ចាប់​អារម្មណ៍​ទៅ​លើ​រឿង​កម្សត់​របស់​មនុស្ស​សាមញ្ញ​គ្មាន​ទី​បង្អែក​ហើយ​ដែល​ជួប​នឹង​វាស​នា​អាក្រក់​នៅ​ឆ្នាំ ១៩៤៨ បន្ទាប់​ពី​ជាប់​សញ្ញា​ប័ត្រ​មធ្យម​សិក្សា​ហើយ​ បន្ទាប់​ពី​បាន​ប្រកប​មុខ​របរ​ជា​ចៅ​ក្រម លោក​នូ ហាច​បំពេញ​ការ​ងារ​ជា​លេខា​ផ្ទាល់​របស់​ព្រះ​អង្គ​ម្ចាស់​ ស៊ី សុវត្ថិ​យុតិវង្ស ដែល​ជា​អ្នក​ដឹក​នាំ​ដ៏​សំខាន់​ម្នាក់​របស់​គណបក្ស​ប្រជា​ធិបតេយ្យ​នៅ​ពេល​នោះ ។ គេ​អាច​សន្និ​ដ្ឋាន​បាន​ថានៅ​ក្នុង​រឿង​ផ្កា​ស្រពោន​នេះ លោក​នូ ហាច អាច​ទទួល​បាន​ឥទ្ធិពល​ច្រើន​ពី​ប្រលោម​លោក​របស់​ប្រទេស​បារាំង​មួយ​ដែល​មាន​ចំណង​ជើង​ជា​ភាសាខ្មែរ ដែល​ពុំបាន​ជួប​គ្នា​នៅ​ទី​បញ្ចប់ ។

ប៉ុន្តែ​នេះ​ក៏​ជា​គោល​បំណង​របស់​លោក​ផង​ដែរ ព្រោះ​លោក​ចង់​បង្ហាញ​ឱ្យ​ឃើញ​ថា​គេ​ពុំ​អាច​ប្រឆាំង​នឹង​សេចក្តី​ស្នេហា​បរិសុទ្ធ​បាន​ឡើយ ហើយ​បើ​នៅ​តែ​ជជេស​ចាត់​ទុកថា​ជា​រឿង​បន្ទាប់​បន្សំ​នោះ​គេ​អាច​នឹង​ទទួល​គ្រោះ​ថ្នាក់ និង​សោកនាដ​កម្ម​មួយ​ដ៏​ធំ​ជា​ពុំ​ខាន ។ សង្គម​ខ្មែរ​នៅ​ពេល​នោះ​កំពុង​តែ​វិវឌ្ឍន៍​ទៅ​រក​លោក​ទស្សនៈ​សម័យ​ទំនើប​ គឺ​បំរាស់​ខ្លួន​ចេញ​ពី​ការ​គ្រប់​គ្រោង​និង​ ទំនៀម​ទម្លាប់​សក្តិភូមិ ។ យាយ​នួន ក៏​មិន​មែន​មាន​ទស្សនៈ​បុរាណ​ប៉ុន្មាន​ដែរ​គឺ​គាត់​ជឿ​ទៅ​លើ​ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច​តាម​បែប​បទ​មូលធន​និយម ដូចនេះ​គាត់​ក៏​សម្រប​ខ្លួន​ទៅ​តាម​ស្ថាន​ភាព​សង្គម ប៉ុន្តែ​យាយ​នួន​ក៏​ជា​មនុស្ស​ដែល​គ្មាន​ចំនូល​អារម្មណ៍​យល់​ដឹង​រាក់​ជ្រៅ​ដែរ ។ រី​ឯ​ប៊ុន ធឿន​វិញ​គេ​មាន​ទស្សនៈ​មនុស្ស​ធម៌​និយម​ជាង គឺ​ផ្តល់​តម្លៃ​ទៅ​ឱ្យ​មនុស្ស​ច្រើន​ជាង​ជា​អធិភាព​តែ​ម្តង ។

នៅ​ក្នុង​ន័យ​នេះ​គេ​អាច​និយាយ​បាន​ថា​លោក​នូ ហាច​ជា​អ្នក​និពន្ធ​ម្នាក់​ដែល​យល់​អំពី​បដិវេទ​កម្ម​នៃ​អភិ​ក្រម​រីកចម្រើន​នេះ​តាំង​ពី​ពេល​នោះ​មក​អី​ណោះ ក៏​ប៉ុន្តែ​លោក​នូ ហាច​ក៏បាន​លើក​ឡើង​អំពី​ស្មារតី​ស្នេហា​ជាតិ​ដែរ ព្រោះ​តាំង​ពី​ឆ្នាំ​ ១៩៣៩ មក​ទល់​ឆ្នាំ ១៩៤៦ ខេត្ត​បាត់​ដំបង​ដែល​ជា​ស្រុក​កំណើត​របស់​លោក​ឋិត​នៅ​ក្រោម​មហិច្ឆិតា​របស់​ប្រទេស​សៀម ។ ក្រោម​រូប​ភាព​នៃ​រឿង​ស្នេហា​មួយ​ដ៏​កម្សត់​រឿង​ផ្កា​ស្រពោន​ជា​កញ្ចក់​ឆ្លុះ​បញ្ជាំង​សង្គម​ខ្មែរនៅ​ពេល​ដែលលោក​ទស្សនៈ​កំពុង​ប្រែប្រួល​ឆ្ពោះ​ទៅ​រក​វឌ្ឍនៈ​ភាព គឺ​ជា​ប្រលោម​លោក​មួយ​ដែរ​លាត​ត្រដាង​យាង​ប្រចាក់​នូវ​បដិវេទ​កម្ម​មួយ​ដ៏​ចម្បង​រវាង​ក្រិត​ក្រម​រីក​ចម្រើន​ពីរ​គឺ​ការ​រីក​ចម្រើន​ដ៏​ឥត​អាសូរ​នៃ​សេដ្ឋកិច្ច​ និង​គំនិត​មនុស្ស​ធម៌​និយម​ចំពោះ​អ្នក​ទន់​ខ្សោយ​ដែល​មាន​សិទិ្ធ​រស់​នៅ​ដូច​គេ​ឯង​ដែរ ៕

ប្រភពៈ ទស្សនៈ​ចំពោះ​រឿង ​ផ្កា​ស្រពោន

No comments:

Post a Comment