នៅចន្លោះឆ្នាំ ១៩៥២ ១៩៥៦ ស្នាដៃអក្សរសិល្ប៍ខ្មែរបានផុសឡើងព្រោងព្រៀតប្រលោមលោកខ្មែរត្រូវបានគេនិយមច្រើនទៅៗតាំងពីពេលនោះមកដែរ គឺនៅសម័យនោះហើយដែលលោក សាង សាវាត បាននិពន្ធរឿងមហាចោរនៅទល់ដែន បោះពុម្ពផ្សាយជាលើកដំបូងបង្អស់នៅក្នុងឆ្នាំ ១៩៥៥។ រឿងមហាចោរនៅទល់ដែននេះលើកឡើងអំពីវីរៈភាពរបស់មេទ័ពម្នាក់ឈ្មោះ មានន្ទ កាលពីឆ្នាំ ១៨៦៥ គឺជំនាន់សៀមប៉ុនប៉ងយកទឹកដីខ្មែរ មានន្ទ ជាកូនអ្នកគ្រប់គ្រងខេត្តសិរីសោភ័ណម្នាក់ដែលគេឲ្យឈ្មោះថា ព្រះកំពុត ព្រះកំពុត ដែលចូលដៃជានឹងសៀមហើយដែលកាន់អំណាចផ្តាច់ការនៅក្នុងខេត្តនោះ។ មានន្ទ ចាប់ចិត្តស្នេហាទៅលើនាង ទេវី ដែលជាកូនស្រីរបស់អ្នកស្នេហាជាតិម្នាក់ឈ្មោះ វិសេសក្លាហាន ពោលគឺសត្រូវរបស់ព្រះកំពុត ។ នៅក្នុងរាត្រីមួយបន្ទាប់ពីបានដឹងថាទេវីជាកូនស្រីបានលបលួចទៅជួបមានន្ទ វិសេស ក្លាហាន បានចាប់បង្ខំឲ្យគូរស្នេហ៍ទាំងពីររៀបការទាំងកណ្តាលរាត្រី រៀបការកូនស្រីរួចហើយវិសេសក្លាហានក៏ដាច់ខ្យល់ស្លាប់បាត់ទៅ។ មានន្ទមានប្អូនប្រុសម្នាក់ឈ្មោះកាមាដែលពូកែខាងសិល្ប៍សាស្រ្តដូចគ្នាប៉ុន្តែដែលមានចិត្តឃោរឃៅ កាមាក៏ចាប់ចិត្តប្រតិព័ត្តទៅលើរូបនាងទេវីដែរ ពេលមានន្ទចេញទៅធ្វើប្រតិបត្តិការណ៍សឹក កាមាបានទៅចែចង់នាងទេវីប៉ុន្តែពុំបានសម្រេច ទោះបីនាងទេវីមានគត៌ពោរពោះទៅហើយក្តី ក៏កាមានៅតែមកសាកល្បងបណ្តាចចំណងស្នេហារវាងនាងទេវីនឹងមានន្ទជារឿយៗដែរ។
មានន្ទចេញទៅច្បាំងរាប់ខែមិនឃើញវិលមកវិញសោះ
នាងទេវីរងចាំដោយក្តីអស់សង្ឃឹមប៉ុន្តែនៅតែរក្សាការស្មោះត្រង់ជានិច្ចចំពោះមានន្ទ
នាងសម្រាលកូនស្រីមួយនៅក្នុងភាពឯកឯងនៅក្នុងភាពកំសត់ពន់ពេកក្រៃ
នាងឲ្យឈ្មោះកូននោះថា បុទុម។
ថ្ងៃមួយនាងបានដឹងថាមានន្ទជាប្តីបានត្រឡប់មកវិញ
នៅពេលនោះកាមាបានចាប់បុទុមធ្វើជាថ្នូរហើយបង្ខំឲ្យនាងមិននិយាយរកមានន្ទអ្វីទាំងអស់
បើពុំធ្វើតាមទេកាមានឹងសម្លាប់កូននាងចោល។
នាងទេវីគ្មានជម្រើសអ្វីទៀតក្រៅពីធ្វើតាមកាមាទេ
បន្ទាប់ពីឆាកល្ខោនដ៏គួរឲ្យសង្វេគនេះ
មានន្ទខឹងនឹងប្រពន្ធយ៉ាងខ្លាំងហើយក៏រត់ចេញពីផ្ទះបាត់ទៅ។ កាមាស្វែងជួបនឹងមានន្ទជាបងហើយអ្នកទាំងពីរក៏ប្រយុទ្ធគ្នាស្លាប់រស់
នៅទីបំផុតកាមាត្រូវរបួសជាទម្ងន់
កាលបើបានស្តាប់ពាក្យញុះញង់ថាមានន្ទចង់សម្លាប់កាមាជាប្អូន
ព្រះកំពុតក៏ឲ្យគេដេញរកចាប់មានន្ទ
ទោះបីមានន្ទមានប្រជានុរាស្រ្តនិងមិត្តភ័ក្តិស្រឡាញ់រាប់អានច្រើនយ៉ាងណាក្តី
ក៏នៅទីបំផុតត្រូវនិលពេជ្រមេទ័ពម្នាក់របស់ពួកព្រះកំពុតចាប់បានហើយយកទៅដាក់គុកឲ្យធ្វើការជាទម្ងន់យ៉ាងវេទនាទាំងផ្លូវកាយទាំងផ្លូវចិត្ត
សូម្បីតែនាងខត្ដិយានីយ៍
កូនស្រីព្រះចៅនៃទីក្រុងអយុធ្យាដែលធ្លាប់ស្រឡាញ់រាប់អានតាំងពីតូចក្រូចឆ្មាមកក៏ជួយមិនបានដែរ
ព្រោះនាងទាមទារឲ្យមានន្ទស្រឡាញ់នាងផងហើយបម្រើផលប្រយោជន៍សៀមផង
នៅទីបំផុតអ្នកដែលគាំទ្របុព្វហេតុស្នេហាជាតិខ្មែរបានរំដោះមានន្ទចេញពីគុកបានហើយមានន្ទថែមទាំងចាប់យកនាងខត្ដិយានីយ៍ធ្វើជាថ្នូរថែមទៀត
មានន្ទបានបង្កទ័ពវាយរំលំព្រះកំពុតជាឪពុក។
បន្ទាប់ពីបានជួបការលំបាក់លំបិនជាច្រើន
ជាពិសេសការក្បត់របស់នាយបំរុងដែលចាញ់ការបោកបញ្ឆោតលួងលោមរបស់នាងខត្ដិយានីយ៍។
អ្នកតស៊ូរំដោះជាតិក្រោមការដឹកនាំរបស់មានន្ទនឹងមិត្តរបស់មានន្ទដ៏ចំណាប់ៗមួយចំនួនដូចជា
វីរ នាយកោប អារុណ មហាកាល ស្រទុំ ស្បៃវែង ជាដើម
ក៏បានយកឈ្នះទៅលើពួកព្រះកំពុតនឹងកាមាហើយរំដោះអាណាខែត្រខេត្តសិរីសោភ័ណបានដោយសុវត្ថិភាព។
មហាចោរនៅទល់ដែននេះជារឿងរបស់អ្នកស្នេហាជាតិដ៏ក្លាហានមួយក្រុមដែលបានពលីគ្រប់បែបយ៉ាង
គឺពលីទាំងស្នេហាទាំងគ្រួសារដើម្បីបុព្វហេតុរបស់ជាតិខ្មែរ
កិច្ចការដ៏ធំនេះបានសម្រេចក៏ដោយសារតែស្មារតីស្នេហាជាតិរបស់គ្រួសារខ្មែរមួយចំនួនដែរដូចជាឧត្តមនឹងនាងយីហុបជាប្រពន្ធ
ឧដុងនឹងនាងមាលាជាកូនស្រីជាដើម ។
អ្វីដែលអ្នកនិពន្ធចង់ប្រាប់យើងគឺជ័យជំនះរបស់ឧត្តមគតិទៅលើសេចក្តីស្នេហា
ទោះជាស្នេហានោះមានទំហំធំប៉ុណ្ណាក៏ដោយ
ហើយក៏ជាជ័យជំនះទៅលើរាល់ការស្រើបស្រាលគ្រប់បែបយ៉ាងជាពិសេសជ័យជំនះទៅលើសេចក្តីក្លាហាននៃការប្តេជ្ញាចិត្តនៃការស្មោះត្រង់ទៅលើកម្លាំងមួយដ៏ខ្លាំងមហិមារតែពោរពេញទៅដោយអំពើឃោរឃៅអំពើអយុត្តិធម៌។
អ្នកនិពន្ធមានទឹកដៃប៉ិនប្រសព្វក្នុងការបង្ហាញរឿងនិងក្នុងការប្រើភាសាខ្មែរ
។
រឿងមហាចោរនៅទល់ដែននេះជាប្រលោមលោកដែលលើកតម្កើងវីរៈភាពក៏ពិតមែនប៉ុន្តែមិនមែនជាវីរៈសម្រាប់បម្រើអ្នកមានអំណាចជិះជាន់គេឯងអ្វីទេ
តែគឺជាវីរៈភាពដែលបម្រើនិងកាពារអ្នកទន់ខ្សោយ
អ្នកគ្មានបង្អែកក្នុងជីវិត
ជាពិសេសកាពារប្រជាជាតិដែលស្ថិតនៅក្រោមការគំរាមកំហែងមួយប្រកបទៅដោយគ្រោះថ្នាក់
៕
No comments:
Post a Comment