កម្ពុជាសម័យអង្គរ
កម្ពុជានាចុងសតវត្សទី៨
ត្រូវស្ថិតនៅក្រោមអាណានិគមប្រទេសជ្វាស្ទាវា យ៉ាងតិចណាល់ក៏ជាង ១០ឆ្នាំដែរ។
ចំពោះការរស់នៅ ការគ្រប់គ្រង និងទិដ្ឋភាពក្នុងនគរ
យើងពុំមានឯកសារអ្វីជាសំអាង សំរាប់សិក្សាឡើយ។ តែយើងអាចដឹងបានថា
ថ្ងៃក្រោយមានក្សត្រខ្មែរមួយអង្គ ព្រះនាមជ័យវរ្ម័ន បានរៀបចំការតស៊ូ
ប្រមូលអ្នកស្នេហាជាតិ កទ័ពចេញមកប្រយុទ្ធ រើបំរះរំដោះកម្ពុជាពីអាណានិគមជ្វា។
ព្រះបាទជ័យវរ្ម័ន ជាព្រះមហាក្សត្រខ្មែរមួយដ៏ចំណាន
ខ្លាំងពូកែក្នុងប្រវត្ដិសាស្រ្ដខ្មែរ ដែលបានកសាងសម័យមហានគរ
ហើយដែលបានជំរុញធ្វើអោយកម្ពុជា មានអានុភាពរៀងរហូតមក។
I.
ព្រះបាទជ័យវរ្ម័នទី២ (៨០២ -
៨៥៤)
គេអាចស្គាល់ប្រវត្ដិសាស្រ្ដរបស់ព្រះបាទជ័យវរ្ម័នទី២
ដោយសារសិលាចារឹក ស្ដុកកក់ធំ ដែលអ្នកប្រវត្ដិវិទូខ្មែរបានសរសេរចារឆ្លាក់លើថ្ម
២០០ក្រោយរជ្ជកាលព្រះអង្គ។ ក្នុងរាជព្រះអង្គ គេពុំឃើញមានសិលាចារឹកណាមួយដែលបានសរសេរចារទុក
បញ្ជាក់ប្រាប់អំពីការតស៊ូ ព្យាយាមបង្រួបបង្រួមសាមគ្គីជាតិ
វាយកំចាត់ខ្មាំង និងកសាងមាតុភូមិឡើយ។
II.
ការតស៊ូរំដោះជាតិ
ព្រះបាទជ័យវរ្ម័នទី២
ត្រូវជាចៅមីងព្រះបាទបុស្សករ័ក្ស បើគិតតាមខ្សែខាងម្ដាយ។ ក្នុងពេលកើតព្រឹត្ដិការណ៍
ពួកជ្វាចោរសមុទ្រចូលមកលួចប្លន់ ដុតផ្ទះសំបែង ទីក្រុងសម្ភុបុរៈ
ព្រះអង្គព្រមទាំងព្រះញាតិវង្ស ត្រូវពួកខ្មាំងចាប់យកជាឈ្លើយ នាំយកទៅកោះស្ទាវា។
កាលនោះព្រះអង្គនៅជាកុមារនៅឡើយ។ នៅប្រទេសជ្វា
ព្រះអង្គខំប្រឹងរៀនសូត្រគ្រប់មុខវិជ្ជា ទាំងក្នុងសាសនា ទាំងក្នុងរបៀបរៀបចំនគរ
ដែលជាមូលដ្ឋានបានជំរុញធ្វើអោយប្រទេសជ្វាក្លាយទៅជាមហាអំណាចមួយក្នុងភូមិភាគអាស៊ីអគ្នេយ៍។
ថ្ងៃមួយក្នុងគ.ស.៨០០
ព្រះបាទជ័យវរ្ម័នទី២ ដោយមានពលសេនាអាមាត្យជាទីទុកចិត្ដ ជូនដំណើរផង
ក៏លបលួចធ្វើដំណើរត្រលប់មកស្រុកខ្មែរវិញ។
ព្រះអង្គបានតាំងទីមូលដ្ឋាននៅខេត្ដក្រចេះ ក្នុងតំបន់ចន្លោះអតីតព្រះរាជធានី
សម្ភុបុរៈ នឹងស្រុកត្បូងឃ្មុំ។ កន្លែងនោះមានឈ្មោះថា ឥន្រ្ទបុរៈ
ដែលគេចាត់ទុកជារាជធានីមួយ ក្នុងរជ្ជកាលព្រះអង្គ។
ព្រះអង្គបានពន្យល់បញ្ចុះបញ្ចូលដឹកនាំព្រះញាតិវង្ស នាម៉ឺនមន្រ្ដីមេទ័ព
និងស្ដេចដែលធ្លាប់ចំនុះនគរចេនឡាទឹកលិច
អោយសុខចិត្ដសុខកាយយល់ព្រមរួបរួមកំលាំង វាយកំចាត់ពួកសត្រូវចោរជ្វា។
ក្នុងការតស៊ូរំដោះជាតិពីនឹមប្រទេសជ្វា
ព្រះជ័យវរ្ម័នទី២ មានសហការីពូកែចំណានចំណាប់មានវិជ្ជា
និងសមត្ថភាពយ៉ាងខ្ពស់ជ្រៅជ្រះ ជាច្រើនជាជំនួយ។
មេទ័ពដ៏ល្បីល្បាញជាងគេឈ្មោះ ព្រិទ្ធិឥន្រ្ទវរ្ម័ន ដែលបានរំដោះបង្ក្រាប
និងរៀបចំតំបន់ដែលស្ថិតនៅខាងត្បូងខេត្ដបាត់ដំបង អោយមានសន្ដិសុខ។
ស្នាដៃនេះ ជាកត្ដាមួយយ៉ាងសំខាន់ ដែលអនុញ្ញាតផ្ដល់ដល់ព្រះមហាក្សត្រខ្មែរ
នូវលទ្ធភាពកសាងព្រះរាជធានី ក្នុងតំបន់បឹងទន្លេសាប ដែលជាជង្រុកស្រូវ
និងត្រីសាច់ ហើយលើផ្នែកយុទ្ធសាស្រ្ដវិញ ទីក្រុងកម្ពុជា ក៏ស្ថិតនៅឆ្ងាយពីច្រកចូលរបស់កងទ័ពជ្វា
និងចាម ដែលតែងឡើងមកតាមដងទន្លេដែរ។ ដូច្នេះហើយ បានជាព្រះបាទជ័យវរ្ម័នទី២
បោះបង់ភូមិភាគទន្លេមេគង្គខាងត្បូង
មកតាំងទីរាជធានីនៅខាងជើងបឹងទន្លេសាប។
អ្នកប្រាជ្ញម្នាក់ទៀត
ដែលល្បីល្បាញជាងគេ ខាងចំនេះចេះដឹង មានវិជ្ជាខ្ពង់ខ្ពស់ មានប្រាជ្ញាឈ្លាសវៃឈ្មោះ
សិវកឥវលិយៈ។ ក្នុងគ្រប់កាលៈទេសៈ
ព្រះអង្គតែងតែនាំអ្នកប្រាជ្ញកំពូលនេះទៅជាមួយជានិច្ច
ដើម្បីទុកជាទីប្រឹក្សាជាន់ខ្ពស់
សំរាប់ផ្ដោះប្ដូរសាកសួរយោបល់គ្រប់បញ្ហាដែលទាក់ទងនឹងអាយុជីវិតរបស់ប្រទេសជាតិ។
ប្រវត្ដិតស៊ូរបស់ព្រះបាទជ័យវរ្ម័នទី២
និងប្រជាពលរដ្ឋខ្មែរជំនាន់នោះ គេពុំបានដឹងអ្វីជាពិតប្រាកដទេ។
តែយើងអាចប៉ាន់ស្មានបានថា ការតស៊ូរំដោះជាតិក្នុងគ្រានោះ
មានភាពខ្លាំងក្លាធ្ងន់ពិបាកណាស់ ជាពិសេសនៅចំពោះមុខខ្មាំងជ្វា
ដែលកំពុងមានកំលាំង។ ប្រហែលជាមកអំពីបញ្ហាស្ថិរភាព សន្ដិសុខ
និងបុព្វហេតុដូច្នេះហើយ ទើប បានជាព្រះមហាក្សត្រខ្មែរ
បានលើកបានរើទីក្រុងជាច្រើនដំណាក់។ ព្រះរាជធានីទាំងនេះមាន កុឌិ
ដែលស្ថិតនៅក្នុងរង្វង់តំបន់ប្រាសាទបន្ទាយក្ដី ផ្នែកខាងជើងក្នុងខេត្ដសៀមរាប
អមរិន្រ្ទបុរៈ ដែលអ្នកប្រវត្ដិវិទូប៉ាន់ស្មានថា
នៅក្នុងតំបន់បន្ទាយឆ្មារ ក្នុងខេត្ដបាត់ដំបង ហរិហរាល័យ
ដែលស្ថិតនៅតំបន់រលួស ក្នុងខេត្ដសៀមរាប និងមហិន្រ្ទបរពត ដែលជាភ្នំគូលែន
ស្ថិតក្នុងខេត្ដសៀមរាបដដែល។
ក. ភ្នំគូលែន មហិន្រ្ទបព៌ត
ភ្នំគូលែន ឬ មហិន្រ្ទបព៌ត
ជាឈ្មោះដែលប្រសិទ្ធិនាមដោយព្រះបាទជ័យវរ្ម័នទី២
នៅពេលដែលព្រះអង្គឡើងទៅលើភ្នំគូលែន
និងបន្ទាប់ពីព្រះអង្គធ្វើការបង្រួបបង្រួម
និងស្ដារប្រទេសជាតិអោយមានឯកភាពឡើងវិញនៅសតវត្សទី៩។
មហិន្រ្ដបព៌តជារាជធានីមួយក្នុងចំនោមរាជាធានីជាច្រើន
ដែលបានកសាងដោយព្រះអង្គ ដូចជាវេយ្យាធបុរៈ ជិតបាភ្នំ ឥន្រ្ទបុរៈ នៅបន្ទាយព្រៃនគរស្រុកត្បូងឃ្មុំ
សម្ភុបរៈ ខេត្ដក្រចេះ អនិន្ទិតបុរៈ នៅក្បែរស្រះស្រង់ ហរិហរាល័យទី១
អមរេន្រ្ទ បុរៈនៅបាត់តំបង។ នៅលើកំពូលភ្នំគូលែន
ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ ព្រះអង្គបានកសាងប្រសាទជាច្រើន
ដែលជាបូជនីយដ្ឋាន សំរាប់គោរពបូជា។
III.
ការប្រកាសឯករាជភាពកម្ពុជា
គឺនៅលើភ្នំគូលែន
ឬព្រះរាជធានីមហិន្រ្ទបរពត ក្នុងគ.ស ៨០២ ដែលព្រះមហាក្សត្រខ្មែរព្រះបាទជ័យវរ្ម័នទី២
បានប្រកាសឯករាជ្យភាពកម្ពុជា ចេញពីក្រញាំអាណានិគមស្ដេចជ្វាស្ទាវា។
ប្រវត្ដិរំដោះ និង ប្រកាសឯករាជភាពកម្ពុជា ត្រូវបានបុព្វបុរសខ្មែរសរសេរឆ្លាក់ចារលើផ្ទាំងសិលា
ក្នុងគ.ស ១០៥២ ដែលគេដាក់ឈ្មោះថា សិលាចារឹកស្ដុកកក់ធំ។
សិលាចារឹកនេះគេបានរកឃើញនៅក្នុងប្រាសាទស្ដុកកក់ធំ
ដែលស្ថិតនៅខាងជើងឆៀងខាងលិច ចំងាយប្រមាណ២៥ គីឡូម៉ែត្រពីទីប្រជុំជន
ស៊ីសុផុន ខេត្ដបាត់ដំបង (សព្វថ្ងៃបន្ទាយមានជ័យ)។ បច្ចុប្បន្នសិលាចារឹកស្ដុកកក់ធំ
ត្រូវគេយកទៅតំកល់ទុកនៅសារមន្ទីរសៀមបាងកក។ តាមរយៈសិលាចារឹកស្ដុកកក់ធំ
យើងអាចឃើញស្គាល់យល់ និង ដឹងអំពីប្រវត្ដិសាស្រ្ដ វប្បធម៌
អរិយធម៌ខ្មែរមួយផ្នែកធំ ក្នុងសម័យអង្គរ។
ដើម្បីអោយឯករាជភាពកម្ពុជា
មានឥទ្ធិពលជ្រួតជ្រាបគ្រប់ទិសទី ទាំងក្នុងគ្រប់ស្រទាប់ជាន់ថ្នាក់ប្រជាជន
ទាំងទៅលើប្រទេសជិតឆ្ងាយ ព្រះបាទជ័យវរ្ម័ន
បានរៀបចំបង្កើតធ្វើអោយមានពីធីបុណ្យសាសនា យ៉ាងឧត្តុង្គឧត្ដមធំឧឡារឹក
នៅភ្នំគូលែន។ ព្រះអង្គបាននិមន្ដព្រាហ្មណ៍មួយអង្គព្រះនាម
ហិរនិយធម្មគង់នៅអាស្រមជនបទ ហើយដែលចេះគ្រប់មុខវិជ្ជាសីលសាស្រ្ដ មន្ដអាគមគាថា
អោយមកចំរើនរៀបចំពិធីបុណ្យគោរពបូជាព្រហ្មញ្ញសាសនា
ទៅតាមតំរាក្បួនទ្រឹស្ដីទេវរាជ។
ព្រាហ្មណ៍ ព្រះគ្រូហិរនិយធម្ម
បានបង្ហាត់បង្រៀនសាស្រ្ដទាំងបួនក្នុងគម្ពីរព្រះឥសូរ ដល់ព្រាហ្មណ៍ សិវកឥវលិយៈ
ទីប្រឹក្សាជំនិតព្រះមហាក្សត្រ ដើម្បីអោយចេះចងចាំ
ក្បួនវិធីរៀបចំធ្វើសក្ការបូជាគោរពទេវរាជ។ ធម៌ទាំងនេះ
ពួកព្រាហ្មណ៍ត្រូវរៀនសូត្រស្វាធ្យាយ និងត្រូវរៀបចំធ្វើពិធីផ្សេងៗ
ដើម្បីកំចាត់សត្រូវ ដើម្បីប្រកាសតាំងខ្លួនជាអ្នកជា មានឯករាជភាព មានឥស្សរភាព និង
បួងសួងសុំអោយមាននូវសេចក្ដីចំរុងចំរើនសំបូរសប្បាយ ដល់ប្រជាជាតិ។
គឺអាចជាទ្រឹស្ដី ជាក្បួនតំរាគម្ពីរសំរាប់រៀបចំកសាងនគរ អោយមានឯកភាព
ខ្លាំងពូកែល្អ។ ជា គុណបំណាច់ដល់ព្រាហ្មណ៍ សិវកឥវលិយៈ
ព្រះមហាក្សត្របានសច្ចាប្រគល់សិទ្ធិផ្ដាច់មុខដល់គ្រួសារព្រាហ្មណ៍ តពូជពីជំនាន់មួយទៅជំនាន់មួយ
ជាលំដាប់លំដោយ តាមត្រកូលខាងម្ដាយ អោយមានឋានៈជាអ្នកទទួលបន្ទុក
រៀបចំពិធីបូជាទេវរាជ តទៅអនាគត។
ដូច្នេះហើយបានជាយើងឃើញមានក្រុមព្រាហ្មណ៍បារគូបុរោហិត នៅ
ជិតជាប់ព្រះមហាក្សត្រ ដើម្បីជាសាក្ខីភាពនៃការគោរពប្រពៃណី។ តែក្រុមព្រាហ្មបុរោហិត
ដែលមានពូជពង្សចុះមកពីព្រាហ្មណ៍ សិវកឥវលិយៈ
ប្រហែលជាផុតពូជក្នុងសម័យស្ដេចត្រសក់ផ្អែម។ ពីព្រោះស្ដេចអង្គនេះ
គ្មានបញ្ចក្សត្រ គ្មានព្រះខ័នរាជ គ្មានអ្វីសំគាល់ជាស្ដេចពេញគ្រប់លក្ខណៈ
តាមច្បាប់ក្រិត្យក្រមវិន័យខ្មែរឡើយ ( ពូជពង្សវង្សត្រកូល ព្រាហ្មណ៍
សិវកឥវលិយៈ ប្រហែលជាត្រូវផុតរលត់អស់លែងមាន
ក្នុងសម័យព្រឹត្ដិការណ៍តាត្រសក់ផ្អែមដណ្ដើមរាជ្យ ដែលបានកាប់សំលាប់បំផ្លាញអ្វីជាព្រហ្មញ្ញសាសនា។
ដូច្នេះហើយ ទើបស្ដេចត្រសក់ផ្អែម បញ្ជាអោយបង្កើតព្រាហ្មបុរោហិត និង
បញ្ជក្សត្រសំរាប់តំណាងរាជបល្ល័ង្គ។) ឯពិធីធ្វើសក្ការបូជាទេវរាជ
ត្រូវបានព្រះមហាក្សត្រខ្មែរជំនាន់ក្រោយ គោរពប្រតិបត្ដិ អនុវត្ដធ្វើតាមរហូតមក
ដល់សព្វថ្ងៃ។ មិនតែប៉ុណ្ណោះព្រាហ្មណ៍ សិវកឥវលិយៈ
បានទទួលឋានៈជាព្រះរាជគ្រូរបស់ព្រះមហាក្សត្រ។
ក្នុងការគោរពបូជាទេវរាជ
គេយកលិង្គមកធ្វើជាតំណាង។ លិង្គនេះ គេយកទៅតំកល់ទុកលើភ្នំមួយយ៉ាងខ្ពស់
ដែលជាតំណាងភ្នំព្រះសុមេរុ។ ឯភ្នំដែលតំណាងភ្នំព្រះសុមេរុ
គឺភ្នំគូលែន។ ដូច្នេះហើយបានជាព្រះបាទជ័យវរ្ម័នទី២ បានប្រារព្ធពិធីគោរពបូជាទេវរាជ
និងយកលិង្គទៅតំកល់នៅទីនោះ។ លិង្គជាតំណាងព្រះឥសូរ ជាតំណាងការកកើត។
ឯកក្នុងការគោរពទេវរាជ លិង្គជាតំណាងព្រះមហាក្សត្រ
ដែលមានភារកិច្ចការពារគ្របដណ្ដប់ប្រជាជាតិ ទាំងតាមផ្លូវចិត្ដ
ទាំងតាមផ្លូវកាយ លិង្គតំណាងទេវរាជ គេអាចលើកផ្លាស់ប្ដូរទីកន្លែងបាន
ទៅតាមកាលៈទេសៈ។ ដោយសារពិធីសក្ការបូជាទេវរាជ ព្រះបាទជ័យវរ្ម័នទី២
អាចប្រកាសតាំងខ្លួនជាស្ដេចអាទិទេព Dieu Roi មានតេជៈបារមីដូចទេវរាជ
មិនចាញ់ស្ដេចជ្វានៅកោះស្ទាវាឡើយ។ ដែលជាលក្ខណៈបញ្ជាក់អំពីឯករាជភាពពិត
ប្រាកដរបស់កម្ពុជា។
IV.
ទ្រឹស្ដីទេវរាជ
អ្នកប្រវត្ដិវិទូ
និងអ្នកសិក្សាស្រាវជ្រាវអំពីប្រវត្ដិសាស្រ្ដខ្មែរ តែងតែនាំគ្នានិយមមូលមតិជឿយល់ថា
ការគោរពបូជាទេវរាជ ជាការវិវត្ដន៍នៃព្រហ្មញ្ញសាសនា
ក្នុងសម័យព្រះបាទជ័យវរ្ម័នទី២ គេយល់ថា ដើម្បីអាងប្រកាសខ្លន ជាស្ដេចពេញសិទ្ធិ
ដើម្បីបញ្ចេញបង្ហាញឥទ្ធិពលមហិទ្ធិរិទ្ធិ
អោយប្រជានុរាស្រ្ដកោដខ្លាចគោរពទទួលស្គាល់ ដើម្បីបញ្ជាក់ភាពឯករាជរបស់កម្ពុជា
ព្រះបាទជ័យវរ្ម័នទី២ ត្រូវតែរៀបចំធ្វើពិធីសាសនា នៅភ្នំគូលែន។
គឺព្រះអង្គបានតាំងខ្លួនជាព្រះមហាក្សត្រផង ជាអាទិទេពផង។
ទ្រឹស្ដីនេះសមហេតុផល ត្រឹមត្រូវណាស់។
តែបើយើងយកទ្រឹស្ដីទេវរាជ ដោយសំអាងទៅលើ សិលាចារឹកស្ដុកកក់ធំ មកសិក្សារិះគិតពិចារណា
អោយបានវែងឆ្ងាយបន្ដិច ជំនឿ និង ការគោរពទេវរាជ មិនមែនកំរិតឈប់ចប់
ត្រឹមតែលើសាសនា និងលើរូបព្រះមហាក្សត្រប៉ុណ្ណោះនោះទេ
ថ្ងៃធ្វើពិធីបុណ្យសក្ការបូជាគោរពថ្វាយចំពោះ ព្រះទេវរាជនៅភ្នំគូលែន ក្នុងគ.ស
៨០២ អាចចាត់ទុកជាទិវាខ្មែរឯករាជ្យ
រំដោះចាកផុតពីអាណានិគមជ្វាកោះស្ទាវា
និងក៏ជាថ្ងៃដែលខ្មែរបានប្រកាសអនុវត្ដគោរព ទ្រឹស្ដីគោលការណ៍នយោបាយថ្មី
សំរាប់កសាងប្រទេសជាតិដែរ។
ទេវរាជជាឈ្មោះគម្ពីរក្បួនខ្នាតទ្រឹស្ដីនយោបាយខ្មែរ
សំរាប់រៀបចំគ្រប់គ្រងប្រទេសជាតិ
V.
ការបែងចែកអំណាច
សាសនា ដែលតំណាងទៅដោយព្រាហ្មណ៍
គ្រាន់តែជាមូលដ្ឋាន សំរាប់ប្រមូលផ្ដុំប្រជានុរាស្រ្ដ និង
ជាប្រភពសំរាប់បង្កើតបញ្ចេញច្បាប់ ទ្រឹស្ដីគោលគំនិតនយោបាយប៉ុណ្ណោះ។
ឯព្រះមហាក្សត្រ ដែលជាទេវរាជ ជាអ្នកយកច្បាប់
យកគោលគំនិតទ្រឹស្ដីនយោបាយទាំងនោះមកអនុវត្ដប្រតិបត្ដិ។
បើយើងយកមកនិយាយ និង ប្រើតាមភាសាទំនើបថ្មីបច្ចុប្បន្ន
ក្រុមព្រាហ្មណ៍បរោហិតដែលជាដំណាងដោយព្រាហ្មណ៍ សិវកឥវលិយៈ ជាអ្នកធ្វើច្បាប់
រឺជារដ្ឋសភា។ ចំណែកព្រះមហាក្សត្រវិញ ព្រះអង្គមិនធ្វើច្បាប់ទេ។
ព្រះអង្គជាអ្នកគោរព និងអនុវត្ដធ្វើតាម សេចក្ដីបញ្ញាតិរបស់ច្បាប់។
ព្រះមហាក្សត្រស្ថិតនៅក្រោមអំណាចច្បាប់។ ព្រះអង្គជាដំណាងអំណាចនិតិប្រតិបត្ដិ
ដូច្នេះក្នុងការរៀបចំគ្រប់គ្រងប្រទេសកម្ពុជា អ្នកដឹកនាំ
ឬអ្នកនយោបាយខ្មែរជំនាន់ព្រះបាទជ័យវរ្ម័នទី២ បានបែកចែកអំណាចជា២ និតិបញ្ញាតិ
និងនិតិប្រតិបត្ដិ របៀបបែងចែកអំណាចត្រូវបានព្រះមហាក្សត្រខ្មែរ
ធ្វើសច្ចាប្រនិធានថា គោរពអនុវត្ដធ្វើតាមរៀងរហូតទៅអនាគត នេះគឺជាមូលដ្ឋាន
និងជាគ្រិះនគរខ្មែរ។
VI.
ការរៀបចំស្ថានប័នជាតិ
ការបែងចែកអំណាច
នាំមកនូវការរៀបចំស្ថាប័ន។ ស្ថាប័ននេះមានទាក់ទងទៅនឹងការកំនត់មុខងារកិច្ចការរបស់ក្រុមព្រាហ្មណ៍បុរោហិត
និង ព្រះមហាក្សត្រ។ ក្រុមព្រាហ្មណ៍
មានភារកិច្ចក្នុងការគោរពរៀបចំធ្វើពិធីបុណ្យអោយបានត្រឹមត្រូវ ទៅតាមច្បាប់វិន័យ។
ព្រាហ្មណ៍ក៏ត្រូវត្រួតពិនិត្យត្រួតត្រាការអនុវត្ដិទាំងនោះដែរ។
ហើយករណីយកិច្ចដ៏ធំមួយទៀតរបស់ព្រាហ្មណ៍
គឺការអប់រំបង្ហាត់បង្រៀនព្រះរាជវង្សានុវង្ស និង
ផ្ដល់យោបល់គោលគំនិតល្អៗ ដល់ព្រះមហាក្សត្រ រួមសេចក្ដីមក ក្រុមព្រាហ្មណ៍
ជាអ្នកថែរក្សារការពារ ច្បាប់វិន័យក្រិតក្រមក្បួនខ្នាតគម្ពីររបស់ខ្មែរ។
ទិដ្ឋភាពត្រង់នេះ សិលាចារឹកស្ដុកកក់ធំបានបញ្ជាក់ច្បាស់ណាស់។
រីស្ថាប័នដែលជាប់ទៅនឹងព្រះមហាក្សត្រ ឬអំណាចនិតិប្រតិបត្ដិ
យើងឃើញមានការបង្កើតក្រុមនាម៉ឺនមន្រ្ដី ការរៀបចំសង្គម
ការបែងចែករៀបចំទឹកដីភូមិស្រុក និងការបែងចែកធនធាន។
VII.
ការស្ថាបនាជាតិ
ក្នុងទ្រឹស្ដីទេវរាជ
ក្នុងសិលាចារឹកស្ដុកកក់ធំ ពាក្យស្ថាបនា ជាពាក្យដែលសំខាន់ មានតំលៃ
និងអត្ថន័យធ្ងន់ធំទូលំទូលាយជាងគេ។ ពាក្យស្ថាបនាជាគន្លិះធំ
ក្នុងទិសដៅនយោបាយកសាងជាតិរបស់ខ្មែរ។ អ្នកដឹកនាំខ្មែរត្រូវស្ថាបនា
ធ្វើម្ដេចអោយប្រទេសជាតិចំរុងចំរើន អោយពលរដ្ឋមានបាន សំបូរសប្បាយ
ចាកផុតទុរគតក្រីក្រតោកយាក ព្រាត់ប្រាសក្រុមញាតិគ្រួសារ។
ការបែងចែកអំណាច
រៀបចំស្ថាប័នដាក់តាមគោលការណ៍នយោបាយថ្មី អោយសមស្របស៊ីសង្វាក់ ប្រទាក់ប្រទង
ប្រទាញគ្នាទៅវិញទៅមក ត្រូវធ្វើឡើងក្នុងគោលបំណងស្ថាបនាកសាងជាតិ។
ការកសាងសង់ទាំងនេះ មិនមែន អនុវត្ដ ដោយមិនបានគិតគូរល្អល្អិតល្អន់នោះទេ។
គេក៏មិនមែនធ្វើអោយឃើញ ចេញមានតែរូបរាង ទុកសំរាប់ បង្អួតអោយគេកោតសរសើរឡើយ។
ការស្ថាបនានេះ
ស្ថិតនៅលើការកាប់គាស់ឆ្ការព្រៃទឹកដីថ្មី អោយក្លាយទៅជាស្រែចំការ ជាស្រុកភូមិថ្មី
សំរាប់បង្កបង្កើតភោគផលសម្បត្ដិសង្គមជាតិ។ មុននឹងបានសំរេចជោគជ័យតាមការគ្រោងព្រះមហាក្សត្រ
និងអ្នកដឹកនាំខ្មែរ បានជួយឧបត្ថម្ភប្រជាពលរដ្ឋ
ដោយមានចែកទឹកចែកដីទ្រព្យធនធាន សត្វពាហនៈគោក្របី
ប្រដាប់ប្រដារឧបករណ៍កសិកម្ម និង ខ្ញុំកំដរទាសាទាសី។
សក្ខីភាពនេះអាចបង្ហាញព្រះមហាក្សត្រ និងអ្នកដឹកនាំជាតិខ្មែរ
យល់អំពីជំរៅសេដ្ឋកិច្ច ដែលផ្អែកទាំងស្រុងទៅលើកសិកម្ម។ ដូច្នេះកំលាំងនគរ
ស្ថិតនៅលើកសិកម្ម។ ឯការស្ថា បនាជាតិស្ថិតនៅលើការស្ថាបនាកសិកម្ម។
ហើយការបែងចែកទឹកដីភូមិស្រក ការជួយឧបត្ថម្ភ និងបញ្ជូនប្រជាពលរដ្ឋអោយទៅកាន់កាប់
រស់នៅលើទឹកដីថ្មី ក៏ជានយោបាយមួយយ៉ាងល្អដែរ
ក្នុងការថែរក្សាការពារជាតិមាតុ ភូមិ។
VIII.
ការកសាង និងស្នាដៃ
ព្រះបាទជ័យវរ្ម័នទី២
ទោះបីជាព្រះអង្គ មានបេសកកម្មធំត្រូវរំដោះជាតិក៏ដោយ ក៏ព្រះអង្គយកចិត្ដទុកដាក់
ខំរិះគិតរកមធ្យោបាយ រៀបចំទីក្រុងអោយបាននឹងន មានស្ថិរភាព និងមានការរីចំរើនដែរ។
ដូច្នេះហើយ បានជាព្រះអង្គរុះរើ លើកព្រះរាជធានីចុះឡើងៗ
តែព្រះរាជធានីរបស់ព្រះអង្គស្ថិតនៅជានិច្ច តែក្នុងរង្វង់តំបន់បឹងទន្លសាប។
ដែលជាការចាប់ផ្ដើមកំនត់ទីតាំងព្រះរាជធានីនគរធំ ឬមហានគរ ទៅក្នុងអនាគតកាល។
ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២
គេពុំសូវឃើញមានការកសាងប្រាង្គប្រាសាទធំៗទេ។ ឯទីក្រុងព្រះរាជធានីផ្សេងៗ
ដែលព្រះអង្គបានទៅតាំងទី ក៏មិនបានទុកនូវសំណៅអ្វីជាធំដុំ
មានជាប់មកដល់បច្ចុប្បន្នដែរ។ ពីព្រោះសំណង់ទាំងនោះធ្វើអំពីឈើ
ឬសំភារៈមិនសូវជាមាំមួន បុព្វហេតុនេះគឺបណ្ដាលមកពីស្រុកមានសង្គ្រាម
ព្រះអង្គគិតខំប្រឹងតែរៀបចំការតស៊ូ រំដោះជាតិពីអាណានិគមជ្វាស្ទាវា។ ម្យ៉ាងទៀត
សន្ដិសុខក៏ពុំទាន់មានជាស្ថាពរក្នុងនគរដែរ។
ប្រាសាទដែលសង់ក្នុងរាជព្រះអង្គមានជាអាទិ ៖
-
ប្រាសាទរំចែង ត្រូបានកសាងនៅភ្នំគូលែន
ក្នុងគ្រាដែលព្រះរាជធានីបានរើទៅតាំងនៅទីនោះ។
-
ប្រាសាទអកយំ ដែលស្ថិតនៅម្ដុំបារាយខាងលិច ត្រូវបានកសាងដោយឥដ្ឋ។
ប្រាសាទទាំងនេះ
មានរូបទំហំតូចមែន តែគេអាចកត់ទុកជាយុគថ្មីមួយរបស់ខ្មែរក្នុងវិស័យលិល្បៈ
និងសាងសង់ប្រាសាទ។
យើងបានឃើញប្រាសាទខ្មែរជំនាន់ក្រោយជាច្រើនកសាងទៅតាមលំនាំប្រាសាទរំចែងនិងអកយំ។
ក្រោយដែលបានទៅតាំងរាជធានីនៅភ្នំគូលែន
ឬមហិន្រ្ទបរពត ព្រះបាទជ័យវរ្ម័នទី២ បានយាងត្រលប់មកគង់នៅឯរលួស ទីក្រុងចាស់
ហរិហរាល័យ ព្រះអង្គបានចូលទីវង្គតនៅទីក្រុងនេះ ក្នុងគ.ស ៨៥៤
ក្នុងព្រះជន្មប្រហែល ៩០វស្សាព្រះអង្គជាព្រះមហាក្សត្រខ្មែរយ៉ាងធំមួយព្រះអង្គ
នៅក្នុងប្រវត្ដិព្រះអង្គបានរំដោះជាតិពីនឹមជ្វា ព្រះអង្គ បានបង្រួបបង្រួមប្រទេសកម្ពុជាអោយមានឯកភាព
ហើយព្រះអង្គក៏ជាក្សត្រខ្មែរដែលបានស្ថាបនាកសាងទឹកដីខ្មែរអោយធំធាត់មានកិត្យានុភាព
ជាមហានគរដែរ។ ព្រះបាទជ័យវរ្ម័នទី២
ព្រះអង្គជាព្រះមហាក្សត្រមួយអង្គខ្លាំងពូកែ អង់អាចក្លាហាន ព្យាយាមតស៊ូ
មានចិត្ដអំនត់ មានចំណេះវិជ្ជាជ្រៅជ្រះ មានប្រាជ្ញាភ្លឺថ្លាវាងវៃ
ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីស្រុកខ្មែរ
និងកូនចៅជំនាន់ក្រោយ។
No comments:
Post a Comment