កម្ពុជាសម័យមុនអង្គរ សម័យចេនឡា
ទោះបីជាក្រុមកូនចៅព្រះគុណវរ្ម័ន
យកជ័យជំនះកាន់កាប់ត្រួត្រា នគរហ្វូនន់ ឬនគរភ្នំក៏ដោយ ក៏សង្គ្រាមផ្ទៃក្នុងខ្មែរ
មិនទាន់បានចប់សព្វគ្រប់មានសុខសន្ដិភាពដែរ។ ចំបាំងអសន្ដិសុខ និង
ចលាចលនៅតែមានបន្ដជាប់ជានិច្ច ពីព្រោះនគរដែលចំនុះទាំងប៉ុន្មានឆ្លៀតឱកាសនេះ
ដើម្បីរើបំរះប្រកាសយកឯករាជភាពរៀងខ្លួន។ មានដូច ជានគរកម្ពុជា
ដែលអ្នកដំណើរចិន ដាក់ឈ្មោះហៅថា ចេនឡាជាដើម។ នគរកម្ពុជា ឬនគរចេនឡា
ប្រហែលជាបានកើតនៅក្នុងសតវត្សទី៥។
គេបានសន្និដ្ឋានថា ព្រះរាជវង្សដែលសោយរាជគ្រប់គ្រងនគរកម្ពុជា ឬនគរចេនឡា
មានដើមកំណើតចុះមកពីក្រកូលព្រាហ្មណ៍នៅប្រទេសឥណ្ឌា។
ហើយក្នុងសម័យនោះនគរហ្វូនន់ក៏មិនទាន់មានលទ្ធភាព ដណ្ដើមយកទឹកដីចេន
ឡាបញ្ចូលអោយក្លាយទៅជានគរតែមួយដែរ។
I.
នគរកម្ពុជា ឬ នគរចេនឡា
១. សិលាចារឹកជាសាក្ខីភាព
នគរកម្ពុជា ឬ នគរចេនឡា
ជាទឹកដីដែលស្ថិតនៅខាងជើង ល្បាក់ខោន (នៅលើដងទន្លេមេគង្គ) ក្នុងភូមិភាគបាសាក់
គឺស្រុកចំប៉ាសាក់ បច្ចុប្បន្នប្រទេសលាវផ្នែកខាងត្បូង។
ឯព្រះរាជធានីវិញ ដែលស្ថិតក្នុងតំបន់ដដែលនេះ មានឈ្មោះ ស្រេស្ថបុរៈ។
សិលាចារឹកជាច្រើន ដូចជានៅភូលោខោន ជ្រោយអំពិល វាលកន្ទេល ដែលមានហូរ
ហែតាមដងទន្លេមេគង្គ និងនៅវត្ដភូ ក្នុងខេត្ដចំប៉ាសាក់ប្រទេសលាវជាសាក្ខីភាព
អាចបញ្ជាក់អំពីអតីតកាល និងព្រឹត្ដិការណ៍ដែលកើតមាន នៅនគរចេនឡា។
២. ព្រះមហាក្សត្រចេនឡា
ព្រះមហាក្សត្រនគរកម្ពុជា ឬនគរចេនឡា
ជាព្រះរាជវង្សបន្ដចុះមកពី ឥសីកម្ពុ ស្វ័យ្យ៉ាភុវៈ និងព្រះនាង មេរ៉ា
ដែលមានដើមកំណើតចុះមកពីព្រះអាទិត្យ។
ក្នុងសតវត្សទី៥ នគរចេនឡាត្រូវបានមហាក្សត្របីព្រះអង្គ
មានមហិទ្ធិរិទ្ធខ្លាំងពូកែប្រកបដោយធម៌ សោយរាជ និងគ្រប់គ្រង។
ព្រះមហាក្សត្រទី១ ព្រះនាមព្រះស្រុត្ដវរ្ម័ន មហាក្សត្រទី២
ព្រះនាមសេ្រស្ថវរ្ម័ន ត្រូវជាបុត្ររបស់ព្រះស្រុត្ដវរ្ម័ន
ព្រះអង្គបានទទួលស្នងរាជបន្ដពីបិតាទ្រង់។
ព្រះបាទសេ្រស្ថវរ្ម័នមានរិទ្ធិចេស្ដាអង់អាចណាស់។
ព្រះអង្គបានវាតនគរទ្រង់ទៅផ្នែកខាងជើងភ្នំដងរែក គឺនគររាជសីមា
និងខាងត្បូងព្រះអង្គបានកំចាត់ក្សត្រចាមម្នាក់ ដណ្ដើមយករាជធានីមួយនៅម្ដុំចំប៉ាសាក់(វត្ដភូ)
យកមកធ្វើជារាជធានីរបស់ព្រះអង្គ(គស៤៥៥-៤៧២)។ កាលដើមឡើយ
រាជធានីនេះត្រូវបានបង្កើតឡើងដោយមហាក្សត្រចំប៉ាម្នាក់នាម ភទ្រ្ទវរ្ម័ន
ក្នុងអំលុងសតវត្សទី៤។ នៅទន្ទឹមវត្ដភូ និងចំប៉ាសាក់ មានភ្នំមួយដែលនៅលើកំពូល
មានថ្មលឹង្គធម្មជាតិមួយដ៏ធំ អោយឈ្មោះថា លឹង្គបុព្វតៈ (ភ្នំលឹង្គ)។
ឯកសារចិនមួយបានចែងថា
នៅលើកំពូលភ្នំជិតរាជធានីនៃនគរចេនឡាមានភ្នំមួយឈ្មោះថា
លឹង្គ-គឺយា-ពូពូ (លឹង្គបុព្វតៈ) នៅលើកំពូលភ្នំនោះត្រូវបានទាហាន១០០០នាក់យាមល្បាត។
គេថែរក្សាកន្លែងនោះទុកសំរាប់ធ្វើពិធីគោរពបូជា «ភទ្រ្ទស្វរៈ» ដែលគេមានបូជាយ័ញ្ញមនុស្ស។
គឺក្នុងមួយឆ្នាំម្ដង នៅពេលរាត្រី ព្រះមហាក្សត្រឡើងទៅលើភ្នំនោះ
ដើម្បីបូជាមនុស្សម្នាក់ដោយព្រះអង្គផ្ទាល់។ ឯឈ្មោះថា ភទ្រ្ទស្វរៈនេះ
ត្រូវបានព្រះសេ្រស្ថវរ្ម័ន ជ្រើសរើសដាក់ដើម្បីរំលឹកពីឈ្មោះស្ដេចចាម
ដែលព្រះអង្គបានកំចាត់ចោល។ ឯព្រះមហាក្សត្រទី៣ នៃនគរចេនឡា
ដែលបានស្នងរាជបន្ទាប់ពីព្រះបាទសេ្រស្ថវរ្ម័ន មាននាមថាព្រះបាទវរវរ្ម័នព្រះអង្គ
គឺជាបុត្ររបស់ព្រះបាទសេ្រស្ថវរ្ម័ន។
ដោយនៅក្រោមចំនុះនៃនគរហ្វូនន់
នគរចេនឡា តែងតែលើកសួយអាករ និងរបស់មានតំលៃទៅថ្វាយព្រះ
មហាក្សត្រនៃនគរហ្វូនន់ជានិច្ច។ លុះមកដល់រាជព្រះបាទវរវរ្ម័ន
ព្រះអង្គក៏បានលើកព្រះរាជបុត្រីព្រះអង្គ ព្រះ នាម កម្ពុជរាជាលក្សី អោយទៅព្រះភវរ្ម័ន
ជាត្រានៃនគរហ្វូនន់ ដែលត្រូវជាចៅរបស់ព្រះបាទរុន្រ្ទវរ្ម័ន ទុកធ្វើជា
មហេសីទៀត។ លុះព្រះបាទវរវរ្ម័នសោយទីវង្គត់ទៅ
ព្រះបាទភវរ្ម័នត្រូវបានតែងតាំងឡើងអោយសោយរាជ្យនគរចេនឡា ឬនគរកម្ពុជា។
ដោយអាងថាព្រះអង្គត្រូវជាចៅព្រះមហាក្សត្រព្រះរុទ្រ្ទវរ្ម័ន
ព្រះបាទភវរ្ម័នបានប្រកាស តាំងខ្លួនជាព្រះមហាក្សត្រនគរហ្វូនន់
ឬនគរភ្នំ។
II.
.
ការបង្រួបបង្រួមនគរចេលានឹងនគរភ្នំ
១ ព្រះបាទភវវរ្ម័ន(គស៥៥០-៦០០)
នៅពេលដែលព្រះបាទភវវរ្ម័នបានគ្រងរាជនៅនគរចេនឡាពេញលេញហើយ
ព្រះអង្គក៏បាននាំអនុជទ្រង់ព្រះនាម ចិត្រសេនាមកវាយយកនគរហ្វូនន់ទៀត។
ប៉ុន្ដែព្រះអង្គបានវាយយកតែផ្នែកខ្លះនៃនគរ ហ្វូនន់មកកាន់កាប់ប៉ុណ្ណោះ។
ដូច្នេះញាតិវង្សរបស់ព្រះបាទគុណវរ្ម័ន
ក៏បានចុះមកតាំងរាជធានីថ្មីនៅផ្នែកខាងត្បូងវិញ គឺនៅអង្គរបុរី
ក្នុងខេត្ដតាកែវ ដែលជារាជធានីចុងក្រោយនៃរាជវង្សនគរភ្នំ (ហ្វូនន់)។
ព្រឹត្ដិការណ៍ព្រះព្រះបាទភវវរ្ម័ន
មហាក្សត្រចេលា លើកទ័ព មកវាយបង្រួបបង្រួមនគរហ្វូនន់ និងនគរចេនឡា
ត្រូវបានប្រវត្ដិវិទូទាំងឡាយ
ចាត់ទុកជាព្រឹត្ដិការណ៍ប្រវត្ដិសាស្រ្ដមួយយ៉ាងសំខាន់
នៃដើមកំណើតប្រទេសខ្មែរបច្ចុប្បន្ន។ សិលាចារឹកមួយបានចារពីព្រះអង្គថា «ព្រះបាទភវវរ្ម័នជាក្សត្រមានរិទ្ធិចេស្ដាខ្លាំងអស្ចារ្យ
ធំខ្ពស់ដូចភ្នំព្រះសុមេរុ ដែលបានយកជ័យជំនះ លើគ្រប់បច្ចាមិត្ររបស់ទ្រង់។
ព្រះអង្គគ្រប់គ្រងលើផ្ទៃដ៏ធំទូលាយព្រះអង្គ វាតទឹកដីខ្មែរគ្រប់ទិសទី
ព្រះអង្គបានវាយយកស្រុកច័ន្ទបុរី ស្រុកភូមិភ្នំខ្ពង់រាប
ភ្នងគួយផងមកដាក់ជាចំនុះរបស់ ទ្រង់»។
២ ព្រះបាទមហិន្រ្ទវរ្ម័ន(គស៦០០-៦១៥
)
នៅឆ្នាំ៦០០
ប្អូនប្រុសព្រះបាទភវវរ្ម័ន ចិត្រសេនា បានទទួលស្នងរាជបន្ដពីទ្រង់ ក្រោមព្រះនាមថា
ព្រះបាទមហិន្រ្ទវរ្ម័ន។ គេពុំបានដឹងរឿងរ៉ាវដែលទាក់ទងពីដំណរពូជពង្សរបស់ព្រះបាទភវវរ្ម័នទេ
ឯព្រះសិលាចារឹកនៅភូ លោខោន និងអង្គរជំនីក បានចារតែពីព្រះបាទភវវរ្ម័ន
និងព្រះបាទមហិន្រ្ទតែប៉ុណ្ណោះ។ ព្រះបាទមហិន្រ្ទវរ្ម័ន
បានបន្ដនយោបាយបង្រួបបង្រួមនគរហ្វូនន់ និងនគរចេនឡាតទៅទៀត។
ព្រះបាទមហិន្រ្ទវរ្ម័នក៏មានចេស្ដាដូចព្រះរៀមទ្រង់ដែរ។
ព្រះអង្គបានវាយយកប្រទេសជិតខាងជាច្រើនមកធ្វើ ជាចំនុះរបស់ព្រះអង្គ។
ព្រះអង្គបានទុកមន្រ្ដីដ៏ចំនានពីរនាក់ ពីរាជព្រះរៀមទ្រង់។
ពួកគេជាបងប្អូនជីដូនមួយនឹងគ្នា ម្នាក់ឈ្មោះ ធម្មទេវៈ(កូនព្រហ្មទត្ដ) និងម្នាក់ឈ្មោះ
សិង្ហទេវៈ(ជាកូនព្រហ្មសិង្ហៈ)។ មន្រ្ដីទាំងពីរជាមនុ ស្សសុចរិតទៀងត្រង់
សប្បុរស និងប៉ិនប្រសប់ក្នុងកិច្ចការនគរណាស់គេតែងរកឃើញមធ្យោបាយយ៉ាងប្រសើរ
មកដោះវិបត្ដិក្នុងនគរ ដោយសន្ដិវិធីជានិច្ច។
ដូច្នេះហើយបានជាប្រជាជនក្នុងនគរអាចរស់នៅដោយសុខសាន្ដ។
មនុស្សម្នាក្នុងនគរបានចាត់ទុកមន្រ្ដីទាំងពីរជាវីរបុរសរបស់គេ។
ដើម្បីថ្លែងអំណរគុណដល់មន្រ្ដីទាំងពីរ គេក៏ បានចារឹកពីវិរៈភាព
និងបេសកកម្មផ្សេងៗរបស់មន្រ្ដីទាំងពីរ។
ព្រះបាទមហិន្រ្ទវរ្ម័នបានចូលទីវង្គត់នៅឆ្នាំ៦១៥ ឯបុត្ររបស់ព្រះអង្គឥសាសេនា
ក៏បានទទួលស្នងរាជបន្ដពីទ្រង់។
៣ ព្រះបាទឥសានវរ្ម័ន(គស៦១៥-៦៣៥
រាជធានី ឥសានបុៈ នៅសំបូរព្រៃគុក ខេត្ដកំពង់ធំ)
ព្រះបាទឥសានសេនា
ត្រូវបានអភិសេកឡើងគ្រងរាជដោយទទួលព្រះនាមថា ព្រះបាទឥសានវរ្ម័ន។
ព្រះអង្គបានបន្ដនយោបាយបង្រួបបង្រួមប្រទេសខ្មែរបន្ដទៅទៀតរហូតបានសំរេចជាស្ថាពរ
ពោលគឺព្រះអង្គបានកំចាត់ កំចាយរាជវង្សចុងក្រោយនៃនគរហ្វូនន់នៅ គស៦៣០
ហើយចាប់ពីពេលនោះមក គេក៏លែងលឺអ្នកណារំលឹក ពីរាជរង្ស គុណវរ្ម័ន ទៀតដែរ។
ព្រះបាទឥសានវរ្ម័នជាក្សត្រមានចេស្ដាមិនចាញ់បិតានិងមាទ្រង់ទេ
ទើបសិលាចារឹកនៅវត្ដក្រិត និងវត្ដស្វាយច្នូ បានអួតសរសើរពីព្រះអង្គថា «ព្រះអង្គមានរិទ្ធិស្មើនឹងព្រះឥន្ទ(១)
មានតេជៈបារមីស្មើនឹងហរិ (២)» តែព្រះអង្គ ក៏ជាមេទ័ពដ៏អង់អាចក្លាហានម្នាក់
និងជាមនុស្សម្នាក់ស្រលាញ់សន្ដិភាពដែរ។ ព្រះអង្គបានចងសម្ព័ន្ធសារជាថ្មី
ជាមួយប្រទេសចិន។ ព្រះអង្គបានបញ្ជូនរាជទូតខ្មែរបីដងទៅស្រុកចិនគឺនៅ គ.ស.៦១៦,
៦២៣ និង៦២៨។
ព្រះអង្គបានរៀបអភិសេកបុត្រីព្រះអង្គម្នាក់ឈ្មោះសុវណ្ណីអោយទៅចៅរបស់ក្សត្រនគរចំប៉ា។
ក្រោយមកព្រះនាងបានបុត្រមួយដែលបានគ្រងរាជនៅនគរចំប៉ានាឆ្នាំ៦៥៣
ក្រោមព្រះនាមថា វិក្រាន្ដវរ្ម័ន។
ព្រះបាទឥសានវរ្ម័នជាបរិស័ទម្នាក់ខ្ជប់ខ្ជួនណាស់ ព្រះអង្គបានអោយគេសាង
និងជួសជុលសក្ការៈដ្ឋានជាច្រើន។ ព្រះអង្គជាក្សត្រ ព្រហ្មញ្ញ គោរពបូជា ហរិហរា
តែព្រះអង្គក៏បានអនុញ្ញាតិអោយមានការគោរពបូជាចំពោះសាសនាផ្សេងៗ ទៀតដែរ។
ព្រះបាទឥសានវរ្ម័នបានប្ដូររាជធានីពី «វ័យធបុរៈ» មកតាំងទីនៅ សំបូរព្រៃគុក
ខេត្ដកំពុងធំវិញ ព្រោះវានៅចំកណ្ដាលនៃប្រទេសចំនុះ។
ព្រះអង្គបានដាក់ឈ្មោះថា ឥសានបុរៈ។ នៅក្នុងរាជព្រះអង្គ អរិយធម៌ខ្មែរមានការ
រីកចំរើនលូតលាស់ជាខ្លាំង ដូចមានការដ្ឋានបុរាណវត្ថុនៅសំបូរជា ឧទាហរណ៍ស្រាប់។
ឯកសារប្រវត្ដិសាស្រ្ដ ចិនឈ្មោះស៊ូអឺយ
បានទុកនូវពត៌មានយ៉ាងក្បោះក្បាយពីប្រទេសខ្មែរនៅជំនាន់នោះថា «រាជធានីនោះមានប្រជាជនប្រមាណ២០០០គ្រួសារ
ហើយនគរនេះមានទីប្រជុំជនបែបនេះចំនួន ៣០ឯណោះ។ នៅតាមរាជរដ្ឋនីមួយៗ
មានស្ដេចក្រាញ់ (លិនយី)គ្រប់គ្រង។ ពេលគេទៅគាល់ព្រះរាជា
គេតែងអោនក្បាលទាបជើងបល្ល័ង្គបី ដង។
ពេលព្រះរាជាកោះហៅពួកមន្រ្ដីមកបង្ហាញខ្លួន ពួកគេចូលទៅដោយលុតជង្គង់
និងដាក់ដៃនៅលើស្មាទាំង សងខាង
ទើបទៅអង្គុយតាមកន្លែងរៀងខ្លួនជុំវិញព្រះរាជាដើម្បីពិគ្រោះកិច្ចការ
ហើយនៅពេលចប់កិច្ចការ គេ លុតជង្គង់សារជាថ្មីម្ដងទៀត ទើបដើរចេញទៅ។
មានតែបុត្រារបស់ព្រះអគ្គមហេសីប៉ុណ្ណោះដែលមានសិទ្ធិ អាចស្នងរាជបាន
គេបានបញ្ជាក់ទៀតថា នៅថ្ងៃធ្វើរាជាភិសេកព្រះមហាក្សត្រថ្មី
គេមានធ្វើពិធីកាយវិកលកម្ម ទៅលើបងប្អូនប្រុសរបស់មហាក្សត្រថ្មីនោះផង គេបានចែងបន្ដទៀតថា
នៅស្រុកនេះគេទុកដៃស្ដាំ ជាបរិសុទ្ធ និងដៃឆ្វេងជាអបរិសុទ្ធ។
គេតែងងូតទឹកជំរះកាយជារៀងរាល់ព្រឹក និងដុសធ្មេញជាមួយនឹងឈើម្យ៉ាង ហើយ
គេមិនដែលភ្លេចសូត្រធម៌អារទេ។ នៅពេលថ្ងៃត្រង់គេងូតទឹកទៀត
ហើយចាក់ធ្មេញក្រោយពេលបាយ និងសូត្រធម៌ទៀត។
ពេលមានមនុស្សស្លាប់គ្រួសារគេតែងតមអាហារចំនួន៧ថ្ងៃ គេកោរសក់
និងស្រែកយំទ្រហ៊ោរ ឯសពគេដុតនឹងឈើក្រអូបម្យ៉ាង
បន្ទាប់មកគេដាក់ធាតុក្នុងកោដិប្រាក់ ឬមាស
ចំណែកអ្នកក្រគេដាក់ក្នុងកោដិអំពីដីដុត។
មានអ្នកខ្លះគេយកសពទៅបោះជាចំណីសត្វក៏មានដែរ (ហ្សកកូដេស)។
ព្រះបាទឥសានវរ្ម័នបានចូលទីវង្គត់នៅឆ្នាំ៦៣៥
ធ្វើអោយប្រទេសខ្មែរធ្លាក់ក្នុងស្ថានភាពវឹកវរ រំជើបរំជួល
និងកើតអសន្ដិសុខពាសពេញនគរ។
៤ ព្រះបាទភវវរ្ម័នទី២
(គស៦៣៩-៦៥៥)
ព្រះបាទភវវរ្ម័នទី២
បានទទួលគ្រងរាជបន្ដពីព្រះបាទឥសានវរ្ម័ន បន្ទាប់ពីព្រះអង្គបានបង្រ្កាបពួកបះបោរ
និងបានរៀបចំនគរអោយមានស្ថិរភាពឡើងវិញ។
គេពុំបានដឹងពីប្រភពរបស់ព្រះអង្គច្បាស់លាស់ទេ តែបើយោល ទៅតាមលោកអង់ដ្រេមីហ្គោ
ព្រះបាទភវវរ្ម័នទី២ គឺជាបុត្ររបស់ព្រះបាទឥសានវរ្ម័ន។
ព្រះអង្គក៏ជាក្សត្រព្រហ្ម ញ្ញសាសនាម្នាក់ដែរ ព្រះអង្គគោរពបូជាព្រះសីវៈ។
ព្រះអង្គបានកសាងប្រាសាទជាច្រើន មានដូចជានៅភ្នំបាយ៉ង់ជាដើម។
រជ្ជកាលព្រះអង្គ បើតាមអ្នកប្រវត្ដិវិទូខ្លះ ហាក់បីដូចជាខ្លីៗ
ហើយគេពុំបានដឹងពុំបានស្គាល់អំពីអវសានរាជព្រះអង្គដែរ។
៥ ព្រះបាទជ័យវរ្ម័នទី១
(គស៦៥៥-៦៨១ រាជធានីអង្គរបុរី "នរវរៈនគរ")
ព្រះបាទជ័យវរ្ម័នទី១
ជាបុត្ររបស់ព្រះបាទភវវរ្ម័នទី២ ព្រះអង្គបានទទួលគ្រងរាជបន្ដពីបិតាទ្រង់។
ព្រះអង្គត្រូវគេចាត់ទុកថាជាក្សត្រចូលចិត្ដសន្ដិភាព និងវៀងវៃណាស់។
ព្រះអង្គយកចិត្ដទុកដាក់នឹងកិច្ចការនគរ ការពារថែ រក្សាកេរមរតករបស់បុព្វជន។
សិលាចារឹកបានកត់ត្រាថា «ហៃព្រះអង្គឈ្លាសវៃ
មានភ្នែករាប់រយពាន់ អាច មើលឃើញទៅឆ្ងាយ» មិនតែប៉ុណ្ណាះព្រះអង្គបានវាយយកនគរជាច្រើនទៀតដាក់ជាចំនុះទ្រង់។
ព្រះអង្គបាន រៀបចំក្បួនយុទ្ធសាស្រ្ដថ្មី គឺបានបង្កើតក្បួនទ័ពសេះ
និងយុទ្ធវិធីបំបែកក្បួនដំរី។ ព្រះអង្គបានរើរាជធានីមកនៅអង្គរបុរីវិញ
ហើយបានប្ដូរឈ្មោះរាជធានីនោះថា «នរវរៈគរ» ចិនហៅថា ណាហ្វូណា ដែលមានន័យថា
នគរ ដ៏បវរ សំរាប់មនុស្សលោក។ ព្រះអង្គជាក្សត្រព្រហ្មញ្ញសាសនា
គោរពបូជាហិរហរា។
នៅចន្លោះ គស៦៧១ - ៦៩៥
មានអ្នកដំណើរចិនម្នាក់ឈ្មោះ យីត្សិញ បានមកដល់ស្រុកខ្មែរក្នុងតំបន់ខាងត្បូង
គឺនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី១ គេបានកត់ត្រាថា សព្វថ្ងៃនេះ
ពុទ្ធសាសនាបានត្រូវស្ដេចកាចសាហាវមួយ អង្គ តាមធ្វើបាបឈ្នាននិស
និងបំផ្លិចបំផ្លាញចោលគ្មានសល់ សូម្បីតែសង្ឃមួយអង្គក៏គ្មានដែរ ត្រង់នេះយើងអា
ចចោទសួរថា តើព្រះអង្គ ឬដែលជាស្ដេចកាចសាហាវដែលអ្នកដំណើរចិននិទាននោះ។
សូមបញ្ជាក់ថា រហូតដល់ពេលនេះគេពុំបានរកឃើញមានសិលាចារឹកណាមួយដែលចារពីរឿងនេះទេ
ឯលោកហ្សកកូដេស និងបិណ្ឌិត
មួយចំនួនទៀតបានសង្ស័យទៅលើព្រះបាទភវវរ្ម័នទី១ និងព្រះអនុជព្រះអង្គ ចិត្រសេនា
តែបើតាមកាលបរិច្ឆេទ នៃព្រឹត្ដការណ៍សម័យនោះ គេអាចសនិដ្ឋានបានថា
អំពើព្រៃផ្សៃនេះជាស្នាដៃរបស់ស្ដេចត្រាញ់ជ្រែករាជណា ម្នាក់
ដែលមិនមែនជាព្រះបាទជ័យវរ្ម័នទី១ និងក៏មិនមែនជាព្រះបាទភវវរ្ម័នទី១
ឬប្អូនប្រុសព្រះអង្គ ចិត្រសេនានោះឡើយ។
ព្រះបាទជ័យវរ្ម័នទី១
បានចូលទីវង្គត់នៅគស៦៨១ ដោយពុំមានបន្សល់បុត្រាសំរាប់ស្នងរាជទេ។
ព្រះអង្គមានតែបុត្រីពីរអង្គ ដែលគេបានស្គាល់ គឺព្រះនាងជ័យទេវី និង?។ ប៉ុន្ដែមានឯកសារខ្លះចារថានាងជ័យទេវីជាព្រះហេ សី
របស់ព្រះបាទជ័យវរ្ម័នទី១ ទៅវិញ។ ព្រះនាងជ័យទេវី
បានទទួលស្នងរាជបន្ដពីបិតារហូតដល់ គ.ស.៧១៣។
វត្ដមានរបស់ព្រះនាងជ័យទេវីគ្រងរាជបល្ល័ង មិនបានធ្វើអោយនាម៉ឺន មន្រ្ដី
និងបណ្ដាជនពេញចិត្ដឡើយ។
ដោយការខ្វះរិទ្ធិអាជ្ញារបស់ព្រះនាងប្រទេសខ្មែរក៏បានធ្លាក់ក្នុងស្ថានភាពច្របូកច្របល់
អានាធិបតេយ្យសាជាថ្មីម្ដងទៀត។ សិលាចារឹកមួយនៅអង្គរ
បានរៀបរាប់អំពីទុក្ខសោក និងការព្រួយបារម្មណ៍ របស់ព្រះនាងចំពោះអស្ថិរ
ភាពនិងការរំជើបរំជួលផ្ទៃក្នុង
និងដោយសារគ្រោះកាចចង្រៃមហន្ដរាយបានបោកបក់លើប្រទេសជាតិ និងប្រ ជាពលរដ្ឋខ្មែរ។
ចាប់ពីគ.ស. ៧១៧ និងពេញមួយសតវត្សទី៨
ប្រវត្ដវិទូចិនបានកត់ត្រាក្នុងរបាយការណ៍របស់គេពី នគរចេនឡាទាំងពីរគឺ៖
ចេលាដីគោគស្ថិត នៅលើទន្លេមេគង្គខាងជើងភ្នំដងរែក និងចេលាទឹក
ស្ថិតនៅភាគខាងត្បូង
ដែលស្របនិងប្រទេសខ្មែរបច្ចុប្បន្នរួមទាំងទឹកដីសន្ដរកម្ពុជាក្រោមទាំងមូលផង។
III.
នគរចេលាដីគោក
និង នគរចេលាទឹកលិច
សតវត្សទី៨ ជាសម័យមួយដែលប្រទេសកម្ពុជា
បានជួបប្រទះការបែកបាក់សាមគ្គី ចលាចល
និងចំបាំងដណ្ដើមអំណាចគ្នាមិនចេះចប់មិនចេះហើយ
ដែលជាឱកាសមួយល្អហុចអោយប្រទេសជិតខាង ឆ្លៀតយកចំណេញលើគ្រប់វិស័យ។
ប្រទេសខ្មែរត្រូវប្រេះឆាបែកបាក់រលេះជ្រុះធ្លាក់ជាលំដាប់លំដោយ
ហើយបែកចេញជានគរពីរ ដែលប្រឈមមុខប្រឆាំងច្បាំងគ្នានឹងគ្នា។
នគរខ្មែរទាំងពីរ មានមួយស្ថិតនៅភូមិភាគខាងជើង ដូចនគរចេឡាពីដើម
និងមួយទៀតនៅភូមិភាគខាងត្បូង ដូចនគរហ្វូនន់ពីដើមដែរ
ដែលជាតំបន់មានទឹកទន្លេបឹងបួអូរស្ទឹងព្រែក។
ដើម្បីអោយងាយស្រួលក្នុងការយល់ចងចាំ អ្នកប្រវត្ដិវិទូ បាននាំគ្នាសន្មតយកឈ្មោះ
ចេនឡា ដែលជាឈ្មោះចិនធ្លាប់បានហៅទឹកដីខ្មែរផ្នែកខាងជើងជួរភ្នំដងរែក
មកដាក់សំគាល់នគរខ្មែរខាងជើង គឺចេនឡាដីគោក និងនគរខ្មែរខាងត្បូង
ចេនឡាលិចទឹក។
១ ចេឡាដីគោក (ចេនឡាដើម
ឬកម្ពុជៈ)
ដោយខ្វះឯកសារ
យើងពុំអាចដឹងបានពីព្រឹត្ដិការណ៍ផ្សេងៗ ដែលកើតឡើងនៅទីនោះទេ។ ប្រវត្ដិវិទូមួយចំនួន
មានមតិថា ព្រឹត្ដិការណ៍ផ្សេងៗ គឺនៅជាប់ទាក់ទិន
នឹងប្រវត្ដិសាស្រ្ដនៃប្រទេសលាវបច្ចុប្បន្ន។ តែទោះជាយ៉ាង ណាគេអាចយកពត៌មានមួយចំនួនតាមរយៈប្រវត្ដិវិទូចិន
ដែលបានកត់ត្រាក្នុងប្រវត្ដិដើមចិន អំពីទំនាក់ទំនងការ ទូតរបស់គេ
នឹងនគរចេនឡា។ ប្រវត្ដិដើមចិនបានចែងថា «ស្ដេចនៃនគរចេនឡាដីគោក
បានចូលរួមដោះស្រា យទំនាស់ទឹកដីរវាងចិន និងយួននៅ គ.ស.៧១៧ និង ៧៥០
មហាក្សត្រនគរចេនឡាដីគោក «វិនតាន» បានបញ្ជូនបេសកជនទ្រង់មកប្រទេសចិនចំនួនពីរលើក។
ហើយបន្ទាប់មកនៅ គ.ស.៧៥៣ បុត្រារបស់មហាក្សត្រចេនឡា ដីគោក
បានដឹកនាំបេសកជនចំនួន ២៦នាក់មកប្រទេសចិនទៀត។ ព្រះអង្គបានធ្វើដំណើរ
ទៅខេត្ដយូនណានជា មួយមេទ័ពចិនឈ្មោះ ហ៊ូគី ក្វាង ដែលទទួលបេសកកម្មលើកទ័ពទៅច្បាំងវាយកំទេច
ពួកសៀម និងយួន។ នៅគ. ស.៧៧១ ព្រះឧបរាជខ្មែរ ពោមី
បាននាំគណៈប្រតិភូខ្លួនឯងទៅគាល់ស្ដេចចិន។ នៅ គ.ស.៧៩៩មហាក្សត្រ
នគរចេនឡានៅតែរក្សាទំនាក់ទំនងការទូតជាមួយប្រទេសចិនជានិច្ច។
សិលាចារឹកនៅល្បើកស្រូវខេត្ដក្រចេះ ក៏បានរៀបរាប់ពីទំនាក់ទំនងនេះដែរ។
រាជធានីនៃនគរចេនឡាដីគោកគឺ «ភវបុរៈ» ស្ថិតនៅផ្នែកកណ្ដាលនៃដងទន្លេមេគង្គ
គឺនៅតំបន់ ប៉ាក់ហិនបុន (ប្រទេសលាវ)។
មកដល់សតវត្សទី១០
ចេនឡាគោកត្រូវបានពួកមហាក្សត្រអង្គរ វាយយកមកបង្រួបបង្រួមជានគរតែមួយវិញ
មុននឹងត្រូវបែកគ្នាជាថ្មីម្ដងទៀតនៅចុងសម័យអង្គរនាសតវត្សទី១៤-១៥
រហូតដល់សម័យបច្ចុប្បន្ននេះ គឺប្រទេសលាវសព្វថ្ងៃនេះឯង។ រាជវង្សនៃភវបុរៈ
បានប្រកាសខ្លួនថាពួកគេជាតំណរពូជនៃនគរចេនឡាឯកសមោធាន។
២ ចេនឡាទឹក(នគរហ្វូនន់ដើម)
បន្ទាប់ពីត្រូវរងការបាក់បែកជាមួយនគរចេនឡាគោក
នគរចេនឡាទឹកត្រូវទទួលការបែកខែ្ញកជាពីរចំណែកទៀតគឺ រាជរដ្ឋអនិន្ដិបុរៈ
ស្ថិតនៅផ្នែកខាងត្បូង គ្រប់គ្រងដោយរាជវង្ស ពល្លទិត្យា
ដែលមានរាជធានីឈ្មោះពល្លទិត្យបុរៈ និងរាជរដ្ឋមួយទៀតនៅផ្នែកខាងជើង
ដែលមានរាជធានីឈ្មោះ សម្ភុបុរៈ មានទីតាំងនៅសបូរព្រៃគុក ជិតដងទន្លេមគេង្គ
(បច្ចុប្បន្នខេត្ដក្រចេះ)
ហើយដែលគេបានរកឃើញការដ្ឋានបុរាណវត្ថុមួយដ៏សំខាន់នៅជំនាន់នោះ។
រាជវង្សនៃពល្លទិត្យាបានចាត់ទុកខ្លួនគេថា ជាតំណពូជក្សត្ររបស់ព្រះថោង
និងនាងនាគីសោមា
គឺតាមរយៈព្រះបាទរុទ្រ្ទវរ្ម័នរហូតមកដល់ព្រះបាទភវវរ្ម័ន។ ចំណែកឯពួករាជវង្សសម្ភុបុរៈបានប្រកាសថា
ពួកគេជាតំណពូជក្សត្រនៃនគរចេនឡា ឯកសមោធានដែរ
(ពូជពង្សរួមនៃនគរចេនឡាដើម និងហ្វូនន់)គឺពួកគេជាញាតិវង្សរបស់ព្រះ នាងជ័យទេវី។
ក្នុងគោលបំណងចង់បង្រួបបង្រួមរាជវង្សទាំងពីរវិញ
ព្រះបាទបុស្សករក្សដែលជាក្សត្រនៃពល្លទិត្យបុរៈបានទទួលរៀបអភិសេកជាមួយព្រះនាងជ័យទេវី
ដែលគ្រងរាជនៅសម្ភុបុរៈ។ គេបានរកឃើញសិលាចារឹកមួយនៅសំបូរ
ដែលបានចារអំពីព្រឹត្ដិការណ៍ទាំងនេះ
និងសិលាចារឹកផ្សេងៗទៀត(ចារនៅគស៧១៦-៧៨៩) ដែលបានកត់ត្រា
ឈ្មោះក្សត្រជាច្រើនទៀត ដែលេយីងពុំអាចដឹងថាជានរណាទេ។
ក្រោយមកទៀតបុត្ររបស់ព្រះបាទបុស្សករ័ក្សក៏បានព្យាយាមបន្ដនយោបាយនេះដែរ
តែពុំបានលទ្ធផលអ្វីសោះ ។ ទីបំផុតនគរចេនឡាទឹកត្រូវបែកខែ្ញកជា
៧នគរតូចៗទៀត ដែលគេពុំបានដឹងអំពីដែនសីមាកំនត់ទឹកដីនៃនគរនិមួយៗច្បាស់លាស់ទេ។
ឯព្រឹត្ដិការណ៍ប្រវត្ដិសាស្រ្ដខ្មែរដែលកើតឡើងនៅជំនាន់នោះក៏គេពុំបានដឹងជាក់លាក់
ដែរ។
IV.
ចេនឡាទឹកលិចក្រោមការត្រួត្រាអានានិគមជ្វា
នៅពេលដែលនគរចេនឡាទឹក
កំពុងតែមានការបែកបាក់សាមគ្គីគ្នានិងមានសង្រ្គាមផ្ទៃក្នុងយ៉ាងគគុកគគុល
ទើបរាជវង្សជ្វាឈ្មោះសីលិន្រ្ទា ដែលកំពុងតែពេញដោយអនុភាព ឆ្លៀតពេលវាយរំលោភយកចេនឡាទឹកដាក់ជាប្រទេសចំនុះខ្លួន។
នគរជ្វាជានគរមួយដែលទើបតែកកើតនៅសតវត្សទី៤
និងកត់ចូលក្នុងប្រវត្ដិសាស្រ្ដនៅរវាងសតវត្សទី៥ ក្រោមឈ្មោះថា
នគរសូម៉ាត្រានៃរាជវង្សស្រីវិជ័យ (ផល្លមបង)។
នគរជ្វាត្រូវបានបាត់ឈ្មោះបោះសំលេងរហូតដល់តំបន់នេះត្រូវបានរាជវង្សជ្វា
សីលិន្រ្ទាដណ្ដើមយកមកគ្រប់គ្រងនាសតវត្សទី៧-៨
និងបានធ្វើអោយក្លាយជានគរមួយល្បីឈ្មោះជាខ្លាំង
ខាងផ្លូវសាសនាក៏ដូចជាខាងផ្លូវពាណិជ្ជកម្មនាវិកដែរ។
ដោយសារពួកជ្វាមានសំពៅសង្រ្គាមធំៗ
ពួកគេបានត្រាច់ចរគ្រប់ទិសទីដោយសេរី។ នៅរវាង គ.ស.៧៧៤ ពួក
ជ្វាក៏បានមកដល់ទឹកដីខ្មែរនៅព្រៃនគរ។
ពួកវាបានវាយយកកោះត្រលាចទុកជាទីតាំងកងទ័ពសម្រាប់វាយលុក
ឈ្លានពានទឹកដីខ្មែរនឹងចាម។ ពួកចោរជ្វានេះ
បានសាបព្រោះអំពើកាចសាហាវយង់ឃ្នងកាប់សំលាប់ប្រជាជនតាមតំបន់នោះយ៉ាងព្រៃផ្សៃ។
សិលាចារឹកចាមមួយឈ្មោះ ពោនគរនៅញ៉ាត្រាង បានកត់ត្រាថា នៅឆ្នាំ ៧៧៤
មានជនបរទេសដែលជាមនុស្សរស់អាស្រ័យនៅគួរអោយរន្ធត់ ជាងខ្មោចអសុកាយទៅទៀត។
ពួកនេះ មានសំបុរខ្មៅឃ្លីក ស្គមកំប្រឹងអាក្រក់ក្រៃលែង ហើយកាចសាហាវដូចបីសាច
ពួកវាបានជិះទូកចូលមកលួចប្លន់ យករូបលិង្គ និងដុតបំផ្លាញប្រាសាទតាមអំពើចិត្ដរបស់វា។
ពូកវាបានប្រើនាវាល្អៗដើម្បីបន្ដការលុកលុយ និងរាតត្បាតដែនសមុទ្រ
តែត្រូវបានព្រះបាទសត្យវរ្ម័ន ដេញរត់ខ្ចាតខ្ចាយអស់ទៅ។
នៅឆ្នាំ៧៨៧
ពួកទ័ពជ្វាបានជិះសំពៅចូលមកឈ្លានពាន និងដុតបំផ្លាញប្រាសាទម្ដងទៀត។ ពេលនោះស្ដេចជ្វា
បានប្រកាសខ្លួនគេថា ជាអធិរាជភ្នំដែរ
តែគ្មានអ្នកណាម្នាក់ដែលអាចបញ្ជាក់ថា គេជាតំណពូជនៃរាជវង្សវ័យ ធបុរៈ
ឬសិលារាជាទេ។ ការពិតពួកគេគ្រាន់តែចង់អួតថា
គេក៏ខ្លាំងដូចពួកក្សត្រនគរភ្នំដែរ។
បន្ទាប់ពីបានជាន់ឈ្លីតំបន់ខាងជាយសមុទ្ររួចហើយ
ពួកគេក៏បន្ដដំណើរឈ្លានពានមកដល់ដីកណ្ដាលទៀត។
ពួកវាបានជិះទូកលុកមកតាមដងទន្លេមេគង្គចូលមកដល់រាជវាំងសម្ភុបុរៈ
ហើយបានកាត់ក្បាលព្រះរាជាខ្មែរបញ្ជូន ទៅថ្វាយស្ដេចជ្វា។
បន្ទាប់មកស្ដេចជ្វាក៏ផ្ញើក្បាលស្ដេចខ្មែរមកអោយមហាក្សត្រខ្មែរថ្មី
ហើយបង្គាប់អោយក្សត្រ ខ្មែរថ្មីនេះគោរពប្រតិបត្ដិស្ដេចជ្វាដូចជាព្រះរបស់គេ។
ពាណិជ្ជករជ្វាម្នាក់ ឈ្មោះសុលាយម៉ាន់
បានចងក្រងប្រវត្ដិរឿងនេះជារឿងប្រលោមលោកមួយ (ស.វទី១០)
ដែលគេអាចដកស្រង់យកពត៌មានមួយចំនួនពីប្រទេសខ្មែរនាសម័យនោះ។
គេបានសរសេរថា ប្រទេសខ្មែរជាប្រទេសមួយដែលគេអាចទិញដូរដំណាំកប្បាស
វាមិននៅលើកោះទេតែនៅជាប់ទ្វីបអារ៉ាប់។
គ្មានប្រទេសណាមួយដែលមានប្រជាជនច្រើនដូចនៅស្រុកខ្មែរទេ
ហើយប្រជាជននៅស្រុកនេះទៅណាមកណាដោយជើងទទេ។
ប្រទេសខ្មែរមានជីវភាពខ្ពង់ខ្ពស់ដូចកោះជ្វាដែរ។ នៅចន្លោះប្រទេសទាំងពីរ គេអាចទៅមកដោយសំពៅ
១០ -២០ថ្ងៃ។ ស្ដេចជ្វាទើបតែបានវាយនគរនេះដាក់ចំនុះ
បានទាំងកាត់ក្បាលស្ដេចខ្មែរព្រហើនម្នាក់ និងបានបញ្ជាអោយស្ដេចថ្មី
គោរពប្រតិបត្ដិស្ដេចជ្វាដូចព្រះ។ ជារៀងរាល់ព្រឹក
ស្ដេចថ្មីនេះតែងអោនក្រាបថ្វាយបង្គំស្ដេចជ្វាបីដងពីចម្ងាយ។
ពួកចោរជ្វាបានចោទប្រកាន់ស្ដេចខ្មែរថាបានមាក់ងាយខ្លួនទើបបាន
ជាគេវាយរំលោភលើស្រុកខ្មែរដើម្បីប្រដៅ ទុកជាមេរៀន។
នេះវាគ្រាន់តែជាការដោះសារចំពោះអំពើព្រៃផ្សៃយង់ឃ្នងរបស់ពួកជ្វាតែប៉ុណ្ណោះ
មានសិលាចារឹកតិចតួចណាស់ ដែលបានកត់ត្រាអំពីប្រវត្ដិសាស្រ្ដដ៏ជូរចត់នេះ។
ដូច្នេះហើយបានជារហូតមកដល់ពេលនេះ
គេពុំទាន់រកេឃីញឯកសារណាដែលបានរៀបរាប់អោយពិស្ដារ
អំពីព្រឹត្ដិការណ៍ផ្សេងៗដែលកើតឡើងនៅសម័យនោះទេ។
ឯការប្រព្រឹត្ដិបែបណារបស់ពួកជ្វាមកលើប្រជាជនខ្មែរ នៅក្នុងរយៈពេលដែលពួកវាកាន់
កាប់ក៏យើងពុំបានដឹងដែរ។ យើងគ្រាន់តែបានដឹងថា
ពួកជ្វាបានកាប់សំលាប់ប្រជាជនខ្មែរជាច្រើនឥតគណនា
ហើយបានចាប់រាជវង្សខ្មែរនិងប្រជាជនខ្មែរមួយចំនួនយកទៅស្រុកជ្វាធ្វើជាទាសករវាទៀត
ដែលនៅក្នុងកំនែន នោះមានព្រះបាទជ័យវរ្ម័នទី២ផងដែរ។
១ = ព្រះនរាយណ៍ ២ = ព្រះអាទិត្យ ពណ៌លឿង
No comments:
Post a Comment