អាណាចក្រភ្នំ ឬ ហ្វូណន
I.
អាណាចក្រភ្នំ
ឬ ហ្វូណន
១. បញ្ហាឈ្មោះស្រុក
នៅខាងដើមគ្រិស្ដសករាជ
រដ្ឋដែលខំខាន់ជាងគេនៅអាស៊ីអគ្នេយ៍គឺ អាណាចក្រភ្នំ។ ចិនហៅថា ហ្វូណន។ ពាក្យហ្វូណន
ចិនបូរាណអានថា បឺយូណាម
ដែលជាពាក្យគ្មានន័យអ្វីអោយប្រាដកក្នុងភាសាចិនទេ។ ដោយហេតុនេះ
ហើយបានជាអ្នកសិក្សាស្រាវជ្រាវ បានព្យាយាមរាវរកមើលថាតើពាក្យ ហ្វូណន
នេះត្រូវនឹងពាក្យអ្នកស្រុកអាយថាម៉េច?
មានមតិខ្លះចាត់ទុកថា ហ្វូណន
ត្រូវនឹងពាក្យខ្មែរថា ភ្នង ដោយសំអាងថា កុលសំព័ន្ធភ្នង ដែលរស់នៅលើខ្ពង់ រាបសព្វថ្ងៃ
ស្ថិតនៅក្នុងអំបូរជាមួយខ្មែរនេះម្យ៉ាង ហើយម្យ៉ាងទៀត
ដោយសំអាងថារូបចំលាក់នៅលើជញ្ជាំង ប្រាសាទបូរាណខ្មែរ
បានបង្ហាញថាខ្មែរក្នុងសម័យនោះ មានសំលៀកបំពាក់
និងទំលាប់ខ្លះដូចពួកភ្នងដែរ។ ចំ ពោះរឿងនេះគួរកត់សំគាល់ថាលោកសាស្រ្ដចារ្យ L.
Brumpt បានបញ្ជាក់ថា
ខ្មែរនិងភ្នងពិតជាមានពូជអំបូរជាមួយគ្នាមែន
ដោយសំអាងទៅលើលទ្ធផលនៃការសិក្សារបស់លោក ទៅលើឈាមក្រហម hémoglobines(23)។
ចំណែកលោក G. Coedès លោកយល់ថា ហ្វូណន
ត្រូវនឹងពាក្យខ្មែរបុរាណ វ្នំ ដែលសព្វថ្ងៃក្លាយជាភ្នំ។ លោកបានបញ្ជាក់ថា
ស្ដេចនៅសម័យនោះមានឋានន្ដរនាមថា ស្ដេចភ្នំ ពាក្យខ្មែរបុរាណថា កុរុងវ្នំ
ត្រូវនឹងសំស្រ្កឹតថា បវិតភូបាល ឬ សៃលរាជ។
ជនជាតិចិនក៏បានយកឋានន្ដរនាមនេះប្រើសំរាប់ហៅប្រទេសដែលស្ដេចទាំងនោះ
គ្រប់គ្រងផងដែរ។
ចំពោះទំលាប់ខាងលើនេះ លោក E
Aymonier បានកត់សំគាល់ឃើញថា
ក្នុងសម័យបុរាណចិនមិនចេះវែកញែកមនុស្សអោយដាច់ពីប្រទេសទេ។
ពួកនេះច្រើនប្រើឈ្មោះតែមួយសំរាប់សំគាល់មនុស្សផង រាជធានីផង ប្រទេសទាំងមូលផង
ឬ ក៏ឈ្មោះឋានន្ដរនាមរបស់អ្នកដឹកនាំផង(24)។
ចំពោះទស្សនៈរបស់លោក G.coedès នេះ គួរកត់សំគាល់ថា
ឯកសារចិនបាននិយាយច្បាស់ថា អធិរាជអាណាចក្រភ្នំមានឋានន្ដរនាម គូលុង គឺ
ក្រុងដែលសព្វថ្ងៃមានន័យថា ស្ដេចសោយរាជ្យ។ បើដូច្នេះពាក្យ ហ្វូណន
ចិនហៅតាមឋានន្ដរនាមរបស់អធិរាជអាណាចក្រភ្នំ គឺកុរុងភ្នំ នេះឯង។
ឯការដែលមានឋានន្ដរនាមយ៉ាងនេះគឺ
ប្រហែលមកពីភ្នំជាទីកន្លែងដែលអធិរាជឡើងទៅជួបនឹងព្រះឥសូរ ឯចិនបាននិយាយថា «ព្រះអាទិទេពយាង
ចុះលើភ្នំម៉ូតាន Mo-tan ជាញឹកញាប់ ព្រះអង្គមកទីនោះ
ដើម្បីបញ្ចេញមហិទ្ធិរិទ្ធរបស់ព្រះអង្គ ព្រះអធិរាជទាំងឡាយបានទទួលនូវពរជ័យពីព្រះអង្គ
ហើយប្រជារាស្រ្ដក៏បានសុខចំរើនដោយសារនោះផង»។
២. បញ្ហាទីតាំង
នៅមុនពេលសង្គ្រាមសកលលោកលើកទី១
គេឃើញមានសង្វែងយោបល់ច្រើនចំពោះទីតាំងរបស់អាណាចក្រភ្នំ។លោក A. Rémusat ជឿថា
ហ្វូណនជាអាណាខេត្ដមួយរបស់ចិន ហើយស្ថិតនៅត្រង់ប្រទេសតុងកឹង។ លោក klaproth
និង Pauthier ថា ហ្វូណនត្រូវនឹងដែនដី pégou និងប្រទេសភូមា។ លោក Dequines
ថាត្រូវ នឹងកោះមួយនៅខាងលិចប្រទេសសៀម។ ឯលោក Barth ថាត្រូវនឹងឆ្នេរសមុទ្រតេណាស្សេរីម ក្រៅពីនេះអ្នក
សិក្សាឯទៀតជឿថា ហ្វូណននៅត្រង់ប្រទេសខ្មែរ ឬប្រទេសសៀម។
ដើម្បីអោយបានដឹងច្បាស់ពីទីតាំងរបស់ហ្វូណន
គួរគប្បីយើងលើកយកឯកសារចិនមកពិនិត្យអោយបានហ្មត់ចត់សិន។
ឯកសារទាំងនោះបានផ្ដល់ពត៌មានសំខាន់ៗដូចតទៅ៖
១. ហ្វូណនមានចំងាយ ៣០០០លី ខាងលិចប្រទេសលីនយី
២. ហ្វូណនមានចំងាយ ៧០០០លី ពី Jenan តុងកឹង
៣. ហ្វូណនមានទំហំ ៣០០០ លី ក្រោយពង្រីកធំដល់
៥០០០ ឬ ៦០០០លី
៤. ហ្វូណនស្ថិតនៅក្នុងឈូងសមុទ្រធំមួយ
៥. មានទន្លេធំមួយហូរពីខាងលិច ឯកសារខ្លះថាពាយព្យ
ហើយចាក់ទៅសមុទ្រ។
·
ប្រសិនបើយើងគិតថា ១លីមានប្រវែង ៥៧៦ម៉ែត្រ
ចំងាយពីលីនយីមកហ្វូណនមាន ១៧២៨គ.ម គឺត្រូវនឹងប្រទេសខ្មែរសព្វថ្ងៃ
កម្ពុជាក្រោម និងប្រទេសថៃផ្នែកកណ្ដាល។
ឈូងសមុទ្រធំក្នុងឯកសារចិនគឺឈូងសមុទ្រថៃ ឯទន្លេធំដែលហូរចាក់ទៅក្នុងសមុទ្រ
គឺគ្មានអ្វីក្រៅពីទន្លេមេគង្គ ឬបើនិយាយអោយចំទៅ
គឺទន្លេសាបហ្នឹងឯង។ សរុបសេចក្ដីមកឃើញថាមជ្ឈមណ្ឌលរបស់ហ្វូណន
ស្ថិតនៅត្រង់វាលទំនាបខាងក្រោមនៃទន្លេមេគង្គនេះឯង។
ត្រង់នេះអ្នកសិក្សាហាក់ដូចជាយល់ស្របគ្នាហើយ
តែនៅមានចំនុចមួយទៀតដែលអ្នកសិក្សានៅមិនទាន់ហ៊ានអារកាត់នៅឡើយ
គឺរឿងទីតាំងនៃរាជធានីដំបូងរបស់ហ្វូណន។
យ៉ាងនាមិញ សិលាចារឹកខ្មែរសម័យក្រោយមកទៀតបាននិយាយពីក្រុង
វ្យាធបុរ (បុរីនៃស្ដេចទាក់ដំរី) ដែលអ្នកប្រវត្ដិសាស្រ្ដចាត់ទុកថា
ជារាជធានីមួយរបស់ហ្វូណន ចិនហៅរាជធានីហ្វូណនថា តូម៉ូ (T'o mou) ដែលលោក G. Coedès ថាត្រូវនឹងពាក្យខ្មែរបុរាណ ទ្មាក់ ឬទល្មាក់
(អ្នកទាក់ដំរី)។ លោកយល់ទៀតថា ក្រុងវ្យាធបុរនេះស្ថិត នៅម្ដុំបាភ្នំនិងបាណាមក្នុងខេត្ដព្រៃវែងសព្វថ្ងៃ។
ព្រះភិក្ខុប៉ាង ខាត់ ក៏មានព្រះយោបល់ដូច្នេះដែរ។
ព្រះអង្គបានសរសេរថា «រាជធានីវ្យាធបុរ
តាំងនៅតំបន់បាភ្នំ ទំនងជានៅខេត្ដខ្សាច់បច្ចុប្បន្ននេះ
ព្រោះគេបានរកឃើញ បុរាណដ្ឋាន និងបុរាណទេវរូបជាច្រើននៅទីនោះ។
លិលាចារឹកមួយនៅវត្ដចក្រិតនៅជើងភ្នំពីស.វទី១០
បាននិយាយពីការកសាងទេវរូបព្រះឥសូរហៅថា អទ្រិវ្យាធបុរេស្វរ
តំកល់ទុកនៅទីនោះ»(25)។
គួរកត់សំគាល់ម្យ៉ាងទៀតថា
នៅតំបន់បាភ្នំឈើកាច់សព្វថ្ងៃនេះមានភូមិជាច្រើនដែលមានឈ្មោះទាក់ទងនឹង ដំរី
គឺភូមិរោងដំរី ក្បាលដំរី និងព្រៃដំរី។
តើយើងអាចចាត់ទុកឈ្មោះទាំងនេះថា
ជាអនុស្សាវរីយ៍លើទីតាំងរាជធានីអាណាចក្រភ្នំបានទេ? តាមប្រវត្ដិរាជវង្សលាង
ក្រុងនេះស្ថិតនៅប្រហែល២០០លី ពីសមុទ្រ បើគិតទៅគឺត្រូវ នឹងចំងាយពីបាភ្នំទៅ
អូរកែវដែលជាកំពង់ផែធំមួយរបស់ហ្វូណន។ នៅពេលសង្គ្រាមលោកលើកទី២ លោក Louis
Malleret អ្នកប្រាជ្ញបារាំងបានធ្វើកំនាយផ្សេងៗ
ក្នុងដែនដីសន្ដរទន្លេមេគង្គ ហើយបានរកឃើញរម្មណីយដ្ឋាន អូរកែវនេះ
ដែលលោកចាត់ទុកថា ជាកំពង់ផែធំរបស់ហ្វូណន ព្រោះនៅទីនោះគឺនៅខាងត្បូងភ្នំបាថេ
ខេត្ដក្រមួនស គេបានជីករកឃើញឃឿនសំណង់ផ្សេងៗ
ព្រមទាំងវត្ថុផ្សេងៗទៀតជាច្រើន ខ្លួះមកពីចក្រភពរ៉ូម ខ្លះទៀតមកពីប្រ ទេសឥណ្ឌា
និងខ្លះទៀតជាវត្ថុធ្វើពីថ្មរំលីង។ ដោយហេតុនេះហើយទើបមានមតិខ្លះយល់ថា
អូរកែវនេះរាជធានី ដើមបង្អស់របស់ហ្វូណន។ ប៉ុន្ដែមានអ្នកសិក្សាខ្លះទៀតដូចជាលោក Jean
Boisselier ជាដើមបែរជាយល់ថា រាជធានីនេះស្ថិតនៅត្រង់វាលទំនាប
ខាងក្រោមនៃទន្លេមេនាមវិញ ព្រោះលោកសំអាងថា
នៅទីនោះលោកបានរកឃើញរូបខ្លះធ្វើពីឥដ្ឋ។ បើតាមលោក
របស់បែបនេះគឺជារបស់ធ្វើក្នុងស្រុក មិនមែននាំយកមកពីក្រៅទេ។
ប៉ុន្ដែអ្នកប្រាជ្ញបារាំងនេះយល់ដែរថា នៅខាងចុងសម័យហ្វូណន
រាជធានីនេះត្រូវលើកយកទៅតាំងត្រង់កន្លែងមួយ
នៅជិតពាមទន្លមេគង្គខាងត្បូងប្រទេសកម្ពុជា(26) ។
៣.បញ្ហាបង្កើតរាជវង្សដំបូង
ក.ព្រះបាទហ៊ុនទៀន ព្រះនាងលីវយី
លោក កាំង ថៃ រាជទូតចិនដែលបានធ្វើដំណើរមកហ្វូណននៅពាក់កណ្ដាលស.វ.ទី៣
បានកត់ទុកថា បឋមក្សត្រនៃរដ្ឋហ្វូណនឈ្មោះ ហ៊ុនទៀន
បានមកពីប្រទេសឥណ្ឌាឬពីជ្រោយម៉ាលាយូ ឬពីកោះខាងត្បូង។ ហ៊ុនទៀន
បានយល់សប្ដិឃើញទេវតារក្សាខ្លួនប្រគល់ធ្នូទិព្វអោយ
ហើយបញ្ជាអាយឡើងជិះសំពៅធំមួយ។ ព្រលឹមឡើងហ៊ុនទៀន
បានទៅកាន់ប្រាសាទតំកល់ទេវតា ហើយបានឃើញធ្នូដូចយល់សប្ដិមែន។
បន្ទាប់ពីនោះក៏បានធ្វើដំណើរតាមសមុទ្រ ហើយទៅដល់ហ្វូណន។
រាជនីរដ្ឋនេះឈ្មោះនាង លីវយី
លុះបានឃើញសំពៅចំលែកក៏លើកទ័ពមកបំរុងដេញកំចាត់សត្រូវ តែត្រូវហ៊ុនទៀន
យកធ្នូទិព្វបាញ់សំពៅរបស់នាងធ្លាយពីម្ខាងទៅម្ខាង។ នាងភិតភ័យខ្លាំង
ហើយសុំចុះចាញ់ ហ៊ុនទៀន ក៏យកនាងធ្វើជាមហេសី។
រួចមកក៏នៅគ្រប់គ្រងរដ្ឋហ្វូណនជាតំន តទៅកូនចៅទៀតផង។
ខ.ព្រះបាទកៅឌិញ្ញ
ព្រះនាងសោមា
បើយោងទៅតាមសិលាចារឹកនៅមីសុន
និងព្រះឥន្ទកោសីវិញ គេអាចកត់សំគាល់បានថា ព្រះមហាក្សត្រខ្មែរទី១
មានព្រះនាមកៅឌិញ ព្រះអង្គជាជនជាតិឥណ្ឌា
មកពីស្រុកឥណ្ឌាក្នុងវណ្ណៈព្រាហ្មណ៍។ ព្រះអង្គបានធ្វើដំណើរតាមសំពៅ
ឆ្លងកាត់តាមមហាសាគរមកដល់នគរគោកធ្លក។ សំពៅព្រះអង្គត្រូវប្រជាជននៅទីនោះ
នាំគ្នាវាយប្រហារចង់លួចប្លន់។ ព្រះកៅឌិញ្ញបានវាយតបទៅលើកងទ័ពព្រះនាងសោមា
ដែលត្រូវបរាជ័យ បាក់ទ័ពលិចលង់ទូកកណ្ដាលសមុទ្រ រត់ចុះចាញ់អស់។
ក្រោយបានជ័យជំនះហើយ ព្រះកៅឌិញ្ញក៏រៀបអភិសេកនឹងព្រះនាងសោ មា
ស្ដេចស្រីនគរភ្នំ។ ព្រះអង្គក៏បានឡើងសោយរាជ្យជាព្រះមហាក្សត្រនៅនគរភ្នំ
ព្រឹត្ដិការណ៍នេះបើតាមប្រវត្ដិវិទូខ្លះបានកើតឡើងនៅក្នុងស.វទី១
នៃគ្រឹស្ដសាសនា។
ដោយឃើញស្រ្ដី និងបុរសនៅនគរភ្នំ
ជាពិសេសម្ចាស់ក្សត្រីលីវយី មិនចេះស្លៀកពាក់បញ្ចេញខ្លួនអាក្រាត ឥតអៀនខ្មាស
ព្រះបាទកៅឌិញ្ញ ក៏បង្ហាត់បង្រៀនអ្នកទាំងនោះ
អោយចេះកាត់ដេរសំលៀកបំពាក់បិទបាំងកេរខ្មាស់ ។
ដំបូងព្រះអង្គបានអោយយកក្រណាត់មកចោះធ្វើប្រហោងល្មមស៊កក្បាលចុះ
ដែលថ្ងៃក្រោយ ក្លាយទៅជាអាវបំពង់វែង។នេះបើតាមឯកសារចិនដដែល។ ប៉ុន្ដែអ្វីដែលសំខាន់
ដែលព្រះអង្គបាននាំមកផ្ដល់ដល់សង្គមខ្មែរនោះគឺ វិជ្ជាចំណេះចេះដឹង
ដែលមាននៅក្នុងភាសា អក្សរសំស្រ្កិត ទ្រឹស្ដីឧត្ដមគតិ ទស្សនៈ
ច្បាប់វិន័យក្បួនខ្នាត គម្ពីរតំរា និងរបៀបរៀបចំចាត់ចែងគ្រប់គ្រងនគរ
ដែលមាននៅក្នុងលទ្ធិព្រហ្មញ្ញសាសនា។
របបរាជានិយមខ្មែរ ត្រូវបានរៀបចំ
ចាត់ចែងកំនត់ទៅតាមក្រិត្យក្រមវិន័យក្បួនខ្នាត
ដែលមាននៅក្នុងគម្ពីរព្រហ្មញ្ញសាសនា។ ឯការគោរពបូជាផ្នែកសាសនាវិញ
បានផ្លាស់ប្ដូរមកព្រះសិវៈ ឬព្រះឥសូរ ដែលជាព្រះអាទិទេព មួយអង្គយ៉ាងសំខាន់
នៅក្នុងព្រហ្មញ្ញសាសនា។ លិង្គជាច្រើនត្រូវបានគេសាងសង់ឡើង សំរាប់តំណាងព្រះអាទិទេពអង្គនេះ។
ដូច្នេះ នេះជាលើកទី១ក្នុងប្រវត្ដិសាស្រ្ដ ដែលនគរខ្មែរ
ឬនគរគោកធ្លកបានទទួលអរិយធម៌ វប្បធម៌ និងឥទ្ធិពលឥណ្ឌា។
ព្រះរាជធានីដំបូងរបស់នគរហ្វូណន ឬនគរភ្នំ មានឈ្មោះថាវ័យធបុរៈ
ដែលស្ថិតនៅជិតទន្លេមេគង្គ ជិតស្រុកបាណាម និងបាភ្នំ។
គ. រាជវង្សអាណាចក្រភ្នំ
១ ព្រះបាទហ៊ុនហ្វាន់ហួង
ព្រះបាទហ៊ុនហ្វាន់ហួង
ជាបុត្រច្បងរបស់ព្រះបាទហ៊ុនទៀន(កៅឌិញ)
ព្រះអង្គបានទទួលស្នងរាជពីបិតា។កាលនោះនគរហ្វូណនមាននគរចំណុះ៧
ហើយនគរទាំង៧នោះមានបំណងរើបំរះទារយកឯករាជ្យវិញ តែត្រូវព្រះបាទ
ហ៊ុនហ្វាន់ហួងវាយបង្រួបបង្រួមធ្វើជាប្រទេសតែមួយ
និងដាក់ញាតិវង្សរបស់ព្រះអង្គអោយគ្រប់គ្រងលើនគរចំណុះទាំងអស់នោះផង។
២ ព្រះបានហ្វាន់ហ្វាន់
ព្រះអង្គគឺជាបុត្រទី២របស់ព្រះបាទហ៊ុនហ្វាន់ហួង
ព្រះអង្គបានទទួលស្នងរាជពីបិតា តែព្រះអង្គជាមនុស្សខ្ជិល
ច្រអូសមិនរវីរវល់ពីរឿងនគរទេ ដូច្នេះកិច្ចការតូចធំត្រូវបានមេទ័ពដ៏អង់អាចម្នាក់
(ហ្វាន់ឆេម៉ាន់)ទទួលរ៉ាប់រង ជំនួសទាំងអស់។
បីឆ្នាំក្រោយមកព្រះអង្គក៏ចូលទីវង្គត់បាត់ទៅ
នាហ្មឺនសព្វមន្រ្ដីបានសំរេចលើកលោកមេទ័ព
ហ្វាន់ឆេម៉ាន់អោយស្នងរាជបន្ដពីព្រះអង្គ ព្រោះលោកក៏ជារាជវង្សម្នាក់របស់ព្រះបាទហ្វាន់ហ្វាន់ដែរ។
៣ ព្រះបាទហ្វាន់ឆេម៉ាន់
ឬហ្វាន់ម៉ាន់ ឬព្រះបាទស្រីមារៈ
វត្ដមានរបស់ព្រះបាទហ្វាន់ម៉ាន់ក្នុងការស្នងរាជ
ពុំបានធ្វើអោយស្ដេចក្រាញ់ទាំងឡាយសប្បាយចិត្ដទេ។ ពួកគេ
បានធ្វើការបះបោរជាខ្លាំង
តែត្រូវបានព្រះបាទហ្វាន់ម៉ាន់វាយបង្រ្កាបអោយស្ងាត់ស្ងៀមទៅវិញ។
ព្រះបាទហ្វាន់ ម៉ាន់ជាក្សត្រអង់អាចក្លាហានណាស់។ ព្រះអង្គបានបញ្ជាអោយគេធ្វើសំពៅធំៗ
ដាក់បានមនុស្សរហូតដល់ ៧០០នាក់។
ព្រះអង្គបានវាយបង្រ្កាបប្រទេសជិតខាងរហូតដល់ជ្រោយមាលាកា
និងបានយកនគរជាច្រើនមកដាក់ជាចំណុះ។ ព្រះអង្គបានគ្រប់គ្រងលើដីធំទូលាយ
និងលើផ្ទៃសមុទ្រដ៏ល្វឹងល្វើយ ពីសមុទ្រចិន គឺម្ដុំញ៉ាត្រាង (កម្ពុជាក្រោម)
ទៅឈូងសមុទ្រថៃរហូតដល់ឈូងសមុទ្របឹងហ្គាល។ បើយោលទៅតាមលោកហ្សកកូដេស
ព្រះបាទហ្វាន់ម៉ាន់
បានបាត់បង់ព្រះជន្មនាពេលដែលព្រះអង្គយាងចេញទៅបំពេញបេសកកម្មនៅតាមព្រំប្រ
ទល់មានគីនលីន (ម្ដុំជ្រោយម៉ាលាកា)។
ក្នុងពេលប្រតិបត្តិការមួយ
ដោយព្រះអង្គចាប់ផ្ដើមមានជំងឺ ព្រះអង្គបានបញ្ជូនកូនឈ្មោះ គិនចេង
អោយដឹកនាំទ័ពចេញច្បាំងជំនួសព្រះអង្គ។ ព្រះអង្គហ្វាន់ម៉ាន់
បានទុកក្មួយឈ្មោះចាន់ដែលមានកងពលប្រមាណ២០០០ នាក់ នៅជិត សំរាប់ការពារ។
ចាន់ជាកូនប្រុសរបស់បងស្រីព្រះអង្គ។ តែមេទ័ពចាន់បែរជាឆ្លៀតឱកាសនេះ
ធ្វើរដ្ឋប្រហារ សំលាប់ព្រះបាទហ្វាន់ម៉ាន់ជាមា
ហើយប្រកាសតាំងខ្លួនជាព្រះមហាក្សត្រនគរភ្នំ។ ព្រឹត្ដិការនេះ
ប្រហែលជាផ្ទុះនៅក្នុងគ.ស២២៥-២៣០។
៤ ព្រះបាទហ្វាន់ចាន់
ឬព្រះបាទធរនិន្រ្ទវរ្ម័ន(គស២២៥-២៤៥)
ពេលឡើងគ្រងរាជភ្លាម
ព្រះបាទហ្វាន់ចាន់បានចេញបញ្ជាអោយគេធ្វើឃាតពួកក្សត្រពេញច្បាប់ចោលអស់
តែកាលនោះអនុជព្រះបាទគិនចេងបានរត់រួចពីការកាប់សំលាប់នេះ។
លុះធំដឹងក្ដីកាលណាព្រះអង្គក៏វិលត្រលប់
មកសម្លាប់ព្រះបាទហ្វាន់ចាន់សងសឹកជួសរាជវង្សព្រះអង្គបានដូចប្រាថ្នាមែន។
តែមិនបានប៉ុន្មានផងព្រះអង្គ បែរជាត្រូវមេទ័ពជំនិតរបស់ព្រះហ្វាន់ចាន់ធ្វើគតវិញម្ដង។
រឿងរាវនេះកើតនៅរវាង គស២២៥-២៣០
គេបានរកឃើញសិលាចារឹកមួយដែលមានចំនាស់ជាងគេបំផុតនៅវ៉ូកាញ់
ដែលចាពីទំនាក់ទំនងការទូតរវាងព្រះអង្គ នឹងមហាក្សត្រឥណ្ឌា
(រាជវង្សមុរុណទស)។
កាលណោះព្រះបាទហ្វាន់ចាន់បានចងសម្ព័ន្ធជាលើកទី១
ជាមួយប្រទេសឥណ្ឌានិងប្រទេសចិន។ នៅដើមគ.ស ២២៥
ព្រះបាទហ្វាន់ចាន់បានបញ្ជូនរាជវង្សទ្រង់ម្នាក់ទៅដល់ពាមសៃហ្កង់
ហើយបានឡើងទៅដល់រាជធានី របស់ព្រះមហាក្សត្រនៃរាជ្យវង្សមុរុណទស
(ងារនៃរាជវង្សកុសច័ន្ទនៃកុសនៈ)។ ពេលត្រលប់មកប្រទេសខ្មែរ វិញ
ព្រះមហាក្សត្រមុរុណទស បានជូនអំណោយនូវសេះអាជានេយ្យបួនពីឥណ្ឌាសីតផង។
នៅគស២៤៣ ព្រះអង្គ បានបញ្ជូនបេសកជនទៅប្រទេសចិនម្ដង ដោយនាំយកសួយសារអាករ និង
ក្រុមភ្លេងទៅថ្វាយអធិរាជចិនផង។
មួយឆ្នាំក្រោយមកអធិរាជចិនក៏បានរៀបចំស្ថានទូតមួយអោយខ្មែរនៅណង់កាំង។
បេសកកម្មចិនដែលត្រូវបានមកហ្វូណន
នៅចន្លោះ គស២៤៥-២៥០ បានពើបប្រទះជនជែងរាជម្នាក់
នៅលើរាជបល្ល័ង្គខ្មែរគឺហ្វាន់ស៊ីយុន(ហ្វាន់ស៊ីហុង) ឬព្រះបាទអស្សាជ័យ
ហើយក៏បានជួបរាជទូតមរុណទសនៅទីនោះ ដែរ។
បេសកកម្មចិនលើកនេះបានផ្ដល់នូវពត៌មានសំខាន់ៗជាច្រើនពីនគរហ្វូណនដូចតទៅ
"ប្រជាជននៅនគរ នោះមិនសូវស្អាតទេគឺមានសំបុរខ្មៅ មានសក់ក្រញ៉ាញ់
មានខ្លួនអាក្រាតហើយដើរនឹងជើងទទេ ចូលចិត្ដរបរកសិកម្ម
និងចូលចិត្ដឆ្លាក់រចនា។
របស់ប្រើប្រាស់ដែលគេសំរាប់ដាក់គ្រឿងបរិភោគសុទ្ធតែធ្វើអំពីប្រាក់។ ឯពន្ធដារគេបង់ជាមាស
ប្រាក់ គុជ ឬគ្រឿងកំញាន។ ពួកគេមានសៀវភៅ និងប័នសារពន្ធអាករដែលមានអក្សរស្រដៀង
អក្សរហ៊ូ
(បានន័យថាដូចពួកអាស៊ីកណ្ដាលដែលប្រើប្រាស់អក្សរដើមពីឥណ្ឌាដែរ(ហ្សកកូដេស))។
៥ ព្រះបាទហ្វាន់ស៊ីយុន(ស៊ីហុង)
ឬព្រះបាទអស្សាជ័យ(គស២៤៥-២៨៧)
ក្រោយពីបានធ្វើគតបុត្រាទី២របស់ព្រះបាទហ្វាន់ម៉ាន់
មេទ័ពរបស់ហ្វាន់ចាន់ គឺហ្វាន់ស៊ីហុងក៏បានក្លាយទៅជាស្ដេច នៃនគរហ្វូណន នៅគ.ស.២៤៥
ព្រះអង្គបានទទួលរាជទូតចិនពីរនាក់។ នៅចន្លោះ ស.គ. ២៦៨ -២៨៧ ព្រះ
អង្គបានបញ្ជូនរាជទូតខ្មែរទៅស្រុកចិនវិញជាបន្ដបន្ទាប់។ ព្រះបាទហ្វាន់ស៊ីហុងគ្រងរាជនៅនគរភ្នំយ៉ាងហោច
ណាស់ក៏ដល់ គស២៨៧ដែរ
គឺជាឆ្នាំទំនាក់ទំនងការទូតចុងក្រោយរបស់ព្រះអង្គជាមួយប្រទេសចិន។
បើតាមឯកសារចិននោះ រាជវង្សរបស់ព្រះថោងនិងនាងនាគ
បានគ្រប់គ្រងនៅប្រទេសខ្មែររហូតពីរសតវត្ស ដូច្នេះស្ដេចទាំងប៉ុន្មានដែលបានរៀបរាប់ខាងលើសុទ្ធសឹងតែជារាជវង្សរបស់ព្រះថោងនិងនាងនាគទាំងអស់។
II. សង្គមខ្មែរសម័យអាណាចក្រភ្នំ
ដំណើរវិវត្ដន៍នៃប្រវត្ដិសាស្រ្ដបានង្ហាញថា
អាណាចក្រភ្នំ បានទទួលឥទ្ធិលពលអរិយធម៌ ឥណ្ឌាយាងខ្លាំងអស់ពីរលើក គឺមួយលើកនៅដើម
គ.សទី១ និងមួយលើកទៀតនៅដើមគ.សទី៥។ តទៅទៀត យើងនឹងសាកល្បងគូសវាសរូប
ភាពសង្គមខ្មែរនៅសម័យនោះដោយពឹងផ្អែកទៅលើឯកសារចិន (២៨) និងសិលាចារឹក។
ក. ជីវភាពសង្គម
លក្ខណមនុស្ស ការរស់នៅ ទំនៀមទំលាប់
ឯកសារចិនជាច្រើនបាននិយាយបញ្ជាក់ថា
មនុស្សនៅអាណាចក្រភ្នំមានសំបុរខ្មៅ សក់រួញអង្គាដី រូបច្រើនមិន សូវបាន។
ព៌តមានប៉ុណ្ណោះអាចប្រាប់យើងពីលក្ខណនរវិទ្យារបស់ជនជាតិខ្មែរ-មនជាទូទៅ
និងជាពិសេសរបស់ ជនជាតិខ្មែរយើងនេះឯង ដែលចិននិយាយថា មានសំបុរខ្មៅក្ដី
រូបច្រើនមិនសូវបានក្ដី គឺគេនិយាយដោយប្រៀបធៀបជាមួយលក្ខណរបស់មនុស្សចិន។
ប៉ុន្ដែដោយមានកង្វះឯកសារជាភាសាខ្មែរនៅសម័យនោះទើប
អ្នកសិក្សាស្រាវជ្រាវបានបញ្ចេញទស្សនៈប្លែកៗចំពោះម្ចាស់ដើមនៃអាណាចក្រភ្នំនេះ
អ្នកខ្លះយល់ថារដ្ឋនេះជា រដ្ឋឥណ្ឌាខ្លះទៀតយល់ថារដ្ឋមន ឬខ្មែរមនផង
ឬមលយូទៅវិញ។ តាមការពិតជាតិទាំងប៉ុន្មានខាងលើនេះសុទ្ធតែ បានរស់នៅក្នុងអាណាចក្រភ្នំជាមួយគ្នាទាំងអស់
ហើយអ្នកខ្លះជាអ្នកកាន់អំណាចគ្រប់គ្រងគេ(ខ្មែរនិងឥណ្ឌាខ្លះ)
ឯអ្នកឯទៀតជាអ្នកត្រូវគេគ្រប់គ្រងប៉ុណ្ណោះ (មន-មលយូ) (ចំពោះបញ្ហានេះ
សូមមើលអត្ថបទ «ហ្វូណនជារដ្ឋខ្មែរ
ឬពុំមែនទេ? » ចុះផ្សាយក្នុងព្រិត្ដិប័ត្រវិទ្យាស្ថានខ្មែរលេខ ៥ខែសីហា គ.ស.១៩៧៣)។
ឯកសារចិនដដែលបាននិយាយទៀតថា
មនុស្សនៅអាណាចក្រភ្នំច្រើនលែងខ្លួន អ្នកក្រស្លៀកសារុងអំបោះដើរ
ជើងទទេអ្នកមាននិងនាម៉ឺនស្លៀកសារុងចរបាប់ពាក់ស្បែកជើង។
ផ្ទះសង់ខ្ពស់ពីដីប្រក់ស្លឹកចាក ដែលដុះនៅមាត់សមុទ្រ ហើយមានការតុបតែង។ ផ្ទះទាំងនោះសុទ្ធសង់ពីឈើដែលគេកាប់យកមកពីក្នុងព្រៃ
មានរបងព័ទ្ធជុំវិញ ហើយផ្ដុំគ្នាជាភូមិ មានពី៥០ ទៅ៦០ ផ្ទះ
ដែលមានស្រះមួយសំរាប់យកទឹកប្រើប្រាស់រួមគ្នា។
មនុស្សនៅអាណាចក្រភ្នំ
គ្មានគំនិតរញិមរញ៉ាំត្រង់ណាស់ មិនចេះលួចទេ (ឯកសារខ្លះថា មានចិត្ដលោភលន់)
មានការប៉ិនប្រសប់ហើយខិល ព្រោះចូលចិត្ដចាប់យកមនុស្សនៅក្រុងជិតខាង
ដែលមិនព្រមគោរពរាប់អានខ្លួន មកធ្វើជាខ្ញុំកំដរ។ នៅពេលទំនេរ
គេចូលចិត្ដលេងប្រជល់មាន់ និងប្រជល់ជ្រូក។
សង្គមអាណាចក្រភ្នំជាសង្គម «មេនិយម» គឺគេទុកស្រីជាធំ
ក្នុងគ្រួសារផង ក្នុងសង្គមផង រឿងនាងលីវយី លើកទ័ពទៅតទល់នឹងហ៊ុនទៀន
ជាភស្ដុតាងមួយយ៉ាងជាក់ស្ដែង។ ឯកសារចិនបាននិយាយថា ពិធីបុណ្យការ និង
បុណ្យសពមានលំនាំដូចនៅលើយី ហើយបានបញ្ជាក់ថា
នៅស្រុកនោះស្រីៗទៅដណ្ដឹងប្រុសៗ បើដូច្នេះអ្នកស្រុកភ្នំ
សម័យនោះច្បាស់ជានៅនិយាយអោយស្រីទៅដណ្ដឹងប្រុសនៅឡើយ។
នេះជាធាតុមួយទៀតសំរាប់បញ្ជាក់ពី អត្ថិភាពនៃលទ្ធិ «មេនិយម» ទៀតដែរ។
ចំពោះរឿងនេះពួកចិនបានកត់សំគាល់ម្យ៉ាងទៀតថា
នៅក្នុងគ្រួសារពួកស្រីប្រុសគេអាចទាក់ទងគ្នាបានតាមទំនើងចិត្ដ។
ក្នុងករណីកាន់ទុក្ខ គេត្រូវតែកោរសក់កោរពុកមាត់ ឯពិធីរំលាយសព្វមាន៤យ៉ាង៖
១. បោះសពចោលទៅក្នុងទឹកទន្លេ
២. បូជាដោយភ្លើង
៣. យកសពទៅកប់
៤. យកសពទៅដាក់ចោលក្នុងព្រៃស្មសានអោយសត្វស៊ី។
ក្នុករណីបូជាដោយភ្លើង
គេតែងប្រមូលធាតុ ដែលនៅសល់យកទៅដាក់ក្នុងកោដ្ឋ១បិទជិត
ហើយយកទៅបោះចោលក្នុងទឹកទន្លេ។ បើជាព្រះមហាក្សត្រកោដ្ឋនោះធ្វើពីមាស
បើជានាម៉ឺនសព្វមុខមន្រ្តីគេប្រើកោដ្ឋជាប្រាក់
ហើយបើជារាស្រ្ដសាមញ្ញប្រើកោដ្ឋដី។ អ្នកស្រុកអាណាចក្រភ្នំចូលចិត្ដប្រើវិធីអស្ចារ្យដើម្បីរកសេចក្ដីពិត។
កាលណាមានបាត់របស់អ្វីមួយ គេយកបាយមួយពុំនូត យកទៅដាក់ចំពោះព្រះភក្រ្ដទេព្ដា
រួចគេអង្វរសូមអោយព្រះអង្គជួយបង្ហាញមុខជនទុច្ចរិត។ ស្អែកឡើងគេយក បាយនោះ
ទៅចែកអោយពួកខ្ញុំនៅក្នុងផ្ទះអោយបរិភោគ ក្នុងមាត់របស់ចោរនឹងមានឈាមហូរចេញយ៉ាងជាក់
ស្ដែង ហើយវាមិនអាចទំពារបាយផង
ឯមាត់របស់ជនទៀងត្រង់បាយនោះអាចរឥលទៅក្នុងមាត់ដោយស្រួល។
ម្យ៉ាងទៀតបើកាលណាមានជនជាប់ចោទ គេអោយជននោះអត់បាយ៣ថ្ងៃ
រួចគេតំរូវអោយលូកយកវត្ថុផ្សេងៗ ចេញពីទឹកកំពុងពុះ ឬកាន់ពូថៅ ឬច្រវាក់ដុតក្រហមដើរ
៧ជំហាន។ បើមានកំហុសមែន ដៃរបស់ជននោះត្រូវ រលាករលួយ
ផ្ទុយទៅវិញគឺគ្មានហ្មងអ្វីទាំងអស់។
III. ឥណ្ឌាវូបនីយកម្មលើកទី២
បន្ទាប់ពីរាជរបស់ស្ដេចអស្សាជ័យ
ឬហ្វាន់ស៊ីយុន ឬហ្វាន់ស៊ីហុង មក ស្ថានភាពរាជបល័្លង្គនៃនគរហ្វូណនហាក់ដូច
ជាមានការល្អក់កករស្រពិចស្រពិលជាខ្លាំង។
ដោយខ្វះឯកសារគេពុំអាចដឹងបានពីព្រឹត្ដិការណ៍ផ្សេងៗ ដែលកីតឡើងនៅក្នុងពេលនោះទេ។
នៅចេន្លាះ គ.ស.២៨៥ ២៨៨ មានរាជទូតហ្វូណនបីនាក់បានចូលទៅគាល់មហា ក្សត្រចិន
ព្រោះកាលនោះពាណិជ្ចកម្មនាវាចររវាងចិននឹងខ្មែរ មានការរីកចំរើនជាខ្លាំង ដោយសាររាជវង្សចិន
ទើបតែបង្រួបបង្រួមគ្នា ដូច្នេះបានជាគេត្រូវការវត្ថុមានតំលៃផ្សេងៗ
សម្រាប់បំពេញសេចក្ដីត្រូវការបស់អធិរាជ ថ្មី។
បើតាមយោបល់របស់លោកហ្សកកូដេស នៅរវាង គស៣៥៧
ដោយសារមានវិបត្ដិនិងការវិកវរជាថ្មីនៅប្រ ទេសឥណ្ឌា នគរហ្វូណនត្រូវបានទទួលការរាតត្បាត
ឬនឹងហូរចូលជាថ្មីនៃជនអន្ដោប្រវសេន៍ឥណ្ឌា មានជាអាទិព្រះ បាទត្ថានតាន់
ឬចាន់ដាន់(រាជងាររបស់ពួកសករាជវង្សនៃពួកសករាជវង្សនៃពួកកុសន
ដែលទើបតែត្រូវរលត់ រលាយនៅប្រទេសឥណ្ឌា) ដែលប្រហែលជាមានដើមកំណើតចេញពីអ៉ីរ៉ង់
ប្រហែលជាពួក "កុសច័ន្ទ"។ ក្រោយពេលដែលព្រះអង្គបានទទួលរាជាភិសេក
ព្រះអង្គមាននាមថា ព្រះបាទកៅឌិញវរ្ម័នទី២។
សិលាចារឹកខ្លះនៅអង្គរក៏បានរៀបរាប់ពីប្រវត្ដិរបស់ទ្រង់ដែរ។
ព្រះអង្គជាក្សត្រមកពីប្រទេសឥណ្ឌា
ជាត្រកូលព្រាហ្មណ៍ដូចគ្នានឹងព្រះបាទកៅឌិញទី១ (ព្រះថោង)ដែរ។ ព្រះអង្គគ្រងរាជនៅ
"វ័យធបុរៈ" ឬ "បុរីទម័ក" ដដែល។នៅពេលជាមួយ គ្នានោះដែរ
មានការកកើតនគរឥណ្ឌូជាបន្ដបន្ទាប់នៅបកនេអូ និងនៅកោះជ្វា។
គឺនៅក្នុងជំនាន់នោះឯង
ដែលប្រជាជនខ្មែរនៅហ្វូណនបានធ្វើពាណិជ្ជកម្មអន្ដរជាតិជាមួយប្រទេសនានានៅអាស៊ី
និងនៅទ្វីបអឺរុបផងដែរ។ កំពុងផែសំខាន់របស់ខ្មែរនាសម័យនោះស្ថិតនៅ អូរអោ
(កម្ពុជាក្រោម) និងនៅអូរកែវ(បច្ចុប្បន្នឈូងសមុទ្រថៃ)។
ក ព្រះបាទកៅឌិញវរ្ម័នទី២
កាលឡើងគ្រងរាជសម្បត្ដិនៅស្រុកខ្មែរ
ព្រះអង្គបន្ថែមឈ្មោះវរ្ម័ន មកលើព្រះនាមព្រះអង្គ ដែលក្លាយទៅជាព្រះបាទកៅឌិញវរ្ម័ន
ព្រះអង្គជាក្សត្រមួយអង្គ ប្រកបដោយទសពិធរាជធម៌ ស្រលាញ់សន្ដិភាព
និងមានរិទ្ធិចេស្ដា ខ្លាំងណាស់។
ព្រះអង្គតែងមានចិត្ដប្រណីចំពោះបណ្ដាជនទាំងឡាយ។
ព្រះអង្គជាក្សត្រកាន់ព្រហ្មញ្ញសាសនាគោរពបូជាព្រះសីវៈ (ព្រះឥសូរ)។
នៅក្នុងរាជព្រះអង្គ ប្រជាជនខ្មែររស់នៅដោយសុខសាន្ដ និងបរិបូណ៌ណាស់។
ឯស្ថាប័នផ្សេងៗ ដូចជាការអប់រំ ជំនឿសាសនា វប្បធម៌ អរិយធម៌ជាដើម
ត្រូវព្រះអង្គរៀបចំតាមរបៀបព្រហ្មញ្ញសាសនាដដែល។
ទោះជាព្រហ្មញ្ញសាសនាមានឥទ្ធពលខ្លាំងមែន តែពុទ្ធសាសនា(មហាយាន) ក៏នៅតែអាច
នៅស្រុះស្រួលជាមួយគ្នាបានដោយសុខសាន្ដដែរ។ ព្រះបាទកៅឌិញវរ្ម័នទី២
បានស្នើសុំក្សត្រនៅឥណ្ឌា ដែល ត្រូវជាញាតិវង្សទ្រង់
អោយបញ្ជូនព្រាហ្មណ៍បណ្ឌិតជាច្រើនមកពីឥណ្ឌា
ដើម្បីជួយរៀបចំស្រុកអោយបានរុងរឿង ព្រះអង្គក៏បានប្រទានរង្វន់ជាទីគាប់ចិត្ដ
ជាកិត្ដិយស មាសប្រាក់ បុណ្យសក្ដិ
និងទ្រព្យសម្បត្ដិជាច្រើនដល់ពួកព្រាហ្មណ៍ទាំងនោះ។
ព្រះបាទកៅឌិញវរ្ម័នទី២
ជាព្រះមហាក្សត្រមួយអង្គ ខ្លាំងពូកែ ល្បីល្បាញ
មាននគរជិតឆ្ងាយជាច្រើនបានចុះចូលជានគរចំនុះ។
ព្រះអង្គមានបុត្រាមួយដែលគេបានស្គាល់ក្រោមព្រះនាមថា ព្រះបាទស្រីឥន្រ្ទវរ្ម័ន។
ព្រះអង្គ ឡើងសោយរាជពី គ.ស ៣៥៧ ដល់ ៤៣០ ព្រះរាជធានីតាំងនៅ វ័ធបុរៈ
ហើយដែលចិនហៅក្លាយទៅជា ទូមូ ឬទម័ក។
ខ ព្រះបាទស្រីអន្រ្ទវរ្ម័ន(គស៤៣០-៤៨០)
ព្រះបាទស្រីអន្រ្ទវរ្ម័ន
ជាព្រះរាជបុត្ររបស់ព្រះបាទកៅឌិញវរ្ម័នទី២ ព្រះអង្គបានទទួលស្នងរាជពីបិតាទ្រង់នៅ
រវាង គស៤៣០-៤៣៥។
ព្រះអង្គបានរក្សាទំនាក់ទំនងការទូតជាមួយប្រទេសចិនជានិច្ច។ នៅគស៤៣៤ ៤៣៥
និង ៤៣៨ ព្រះអង្គបានបញ្ជូនរាជទូតព្រះអង្គបីដងទៅគាល់ព្រះចៅចិនឈ្មោះ «វេន» ត្រកូលសុង។ កាលណោះ
ប្រទេសចិនកំពុងមានទំនាស់ជាមួយប្រទេសចំប៉ាក្នុងការដន្ដើមគ្នាយកអាណាខេត្ដតុងកឹង។
ក្នុងនាមជាមិត្ដភាព ព្រះអង្គមិនបានគាំទ្រ
ជួយជ្រោមជ្រែងស្ដេចចាមដែលច្បាំងនឹងប្រទេសចិននោះទេ។
គ ព្រះបាទកៅឌិញជ័យវរ្ម័ន(គ.ស.៤៨០
៥១៤ )
ព្រះអង្គគឺជាបុត្ររបស់ព្រះបាទស្រីឥន្រ្ទវរ្ម័ន។
ព្រះអង្គបានបន្ដកិច្ចការទូតជាមួយប្រទេសចិនដដែល។ ព្រះចៅក្រុងចិនបានដាក់ងារព្រះអង្គថា
«មេទ័ពមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង»។ ព្រះបាទកៅឌិញជ័យវរ្ម័នក៏ជាក្សត្រ
ហិណ្ឌូម្នាក់ដែរ គោរពប្រតិបត្ដិព្រះមហិស្វរៈ(សីវៈ, ព្រះឥសូរ) ជាព្រះចុះមកលើភ្នំខ្ពស់ និម្មិតរូបដោយលិង្គ(សីវៈ
គីរីសៈ)។
នៅគ.ស.៤៨៤ នគរហ្វូណន មានទំនាស់ជាមួយនគរចំប៉ា
ព្រះបាទកៅឌិញជ័យវរ្ម័ន ក៏បានបញ្ជូនតំណាងពុទ្ធសាស និកខ្មែរម្នាក់ឈ្មោះ «សក្សនាគសេន» ទៅស្រុកចិនដើម្បីសុំជំនួយពីព្រះចៅចិន
ប៉ុន្ដែសំនូមពរនេះត្រូវបានបដិ សេធ។ នៅគស៤៩២
ស្ដេចចាមនោះត្រូវជនជែងរាជចាមម្នាក់ធ្វើឃាតបាត់ទៅសង្រ្គាមជាមួយនឹងចំប៉ាក៏ត្រូវ
ចប់ត្រឹមនេះ។
ព្រះបាទកៅឌិញជ័យវរ្ម័ន
គឺជាមហាក្សត្រឧស្សាហ៍ព្យាយាមក្នុងការកសាង និងអភិវឌ្ឍន៍នគររបស់ទ្រង់ណាស់
ព្រះអង្គបានរៀបចំតំបន់លិចទឹក(កម្ពុជាក្រោម)
បច្ចុប្បន្នវៀតណាមខាងត្បូង) ដើម្បីពង្រីកភូមិដ្ឋានថ្មី និងដីធ្លីដាំ ដំណាំបន្ថែមទៀតដែលមានបណ្ដោយប្រវែង២០០គម។
នៅសម័យនោះពុទ្ធសាសនាបានរីកដុះដាលជាខ្លាំង
ហេតុនេះបានជាព្រះមហាក្សត្របានបញ្ជូនតំណាងពុទ្ធសាសនិកពីររូប គឺលោកមន្ទ្រសេនា
និងភិក្ខុប៉ាល អោយទៅស្រុកចិន ដើម្បីបកប្រែភាសាសំស្រ្កឹត។
ព្រះបាទកៅឌិញជ័យវរ្ម័នបានចូលទីវង្គត់នៅឆ្នាំ៥១៤។
ពួកចិនបានបន្សល់ទុកនូវពត៌មានខ្លះៗស្ដីពីអរិយធម៌ហ្វូណនកាលពីសម័យនោះ។
ពួកគេបានកត់ត្រាពីការអនុវត្ដន៍
របបទាសភាពដែលបានមកពីការចាប់ឈ្លើយប្រទេសជិតខាង ពីការធ្វើជំនួញ មាស
ប្រាក់ សំពត់ ព្រែ សូត ការ ផលិតគ្រឿងអលង្កាពីមាស គ្រឿងចានឆ្នាំងធ្វើអំពីប្រាក់។ល។
គេសំគាល់ឃើញថាស្ដេចតែងរស់ នៅក្នុងពន្លា ជាថ្នាក់ៗ
ប្រជារាស្រ្ដរស់នៅក្នុងផ្ទះផុតពីដីដែល ប្រក់ស្លឹកបបុស។
គេបានឃើញសំពៅធំៗជាច្រើនដែលមានប្រវែង៨០-៩០ម៉ែត្រ និងទទឹង៦-៧ម៉ែត្រ។
សំពៅទាំងនេះអាចផ្ទុកមនុស្សបានរហូតដល់៧០០នាក់ និងអាចបើក
បរលើសមុទ្រធំល្វឹងល្វើយ។ នៅលើក្បាលនិងកន្ទុយសំពៅទាំងនោះមានឆ្លាក់រូបត្រី
(ក្បាល និងកន្ទុយត្រី)។ ពេលចេញយាត្រាទៅណាមកណា មហាក្សត្រតែងជិះដំរី។
ឯល្បែងកំសាន្ដរបស់គេគឺការជល់មាន់ និងជល់ជ្រូក។
នៅពេលកាត់សេចក្ដីគេដាំទឹកអោយពុះរួចដាក់ចិញ្ចៀនមាស និងពងមាន់
ឬដុតច្រវាក់ដែកអោយឡើងក្រហម បន្ទាប់មកគេអោយអ្នកក្ដីក្ដាន់ដើរចំនួន៧ជំហាន
ដៃពិរុទ្ធជននឹងរលាករលួយ តែដៃសុចរិតជននឹងមិនត្រូវរលាកទេ។
ម្យ៉ាងទៀតគេយកអ្នកក្ដីទាំងពីរទៅជ្រមុជទឹក បើគេជាជនទុច្ចរិត គេនឹងលង់ទឹកនោះ
តែបើសុចរិតជនមិនលង់ទឹកឡើយ។ គេបានចារទៀតថា «នៅតាមភូមិដ្ឋាននីមួយៗគ្មានអណ្ដូងទឹកទេ
តែនៅកន្លែងផ្ដុំគ្នាប្រមាណបួនដប់គ្រួសារ
ទើបមានស្រះទឹកមួយដែលគេជីកប្រើរួមគ្នា។
គេគោរពប្រតិបត្ដិព្រះនៃផ្ទៃមេឃ ដោយបានធ្វើរូបទាំងនោះពីសំរិត
រូបដែលមានក្បាលពីរគេធ្វើដៃបួន ឯរូបដែលមានក្បាលបួនគេធ្វើដៃប្រាំបីហើយនៅ
នឹងដៃនីមួយៗមានកាន់វត្ថុផ្សេងៗ ដូចជាកូនក្មេង សត្វបក្សី សត្វចតុប្បាទ
ព្រះអាទិត្យឬព្រះច័ន្ទ។ល។ ពេលព្រះមហាក្សត្រគង់លើបល្ល័ង្គ
ព្រះអង្គតែងបញ្ឈរជង្គង់ខាងស្ដាំ។ នៅពីមុខព្រះអង្គមានជើងពាន ផ្ដិលមាស និងមានដុតគ្រឿងកំញានទៀតផង។
គេកាន់មរណទុក្ខដោយកោរពុកមាត់ឬពុកចង្កា។ របៀបរំលាយសពមានបួនយ៉ាងគឺ
ទំលាក់សពចោលទៅក្នុងទឹក បូជាដោយភ្លើង បញ្ចុះ(កប់)ដី
ឬយកទៅចោលក្នុងព្រៃស្មសានទុកជាចំណីសត្វបក្សី (ហ្សកកូដេស)។
ឃ ព្រះបាទរុទ្រ្ទវរ្ម័ន(គស៥១៤-៥៥០
រាជធានីបុរីទម័ក)
ព្រះអង្គជាបុត្រក្រៅច្បាប់របស់ព្រះបាទកៅឌិញជ័យ(កូនជាមួយស្នំ)
តាមប្រពៃណី និងក្រិតក្រមនៅជំនាន់នោះ ព្រះអង្គគ្មានសិទ្ធិ និងគ្រងរាជទេ។
ដោយសារការលោភលន់អំណាចខ្លាំងពេក ព្រះអង្គបានសំលាប់បុត្រពេញ
ច្បាប់របស់ព្រះបាទកៅឌិញជ័យវរ្ម័នគឺព្រះបាទគុណវរ្ម័ន
ដើម្បីដណ្ដើមយករាជបល្ល័ង្គ។ ចំណែកមាតាព្រះបាទគុណវរ្ម័ន
ម្ចាស់ក្សត្រីកុលារដ្ឋាវត្ដីមានការឈឺចាប់
ឆ្អែតចិត្ដនឹងអំពើកាចសាហាវយង់ឃ្នងរបស់ព្រះបាទរុទ្រ្ទវរ្ម័ន
ព្រះនាងក៏បានចេញទៅសាងផ្នួសក្នុងព្រៃស្មសានតែម្នាក់ឯងបាត់ទៅ។
ព្រះបាទរុទ្រ្ទវរ្ម័ន
បានបន្ដការទូតជាមួយប្រទេសចិនដដែល នៅគស៥១៧ និង៥៣៩ ព្រះអង្គបានបញ្ជូនរាជទូត
ខ្មែរទៅគាល់ព្រះចៅចិនជាបន្ដបន្ទាប់។ ឯកសារចិនបានបញ្ជាក់ថា
ព្រះអង្គបានទាំងធ្វើអំណោយសក់ព្រះពុទ្ធ មួយសសៃដល់ស្ដេចចិនទៀតផង។
ដោយសារអំពើយង់ឃ្នងខុសតំរារបស់ព្រះបាទរុទ្រ្ទវរ្ម័ន
នគរហ្វូណនបានធ្លាក់ចុះក្នុងស្ថានភាពវឹកវរជាខ្លាំង
មិនបានប៉ុន្មានផងព្រះអង្គបានបាត់ខ្លួនដោយមិនដឹងមូលហេតុអ្វីច្បាស់លាស់ទេ។
សង្គ្រាមផ្ទៃក្នុង ក្នុងចន្លោះគ.ស ៥៤០-៥៥០ បានបណ្ដាលអោយនគរភ្នំបែកបាក់ប្រេះឆា
លែងមានឯករាជភាព ក្លាយជានគរតូចៗដាច់ៗពីគ្នា
ក្រោយមកនគរហ្វូណនបានត្រូវគ្រប់គ្រងដោយញាតិវង្សរបស់ព្រះបាទគុណវរ្ម័នវិញ។
តែបន្ទាប់មកទៀត រាជរបស់ញាតិវង្សព្រះបាទគុណវរ្ម័ននេះ
ត្រូវចៅរបស់ព្រះបាទរុទ្រ្ទវរ្ម័ន ដែលបានរៀបអភិសេកជាមួយបុត្រីនៃនគរកម្ពុជា
លើកគ្នាមកវាយយកនគរហ្វូណន និងបង្រួបបង្រួមគ្នាជានគរតែមួយវិញ គឺនគរ
ចេនឡារួម។
ដូច្នេះតាមដែលគេបានស្គាល់គឺព្រះបាទរុទ្រ្ទវរ្ម័នជាមហាក្សត្រចុងក្រោយនៃនគរហ្វូណន។
នេះជារបៀបនិទានរឿង version របស់ចិនស្ដីអំពីដើមកំណើតនៃរាជវង្សនៅហ្វូនន។ ចំណែកសិលាចារឹកចាមនៅ មីសឺន
(គ.ស.៦៥៨)(២៧) បានរំលឹកពីដើមកំណើតនេះដោយនិទានថា ព្រាហ្មណ៍ កៅណ្ឌិន្យ ដែលបានទទួលលំពែងមួយពីព្រាហ្មណ៍
អស្វត្ថាម័ន បានពួយលំពែងនោះ ដើម្បីរកកន្លែងកសាងរាជធានី
រួចបានរៀបរាជាភិសេក ជាមួយនាង សោមា ជាបុត្រីរបស់ស្ដេចភុជង្គនាគ
ដែលបានបង្កើតរាជវង្សមួយ គឺសោមវង្ស។ គួរកត់សំគាល់ថា
រឿងបែបនេះត្រូវបានសិលាចារឹកខ្មែរមួយនៅ ស.វ.ទី១០ (សិលាចារឹកបក្សីចាំក្រុង)
រំលឹកឡើងវិញ ហើយបើតាមគេប៉ាន់ស្មានមើលទៅគឺត្រូវនឹងរឿង
ដែលលោកជីវតាក្វាន់បានកត់ទុក កាលបានមកទស្សនាប្រទេសខ្មែរនៅសម័យអង្គរ (ចុង
ស.វ.១៣) និងត្រូវនឹងរឿងព្រះថោង នាងនាគ ក្នុងរាជពង្សាវតារខ្មែរយើងទៀតដែរ។
ដូច្នេះទោះបីរបៀបនិទានរឿងមានសភាពប្លែកៗគ្នាក៏ដោយ
ក៏យើងអាចសន្និដ្ឋានបានថា តួអង្គ ហ៊ុនទៀន ឬ កៅណ្ឌិន្យ ឬព្រះថោង
ជាមនុស្សតែម្នាក់ ឯនាងលីវយី ក៏ដូចគ្នានឹង សោមា ឬនាងនាគដែរ។ហើយទោះបីរឿង
ទាំងនេះមានលក្ខណៈជារឿងព្រេងក៏ដោយក៏អាចបង្ហាញការពិតដល់យើងខ្លះមិនខាន
គឺថាមានធាតុបរទេស មួយគឺធាតុឥណ្ឌាបាននាំអរិយធម៌របស់ខ្លួនមកផ្ដុំផ្សំជាមួយ
នឹងអរិយធម៌របស់អ្នកស្រុកអាយ (មាននាងនាគជាតំណាង)
ដើម្បីបង្កើតអរិយធម៌ចំរុះមួយដែលបានវិវត្ដរហូតដក់សព្វថ្ងៃនេះ។
ម្យ៉ាងទៀតព្រឹត្ដិការណ៍ទាំងនេះ ត្រូវតែបានកើតឡើងក្នុងគ្រិស្ដសតវត្សទី១
ព្រោះថានៅសតវត្សបន្ទាប់មកទៀត ព្រឹត្ដិការណ៍ប្រវត្ដិសាស្រ្ដត្រូវ
បានកត់ត្រាដោយសិលាចារឹកផង និងដោយអ្នកប្រវត្ដិសាស្រ្ដចិនផង។
បើតាមពង្សាវតាររាជវង្សលាង
ហ៊ុនទៀនមានបុត្រម្នាក់ដែលបានទៅត្រួតត្រាលើទឹកដីមួយផ្នេកដែលមានក្រុងប្រាំពីរ។
ក្នុងចំណោមអ្នកសោយរាជ្យតមកមានស្ដេចឈ្មោះ ហ៊ុនប៉ាងហួង។
ស្ដេចអង្គនេះបានប្រើឧបាយកលផ្សេងៗ
ដើម្បីអោយក្រុងទាំងនោះបែកបាក់សាមគ្គីគ្នាអស់ រួចលើកទ័ពទៅវាយយកបានទាំងអស់។
បន្ទាប់មក ចាត់អោយកូននិងចៅរបស់ព្រះអង្គទៅត្រួតត្រាក្រុងទាំងនោះ មួយម្នាក់ៗ។
ស្ដេច ហួនប៉ានហួង សោយទីវង្គតនៅពេលដែលមានជន្មាយុជាង៩០ឆ្នាំ។ កូនប្រុសទី២
ឈ្មោះ ប៉ានប៉ាន ត្រូវលើកអោយឡើងសោយរាជតែបានប្រគល់កិច្ចការរដ្ឋទាំងឡាយអោយមេទ័ពហ្វានចេម៉ាន
មើលខុសត្រូវ។ ស្ដេចប៉ានប៉ាន សោយរាជបានតែបីឆ្នាំក៏សុគតទៅ។
ប្រជារាស្រ្ដបានព្រមគ្នា លើកហ្វានចេម៉ានអោឡើងសោយរាជ្យ។
ស្ដេចអង្គនេះមានសេចក្ដីក្លាហាន ហើយរិទ្ធានុភាពខ្លាំងណាស់
ព្រះអង្គបានលើទ័ពទៅវាយប្រទេសជិតខាងដាក់ជាចំនុះអស់ជាច្រើន។
ព្រះអង្គទ្រង់ប្រកាសថាជា «មហារាជនៃហ្វូនន» ។
បន្ទាប់មកទ្រង់បញ្ជាអោយធ្វើសំពៅធំៗជិះកាត់សមុទ្រ ទៅវាយនគរបានជាង១០
ដែលក្នុងចំណោមនោះមាននគរ គីវទូគុន K'iu-tou-K'ouen កៀវឆេ kieou-tche
ទៀន ស៊ុន Tien-Souen។
ព្រះអង្គបានពង្រីទឹកដីធំរហូតដល់៥ ឬ ៦ពាន់លី។
អ្នកប្រវត្ដិសាស្រ្ដនិយមចាត់ទុកដោយសមហេតុសមផលថា
ហ្វានចេម៉ាន នេះត្រូវនឹងស្ដេចស្រីមារៈ
ដែលមានឈ្មោះចារនៅក្នុងសិលាចារឹកវ៉ូកាញ់ ខេត្ដញ៉ាត្រាង
ប្រទេសវៀតណាមសព្វថ្ងៃ ដែលពីដើមគេយល់ច្រលំថាជា របស់ចំប៉ា តែក្រោយមកគឺចាប់ពី
គ.ស.១៩២៧ លោក Louis Finot ចាត់ទុកថាជារបស់សាមន្ដរដ្ឋមួយរបស់អាណាចក្រភ្នំទៅវិញ។
ឯកសារចិនបានបញ្ចាក់ប្រាប់យើងជាបន្ដទៅទៀតថាស្ដេច
ហ្វានចេម៉ាន់ បានសោយទីវង្គតនៅពេលលើកទ័ព ទៅវាយរដ្ឋ «គីនលីន» (កំពែងមាស) ដែលលោក G.
Coedès ថាត្រូវនឹងសុវណ្ណភូមិ
(ដីមាសក្នុងអត្ថបទបាលី) សុវណ៌កុដ្យ
(កំពែងមាសក្នុងអត្ថបទសំស្រ្កឹតនៅប្រទេសភូមាខាងត្បូង ឬជ្រោយម៉ាលាយូ) ។
នៅពេលដែលទ្រង់ ប្រឈួន ហ្វានចេម៉ាន់ ទ្រង់បានបញ្ជូនរាជបុត្រឈ្មោះ គិនចេង
អោយទៅសោយរាជ្យជំនួសព្រះអង្គ។ ពេលនោះក្មួយព្រះអង្គឈ្មោះ ឆាន
(កូននៃបងស្រីរបស់ព្រះអង្គ) ដែលជាមេត្រួតទ័ព ២០០០នាក់ ក៏បានជ្រែករាជ្យ
ដោយបានធ្វើគត់រាជទាយាទ គិនចេង ។ ពេលដែលព្រះអង្គសោយទីវង្គតទៅ ហ្វានចេម៉ាន់
មានបុត្រមួយទៀត ដែលនៅបៅដោះនៅឡើយ។ បុត្រនេះឈ្មោះ ឆាង
ហើយរស់នៅក្នុងចំណោមប្រជារាស្រ្ដ។ លុះធំឡើងបាន ព្រះជន្ម ២០វស្សាហើយ
បុត្រអង្គនេះបានប្រមូលបក្សពួកលើកទៅសំលាប់ស្ដេចឆានបាន។ ប៉ុន្ដែមេទ័ពរបស់
ឆាន ឈ្មោះ ហ្វានស៊ីយុន បានធ្វើគត ឆាងវិញបាន រួចឡើងសោយរាជ្យ។
ព្រះអង្គទ្រង់បានបញ្ជាអោយកសាងកន្លែងផ្សេងៗសំរាប់ទ្រង់ទៅកំសាន្ដ។ ពេលព្រឹក
និងពេលថ្ងៃត្រង់ ព្រះអង្គទ្រង់ប្រទានសវនាការ ៣ឬ៤ដង។ ជនបរទេស
និងប្រជារាស្រ្ដបានយកដង្វាយផ្សេងៗមកថ្វាយ មានចេក អំពៅ អណ្ដើក
និងសត្វបក្សី...។
ព្រឹត្ដិការណ៍ទាំងប៉ុន្មានខាងលើចាប់ពី
ហ្វានចេម៉ាន់ សោយទីវង្គតដល់ ហ្វានស៊ីយុន ឡើងសោយរាជ្យ បានកើតឡើងនៅចន្លោះឆ្នាំ
២២៥ និង ២៥០។ គឺនៅចន្លោះកាលកំនត់ទាំងពីរនេះហើយ ក្នុងរជ្ជកាលរបស់ ហ្វានឆាន
ដែលអាណាចក្រភ្នំបានទាក់ទងជាលើកដំបូងជាមួយនឹងរាជវង្ស មុរុណ្ឌ
នៅប្រទេសឥណ្ឌា និងបានបញ្ជូនរាជទូតទី ១ ទៅកាន់ប្រទេសចិន។
ចំពោះទំនាក់ទំនងជាមួយចិនខាងលើនេះលោក G.Coedès យល់ថាជារឿងមានលក្ខណៈពាណិជ្ជកម្មច្រើនជាងលក្ខណៈនយោបាយ។
យ៉ាងណាមិញនៅសម័យនោះ គឺសម័យរាជាអាណាចក្របីប្រទេសចិនខាងត្បូង
(រាជាអាណាចក្រវូ) ដែលមិនអាចធ្វើជំនួញជាមួយបស្ចឹមប្រទេសតាមផ្លូវគោក
(កាន់កាប់ដោយ ពួកវ៉ី)
ក៏បែរមករកទិញវត្ថុប្រនិតដែលខ្លួនត្រូវការតាមផ្លូវសមុទ្រវិញ។
ដោយហេតុនេះហើយបានជាគេមកទាក់
ទងជាមួយអាណាចក្រភ្នំដែលស្ថិតនៅចំផ្លូវទៅមកនៃជំនួញខាងសមុទ្រ
ហើយដែលជាតំណាក់មួយជៀសវាងមិន បានសំរាប់អ្នកដើរសំពៅឆ្លងកាត់តាមច្រកម៉ាឡាកា
ឬអ្នកចូលចិត្ដដឹកទំនិញឆ្លងចុះឡើងតាមបួរដីនៃជ្រោយម៉ាលាយូ។
ចំពោះទំនាក់ទំនងជាមួយឥណ្ឌាវិញ
ឯកសារចិនមួយនៅចុងសតវត្សទី៥ បាននិយាយថា មានមនុស្សម្នាក់ឈ្មោះ កៀសៀងលី
ជាមនុស្សនៃស្រុកតាន់យ៉ាង (នៅខាងលិចប្រទេសឥណ្ឌា)
បានធ្វើដំណើរទៅប្រទេសឥណ្ឌូ រួចបង្ហួស មកអាណាចក្រភ្នំ។
គឺជននេះហើយដែលបាននិយាយប្រាប់ ហ្វានឆាន ពីរឿងប្លែកៗនៅប្រទេសឥណ្ឌា
ប៉ុន្ដែដំណើរ ទៅកាន់ប្រទេសនោះ ត្រូវអស់ពេលយូរ ទាំងទៅទាំងមកអស់ ៣ឆ្នាំ
ឬដល់៤ឆ្នាំក៏សឹងមាន។ គេដឹងច្បាស់ថាស្ដេច ហ្វានឆាន
ប្រហែលជក់ចិត្ដនឹងរឿងចំលែកអស់ទាំងនោះ ហើយបានបញ្ជូនញាតិរបស់ព្រះអង្គ ឈ្មោះ
ស៊ូវូ ជាទូតទៅកាន់ប្រទេសឥណ្ឌា។ រាជទូតរូបនេះបានចុះសំពៅទៅ តូវគីវលី Teou
kiuli ប្រហែលត្រូវនឹង ត ក្ដោលត្រង់នេះ សអោយឃើញថា
អាណាចក្រភ្នំលាតសន្ធឹង ឥទ្ធិពលទៅដល់មហាសមុទ្រឥណ្ឌូ។ រាជទូតអាណាចក្រភ្នំបានទៅ
ដល់ពាមទន្លេគង្គា
រួចធ្វើដំណើរតាមដងទន្លេឡើងទៅដល់រាជធានីរបស់ស្ដេចមួយអង្គ ដែលលោក Lévi ថាជាស្ដេច ក្នុងរាជវង្ស
មុរុណ។ ស្ដេចអង្គនេះនាំភ្ញៀវអោយដើរទស្សនាប្រទេសព្រះអង្គ
រួចអោយឥណ្ឌាម្នាក់ឈ្មោះឆេន សុង នាំត្រលប់មកវិញដោយប្រគល់អោយសេះ៤ នៃស្រុកនោះ
ដើម្បីទុកជាដង្វាយនៃព្រះអធិរាជអាណាចក្រភ្នំផង។
បើតាមពង្សាវតារនៃអាណាចក្របី
គឺស្ដេចហ្វានឆាន ដដែលនេះហើយដែលបានបញ្ជូនទូតទី១ទៅកាន់ប្រទេស ចិននៅ គ.ស.២៤៣
ដើម្បីនាំដង្វាយជាអ្នកភ្លេង និងផលិតផលផ្សេងៗទៅថ្វាយស្ដេចក្រុងចិន។
គេអាចចោទសួរម្យ៉ាងទៀតថា តើស្ដេច ហ្វានឆាន នេះដែរឬ
ដែលជាអ្នកនិពន្ធសិលាចារឹកវ៉ូកាញ់ដែលបានចាត់ទុកព្រះអង្គថាជាញាតិរបស់ព្រះបាទ
ស្រីមារៈ?
ស្ដេច ហ្វានស៊ីយុន ដែលបានសោយរាជ្យតពី
ហ្វានឆាន ក្រោយពីបានធ្វើគត់មួយអង្គរបស់ ហ្វាន់ចេម៉ាន់ បានទទួលនៅប្រមាណ គ.ស.
២៤៥-២៥០ នូវគណបេសកកម្មទូតរបស់លោក កាំងថៃ និងលោក ឈូយីង
ដែលបានមកជួមគ្នាជាមួយនឹងទូត ឥណ្ឌានៅក្នុងរាជវាំង។
គណៈបេសកកម្មទូតនេះបានមកចងស្ពានមេត្រីជាមួយអាណាចក្រភ្នំ។
បន្ទាប់ពីនោះគេឃើញស្ដេច ហ្វានស៊ីយុន
បញ្ជូនទូតទៅប្រទេសចិនជាច្រើនលើកនៅចន្លោះ គ.ស ២៦៨ ដល់ ២៨៧
ហើយដែលមានកត់ទុកក្នុងពង្សាវតាររាជវង្សស៊ីន។ តាមគេប៉ាន់ស្មានមើលទៅការបញ្ជូនទូត
បីលើកចុងក្រោយ គឺពី គ.ស.២៨៥ ដល់ ២៨៧
ប្រហែលជាផលវិបាកនៃការមានសន្ទុះឡើងវិញក្នុងផ្នែកជំនួញ ផ្លូវសមុទ្រ
ក្រោយពីការធ្វើអោយប្រទេសចិនមានឯកភាពឡើងវិញ ដោយរាជវង្សស៊ីន
ព្រោះព្រឹត្ដិការណ៍នេះ បណ្ដាលអោយមានសេចក្ដីត្រូវការនូវវត្ថុប្រនិតយ៉ាងខ្លាំងពីសំណាក់ពួកស្ដេច។
IV. អាណាចក្រភ្នំ គ.ស
៣៥៧ ដល់ការវាយលុករបស់ចេនឡា
ស្ដេច ហ្វានស៊ីយុន បានសោយរាជដល់
គ.ស.២៨៩ ។ ពីនេះដល់ពាក់កន្ដាលស.វទី៤ គ្មានឯកសារណានិ យាយពីអាណាចក្រភ្នំសោះ។
ពង្សាវតាររាជវង្សស៊ីន និង លាង បាននិយាយថា នៅគ.ស៣៥៧ ស្ដេចអាណាចក្រភ្នំ ឈ្មោះ
ធៀនឈូ ឆានតាន បានលើកសូយជាដំរីផ្សាំងទៅថ្វាយស្ដេចក្រុងចិន។ ធៀនឈូ
គឺឈ្មោះដែលចិនហៅ ប្រទេសឥណ្ឌា។ ដូច្នេះពាក្យថា ធៀន ឈូ -ឆានតាន បានន័យថា
ឥណ្ឌាឈ្មោះ ឆានតាន។ បើតាមលោក S.Lévi ឆានតាន គឺជាពាក្យកត់សំលេង Chandan ដែលមានឋានន្ដរនាមរបស់ពួកឥន្ឌូ
-ស៊ីថ ជាពីសេសរបស់រាជវង្ស កុសានៈ។ គួរគប្បីបញ្ជាក់ថា ពួក កុសានៈ
នេះបានលើកទ័ពចូលវាយប្រទេសឥណ្ឌា ហើយត្រួតត្រាតំបន់ទន្លេគង្គា
យ៉ាងហោចរហូតដល់ក្រុងពារាសី។
នៅគ.ស.៣៥៧ប្រទេសឥណ្ឌាភាគខាងជើងទាំងមូលត្រូវធ្លាក់នៅក្រោមការ
គ្រាប់គ្រងរបស់រាជវង្ស គុប្ដក្រោមកិច្ចដឹកនាំរបស់ព្រះចៅ សមុទ្រគុប្ដ។
ដូច្នេះពួកស៊ីថ ឈ្លានពានក៏ត្រូវកំចាត់ ចេញ។
គឺប្រហែលជាក្នុងកាលៈទេសៈបែបនេះហើយដែលមានពួក កុសានៈ
បានភៀសខ្លួនមកកាន់សុវណ្ណភូមិ ហើយជាពិសេសមកកាន់អាណាចក្រភ្នំ ដូចករណីរបស់ស្ដេច
ធៀនឈូ ឆានតាន នេះឯង។ អ្នកសិក្សាយល់ថា ប្រហែលជាស្ដេចអង្គនេះហើយ
ដែលបាននាំមកអោយអាណាចក្រភ្នំនូវធាតុសំខាន់ៗខ្លះក្នុងផ្នែកសិល្បៈចំលាក់
ដូចជាអាវផាយរបស់ព្រះសូរ្យ និងមកុដរាងបំពង់របស់ព្រះវិសណុ។
ការបញ្ចេញយោបល់បែបនេះ គឺបានសំអាង មួយផ្នែកទៀតទៅលើរបស់ខ្លះ
ដែលគេបានរកឃើញនៅរម្យមណីយដ្ឋានអូរកែវ
ហើយដែលជាភស្ដុតាងបង្ហាញពីទំនាក់ទំនងរវាងអាណាចក្រភ្នំ នឹងពិភពអ៉ីរ៉ង់
ដូចជាដុំថ្មឆ្លាក់រូបពិធីបួងសួងចំពោះព្រះអគ្គី
និងដុំពេជ្រមានរូបស្ដេច នៃរាជវង្សសាស្សានីដ Sassanide។
ចំពោះរជ្ជកាលស្ដេច ធៀនឈូ ឆានតាន
នេះព្រឹត្ដិការណ៍ដែលគេបានដឹងច្បាស់មានតែមួយ គឺការលើកសូយ
ទៅថ្វាយស្ដេចក្រុងចិននៅគ.ស ៣៥៧នេះឯង។ ក្រោយពីនោះ
អ្នកប្រវត្ដិសាស្រ្ដត្រូវជួបប្រទះនឹងកង្វះឯកសារជាថ្មីម្ដងទៀត
ហើយពត៌មានស្ដីពីអាណាចក្រភ្នំ គេនឹងអាចដឹងបានតែចាប់ពីចុង ស.វ.
ទី៤ទៅប៉ុណ្ណោះ។ នៅពាក់កណ្ដាលទី១ នៃស.វ
ទី៥គេបានសង្កេតឃើញថាចលនាផ្សព្វផ្សាយអរិយធម៌ឥណ្ឌានៅតំបន់មនុស្សសុវណ្ណ
ភូមិមានកំលាំងរិតតែខ្លាំងក្លាលើសដើម។
អ្នកប្រវត្ដិសាស្រ្ដបានខិតខំរកមើលថាតើអ្វីទៅជាមូលហេតុនៃរឿងនេះ ។
តាមគេប៉ាន់ស្មានមើលទៅការវាយលុករបស់ព្រះបាទសមុទ្រគុប្ដ (៣៣៥ - ៣៧៥)
នៅក្នុងប្រទេសឥណ្ឌាភាគខាងត្បូង
ប្រហែលជាបានបណ្ដាលអោយមានពួកអភិជនភៀសខ្លួនមកកាន់បូព៌ាប្រទេស។
រួចមកហើយយើង បានឃើញថាលោក S. Lévi បានចាត់ទុកថាគឺ ការវាយលុករបស់ព្រះបាទ សមុទ្រគុប្ដ
ដដែលនេះនៅតំបន់វាលទំនាបទន្លេគង្គាដែលបណ្ដាលអោយមានជនជាតិស៊ីថម្នាក់មកសោយរាជនៅអាណាចក្រភ្នំ
នៅគ.ស៣៥៧។ បើតាម មើលទៅព្រឹត្ដិការណ៍នេះគ្រាន់តែជាជំហានដំបូង
នៃចលនាទូលំទូលាយមួយ ដែលបាននាំមកកាន់តំបន់ដែល
បានទទួលឥទ្ធិពលឥណ្ឌាស្រាប់ទៅហើយនូវពួកស្ដេច ពួកព្រាហ្មណ៍
និងពួកបញ្ញវន្ដចាប់ពីកណ្ដាលស.វទី៤ ដល់កណ្ដលស.វទី៥។
គឺនៅក្នុងពេលជាមួយគ្នានេះ នឹងដោយមានមូលហេតុដូចគ្នានេះដែរ
ដែលអាណាចក្រភ្នំបានទទួលនូវសន្ទុះថ្មីមួយនៃការផ្សាយអរិយធម៌ឥណ្ឌា។
No comments:
Post a Comment