ប្រភពប្រវត្ដិសាស្រ្ដខ្មែរ
I.ប្រភពជាតិ
ក. សិលាចារឹកនិងបុរាណវត្ថុ
ពិតមែនហើយសិលាចារឹក និងបុរាណវត្ថុជាប្រភពយ៉ាងសំខាន់
តែការសិក្សាស្រាវជ្រាវក្នុងវិស័យទាំងពីរនេះ
គឺជនជាតិអឺរុបទេដែលបានផ្ដើមធ្វើឡើងមុនគេ។
ដូច្នេះគួរគប្បីយើងសិក្សាពីបុព្វហេតុដែលជំរុញអោយជនជាតិនេះ
ចូលធ្វើការទាក់ទង នឹងខ្មែរហើយចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើវប្បធម៌អរិយធម៌យើងរហូតដល់ខំធ្វើការសិក្សាស្រាវជ្រាវយ៉ាងសកម្ម។
១.បុព្វហេតុដែលបណ្ដាលអោយពួកអឺរុបមកកាន់អាស៊ីអគ្នេយ៍
គេនៅចាំបានថា នៅគ.ស.វ ទី១៥
មនុស្សនៅបស្ចឹមប្រទេសមានសេចក្ដីត្រូវការគ្រឿងទេសយ៉ាងខ្លាំង។ ជនជាតិ
អឺរុបបានស្គាល់គ្រឿងបរិភោគប្រភេទនេះជាលើកដំបូង
ដោយសារពួកទាហានដែលទៅច្បាំងដណ្ដើមយកផ្នូរព្រះយេស៊ូពីកណ្ដាប់ដៃពួកអារ៉ាប់នៅប៉ាលេស្ទីន
ហើយនាំយកទៅស្រុកវិញ ដើម្បីអោយក្រុមគ្រួសារខ្លួនបានស្គាល់រសជាតិផង។
លុះចេះប្រើប្រាស់គ្រឿងបរិភោគថ្មីនេះហើយ សេចក្ដីត្រូវការរបស់គេក៏ចេះតែកើនឡើងជាលំដាប់។
ពួកឈ្មួញអារ៉ាប់ និងប៉ែរ្ស បានទៅនាំគ្រឿងទេសទាំងនោះ
ពីអាស៊ីអគ្នេយ៍ហើយយកទៅលក់នៅអឺរុបដោយ បានទទួលប្រាក់ចំណេញជាច្រើន។
នៅអឺរុបពួកឈ្មួញនៅក្រុង Yenise និង Génés បានទទួលគ្រឿងទេសនោះ ដើម្បីយកទៅលក់អោយប្រទេសឯទៀតៗ
ដោយបានចំណេញច្រើន ជាហេតុនាំអោយតំលៃទំនិញកាន់តែកើន ឡើងៗ។
ដោយហេតុនោះជនជាតិព័រទុយហ្គាល ក៏មានគំនិតគិតឃើញថា
ប្រសិនបើគេអាចធ្វើដំណើរទៅដល់កន្លែងផលិតគ្រឿងទេសតែម្ដង
នោះគេនឹងទិញបានដោយតំលៃថោកជាទីបំផុត។
ក្រោយពីការរុករកអស់រយៈពេលច្រើនឆ្នាំ (ពី១៤៣៤ ដល់ ១៤៩៨) កងនាវាព័រទុយហ្គាល
ក៏បានធ្វើដំណើរទៅដល់អាស៊ីអគ្នេយ៍។ ចំបាំងកើតមានឡើងរវាងពួកព័រទុយហ្គាល
នឹងពួកអារ៉ាប់ជាអ្នកមកដល់ទីនោះមុន។ នៅទី បំផុត
ពួកព័រទុយហ្គាលបានទទួលជោគជ័យដោយវាយយកបានក្រុងម៉ាលាកា ជាផ្សារអន្ដរជាតិមួយយ៉ាងធំនៅ
ឆ្នាំ ១៥១១។ ឃើញដូច្នោះហើយជនជាតិអឺរុបឯទៀតៗ
ក៏បញ្ជូនកងនាវាមកភូមិភាគអាស៊ីអគ្នេយ៍ជាបន្ដបន្ទាប់គ្នា គឺហុល្លង់
អេស្បាញ អង់គ្លេស បារាំង ហើយជំលោះក៏កើតមានឡើងជានិច្ចជាកាលក្នុងវិស័យជំនួញ។
២. ទំនាក់ទំនងខ្មែរ អឺរុប
ក្រោយពីបានពង្រឹងជំហររបស់ខ្លួននៅជ្រោយម៉ាលាយូ ហើយពួកព័រទុយហ្គាល
គឺជនជាតិអឺរុបដំបូងដែលបាន
ចូលមកទាក់ទងជាមួយខ្មែរក្នុងរជ្ជកាលរបស់ព្រះបាទអង្គចន្ទ (១៥៥៥)។
ក្នុងចំនោមអ្នកដែលចូលមកក្នុងប្រទេស ខ្មែរ មានខ្លះជាអ្នកផ្សាយសាសនា
ហើយខ្លះទៀតជាអ្នកផ្សងព្រេង។ គឺពួកចុងក្រោយនេះហើយដែលបានទៅ
នៅបំរើស្ដេចខ្មែរ បានធ្វើដំណើរទស្សនាប្រទេសខ្មែរ
ហើយបានកត់ត្រាទុកនូវហេតុការណ៍ដែលខ្លួនបានឃើញ។
គឺកំនត់ទាំងនោះហើយដែលអ្នកប្រវត្ដិសាស្រ្ដបានយកទៅប្រើជាឯកសារសំរាប់ឆ្លុះមើលសង្គមខ្មែរក្នុងសម័យ
ក្រោយអង្គរ ជាពិសេសក្នុងស.វ ១៦នេះឯង។ បន្ទាប់ពីជនជាតិព័រទុយហ្គាលមក
មានពួកអេស្បាញ ហើយចុង ក្រោយបង្អស់ គឺពួកបារាំង
ដែលបានចូលមកតាំងអាណាព្យាបាលរបស់គេលើប្រទេសខ្មែរ។
៣. ការសិក្សាស្រាវជ្រាវពីអរិយធម៌ខ្មែរដោយជនជាតិអឺរុប
បើពិនិត្យទៅឃើញថា គឺការរុករករបស់ពួកអាណានិគមនិយមស្បែកស
នេះហើយជារិសគល់នៃការសិក្សាស្រាវជ្រាវយ៉ាងពេញទំហឹងពីអាស៊ីអគ្នេយ៍ជាទូទៅ
និងពីប្រទេសខ្មែរជាពិសេស។ បុព្វហេតុធំៗគឺថាពួកនេះមានការ
ចាំបាច់ក្នុងផ្នែកនយោបាយផង មានចំណង់ចង់ចេះដឹងរបស់ដែលនៅក្រៅប្រទេសផង
ហើយចង់បានចំណេះថ្មី ខាងផ្នែកមនុស្សសាស្រ្ដដែលកំពុងតែរីកចំរើនឡើងនៅថ្វីបអឺរុប(18) ។
សូមបញ្ជាក់ថា ការសិក្សាស្រាវជ្រាវពីអាស៊ីអគ្នេយ៍
បានធ្វើឡើងក្រោយការសិក្សាស្រាវជ្រាវពីប្រទេសចិន និងឥណ្ឌា
ដូច្នេះហើយបានជាមានទំនោរចង់ចាត់ទុកថា
អាស៊ីអគ្នេយ៍គ្រាន់តែជាអាណាខេត្ដរបស់ប្រទេសធំៗ ទាំងពីរ ខាងលើប៉ុណ្ណោះ។ តែការសិក្សាស្រាវជ្រាវជាបន្ទាប់មកបានបង្ហាញអោយឃើញនូវភាពប្លែក
និងភាពរុងរឿង នៃអរិយធម៌នៅអាស៊ីអគ្នេយ៍។
នៅឆ្នាំ១៨៦១ លោក Henri Mouhot ធម្មជាតិវិទូបារាំងម្នាក់បានមកដល់អង្គរ។
ក្នុងកំនត់ហេតុរបស់លោកៗ បានស្ងើចសរសើរយ៉ាងខ្លាំងចំពោះប្រាសាទខ្មែរ។ នៅឆ្នាំ១៨៦៣
បូព៌ាវិទូ Orientaliste ជាជាតិអាល្លឺម៉ង់ A
Bas- tian បានរកឃើញថា អក្សរ និងសាសនាខ្មែរនៅសម័យអង្គរ
មានដើមកំណើតមកពីឥណ្ឌា។ ៣ឆ្នាំក្រោយទៀត (១៨៦៦) លោក J.Thomson ជាតិអេកូស បានថតរូបអង្គរជាលើកដំបូង
ហើយបានបកស្រាយអំពីនិមិត្ដរូបនិយមលោកធាតុនៃអង្គរវត្ដតាមបែបហិណ្ឌូនិយម។
សូមបញ្ជាក់ថា ការរកឃើញប្រាង្គប្រាសាទ
ដ៏ល្បីឈ្មោះរបស់ខ្មែរបានធ្វើស្របពេលជាមួយនឹងការវាយយកដែនកូសាំងស៊ីន
និងកិច្ចចចាខាងផ្លូវទូតរវាងបារាំងនឹងសៀម
ដែលព្រមព្រៀងអោយបារាំងតាំងអាណាព្យាបាលភាព របស់ខ្លួនលើប្រទេសខ្មែរ(19)។
ក្រោយពីបានមកគ្រប់គ្រងប្រទេសខ្មែរហើយ
រាជការបារាំងបានចាត់តាំងគណបេសកកម្មរុករកជាច្រើនក្នុងបំណងធ្វើអោយស្គាល់អរិយធម៌ខ្មែរ។
គណបេសកកម្មសំខាន់បំផុតបានតាំងឡើងនៅឆ្នាំ ១៨៦៦ - ១៨៦៧
ហើយបានដឹកនាំដោយលោកវរៈនាវីទោ Doudart de Lagrée។
នាយទាហានរូបនេះបានទៅធ្វើការរុករកនៅតំបន់អង្គរ
តែលោកពុំទាន់បានទាញយកផលប្រយោជន៍អំពីកិច្ចការរបស់លោកនៅឡើយ
ព្រោះលោកបានទទួលមរណភាពក្នុងអាណាខេត្ដយូណាន។ សហការីរបស់លោកពិសេស
លោកអនុនាវីឯក Francis Garnier បានយកឯកសារទាំងឡាយ
ដែលលោកបានប្រមូលនោះ យកទៅធ្វើប្រភេទវិភាគ
រួចបោះពុម្ពផ្សាយដោយដាក់ជំណងជើងថា «Voyage
d'exploration en Indochine» នៅឆ្នាំ១៨៧៣។ សហការីម្នាក់ ទៀតគឺលោក Louis Delaporte បាននាំយកទៅប្រទេសបារាំងនូវរូបចំលាក់ និងរូបស្មិតជាច្រើន
ហើយបានរៀបចំតាំងពិពណ៌មួយនៅក្រុងបារីស ស្ដីពីស្នាដៃខ្មែរ
ដែលបានធ្វើអោយសាធារណជនចាប់អារម្មណ៍យ៉ាងខ្លាំង។ ពី ឆ្នាំ១៨៧៥
ដល់ឆ្នាំ ១៨៧៧ លោកបណ្ឌិត Jules Harmand ក្រោយពីបានធ្វើករារុករកនៅប្រទេសខ្មែរ
និងប្រទេសលាវហើយ បានផ្ញើទៅជូនលោក Hendrik Kern បូព៌ាវិទូជាតិហុល្លង់ម្នាក់នូវផ្ទាំងអក្សរផ្ដិត
estampages នៃសិលាចារិក។
អ្នកប្រាជ្ញរូបនេះបានអានដាច់អត្ថបទសំស្រ្កឹត
ហើយបានបោះពុម្ពផ្សាយនៅឆ្នាំ១៨៧៩។ ចំណែកឯលោក Etienne Aymonier ដំបូងជាអធិការកិច្ចអ្នកស្រុកអាយ បន្ទាប់មកជា Résident Supérieur នៃប្រទេសកម្ពុជា បានប្រមូលអក្សរផ្ដិតចំនួន ៣៤០ ផ្ទាំង
ខ្លះជាភាសាសំស្រ្កិត ខ្លះជាភាសាខ្មែរបុរាណ ១៨៨៣ - ១៨៨៥
ហើយបានអានដាច់ខ្លួនលោកអស់មួយភាគធំ។ លោក Auguste Barth អ្នកផ្ដើមធ្វើការសិក្សាស្រាវជ្រាវពីប្រទេសឥណ្ឌា
និងសហការីម្នាក់ លោក Abel Bergaigne បានបកប្រែ
និងបបោះពុម្ពផ្សាយអត្ថបទសិលាចារឹកជាភាសាសំស្រ្កឹតរបស់ខ្មែរ
និងរបស់ចាម ដែលផ្ដល់ជូនលោកនូវកាលបរិច្ឆេត
និងព្រឹត្ដិការណ៍ប្រវត្ដិសាស្រ្ដ។ នៅឆ្នាំ ១៨៨៣ លោក Jean Moura ជា Résident
Supérieur បានបោះពុម្ពផ្សាយប្រវត្ដិសាស្រ្ដទី១នៃប្រទេសខ្មែរ
«Le Royaume du Cambodge» ។ លោក Etienne
Aymonier ដែលបានបន្ដតំណែងពីលោក Moura បានបោះពុម្ពសៀវភៅ «Le
Cambodge» នៅឆ្នាំ១៩០០។
ការសិក្សាស្រាវជ្រាវនៅចុងបូព៌ាប្រទេស មានទំហំកាន់តែធំឡើង សេចក្ដីត្រូវការ
និងសេចក្ដីចំរើនលូតលាស់ ក្នុងវិស័យនេះ
តំរូវអោយមានការបង្កើតអង្គការអចិន្រ្តៃយ៍ ព្រោះឯកជនម្នាក់ៗ
ឬសមាគមអ្នកប្រាជ្ញខ្លះ ដូចជា Societé des
Etudes Indochinoises ដែលតាំងនៅព្រៃនគរពីឆ្នាំ១៨៦៥
មិនអាចបំពេញកិច្ចការដ៏ធំធេងខាងលើ អោយបានពេញលេញឡើយ។
គឺនៅក្នុងក្របខណ្ឌនេះហើយដែលភាសាបារាំងនៅចុងបូព៌ាប្រទេស Ecolfran- çaise d' Extreme Orient ត្រូវបង្កើតឡើងដោយឥណ្ឌាវិទូសំខាន់ៗ
ដូចជាលោក Barth Bréal និង Bergaigne។
ដំបូងឡើងអង្គការនេះមានទីតាំងនៅព្រៃនគរ (១៨៩៨)
ក្រោយមកត្រូវបានលើកទៅតាំងនៅក្រុងហានណូយដោយលោក Paul Doumer ដែលបានបង្កើតនៅទីនោះ នូវក្រសួងភូមិសាស្រ្ដ
និងក្រសួងភូគព្ភសាស្រ្ដ (១៨៩៩) ថែមទៀត។
ក្រោយមកទៀតអង្គការនេះត្រូវទទួលមើលការខុសត្រូវលើសារមន្ទីរ
និងប្រាង្គប្រាសាទទាំងឡាយ នៅឥណ្ឌូចិនទៀត។
ជាមួយនឹងការបង្កើត «សាលាបារាំងនៅចុងបូព៌ាប្រទេស» លោក Georges Coedès និងលាក Louis Finot បានអោយការសិក្សាស្រាវជ្រាវផ្នែកសិលាចារឹកខ្មែរ
ចេះតែមានការចំរើនលូតលាស់ជានិច្ច មានសិលាចារឹក ជាង១០០០ អត្ថបទ ត្រូវបានបកប្រែ
និងបោះពុម្ពផ្សាយ។
ចាប់ពីឆ្នាំ១៩០០ ហើយដើម្បីផលប្រយោជន៍ លាសាបារាំងនៅចុងបូព៌ាប្រទេស លោក Lunet
de Lajonquière បានធ្វើបញ្ជីសារពើភ័ណ្ឌនៃប្រាង្គប្រាសាទខ្មែរ។
ក្នុងពេលជាមួយគ្នានោះលោក Henri Parmentier ត្រូវបានទទួ
លបន្ទុកមើលការខុសត្រូវកិច្ចការខាងបុរាណវត្ថុវិទ្យា។ នៅឆ្នាំ១៩០៧
ខេត្របាត់ដំបង និងខេត្ដសៀមរាប ត្រូវបានសៀមសងមកអោយខ្មែរវិញ។ ភ្លាមនោះ
ការអភិរក្សអង្គរ Conservation d' Angkor ក៏បានបង្កើតឡើងហើយដឹកនាំដោយលោក
J.Comaille និងបន្ទាប់មកលោក Heneri Marchal។ កិច្ចការដំបូងដែលគេចាប់ធ្វើគឺ
កាប់ឆ្ការព្រៃដែលដុះព័ទ្ធជុំវិញប្រាសាទ
និងស្រង់ឈ្មោះប្រាសាទជាបន្ដពីកិច្ចការរបស់លោក Lunet del la Jonqui- ère មានប្រាសាទទាំងអស់
១០០០ត្រូវគេរកឃើញ។ លោក Georges Groslier បានបង្កើតសារមន្ទីរមួយនៅភ្នំពេញ
នៅឆ្នាំ ១៩១៨។ ការថតរូបប្រាសាទសំខាន់ៗខ្លះបានធ្វើឡើងនៅប្រាសាទបាយ័ន
(១៩០៨) ដោយលោក Dufour និង Carpeaux រួចនៅអង្គរវត្ដ
និងបន្ទាយឆ្មារ។
ក្នុងដំណាក់ការទីមួយនេះ កិច្ចការសំខាន់របស់សិលាចារឹកវិទូ គឺរកអោយឃើញឈ្មោះ
និងកាលកំនត់កសាងប្រាសាទ។ នៅឆ្នាំ ១៩៣៥ លោក Philippe Stern បានទៅបំពេញបេសកកម្មនៅតំបន់អង្គរ និងភ្នំគូលែន
ហើយលោកបានអោយគេកាប់ឆ្ការព្រៃដុះព័ទ្ធប្រាសាទនៅទីនោះ។ នៅឆ្នាំ១៩៣៩
គឺជាលើកដំបូងហើយដែលលោកស្រី Gilberte de Coral Rémusat បានបង្ហាញអោយឃើញជាស្ថាពរនូវតំណកាលកំនត់
និងវិវត្ដន៍រចនាបថនៃប្រាសាទទាំងឡាយរបស់ខ្មែរ។
ក្នងពេលជាមួយគ្នានោះ សេចក្ដីចំរើនលូតលាស់
ក្នុងវិស័យរុះរើប្រាសាទដើម្បីសាងសង់ឡើងវិញ anastylose ដែលសំរេចឡើងដោយក្រសួងបុរាណវត្ថុវិទ្យាហុល្លង់នៅកោះជ្វាបានធ្វើអោយក្រុមអភិរក្សអង្គរចាប់អារម្មណ៍យ៉ាងខ្លាំង។
លោក Georges Trouvé អភិរក្សអង្គរពីឆ្នាំ ១៩៣១ ដល់ ១៩៣៥ បានយកបច្ចេកទេសថ្មីនោះមក
អនុវត្ដនៅប្រទេសខ្មែរ។ លោកបានរកឃើញវត្ថុបុរាណជាច្រើន
និងបានយល់ច្បាស់ពីសារសំខាន់នៃការបង្ហូទឹក
បញ្ចូលស្រែរបស់ជនជាតិខ្មែរក្នុងសម័យបុរាណ។ លោក Maurice Glaize ដែលបានបន្ដដំណែងពីលោកពីឆ្នាំ ១៩៣៧ ដល់ឆ្នាំ ១៩៤៥
បានយកបច្ចេកទេសថ្មីនោះមកអនុវត្ដជាបន្ដទៅទៀតចំពោះប្រាសាទសំខាន់ៗរបស់ខ្មែរ
ដែលអាចនៅគង់វង់បានដោយសារតែរូបលោក។ នៅទីបំផុតកិច្ចការស្រាវជ្រាវ
និងរក្សាបានប្រព្រឹត្ដជាទូទៅក្នុង ប្រទេសខ្មែរ ដូចជានៅប្រាសាទអាស្រមមហារិសី
នៅភ្នំជីសូរ និងនៅភ្នំបាយ៉ង់ជាដើម។
ចាប់ពីឆ្នាំ១៩០៨ ដល់ឆ្នាំ ១៩១១ វត្ថុ និងស្ថានីយ៍ខ្លះក្នុងចំនោមវត្ថុ
និងស្ថានីយ៍ខ្មែរ ដែលមានចំនាស់ជាងគេបាន រកឃើញដោយលោក Heneri Parmentier និងលោកឧត្ដមសេនីយ de Beylié ។ លោក Louse Mallenet អភិរក្សសារមន្ទីរព្រៃនគរ
(បង្កើតនៅឆ្នាំ ១៩២៨) បានធ្វើការរុករកយ៉ាងសកម្មហើយរកឃើញស្ថាណីយអូរកែវក្នុងដែនដីកម្ពុជាក្រោមសព្វថ្ងៃ។
រាជពង្សាវតារ
ពាក្យរាជពង្សាតារនេះកើឡើងពីការផ្សំពាក្យ :
រាជ + ពង្ស + អវតារ => រាជពង្សាវតារ។
រាជៈ
អ្វីដែលជារបស់ស្ដេចផែនដី
ពង្ស< វង្ស : ក្រសែ
អវតា : ដំណើរឆ្លងចុះ
ដំណើរប្រែប្រួល។
ដូច្នេះ រាជពង្សាវតារ
គឺឯកសារដែលអធិប្បាយអំពីដំណើរប្រែប្រួលរបស់វង្សស្ដេចផែនដីក្នុងអតីតកាល។
បើតាមឯកសារចិន រាជពង្សាវតារ ប្រហែលមានតាំងពីសម័យអាណាចក្រភ្នំម៉្លេះ
ព្រោះអ្នកធ្វើដំណើរចិន បានកត់ ទុកថាមានកន្លែងទុកបណ្ណសារ។
មួយផ្នែកទៀតសិលាចារឹករបស់ព្រះបាទសូរ្យវរ្ម័នទី១ នៅប្រាសាទព្រះវិហារ
បាននិយាយពីត្រកូលមន្រ្ដីដែលមានមុខងារថែរក្សារាជពង្សាវតារ។ តែគួរអោយស្ដាយ!
រាជពង្សាវតារនៅសម័យនោះ មិនស្ថិតស្ថេររហូតដល់សព្វថ្ងៃនេះទេ នេះប្រហែលជា
ត្រូវអន្ដរាយទៅដោយធាតុអាកាស ឬដោយបំផ្លិចបំផ្លាញរបស់ខ្មាំងសត្រូវដែលចូលមកឈ្លានពានទឹកដី
ឬមួយដោយប្រការណាមួយដែលគេមិនអាចដឹងបាន។
១. រាជពង្សាវតារដែលគង់វង់រហូតមកដល់សព្វថ្ងៃ
រាជពង្សាវតារជាឯកសារអ្នកប្រវត្ដិសាស្រ្ដ
ប្រើសំរាប់ចងក្រងប្រវត្ដិសាស្រ្ដខ្មែរជាបន្ដពីឯកសារសិលាចារឹកគឺ ចាប់ពីស.វ.
ទី១៤មក។ ពង្សាវតារទាំងនេះបានរៀបចំឡើងនៅស.វ.ទី១៩
ដោយពឹងផ្អែកទៅលើការទន្ទេញចាំ មាត់ខ្លះ និងលើអត្ថបទបុរាណខ្លះ
ដែលពីដើមតំកល់ទុកក្រុងឧដុង្គ។ ដោយអាស្រ័យហេតុទាំងនេះហើយទើប
មានភាពខុសប្លែកគ្នាក្នុងផ្នែកព្រឹត្ដិការណ៍ផង និងក្នុងផ្នែកកាលកំនត់ផង
ពីច្បាប់មួយទៅច្បាប់មួយទៀត។
២. រាជពង្សាវតាររបស់អុកញ៉ាវង្សា សារពេជនង
ឧកញ៉ាវង្សា សារពេជនង ជារាជគ្រូរបស់ព្រះបាទហរិរក្សរាមាអង្គឌួង។
លោកបានចងក្រងរាជពង្សាវតារមួយច្បាប់ ពីឆ្នាំ១៨១៣ ដល់ឆ្នាំ១៨១៨។
ស្នាដៃរបស់លោកត្រូវបានប្រែជាភាសាយួននៅឆ្នាំ១៨៣៥ និងជាភាសាសៀមក្នុងឆ្នាំ១៨៥៥
រួចមកត្រូវបានចំលងជាតួអក្សរឡាតាំងដោយឧកញ៉ា កុលដឺម៉ុងតេរ៉ូ សំរាប់លោក Douldart
de Lagrée ។ លោក Francis Garnier
បានអោយប្រែស្នាដៃនេះជាភាសាបារាំងនៅឆ្នាំ ១៨៥៥ - ១៨៦៦
ហើយបានចុះផ្សាយក្នុងទស្សនាវដ្ដី Journal Nsiatique (១៨៧៣)
តែដោយហេតុមានកង្វះព្រឹត្ដិការណ៍នៅស្រុកខ្មែរ ពីឆ្នាំ ១៧៣៩ ដល់ឆ្នាំ ១៧៨៥
ទើបលោកយកឯកសារ Gia dinh Thong Chi មកបង្រ្គប់។ ឯកសារនេះប្រ
ហែលបានសរសេរនៅឆ្នាំ១៨១០ ដោយលោកទ្រិញហ្វាយឌឹក
ក្នុងរជ្ជកាលរបស់ស្ដេចមិញម៉ាង ហើយត្រូវបាន បកប្រែជាបារាំងដោយលោកអនុនាវីឯក Gabriel
Aubaret (20)។
៣.រាជពង្សាវតារឯទៀតៗ
រាជពង្សាវតារឯទៀតៗដែលស្ថិតស្ថេររហូតដល់សព្វថ្ងៃគឺ :
នៅបណ្ណាល័យពុទ្ធសាសនបណ្ឌិត៖ ព្រះរាជពង្សាវតារក្រុងកម្ពុជាធិបតី
របស់ឧកញ៉ាវាំងជួន។ព្រះរាជពង្សាវតារនគរខ្មែរ
ចំលងតាមក្បួនវត្ដកោកកាកតាំងពីឆ្នាំ ១៩៤១។ព្រះរាជពង្សាវតារខត្ដិយារមហារាជ ចំលងតាមក្បួនវត្ដសិតបូរ
តាំងពីឆ្នាំ១៩៤១ក្បួនវត្ដសិតបូរនេះជាសេចក្ដីចំលងពីរាជពង្សាវតារបស់អុកញ៉ាវង្សា
សារពេជនង ផ្នែកចាប់ពីរជ្ជកាលព្រះបាទ និព្វានបាទតទៅ
ឯផ្នែករឿងចងក្រងឡើងដោយព្រះអង្គម្ចាស់នពរត្ននៅបណ្ណាល័យអតីតវាំង។
ពង្សាវតារប្រទេសកម្ពុជា ស្លឹករិតមានចំនួន៣២ខ្សែ ចាប់ពីស្ដេចចាម៦អង្គ
និងវង្សស្ដេចខ្មែរ ចាប់ពីព្រះថោង កុមែរាជរហូតដល់ព្រះរាមាធីតី
ព្រះស្រីសុរិយោពណ៌ គ.ស. ១៦៣៧ ចារដោយព្រះគ្រូសរិវង្សាមេគណហាស់ ស៊ុក
វត្ដទឹកវិលសង្កាត់កោះខែល ស្រុកស្អាង ខេត្ដកន្ដាល ពីឆ្នាំ១៩៤១។ ពង្សាវតារប្រទេសកម្ពុជា
ស្លឹករិតមានចំនួន១២ខ្សែ ពីស្ដេចចាម៥អង្គ
និងស្ដេចខ្មែរចាប់ពីព្រះបាទអាទិច្ចវង្សមុន គ.ស.៣១២ឆ្នាំ
ដល់ព្រះអង្គទងគំរប់ ២ដង គ.ស. ១៧៥១។
II ប្រភពបរទេស
ក. ប្រភពចិន
ប្រទេសចិនបានចាប់អារម្មណ៍មកលើភូមិភាគនៅអាស៊ីអគ្នេយ៍នេះជាយូរណាស់មកហើយ
ហើយបានលើកទ័ព វាយយកប្រទេសតុងកឹង ដើម្បីត្រួតត្រាផ្ទាល់តាំងពីឆ្នាំ
១១១មុន គ.ស. ដល់ឆ្នាំ ៩៣៩ នៃគ.សទៀតផង(២១)។ ២១ = ព្រះរាជពិធីទ្វារទសមាសភាគ១
បោះពុម្ពលើទី២ការផ្សាយរបស់ពុទ្ធសាសនបណ្ឌិត ពស.២៥០០ គស១៩៥៦
នៅពាក់កន្ដាលសតវត្សទី៣នៃគ.ស បេសកជនចិនពីរនាក់គឺលោកកាំងថៃ Kang
Thai និងលោកឈូយីង Tchou Ying បានមកស្នាក់នៅក្នុងអាណាចក្រភ្នំអស់មួយរយៈពេល។
លុះត្រលប់ទៅវិញលោកកាំងថៃបានបោះពុម្ពផ្សា យនូវកំនត់រឿងរ៉ាវដែលទាក់ទង
នឹងការធ្វើដំណើរដ៏វែងឆ្ងាយរបស់លោក។ តមកព្រះរាជាគ្រប់គ្រងលើអាណាចក្រ
ភ្នំតែងបានទាក់ទងយ៉ាងខ្ចប់ខ្ជួនជាមួយនឹងប្រទេសចិន។
ដោយហេតុនេះហើយទើបមានគណបេសកកម្មខាងទូត ខាងជំនួញ
និងខាងវប្បធម៌ត្រូវបានប្ដូរគ្នាទៅវិញទៅមកជាញឹកញាប់
ហើយហេតុការណ៍ទាំងនោះបានអ្នកប្រវត្ដិសាស្រ្ដចិនកត់ទុកយ៉ាងហ្មត់ចត់។
ក្រៅពីឯកសារដែលមានលក្ខណៈផ្លូវការខាងលើនេះ
នៅមានកំនត់ហេតុស្ដីពីរឿងរ៉ាវទាក់ទងនឹងបូជនីយេស ក៏ចិនកាន់ពុទ្ធសាសនា។
ពុទ្ធសាសនិកទាំងនោះ ភាគច្រើនជាអ្នកចេះដឹង
ហើយមានជំនឿយ៉ាងមុះមុតលើពុទ្ធ សាសនា
បានធ្វើដំណើរទៅប្រទេសឥណ្ឌាដើម្បីទស្សនាកន្លែងពិសិដ្ឋៗខ្លះ និងដើម្បីបង្កើនចំណេះខាងសាសនាថែមទៀតផង។
ការធ្វើដំណើរតាមសមុទ្រ ហើយបានចូលឈប់សំចតក្នុងរដ្ឋដែលបានទទួលឥទ្ធិពលឥណ្ឌា។
ស្នាដៃដែលមាននិយាយពីស្រុកខ្មែរ គឺកំនត់ហេតុលោកស្យុនសាង Huian
tsang និងលោកយីស៊ីង Yitsing ស.វ.ទី៧។
ក្នុងចំណោមឯកសារចិនទាំងឡាយ ឯកសារដែលសំខាន់ជាងគេគឺ
កំនត់ហេតុរបស់លោកជីវតាក្វាន់ Tcheou ta Kouan មានចំណងជើងថា
«កំនត់ហេតុស្ដីពីទំនៀមទំលាប់នៃប្រទេសចេនឡា» Tchen La fong t'ou Ki។
កំនត់ហេតុនេះបាននិយាយរៀបរាប់ពីប្រទេសខ្មែរនៅចុងសម័យអង្គរគឺ
បានធ្វើការពណ៌នាពីរាជធានី ពីជីវភាពការរស់នៅ ទំនៀមទំលាប់របស់អ្នកស្រុក
និងពីស្ថាប័ននានាក្នុងសម័យនោះ។
ស្នាដៃរបស់លោកជីវតាក្វាន់បានប្រែជាភាសាបារាំងពីរលើក លើកទី១ : ដោយលោក Abel
Rémusat នៅឆ្នាំ១៨១៩ និងលើទី២
ដោយលោក Paul Pelliot នៅឆ្នាំ១៩០២។
គឺសេចក្ដីបកប្រែចុងក្រោយនេះហើយដែលអ្នកសិក្សាស្រាវជ្រាវច្រើនប្រើជាឯកសារ
ក្នុងការស្រាវជ្រាវអំពីអរិយធម៌ខ្មែរ។ គួរបន្ថែមដែរថា លោកលី ធាមតេង
ជាសមាជិកសមាគមអ្នកនិពន្ធខ្មែរ ដែលបានទៅទស្សនាប្រទេសចិននៅក្នុងឆ្នាំ ១៩៦២
បានចំលងយកឯកសាររបស់លោកជីវតាក្វាន់ជាភាសាចិន ហើយយកមកប្រែជាភាសាខ្មែរបោះពុម្ពផ្សាយនៅឆ្នាំ១៩៧១។
ខ. ប្រភពប្រទេសឯទៀត
ក្រៅពីឯកសារជាតិ និងឯកសារចិន
ដែលជាឯកសារមូលដ្ឋាននៅមានឯកសារបន្ទាប់បន្សំខ្លះទៀត
ដែលចងក្រងឡើងដោយជនជាតិក្រិច ឥណ្ឌា អារ៉ាប់ ព័រទុយហ្គាល អេស្បាញ យួន សៀម
និងលាវ។។
នៅស.វ. ទី២ នៃគ.ស. អ្នកភូមិសាស្រ្ដក្រិចឈ្មោះ Ptolémée បានសរសេរសៀវភៅភូមិសាស្រ្ដដែលមានវគ្គមួយនិយាយពីភូមិភាគអាស៊ីអគ្នេយ៍ដីគោក
និងកោះ។អ្នកស្វែងរកមាសអោយឈ្មោះ ភូមិភាគនេះថា សុវណ្ណ ភូមិ (សំគាល់ដីគោក) និង
សុវណ្ណទ្វីប (សំគាល់ដីកោះ) គឺត្រូវនឹងពាក្យ La Chrysé និង La Chersonèse របស់ជនជាតិក្រិច។
មានផ្នែកខ្លះក្នុងគម្ពីរត្រៃបិតកក៏បានសរសេរពីកំពង់ផែសំខាន់ៗទាក់ទងនឹងការធ្វើជំនួញរវាង
ប្រទេសឥណ្ឌា និងភូមិភាគអាស៊ីអគ្នេយ៍ដែរ។ ក្នុងអត្ថបទទាំងនោះគឺរឿងជាតក
និងនិទ្ទេស។
ឯកសារព័រទុយហ្គាល និង អេស្បាញ
ក៏បានរួមចំណែកខ្លះក្នុងការចងក្រងប្រវត្ដិសាស្រ្ដខ្មែរដែរ។ នៅឆ្នាំ១៩៥៤
ក្នុងអោកាសបើកសម័យប្រជុំសមាជអន្ដរជាតិលើកទី២៣ នៃបូព៌ាវិទូនៅក្រុង Cambridge
លោក Boxer បាន យកឯកសារមួយរបស់លោក Diogo
docouto ដែលនិយាយពីក្រុងអង្គរនៅស.វ ទី១៦ទៅលាតត្រដាង(២២)
។ លោក Bernata Philippe Groslier បច្ចុប្បន្នអភិរក្សអង្គរបានសរសេរសៀវភៅមួយមានជំណងជើងថា
Ang- kor et le Cambodge au 16 siécle ដោយពឹងផ្អែកទៅលើឯកសារព័រទុយហ្គាល និងអេស្បាញ
ហើយបោះពុម្ពនៅប៉ារីសនៅឆ្នាំ១៩៥៨។
ចុងក្រោយបង្អស់ រាជពង្សាវតារសៀម លាវ
និងយួនក៏អាចជួយបំភ្លឺប្រវត្ដិសាស្រ្ដខ្មែរ ដោយអន្លើខ្លះដែរ
តែឯកសារទាំងនេះមានគុណវិបត្ដិដូចរាជពង្សាវតារខ្មែរដែរ។
ឯកសារយោង
18= ប្រវត្ដិសាស្រ្ដភាគ១ ថ្នាក់ទី១ ខេមរយានកម្ម
ភ្នំពេញ ១៩៧២។
19 =Lawrence Palmer Priggs. Les missionnaires portugals et
espagnols au Cambodge (155-1603) texte traduit de l'anglais par Monique Dupont
et publié dans Fullectin de la Société des
Etudes Indochinoises (Nouvelle série -
Tome xxv.no 1 - ler trimestre 1950) Saigon. 1950.
20 = H. sutton. Singapore in history, federal publications,
Singapore, 1967
No comments:
Post a Comment