ឥទ្ធិពលខ្មែរសម័យអង្គរ
I. ព្រះបាទជ័យវរ្ម័នទី៣ (៨៥៤ - ៨៧៧)
ព្រះបាទជ័យវរ្ម័នទី៣ ជាព្រះរាជបុត្រព្រះបាទជ័យវរ្ម័នទី២
បានឡើងសោយរាជ្យសម្បត្ដិនគរខ្មែរ បន្ទាប់ពីបិតាព្រះអង្គ។ ព្រះបរមរាជវាំង និង
ព្រះរាជធានីស្ថិតនៅហរិហរាល័យដដែល។ ក្នុងរជ្ជកាលព្រះអង្គ គេពុំបានសំគាល់
ឃើញមានព្រឹត្ដិការណ៍អ្វីជាសំខាន់ទេ។ ប្រជាជនរស់នៅដោយសុខសន្ដិភាព។
សិលាចារឹក បានចារទុកមកថា ព្រះអង្គមានតេជបារមីភ្លឺចាំងចែងដូចព្រះសុរិយា
ព្រះអង្គមានសេចក្ដីក្លាហានអង់អាច ហើយបានពង្រីកទឹកដី
កេរមរតកបិតាព្រះអង្គអោយរឹងរិតតែធំទូលាយ។ សិលាចារឹកដែលបន្ដទៅទៀតថា ព្រះអង្គចូលចិត្ដបរបាញ់សត្វ
និងទាក់ដំរី។
ព្រះបាទជ័យវរ្ម័ទី៣ បានចូលទីវង្គតក្នុងគ.ស.៨៧៧។ ព្រះអង្គពុំមានកូនប្រុស
សំរាប់ស្នងរាជបន្ដពីព្រះអង្គទេ។
នៅជុំវិញបរិវេណរលួសព្រះអង្គបានសាងសង់ប្រាសាទព្រៃមន្ទីរ
ប្រាសាទត្រពាំងពង់ និងជណ្ដើរទីមួយនៃប្រាសាទបាគង។
II. ព្រះបាទឥន្រ្ទវរ្ម័នទី១ (គ.ស.៨៧៧ - ៨៨៩)
ព្រះបាទឥន្រ្ទវរ្ម័នទី១
ជាក្សត្រដែលបានសោយរាជបន្ទាប់ពីព្រះបាទជ័យវរ្ម័នទី៣ ករណីការឡើងសោយរាជនេះ
គេពុំបានដឹងច្បាស់លាស់ទេ គេគ្រាន់តែដឹងថា
ព្រះអង្គត្រូវបានព្រះរាជវង្សានុវង្ស ព្រមទាំងនាម៉ឺនមុខមន្ត្រី ជ្រើសរើសតែងតាំងជាព្រះមហាក្សត្រ។
ប៉ុន្ដែគេអាចប៉ាន់ស្មានថា ព្រះអង្គបានព្រះរាជគ្រូព្រាហ្មណ៍ សិវសោមៈ
ជាអ្នកជ្រោមជ្រែងជួយសំរួល ក្នុងការឈោងយកឋានៈជាព្រះមហាក្សត្រ។
ព្រះរាជគ្រូសិវសោមៈ ត្រូវជាប់ជាបងប្អូននឹងព្រះបាទជ័យវរ្ម័នទី២។
ចំណែកព្រាហ្មណ៍ វាមសិវៈ ត្រូវជាចៅមីងរបស់ព្រាហ្មសិវកឥវលិយៈ ព្រះរាជគ្រូ
ព្រះបាទជ័យវរ្ម័នទី២។
ព្រះឥន្រ្ទវរ្ម័នទី១ មានជាប់ព្រះញាតិវង្ស នឹងព្រះបាទជ័យវរ្ម័នទី៣ដែរ
ក្នុងឋានៈជាក្មួយ តែជាក្មួយឆ្ងាយ។ បិតាព្រះអង្គព្រះនាម
ព្រះព្រិទ្ធិឥន្រ្ទវរ្ម័ន ជាកូនរបស់ប្អូនស្រី ព្រះរុទ្រ្ទវរ្ម័ន
ព្រះអង្គគង់នៅរាជធានី ហរិហរាល័យឯរលួស។
ក. ការកសាងនិងស្នាដៃ
កាលបើឡើងសោយរាជភ្លាម ក្នុងគ.ស ៨៧៩
ការតព្វកិច្ចដំបូងរបស់ព្រះអង្គគឺកសាងប្រាសាទ និង រៀបចំព្រះរាជធានី
ហរិហរាល័យនៅរលួស ប្រាង្គប្រាសាទដែលព្រះអង្គសាងសង់មាន៖
ប្រាសាទព្រះគោ ដែលមានកំពូលទាំងអស់៦ ត្រូវបានសង់មុនគេ ក្នុងគ.ស.៨៧៩
ដើម្បីទុកជាទីសក្ការៈបូជា នៅខាងក្នុង ព្រះអង្គបានតំកល់លិង្គព្រះឥសូរ
ព្រះបដិមាករតំណាងព្រះឥសូរ និង ព្រះនាងឧបមា មហេសីព្រះឥសូរ ដែលមានរូបរាងមុខមាត់
ដូចនឹងជីដូនជីតាព្រះអង្គខាងម្ដាយ និងដូចព្រះបាទជ័យវរ្ម័នទី២
និងអគ្គមហេសី។ ប្រាសាទព្រះគោបានសង់ទៅដោយឥដ្ឋ មានព្រវែង ៩៧ម x ៩៤ ម៉ែត្រ និងកំពស់១៥ម។
ប្រាសាទបាគង់ ជាប្រាសាទមួយទៀត ដែលព្រះអង្គបានកសាង លើទីកន្លែងជិតនោះដែរ
ក្នុងគ.ស ៨៨១។ ប្រាសាទបាគង់មានទំហំ ៦៧ម x ៦៥ម
សង់លើខឿនខ្ពស់ពីដី ១៥ម ហើយមានកំពូលទាំងអស់៩។ កំពូលប្រាសាទ ចំកណ្ដាលខ្ពស់ជាងគេ
មានកំពស់ ១៥ម។ ក្នុងនោះព្រះបាទឥន្រ្ទវរ្ម័នទី១ តំកល់លិង្គព្រះឥសូរ។
ឯកំពូល ៨ទៀត ត្រូវបានសង់ដាក់តំរង់ទៅតាមទិសទាំងប្រាំបី។
បារាយលលៃ ស្ថិតនៅក្នុងគោលគំនិត នយោបាយទឹក ដែលជីកព្រែកស្រះ បឹងត្រពាំង
នៅតាមភូមិស្ថានគ្រប់ទិសទី តំរូវទៅតាមសេចក្ដីត្រូវការរបស់បន្ដាជន
និងនយោបាយកសាងជាតិ ការជីកកសាងបារាយលលៃ មិនមែនជាការផ្សងព្រេង
មិនមែនជាការពិសោធន៍ ធ្វើយកល្អមើលនោះទេ
អ្វីៗសុទ្ធតែត្រិះរិះគិតគូរយ៉ាងល្អិតល្អន់ ដើម្បីអោយសមិទ្ធិបារាយនេះ
អាចចែកចាយទឹក ផ្សព្វផ្សាយពាសពេញព្រះរាជធានី ភូមិជិតឆ្ងាយ
និងស្រែចំការនៅក្បែរនោះ បាយលលៃនៅរលួស មានទំហំ ៣៨០០ម x ៨០០ម
ហើយទុកទឹកបានយ៉ាងតិច ៦០០០.០០០មត្រីគុណ។ ស្នាដៃនេះ អ្នកវិទ្យាសាស្រ្ដ
អ្នកបុរាណវិទ្យា និងអ្នកប្រវត្ដិសាស្ដ្រ ដែលបានសិក្សាអំពីប្រវត្ដិសាស្រ្ដខ្មែរបានទទួលស្គាល់
កោតសរសើរ និងបញ្ជាក់ថា
ជាជំហានដំបូងដែលនាំប្រទេសខ្មែរឆ្ពោះទៅរកការរីកចំរើន
ក្លាយទៅជាមហាអំណាច។
ខ. ក្រិត្យក្រមកំនត់ព្រះរាជវង្ស
ប្រហែលជាដើម្បីជៀសវាងតទៅអនាគត កុំអោយកើតមានបញ្ហាចោទ ក្នុងការឡើងសោយរាជ្យសម្បត្ដិ
កុំអោយមានការដណ្ដើមអំណាចគ្នា ដែលជាប្រភពនៃជំលោះ នៃការបែកបាក់សាមគ្គី
និងចំបាំងរវាងជាតិឯង ទើបបានជាព្រះបាទឥន្រ្ទវរ្ម័នទី១
រៀបអោយមានក្បួនខ្នាតក្រិត្យវិន័យក្នុងរង្វង់ក្រកូលក្សត្រ។
ក្រិត្យបញ្ជានោះមានកំនត់ថា ព្រះមហាក្សត្រ ជាប្រធានធំលើព្រះរាជវង្សានុវង្សទាំងអស់។
ព្រះរាជវង្សស្ដេច ចែកចេញជាបីខ្សែ៖
១.
សម្ដេចព្រះឧបយោវរាជ មានស្វេទឆ័ត្រ៦ជាន់
២.
ព្រះឧបរាជ មានស្វេទឆ័ត្រ៥ជាន់
៣.
មាតាព្រះមហាក្សត្រ រឺបុត្រីច្បងព្រះមហាក្សត្រ មានស្វេទឆ័ត្រ ៤ជាន់
ក្រុមក្សត្រទាំងបីជំពូកនេះ សុទ្ធតែមានគ្រូអាចារ្យ នាម៉ឺនមុខមន្រ្ដី
ទ័ពទាហានពលសេនា និងទឹកដីទ្រព្យសម្បត្ដិខ្ញុំកំដរទាសាទាសីបរិវារ
ដូចគ្នានឹងព្រះរាជា គ្រាន់តែតិចច្រើនជាងគ្នាប៉ុណ្ណោះ។
កូនចៅព្រះមហាក្សត្រ ក្នុងប្រាំដំណស្ថិតនៅក្នុងក្រមខ័ណ្ឌព្រះរាជវង្សដដែល
ហើយមានសិទ្ធអំណាចនឹងឡើងគ្រងរាជសម្បត្ដិ ជាម្ចាស់ផែនដីបាន
គឺនៅក្នុងចំណោមព្រះរាជវង្សទាំងប្រាំដំណ ឬប្រាំជំនាន់នេះហើយ ដែលព្រាហ្មណ៍
និងនាម៉ឺនមន្រ្ដី ត្រូវជ្រើសរើសតែងតាំងស្ដេច
ក្នុងពេលណាដែលព្រះមហាក្សត្រចូលទីវង្គត។ តាមធម្មតាគេតែងជ្រើសរើស
ព្រះឧបរាជអោយឡើងធ្វើជាព្រះមហាក្សត្របន្ដរាជវង្ស។ ម្យ៉ាងទៀតសមាជិកនីមួយៗ
របស់ព្រះរាជវង្ស មុននឹងរៀបការ ត្រូវតែមានសេចក្ដីសុខចិត្ដយល់ព្រមអនុញ្ញាត
ពីព្រះមហាក្សត្រសិន។
ចំណែកកូនស្ដេច ដែលហួសពីប្រាំដំណ គេហៅថាព្រះវង្ស។ ស្ដេចទាំងនេះ
គ្មានសិទ្ធិនឹងទាមទារឡើងធ្វើជាព្រះមហាក្សត្រឡើយ។
ដូច្នេះដើម្បីរក្សាអោយមានសិទ្ធិ អាចនឹងឡើងសោយរាជ្យទៅថ្ងៃក្រោយ
ស្ដេចព្រះវង្ស ត្រូវស្វះស្វែងរៀបការជាមួយស្ដេចអង្គណា ដែលមិនទាន់អស់សទ្ធិ។
ដោយសារបុព្វហេតុនេះ ទើបបានជាក្នុងចង្កោ មព្រះរាជវង្សខ្មែរ
គេសង្កេតឃើញស្ដេចខ្មែរ ច្រើនតែរៀបការជាមួយបងប្អូនឯង។
ព្រះបាទឥន្រ្ទវរ្ម័នទី១ ជាព្រះមហាក្សត្រមួយអង្គធំកំពូល ក្លាហានខ្លាំងពូកែ
ក្នុងចំបាំងព្រះអង្គមិនដែលចាញ់ ឬដកឃ្លាថយឡើយ សិលាចារឹកនៅព្រះបាទ និងបាគង់
បានសរសេរបន្ដទៀតថា «ព្រះបាទឥន្រ្ទវរ្ម័នទី១
ជាព្រះមហាក្សត្រ ដែលប្រកបទៅដោយទសពិធរាជធម៌ ជាទីត្រជាក់ត្រជុំរបស់ប្រជានុរាស្រ្ដ។
ព្រះអង្គមានគុណសម្បត្ដិគ្រប់យ៉ាងឥតមានខ្វះ ព្រះអង្គមានមហិទ្ធិរិទ្ធិអំណាចបីយ៉ាង
ព្រះអង្គអាចយកជ័យជំនះឈ្នះលើរូបព្រះអង្គ ព្រះអង្គមិន
ដែលភ្លេចគោរពបូជាព្រះ ហើយព្រះអង្គបានការពារទឹកដីដូចជាម៉ានូ(១) ដោយស្គាល់ដឹងយល់អ្វីដែលត្រូវធ្វើ
និងអ្វីដែលមិនត្រូវធ្វើ។ ព្រះបាទជ័យវរ្ម័នទី១ បានចូលទីវង្គតក្នុងគ.ស ៨៨៩
នៅរាជធានី ហរិហរាល័យ។
III.
ដើមកំណើតការកសាង
មហានគរលើកទី១
១. ព្រះបាទយសោវរ្ម័នទី ១ (គ.ស. ៨៨៩ - ៩០០)
ព្រះបាទយសោវរ្ម័នទី១ ជាព្រះរាជបុត្ររបស់ព្រះឥន្រ្ទវរ្ម័នទី១។
ព្រះអង្គបានឡើងសោយរាជបន្ដពីបិតាព្រះអង្គ ក្នុង គ.ស.៨៨៩ នៅទីក្រុងហរិហរាល័យ។
ព្រះអគ្គមហេសីព្រះអង្គព្រះនាមឥន្រ្ទទេវី ដែលជាម្ចាស់ក្សត្រីល្អឯក
មានចំណេះវិជ្ជាខ្ពង់ខ្ពស់
មានប្រាជ្ញាភ្លឺថ្លាមុះមុតល្បីល្បាញទៅគ្រប់ទិសទីក្នុងព្រះនគរ។ ព្រះរាជគ្រូ
និងទីប្រឹក្សាជាន់ខ្ពស់ព្រះអង្គ មានព្រាហ្មណ៍ព្រះនាម សិវសោមៈ និងវាមសិវៈ
ដែលជាចៅរបស់ព្រាហ្មណ៍សិវតឥវលិយៈ ព្រះរាជគ្រូព្រះបានជ័យវរ្ម័នទី២។
២. ចំបាំងក្នុងរជ្ជកាលព្រះបាទយសោវរ្ម័នទី១
នៅដើមរជ្ជកាលព្រះអង្គ គេកត់សំគាល់ឃើញមាន ការរំជើបរំជួល ចលាចលអសន្ដិសុខ
និងចំបាំងបង្កបង្កើតដុតឆេះឡើង ដោយក្រុមគ្រួសារព្រះញាតិវង្ស
ព្រះបាទជ័យវរ្ម័នទី៣ ដែលត្រូវខកខានមិនបានទទួលរាជបល្ល័ង្គ
ក្រោយពេលដែលព្រះមហាក្សត្រអង្គនេះចូលទីវង្គត។
ចំបាំងរាំងជលមានសភាពខ្លាំងក្លាសាហាវអស្ចារ្យ។ កាលនោះ
ទ័ពព្រះមហាក្សត្រព្រះបាទយសោវរ្ម័នទី១
ត្រូវទន់ដៃក្រោមការវាយប្រហាររបស់បច្ចាមិត្រ
ព្រះរាជាត្រូវសត្រូវចោមរោមព័ទ្ធជុំទិស។ ក្នុងគ្រាដ៏សែនអាសន្ននេះ
មេទ័ពស្មោះស្ម័គ្រព្រះអង្គពីរនាក់ បាននាំគ្នាសំរេចចិត្ដបូជាជីវិត
ដោយយករាងកាយទៅរាំងពាំងការពារព្រះអង្គ រងព្រួញដាវលំពែង តែនៅទីបញ្ចប់
ព្រះអង្គបានវាយប្រហារសត្រូវបាក់បែករត់ខ្ចាត់ខ្ចាយបរាជ័យចាញ់អស់។
ព្រះអង្គធ្លាប់ធ្វើសង្គ្រាមច្បាំង ឈ្នះទាំងលើដី ទាំងលើសមុទ្រ
បំផ្លាញទូកសំពៅសត្រូវអស់ជាច្រើន ជាពិសេស
ព្រះអង្គបានធ្វើចំបាំងតទល់នឹងនគរចំប៉ា ដេញវាយប្រហារទ័ពចាម ចូលដល់រហូតទីក្រុង
ហើយចាប់បានជាឈ្លើយ។ បន្ទាប់មក
ព្រះអង្គបានតែងតាំងមេទ័ពចាមម្នាក់អោយឡើងសោយរាជនៅទីនោះ។
ប៉ុន្ដែនៅពេលដែល ព្រះអង្គលើកទ័ពត្រលប់មកនគរ កងទ័ពចាម១២ក្រុមបានរៀបចំរាយអន្ទាក់
ចាំវាយកំទេចទ័ពខ្មែរ ព្រះអង្គបានបើកការវាយប្រហារ កំទេចកងទ័ពសត្រូវអស់ជាច្រើនក្រុម
ហើយក៏រំលៀកខ្លួនរំដោះចេញផុត ត្រលប់ចូលមហានគរវិញ
ក្នុងពេលប្រយុទ្ធនឹងទ័ពចាម ប្រសិនបើគ្មានអន្ដរាគមន៍
គ្មានការធ្វើពលិកម្មបូជាជិវិត របស់មេទ័ព និងពលសេនា នោះប្រហែលជាព្រះអង្គ
ត្រូវរងគ្រោះថ្នាក់អស់ព្រះជន្មផងក៏មិនដឹង។
ព្រះបាទយសោវរ្ម័នទី១ មិនមែនពូកែតែខាងធ្វើចំបាំងប៉ុណ្ណោះទេ
ព្រះអង្គក៏ជាក្សត្រមួយពូកែគ្រប់គ្រងរៀបចំកសាងប្រទេសជាតិទឹកដី
និងការពារថែរក្សា ទំនុកបំរុងសាសនាដែរ។
៣. ការកសាង និងស្នាដៃ
រាជធានីយសោធបុរៈ
កាលបើបានឡើងគ្រប់គ្រងប្រទេសកម្ពុជាហើយ ព្រះបាទយសោវរ្ម័នទី១
ក៏ចាត់ចែងបញ្ជាអោយកសាងព្រះរាជធានីថ្មីមួយទៀត
ដោយយកភ្នំបាខែងធ្វើជាស្នូលចំកណ្ដាល។
ព្រះរាជធានីថ្មីនៃប្រទេសកម្ពជា មានឈ្មោះថា យសោធបុរៈ ដែលយើងនិយមហៅថា
មហានគរ ឬនគរធំ។ អ្នកស្រាវជ្រាវបរទេស បាននាំគ្នាដាក់ឈ្មោះថា «អង្គរ»។
នេះជាមហានគរ ឬនគរធំទី១ នៅក្នុងប្រវត្ដិសាស្រ្ដខ្មែរ។
កំពែងគូអូរទឹក ត្រូវបានជីកជុំវិញព្រះរាជធានី
ដើម្បីទុកការពារនឹងសត្រូវជិតឆ្ងាយ។ ប្រលាយទឹកជាច្រើន
ជួបជាប់កាត់គ្នាចុះឡើងច្រវាត់ច្រវែង ដូចក្រលាចត្រង្គ
ជាផែនការណ៍នយោបាយទី៧ និង ជាមធ្យោបាយមួយ
ក្នុងការដឹកនាំបញ្ចូលទឹកសំរាប់ប្រកបកសិកម្ម។
ប្រាសាទភ្នំបាខែង
បានសង់លើភ្នំបាខែង ឧទ្ទិសថ្វាយព្រះឥសូរ ដោយមានតំកល់លិង្គជាតំណាង។
ប្រាសាទបាខែងបានសង់នៅលើកំពូលភ្នំបាខែងដែលមានកំពស់ប្រមាណជា៦០ម
ជុំវិញភ្នំ ព្រះអង្គបានសង់កំផែងមួយរាងបួនជ្រុង ប្រវែង ៦៥០ម x ៤៤០ម
ឡើងទៅដល់កំពូលភ្នំ ដែលដើរដោយស្ថានភាពរាបស្មើ ទំហំ១៨០ម x ១២០មព្រះអង្គបានសាងសង់ខឿន៥ថ្នាក់ ហើយសង់ប្រាសាទនៅទីនោះ
ប្រាសាទតូចៗ នៅលើភ្នំបាខែងមានទាំងអស់១០៩។
បារាយខាងកើត
ស្ថិតនៅក្នុងលក្ខណនយោបាយទឹក
សំរាប់បំរើវិស័យកសិកម្ម ព្រះបាទយសោវរ្ម័នទី១ បានកសាងជីកឡើង។
បារាយខាងកើតមានប្រវែង ៧០០០ម និងទទឹង៨០០ម អាចផ្ដល់ទឹកបានដល់ទៅ
៣០លានម៉ែត្រត្រីគុណ។ ទំនប់ដីយ៉ាងធំត្រូវបានលើកឡើងព័ទ្ធជុំវិញ
សំរាប់ការពារទឹកជំនន់។ ហើយនៅជ្រាំងខាងត្បូងបារាយ
ព្រះអង្គបានចាត់ចែងអោយសាងព្រះវិហារវត្ដអារាម
សំរាប់អ្នកគោរពព្រះវិស្នុ ព្រះសិវៈ និង ព្រះពុទ្ធសា សនា។
ជាមួយគ្នានៅគ្រប់ខេត្ដខ័ណ្ឌនានា ព្រះអង្គបានកសាងអាស្រម ព្រះវិហារ និង
វត្ដជាច្រើនទៀតដែរ។
ប្រាសាទលលៃនៅរលួស ជិតប្រាសាទបាគោ និង
បាគង់ដែលជាកន្លែងរាជធានីចាស់ក៏បានកសាងដោយសារព្រះអង្គដែរ
ដើម្បីរំលឹកដល់វិញ្ញាណខន្ធបិតាមាតា និងជីដូនជីតាខាងម្ដាយព្រះអង្គ
ប្រាសាទព្រះវិហារ
ជាប្រាសាទដែលព្រះបាទយសោវរ្ម័នទី១
បានកសាងសំរាប់ឧទ្ទិសរំលឹកគុណថ្វាយចំពោះសិវៈ។
ប្រាសាទព្រះវិហារគេបានសង់នៅលើកំពូលភ្នំដងរែក
លើជ្រាំងភ្នំដែលមានកំពល់៨០ម។ គេអាចឡើងទៅតាមផ្លូវជំរាល
ដែលមានប្រវែងប្រហែលជា ៨០០ម ការកសាងប្រាសាទព្រះវិហារ
មិនបានហើយចប់នៅក្នុងរាជព្រះអង្គទេ។ ការសាងសង់មានបន្ដទៅទៀត
ក្នុងរជ្ជកាលព្រះបាទសុរិយាវរ្ម័នទី១ និងព្រះបាទសុរិយាវរ្ម័នទី២។
ម្យ៉ាងវិញទៀតយើងសង្កេតឃើញប្រាសាទព្រះវិហារ
មានលំនាំលក្ខណៈដូចគ្នានឹងប្រាសាទវត្ដភូ។
ព្រះបាទយសោវរ្ម័នទី១ ជាព្រះមហាក្សត្រប្រកបដោយសេចក្ដីក្លាហាន
និងទសពិធរាជធម៌ដែលមានតែមួយគត់ គ្មានអ្វីមកប្រដូចបាន
ព្រះអង្គមានចំណេះវិជ្ជាខ្ពង់ខ្ពស់ជ្រៅជ្រះ។
ហើយព្រះអង្គក៏មិនធ្វេសប្រហែស ក្នុងការគោរពបូជាចំពោះសាសនាដែរ សិលាចារឹកខ្មែរនៅព្រះបាទ
បានសរសេរចារបន្ថែមថា «ក្នុងភពទាំងពីរ
ស្ថានកណ្ដាល និងស្ថានសួគ៌។ មានតែព្រះបាទយសោវរ្ម័នទី១ (ភពផែនដី)
និងព្រះឥន្រ្ទ (ស្ថានសួគ៌) ទេ ដែលជាអ្នកគ្រប់គ្រង
ការពារពោរពេញទៅដោយវីរភាព»។
ព្រះបាទយសោវរ្ម័នទី១ មានបុត្រពីរព្រះអង្គ ព្រះហរស្សវវ្ម័នទី១
និងព្រះឥសានវរ្ម័នទី២។ ព្រះអង្គបានចូលទីវង្គតក្នុងគ.ស ៩០០
ព្រះអង្គបានទុកជាមរតក ដល់កូនចៅខ្មែរជំនាន់ក្រោយនូវប្រទេសកម្ពុជាមួយ
យ៉ាងខ្លាំងមាំមួន ដែលពោរពេញទៅដោយការកសាង និងរីកចំរើនលូតលាស់ក្នុងគ្រប់វិស័យ
ព្រះអង្គបានផ្ដល់សន្ទុះមួយថ្មី ដល់មហាអំណាចកម្ពុជា។
IV.
ព្រះបាទហរស្សវរ្ម័នទី១
(គ.ស ៩០០ - ៩២២)
ក្រោយដែលព្រះបាទយសោវរ្ម័ន បានចូលទីវង្គត ព្រះហរស្សវរ្ម័ន
ដែលជាបុត្រច្បង បានទទួលរាជសម្បត្ដិ ឡើងធ្វើជាព្រះមហាក្សត្រ។
ក្នុងរជ្ជកាលព្រះអង្គ គេពុំបានកត់សំគាល់ឃើញមានព្រឹត្ដិការណ៍
ឬហេតុការណ៍អ្វីជាសំខាន់គួរអោយចាប់អារម្មណ៍ឡើយ។ ផលវិបាកនេះ
គឺបណ្ដាលមកអំពីការខ្វះខាតផ្នែកឯកសារ។
V. ព្រះបាទឥសានវរ្ម័នទី២ (គ.ស ៩២២ - ៩២៨)
ព្រះបាទឥសានវរ្ម័នទី២ ត្រូវបានសោយរាជសម្បត្ដិ
ជាព្រះមហាក្សត្រខ្មែរ បន្ទាប់ពីព្រះបាទហរស្សវរ្ម័នទី១
ដែលត្រូវជាបង។ តាមឯកសារខ្លះ នៅដើមរជ្ជកាលព្រះអង្គ
ព្រះបានឥសានវរ្ម័នទី២
ត្រូវបានទប់ទល់ធ្វើចំបាំងជាមួយនឹងព្រះជ័យវរ្ម័នទី៤ មាព្រះអង្គ
ដែលមិនព្រមទទួលស្គាល់ព្រះអង្គជាស្ដេច
ហើយបែរជាប្រកាសតាំងខ្លួនជាស្ដេចទៅវិញ
ដូច្នេះហើយបានជាព្រះបាទជ័យវរ្ម័នទី៤
បានលួចដឹកជញ្ជូនយកព្រះរាជទ្រព្យ ទៅសង់តាំងព្រះរាជវាំងនៅកោះកេរ។
រជ្ជកាលព្រះបាទឥសានវរ្ម័នទី២ អ្នកប្រវត្ដិវិទូ មិនសូវស្គាល់ប៉ុន្មានទេ
ដោយគ្មានឯកសារគ្រប់គ្រាន់ ព្រះអង្គបានអស់ព្រះជន្មក្នុងគ.ស ៩២៨។
VI.
ព្រះបាទជ័យវរ្ម័ន
ទី៤ (គ.ស. ៩២៨ - ៩៤១)
ព្រះបាទឥសានវរ្ម័នទី២
គ្មានព្រះរាជបុត្រសំរាប់ស្នងរាជបន្ដពីព្រះអង្គទេ
ឆ្លៀតឱកាសដ៏ល្អនេះព្រះបាទជ័យវរ្ម័នទី៤ ដែលមាននគរ
និងស្ដេចត្រាញ់តូចធំទទួលស្គាល់ខ្លះៗហើយ
បានប្រកាសធ្វើព្រះរាជាភិសេកតាំងខ្លួនជាមហាក្សត្រកម្ពុជា។
ព្រះបាទជ័យវរ្ម័នទី៤ ត្រូវជាប្អូនថ្លៃព្រះបាទយសោវរ្ម័នទី១។
ព្រះអគ្គមហេសីព្រះអង្គ ដែលជាប្អូនស្រីបង្កើតព្រះបាទយសោវរ្ម័ន
ព្រះនាមហិន្រ្ទទេវី
មុននឹងរៀបការជាមួយព្រះបាទជ័យវរ្ម័នទី៤ព្រះនាងធ្លាប់មានស្វាមីម្ដងហើយ
គីព្រះមហិន្រ្ទវរ្ម័ន ដែលបានបុត្រមួយព្រះអង្គជាមួយនឹងព្រះនាង
ព្រះនាមរាជឥន្រ្ទវរ្ម័ន។ ជាមួយនឹងព្រះបាទជ័ យវរ្ម័នទី៤
ព្រះនាងមហិន្រ្ទទេវីបានរាជបុត្រមួយព្រះអង្គទៀតព្រះនាមហរស្សវរ្ម័នទី២។
១. ការបោះបង់ចោលនគរធំ
ព្រះបាទជ័យវរ្ម័នទី៤ បានបោះបង់ចោលមហានគរ
ហើយផ្លាស់ប្ដូរព្រះរាជធានីទៅតាំងនៅកោះកេរ។
ប្រាសាទកោះកេរស្ថិតនៅខាងជើងភ្នំគូលែន ក្នុងបច្ចុប្បន្ន
ខេត្ដព្រះវិហារ។ ប្រាសាទនេះមានប្រាពីរថ្នាក់ ហើយមានកំពស់ ៣៥ម។
លិង្គដែលជាតំណាងទេវរាជ អំណាចសាសនា និងព្រះរាជបល្ល័ង្គ
ព្រះអង្គបានយកមកតំកល់ទុកគោរពបូជា
នៅលើកំពូលខ្ពស់ចុងបំផុតនៃប្រាសាទកោះកេរ។ សិលាចារឹកប្រាសាទកុក
មានតំកល់ទុកមកថា ព្រះអង្គបានធ្វើសង្រ្គាមនៅគ្រប់ទិសទាំងបួន
ហើយព្រះអង្គក៏ធ្លាប់ច្បាំងមានជ័យជំនះលើនគរចាមដែរ។
២. ការកសាង និង ស្នាដៃ
កោះកេរ ព្រះរាជធានីថ្មីរបស់ព្រះបាទជ័យវរ្ម័នទី៤
បានផ្ដល់មកនូវប្រាសាទ និងសិល្បៈយ៉ាងត្រចះត្រចង់មួយចំនួន
ដែលបានជះឥទ្ធិពលមកលើការកសាងប្រាសាទ និងសិល្បៈខ្មែរជំនាន់ក្រោយ
ព្រះអង្គបានកសាងទីក្រុងថ្មីនេះពី គ.ស ៩២១ ដល់ គ.ស ៩៤៤។
ប្រាសាទធំ ដែលស្ថិតក្នុចំណោមប្រាសាទជាច្រើនទៀត
ជាស្នាដៃសំខាន់របស់ព្រះអង្គ នៅកណ្ដាលប្រាសាទធំ
មានប្រាសាទមួយទៀតខ្ពស់ត្រដែតទៅលើ គឺប្រាសាទប្រាង្គ ដែលមានកំពស់ជាង
៦០ម ប្រាសាទនេះ បាតខាងក្រោមទំហំ ៦២ម x ៦៤ម
ហើយមានជណ្ដើរមួយឡើងត្រង់ភ្លឹងពីទិសខាងកើត។ ព្រះបាទជ័យវរ្ម័នទី៤
បានចូលទីវង្គតក្នុង គ.ស ៩៤១។
VII. ព្រះបាទហរស្សវរ្ម័ន ទី២ (គ.ស. ៩៤១ - ៩៤៤)
ព្រះបាទហរស្សវរ្ម័នទី២ បានទទួលរាជសម្បត្ដិនគរកម្ពុជា
បន្ដពីបិតាព្រះអង្គ ក្នុងគ.ស ៩៤១។ ព្រះរាជធានី ស្ថិតនៅកោះកេរដដែល។
ព្រះអង្គនៅតែកាន់គោរពបូជាទេវរាជ ដូចព្រះមហាក្សត្រខ្មែរជំនាន់មុន។
សោយរាជបានប្រមាណបីឆ្នាំ ក្នុងគ.ស ៩៤៤ ព្រះអង្គក៏បាត់ខ្លួន
ដោយគេពុំដឹងហេតុផលពិតប្រាកដមកអំពីអ្វីឡើយ។ ចំណោទដែលគេចោទសួរនោះ
តើអ្នកណាបានធ្វើឃាតព្រះអង្គ។ ដោយសារព្រះរាជឥន្រ្ទវរ្ម័ន
ដែលត្រូវជាបងប្អូនបង្កើត តែមានឳពុកដោយខ្លួនពីគ្នា ដោយសារការដណ្ដើមរាជគ្នា
ឬមួយព្រះអង្គបានចូលទីវង្គតដោយសារជំងឺព្យាធិ គេក៏ពុំបានដឹងថា
ព្រះអង្គមានអគ្គមហេសី និងបុត្រឬទេ អាថិកំបាំងស្ថិតត្រង់កន្លែងនេះ
ដោយគេពុំមានឯកសារណាមួយសំរាប់ឆ្លុះបញ្ជាក់ទេ។ ដូច្នេះរាជសម្បត្ដិនគរកម្ពុជា
ត្រូវធ្លាក់ចេញផុតពីខ្សែខាងព្រះបាទជ័យវរ្ម័នទី៤
មកក្នុងសន្ដិវង្សថ្មីមួយទៀត តែគេពុំបានដឹងថា តើដោយវិធីណា?
VIII.
ព្រះបាទរាជឥន្រ្ទវរ្ម័ន គ.ស ៩៤៤ - ៩៦៨
ព្រះបាទរាជឥន្រ្ទវរ្ម័ន
ត្រូវបានក្រុមនាម៉ឺនមន្រ្ដីជ្រើសរើសតែងតាំង
ជាព្រះមហាក្សត្រនគរកម្ពុជាជំនួសព្រះបាទហរស្សវរ្ម័នទី២ ក្នុងគ.ស ៩៤៤។
១. ការវិលត្រលប់មកនគរធំវិញ
កាយវិការទី១ របស់ព្រះងអង្គ ក្រោយដែលបានឡើងសោយរាជ
គឺលើករាជធានីវិលត្រលប់មកគង់នៅឯយសោធបុរៈ ឬនគរធំ។
ព្រះអង្គបានរៀបចំចាត់ចែងកសាងមហានគរ អោយមានជីវិត
មានផ្ទះវាំងប្រាសាទផ្លូវថ្នល់ មានសោភ័ណភាពល្អល្អះ
ភ្លឺចែងចាំងជះបំព្រង សិលាចារឹកមួយនៅប្រាសាទបាជុំ បានចែងថា «ព្រះអង្គបាន
ធ្វើអោយរាជធានីក្លាយជារម្យនីយដ្ឋានដូចភពព្រះឥន្រ្ទាធិរាជនៅលើដី»។
ព្រះមហានគរបានស្គាល់នូវការរីកចំរើន សុខសប្បាយក្សេមក្សាន្ដ
និងកិត្យានុភាពរន្ទឺសុះសាយទៅគ្រប់ទិសទី។
២. សង្រ្គាម នឹងនគរចំប៉ា
ក្នុងរជ្ជកាលមហាក្សត្រខ្មែរជំនាន់មុន
ការប៉ះទង្គិចគ្នាតាមផ្លូវអាវុធរវាងនគរខ្មែរ នឹងនគរចំប៉ាមានជាញឹកញាប់
ជួនចាមវាយខ្មែរ ជួនខ្មែរវាយចាម តបតទៅវិញ។ តែយើងពុំមានសិលាចារឹក
ឬឯកសារអ្វីជាច្បាស់លាស់សំរាប់បញ្ជាក់ទេ។
មកដល់រាជព្រះបាទរាជឥន្រ្ទវរ្ម័ន ក្នុងចន្លោះគ.ស ៩៤៥ - ៩៤៦
សង្រ្គាមរវាងខ្មែរ នឹងចាមមានទំហំធំខ្លាំងក្លាជាងធម្មតា
ប្រហែលជាពេលនោះ
នគរចំប៉ាបានឆ្លៀតឱកាសដែលស្ថានភាពនៅកម្ពុជាច្របូកច្របល់មិនល្អ
ដើម្បីបើកការវាយប្រហារ កងទ័ពខ្មែរបានវាយតបវិញ ហើយរុញច្រានទ័ពចាម
ចូលរហូតដល់ទីក្រុងចំប៉ា។ នគរកម្ពជា យកបានជ័យជំនះលើនគរចំប៉ា
ហើយបានដាក់នគរនេះជាចំនុះ។
ព្រឹត្ដិការណ៍ចំបាំងរាំងជល់ប្រយុទ្ធគ្នាក្នុងសម័យនោះ
ត្រូវបានសិលាចារឹកចាម នៅពោនគរ កត់ត្រាហើយចោទប្រកាន់កងទ័ពខ្មែរថា
បានលួចព្រះបដិមាករ ព្រះនាងភគវត្ដី ព្រះអាទិទេពការពារនគរ ដែលធ្វើអំពីមាស។
ឯកសារប្រវត្ដិសាស្រ្ដចិន ក្នុងយុគជាមួយគ្នានេះដែរ បានគត់សំគាល់ថា
ចំប៉ាជានគរចំនុះប្រទេសកម្ពុជា។
គ្រានោះក្នុងរាជព្រះបាទរាជឥន្រ្ទវរ្ម័ន
នគរខ្មែរមានមហិទ្ធិរិទ្ធខ្លាំងពូកែណាស់ ហើយមាននគរចំនុះជាង៦០នគរ។
នេះជាសេចក្ដីបន្ថែម របស់ឯកសារប្រវត្ដិសាស្រ្ដចិនដដែល។
IX.
មហាអំណាចខ្មែរ
ដោយសារសេចក្ដីក្លាហាន ព្យាយាមពុះពារ តស៊ូធ្វើពលិកម្ម
គុណបុណ្យបារមីមហិទ្ធិរិទ្ធិ និងសមត្ថភាពរបស់ព្រះបាទរាជឥន្រ្ទវរ្ម័ន
រួមដោយសេចក្ដីអង់អាច ប្ដូរផ្ដាច់របស់ប្រជាពលរដ្ឋខ្មែរ
ប្រទេសកម្ពុជាបានក្លាយទៅជាមហាអំណាចមួយយ៉ាងធំ
នៅក្នុងភូមិភាគអាស៊ីអគ្គេយ៍។ សូម្បីប្រទេសចិន
ក៏ទទួលស្គាល់នូវភាពពិតប្រាកដនិយមនេះដែរ
ទឹកដីខ្មែរត្រូវបានព្រះអង្គបង្រួបបង្រួម អោយមានឯកភាពមកជានគរតែមួយ
ហើយលាតសន្ធឹងវែងឆ្ងាយធំ ទូលំទូលាយ
មានព្រំប្រទល់ខាងជើងជាប់នឹងខេត្ដចិនតុងកឹង ខាងលិចដល់ទន្លេមេណាម
ជាប់ចូលដល់ប្រទេសភូមាភូមិភាគខាងត្បូង និងខាងត្បូងជាប់នឹងសមុទ្រ។
X. ស្នាដៃ និងការកសាង
ព្រះបាទរាជឥន្រ្ទវរ្ម័ន ព្រះអង្គបានកសាងប្រាង្គប្រាសាទជាច្រើន ទុកជាស្នាដៃរហូតមកដល់បច្ចុប្បន្នៈ
កំពែងថ្មទ័ព្ធពីក្រៅ ជុំវិញព្រះបរមរាជវាំង
គឺជាស្នាដៃដំបូងរបស់ព្រះបាទរាជឥន្រ្ទវរ្ម័នដែលការកសាង
សំរាប់ការពារព្រះរាជធានី។
ប្រាសាទមេបុណ្យខាងកើត គ.ស៩៥២ ព្រះអង្គបានកសាងនៅលើកោះតូចមួយ
ចំកណ្ដាលបារាយខាងកើត គឺនៅខាងកើតទីក្រុង នៅទីនោះ
ព្រះអង្គតំកល់អដ្ឋិធាតុ ព្រះមាតាបិតាព្រះអង្គ។
ប្រាសាទនេះមានលំនាំប្រហាក់ប្រហែលគ្នានឹងប្រាសាទព្រះគោ របៀបសាងសង់
និងក្បាច់រចនាមិនសូវជាអស្ចារ្យទេ។
ប្រាសាទប្រែរូប គ.ស៩៦១ មានបែបផែនធំជាងប្រាសាទឯទៀត
ក្នុងរជ្ជកាលរបស់ព្រះអង្គ។
គេចាត់ទុកប្រាសាទប្រែរូបជាស្ថាបនកម្មអន្ដរកាល ពីសម័យមុនអង្គរ
មកសម័យអង្គរ។ ទំហំបាទក្រោមមាន ២៥០០ម៉ែត្រក្រលា ពីជ្រុង១ ទៅជ្រុង១
មានប្រវែង៥០ម ខឿនជាន់ទី១ មានកំពស់១២ម។
ប្រាសាទបក្សីចាំក្រុងត្រូវបានព្រះអង្គកសាង នៅជើងភ្នំបាខែង នាទិសខាងជើង។
គឺជាប្រាសាទតូចល្មម សង់ខ្ពស់ទៅលើ ជ្រុងនីមួយៗមានប្រវែង២៧ម ខឿនទី១
មានកំពស់១៣ម គេសង្កតឃើញមានជណ្ដើរឡើងចោតគ្រប់ទិសទាំងបួន។
ប្រាសាទបាជុំត្រូវបានអ្នកបុរាណវិទ្យាខ្លះ ចាត់ទុកជាប្រាសាទរបស់ព្រះបាទរាជឥន្រ្ទវរ្ម័នទី២
នៅតាមប្រាសាទទាំងនេះ ព្រះអង្គបានបញ្ជាអោយសរសេរចារទុក លើផ្ទាំងសិលា
នូវខ្លឹមសារអត្ថន័យជាច្រើនដែលមានទាក់ទងទៅនឹងប្រវត្ដទឹកដីនគរខ្មែរ៘
ប្រាសាទបន្ទាយស្រី គ.ស៩៦៧ ជាប្រាសាទមួយដែលគេចាត់ទុកជាពេជ្រចរណៃ
មានចំលាក់ល្អដាច់គេ នៅក្នុងសិល្បៈខ្មែរ
ជាស្នាដៃយ៉ាងល្អត្រចះត្រចង់ក្នុងរាជព្រះបាទរាជឥន្រ្ទវរ្ម័ន។
ប្រាសាទបន្ទាយស្រី មិនមែនជាស្នាដៃរបស់ព្រះមហាក្សត្រ
ដូចប្រាង្គប្រាសាទខ្មែរឯទៀតទេ។ ប្រាសាទបន្ទាយស្រី ជាស្នាដៃរបស់ព្រាហ្មណ៍យជ្យវរហៈ
ដែលជាចៅរបស់ព្រះបាទហរស្សវរ្ម័នទី១
ជាព្រះរាជគ្រូរបស់ព្រះបាទរាជឥន្រ្ទវរ្ម័ន និងព្រះបាទជ័យវរ្ម័នទី៥
ប្រាសាទបន្ទាយស្រី ស្ថិតនៅប្រមាណជាជាង២០គីឡូម៉ែត្រ
ខាងជើងឆៀងខាងកើតក្រុងនគរធំ ប្រាសាទនេះបានកសាង
ដើម្បីរំលឹកបូជាដល់ព្រះសិវៈ។ នៅជុំវិញ គេមានជីកកសិណដែរ
នៅចំកណ្ដាលមានប្រាសាទតូចៗបី ដែលមានកំពស់មិនហួសពី ៩.៨០មទេ។
ថ្មដែលគេយកមកសង់ និងឆ្លាក់មានពណ៌ក្រហមព្រឿងៗ។ ប្រាសាទនេះ
មានរូបរាងតូចខុសធម្មតា ពីព្រោះអ្នកកសាងមិនមែនជាព្រះមហាក្សត្រ។
XI.
សេចក្ដីកោតសរសើរក្នុងសិលាចារឹក
ព្រះបាទរាជឥន្រ្ទវរ្ម័ន
ជាព្រះមហាក្សត្រខ្មែរមួយអង្គដ៏ធំខ្លាំងពូកែ
ក្នុងប្រវត្ដិសាស្រ្ដខ្មែរ តែខ្មែរជំនាន់ក្រោយ ភាគច្រើនណាស់
ដែលមិនបានស្គាល់អំពីស្នាដៃ ទេពកោសល្យ និងប្រវត្ដិតស៊ូអង់អាច
ធ្វើពលិកម្មជូនជាតិរបស់ព្រះអង្គ។ បុព្វបុរសប្រវត្ដិវិទូខ្មែរ
បានសរសេរចារលើផ្ទាំងថ្ម ជាសិលាចារឹក នៅប្រាសាទព្រះឥន្ទកោសីថា «ព្រះអង្គមិនដែលបរាជ័យទេ
ព្រះអង្គតែងតែមានជ័យជំនះឈ្នះសត្រូវជានិច្ច»។ សិលាចារឹកដដែល
បានបញ្ជាក់បន្ដទៀតថា «ព្រះអង្គជាព្រះមហាក្សត្រដ៏គួរអោយស្រលាញ់
ជាងក្សត្រទាំងអស់»។ អ្នកប្រវិត្ដវិទូបារាំង អេទិជែនអាយ
ម៉ូនិញេ (Etienne Aymonier) ដែលជាអ្នកឯកទេស
បានសិក្សាស្រាវជ្រាវប្រវត្ដិសាស្រ្ដខ្មែរយល់និងមានជំនឿថា
ព្រះបាទរាជឥន្រ្តវរ្ម័ន ជាព្រះបាទបក្សីចាំក្រុង
ព្រះមហាក្សត្រខ្មែរទី១៩ ក្នុងពង្សាវតារខ្មែរភាគរឿងព្រេងនិទាន។
ជោគជ័យដ៏ឧដុង្គឧត្ដម ធំឥតឧបមារបស់ព្រះអង្គ
ក៏បានមកដោយសារព្រះអង្គមានទីប្រិក្សា និងសហការីសច្ចៈ ល្អទៀងត្រង់ គោរពធម្មវិន័យច្បាប់ក្រិតក្រម
និងមានសមត្ថភាព វិជ្ជាប្រាជ្ញាភ្លឺថ្លាខ្ពង់ខ្ពស់។
ព្រះអង្គមិនបានបំភ្លេច ឈ្មោះបុព្វបុរស អ្នកដ៏មានគុណទាំងនេះទេ។
ដើម្បីជាការកោតសរសើរ ការរំលឹកដល់កិត្ដិយសកិត្ដិនាម
ព្រះបាទរាជឥន្រ្ទវរ្ម័ន ព្រះមហាក្សត្រខ្មែរ
បានបញ្ជាអោយសរសេរចារចុះលើថ្មដារនូវស្នាដៃ
គុណបំណាច់វីរបុរសទាំងអស់នេះ។ ព្រះរាជឥន្រ្ទវរ្ម័ន
បានចូលទីវង្គតក្នុងគ.ស ៩៦៨។
XII. ព្រះបាទជ័យវរ្ម័នទី៥ គ.ស៩៦៨ - ១០០១
ព្រះបាទជ័យវរ្ម័នទី៥ ជាព្រះរាជបុត្រ ព្រះបាទរាជឥន្រ្ទវរ្ម័ន
ក្នុងគស.៩៦៨ នៅពេលដែលព្រះអង្គបានឡើងគ្រងរាជសម្បត្ដិ
ព្រះអង្គមិនទាន់បានបញ្ចប់ការសិក្សានៅឡើយទេ។ ៦ឆ្នាំក្រោយមក
ទើបព្រះអង្គគ្រប់គ្រងផែនដីពេញលេញ ក្នុងវគ្គត្រង់នេះគេពុំបានដឹងថា
តើនរណាជាអ្នកដឹកនាំប្រទេសជាតិជំនួសព្រះអង្គឡើយ។ ព្រះរាជគ្រូ
និងទីប្រឹក្សាជាន់ខ្ពស់របស់ព្រះអង្គ គឺព្រាហ្មណ៍ជយ្យវរហៈ
សិលាចារឹកព្រះឥន្ទកោសីបានអះអាងថា
ព្រះបាទជ័យវរ្ម័នទី៥ជាព្រះមហាក្សត្រក្លាហានខ្លាំងពូកែ
ក្នុងការធ្វើសឹកសង្គ្រាម។ សត្រូវជិតឆ្ងាយ បាក់បបខ្លបខ្លាចតេជៈ
បុណ្យបារមីព្រះអង្គ ព្រះអង្គក៏ជាក្សត្រដែលមានធម៌សន្ដោសប្រោសប្រណី
ស្រលាញ់ និងការពារយុត្ដិធម៌ដែរ។ សិលាចារឹកដដែលបានចារកត់ថា «ដៃព្រះអង្គជាទំនប់យុត្ដិធម៌
កណ្ដាលមហាសមុទ្រដ៏ធំធេង ពោរពេញទៅដោយបាបកម្មប្រចាំសតវត្ស។
១. ចំណោទសាសនា
ទោះបីជាព្រហ្មញ្ញសាសនាគោរពសិវៈ
ស្ថិតនៅជាសាសនាពេញច្បាប់ក្នុងនគរក៏ដោយ ក៏ព្រះអង្គទទួលស្គាល់ អនុញ្ញាត
និងការពារព្រះពុទ្ធសាសនាដោយពេញច្បាប់ដែរ។
ព្រះអង្គបានបញ្ជាអោយមន្រ្ដីជាន់ខ្ពស់ម្នាក់ឈ្មោះ ត្រិដបណ្ឌិត ដែលជាអ្នកកាន់
និងគោរពព្រះពុទ្ធសាសនា អោយមានភារកិច្ចទទួលជួសជុលថែរក្សាព្រះពុទ្ធរូប
ដែលត្រូវគេបំផ្លិចបំផ្លាញវាយបំបែកបំបាក់ គម្ពីរក្បួនខ្នាត
និងសៀវភៅដែលទាក់ទងនឹងព្រះពុទ្ធសាសនា
ត្រូវបានស្រាវជ្រាវទិញយកមកពីបរទេស ព្រះពុទ្ធសាសនាដែលខ្មែរសម័យនោះគោរពបូជា
គឺព្រះពុទ្ធសាសនាផ្នែកមហាយាន។
មិនតែប៉ុណ្ណោះ ដើម្បីដោះស្រាយបញ្ហាសាសនា និងជំនឿ
កុំអោយក្លាយទៅជាប្រភពបែកបាក់សាមគ្គី និងជាសង្គ្រាមផ្ទៃក្នុង
ព្រះបាទជ័យវរ្ម័នទី៥ បានមានគោលបំណងចង់បញ្ជូនព្រះពុទ្ធសាសនា
ក្នុងនាមព្រហ្មញ្ញសាសនា
ដោយធ្វើព្រះពុទ្ធអោយក្លាយទៅជាព្រះពោធិសត្វលោកកេស្វរៈ (ព្រះឥសូរ)
ទៅជាព្រះអាទិទេពថ្មីមួយទៀត។
ទិដ្ឋភាពនេះអាចបញ្ជាក់អំពីឥទ្ធិពលព្រះពុទ្ទសាសនា
ដែលបានជ្រួតជ្រាបក្នុងគ្រប់ស្រទាប់ប្រជាពលរដ្ឋ ហើយដែលបានក្លាយទៅជាចំណោទមួយសំរាប់អ្នកកាន់អំណាច។
ដូច្នេះឥរិយាបទរបស់ព្រះមហាក្សត្រ ចំពោះព្រះពុទ្ធសាសនា
អាចចាត់ទុកជាគោលជំហរនយោបាយ និងជាផែនការដោះស្រាយបញ្ហាក្នុងសង្គម។
២. ស្នាដៃ និង ការកសាង
ព្រះបាទជ័យវរ្ម័នទី៥ ព្រះអង្គក៏ជាស្ថាប័នក្សត្រ
ដែលបានកសាងប្រាង្គប្រាសាទដូចព្រះមហាក្សត្រជំនាន់មុនដែរ។
ប្រាសាទភិមានអាកាសត្រូវបានព្រះអង្គសាងសង់មុនគេ
ហើយដែលថ្ងៃក្រោយទៅព្រះមហាក្សត្រផ្សេងទៀតបានកសាងបន្ថែមជាបន្ដបន្ទាប់។
ប្រាសាទនេះ បានសង់នៅចំកណ្ដាលអនាគតនគរធំ មានទំហំ ២៥០ម x ៦០០ម។
ប្រាសាតាកែវ ជាស្នាដៃមួយទៀតរបស់ព្រះអង្គ
ដែលគេចាត់ទុកជាសក្ខីភាពថ្មីយ៉ាងសំខាន់ ក្នុងការស្ថាបនា។
ប្រាសាទតាកែវមានទំហំ ១០០ x ១២០ម ហើយមានកំពស់ប្រវែង
៤៥ម។ អ្នកបុរាណវិទ្យាយល់ថា ប្រាសាទភិមានអាកាស និងប្រាសាទតាកែវ
មានការជាប់ជំពាក់ទាក់ទងគ្នា ក្នុងផ្នែកប្រវត្ដិសាស្រ្ដ។
ព្រះបាទជ័យវរ្ម័នទី៥ បានចូលទីវង្គតក្នុងគ.ស ១០០១។
១
= ម៉ានូ ជាតួអង្គមួយសំខាន់ណាស់ នៅក្នុងព្រាហ្មណ៍សាសនា
គឺជាតួអង្គដែលទទួលច្បាប់បញ្ញាតិពីព្រះអាទិទេព
យកមកអោយមនុស្សលោកអនុវត្តប្រតិបត្ដិតាម។
ព្រះព្រហ្មណ៍បានបង្កបង្កើតពីពិភពលោក និងផ្ដល់ជីវិតដល់ម៉ានូ
ម៉ានូបានទទួលធម្មសាស្រ្ដ ពីព្រះព្រហ្ម។ ហើយបន្ទាប់មក
គឺម៉ានូនេះជាអ្នកបង្កើតម៉ានូ និងព្រាហ្មណ៍
ជាច្រើនទៀតដើម្បីរៀបចំកសាងពិភពលោក។
No comments:
Post a Comment