ប្រវត្តិអ្នកតាឃ្លាំងមឿង
ទីកន្លែងអ្នកតានោះ ជាទីរហោស្ថាន
មានរុក្ខជាតិតូចធំដុះព័ទ្ធជុំវិញមានមែកបែកសាខា មានម្លប់ត្រឈៃត្រជាក់
គួរឲ្យសប្បាយរីករាយអស្ចារ្យ ហើយមានសត្វបក្សីបក្សាកញ្ឆៀវខ្ញៀវខ្ញារ
ប្រចឹកគ្នាលើមែកព្រឹក្សានោះ ឮសូរសំឡេងទ្រហឹង ។ បន្ទាប់អំពីរុក្ខជាតិ
មានវាលស្រែព័ទ្ធជុំវិញ បើមើលអំពីចម្ងាយទៅ
ឃើញរុក្ខជាតិដង្គុំត្រសុំខ្មួលខ្មៅ ដាច់ស្រយាលអំពីភូមិស្រុក ។
បណ្ដាដើមឈើទាំងអស់នៅទីនោះ មានដើមសំរោងមួយខ្ពស់ធំជាងឈើឯទៀតៗ
ដុះចំពីមុខអាស្រម ។ ពីសាលាខែត្រពោធិ៍សាត់ ទៅអ្នកតានោះ ចម្ងាយប្រមាណជា
៦ គីឡូម៉ែត្រ ។ គេត្រូវចេញតាមផ្លូវថ្នល់ ពីសាលាខែត្រទៅទិសខាងលិច
ប្រមាណជាពីរគីឡូម៉ែត្រ ត្រូវងាកទៅទិសខាងត្បូង កាត់ផ្លូវអយស្ម័យយាន
ដល់ឃុំបាក់នឹម បែរទៅទិសខាងលិច ដល់ភូមិព្រែកជីក ឡើងពីព្រែកជីកងាកទៅកាន់ទិសខាងជើង
ទើបដល់កន្លែងអ្នកតា ។
ជុំវិញអាស្រមអ្នកតា មានវាលស្រឡះទំនេរ
នៅត្រង់ចន្លោះរុក្ខជាតិ ។
នៅពីខាងត្បូងអាស្រមជាទីវាលទុកសម្រាប់ធ្វើរោង មានបណ្ដោយ ៦០ ម៉ែត្រ ទទឹង
៤០ម៉ែត្រ ។ អាស្រមនោះធ្វើដោយឈើ ប្រក់ស្បូវមានបណ្ដោយ ៨ ម ទទឹង ៤ ម កម្ពស់ ៤
ម សសរលញ់ មិនមានជញ្ជាំងបិទបាំងទេ ។ ជុំវិញអាស្រមមានលានទំហំ ៤ ម
ទុកបម្រុងឲ្យពួកអ្នកទៅធ្វើបុណ្យដើរហែប្រទក្សិណនៅពេលឡើងអ្នកតា ។
ពីខាងក្រៅទីវាល មានរបងធ្វើដោយឈើខ្លឹមព័ទ្ធជុំវិញ
មានតែផ្លូវចូលពីខាងកើតមួយ និងពីខាងត្បូងមួយ ។
ក្នុងអាស្រមខាងមុខតួអ្នកតា មានរានម៉ា បណ្ដោយ ៣ ម ទទឹង ២ម កម្ពស់ ៥ តឹក
ធ្វើដោយឈើ ជារានសម្រាប់ដាក់ដង្វាយអ្នកតា ខាងជើងនិងខាងត្បូងអ្នកតា
មានបង្កាន់ដៃដោតដោយចាមរនិងបៃមន់ធ្វើដោយឈើដែរ ។
តួអ្នកតា មិនមានរូបរាងបែបឈើ ឬ ថ្មជាតំណាងទេ
គឺជាតួដីដំបូកសុទ្ធៗ ទំហំបណ្ដោយ ២ ម៉ែត្រ ទទឹង ១ ម៉ែត្រ កម្ពស់ ២ ម៉ែត្រ
ដែលកើតអំពីសត្វកណ្ដៀរវាពូនលើង សន្មតថាជាតួអ្នកតាតែម្ដង
នៅកំពូលនៃដំបូកមានពំនូកដី ៤-៥ ស្រួចៗបែកចេញ មើលទៅដូចជាកំពូលនគរវត្ត
។ កំពូលដីដំបូកដែលជាតួអ្នកតានេះ អ្នកស្រុកថា
បើមានសត្វកណ្ដៀរពូនឡើងថ្មីទៀត សន្មតថា ចៅហ្វាយខែត្រ
ឬចៅហ្វាយស្រុកនៅខែត្រ-ស្រុកនោះ នឹងត្រូវផ្លាស់ចេញ ឬខូចបុណ្យសក្ដិ
ដីដំបូកនេះមិនដឹងថាកើតពីត្រឹមរាជ្យស្ដេចណាទេ ពុំមានអ្នកស្រុកណាដឹងសោះ
។
ពិធីបុណ្យឡើងអ្នកតា-
បុណ្យនេះជាបុណ្យទំនៀមទម្លាប់ជាប់យូរមកហើយរបស់អ្នកស្រុក
និងពួកសាលាស្រុក តែងធ្វើតែរាល់ៗឆ្នាំ ក្នុងខែពិសាខ ថ្ងៃសៅរ៍ ។
តែមិនកំណត់ជាខ្នើតឬរនោចទេ រើសយកតែថ្ងៃសៅរ៍
ពេលធ្វើលុះណាតែមានសេចក្ដីបង្គាប់ អំពីចៅហ្វាយស្រុកបាកាន
ប្រាប់ទៅមេឃុំ មេស្មឹង
អាចារ្យវត្តនិងបណ្ដារាស្ត្រទាំងអស់ឲ្យដឹងជាមុន ដើម្បីមកជួបជុំ
ជួយធ្វើរោងក្រសាល និងរៀបចំបោសច្រាសទីកន្លែងឲ្យស្អាតល្អ
សម្រាប់ព្រះសង្ឃ និងមន្ត្រីរាជការក្នុងខែត្រ ។ ទំនៀមនេះជាប្រពៃណីរបស់អ្នកស្រុក
។ កាលពីថ្ងៃទី ១៨ មិថុនា ឆ្នាំ ១៩៤៩
ពេលចាប់ផ្ដើមបុណ្យត្រូវជួបជុំមេឃុំទាំងអស់ មេស្មឹង អាចារ្យវត្ត
និងបណ្ដារាស្ត្រ នៅទីកន្លែងអ្នកតា ។
ពេលម៉ោង ៦ ល្ងាច មេស្មឹងអុជទៀនធូបទៅជម្រាបអ្នកតា :" ថ្ងៃនេះ យើងខ្ញុំជាកូនចៅមកជួបជុំគ្នា ធ្វើបុណ្យនៅទីនេះជូនលោកតា សុំឲ្យយើងទាំងអស់គ្នា បានសុខសប្បាយ "រួចគេលេងភ្លេងថ្វាយ មានភ្លេងខ្មែរ ភ្លេងពិណពាទ្យ ភ្លេងឆៃយ៉ាំ ភ្លេងត្រពាំងទា តាមធម្មតា ឮសូរភ្លេងប្រគំទ្រហឹងអឹងកងរំពងព្រៃ មនុស្សចាស់ក្មេង រទេះគោ រទេះក្របី មកពីស្រុកឆ្ងាយៗ មកជួបជុំគ្នាមីរដេរដាសនៅទីនោះ ។ ម៉ោង ៩ យប់ ជួបជុំគ្នាសូត្រនមស្ការថ្វាយបង្គំព្រះ រួចនិមន្តព្រះសង្ឃ ១០ អង្គចម្រើនព្រះបរិត្ត ។ លុះព្រឹកឡើង ថ្ងៃអាទិត្យ ១៩ ខែឆ្នាំដដែល ពេលម៉ោង ៨ កន្លះ ពួកមន្ត្រីរាជការសាលាខែត្រ សាលាស្រុកគ្រប់តំណែង អញ្ជើញទៅជួបជុំគ្នានៅកន្លែងនោះ ហើយចូលទៅឈរនៅខាងត្បូងអ្នកតា មេស្មឹងអុជទៀនធូប ជូនអស់លោកដោតថ្វាយអ្នកតា ដោយសេចក្ដីគោរព រួចមេស្មឹងបង្គាប់ឲ្យលើកគ្រឿងតង្វាយ មករៀបនៅលើរាន ចំពោះមុខអ្នកតា ។
ពេលម៉ោង ៦ ល្ងាច មេស្មឹងអុជទៀនធូបទៅជម្រាបអ្នកតា :" ថ្ងៃនេះ យើងខ្ញុំជាកូនចៅមកជួបជុំគ្នា ធ្វើបុណ្យនៅទីនេះជូនលោកតា សុំឲ្យយើងទាំងអស់គ្នា បានសុខសប្បាយ "រួចគេលេងភ្លេងថ្វាយ មានភ្លេងខ្មែរ ភ្លេងពិណពាទ្យ ភ្លេងឆៃយ៉ាំ ភ្លេងត្រពាំងទា តាមធម្មតា ឮសូរភ្លេងប្រគំទ្រហឹងអឹងកងរំពងព្រៃ មនុស្សចាស់ក្មេង រទេះគោ រទេះក្របី មកពីស្រុកឆ្ងាយៗ មកជួបជុំគ្នាមីរដេរដាសនៅទីនោះ ។ ម៉ោង ៩ យប់ ជួបជុំគ្នាសូត្រនមស្ការថ្វាយបង្គំព្រះ រួចនិមន្តព្រះសង្ឃ ១០ អង្គចម្រើនព្រះបរិត្ត ។ លុះព្រឹកឡើង ថ្ងៃអាទិត្យ ១៩ ខែឆ្នាំដដែល ពេលម៉ោង ៨ កន្លះ ពួកមន្ត្រីរាជការសាលាខែត្រ សាលាស្រុកគ្រប់តំណែង អញ្ជើញទៅជួបជុំគ្នានៅកន្លែងនោះ ហើយចូលទៅឈរនៅខាងត្បូងអ្នកតា មេស្មឹងអុជទៀនធូប ជូនអស់លោកដោតថ្វាយអ្នកតា ដោយសេចក្ដីគោរព រួចមេស្មឹងបង្គាប់ឲ្យលើកគ្រឿងតង្វាយ មករៀបនៅលើរាន ចំពោះមុខអ្នកតា ។
តង្វាយអ្នកតាគឺ :
1. - កន្ទេលក្រហម ខ្នើយ
2. - សំពត់សក្រាលពីលើកន្ទេល
3. - ស្លាធម៌ដូង ១ គូ (ដោតម្លូ ៥ ស្លា ៥ ធូប ៣ សរសៃ)
4. - ក្បាលជ្រូក ១ គូ
មានទាំងកន្ទុយដាក់នៅមាត់ផង ។
5. - ផ្ដិលទឹកអប់ ១ គូ ឈើស្ទន់ ១
6. - ពានស្លាបារីមួយគូ
7. - ដបស្រា ១ គូ មានទាំងពែង
8. - ចេកនួន ២ ស្និត តម្កល់លើចានទាប
9. - បង្អែម ២ ស្ពក
10. - ចំអាប ២ ស្ពក
11. - កន្ទោងស្លឹកចេក ១ គូ
12. - មាន់ស្ងោរ ១គូ
13. - ស្នែងសត្វទន្សោង ១ គូ
រណ្ដាប់តង្វាយទាំង ១៣ មុខនេះ មានគូគ្រប់ទាំងអស់
សម្រាប់ដាក់ឆ្វេងស្ដាំ ក្រៅអំពីតង្វាយ ១៣
មុខនេះមានតង្វាយដែលអ្នកស្រុកថ្វាយថែមទៀតបរិបូរណ៍ត្រៀបត្រា
ដាក់នៅរាននោះ ។ គេអុជទៀនធូបចែកគ្នាកាន់ ដើរហែប្រទក្សិណជុំវិញអាស្រម
ជាការគោរពចំពោះអ្នកតា
និងនឹកគុណដល់លោកឧកញ៉ាសេនាបតីមឿងដែលស៊ូប្ដូរជីវិត យកឈាមក្រាលផែនដី
មានកេរ្តិ៍ឈ្មោះតាំងពី គ. ស. ១៥១៦
ដរាបមកដល់សព្វថ្ងៃនេះទើបអ្នកស្រុកសន្មតហៅថា អ្នកតាឃ្លាំងមឿង ។
គេរើសរកមនុស្សឲ្យមានរូបរាងប៉ុនៗគ្នា ២ នាក់ សម្រាប់ពាក់ស្នែងសត្វទន្សោង១
តែងតួស្លៀកសំពត់ផាមួងចងក្បិន ខ្លួនទទេ អ្នករាំ ២ នាក់ទៀត
ធ្វើព្រានព្រៃម្នាក់ស្ពាយកាំភ្លើង ម្នាក់ស្ពាយបាយសំណុំដើរតាមពីក្រោយ
ស្លៀកពាក់ដូចគ្នានឹងអ្នកពាក់ស្នែងទន្សោងដែរ លុះហែ ៣ ជុំរួចហើយ
គេលេងភ្លេងរាំស្នែងទន្សោង ភ្លេងនោះឈ្មោះ " ភ្លេងភ្លាំង "
អ្នករាំចាប់ពាក់ស្នែងរួច ក្រាបថ្វាយបង្គំអ្នកតា ៣ ដង
ឡើងរាំបែរឆ្វេងរៀងខ្លួន មកជួបគ្នាគ្រប់គ្នាម្ដង ដល់គម្រប់ ៣ ដង
វារនឹងដីអួតដាក់គ្នា ជល់គ្នាដូចគ្នាដូចសត្វមែនៗ ព្រានព្រៃដើររកស្នាមជើងសត្វទន្សោង
ងើបឱនៗ ដើម្បីតាមបាញ់ ។ មនុស្សឈរមើលពេញទីវាល នៅមុខអាស្រមអ្នកតានោះ ។
ទំនុកច្រៀង
១- បងដើរព្រៃស្តុក តត្រុកព្រៃស្បាតៗ
ដើរកាត់ព្រៃញាត លេចវាលចូលព្រៃ ។
២- ឡើងភ្នំចុះភ្នំ ថ្មដាធំៗ
ល្បាស់ព្រេចលាស់ខ្ចីៗ ទន្សោងគោបា
កៀងញីឃ្មាតខ្មីៗ
ល្បាស់ព្រេចលាស់ខ្ចី
ស្រណោះខែពិសាខៗ ។
៣- កន្ទ្រែតៗអើយ ទន្សោងគោបា
លេបបន្លាបន្លាជើងភ្នំ លេបក្រមុំទាំងមូលៗ
។
៤- ជំនោរខ្យល់បក់ ត្រជាក់ខ្យល់ជូន
កាប់ឫស្សីចងក្បូន ជូនប្អូនទៅស្រុកៗ
។
៥- កន្សែងបងបាត់ បងមិនស្ដាយ
បំណាច់ប្អូនឃ្លាតឆ្ងាយ បងស្ដាយតែប្អូនស្រីៗ
។
ពួកអ្នកភ្លេងច្រៀងដរាប លុះព្រានទាំងពីរនាក់
ឃើញសត្វទន្សោងជល់គ្នាជាប់ ក្រាបរៀងខ្លួន លបបាញ់បាន
ទើបដោះយកស្នែងសត្វទន្សោងទាំងពីរ ទៅតម្កល់នៅកន្លែងដើមវិញ
(លេងកន្លះម៉ោងចប់) មេស្មឹងចាប់គ្រឿងតង្វាយគ្រប់មុខដាក់កន្ទោង ចាក់ស្រា
ដោតធូប ៣សរសៃ រួចនិយាយបួងសួងថា "ថ្ងៃជាថ្ងៃជាពេលាល្អ
យើងខ្ញុំមកជួបជុំគ្នាធ្វើបុណ្យឧទ្ទិសកុសលចំពោះលោកតា មឿង
ដែលមានគុណចំពោះស្រុកខ្មែរ សូមលោកតាឲ្យពរសព្ទសាធុការដល់ប្រទេសកម្ពុជាឲ្យបានសុខសប្បាយ
សូមឲ្យព្រះករុណាជាម្ចាស់ជីវិតលើត្បូង សោយសេចក្ដីសុខក្នុងរាជសម្បត្តិ
សូមឲ្យបានសេចក្ដីសុខសប្បាយ អស់កាលជាអង្វែងរៀងទៅ
សូមឲ្យទឹកភ្លៀងបង្អោរចុះមក ឲ្យបានសព្វផែនដីប្រទេសកម្ពុជា
ឲ្យស្រុកសម្បូណ៌សប្បាយ កុំឲ្យមានភ័យអន្តរាយអ្វីឡើយ ។ បួងសួង ៣
ដងស្រេចហើយ យកកន្ទោងទៅដាក់ក្រោមដើមសំរោង នៅមុខអាស្រម ។
រួចលើកគ្រឿងតង្វាយទាំងអស់ចេញ ។ និមន្តព្រះសង្ឃ ៥ អង្គបង្សុកូល
ពួកឧបាសកសូត្រឧទ្ទិសផល មេស្មឹងយកទឹកអប់ទៅលើដំបូក ដែលជាតួអ្នកតា
ពួកអ្នករាជការ ចៅហ្វាយខែត្រ ចៅហ្វាយស្រុក និងមន្ត្រីតូចតាចគ្រប់ដំណែង
បាចទឹក ១ ផ្តិលៗ ម្នាក់ រួចអញ្ជើញទៅរាប់បាត្រនៅវាលមុខរោងព្រះសង្ឃ ។
ម៉ោង ១១ រៀបភោជនាហារ
លៀងពួកមន្ត្រីសាលាខែត្រសាលាស្រុកធំតូចគ្រប់ដំណែងដោយវត្ថុដ៏ឧត្ដម
ពីសាសប្បាយ មានភ្លេងត្រពាំងទា
មានប្រុសស្រីច្រៀងតគ្នាជូនអស់លោកស្ដាប់ដល់ម៉ោង ១២ ជាការបង្ហើយកិច្ច
។
អំពីទំនៀមរាំពាក់ស្នែងទន្សោង និងពាក់កន្ទុយក្ងោកនេះ
មានសេចក្ដីដំណាលថា ក្នុងកាលដ៏កន្លងយូរមកហើយ (សករាជ
និងរាជ្យណាមិនប្រាកដ) មានដើមឈើ ១ ដើមនៅក្នុងស្រុកពោធិ៍សាត់
ថ្ងៃមួយព្រាន ២នាក់ មានឈ្មោះមិនប្រាកដនាំគ្នាចូលព្រៃ
ដើម្បីបរបាញ់សត្វតាមទម្លាប់របស់ខ្លួន ។ លុះចូលទៅដល់ដើមឈើនោះ
ឮសូរសំឡេងសត្វកន្លង់ពីរោះ ហាក់ដូចសូរសំឡេងភ្លេងដូរ្យតន្ត្រីលាន់ឮរងំ
ដូចជាសំឡេងទ្រសាយដៀវ ឃើញសត្វទន្សោង ១គូ លោតកញ្ឆេងជល់គ្នាលេង ដូចគេរាំ
។ មានសត្វខ្លា ១ គូក្រាបនៅទីនោះ វាគោះកន្ទុយហាក់ដូចគេវាយស្គរ ។
មានសត្វក្ងោក ១ គូ កាងស្លាប បើកកន្ទុយ លោតចុះលោងឡើង
ហាក់ដូចគេចាក់ត្លុកចាក់ក្បាច់ ។ ព្រានទាំងពីរនាក់លាន់មាត់ថា "
ឱហ្ន ! សត្វទាំងនេះប្លែកចម្លែកអស្ចារ្យ
សូរសំឡេងសត្វកន្លង់ដូចសំឡេងដូរ្យតន្ត្រី សត្វទន្សោងនិងសត្វក្ងោក
ដូចជាអ្នករាំចាក់ក្បាច់ សត្វខ្លាដូចជាអ្នកវាយស្គរបន្ទរតាម
យើងគួរប្រកបធ្វើជាភ្លេងលេងតាមសត្វទាំងនេះ ទុកជាកេរ្តិ៍ឲ្យកូនចៅឯក្រោយ។
ប្រវត្តិអ្នកតាឃ្លាំងមឿង
ក្នុងអតីតកាលកន្លងទៅ
ក្នុងរាជ្យព្រះចន្ទរាជាស្ដេចគង់នីបន្ទាយលង្វែក (គ. ស. ១៥០២)
កាលជាន់នោះស្រុកខ្មែរ ជាស្រុកចំណុះសៀមនៅឡើយ
តែងនាំសួយសារអាករឡើងទៅស្រុកសៀម ព្រះចៅសៀមចាត់ព្រះរាជបុត្រមួយព្រះអង្គ
មានព្រះនាមមិនប្រាកដ ឲ្យមកនៅស្រុកខ្មែរដើម្បីមើលការខុសត្រូវ
ធ្វើជាអ្នកត្រួតត្រាខាងពន្ធអាករគ្រប់យ៉ាង
ក្រែងស្ដេចស្រុកខ្មែរមានចិត្តមិនត្រង់ បំបាត់សួយសារអាករយកទៅមិនអស់ ឬ
មួយក្រែងស្ដេចខ្មែរមានគំនិតក្បត់ មានចិត្តមិនត្រង់នឹងរាជការ
ដោយប្រការណាមួយ ទើបប្រើព្រះរាជបុត្រពេញព្រះហឫទ័យមកនៅ
ដើម្បីជំនួសព្រះនេត្រព្រះអង្គ
ចំណែកព្រះរាជបុត្រមានចិញ្ចឹមសត្វត្មាតមួយ ត្មាតនោះមានមារយាទ
ចេះដឹងប្រហែលមនុស្ស ជាសត្វខុសពីសត្វដទៃធម្មតា ចេះស្រឡាញ់ម្ចាស់
ប្រើនាំសារទៅមក រវាងស្រុកខ្មែរនិងស្រុកសៀមបានដោយស្ងាត់ ។ ថ្ងៃមួយ
ព្រះចន្ទរាជានឹកព្រួយព្រះទ័យថា ព្រះចៅលោកមិនទុកព្រះហឫទ័យនឹងយើងហើយ
បានជាលោកចាត់ព្រះរាជបុត្រឲ្យមើលការផ្ទាល់ ណាមួយព្រះរាជបុត្រនោះ មានការរំលោភបៀតបៀន
មិនមានសេចក្ដីកោតក្រែង បង្គាប់ឲ្យនាំសួយឡើងនគរខ្លួនហួសហេតុ
ទ្រង់តូចព្រះហឫទ័យខ្លាំង អត់ទ្រាំពុំបាន
ក៏បង្គាប់ពួកពេជ្ឈឃាដចាប់រាជបុត្រស្ដេចសៀម
យកទៅសម្លាប់ចោលក្នុងព្រៃក្នុងពេលយប់ ។ ឯសត្វត្មាត លុះព្រឹកឡើងមិនឃើញព្រះរាជបុត្រជាម្ចាស់របស់វាៗហើរចុះ
ហើរឡើងរកឃើញខ្មោចនៅក្នុងព្រៃ ត្មាតឃើញព្រះទម្រង់
វាស្គាល់ច្បាស់ជាម្ចាស់វា ក៏ចឹកពាំព្រះទម្រង់ទៅស្រុកសៀម
ថ្វាយព្រះបិតា ។ ព្រះចៅទតឃើញព្រះទម្រង់ ទ្រង់យល់ថា
ព្រះរាជបុត្ររបស់ព្រះអង្គដល់ទិវង្គតហើយ
រឿងនេះពិតស្ដេចស្រុកខ្មែរសម្លាប់ ។ ទ្រង់ក្រោធខ្លាំងណាស់
កោះប្រជុំពួកសេនាបតីមួយរំពេច មានព្រះបន្ទូលប្រាប់តាមរឿង
រួចបង្គាប់ឲ្យលើកទ័ព មកសងសឹកស្ដេចស្រុកខ្មែរវិញ ហើយមានព្រះបន្ទូលថា
ត្រូវតែសម្លាប់ព្រះចន្ទរាជាព្រមទាំងញាតិសាច់សាលោហិត
ទាំងពួកសេនាបតីហើយរិបជាន់យកទ្រព្យសម្បត្តិ
និងកៀរពួកបណ្ដារាស្ត្រមកស្រុកសៀមកុំឲ្យសល់ ។ ពួកកងទ័ពក៏ចេញមក
មកដល់បន្ទាយលង្វែក ចូលឡោមព័ទ្ធចាប់ព្រះចន្ទរាជាសម្លាប់
ព្រមទាំងព្រះញាតិ ។ ចំណែកព្រះម្នាង ប៉ែន ជាស្នំ
ក៏ភៀសខ្លួនរួចពីគ្រោះថ្នាក់ជាមួយនឹងសេនាបតី មឿង
ព្រមទាំងភរិយានឹងបុត្រ ៤នាក់ទៀត ។ ពួកកងទ័ពសៀម
កៀរមនុស្សអំពីស្រុកខ្មែរ ដោយទាំងព្រះម្នាង ប៉ែន ទៅជាមួយផង
ទាំងព្រះរាជទ្រព្យមានវិញ្ញាណឥតវិញ្ញាណ ។ ចំណែកមេដំរីសមួយ
មានកូននៅក្នុងពោះ ឈ្មោះជំទាវប៉ោលប៉ៃ ដែលជាព្រះទីន័ងដ៏ប្រសើរ
ក៏ត្រូវកងទ័ពសៀមកៀរយកទៅដែរ ។ ពួកសៀមជាន់នោះមានសេចក្ដីព្យាបាទ
ធ្វើបាបខ្មែរអស្ចារ្យណាស់
ចាប់មនុស្សដោតស្លឹកត្រចៀកដឹកយកទៅដូចជាសត្វធាតុ ស្រីណាមានកូនខ្ចី ចាប់ច្រកការុងឲ្យដំរីជាន់
វៀរលែងតែមានកូននៅក្នុងពោះ ។ លុះទៅដល់ស្រុកសៀម
នាំសេចក្ដីទៅថ្វាយព្រះចៅដោយសព្វគ្រប់ ។
ដោយសេចក្ដីសងសឹកបានសម្រេចដូចប្រាថ្នា
ព្រះចៅទ្រង់បង្គាប់ឲ្យពួកខ្មែរទាំងអស់ ទៅនៅមួយក្រុម
ជិតក្រុងហើយសន្មតឲ្យឈ្មោះថា "ក្រុមខ្មែរអ្នកគ្រួ " ។
ព្រះម្នាង ប៉ែន ហាក់ជាស្រីមានបុព្វវាសនា
ទុកណាជានាងទទួលគ្រោះថ្នាក់ ដោយសៀមកៀរយកទៅយ៉ាងនឹងក៏ដោយ
នាងគង់នៅជាស្រីប្លែកអំពីស្រីឯទៀតៗ ។ ដោយអំណាចកូនដែលនៅក្នុងគភ៌
ជាកូនមានឥទ្ធិឫទ្ធីមានបុណ្យ ក៏បណ្ដាលឲ្យអ្នកផងជិតខាង មានចិត្តទោរទន់
រាប់អានស្រឡាញ់ ជួយឧបត្ថម្ភ ជួយយកអាសានាងគ្រប់យ៉ាង ។
លុះនាងមានគភ៌គ្រប់ខែដប់ ក៏ប្រសូតបុត្រមកដោយសុខសប្បាយ
អ្នកជិតខាងទាំងប្រុសទាំងស្រី ជួយថែទាំផ្ដល់ទឹកក្ដៅទឹកត្រជាក់
អ្នកណាក៏មកមិនមានខាន ដោយអំណាចគុណបុណ្យតេជះបារមីនៃទារកនោះ ។
លុះប្រសូតបាន ៣ ថ្ងៃ ពួកក្រុមញាតិមូលមាត់គ្នា ឲ្យឈ្មោះកូននោះថា ឧទេន ។
ចំណែកមេដំរីដែលជាព្រះទីន័ង
ក៏កើតកូនក្នុងថ្ងៃដំណាលទារកនោះដែរ តែមេដំរីនោះ ផ្ដាច់ខ្សែទន្លីង
ទៅកើតកូននៅក្នុងព្រៃឆ្ងាយ លាក់មិនឲ្យអ្នកណាមួយដឹងឡើយ ដរាបដល់៣ថ្ងៃ
ទើបនាំកូនមកកាន់ទីកន្លែងដើមវិញ ។ កូនដំរីនោះមានពណ៌សម្បុរ
ព្រមទាំងរូបរាងល្អប្លែក អំពីដំរីធម្មតា អ្នករក្សាដំរីនាំដំណឹង
ទៅក្រាបទូលព្រះចៅគ្រប់សព្វ ព្រះចៅពេញព្រះហឫទ័យណាស់ ។
ដំណាលពីកុមារឧទេន លុះបានអាយុប្រាំឆ្នាំ
ដឹងសេចក្ដីខុសត្រូវខ្លះនឹកភ្នករកបិតា សួរម្ដាយថា "ឪពុកខ្ញុំទៅណា
ពុំដែលឃើញ ក្មេងគេឯទៀតមានម្ដាយ-ឪពុក ខ្ញុំមិនឃើញមានឪពុកដូចគេ?” ម្ដាយកាលបើឮកូនសួរដូច្នោះ
នាងណែនក្នុងទ្រូង អួលអាក់ខ្លោចផ្សា និយាយប្រាប់កូនមិនរួច
ក៏និយាយបន្លែបន្លប់វៀងវៀះទៅ កុំឲ្យកូនសួរទៀត
ពីព្រោះខ្លាចក្រែងរឿងនោះ មិនជិតដឹងទូទៅ
នឹងដល់នូវសេចក្ដីអន្តរាយនៃជីវិត ។ កូនចេះតែសួរញយ
នាងក៏និយាយបង្វេះពង្វាងមិនឲ្យសួរបាន ដរាបដល់កូននោះ អាយុ ១២ ឆ្នាំ ។
ថ្ងៃមួយនាងនឹកថា កូននេះខានប្រាប់ពុំបាន
ក៏នាំកូនទៅកាន់ទីស្ងាត់តែពីរនាក់
ដំណាលរឿងរ៉ាវតាំងពីដើមរហូតដល់ចុង កូនស្ដាប់បាន យល់សេចក្ដីសព្វគ្រប់
ប្រាប់ម្ដាយឲ្យអត់ទ្រាំសិនចុះ កូននឹងគិតរកមធ្យោបាយណាមួយ
ដើម្បីនឹងវិលទៅនគរវិញ ។ ចំណែកកុមារឧទេន
ចាប់ដើមតាំងពីថ្ងៃដែលបានស្ដាប់ពាក្យម្ដាយមក
ក៏ខំស្វែងរៀនសូត្រវិជ្ជាគ្រប់យ៉ាង
មានអក្សរជាដើមឧទេនជាកុមារឆ្លាតវាងវៃ អង់អាចប្លែកពីកុមារធម្មតា។
ថ្ងៃមួយកុមារឧទេន ចូលទៅសេពគប់នឹងពួកហ្មដំរី
សុំខ្លួនជាអ្នកបម្រើបោសច្រាសរោងដំរី
ដើម្បីរៀនវិជ្ជាខាងហ្មដំរីឲ្យស្ទាត់
ថ្ងៃមួយព្រះចៅស្ដេចយាងមកទតរោងដំរី ឃើញកុមារនោះជួយធ្វើនេះធ្វើនោះ
ដោយយកចិត្តទុកដាក់រហ័សរហួនវាងវៃ មានព្រះបន្ទូលសួរថា ក្មេងនេះ មកពីណា
ហ្មដំរីក្រាបទូលតាមដំណើរដោយសព្វគ្រប់
ទ្រង់ពេញព្រះហឫទ័យមានព្រះបន្ទូលប្រាប់ថា ចូរមើលក្មេងនេះផង ។
ចាប់ដើមពីថ្ងៃនោះមកកុមារខំយកចិត្តទុកដាក់ ធ្វើការដោយហ្មត់ចត់
បោសប្រមូលអាចម៍ដំរី ដុតបំពក់ជាជីរ ដើម្បីយកទៅដាំស្ពៃ
ស្ពៃក៏មានគុម្ពធំប្លែក ចម្លែកអំពីស្ពៃអ្នកស្រុកធម្មតា ។
លុះស្ពៃនោះធំល្មមដក កុមារឧទេនដកយកទៅលាងយ៉ាងស្អាត
រែកយកទៅថ្វាយព្រះចៅ ទ្រង់ទតឃើញមានព្រះបន្ទូលថា "នែ!
កុមារឯងបានស្ពៃនេះមកពីណា ប្លែកពីស្ពៃធម្មតា"
កុមារក្រាបទូលតាមដំណើរសព្វគ្រប់ ព្រះចៅទ្រង់ប្រទានរង្វាន់នឹងមុខងារជាអ្នកត្រួតត្រាភ្នាក់ងារខាងដំរី
។
ដំរី ជាកូនមេដំរីឈ្មោះជំទាវប៉ោលប៉ៃ
ដែលជាទីន័ងដ៏ប្រសើររបស់ព្រះចៅ ក៏ស្រាប់តែចុះប្រេង
មានកិរិយាខុសប្រក្រតី កាចសហាវមិនព្រមស្ដាប់បង្គាប់ ព្រិចហ្មស្លាប់
មិនមានអ្នកឯណាមួយអាចដឹកបាន ថែមទាំងធ្វើបាបអ្នកស្រុក
បោចរោចផ្ទះសម្បែងផ្អើលជ្រួលច្របល់រត់ខ្ចាត់ខ្ចាយចោលទីលំនៅរៀងៗខ្លួន
។ ពួកអ្នកគង្វាលដំរី
នាំសេចក្ដីទៅទូលព្រះចៅៗទ្រង់ចាត់ការឲ្យស៊ើបសួររក
អ្នកណាដែលអង់អាចក្លាហានហ៊ានទៅចាប់ដំរីនោះបាន ។ ពេលនោះកុមារឧទេនឆ្លើយថា
ខ្ញុំហ៊ានទទួលការចាប់ដំរីនោះឲ្យបាន ទើបទ្រង់ប្រគល់ការទៅកុមារឧទេន
ចាត់ការយ៉ាងណាឲ្យតែចាប់បានព្រះទីន័ងនោះបាន ។
ឧទេនបង្គាប់ឲ្យប្រមូលដំរី ៥០០ មក
ដើម្បីនឹងរើសយកដំរីណាគួរមកធ្វើធ្នាក់បាន ទើបរើសយកមេដំរីសឈ្មោះជំទាវប៉ាល់ប៉ៃ
ពេលចេញទៅចាប់ កុមារឧទេនបង្គាប់ឲ្យរៀបពិធីបួងសួងសែនព្រេនអ៊ឹកធឹក ។
អ្នកស្រុកផ្អើលមកមើលគឹកកង ពាសពេញមីរដេរដាស់ លុះសែនព្រេនរួច
កុមារឧទេនបង្គាប់ឲ្យចេក ៣ ស្និត អំពៅ ៣ បាច់ ពេលទៅដល់
ព្រះទីន័ងស្ទុះមករក ហាក់ដូចជាប្រុងនឹងព្រេច
តែបែរទៅជាក្រាបថ្វាយបង្គំវិញ
ដោយអំណាចតេជះបុណ្យបារមីនៃឧទេនៗនិយាយទូន្មានប្រដៅថា
"ទីន័ងឯងតាំងពីថ្ងៃនេះទៅទៅ លះបង់មារយាទអាក្រក់ចេញទៅ
ត្រូវធ្វើឲ្យស្លូតល្អដូចដើម" ឲ្យចេកនិងអំពៅស៊ីរួច និយាយថា
"ឯងទៅតាមយើង" ថាតែប៉ុណ្ណោះ ស្រាប់តែដំរីដើរតាមទៅដោយស្រួល
ឥតបាច់ចាប់ចងអ្វីឡើយហាក់ដូចជាហ្មចាស់យូរមកហើយ ។
ចាប់ដើមតាំងពីថ្ងៃដែលទៅយកព្រះទីន័ងមក
ព្រះចៅទ្រង់ប្រទានរង្វាន់ឲ្យឧទេននិងប្រទានងារថា ជ័យអស្ចារ្យ
ជាសេនាខាងទ័ពដំរីនិងខាងទាក់ដំរីព្រៃ ។ ពួកអ្នករាជការទទួលស្គាល់
ខ្លាចអំណាចឧទេនថាជាអ្នកមោះមុត ស្ទាត់ជំនាញខាងហ្មដំរី
សូម្បីតែពេលចេញទាក់ដំរីព្រៃម្ដងៗមិនចាំមានគ្នាច្រើនប៉ុន្មាន
ក៏ទៅទាក់បានដែរ ហាក់ដូចជាហៅមកបាន ព្រះចៅទ្រង់ពេញនិងទុកព្រះហឫទ័យលើជ័យអស្ចារ្យ
ប្រហែលគ្នានឹងព្រះរាជបុត្ររបស់ព្រះអង្គ ។
លុះដល់អាយ ១៦ ឆ្នាំ ជ័យអស្ចារ្យភ្នក់នឹកដល់បំណងដើម
ក៏រំពឹងគិតរកឧបាយណាមួយ នឹងដោះខ្លួនចេញអំពីកណ្ដាប់សៀម
ហើយទៅនៅស្រុកខ្មែរ សោយរាជ្យស្នងព្រះបិតា និងនាំយកមនុស្សអំពីស្រុកសៀមទៅស្រុកខ្មែរវិញ
ព្រមទាំងទ្រព្យសម្បត្តិមានវិញ្ញាណឥតវិញ្ញាណទៅឲ្យអស់អំពីស្រុកសៀម
ឲ្យបានសម្រេចដូចសេចក្ដីបំណង ។
ទើបដើរនយោបាយចាត់មនុស្ស ១៥ នាក់
ដែលជាមនុស្សទុកចិត្តស្និទ្ធស្នាលដូចបងប្អូនបង្កើត
ធ្វើជាលនិងឈើជើងដំរី ឲ្យយកជាលច្រកអាចម៍ដំរីញាត់ឲ្យណែន ទុកឲ្យស្ងួត
ចាក់រាយតាមស្ទឹងឬផ្លូវ យកឈើជើងដំរី ដើរសង្កត់ជាស្នាមដាន
ដូចជាជើងដំរីដើរមែនៗ ដើម្បីឲ្យស្រុកឃើញ
ហើយនាំព័ត៌មាននោះក្រាបទូលព្រះចៅៗ នឹងទ្រង់ចាត់សេនាជ័យអស្ចារ្យខ្លួន
ទៅតាមទាក់មិនខាន ម៉្យាងទៀត ដើម្បីឲ្យពលដែលព្រះចៅចាត់ឲ្យទៅជាមួយ
ជឿជាក់ក្នុងចិត្តថា ជាដានដំរីពិតមែន ។
ចំណែកអ្នកស្រុក លុះឃើញដានជើងដំរីនិងអាចម៍ធំៗ
អណ្ដែតតាមទឹកមកដូច្នោះ ក៏នាំសេចក្ដីនោះទៅក្រាបទូលព្រះចៅៗ
ទ្រង់ប្រើជ័យអស្ចារ្យទៅតាមទាក់ដំរីព្រៃ ដែលមានដានជើងធំនោះ ។
ជ័យអស្ចារ្យក្រាបទូលថា សូមព្រះមេត្តាប្រោស បើទ្រង់សព្វព្រះទ័យ
ចង់បានដំរីធំបែបនោះ លុះតែមានគ្នាច្រើន នឹងដំរីធ្នាក់ក៏ច្រើន
ហើយឲ្យមនុស្សដែលទៅជាមួយទូលព្រះបង្គំទាំងប៉ុន្មាន ស្ដាប់បង្គាប់ទូលបង្គំ
ទើបធ្វើការនោះបាន ពេលចេញទៅ
សូមព្រះអង្គមេត្តាអនុញ្ញាតឲ្យធ្វើពិធីបួងសួងផងឲ្យមានជោគជ័យ ។
ព្រះចៅទ្រង់អនុញ្ញាតគ្រប់សំណូមពរ ប្រគល់ការនោះឲ្យជ័យអស្ចារ្យ
តាមត្រូវការ ធ្វើបែបណាៗ ស្រេចនៅលើជ័យអស្ចារ្យចុះ ។ លុះរៀបធ្វើពិធី
ព្រះចៅប្រទានព្រះខ័នសឹកឲ្យអំណាចពេញ បើឈ្មោះណាមិនស្ដាប់បង្គាប់
ត្រូវសម្លាប់បាន ។ លុះចេញទៅបានចំនួន ១៥ថ្ងៃ
ដល់ពាក់កណ្ដាលផ្លូវមកស្រុកខ្មែរ
ជ័យអស្ចារ្យធ្វើសារទៅក្រាបទូលព្រះចៅវិញថា "សូមទ្រង់មេត្តាប្រោស
ទូលបង្គំជាខ្ញុំតាមទាក់ដំរីធំនោះ កាន់តែឃើញដានកៀកហើយ តែអស់ស្បៀង
សូមព្រះអង្គមេត្តាប្រោសព្រះរាជទាន បញ្ជូនមកឲ្យឆាប់
ដើម្បីនឹងធ្វើការឲ្យបានសម្រេចដូចបំណង" ។
ព្រះចៅទ្រង់ព្រះរាជទានតាមសេចក្ដីសុំដោយរួសរាន់
ដោយបំណងចង់បានដំរីនោះពេក ភ្លេចគិតអំពីការបង់ខាតព្រះរាជទ្រព្យ ឬ
សង្ស័យដោយហេតុណាមួយឡើយ ។
ជ័យអស្ចារ្យ លុះបានទទួលស្បៀងបន្ថែមអំពីព្រះចៅ
ក៏បន្តដំណើរទៅទៀត ចំនួន១៥ថ្ងៃ ក្រោយមក
ក៏បានដល់ស្រុកបាត់ដំបងដែលជាដីខ្មែរ ។
មានអ្នកស្រុកជិតឆ្ងាយគ្រប់តំបន់រត់មកចុះចូល ថ្វាយខ្លួនជាពលសេនា
ព្រមទាំងសេនាចាស់ម្នាក់ ធ្លាប់បម្រើព្រះវរបិតាឈ្មោះ មឿងនិងកូនប្រុស៤នាក់ បានចូលមកថ្វាយខ្លួនដែរ
ក៏មានមនុស្សច្រើនល្មមតទល់នឹងព្រះចៅសៀមបាន ។
ជ័យអស្ចារ្យក៏សរសេរសំបុត្រចងនឹងកដំរីប្រើឲ្យទៅអញ្ជើញម្ដាយមកស្រុកខ្មែរ
រួចចងកូបជំទាវប៉ាល់ប៉ៃឲ្យទៅទទួលម្ដាយ ។ មេដំរីទៅដល់ទីកន្លែងម្ដាយ
ពេលពាក់កណ្ដាលអធ្រាត្រ មេដំរីវាទម្លាក់បំពង់ ៣ដង ម្ដាយភ្ញាក់
នឹកស្មានថាកូនត្រឡប់មកវិញ ក៏អុជភ្លើងបំភ្លឺមើល
តែមិនឃើញកូនឃើញតែសំបុត្រ មើលដឹងសេចក្ដីសព្វគ្រប់
រៀបដំណើរឡើងជិះមេដំរីយ៉ាងប្រញាប់
ខំស្រូតឲ្យជួបនឹងកូននៅស្រុកបាត់ដំបង ។
ទើបជ័យអស្ចារ្យប្រកាសខ្លួនឲ្យអ្នកស្រុកដឹងច្បាស់ថា
ខ្លួនហ្នឹងហើយជាព្រះបុត្ររបស់ព្រះចន្ទរាជា គង់នៅបន្ទាយលង្វែក
ឥឡូវនេះវិលមកគ្រងរាជ្យស្នងព្រះបិតា ។ រឿងនេះមិនបាត់ស្ងាត់
ជ្រាបដល់ព្រះចៅសៀម ទ្រង់ព្រះពិរោធយ៉ាងខ្លាំងពន់ពេក
នឹកតូចព្រះទ័យក្រៃលែង ទ្រង់ប្រជុំពួកសេនាយោធាមកប្រាប់មកប្រាប់ថា
ជ័យអស្ចារ្យ ប្រើឧបាយកល បោកបញ្ឆោតយកព្រះខ័នសឹក ព្រមទាំងទ្រព្យមានវិញ្ញាណឥតវិញ្ញាណ
រត់ទោស្រុកខ្មែរ ហេតុនេះ ត្រូវលើកទ័ពតាមទៅដណ្ដើមមកវិញឲ្យបាន
ហើយចាប់ជ័យអស្ចារ្យ សម្លាប់ឲ្យផុតពូជព្រះចន្ទរាជា
ព្រមទាំងពួករាជការទាំងប៉ុន្មានកុំឲ្យសល់ ។
ជ័យអស្ចារ្យបានដំណឹងច្បាស់ថាព្រះចៅលើកទ័ពមកតាមដូច្នោះ
ទ្រង់ជំនុំនឹងសេនាបតីថា
ឥឡូវពលសេនាយើងនិងគ្រឿងអាវុធយុទ្ធភណ្ឌរបស់យើងមិនបរិបូរណ៍
តើអ្នករាល់គ្នាគិតរកឧបាយកលបែបណា ឲ្យមានជ័យជម្នះ ពេលនេះ
ពលសេនាទាំងអស់មិនមានអ្នកណាមួយហ៊ានឆ្លើយទទួលអះអាងសោះ
មានតែសេនាមឿងឆ្លើយធានាអះអាង ហ៊ានតទល់នឹងទ័ពសៀម ដោយឧបាយមួយដ៏ចម្លែក
គឺហ៊ានប្ដូរជីវិត ដើម្បីនឹងទៅកែនពលខ្មោច ធ្វើជាទ័ពច្បាំងនឹងពលសៀម ។
ទើបបង្គាប់ឲ្យជីករណ្ដៅទំហំ ៤ម៉ែត្រ ជម្រៅ ៤ម៉ែត្រ
រួចឲ្យដាក់គ្រឿងសស្ត្រាវុធក្នុងរណ្ដៅនោះ ដើម្បីនឹងលោតទៅឲ្យជង់ស្លាប់ក្នុងរណ្ដៅ
តែនៅពេលមុននឹងលោតសម្លាប់ខ្លួននោះ សេនាមឿង
បង្គាប់ឲ្យពួកពលរដ្ឋទាំងអស់មកស្ដាប់ពាក្យឱវាទ លោកប្រកាសថា
"សូមអស់លោកខំប្រឹងយកចិត្តទុកដាក់ក្នុងរឿងចម្បាំងពេលនេះ
ដើម្បីរំដោះដែនដី ឲ្យបានរួចពីកណ្ដាប់នៃបច្ចាមិត្ត
ចំណែកខ្ញុំៗធានាខាងទ័ពខ្មោច សូមអស់លោកសង្ឃឹមទុកចុះ
បើខ្ញុំស្លាប់ទៅបាន ៧ថ្ងៃ
ឮសូរសន្ធឹកហ៊ោកញ្ជ្រៀវបីដូចជាសំឡេងផ្គរលាន់ យើងនឹងមានជ័យហើយ ។
លុះផ្ដាំរួចលោតចុះទៅក្នុងរណ្ដៅព្រឹប ប្រពន្ធឃើញប្ដីលោតដូច្នោះ ក៏លោតទៅជាមួយនឹងប្ដីព្រមទាំងកូនប្រុសពីរនាក់ស្លាប់ជាមួយគ្នា
ដល់ថ្ងៃជាគម្រប់ ៧ លាន់ឮសូរសន្ធឹកដូចកាលផ្ដាំមែន ។
ទ័ពសៀមចូលដល់បាត់ដំបង ឆ្លងចូលមកដល់អូរមួយ
សព្វថ្ងៃគេហៅថាអូរស្វាយដូនកែវ ជួបគ្នានឹងទ័ពជ័យអស្ចារ្យ ទ័ពខ្មោចចេញទៅមុនសម្ដែងឫទ្ធិ
ធ្វើឲ្យពលសៀមវិលមុខ ចុកពោះ ចុះក្អួតដួលខ្លួនឯងស្រួលៗ
ទ័ពព្រះជ័យចេស្ដាចូលទៅកាប់សម្លាប់អស់ ពួកកងទ័ព សៀមទប់ទល់មិនបាន
ថយទៅដល់បាត់ដំបង ធ្វើសារទៅក្រាបទូលព្រះចៅតាមដំណើរសព្វគ្រប់
ព្រះចៅទ្រង់ជ្រាបឲ្យទ័ពថយត្រឡប់ទៅស្រុកសៀមវិញ ។
ចំណែកពួកកងទ័ពព្រះជ័យអស្ចារ្យ
នាំគ្នាត្រឡប់មកកាន់បន្ទាយវិញ សព្វថ្ងៃគេហៅថាបន្ទាយជ័យ ។
ចាប់ដើមពីពេលនោះមក ព្រះជ័យអស្ចារ្យបានទទួលរាជាភិសេកសោយរាជ្យ
និងទទួលនាមថាព្រះជ័យចេស្ដា ព្រះចៅក្រុងកម្ពុជាធិបតី គង់នៅបន្ទាយជ័យ ។
លុះព្រះអង្គបានឡើងសោយរាជ្យសម្បត្តិសុខសាន្តហើយ
ទ្រង់នឹកឃើញដល់គុណូបការៈសេនាមឿង
ដែលស៊ូប្ដូរជីវិតចំពោះព្រះអង្គនិងចំពោះទឹកដីខ្មែរ
ទ្រង់ក៏ចាត់ឲ្យធ្វើបុណ្យឧទ្ទិសផលដល់ដួងវិញ្ញាណខន្ធរបស់សេនាមឿង យ៉ាងឧឡារិកអស្ចារ្យ
ជាប់ជាទំនៀមដរាបមកដល់មកសព្វថ្ងៃនេះ ហៅថាធ្វើបុណ្យឡើងអ្នកតាឃ្លាំង
មឿង ទៅវិញ ។
No comments:
Post a Comment