ពោធិកំបោរឆ្នាំ ១៨៦៥ - ១៨៦៧
គ្រូពៅ ឬអាចារ្យលាក់ ហៅពោធិកំបោរ ជាព្រះសង្ឃមួយអង្គ
មានដើមកំណើតនៅខេត្តរោងដំរី
បានក្រោកឡើងប្រយុទ្ធតស៊ូប្រឆាំងពួកអាណានិគមនិយមបារាំង និងបរិវារ
រហូតដណ្តើមបានជ័យជំនះដ៏ត្រចះត្រចង់ ដោយគ្រាន់តែរយៈពេលប្រមាណជា
៣ខែប៉ុណ្ណោះ បានវាយរំដោះយកនគរកម្ពុជាធិបតីស្ទើរតែទាំងមូល
លើកលែងតែទីក្រុងភ្នំពេញ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់បារាំង
និងហ្លួងដដែល។ ការតស៊ូបានចាប់ផ្តើមពីសង្គ្រាមវាយលុក
រហូតដល់សង្រ្គាមទ័ពព្រៃ ដោយសារបារាំងបានបញ្ជូនកងទ័ព និងអាវុធយុទ្ធភណ្ឌទំនើបៗមកជួយច្បាំងទ័ពហ្លួង
ខណៈដែលកងទ័ព
ប្រជារាស្ត្ររបស់ពោធិកំបោរមានតែឆន្ទៈស្នេហាជាតិប្តូរផ្តាច់
និងមានតែអាវុធបុរាណ ដូចជាដាវ ធ្នូ ស្នាជាដើម
គួបផ្សំនឹងកាំភ្លើងតិចតួច ដែលត្រូវបានរឹបអូសពីទ័ពបារាំង។
នៅខែធ្នូ ១៨៦៦
កងកម្លាំងពោធិកំបោរមានអ្នកចូលរួមប្រហែលមួយម៉ឺននាក់។
ចលនានេះធ្វើសកម្មភាពនៅព្រំដែនឡាវ តាមតំបន់សងខាងទន្លេមេគង្គ
និងនៅតំបន់ចន្លោះទីក្រុងឧដុង្គ និងភ្នំពេញ។
លោកបានឆ្លងចូលក្នុងប្រទេសខ្មែរ ហើយលើកទ័ពឆ្ពោះទៅរាជធានីឧដុង្គ
និងភ្នំពេញ។ ប៉ុន្តែនៅខែមករា ១៨៦៧ ស្ថានភាពសឹក
និងនយោបាយនៅប្រទេសខ្មែរកាន់តែតឹងតែងឡើង
រាស្ត្រក្រោកឈរប្រឆាំងបារាំងគ្រប់ទីកន្លែង។ កងទ័ពពោធិកំបោរបានបរាជ័យ
នៅជាយភ្នំពេញ។ ពោធិកំបោររត់ទៅពួននៅកំពង់ស្វាយ រួចត្រូវកងទ័ពបារាំងចាប់
ហើយសម្លាប់យកក្បាលមកដោតនៅក្រុងឧដុង្គ នៅខែ ធ្នូ ១៨៦៧។
ដកស្រង់ចេញពីឯកសារប្រវត្តិសាស្រ្ត ចងក្រងដោយលោក ស៊ូ ចំរើន
និងឯកសារ ស្តីពីកម្ពុជាសម័យអាណានិគមបារាំង (១៨៦៣ – ១៩៥៣)។
ក្បួនទ័ពពោធិកំបោរ
- ក្រឡាហោមប៉ានស្លាប់បាត់បង់ជីវិតទៅហើយ
ឯធម្មាតេជោហែនចក្រីពេជ្រ
ជ័យយោធាសង្រ្គាមទុំក៏ត្រូវអាលាក់ចាប់បានឃុំទុកមុខគួរអោយអាម៉ាស់ពន់ពេកណាស់។
មានព្រះបន្ទួលតែប៉ុណ្ណេះ ហ្លួងចោលព្រះនេត្រទតមើល
នាម៉ឺនសព្វមុខមន្រ្ដី ដែលកំពុងហ្មបហ្មាយ ថ្វាយបង្គំគាល់តាមទីកន្លែងគួរសម។
ទ្រង់ព្រះចិន្ដាអស់មួយសន្ទុះទើបស្ដេចបន្ដព្រះរាជឱង្ការ៖
- នៅស្ងៀតតទៅទៀតពុំបានទេ
វឹវរនគរនឹងក្រឡាប់ផែនដី ដោយសារថ្វីដៃអាលាក់មិនខាន។
បវរនាយកម៉ៅ បវរនាយកសេក
និមិត្តតែឮឈ្មោះរបស់ខ្លួនដូច្នេះភ្លាម
ឧកញ៉ាទាំងពីរលើកកំពង់អញ្ជលីដាក់លើសិរសា ព្រមជាមួយនឹងវាចាយ៉ាងស្រាល៖
- សូមទ្រង់ព្រះមេត្តាប្រោស
! !
- ឯងទាំងពីរនាក់
ត្រូវនាំសេនាទាហានទៅបោះនៅកំពង់ខ្សាច់ស ខេត្តបាភ្នំ
ហើយចាត់ការកេណ្ឌអាណាប្រជានុរាស្រ្ដបញ្ចូលក្នុងកងទ័ពជាប្រញាប់។
ហ្លួងនរោត្តមធ្វើទឹកព្រះភក្រ្ដមាំ
បែបនឹកពិរោធនឹងពោធិកំបោរសម្បើមណាស់ ទ្រង់លើកព្រះហស្គឡើងចង្អុល
- វិបុលរាជប៉ែន !
ឯងចាំបាច់លើកទ័ពទៅពាមមង្គលដោយរួបរួមកម្លាំងនឹងចៅហ្វាយស្រុកខាងទន្លេធំ។
- ទូលព្រះបង្គំជាខ្ញុំ
សូមទទួលតាមព្រះរាជឱង្ការ។
ស្ដេចឆ្មៀងព្រះនេត្រទតទៅម្ខាងទៀត
- ឯព្រះស្រែនជ័យលឹង
មាននាទីចុះទៅសុំទ័ពអាមីរ៉ាល់ពីព្រៃនគរ
ដើម្បីអោយកងកម្លាំងរបស់យើងរឹតតែរឹងប៉ឹងមែនទែន។
លុះចាត់វិធានការចប់សព្វគ្រប់ហើយ
ហ្លួងទ្រង់ព្រះសម្រួលក្អាកក្អាយ។
- ហា៎
ហា៎...តែប៉ុណ្ណេះ អាលាក់អ្នកសិល្បហោ ពោធិកំបោររត់ទៅណាពុំរួចទេ
ទ័ពហ្លួងលាយជាមួយបារាំងច្បាំងនឹងអាលាក់ មិនឈ្នះឬ?
ដើម្បីយកព្រះទ័យហ្លួង
កម្ចាត់វិរជនស្នេហាជាតិពិតប្រាកដចោលចេញ
នឹងអាលបានស្រួលក្នុងការត្រួតត្រាខ្មែរ អាមីរ៉ាល់ដឺឡាហ្រ្គង់ឌីយែរិ៍
(Amiral de la Crandière) ចាត់មេទ័ពម្នាក់អោយនាំទាហានបារាំងហាសិបនាក់
ចុះកប៉ាល់ចេញចាកព្រៃនគរមកដល់ភ្នំពេញ
ហើយឡើងធ្វើគាររកិច្ចចំពោះហ្លួងនរោត្តម។ ស្ដេចផែនដីមានព្រះអំណរណាស់
ព្រោះទ្រង់ចិន្ដាដោយយល់ច្រឡំថា អាណានិគមនិយមបារាំងសែស
គេយកចិត្តទុកដាក់នឹងជួយការពារព្រះនគរអញមែន។ ទាហានបារាំង
គំនាប់លាហ្លួង ឡើងកប៉ាល់ទៅទន្លេធំក្រោមផ្ទៃមេឃស្ងប់ស្ងាត់
គ្មានឃើញសត្វស្លាបហើរកាត់ពីលើជលធីដូចសព្វមួយដងសោះ។
សភាពក្រៀមក្រោះបែបនេះហាក់បញ្ជាក់អោយដឹងថា
ទេព្ដាទេព្រ័ក្សរក្សាទឹកដីខ្មែរមិនទទួលប្រោសសៃយសាសន៍ឈ្លានពានឡើយ។
កប៉ាល់បារាំងបើកទៅជួបឧកញ៉ាវិបុលរាជបែន
ដែលបោះទ័ពនៅពាមមង្គមចាំទទួលច្បាំង នឹងពោធិកំបោរៗ
ថីបកណែនាំប្រមុខយោធាទាំងសងខាង អោយយល់ភាសាគ្នារហូតដល់វិបុលរាជរាក់ទាក់
ជាមួយបារាំងយ៉ាងយកចិត្តទុកដាក់។ ចំពោះជឹងសឹកខាងរាជការខ្មែរបារាំង
គ្មានអ្វីជាអាថ៌កំបាំងនឹងពោធិកំបោរទេ
ព្រោះរាស្រ្ដសាមញ្ញនេះឯងជាអ្នកអោយការណ៍ដល់កងកំលាំងស្នេហាជាតិ។
ថ្ងៃព្រហស្ប៍ត ៦កើត ខែមិគសិរ ឆ្នាំខាលអដ្ឋស័ក
អាចារ្យលាក់ដឹកនាំក្បួនទ័ព
មានតាំងពីរទេះសេះដំរីលើកឆ្លងមកត្រើយខាងលិចចូលដល់ក្រុងឧដុង្គមានជ័យ។
គាត់ថ្លែងចំពោះមុខយោធា ប្រកបដោយសំនួនវោហារយ៉ាងក្បោះក្បាយ។ ជាបឋម
ខ្ញុំសូមលំឱនកាយវាចាចិត្តគោរពសេចក្ដីក្លាហានរបស់បងប្អូនទាំងអស់
ដែលខិតខំតស៊ូពុះពារគ្រប់ឧបសគ្គ ដើម្បីជាតិខ្មែរយើងនៅរស់
មានឈ្មោះក្នុង ពិភពលោក ជារៀងដរាបដល់អស់កល្បកប្ប។
សាមគ្គីធម៌នៃយើងរាល់គ្នា ក្នុងរវាងប្រាំ
ប្រាំមួយខែកន្លងមកនេះសឹងហុចលទ្ធផលល្អប្រសើរគួរជាទីពេញចិត្តក្រៃលែង។
ប្រសិនបើដណ្ដើមយកបានតែឧដុង្គ និងភ្នំពេញទៀត
បេសកកម្មដ៏លំបិនលំបាករបស់យើង
ក៏សម្មតថាចប់សព្វគ្រប់ប្រកបព្រមដោយជោគជ័យធំបំផុត
ដែលលោកអ្នកប្រាជ្ញមិន ភ្លេចនឹងកត់ត្រាទុកក្នុងក្រាំងមាស
នៃប្រវត្តិសាស្រ្ដជាតិយើងឡើយ អាស្រ័យហេតុនេះ
ខ្ញុំសូមទាញអារម្មណ៍បងប្អូន អោយកាន់តែយល់ច្បាស់ថា
ក្រុងទាំងពីរជាទីប្រយុទ្ធផ្ដាច់ព្រ័ត្រហើយ យើងចាំបាច់តស៊ូទាមទារ
ត្រាតែបានសំរេចដូចក្ដីបំណង។ សូមព្រះឥន្រ្ទព្រះព្រហ្ម ទេវតា
ទេព្រ័ក្សអារក្សអ្នកតានិងវត្ថុសក្ដិសិទ្ធិទាំងពួងក្នុងមាតុប្រទេសជួយគាំពារបីបាច់ថែរក្សាយើងរាល់គ្នា
កុំបីឃ្លៀងឃ្លាតឡើយ!
បន្ទាប់មកកងពលប្រជារាស្រ្ដយើងបន្លឺសំរែកជ័យឃោសស្ទើររយះមេឃ «ជយោកូនខែរពូជអ្នកសាងអង្គរវត្ត» ឥតបង្អង់ ពោធិកំបោរបរពលលុកបន្ទាយឧដុង្គមានជ័យ
ដោយក្ដីអង់អាចក្លាហានចេញជាតួអង្គខេមរកុលបុត្រ។
គាត់វាសដៃអោយសញ្ញាទន្ទឹមនឹងវាចាក្រាងក្រងៅ «ចូល..បងប្អូនចូល!» នៅខាងក្នុងបន្ទាយឯណោះ
ឧកញ៉ាវង្សាអគ្គរាជអ៊ុំ និងឧកញ៉ាពិស្ណុលោកព្រំ កំពុងរៀបចំពួកពល
ដើម្បីរង់ចាំទទួលរណយុទ្ធទាំងទឹកចិត្តរំជើបរំជួល។
សេនាទាហានឧដុង្គមានជ័យឈរត្រៀមចាំតាមរបងជាស្រេច
ខ្លះប្រដាប់ដោយធ្នូស ខ្លះទៀតកាន់ដាវខ្លី-វែងលំពែងមុខពីរបី ។
ខ្សែភ្នែកគ្រប់គ្នាផ្ដោតជាប់នឹងកងយោធាប្រជារាស្រ្ដ
ដែលសម្រុកចូលមកពីគ្រប់ទិសទី
ហាក់គ្មាននឹកខ្លាចរអានឹងមុខសស្រ្ដាវុធសោះឡើយ។
សន្ធឹកជើងសឹករណ្ដំដែនប្រថពី
លាយឡំនឹងសំរែកហ៊ោកញ្រ្ជៀងខ្ញៀវខ្ញាពុំដាច់រយៈ។
កងពលថ្មើរជើងទ័ពសេះដំរីចោមរោមវាយ បន្ទាយឧដុង្គមានជ័យយ៉ាងខ្លាំងក្លា។
ផ្លែព្រួញហោះហើរមកចំពីមុខព្រោងព្រាត
តែមិត្តយុទ្ធជនយើងនៅឆ្លៀតរុលចូលមិនព្រមរាថយមួយជំហានសោះ។
ដំណើរវិលស្លាប់ ជារឿងរ៉ាវធម្មតារបស់វដ្ដសង្សារទេ
បើគេមិនចែកឋានថ្ងៃនេះទេ មុខជាថ្ងៃស្អែកខានស្អែកមិនខានឡើយ
ពោលអោយចំ គឺគ្រាន់តែមុននិងក្រោយគ្នាប៉ុណ្ណោះ
គ្មានបុគ្គលណាម្នាក់អាចជៀសផុតពីអន្លង់មរណ:ឡើយ។
ប៉ុន្ដែការបូជាជីវិតចំពោះជាតិសាសនានិង មាតុភូមិ
ជាពលិកម្មដ៏ថ្លៃថ្លាបំផុត ដែលកេរ្ដិ៍ឈ្មោះបោះសម្លេង នៅរស់វើក
ព្រមទាំងមានក្លិនក្រអូបសាយសព្វទិសានុទិស។ យោលទៅតាមគតិនេះហើយ
ទើបកូនខ្មែរស្នេហាជាតិឥតរារែកចិត្ត សូម្បីបន្តិចបន្ដួចក៏ទេដែរ។
មិនយូរប៉ុន្មាន
កងក្លាហានបានទម្លុះទម្លាយទ្វាររបងជាច្រើនកន្លែង
ភ្លេងអាវុធចាប់ផ្ដើមប្រគំប្រកួតបង្អួតមុខដាក់គ្នា ហាក់ដូចជាប់ពៀរវេរាមកពីជាតិមុន។
ឆាកប្រណាំងប្រជែង ល្បែងដាវលំពែងលេង ល្បិចផ្ដាច់ព្រលឹង
ត្រាតែមនុស្សម្នាដួលដេកស្លាប់រាត់រាយមួយរំពេច។
ឧកញ៉ាវង្សាអគ្គរាជអ៊ុំនាំខ្លួនសំដៅទៅរកអាចារ្យលាក់ដោយ
បង្ហើរស្លឹកដាវតម្រង់ដៃគូផង។ រហ៍សវិស័យផ្លេកបន្ទោរ
ពោធិកំបោរលោតគេចចេញផុតស្រឡះ ព្រមទាំងក្រឡាស់ដៃកាប់សងវិញ
មានសន្ទុះលឿនស្លេវប្រៀបឧបមេយ្យដូចខ្យល់កំបុតត្បូង។
ស្មារតីរឹងប៉ឹងគ្រាន់បើវង្សាអគ្គរាជ លើកអាវុធឡើងរងទាន់លាន់សូរឆាំង !
បែកផ្កាភ្លើងទាំងកណ្ដាលថ្ងៃ ។ មុខដាវសង្កៀតជាប់គ្នា
គូប្រយុទ្ធខំប្រឹងរុញច្រានទៅមកអស់ទំហឹង
វង្សាអគ្គរាជអ៊ុំទ្រាំទ្រពុំបាន ក៏បំផ្លោងប្រាណបក ក្រោយពីរបីជំហាន
យកស្ថានភាពតែសម្ដីសំដៅនៅបែបគ្រាន់បើថា
- ពេលនេះ
ពោធិកំបោរឯងច្បាស់ជាបានភ្លឺភ្នែកមិនខានទេ។
- ហា៎ ! ហា៎ !
យើងរកតែមនុស្សខ្លាំងពូកែចេះអង្គុយលើចង្អេរលើកខ្លួនឯងអ៊ីចឹងយូរហើយ
នឹកស្មានមិនដល់ថាថ្ងៃនេះបានជួបដូចបំណងសោះ។
បើវង្សាអគ្គរាជឯងគ្រាន់បើមែន សូមអញ្ជើញបញ្ចេញ អោយអស់កាឡាសាមកចុះ
យើងពេញចិត្តនឹងរង់ចាំទទួលដោយក្ដីរីករាយ!។
គ្រាន់តែពោធិកំបោរពោលចប់ភ្លាម
ឧកញ៉ាវង្សាអគ្គរាជអ៊ុំក៏ហក់ចូលមកដល់ល្មម ផ្លែដាវប៉ះទង្គិចគ្នា
ជាបន្ដទៅទៀត។ ម្នាក់ៗបញ្ចេញស្នៀតខ្ពង់ខ្ពស់គួរអោយសរសើរ
នរណាហ៊ានធ្វេសប្រហែសតែបន្តិច ប្រាកដជាទទួលរងគ្រោះកាច ពុំលែងឡើយ។
នៅក្នុងពេលដំណាលគ្នានោះ ឧកញ៉ាពិស្ណុលោកព្រំ រត់រលះរលាំងមក
កាប់ពោធិកំបោរពីក្រោយខ្នង
ដោយមានបំណងចង់ទលាក់ក្បាលគូប្រជែងយកថ្វីដៃអោយល្បីល្បាញ។
ពុំសំរេចទេត្រចៀកវៃដូចបក្សា កាយវិការរហ័សរកមើលមិនទាន់ អាចារ្យលាក់មុជផុតប្រហែលមួយទះ
រួចក៏ចោលខ្លួនទៅឆ្ងាយបន្តិច ដើម្បីងាយស្រួល នឹងតម្លើងក្បាច់
អាវុធតទប់ជាមួយសត្រូវទាំងទ្វេ។ កាលបើបែរជាខកចិត្តដូច្នេះទៅវិញ
ឧកញ៉ាពិស្ណុលោកព្រំ ជះកំសួលទោសតាមនាសាដោយខ្នន់ខ្នាញ់។
- ហ៊ឹះ !
អាចារ្យលាក់អ្នកសិល្បពូកែគ្រាន់បើ
តែយើងពុំបណ្ដោយអោយឯងរស់នាំទម្ងន់ផែនដីតទៅទៀតទេ។
ពោធិកំបោរឈរបង់ជំទែងយ៉ាងហំ
រួចផ្គុំប្រយោគតប។
- ការប្រមាថអាយុជីវិតអ្នកដទៃជាធម៌មិនប្រពៃសោះ។
- ហៃពោធិកំបោរ
ពុំចាំបាច់ប្រដៅក្រពើអោយហែលទឹកទេ ឯងត្រៀមខ្លួនចាំស្លាប់ទៅប្រសើរជាង។
ជាមួយនឹងពាក្យគម្រាមនេះ
ពិស្ណុលោកព្រំ តាំងឃុំដាវយ៉ាងខ្ញង់ ហើយពួតកំលាំងគ្នានឹង វង្សាអគ្គរាជអ៊ុំ
វាយប្រហារអាចារ្យលាក់ជាបន្ទាន់។
ឯយោធាក្រោម បង្គាប់ទាំងសងខាង
ក៏កំពុងជាប់ដៃប្រយុទ្ធដណ្ដើមយកជោគជ័យតែរៀងៗខ្លួន។
គួរកត់សំំគាល់បានជា កងទ័ពប្រជារាស្រ្ដយើងមាន ប្រៀបជាងតាំងពីដើមទី
ត្រាតែសេនាទាហានខាងឧដុង្គមានជ័យខ្លះក្រឡាស់ខ្លួន ដាក់មេផាយ
កែងជើងថ្វាយបង្គំគូទឡើងហុយដីសំពោង។ ដោយខ្វះការអំណត់ អត់ធន់ដូច្នេះ
ទើបស្ម័គ្របក្សពួក ពោធិកំបោរបានដៃចាក់សំលាប់
កាប់សំឡេះទាហានអស់ច្រើនក្រាស់ក្រែល។ ចម្បាំងយូរទៅ
កូនចៅកាន់តែរបេះចុះអោយរពុយ អស់ផ្លូវសង្ឃឹម
ហើយប្រសិនបើមានៈរឹងត្អឹង នឹងនៅតស៊ូទៀត
ច្បាស់ជាភ្លាត់ស្នៀតចូលស៊ងពោធិកំបោរមិនខាន។ យល់ឃើញជាក់ក្នុងចិត្តដូច្នេះហើយ
ឧកញ៉ាវង្សាអគ្គរាជអ៊ុំចេញបញ្ជា អោយពលទាហានខ្លួនដកឃ្លាថយភ្លាម។
ចំណែកឧកញ៉ាពិស្ណុលោកព្រំ ដែលកំពុងតែបារម្ភនឹងអាសន្នអន់ក្រ
ក៏ប្រញាប់ស្រែកបន្ទរតាមក្រោយមួយរំពេច៖។
- ដកថយ!..ប្រយ័ត្នប្រយែងខ្លួនប្រាណអោយមែនទែន
កុំបង្អែង់នៅយូរ...
កាលបើលឺសំរែកនេះ យោធិនទាំងអម្បាលម៉ាន
ដូចជាបានកើតម្ដងទៀត ម្នាក់ៗគិតតែពីរត់គេចសឹងជាន់កគ្នា។
ពេលនោះពោធិកំបោរ
អិតបណ្ដោយអោយបក្សពួកសត្រូវគេចចេញពីទីលានរឿណរង្គដោយស្រួលទេ
គាត់បន្លឺសំលេងឡើង
បងប្អូនតាមអោយជាប់ ទ័ពយើងឈ្នះហើយ!
កងកម្លាំងយើងសប្បាយនឹងជ័យជម្នះ
ដែលរកបានដោយកម្រនេះពន់ពេលណាស់ ខ្លះស្រែកហ៊ោឮសូរយ៉ាងខ្លាំងយ៉ាងខ្ញៀវខ្ញារ
- ជយោមាតុភូមិខ្មែរ!
- បរាជ័យពួកសត្រូវជាបរិវារអាណានិគមនិយមបារាំង!
ស្ម័គ្របក្សពួកពោធិកំបោរ
ដេញកម្ចាត់ទ័ពឧកញ៉ាវង្សាអគ្គរាជអ៊ុំនិងឧកញ៉ាពិស្ណុលោកព្រំ
ដរាបដល់ក្រុងភ្នំពេញ ហើយចាត់ការបោះទ័ពនៅខាងកើតវត្តកំពែង
ត្រូវជាខាងលិចវាលសំលាប់នាយ។ លុះដល់ថ្ងៃ ៦រោច ខែមិគសិរ
ឆ្នាំខាលអដ្ឋស័កដដែលអាចារ្យលាក់បរពលចូលទៅកាន់កាប់ស្ពានយមរាជ។
គាត់ខិតខំណែនាំគ្គីគ្នាអោយកាន់តែយល់ច្បាស់ពីស្ថានការណ៍សឹក។
ចាប់តាំងពីយើងរួបរួមគ្នា
ធ្វើការតស៊ូយ៉ាងស្វិតស្វាញរហូតមកដល់សព្វថ្ងៃ សឹងបានទទួល
នូវជ័យជម្នះគ្រប់ទីកន្លែងទាំងអស់។ ដូចខ្ញុំធ្លាប់ជំរាបបងប្អូនហើយថា
ឧដុង្គនិងភ្នំពេញក្រុងសំខាន់ និងជាទីប្រយុទ្ធផ្ដាច់ព្រ័ត្រផង។
ឥឡូវនេះទាហានហ្លួងខាងឧដុង្គក៏បាក់ទ័ពរត់ខ្ចាត់ខ្ចាយអស់នៅសស់តែភ្នំពេញមួយទៀតប៉ុណ្ណោះ
នឹងបានដល់ត្រើយហើយ ដូច្នេះយើងត្រូវតែប្រយុទ្ធលុះត្រាអវសានជីវិត!
កងពលប្រជារាស្រ្ដ គាំទ្រយោបល់ពោធិកំបោរទាំងស្រុង
គេនាំគ្នាស្រែកហ៊ោឡើងក្រោមបរិយាកាសរីករាយ ជាទីបំផុត។
ដទៃពីនេះទៅវិញ ហ្លួងនរោត្តមកំពុងតែតប់ប្រមល់ទល់ពុទ្ធោយ៉ាងខ្លាំង
ស្ដេចត្រាស់ថា៖
- អាសន្នម្ដងនេះមិនមែនតូចតាចទេ..
វង្សាអគ្គរាជអ៊ុំ រាជាមេត្រីមុំ ស្រីនគរបាលមាន់ ឯងទាំងបីនាក់ប្រញាប់
លើកទ័ពទៅច្បាំង នឹងអាលាក់ នៅស្ពានយមរាជភ្លាម។
- សូមទទួលព្រះរាជឱង្ការព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង!
លុះឆ្លើយនឹងស្ដេចពផែនដីដូច្នេះហើយ
ឧកញ៉ាទាំងបីថយខ្លួនចេញទៅបំពេញកិច្ចការតាមព្រះរាជតម្រះ។
ប្រមូលផ្ដុំកងកំលាំងរួច ក៏នាំមុខឆ្ពោះរកទីដៅមួយរំពេច។
គ្មានអ្វីជាអាថ៌កំបាំងនឹងពោធិកំបោរទេ
ដឹងដំណើរទ័ពហ្លួងគ្រប់សព្វទាំងអស់ ព្រោះជើងការសំងាត់ខាងមិត្រយុទ្ធជនយើង
មានខ្សែស្រឡាយទាក់ទងគ្នាយ៉ាងជិតស្និទ្ធ
ប្រកបដោយចរិតវាងវៃគួរអោយសរសើរ។ ឥតហ៊ានធ្វេសប្រហែស
សូម្បីមួយដង្ហើមអាចារ្យលាក់ អ្នកគិតវែងឆ្ងាយ
ម្នីម្នាបង្កូកប្រកាសប្រាប់កងពល
- បងប្អូនរួមឈាមជាទីស្នេហា ចូរបានជ្រាបថា
ទ័ពហ្លួងលើកមកដល់ក្នុងពេលឥឡូវនេះហើយ
ដូច្នេះយើងរាល់គ្នាចាំបាច់ប្រុងប្រៀបរៀបចំខ្លួនភ្លាម។
ចប់សេចក្ដីអោយដំណឹងសឹងមិនទាន់
យុទ្ធផនទាំងអស់ធ្វើការរចល់ ដើម្បីត្រៀមចាំប្រយុទ្ធនឹងបរបក្ស
ដោយទឹកចិត្តអង់អាចក្លាហាន ឥតរារែក។ មិនយូរប៉ុន្មាន
ឧកញ៉ាវង្សាអគ្គរាជអ៊ុំ ឧកញ៉ារាជាមេត្រីមុំ និងឧកញ៉ាស្រីនគរបាលមាន់
បរពលសកលយោធាចូល ឡោមព័ទ្ធបក្សពួកពោធិកំបោរជារង្វង់ស្នែងក្របី
ព្រមជាមួយនឹងពាក្យបញ្ជាលេចឮបណ្ដាក់គ្នាកប់អាកាស។
- ចូល…កុំរាថយអោយសោះ!
ក្បាលទ័ពស្លាបឆ្វេង-ស្ដាំឡើងទន្ទឹមគ្នាមក៍… កងទ័ពប្រជារាស្រ្ដយើងគ្មាននឹកបារម្ភ ក្នុងចិត្តបន្តិចបន្តួចទេ
គេត្រឡប់ជាគោះគងទូងជ័យភេរីទទួលរណយុទ្ធ ដោយក្ដីសប្បាយរីករាយពន់ពេក។
ឯចំណែកពោធិកំបោរក៏នៅមាត់មិនស្ងៀមដែរ គាត់ខំតម្លើងសំលេងយ៉ាងខ្លាំងក្លា៖។
- ចាប់ផ្ដើមវាយប្រហារទៅមុខ!…
ស្នូរអាវុធយុទ្ធភ័ណ្ឌប៉ះទង្គិចគ្នាគក្រឹកគគ្រេង
ជាភ្លេងមរណ: កន្រ្ដាក់ព្រលឹងធំអ្នកចាញ់យកទៅឋាននាយ
បន្សល់ទុកនៅសាកសពរាត់រាយ ក្នុងថ្លុកឈាមពាសពេញទឹសមរភូមិ។
ទោះបីឃើញស្ម័គ្របក្សពួកស្លាប់បាត់បង់ជីវិតយ៉ាងណាក៏ដោយ
ក៏ចាំបាច់ប្រយុទ្ធ តស៊ូ ដរាបដល់ចប់ចុងដើម។
ចម្បាំងរាំងជល់ក្នុងគ្រានេះ សឹងមានកម្លាំង ប្រហាក់ប្រហែលគ្នា
ចាត់ទុកថាស្មើ គ្មានចាញ់ឈ្នះទេ ព្រោះគូប្រជែងទាំងសងខាង
បានដកទ័ពថយតែរៀងខ្លួន។
ទឹកចិត្ដពោធិកំបោរ
ពោធិកំបោរឈរជិតមាត់បង្អួចយ៉ាងស្ងៀមស្ងាត់ក្រសែចក្ខុសម្លឹងមើលពពក
ដែលបន្លាយជើងភ្នាយកាត់ទទឹងមេឃ សឹងជាប្រផ្នូលអាក្រក់សំរាប់ស្រុកទេស។
មេបដិវត្តន៍ឱនមុខជ្រប់ គាត់ដកដង្ហើយធំឮសូរឃូរ !
ទន្ទឹមនឹងគំនិតដល់វាសនានៃប្រទេសជាតិ។ ឱ!… មាតុភូមិខ្មែរ ដែលអោយកំណើតកើតជាដល់រូបអញមកប៉ុណ្ណេះ មិនគួរបើនឹងសសៀរទៅរកហាយនភាព
ដោយសារតែហ្លួង លង់នឹងរាជសម្បត្តិចាត់ទុកបារាំងជាតិសាសន៍ដទៃជាអាណាព្យាបាលអ៊ីចឹងសោះ។
រំពេចនោះ ស្នូរគោះទ្វារបន្លឺឡើង
ពោធិកំបោរងាកក្រោយ ព្រមជាមួយនឹងពាក្យថា៖
- សូមអញ្ជើញចូល !
ដំណាលគ្នានឹងកន្ទុយពាក្យនេះ ទ្វាររបើកសន្សឹមៗ
លេចមុខអ្នកជើងការពិសេសម្នាក់
ដើរតម្រង់មកសម្ដែងការគួរសមរួចរ៉ាយរ៉ាប់ប្រាប់ដំណឹងនានា។
- លោកអាចារ្យ !…សម្ដេចស៊ីសុវត្ថិ មកតាំងទ័ពនៅពាមមង្គលហើយ
មិនត្រឹមតែប៉ុណ្ណឹងទេ ហ្លួងនរោត្តមបានយាងមកសាកសួរសុខទុក្ខ
និងពិគ្រោះគ្នាជាមួយព្រះអនុជពីបញ្ហាលោកអាចារ្យផង។
គ្រាន់តែសេនាជនរាយការណ៍ចប់ភ្លាម
ពោធិកំបោរបន្សាត់ខ្សល់ដង្ហើយយ៉ាងវែង ហាក់កុំអោយតឹងទ្រូងខ្លាំងពេក។
គាត់មិនរារែកនឹងកិច្ចការរំដោះដែនដីពីដៃអាណានិគមនិយមបារាំងសែស
ដែលត្រូវជើងគ្នាជាមួយហ្លួងនោះទេ។
អាចារ្យលាក់អ្នកគិតគូរឃើញវែងឆ្ងាយក៏កាន់ តែយល់ច្បាស់ថា
រឿងដេញបារាំងចេញពីស្រុក ចោទជាបញ្ហាធ្ងន់ឡើង
ព្រោះស្ដេចគាំទ្របរទេសយ៉ាងពេញទំហឹងដូច្នេះទៅហើយ
តើបេសកកម្មយើងត្រូវលំបាកប៉ុនណា។
ពោធិកំបោរប្រើគំនិតពិចារណាអស់មួយសន្ទុះស្រាប់តែភ្លាត់មាត់ឧទានហាក់ពុំដឹងខ្លួន
៖
- យើងជាកូនខ្មែរពូជអ្នកចម្បាំងធ្លាប់ជាញជ័យ
ចាំបាច់ការពារទឹកដីទុកជាកេរ្ដិ៍អោយគង់វង្សរៀងរហូតតទៅ។
ជាបន្ទាន់នោះ
អាចារ្យលាក់ងាកមកនិយាយនឹងអ្នកជើងការពិសេស។
-ចូរប្អូនឯងទៅប្រាប់មេកង
ក្រុមពួកទាំងអស់ អោយចូលមកកាន់រោងជំនុំភ្លាម។
អ្នកនាំពាក្យគោរពលាចេញបានមួយស្របក់
រោងជំនុំចំហទ្វារចាំទទួលមនុស្សម្នាជាហូរហែ ត្រាតែពេញស្ទើរ
នឹងរកកន្លែងអង្គុយគ្មាន។ ពោធិកំបោរចាប់បើកសម័យប្រជុំមួយរំពេច។
-បងប្អូនរួមឈាមជាទីស្នេហាទាំងឡាយ!
ជាដំបូងខ្ញុំមានកិត្តិយសសូមជំរាបនូវដំណឹងមួយ។ ឥឡូវនេះសម្ដេចស៊ីសុវត្ថិបោះទ័ពនៅពាមមង្គល
ហើយហ្លួងនរោត្ដមក៏យាងមកជំនុំគ្នាពីរឿងយើងក្នុងទីនោះដែរ។
ខ្ញុំជឿជាក់លើទឹកចិត្តបងប្អូនថា យើងឥតខ្លាចរអាទ័ពហ្លួង
និងអាណានិគមនិយមបារាំងទេ តែស្ដាយត្រង់កងកំលាំងយើងមិនដល់គេ
តើបងប្អូនគិតយ៉ាងណាទៅវិញ?។
ខណ:នោះ
មេក្រុមម្នាក់ឋិតក្នុងវ័យពាកកណ្ដាលមនុស្សឡើងបញ្ចេញយោបល់
- សូមគោរពលោកអាចារ្យនិងអង្គប្រជុំទាំងមូល
ខ្ញុំយល់ឃើញថា យើងត្រូវខិតខំប្រមូលកងទ័ពត្រាតែបាន
គ្រប់គ្រាន់ដើម្បីកុំអោយចាញ់ប្រៀបសត្រូវ!។
បន្ទាប់មក យុទ្ធជនជើងចាស់ម្នាក់ជំរាបអាចារ្យលាក់យ៉ាងសមហេតុផល។
- បើនិយាយតាមក្បួនសឹក
ដោយភូមិសុរិល និងពាមមង្គលនៅជិតគ្នាពេក
យើងចាំបាច់ចាកចេញឆ្ងាយពីនេះសិន
ទើបអាចនឹងសំរេចគម្រោងការឯទៀតៗបានដូចបំណង។
មេកងម្នាក់លើកដៃនិយាយគាំទ្រ។
- យោបល់បងប្អូនទាំងពីរត្រឹមត្រូវណាស់
ខ្ញុំគ្មានពាក្យអ្វីនឹងជំទាស់ទេ គ្រាន់តែសូមឆ្លៀតយកឱកាសនេះបញ្ជាក់
ជូនអង្គប្រជុំបន្តិចថា
បើយើងនៅភូមិសុរិលតទៅទៀតបញ្ហាជ្រើសរើសពួកពលពិបាកដោះស្រាយណាស់
ព្រោះថា អ្នកស្រុកភូមិជិតៗនេះ ចុះចូល នឹងសម្ដេចស៊ីសុវត្ថិអស់ច្រើនដែរ។
ម៉្យាងទៀតស្ដេចចង់លើកទ័ពមកវាយប្រហារយើងថ្មើរណាក៏បាន
ដោយសារតែទីតាំងនៅជិតគ្នានេះហើយ ដែលជាផលអាក្រក់គួរជៀសវាងអោយផុត។
ពោធិកំបោរញញឹមបន្តិច
ទន្ទឹមនឹងវាចារំពងសាយពេញរោងជំនុំ ។
អរគុណចំពោះបងប្អូនគ្រប់គ្នា ដែលបានអោយយោបល់ល្អៗ
ដល់អង្គប្រជុំ !
ដើម្បីកុំអោយខាតពេលច្រើនខ្ញុំមូលសួរថាតើមានបងប្អូនណាយល់ទាស់ទេ ?។
ឋិតក្នុងសភាពស្ងាត់ស្ងៀមមួយសន្ទុះទើបពោធិកំបោរសំរេចសេចក្ដី។
- បងប្អូនស្របចិត្តគំនិតគ្នាតែមួយអ៊ីចឹងហើយ
ខ្ញុំនឹងចាត់ការតាមក្រោយតទៅ។ សូមទេវតាទាំងមួយម៉ឺនលោកធាតុ
និងវត្ថុសក្ដិស័ទ្ធិទាំងអស់ក្នុងក្រុងកម្ពុជាធិបតី
ជួយថែរក្សាយើងខ្ញុំរាល់គ្នា ដែលមានគោលបំណងដ៏ធំចម្បង
គឺការពារជាតិសាសនា និងមាតុភូមិខ្មែរ អោយបានសំរេចសមតាមចិត្ត
ប៉ុនប៉ងប្រាថ្នាតរៀងទៅកុំបីឃ្លៀងឃ្លាតឡើង។ ខ្ញុំសូមស្រែក
ប្រកាសយកជ័យថា ជយោកងកំលាំងខ្មែរស្នេហាជាតិដ៏មុះមុត!
បរាជ័យបរទេសឈ្លានពាន និងបរិវារវាគ្រប់ជាន់ថ្នាក់!។ សំរែកជយឃោសនេះ
ត្រូវបានមេកង ក្រុម ពួកនាំគ្នាជួយបន្ទរតាមក្រោយ
ចោលសំលេងខ្ទ័រខ្ទារប្រៀបបានទៅ នឹងសន្ធឹកផ្គរលាន់គម្រាមមេឃ។
យោលទៅតាមការសំរេចរបស់អង្គប្រជុំ
អាចារ្យលាក់ក៏នាំស្ម័គ្របក្សពួក ដោះចេញពីភូមិសុរិល ខេត្តត្បូងឃ្មុំ
ឡើងដល់ខេត្តក្រចេះ រួចឆ្លងទៅកាន់ខេត្តកំពង់ស្វាយទៀត។
នៅទីនោះពោធិកំបោរតែងតែដើរពន្យល់ក្រមការ
និងរាស្រ្ដអោយយល់ច្បាស់ពីបញ្ហាប្រទេសជាតិ ដែលត្រូវអាណានិគមនិយមបារាំងសែស
ចូលមកជិះជាន់ ព្រោះតែ ហ្លួងបាក់បបខ្លបខ្លាចអំណាចបរទេសនេះដែរ។
មួយថ្ងៃៗគ្រូពៅហៅអាចារ្យលាក់ប្រតិស្ឋនាមថាពោធិកំបោរ
ដោយមានសេនាជំនិតបួននាក់រួមដំណើរជាអង្គរក្សផង
តែងត្រាច់រង្គាត់គ្រប់ច្រកល្ហក
ដើម្បីនិយាយបញ្ចុះបញ្ចូលយកស្ម័គ្របក្សពួក អោយបានច្រើនគ្រប់គ្រាន់
នឹងសេចក្ដីត្រូវការ។ ពេលដែលនគរយើង
កំពុងតែធ្លាក់ចុះទៅក្នុងកណ្ដាប់ដៃអាណានិគមនិយមបារាំង
បងប្អូនរួមក្រសែលោហិតខ្មែរទាំងអស់ ចាំបាច់ត្រូវតែប្រមូលកំលាំង វាយប្រហារកម្ចាត់សត្រូវឈ្លានពានចេញពីទឹកដីកេរ្ដិ៍ដូនតាយើង
កុំទុកនៅដល់ម្នាក់ឡើយ។ បើរួបរួមសាមគ្គីគ្នាជាធ្លុងមួយហើយ
យើងនឹងបានទទួលជោគជ័យលើពួកមារសត្រូវមិនខាន
សូមបងប្អូនជឿជាក់នឹងទុកចិត្តចុះ! បុរសចំណាស់ម្នាក់ដើរវែកគេឯងមកឈរខាងមុខ
ព្រមទាំងបញ្ចេញសម្ដីតាមរបៀបចាស់ទុំ។
ថ្វីដ្បិតតែចំណាស់ប៉ុណ្ណោះហើយក៏ដោយ
ក៏តាស្ម័គ្រចិត្តចូលជាកងកំលាំងនឹងចៅៗ
ជំនាន់ក្រោយដែរគឺតស៊ូយ៉ាងម៉េចអោយតែបារាំង ចេញផុតពីស្រុកខ្មែរយើង
ទើបបានតាស្វែងទៅរកធម៌អាថ៌ជាខាងក្រោយ។
មាណពម្នាក់ក្ដាប់ដៃលើកឡើងលើ សឹងប្រកបដោយទឹកចិត្តអង់អាច។ ខ្ញុំប្ដេជ្ញាថា បម្រើជាតិ សាសនា និងមាតុប្រទេសដរាបដល់ជីវិតសូន្យបង់ បរទេសណាហ៊ានប្រមាថខ្មែរពិតជាសត្រូវធំបំផុតរបស់ខ្ញុំ ដែលមិនអាចទ្រាំអោបដៃនៅស្ងៀមបានឡើយ។
មាណពម្នាក់ក្ដាប់ដៃលើកឡើងលើ សឹងប្រកបដោយទឹកចិត្តអង់អាច។ ខ្ញុំប្ដេជ្ញាថា បម្រើជាតិ សាសនា និងមាតុប្រទេសដរាបដល់ជីវិតសូន្យបង់ បរទេសណាហ៊ានប្រមាថខ្មែរពិតជាសត្រូវធំបំផុតរបស់ខ្ញុំ ដែលមិនអាចទ្រាំអោបដៃនៅស្ងៀមបានឡើយ។
- លោកអាចារ្យ !(ជនមួយរូបឧទាន)
បេសកកម្មដ៏ថ្លៃថ្លារបស់លោក
ត្រូវកូនខ្មែរកត់ត្រាទុកក្នុងក្រអៅបេះដូង គ្មានភ្លេចមួយដង្ហើមទេ។
ស្លេះទុកអោយពោធិកំបោរ
និងប្រជារាស្រ្ដខ្មែរស្នេហាជាតិប្ដូរយោបល់គ្នាទៅវិញទៅមកចុះ
ព្រោះនៅម្ខាងព្រៃឆ្ងាយឯណោះមានការប្រជុំជាសំងាត់មួយ
តើគេជំនុំគ្នាពីរឿងអ្វី? ក្រមការម្នាក់
ហស់ជ្រុលបន្តិចហើយ
សក់ស្កូវព្រោងតែកំលាំងកំហែងដូចជាមាំមួនមិនចាញ់ក្មេងស្រករក្រោយប៉ុន្មានទេ។
គាត់ដឹកនាំកិច្ចប្រជុំនេះឡើង ដោយមានវាចាជាអាទិ៍ថា៖
- អស់លោក
និងបងប្អូនទាំងអស់គ្នាស្ដាប់ខ្ញុំអោយមែនទែន ពោធិកំបោរនេះ
ខ្ញុំធ្លាប់ស្គាល់ច្បាស់ណាស់ វាឈ្មោះពៅទេហើយមានកំណើតកើតជា
ក្នុងស្រុកកំពង់ស្វាយនេះតែម្ដង។
ពីដើមមិញវារកស៊ីធ្វើគ្រូហ្មមើលជម្ងឺនិងចេះអូមអាមល្បីថាពូកែដែរ។
ស្រាប់តែវាដើរចោលស្រុកសាត់អន្រ្ដាត់ សែងអន្រ្ដែង
បាត់ជាងមួយឆ្នាំជិតពីរឆ្នាំហើយ ដល់ឥឡូវនេះ
វាតាំងខ្លួនជាពោធិកំបោរបែបគ្រាន់បើសម្បើមណាស់។
បងប្អូនដឹងទេសព្វថ្ងៃវាកំពុងតែដើរបញ្ចុះបញ្ចូលកៀរកូរប្រមូលយកពួកពលអោយបានច្រើន
ដើម្បីវាយបារាំងសែស
ដែលគេចូលមកជួយទំនុកបំរុងនគរយើងតាមច្បាប់ត្រឹមត្រូវ
ពីព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង។
- បើដូច្នេះមិនបានសេចក្ដី
វាក្បត់នឹងព្រះវាជបល្ល័ង្កទេឬ? ។
បុគ្គល់ម្នាក់គំនិតខ្លីមុជមិនជ្រៅទៅមិនឆ្ងាយប្រញាប់លើកដៃប្រណម្យក្រមការចំពោះ
ចំណាស់នោះបន្តិច រួចតម្លើងសំលេងទាំងទទឹងទិស។
- ពិតដូចពាក្យលោកមានប្រសាសន៍មែន
ពោធិកំបោរចងរំលំព្រះរាជបល្ល័ង្កហើយ។
បើមិនអ៊ីចឹងទេវាចាំបាច់ទៅដេញបារាំងចេញពីស្រុកធ្វើអី
ដឹងហ្លួងសព្វព្រះទ័យហៅរកគេអោយមកជួយមើលការខុសត្រូវក្នុងនគរទេ។
នេះបានចំជាមនុស្សពាល ចិត្តចាងអាងកំលាំងបាយ ពុំគិតអ្វីវែងឆ្ងាយសោះ
ទាល់តែមានឈ្មោះជារាជសត្រូវដូច្នេះទើបសមមុខ។
អ្នកបាទម្នាក់ទៀតខាំមាត់បត់ដុំដៃ
ទ្រង់ខឹងសម្បារមិនតិចទេ គេបញ្ចេញខ្យល់ទោស តាមច្រមុះឮសូរ។
- ហ៊ឹះ
ពោធិកំបោរថ្លើមធំពាសមេឃដល់ម្លឹងផង យើងអត់ឱនអោយតទៅទៀតមិនបានទេ
វីវរផែនដីនេះនឹងក្រឡាប់ ដោយសារតែមនុស្សម្នាក់ហ្នឹងមិនខាន។
កាលបើឮអ្នកទាំងនោះនិយាយចូលធ្លុងមកជាមួយដូច្នេះ
ក្រមការឈររលាក់សំណើចក្អាកក្អាយ
- ហា៎! ហា៎
ពួកយើងសុទ្ធតែយល់ត្រូវទាំងអស់គ្មាន នរណាថាខុសទេ
ពោធិកំបោរក្បត់នឹងព្រះករុណាជាម្ចាស់ផែនដីមែន
ដូច្នេះយើងត្រូវតែរកល្បិចចាប់ខ្លួនវាយកទៅថ្វាយព្រះអង្គទ្រង់វិនិច្ឆ័យទោសតាមព្រះច្បាប់។
- ខ្ញុំមានយោបល់
ជនចំណាស់ម្នាក់ស្រែកឡើង
ព្រមទាំងលើកដៃភ្លែតហាក់ចង់និយាយណាស់។ ក្រមការចង្អុលអោយសញ្ញា
ជាមួយនឹងពាក្យថា
សូមអញ្ជើញតាមការគួរ
-ជាដំបូង យើងត្រូវប្រមូលគ្នាតាំងពីរាជការ
រហូតដល់រាស្រ្ដសាមញ្ញអោយបានច្រើន រួចធ្វើកលជាលើកទៅចំណុះចុះចូលនឹងពោធិកំបោរ
កាលបើជួបជុំ និងបានឱកាសល្អហុចអោយហើយ
យើងព័ទ្ធចាប់វាតែម្ដងទៅក៏ជាការស្រេច។
លុះបានឮកលោបាយដូច្នេះភ្លាម
មនុស្សម្នាក់មករួមប្រជុំក្នុងទីនេះទាំងអំបាលម៉ាន
ក៏នាំគ្នាទះដៃអបអរសាទរជាពន្លឹក
ខ្លះបញ្ចេញវាចាថាអ៊ីចេះអ៊ីចុះតាមតែចិត្តនឹកឃើញ។
- ឧបាយនេះប្រសើរណាស់
ខ្ញុំសូមគាំទ្រទុកជាបានការហើយ បន្តិចទៀត
នរណាក៏ទទួលស្គាល់ថ្វីដៃអ្នកស្រុកកំពង់ស្វាយដែរ។
មូលមាត់គ្នាដូច្នេះហើយ
ជនទាំងនោះដើរសំដៅទៅរកស្ដាប់មើលជើងការខាងពោធិកំបោរជាបន្តបន្ទាប់។
ឯមេបដិវត្តន៍ដែលដឹង
មិនដល់ពោះវៀនបត់ចន្ទាសរបស់គេក៏ខិតខំទទួលរាក់ទាន់ដោយស្មោះស្ម័គ្រ។
- អូ៎! សូមអញ្ជើញៗ បងប្អូន
ថ្ងៃនេះបងប្អូនបានមករួមប្រជុំច្រើនជាងសព្វដងឆ្ងាយណាស់
ខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះបងប្អូនដែលយល់ច្បាស់ពីបញ្ហាប្រទេសជាតិយើង។
រកតែពោធិកំបោរបញ្ចប់ប្រយោគ
អោយស្រួលបួលមិនទាន់ ក្រមការចំណាស់នោះនិយាយកាត់គួរអោយទុកចិត្តត្រឹមមាត់ក្រៅ។
- ពួកខ្ញុំទាំងអស់
ពិតជាចុះចូលនឹងលោកអាចារ្យគ្មានចិត្តងាករេទៅខាងណាទេ ដើម្បីជាតិ
សាសនានិងទឹកដីកេរ្ដិ៍ពីដូនតាយើង នៅគង់វង្សជាស្ថាពរតទៅ។
អ្នកស្រុកម្នាក់
ដែលមានគំនិតវៀចវេរដែរ តែខំបញ្ចេញសម្ដីចាក់បណ្ដោយតាមគ្នា។
- បើរួមរួមចងបាច់នឹងបងប្អូនទាំងអស់
ក្នុងស្រុកបានមុតមាំហើយ យើងច្បាស់ជាឈ្នះបច្ចាមិត្ត។
ម្នាក់ទៀតហាឡើងរបៀបវាយអែបស៊ីអុក
មិនសមទំនងតែម្ដង។
- ខ្ញុំសុខចិត្តស្លាប់រស់ជាមួយលោកអាចារ្យហើយ។
ពោធិកំបោរញញឹមញញែមទទួលសម្ដីអ្នកទាំងឡាយដោយពុំបាននឹកនាថា
ជាកលោបាយរបស់គេទេ។
- សូមអោយសេចក្ដីប្រាថ្នារបស់បងប្អូន
ចូរបានជាទីសំរេចគ្រប់ប្រការ។
ខណ:នោះ
ក្រមការចំណាស់មិនសូវរវល់អើពើ នឹងយកត្រចៀកស្ដាប់ប៉ុន្មានទេ
គាត់អាត់តែចោលភ្នែករកគ្នីគ្នា នឹងអាលចុះដៃសំរេចគម្រោងការសំងាត់។
ក្រឡេកមើលឆ្វេងស្ដាំ
ឃើញស្ម័គ្របក្សពួកច្រើនក្រាស់ក្រែលធួនល្មមនឹងដណ្ដើមយកជោគជ័យ តាមគំនិតខ្មៅកខ្វក់របស់ខ្លួនហើយ
ក្រមការនោះបានបញ្ចេញកាឡាសាភ្លាម។
- ហៃម្នាលពោធិកំបោរ!
យើងសុំប្រាប់ឯងអោយភ្លឺភ្នែកទៅ នៅក្នុងខេត្តខណ្ឌកំពង់ស្វាយនេះ
គ្មាននរណាចំណុះចុះចូលឯង ដែលជាមនុស្សក្បត់នឹងព្រះរាជបល្ល័ង្កនោះទេ។
បណ្ដាសេនាជំនិតរបស់ពោធិកំបោរទាំងបួននាក់
មានម្នាក់ឆ្លើយកាត់មួយរំពេច។
- យើះ!
អីក៏ខ្លាំងភ្លើងសម្បើមម្ល៉េះ
កញ្ចាស់ត្នោតឯងចង់បំបែកបំបាក់ក្រុមអ្នកស្នេហាជាតិ
អោយវិលទៅចូលដៃនឹងបារាំងឬ?។
នាយជំនិតម្នាក់ទៀតសង្កៀតធ្មេញលាន់ក្រឹកៗ
ដោយទឹកចិត្តក្ដៅក្រហាយឥតឧបមា។
- តាកញ្ចាស់ឯងសង្ឃឹមផ្កាយលើមេឃទៅ
មនុស្សយល់ត្រូវគ្មាននរណាសុខចិត្តធ្វើខ្ញុំកញ្ជះគេទេ។
ក្រមការសើចចំអកយ៉ាងខ្ទ័រខ្ទារ
ព្រមជាមួយនឹងសម្ដីចាក់ចុចគួរអោយឈឺចាប់។
- ពួកឯងនៅខំត្រដរខ្យល់យកលេសអីទៀត
បើគេដឹងស្នៀតថា ឯងក្បត់នឹងព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងទៅហើយ។
- ហ៊ឹះ!
ចុះត្រង់ហ្លួងបើកដៃអោយបារាំងចូលស្រុកខ្មែរនោះ
ម៉េចក៏កញ្ចាស់ឯងមិនលើកយកមកនិយាយផង?។
- ព្រះករុណាជាម្ចាស់ផែនដីនេះ
នរណាជំទាស់នឹងព្រះរាជតម្រិះរបស់ព្រះអង្គ មានឈ្មោះថាជាមនុស្សក្បត់ពេញទី។
- ស្អី
ស្ដេចពផែនដីម្នាក់ឯងរួចឬ ?
- ហា៎ ! ហា៎ !…ពួកឯងថ្លើមធំពាសមេឃអ៊ីចឹង អ្នកស្រុកកំពង់ស្វាយមិនអាចអោបដៃទល់ភ្នែកមើលបានទេ។
ពោធិកំបោរនៅស្ងៀមស្ងាត់មួយសន្ទុះមកហើយ
អត់ទ្រាំឈរចាំស្ដាប់តទៅទៀតមិនកើត គាត់ប្រញាប់លូកមាត់ចូលមកថា
- លោកបង!
ខ្ញុំសុំចិត្តកុំអោយនិយាយផ្ដេសផ្ដាសរបៀបហ្នឹង សូមលោកបងគិតគូរវែងឆ្ងាយបន្តិចមើល៍។
ឥតបង្អង់
ក្រមការនោះបន្លឺសំលេងបញ្ជាជ្រែកអាកាសហាក់មានអំណាចខ្លាំងដៃសម្បើមណាស់
- ចូរចាប់ពួកអាក្បត់អស់នេះភ្លាម!
និមិត្តតែឮសំរែកដូច្នេះ
សេនាជំនិតទាំងបួននាក់ដកអាវុធយកមកកាន់គ្រប់ដៃ
ដោយប្រុងប្រៀបចំខ្លួនវាយប្រហារតទប់វិញ។ អ្នកស្រុកមួយចំនួនធំស្ទុះស្រចូលទៅ
តែមានបានសំរេចដូចចិត្តឯណាមិត្តយើងរារាំងជាប់។ ក្បួនគុនដំបង ដាវ
លំពែង ប្រជែងគ្នាយកឈ្នះចាញ់តែរៀងខ្លួន
ចាប់ផ្ដើមឡើងចោលស្នូរគគ្រឹកគគ្រេង ជាភ្លេងលេងបទមរណ:
កន្រ្ដាក់ដួងព្រលឹងអោយញាប់ញ័ររាល់រូប។
ទំនងជាចង់ឈ្នះឆាប់ក្រមការចំណាស់ខំស្រែកបន្ថែមទៀត។
- ចោមចាប់ពួកអាក្បត់អោយមែនទែនប្រយ័ត្នវារត់រួចណា៎
!
ទន្ទឹមគ្នានឹងកន្ទុយប្រយោគនេះ
សេនាជំនិតម្នាក់ប្រដាប់ដោយកាំភ្លើងវែង
បានកេះកៃបាញ់ក្រមការមួយគ្រាប់តែខុសស្រឡះគួរអោយស្ដាយ។
ពីដំបូងទីពោធិកំបោរហាក់គ្មានចិត្តនឹងចូលប្រឡូកកាប់សំលាប់អ្នកស្រុក
ដែលតាំងខ្លួនជាគូប្រឆាំងនោះទេ
តែទ្រាំបណ្ដោយអោយអង្គរក្សទាំងបួននាក់ទទួលប្រយុទ្ធ
ដោយលំបាកភ្នែកដូច្នេះមិនកើត គាត់ហូតដាវខ្វាក
រ៉ាប់រងមុខអាវុធបច្ចាមិត្តមួយរំពេច។
ខ្មាំងម្នាក់មាឌធំដំបូងធាក់ដីបំផ្លោងអាត្មាហក់ចូលមកដោយស្រែកឡើង
- ពេលចនេះ
យើងលេងកំពោធិកំបោរឯងអោយដឹងដៃកំលោះកំពង់ស្វាយហើយ។
ពុំមែនស្រដីតែមាត់ទេ គេវាត់មួយដាវសំដៅក្បាលពោធិកំបោរយ៉ាងចាស់ដៃ មេបដិវត្តន៍ភ្នែកវៃ និងមានកាយវិការរហ័សដូចផ្លេកបន្ទោរ គាត់មុជផុតស្រឡះ រួចកាប់សងទៅវិញភ្លាម។ នៅក្នុងពេលដំណាលគ្នានោះ តើនរណានឹកស្មានដល់ថា មានមនុស្សម្នាក់ លបសឡេះអាចារ្យលាក់ពីក្រោយខ្នង ដោយប្រើស្នៀតដាវសាហាវវិស័យសន្ទុះព្យុះព្យោមាជ្រុច។ អ្ហា៎!.. ពោធិកំបោរ ចេះវិជ្ជាស្ដាប់សូរប្រាកដប្រជា គាត់ចាក់តាមប្រឡោះភ្លៀកទៅក្រោយ ត្រូវចំពោះទឹកអ្នកចូលចិត្តលេងល្បិចអាក្រក់ ខ្ពុរឈាមចេញ មកភលៗឡើងក្រហមច្រាលឆ្អៅ ជនពាលដួលប្រកាច់វក់វីទម្រាំតែដាច់ខ្យល់ស្លាប់រមូរនបនៅមួយកន្លែង។
ពុំមែនស្រដីតែមាត់ទេ គេវាត់មួយដាវសំដៅក្បាលពោធិកំបោរយ៉ាងចាស់ដៃ មេបដិវត្តន៍ភ្នែកវៃ និងមានកាយវិការរហ័សដូចផ្លេកបន្ទោរ គាត់មុជផុតស្រឡះ រួចកាប់សងទៅវិញភ្លាម។ នៅក្នុងពេលដំណាលគ្នានោះ តើនរណានឹកស្មានដល់ថា មានមនុស្សម្នាក់ លបសឡេះអាចារ្យលាក់ពីក្រោយខ្នង ដោយប្រើស្នៀតដាវសាហាវវិស័យសន្ទុះព្យុះព្យោមាជ្រុច។ អ្ហា៎!.. ពោធិកំបោរ ចេះវិជ្ជាស្ដាប់សូរប្រាកដប្រជា គាត់ចាក់តាមប្រឡោះភ្លៀកទៅក្រោយ ត្រូវចំពោះទឹកអ្នកចូលចិត្តលេងល្បិចអាក្រក់ ខ្ពុរឈាមចេញ មកភលៗឡើងក្រហមច្រាលឆ្អៅ ជនពាលដួលប្រកាច់វក់វីទម្រាំតែដាច់ខ្យល់ស្លាប់រមូរនបនៅមួយកន្លែង។
ឆាកប្រយុទ្ធចេះតែប្រព្រឹត្តទៅមុខជាដរាប
ដោយក្រមការនិងបណ្ដារាស្រ្ដនាំគ្នាទាំងហ្វូងៗ
មកបង្កើនកំលាំងតស៊ូថែមទៀត ពោលគឺបាត់បង់ជីវិតម្នាក់សឹងថា
កើតមកវិញដប់ម្កៃ ទីបំផុត គេព័ទ្ធចាប់បានពោធិកំបោរ
និងសេនាទាំងបួននាក់ រួចនាំយកទៅថ្វាយហ្លួង ទើបតែដល់ពាក់កណ្ដាលផ្លូវពោធិកំបោរឈឺចិត្តអត់អាហារ
អនិច្ចកម្មទៅប្រកបដោយវិរភាពឧត្តុង្គឧត្តម
គួរអោយស្ងើចសរសើរយ៉ាងក្រែលេង។ នៅក្នុងខែធ្នូ គ.ស. ១៨៦៧
គ្រូពៅហៅអាចារ្យលាក់ អ្នកសិល្ប៍ប្រតិស្ឋនាមថា ពោធិកំបោរបានចែកឋានទៅ
ក្រោមការស្រណោះស្រណោកសោកស្ដាយនៃស្ម័គ្របក្សពួកនិងប្រជារាស្រ្ដខ្មែរ
ដែលស្នេហាប្រទេសជាតិមាតុភូមិពិតប្រាកដ និងយល់ច្បាស់ពីពលិកម្ម
ដ៏ថ្លៃថ្លាបំផុតរបស់វិរបុរសរូបនេះ។
ផ្ទុយទៅវិញក្រមការនឹងបណ្ដារាស្រ្ដខ្លះ
ក្នុងខេត្តកំពង់ស្វាយបានសំរេចកាត់ក្បាលពោធិកំបោរនាំទៅថ្វាយព្រះករុណាឯក្រុងភ្នំពេញ
យកគាប់គួរ។ វាសនានៃសេនាទាំងបួននាក់
ត្រូវហ្លួងដាក់ទោសប្រហារជីវិតបង់។ រីឯក្បាលពោធិកំបោរវិញ ស្ដេចផែនដីត្រាស់បញ្ជាអោយសែងបណ្ដើរអាក្រោសតាមផ្លូវធ្លាផ្សារបីថ្ងៃ
ហើយយកទៅដោតចោលនៅជិតផ្លូវវាលបឹងតេជោ
ដើម្បីគម្រាមកំហែងស្មារតីអ្នកស្នេហាជាតិឯទៀតៗកុំអោយងើបឡើងរួច។
នយោបាយបារាំងបំបាត់ចោលវីរបុរសខ្មែរតាំងពី «អាចារ្យស្វា» រហូតដល់ «ពោធិកំបោរ» នេះទៀតក៏ស្ដេចនៅតែមាន ជំនឿនិងទុកចិត្តលើបរទេសដដែល។
ត្រាតែដល់បារាំងឡោមវាំង «ចតុម្មុខ» នៅថ្ងៃទី ១៧មិថុនា គ.ស ១៨៨៩
ទើបហ្លួងន:រាត្តមបានភ្លឺព្រះនេត្រខ្លះ
ព្រោះសន្ធឹសញ្ញាចុះថ្ងៃទី១៨មិថុនា ឆ្នាំ១៨៨៤ ស្ដេចបានឡាយព្រះហស្ដលេខា
ប្រគល់អំណាចចាត់ចែង កិច្ចការរដ្ឋទាំងខាងក្នុង
ក្រៅទៅអាណានិគមនិយមបារាំងសែសទាំងអស់។
តើប្រជារាស្រ្ដខ្មែរនាសម័យនោះត្រូវរងទុក្ខវេទនាខ្លោចផ្សា ដូចម្ដេចទៅ
បើឋិតនៅក្រោមនឹមដែករបស់បរទេសបែបនេះ? ខ្មែរមិនស្លាប់មួយក្រឡាទេ
ខេមរកុលបុត្រ
កុលធីតាខិតខំរើបំរះរហូតដល់ទទួលឯករាជ្យពេញបរិបូណ៌នៅថ្ងៃ៩វិច្ឆិកា
១៩៨៣។ ពិសេសជាងនេះទៅទៀតគំនិតបដិវត្តន៍របស់ «ពោធិកំបោរ» ពុំសាបសូន្យឡើយកូនខ្មែរជាញជ័យលើរបបរាជានិយមចាស់គម្រិល
ហើយយើងកំពុងតែរួបរួមគ្នាស្ថាបនាសាធារណរដ្ឋខ្មែរអោយរុងរោចន៍ចីរកាលតទៅ
។ សូមវិញ្ញាណក្ខន្ធ «ពោធិកំបោរ» បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
No comments:
Post a Comment