Pisey trip: អំពីការស្មុំកូន
សូមស្វាគមន៍!!! មកកាន់ ប្លក់ បេះដូងអ្នកសិក្សា ប្លក់នេះបង្កើតឡើងដើម្បីចែករំលែកនូវ ឯកសារ ប្រវត្តិសាស្រ្ដ​ មេរៀនស្រាវជ្រាវ ដើម្បីជាគន្លឹះសម្រាប់បងប្អូនប្រិយមិត្តអ្នកអាន ទទួលបាននូវចំណេះដឹង និងការបង្កើតឱ្យមានវប្បធម៌ចែករំលែក​ អ្នកចេះបង្រៀនអ្នកមិនសូវចេះ អ្នកមិនសូវចេះបង្រៀនអ្នកមិនចេះ ជាគន្លឹះសម្រាប់បងប្អុនដែលកំពុងតែសិក្សាដើម្បីពង្រីកចំណេះដឹងផងដែល សូមអរគុណ!!! សម្រាប់ការកាំទ្រ យើងខ្ញុំសូមសន្យាថានឹងស្វែងរកនូវអត្ថបទល្អចែកជូនបងប្អូនទស្សនាជាបន្ដទៀត.....

អំពីការស្មុំកូន




ការស្មុំកូន

សេចក្តីផ្តើម

ករណីកូនចិញ្ចឹម ឬកូនស្មុំក្នុងប្រទេសកម្ពុជា​ គឺជាវប្បធម៌មួយ ដែលគេផុតចេញតាំងពីយូរ លង់ណាស់មកហើយ​​​ វាគ្រាន់តែនីតិវិធីនៃការស្មុំនោះពុំត្រឹមត្រូវតាមលក្ខណៈច្បាប់ ហើយជនខ្លះ នោះក៏ត្រឹមត្រូវតាមច្បាប់ ។ បញ្ហានេះយើងត្រូវសង្កេតទៅមើលលើច្បាប់នីតិវិធីនៃការស្មុំកូន  ដែលពីមុនយើងមានច្បាប់ស្តីពីអាពាហ៍ពិពាហ៍ និងគ្រួសារ ក៏ប៉ុន្តែវាពុំទាន់គ្រប់ជ្រុងជ្រោយនៅឡើយទេពោលគឺ ​គោលការណ៍ស្មុំកូនអន្តរប្រទេសគ្មានចែងជាដើម ។ ប៉ុន្តែ​បើក្រលេកមើល បច្ចប្បន្នភាពដោយសារការយកចិត្តទុកដាក់ទៅលើកុមារ​​ ពីសំណាក់ប្រជាជនខ្មែរ ជាពិសេសគឺ រាជ​រដ្ឋា​​​​ភិបាលកម្ពុជា បានផ្តល់សច្ចាប័នកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ១៩៩២ ក្នុងអនុសញ្ញាស្តីពីសិទ្ធិកុមារ និងអនុសញ្ញា​​​​​​របស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិរបស់កុមារ  ជាមួយគ្នានេះដែរ ដោយយល់ឃើញ កុមារ គឺពិតជាមានសារៈសំខាន់ ជាទំពាំងស្នងឬស្សី ពាក់ព័ន្ធនឹងស្មុំកូននេះ រដ្ឋបានចងក្រងច្បាប់ស្តីពី ស្មុំកូនធម្មតា ស្មុំកូនពេញលេញ (ក្រមរដ្ឋប្បវេណីឆ្នាំ២០០៧និង ច្បាប់ស្តីពីស្មុំកូនអន្តរប្រទេស ដែលចែងពីសិទ្ធិរបស់កូនស្មុំ ពោលគឺបញ្ញត្តិអំពីលទ្ធភាពរបស់អ្នក សុំ ដើម្បីថែរក្សាកូនស្មុំនេះឱ្យបានត្រឹមត្រូវ ។នៅក្នុងកិច្ចស្រាវជ្រាវនេះ ក្រុមរបស់យើងខ្ញុំ និងលើកយក
 ជំពូក មកស្រាយដែល 
ជំពូក១៖ ស្មុំកូនធម្មតា
ជំពូក២៖ ស្មុំកូនពេញលេញ
ជំពូក៣៖ ស្មុំកូនអន្តរប្រទេស
ជំពូក៤៖ គុណប្រយោជន៍នៃការស្មុំកូន 

ជំពូកទី១  ស្មុំកូនពេញលេញ
និយមន័យ
ស្មុំកូនពេញលេញគឺជាការសុំអនីតិជន ដែលមានអាយុក្រោម៨ឆ្នាំយកធ្វើជាកូនសុំដោយ​​​បញ្ជប់ញាតិភាពមួយនឹង ញាតិលោហិតនៃឪពុកម្ដាយបង្កើតហើយការសុំនេះត្រូវសម្រេចដោយ​​​តុលាការ។
របបស្មុំកូនពេញលេញកូនសុំនឹង ត្រូវកាត់ផ្ដាច់នូវរាល់ទំនាក់ទំនងគតិយុត្តិទាំងអស់ជាមួយនឹងឪពុកម្ដាយបង្កើត​​​របស់ខ្លួន និងផ្សារផ្ជាប់ទំនាក់ទំនងយ៉ាងពេញលេញជាមួយនឹងឪពុកម្ដាយចញ្ជឹមដូចគ្នានឹងកូបង្កើតរបស់ឪពុកម្ដាយចិញ្ជឹម។ ម៉្យាងវិញទៀតចំពោះរបបស្មុំកូនពេញលេញបុគ្គលដែលនឹងក្លាយជាឪពុកចិញ្ជឹម ឬម្ដាយចិញ្ជឹមបានឡើយប្រសិនបើសហព័ទ្ធម្ខាងទៀត មិនក្លាយជាឪពុកឬក៏ម្ដាយចិញ្ជឹម។ មិនតែប៉ុនណ្ណោះការបង្កើតស្មុំកូនពេញលេញអាចធ្វើឡើង ដោយបញ្ជប់ញាតិភាពជាមួយនឹងញាតិលោ ហិតរបស់ឪពុកម្ដាយបង្កើត តាមពាក្យសុំរបស់បុគ្គលដែលនឹងក្លាយជាឪពុកម្ដាយចិញ្ជឹមបាន។ចំពោះស្មុំកូននេះបង្កើតអានុភាពឲ្យមានចំណងញាតិលោហិត និងសិទ្ធិកាតព្វកិច្ចក្នុងទំនាក់ទំនងញាតិហើយស្មុំកូននេះក៏ប្រឈមមុខនឹងការកាត់កាលដោយមានមូលហេតុផ្សេងៗផងដែរ។

ផ្នែកទី១ លក្ខខណ្ឌនៃការបង្កើតស្មុំកូនពេញលេញ
ស្មុំកូនពេញលេញ  សំដៅដល់ស្មុំកូនដែលមានអានុភាពបង្កើតនូវទំនាក់ទំនងអចិន្រ្តៃយ៍ ជាឪពុកម្ដាយនិងកូនរវាងឪពុកម្ដាយចិញ្ជឹមឫឪពុកចិញ្ជឹមឬម្ដាយចិញ្ជឹមនឹងកូនសុំហើយបញ្ជប់សិទ្ធិនិងកាតព្វកិច្ចរវាងកូនសុំនិងឪពុកម្ដាយបង្កើត ឬអាណាព្យាបាលសម្រាប់អនីតិជនរបស់ខ្លួន។ ឲ្យអាចនិយាយបានម្យ៉ាងថាដោយបង្កើតស្មុំកូនពេញលេញ កូនសុំត្រូវទទួលបានឋានៈដូចគ្នានឹងកូនបង្កើតរបស់ឪពុកម្ដាយចិញ្ជឹមនិងត្រូវទទួលសិទ្ធិនិងករណីកិច្ចដូចគ្នានឹងកូនង្កើតនៅក្នុងទំនាក់ទំនងជាមួយឪពុកម្ដាយចិញ្ជឹមbន្ថែមលើស ពីនេះញាតិភាពរវាងកូនសុំ និងឪពុកម្ដាយបង្កើតត្រូវបញ្ជប់ដោយកូនសុំពេញលេញលើកលែញចំពោះសហព័ទ្ធម្ខាងក្លាយជាឪពុកឬម្ដាយចិញ្ជឹមនៃកូនបង្កើតរបស់សហព័ទ្ឌម្ខាងទៀត។
យោងតាមការបកស្រាយខាងលើ យើងអាចនិយាយជារួមបានថាកាលណាបង្កើតស្មុំកូនពេញលេញនាំឲ្យមានស្ថានភាពពីរកើតឡើង  ទី១  គឺបង្កើតនូវទំនាក់ទំនង  ឫញាតិភាពរវាងកូនសុំជាមួយឪពុកម្ដាយចិញ្ជឹមដូចជាកូនបង្កើត ពោលគឺបង្កើតសិទ្ធិ និងកាតព្វកិច្ចដូចកូននឹងឪពុកម្ដាយបង្កើត។ ទី២ គឺបញ្ជប់ញាតិភាព ឬទំនាក់ទំនងជាមួយឪពុកម្ដាយបង្កើតក៏ដូចជាញាតិលោហិតរបស់ឪពុកម្ដាយបង្កើត។
លក្ខណៈនេះមិនមែនមានតែចំពោះភាគីម្ខាងៗនោះទេ គឺមានទាំងចំពោះឪពុកម្ដាយចិញ្ជឹម​​​​​ ឬឪពុកចិញ្ជឹម ឬម្ដាយចិញ្ជឹម ក៏ដូចជាចំពោះកូនចិញ្ជឹមដែរហេតុនេះលក្ខណៈនេះ  នឹងលំអិតចំពោះ​​ភាគឺទាំង​​សងខាង។

កថាខ័ណ្ឌទី១ លក្ខខណ្ឌចំពោះឪពុកម្ដាយចិញ្ជឹម
បើយោងតាមក្របខ័ណ្ឌរដ្ឋប្បវេណីឆ្នាំ២០០៧ ការស្មុំកូនពេញលេញអាចប្រព្រឹត្តទៅបានលុះត្រាតែឪពុកម្ដាយចិញ្ជឹមទាំងពីរ ព្រមទាំងកុនចិញ្ជឹមមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទៅតាមលក្ខខណ្ឌដែលច្បាប់បានកំណត់ ហើយត្រូវបានតុលាការប្រកាសអនុញ្ញាតឲ្យមានការស្មុំកូនពេញលេញ។ ការសម្រេចរបស់តុលាការទៅតាមពាក្យសុំនឹងបញ្ជប់នូវរាល់ទំនាក់ទំនងញាតិភាពរវាង ឪពុកម្ដាយជាមួយនឹងបុគ្គលដែលនឹងក្លាយជាឪពុកម្ដាយចិញ្ជឹម។

ក.អាយុ

ឪពុកម្ដាយចិញ្ជឹម ឬឪពុកចិញ្ជឹម ឬម្ដាយចិញ្ចឹម ត្រូវមានអាយុចាប់ពី ២៥ (ម្ភៃប្រាំ)ឆ្នាំឡើងទៅហើយមានអាយុច្រើនជាងកូនចិញ្ជឹមយ៉ាងតិច ២០(ម្ភៃ)ឆ្នាំ។ លក្ខខណ្ឌមួយនេះតម្រូវឲ្យមានភាពសមស្របរវាងលក្ខខណ្ឌនៃអ្នកដែលនឹងក្លាយជាឪពុកម្ដាយនិងកូនសុំ  ដែលអាចឲ្យពួកគេមានគម្លាតអាយុដ៏សមស្របដូចជាឪពុកម្ដាយ និងកូនបង្កើតដែរ។ ហេតុនេះចំពោះឪពុកម្ដាយចិញ្ជឹម ឬឪពុកចិញ្ជឹម ឬម្ដាយចិញ្ជឹមដែរមានអាយុ ២៥(ម្ភៃប្រាំ)ឆ្នាំអាចសុំកូនដែលមានអាយុតិចជាង ៥(ប្រាំ)ឆ្នាំ។ មានអាយុតិចជាងឪពុកម្ដាយចិញ្ជឹម ឬឪពុកចិញ្ជឹម ឫម្ដាយចិញ្ជឹមយ៉ាងតិចណាស់ ២០(ម្ភៃ)ឆ្នាំ។

ខ.ស្ថានភាពគ្រួសារ
បុគ្គលដែលក្លាយជាឪពុកចិញ្ជឹម ឬម្ដាយចិញ្ជឹមត្រូវតែជាបុគ្គលដែលមានសហព័ទ្ធ។ ត្រូវមានការសហការ និងឯកភាពរវាងប្ដីព្រន្ធ បើមិនដូច្នេះទេប្ដី ឫប្រពន្ធតែម្ខាងមិនអាចក្លាយជាឪពុក ឬម្ដាយចិញ្ជឹមបានឡើយ បើសហព័ទ្ធម្ចាងទៀតមិនមែនជាឪពុក ឫម្ដាយចិញ្ជឹមនៃកូននោះតែលើកលែងចំពោះ សហព័ទ្ធក្លាយជាឪពុកឬម្ដាយចិញ្ជឹមនៃកូនបង្កើតរបស់សហព័ទ្ធម្ខាងទៀត។

គ.ជីវភាព
តុលាការត្រូវពិចារណាលើស្ថានភាព ចំពោះបុគ្គលដែលនឹងក្លាយជាឪពុកម្ដាយចិញ្ជឹមបានធ្វើក្នុងការគ្រប់គ្រងថែរក្សារកុមារដែលនឹងក្លាយជាកូនសុំជាគោលការយ៉ាងតិច ៦ (ប្រាំមួយ)ខែ។ មានន័យថាក្នុងករណីចាំបាច់ មុននឹងធ្វើសេចក្ដីសម្រេចសេចក្ដីថាអនុញ្ញាតឲ្យមានការបង្កើតស្មុំកូនពេញលេញតុលាការត្រូតែកំណត់ឲ្យឪពុកម្ដាយចិញ្ជឹមធ្វើការចិញ្ជឹមកូននោះក្នុងរយៈពេល ៦​ (ប្រាំមួយ)ខែ ដើម្បីត្រួតពិនិត្យ និង ពិចារណាថាឪពុកម្ដាយពិតជាមានលក្ខណៈសម្បត្តិ លទ្ធភាព និងមានសមត្ថភាព គ្រប់គ្រាន់ក្នុងការចិញ្ជឹមបិបាច់ថែរក្សាកុមារឫទេ?

កថាខ័ណ្ឌទី២:លក្ខខណ្ឌចំពោះកូនសុំពេញលេញ
ចំនួនកូនសុំក្នុង មាត្រា១១១ នៃច្បាប់ស្ដីពីអាពាហ៍ពិពាហ៍និងគ្រួសារ  បានកំណត់ថាគេ អាចសុំកូនបានតែពីរនាក់ប៉ុណ្ណោះ។បើកូនសុំនោះមានមួយណាស្លាប់គេអាចសុំកូនមួយនាក់ ទៀត។ប៉ុន្តែក្នុងក្រមរដ្ឋប្បវេណីមិនមានមាត្រាណាមួយកំណត់ពីចំនួននៃកូនសុំឡើយ ហេតុនេះនៅពេលនេះក្រមរដ្ឋប្បវេណីឆ្នាំ២០០៧បានចូលជាធរមានតើចំនួនកូនសុំកំណត់យ៉ាងណា?

ក.អាយុ
ជាគោលការណ៍កូនសុំត្រូវមានអាយុយ៉ាងច្រើន ៨(ប្រាំបី)ឆ្នាំ ហើយស្មុំកូនពេញលេញ បង្កើតឡើងដើម្បីកសាងទំនាក់ទំនងដោយយកឪពុកម្ដាយចិញ្ជឹមមកធ្វើជាមេបាតែមួយគូដូចគ្នាជាមួយនឹងទំនាក់ទំនង ជាមួយកូនបង្កើតនោះ កូនសុំគួរតែមានអាយុក្រោមអាយុចូររៀន ផ្ទុយមកវិញបើកូនសុំជាអនីតិជនដែលមានអាយុច្រើនជាងនេះរបបស្មុំកូនពេញលេញពុំអាចធ្វើទៅបានឡើយ។

ខ.ស្ថានភាពរបស់កូន
ស្មុំកូនពេញលេញត្រូវបានបង្កើតឡើងនៅក្នុងករណីដែលមានការពិបាកខ្លាំង ឬមិន សមរម្យក្នុងការគ្រប់គ្រងកុមារដែលនឹងក្លាយជាកូនសុំដោយឪពុកម្ដាយបង្កើត ឬស្ថាន ភាពពិសេសផ្សេងៗទៀតដែលមានភាពចាំបាច់ពិសេសដើម្បីផលប្រយោជន៍របស់កូននោះ និងស្ថានភាពដែលនឹងក្លាយជាឪពុកចិញ្ជឹមបានធ្វើក្នុងការគ្រប់អាយុយ៉ាងតិច ៦ខែ។

កថាខ័ណ្ឌទី៣:លក្ខខណ្ឌផ្សេងៗទៀត

ក.ការយល់ព្រមពីឪពុកម្ដាយបង្កើត
ការយល់ព្រមពីឪពុកម្ដាយបង្កើតដើម្បីបង្កើតស្មុំកូនពេញលេញត្រូវមានការព្រមពីឪពុកម្ដាយបង្កើត ឬអាណាព្យាបាលចំពោះនីតិជនរបស់កុមារដែលក្លាយជាកូនសុំនោះ។   ប្រសិនបើឪពុកម្ដាយបង្កើតឬអាណាព្យាបាលស្របច្បាប់មិនអាចបង្ហាញឆន្ទះឫក៏មានការធ្វើបាបពីឪពុកម្ដាយធ្ងន់ធ្ងរ ការបោះបង់កូនដោយទុច្ចរិត ឬហេតុផលផ្សេងៗដែលបំពានផលប្រយោជន៍នៃកូនសុំនោះយ៉ាងធ្ងន់ធ្ងរ បញ្ញាត្តិខាងលើមិនអាចអនុវត្តនបានឡើយ។
ក្នុងករណីដែលមានស្ថានភាពពិបាកទទួលយល់ព្រមពីឪពុកម្ដាយបង្កើត ឬក្នុងករណីមានការជំទាស់ពីឪពុកម្ដាយបង្កើតបំពានយ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍កុមារ ដែលនឹងក្លាយជាកូនសុំនោះការយល់ព្រមពីឪពុកម្ដាយបង្កើតមិនចាំបាច់ឡើយ។ សំណួរសួរថាតើអ្នកណាជាអ្នកសម្រេចក្នុងករណីនេះ?

ខ.លទ្ធភាពរបស់ឪពុកម្ដាយបង្កើត
ស្មុំកូនពេញលេញត្រូវបានបង្កើតឡើង នៅក្នុងករណីពិបាកយ៉ាងខ្លាំង ឫមិនសមរម្យក្នុងការគ្រប់គ្រងថែរក្សាកុមារដែល នឹងក្លាយជជាកូនសុំដោយឪពុកម្ដាយបង្កើតឬស្ថានភាពពិសេសផ្សេងៗទៀតបើយល់ឃើញមានភាពចាំ​បាច់ពិសេសដើម្បី បំរើផលប្រយោជន៍កូននោះ។

គ.ផលប្រយោជន៍របស់កូន
កត្តាដែលបង្កើតឲ្យមានអានុភាពរវាងកូនសុំ និងឪពុកម្ដាយចិញ្ជឹមគឺកូនស្មុំត្រូការតែកាត់ផ្ដាច់ញាតិភាពជាមួយឪពុកម្ដាយបង្កើតហើយកូនស្មុំត្រូវតែទទួលបានសិទ្ធិនិងករណីកិច្ចដូចកូនបង្កើតរបស់ឪពុកម្ដាយចិញ្ជឹមដែរ រឺឯអំណាចមេបាត្រូប្រគល់ទៅឲ្យឪពុកម្ដាយចិញ្ជឹម។

ឃ.លក្ខខណ្ឌផ្សេងៗមួយចំនួនទៀត
ក្នុងមាត្រា​ ១១២នៃច្បាប់ស្ដីពីអាពាហ៍ពិពាហ៍ និងគ្រួសារបានកំណត់ថា ដើម្បីឲ្យការសុំកូនសម្រេចទៅបានត្រូវមានការព្រមព្រៀងពីឪពុកម្ដាយឬអ្នកអាណាព្យាបាលនៃកូនសុំនោះបើជាទារកឬ កុមារដែលគេបោះបង់ត្រូវមានការយល់ព្រមពីរដ្ឋអំណាចឃុំឬសង្កាត់នៅពេលដែលមានជនណាម្នាក់ រើសបានទារកត្រូវយកទៅប្រគល់ឲ្យមន្រ្តីអត្រា​នុកូលដ្ឋានក្នុងឃុំសង្កាត់នៅទីកន្លែងដែលរើសបានទារកនោះ។ ក្នុងអំឡុងពេលដែលទារកឬកុមារដែលគេបោះបង់ចោល ស្ថិតក្នុងការថែរក្សារបស់មន្រ្តីអត្រានុកូលដ្ឋានបើមាន​ជនណាសុំទារកដែលត្រូវបានរើសបាននោះជាកូនចិញ្ជឹម ត្រូវយកនាមត្រកូលអ្នក​សុំ។​ ប៉ុន្តែបើពុំមានជនណាម្នាក់សុំទារកដែលរើសបានធ្វើជាកូនចិញ្ជឹមទេនោះមន្រ្តីអត្រានុកូលដ្ឋានត្រូវបញ្ជូនទារកនោះដោយភ្ចាប់ជាមួយនូវ សំបុត្រកំណើតររបស់ទារក និង​​​កំណត់ហេតុស្ដិពីការប្រគល់ទារកទៅមជ្ឈ​មណ្ឌល​សង្រ្គោះទារក ឬកុមារ។ ការសុំកូន​ឬទារកពីឪពុម្ដាយជាកូនចិញ្ជឹមត្រូវអនុវត្តទៅតាមនីតិវិធី ដូចមានចែងក្នុងច្បាប់និងលិខិបទ​ដ្ឋានជាធរមាន។កំឡុងពេលនៃការចិញ្ជឹមសាកល្បង ដើម្បីបង្កើតស្មុំកូនពេញ​លេញ​​តុលាការត្រូវពិចារណាទៅលើស្ថានភាពបុគ្គលដែលក្លាយទៅជាឪពុលចិញ្ជឹមឫម្ដាយ​ចិញ្ជឹមឫឪពុកម្ដាយចិញ្ជឹមក្នុងការថែរក្សាកុមារដែលនឹងក្លាយជាកូនស្មុំយ៉ាងតិច ៦ខែ។
ផ្នែកទី២ អានុភាពនៃស្មុំកូនពេញលេញ
រាល់កិច្ចសន្យាតែងតែបង្កើនូវសិទ្ធិកាតព្វកិច្ចនិងអានុភាព។មិនខុសគ្នានោះទេកិច្ចសន្យាស្មុំកូនបានភ្ជាប់ភាគីទាំងសងខាងគឺ ឪពុកម្ដាយចិញ្ជឹម និង កូនសុំនូវអានុភាពមួយចំនួន។

ក.ត្រកូលរបស់កូនសុំ
ត្រកូលរបស់កូនសុំត្រូវយកតាមនាមត្រកូលរបស់អ្នកសុំ។

ខ.ញាតិភាព
កូនស្មុំត្រូវចាត់ទុកដូចកូនបង្កើត។

គ.សិទ្ឋិនិងកាត្វកិច្ចរបស់អ្នកសុំ
មើលថែរក្សា និងផ្តល់សិទ្ឋិដូចកូនបង្កើត។

ផ្នែកទី៣  ក្រោយបញ្ចប់នីតិវិធីស្មុំកូនពេញលេញ
កថាខ័ណ្ឌទី១ អំឡុងពេលសាកល្បងចិញ្ចឹម    ដើម្បីបង្កើតស្មុំកូនពេញលេញ
តុលាការត្រូវពិចារណាលើស្ថានភាពដែលបគ្គុលដែលនិងត្រូវកា្លយជាឪពុកម្តាយចិញ្ចឹម បានធ្វើក្នុងការគ្រប់គ្រងថែរក្សាកុមារដែលនិងកា្លយ ជាកូនសុំជាគោលការណ៍យ៉ាងតិច ៦​ ខែ ។

កថាខ័ណ្ឌទី២ ការចុះបញ្ចីនិងការថែរក្សាការសម្ងាត់នៃស្មុំកូនពេញលេញ
ប្រសិនបើបានបង្កើតស្មុំកូនពេញលេញបញ្ជីកំណើតរបស់កូនសុំត្រូវធ្វើជាថ្មី។ប៉ុន្តែនៅក្នុងសំបុត្រកំណើតឬសេចក្តីចម្លងសំបុត្រកំណើតឬឯកសារដកស្រង់នៃបញ្ជីកំណើតមិនត្រូវសរសេរចំណុចស្តីពីស្មុំកូនឡើយ។

កថាខ័ណ្ឌទី៣ សិទ្ធដឹងពីកំណើតរបស់កូនសុំពេញលេញ
កូនសុំពេញលេញដែលបានក្លាយជា នីតិជនអាចទាមទារបង្ហាញនូវព័ត៌មានទំហំដែលជាចាំបាច់ចំពោះ
តុលាការដែលរក្សាទុកនូវសុំនុំរឿងស្តីពីកូនស្មុំកូនបាន។នៅពេលសុំទាមទារនូវការការបង្ហាញព័ត៏មានចាំបាច់នេះត្រូវគោរពតាមនីតិវិធីនៃតុលាការ។

ផ្នែកទី៤​​ ៖ ការកាត់កាលកូនស្មុំកូនពេញលេញ
ក្នុងក្រមរដ្ឋប្បវេណីមិនបានអោយនិយមន័យ នៃការកាត់កាលនោះទេតែបើក្រលេកមើលវចនានុក្រមរបស់សម្តេចព្រះសង្ឃរាជជួនណាត បានកំណត់ថាកាត់កាល (កិ.) បោះបង់លែងរាប់អានតទៅ។ដូចនេះការកាត់កាលស្មុំកូនពេញលេញជាស្ថានភាពមួយដែលបញ្ចប់ញាតិភាពរវាងកូនសុំ​ និងឪពុកម្តាយចញ្ចឹម។

កថាខ័ណ្ឌទី១  មូលហេតុនៃការកាត់កាលកូនស្មុំពេញលេញ
.ការបំពានផលប្រយោជន៍កូនស្មុំ
នៅក្នុងករណីដែលការបន្ថយទំនាក់ទំនងស្មុំកូន បានធ្វើអោយមានការប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍កុមារឬក៏ក្នុងករណីដែលអាចរំពឹងបាននូវការគ្រប់គ្រងថែរក្សាដោយគ្រប់ គ្រាន់ដោយឪពុកម្តាយបង្កើតឬកុមារមានការរងគ្រោះដោយសារអំពើផ្សេងទៀតកូនសុំអាចធ្វើបណ្តឹងទាមទារ នៃការកាត់កាលបាន។ មិនចំពោះតែក្នុងករណីនេះប៉ុណ្ណោះទេដែលអាចជាមូលហេតុនៃបណ្តឹងទាមទារនៃការកាត់កាលមូលហេតុដ៍ទៃទៀតក៏អាចបណ្តឹងទាមទារបានដែលអាស្រ័យលើឆន្ទានុសិទិ្ធរបស់តុលាការ។

.លទ្ធភាពនៃឪពុកម្តាយបង្កើត
បើឪពុកម្តាយបង្កើតមានលទ្ធភាពគ្រប់គ្រាន់ ថែរក្សាកូនបានឪពុកម្តាយបង្កើតអាចសុំកាត់កាលកូនសុំពីឪពុកម្តាយចិញ្ចឹមដោយ សំអាងលើលទ្ធភាពរបស់ខ្លួនហើយញាតិរវាងកូននិងឪពុកម្តាយបង្កើតនិងបង្កើតឡើងវិញចាប់ពីថ្ងៃកាត់កាលនោះ។

កថាខ័ណ្ឌទី២ អ្នកមានសិទ្ធប្តឹងការកាត់កាលស្មុំកូនពេញលេញ
ហើយការកាត់កាលនេះអាចធ្វើបានលុះត្រាតែក្នុងករណីដែលត្រូវនឹងចំណុចទាំងអស់ដែលបានកំណត់ក្នុងចំណុចនីមួយៗខាងក្រោម៖

.តំណាងអយ្យការ
តុលាការជាអ្នកមានអំណាចសម្រេចលើការកាត់កាលភាគីនៃកូនសុំបានបើយល់ឃើញថាការកាត់កាលមានភាពចាំបាច់ពិសេសដើម្បីផលប្រយោជន៍របស់កូនសុំតាមពាក្យរបស់កូនសុំឪពុកម្តាយបង្កើត ឬតំណាងអយ្យការ។

.ឪពុកម្តាយបង្កើត
បើមាការធ្វើបាបដោយឪពុកម្តាយចញ្ចឹម បោះបង់កូនចោលដោយគំនិតទុច្ចរិតឬហេតុផលផ្សេងៗ ដែលបំពានផលប្រយោជន៍របស់កូនសុំយ៉ាងធ្ងន់ធ្ងរហើយឪពុកម្តាយបង្កើតអាចគ្រប់គ្រងថែរក្សាដោយសមរម្យ។

.កូនសុំ
នៅក្នុងច្បាប់អាពាហ៍ពិពាហនិងគ្រួសារក៏បានកំណត់ថាតុលាការប្រជាជនអាច បដិសេធកិច្ចសន្យាស្មុំកូនបានតាមពាក្យបណ្តឹងរបស់កូនចញ្ចឹមរបស់ជនទាំងឡាយឬអង្គការផ្សេងៗទៀតដែលធ្វើឡើងដើម្បីផលប្រយោជន៍របស់កូនចិញ្ចឹម។
បញ្ញាតិដែលបានចែងនៅក្នុងច្បាប់អាពាហ៍ពិពាហ៍និងគ្រួសារឃើញថាមានភាពទូលំទូលាយជាងដែលបើកទូលាយចំពោះអោយជនទាំងឡាយនិងអង្គការផ្សេងៗដាក់ពាក្យបណ្តឹងដើម្បីបដិសេធស្មុំកូននេះដែលអាចបន្ថែមការការពារដល់ប្រយោជន៍របស់កូនសុំមួយកំរិតថែមទៀត។

កថាខ័ណ្ឌទី៣  អានុភាពនៃការកាត់កាលស្មុំកូនពេញលេញ
នៅពេលកិច្ចសន្យាស្មុំកូន ត្រូវបានផុតរលត់ដោយកាត់កាល់នេះវាបណ្តាលអោយមាន អានុភាពផ្សេងៗចំពោះភាគីទាំងសងខាងនៃកិច្ចសន្យានេះពោលគឺឪពុកម្តាយចញ្ចឹមនិងកូនស្មុំ ។ ញាតិភាពរវាងកូនចញ្ចឹមសហព័ទ្ធរបស់ជននោះ បច្ឆាញាតិផ្ទាល់នោះជាមួយឪពុកម្តាយចិញ្ចឹម និងញាតិលោហិតរបស់ឪពុកម្តាយចិញ្ចឹមនោះត្រូវបានបញ្ចប់ដោយការកាត់កាល់ឬលែងទទួលស្គាល់។ អានុភាពមួយផ្សេងទៀតគឺញាតិភាពរវាងកូនស្មុំនិងឪពុកម្តាយបង្កើត ព្រមទាំងញាតិលោហិតរបស់ឪពុកម្តាយបង្កើតនោះដែលបានបញ្ចប់ដោយស្មុំកូនពេញលេញត្រូវបានកើតឡើងវិញចាប់ពីថ្ងៃកាត់កាល។ជារួមមកនៅពេលកាត់កាល់ ស្មុំកូនពេញលេញបណ្តាលអោយមានអានុភាពពីរយ៉ាងគឺទីមួយវាបណ្តាលអោយញាតិភាពរវាងកូនសុំនិងឪពុកម្តាយចញ្ចឹមក៏ដូចជាញាតិលោហិតរបស់ឪពុកម្តាយនោះត្រូវបានបញ្ចប់។ទីពីរញាតិភាពរវាងកូននិងឪពុកម្តាយបង្កើតដូចជាញាតិលោហិតនៃឪពុកម្តាយដែលពីមុនបានបញ្ចប់ ដោយស្មុំកូនពេញលេញត្រូវបានបង្កើតឡើងដោយការកាត់កាលនោះ។

ជំពូកទី​ ២ ស្មុំកូនធម្មតា

ផ្នែកទី១ : លក្ខខណ្ឌបង្កើតស្មុំកូនធម្មតា

កថាខ័ណ្ឌ១​​ : ចំពោះអ្នកសុំ
ក. អាយុ
ត្រូវមានអាយុចាប់ពី ២៥ ឡើងទៅ។

ខ. ស្ថានភាព
អាចជាបុគ្គលនៅលីវ ឬមានសហពទ្ឋ័ហើយមានការយល់ព្រមពីភាគីទាំងសង ខាង។
កថាខ័ណ្ឌ២: ចំពោះភាគីកូនសុំ

ក. អាយុ
បុគ្គលដែលនឹងក្លាយជាកូនសុំ មិនត្រូវជាបុព្វញាតិរបស់បុគ្គលដែលនឹងត្រូវក្លាយជាឪពុក ម្តាយចិញ្ចឹមហើយក៏មិនត្រូវជាបុគ្គលដែលមានអាយុច្រើនជាបុគ្គលឪពុកម្តាយចិញ្ចឹមដែរ ។

ខ. ស្ថានភាព
តុលាការអាចបង្កើតស្មុំកូនធម្មតាបានលុះត្រាករណី ដែលអាចបង្ហាញពីឆន្ទៈពិតប្រាកដរបស់ភាគីក្នុងការបង្កើតទំនាក់ទំនងរវាង ឪពុកម្តាយនឹងកូន។ តុលាការមិនត្រូវឱ្យបង្កើតស្មុំកូនឡើយបើយល់ឃើញថាស្មុំកូន ត្រូវបានបំពានក្នុងគោលបំណងរៀបអាពាហ៍ពិពាហ៍រវាងភេទផ្សេងគ្នាឬភេទដូចគ្នា ឬគោលបំណងមិនត្រឹមត្រូវផ្សេងទៀត

ផ្នែកទី២​ : អានុភាពស្មុំកូនធម្មតា

កថាខ័ណ្ឌ១ : ចំពោះភាគីកូនសុំ

ក. នាមត្រកូល
យោងតាមក្រមរដ្ឋប្បវេណីមាត្រា១០២៧ បញ្ញត្តិថា កូនសុំអាចប្រើប្រាស់នាមត្រកូលរបស់ ឪពុកម្តាយចិញ្ចឹម ឬនាមត្រកូលមុនស្មុំកូនបាន ។

ខ.ញាតិភាព
ទោះបីមានការបង្កើតស្មុំកូនធម្មតាក៏ដោយ ញាតិភាពរវាងកូនស្មុំ និងឪពុកម្តាយបង្កើតត្រូវ បន្តអត្ថិភាពហើយកូនសុំ និងឪពុកម្តាយបង្កើតមានសិទ្ធិធ្វើសន្តតិកម្មគ្នាទៅវិញទៅមក ។

គ.សិទ្ឋិនិងករណីកិច្ច
កូនសុំជាអនីតិជន កូនសុំត្រូវស្ថិតនៅក្រោមអំណាចមេបារួមរបស់ឪពុកម្តាយចិញ្ចឹម ។ ប៉ុន្តែក្នុងករណីដែលយកកូនបង្កើតរបស់សហព័ទ្ធមកធ្វើជាកូនសុំ កូនសុំនោះត្រូវស្ថិតនៅក្រោម អំណាចអាណាព្យាបាលរួមរបស់ឪពុក ឬម្តាយចិញ្ចឹម និងសហព័ទ្ធ មួយវិញទៀតនោះកូនសុំនិង ឪពុកម្តាយបង្កើតមានសិទ្ធិទាមទារ និងករណីកិច្ចផ្គត់ផ្គង់អាហារកិច្ចកាតព្វកិច្ច ។
កថាខ័ណ្ឌ២: ចំពោះអ្នកសុំ
ក. សិទ្ធិ
កូនសុំត្រូវស្ថិតនៅក្រោមអំណាចមេបារបស់ឪពុកម្តាយចិញ្ចឹម ។ ការសុំកូមធម្មតាទំនាក់ ទំនងឪពុកម្តាយបង្កើត និងកូននឹងទំនាក់ទំនងឪពុកម្តាយចិញ្ចឹមនិងកូនមានអត្ថិភាពព្រមគ្នា ។

ខ. កាតព្វកិច្ច
កូនសុំនិងឪពុកម្តាយបង្កើតមានសិទ្ធិទាមទារ និងករណីកិច្ចផ្គត់ផ្គង់អាហារកិច្ចកា តព្វកិច្ច មានន័យថាឪពុកម្តាយចិញ្ចឹមមានតួនាទីក្នុងការផ្គត់ផ្គង់មួយវិញទៀតការផ្តល់ ផលប្រយោជន៍ដល់ កូនស្មុំគឺជាលក្ខខណ្ឌនៃការបង្កើតស្មុំកូននេះ ។

ផ្នែកទី៣​​ ៖ ការកាត់កាល់ស្មុំកូនធម្មតា
កថាខណ្ឌទី១ ៖ ពាក្យសុំឱ្យកាត់កាលស្មុំកូនធម្មតា

ភាគីនៃស្មុំកូនអាចដាក់ពាក្យសុំទៅតុលាការឱ្យកាត់កាល់ស្មុំកូនធម្មតាបានក្នុងករណីដែលភាគីទាំងសងខាងព្រមព្រៀងអំពីការកាត់កាល់នោះតែប្រសិនបើក្នុងករណីដែលកូនសុំជាអនីតិជនពាក្យសុំកាត់កាល់ដែលបានធ្វើឡើងដោយមានការព្រមព្រៀងគ្នានោះត្រូវធ្វើឡើងដោយឪពុកម្តាយចិញ្ចឹមនិងបុគ្គលដែលនឹងត្រូវក្លាយជាអ្នកតំណាងដែលច្បាប់បានកំណត់ក្រោយពេលកាត់កាល តែបើកូនសុំដល់អាយុ ១៥ (ដប់ប្រាំ) ឆ្នាំហើយ ត្រូវទទួលការយល់ព្រមពីកូនសុំនោះ ។ តែទោះបីជាយ៉ាងណាក៏ដោយអនីតិជននោះ​​​ មិនទាន់ដល់អាយុ១៥ឆ្នាំក៏ដោយបើអនីតិជននោះ​អាចបង្ហាញ ឆន្ទៈរបស់ខ្លួន តុលាការត្រូវសួរយោបល់របស់អនីតិជននោះ ។

កថាខណ្ឌទី២​ ៖ លក្ខខណ្ឌនៃការកាត់កាលស្មុំកូនធម្មតា
ដើម្បីឱ្យការកាត់កាលស្មុំកូនធម្មតាប្រព្រឹត្តទៅបានលុះត្រាតែមានមូលហេតុដូចខាងក្រោម៖
-ភាគីម្ខាងនៃកូនសុំអាចដាក់ពាក្យបណ្តឹងទាមទារឱ្យកាត់កាលបានលុះត្រាតែ៖
បើត្រូវបានបោះបង់ចោលដោយភាគីម្ខាងទៀតដោយទុច្ចរិត ។
-បើមិនច្បាស់ក្នុងអំឡុងពេលយ៉ាងតិច ១(មួយ)ឆ្នាំ ថាភាគីម្ខាងទៀតមិននៅ ឬ ទទួលមរណភាព ។
-បើមិនមានមូលហេតុធ្ងន់ធ្ងរផ្សេងទៀតដែលបណ្តាលឱ្យមានការពិបាកក្នុងការបន្តស្មុំកូន ។
-ក្នុងអំឡុងពេលដែលកូនសុំពុំទាន់ក្លាយជាអនីតិជន ឪពុកម្តាយចិញ្ចឹមមិនអាចដាក់ពាក្យ បណ្តឹងសុំកាត់កាល់ចំពោះកូនសុំបានឡើយ ។
-ទោះបីក្នុងករណីកូនសុំជាអនីតិជនក៏ដោយ ក៏កូនសុំដាក់ពាក្យបណ្តឹងចំពោះឪពុកម្តាយ ចិញ្ចឹមបានដែរ ឱ្យតែបានគោរពលក្ខខណ្ឌដូចដែលបានកំណត់ខាងលើ ។
កថាខណ្ឌទី៣ ៖ អានុភាពនៃការកាត់កាលស្មុំកូនធម្មតា
អានុភាពទាំងឡាយនៃស្មុំកូនធម្មតា ត្រូវបញ្ចប់ទៅអនាគតដោយការកាត់កាល់ ហើយ ក្រោយការកាត់កាល់ កូនសុំអាចទទួលបានវិញនូវនាមត្រកូលមុនស្មុំកូនក៏បាន ឬអាចប្រើនាម ត្រកូលរបស់ឪពុកម្តាយចិញ្ចឹមក៏បាន ។

ជំពូកទី៣  ៖ ស្មុំកូនអន្តរប្រទេស
ផ្នែកទី ១ សញ្ញាណនៃស្មុំកូនអន្តរប្រទេស
កថាខណ្ឌទី២គោលការណ៏ទូទៅនៃស្មុំកូនអន្តរប្រទេស

ច្បាប់ស្តីពីការសុំកូនអន្តរប្រទេសបានកំណត់នូវគោលការណ៏ទូទៅមួយចំនួន ទាក់ទងនឹងការសុំកូនទៅរស់នៅឯបរទេស។ នៅក្នុងគោលការណ៏ទាំងនេះអ្នកតាក់តែងច្បាប់បានគិតដល់ ឧត្តមប្រយោជន៍របស់កុមារជាចំបងដែលបានកំណត់ដូចតទៅ:
-កុមារត្រូវចំរើនការធំធាត់នៅក្នុងបរិយាកាសគ្រួសារ ដែលមានសុភមង្គលមានសេចក្តី ស្រលាញ់ និងការយោគយល់ដើម្បីឲ្យពួកគេមានការអភិវឌ្ឃន៍ពេញលេញនូវបុគ្គលិកលក្ខណះ  របស់ពួកគេ។
-ស្មុំកូនអន្តរប្រទេសអាចអនុញ្ញាតបានក្រោយពីអស់លទ្ធភាពផ្តល់ក្នុងការឧបត្ថម្ភគាំទ្រដើម្បីឲ្យកុមាររស់នៅក្នុងគ្រួសារកំណើត។
-ស្មុំកូនអន្តរប្រទេសអាចប្រព្រឹត្តទៅបានលុះត្រាជាស្មុំកូនពេញលេញដែលបង្កើតទំនាល់ទំនងរវាងអ្នកសុំនិងកូនជាអចិន្ត្រៃយ៍ ដែលអាចផ្តល់នូវឋានៈ សិទ្ធនិងកាតព្វកិច្ចដូចកូនបង្កើតរបស់ខ្លួន។
-រាល់សេចក្តីសម្រេចនិងសកម្មភាពទាក់ទងនឹងដំណើរការស្មុំកូនអន្តរប្រទេសត្រូវគិតគូរឲ្យបានច្រើនចំពោះឧត្តមប្រយោជន៍របស់កុមារ។
-តុលាការនិងអាជ្ញាធរមានសមត្ថកិច្ចដែល ពាក់ពន្ធ័ក្នុងដំណើរការស្មុំកូនអន្តរប្រទេសត្រូវធានាថានៅកំពុងដំណើរការនីតិវិធីស្មុំកូនកុមារដែលមានសមត្ថភាពអាចដឹងខុសត្រូវបានពិគ្រោះយោបល់និងពន្យល់ណែនាំឲ្យ បានត្រឹមត្រូវអំពីអានុភាពនានាដែលកើតដែលកើតចេញពីស្មុំកូននេះដោយគិតគូរ ដល់សេចក្តីប្រាថ្នានិងមតិរបស់កុមារដើម្បីឧត្តមប្រយោជន៍របស់កុមារ។
-ហាមធ្វើអាជីវកម្មឬធ្វើសកម្មភាពយកផលកំរៃពីស្មុំកូនអន្តរប្រទេសក្នុងករណីដូចខាងក្រោម:
-អំពើប្រព្រឹត្តក្នុងគោលដៅចង់បានកំរៃធ្វើញុះញង់ ដោយផ្ទាល់ដល់ឪពុកម្តាយឲ្យបោះបង់ទារកដែលកើតមកហើយឬក៏នឹងកើតដើម្បី ប្រគល់កូនតាមរយះស្មុំកូនអន្តរប្រទេស។
-ករណីធ្វើជាអន្តរការីរវាងប្តីប្រពន្ធ ដែលចង់ស្មុំកូនយកចិញ្ចឹមតាមរយះស្មុំកូនអន្តរប្រទេស និងឪពុកឬម្តាយដែលចង់ បោះបង់កូនដែលកើតមកហើយឬដែលនឹងកើត។
-តាមរយះស្រ្តីដែលព្រមពរពោះដើម្បីនឹងប្រគល់កូននោះទៅអ្នកសុំ។
-អាជ្ញាធរមានសមត្ថកិច្ច ដែលជាប់ពាក់ពន្ធ័ក្នុងនីតិវិធីស្មុំកូនអន្តរប្រទេសត្រូវធានាថា ដំណើការស្មុំកូនអន្តរប្រទេសមិនបណ្តាលឲ្យមានការទទួល ផលកំរៃផ្នែកហិរញ្ញវត្ថុដោយ មិនស្របច្បាប់ត្រូវបង្ការមិនឲ្យមានការចាប់ពង្រាត់និងការលក់ និងការជួញដូរកុមារក្នុង ពេលដំណើរស្មុំកូនអន្តរប្រទេស។ មានតែប្រាក់ចំណាយសោហ៊ុយនិងវិភាគទានដែល កំណត់ដោយបញ្ញត្តិនៃច្បាប់នេះដែលត្រូវបង់។

ផ្នែកទី២ ៖  លក្ខខណ្ឌសម្រាប់ស្មុំកូនអន្តរប្រទេស
លក្ខខណ្ឌសម្រាប់ស្មុំកូនអន្តរប្រទេសត្រូវ បានកំណត់យ៉ាងច្បាស់នៅក្នុងច្បាប់ស្តីពីការស្មុំកូនអន្តរប្រទេសដែលមានលក្ខខណ្ឌចំពោះកូនសុំ (កថាខណ្ឌទី១លក្ខខណ្ឌចំពោះឪពុកម្តាយបង្កើតឬអាណាព្យាបាល (កថាខណ្ឌទី២និងលក្ខខណ្ឌចំពោះអ្នក សុំ (កថាខណ្ឌទី៣)
កថាខណ្ឌណ១៖ អំពីកូនស្មុំ

កុមារដែលមានអត្តសញ្ញាណត្រឹមត្រូវ
កុមារអាចជាកម្មវត្ថុនៃការស្មុំកូនអន្តរប្រទេសបានត្រូវតែមានលក្ខខណ្ខដូចខាងក្រោម:
·កុមារមានសញ្ជាតិខ្មែរដែលមានលំនៅឋានអចិន្ត្រៃយ៍ក្នុងព្រះរាជាណាចក្រកម្ពុជា។
·កុមារអាយុក្រោម៨(ប្រាំបី)ឆ្នាំគិតត្រឹមថ្ងៃទទួលពាក្យសុំលើកលែងក្នុងករណីកុមារត្រូវការនូវថែទាំពិសេសដែលអនុញ្ញាតបានដល់អាយុក្រោម១៨(ដប់ប្រាំបី)ឆ្នាំ។
·ក្នុងករណីមានបងប្អូនបង្កើតច្រើននាក់ហើយម្នាក់មានអាយុក្រោម ៨ (ប្រាំបីឆ្នាំ អាចអនុញ្ញាតឲ្យសុំកុមារនោះរួមជាមួយនឹងបងប្អូនបង្កើតដែលមានអាយុក្រោម១៨ (ដប់ប្រាំបីឆ្នាំ។
·កុមារកំពុងរស់នៅក្នុងមណ្ឌលកំព្រាឬរស់នៅក្រោមការទុកដាក់សមស្របផ្សេងៗដែលត្រូវពិនិត្យដោយក្រសួងទទួលបន្ទុកវិស័យសង្គមកិច្ច។
·កុមារទាំងអស់នោះស្ថិតក្រោមអាណាព្យាបាលសំរាប់អនីតិជនឬកុមារដែលស្ថិតនៅក្រោមអំណាចមេបាដែលមាន ស្ថានភាពលំបាកបំផុត។
·កុមារទាំងអស់នោះត្រូវបានប្រកាសថាអាចសុំជាកូនចិញ្ចឹមបានដោយអនុលោមតាមមាត្រា១៣នៃច្បាប់ស្តីស្មុំកូនអន្តរប្រទេសចុះថ្ងៃទី ២៣ តុលា ២០០៩ ដែលប្រកាសឲ្យ ប្រើដោយព្រះរាជក្រមលេខ នស/របក/១២០/៩០២៤។
·ក្នុងកឬណីស្មុំកូនដោយសាច់ញាតិស្មុំកូនអាចអនុញ្ញាតបានចំពោះកុមារមានអាយុ ក្រោម១៨(ដប់ប្រាំបី)ឆ្នាំដែលរស់ នៅក្នុងឬក្រៅកុមារកំព្រា។

កុមារដែលពុំត្រូវបានគេស្គាល់អត្តសញ្ញាណ
ករណីកុមារត្រូវបានរកឃើញនិងបញ្ជូនមកហើយរកមិនឃើញឪពុកម្តាយឬសាច់ញាតិឬ អ្នកអាណាព្យាបាលសម្រាប់អនីតិជននោះប្រធានកុមារកំព្រា ត្រូវជូនដំណឹងទៅមន្ទីរទទួលបន្ទុក វិស័យសង្គមកិច្ចរាជធានីខេត្តអំពីវត្តមានរបស់កុមារដែលបានចូលមកស្នាក់នៅក្នុងមណ្ឌលយ៉ាងយូរបំផុតរយះពេល៧(ប្រាំពីរ)ថ្ងៃ នៃថ្ងៃធ្វើការគិតពីពេលដែលកុមារមកដល់មណ្ឌល។ មន្ទីរ ទទួលបន្ទុកវិស័យសេដ្ឋកិច្ចរាជធានី/ខេត្ត ត្រូវជូនដំណឹងជាបន្ទាន់ទៅក្រសួងទទួលបន្ទុកវិស័យ សង្គមកិច្ចដើម្បីបញ្ចូលកុមារទៅក្នុងបញ្ជីស្តីពីកុមារដែលបានរាយការណ៍ថាត្រូវបានបោះបង់ចោល។
មន្ទីរទទួលបន្ទុកវិស័យសង្គមកិច្ចរាជធានី/ខេត្ត​ ត្រូវប្រឹងប្រែងគ្រប់លទ្ធភាពដើម្បីស្វែងរក ឪពុកម្តាយឬឪពុកឬម្តាយឬសាច់ញាតិនិងអ្នកអាណាព្យាបាលសម្រាប់អនីតិជនរបស់កុមារជននោះត្រូវបង្ហាញភស្តុតាងផ្យេងៗដែលបញ្ជាក់ថាខ្លួនមានជាប់ទាក់ទងជាសាច់ញាតិ និងឬអ្នក អាណាព្យាបាលសំរាប់អនីតិជនជាមួយកុមារស្របទៅតាមបញ្ញត្តិច្បាប់ជាធរមាន។
បន្ទាប់ពីផ្សព្វផ្សាយដំណឹងរយះពេលប្រាំខែនៅតែរកមិនឃើញឪពុកម្តាយឬឪពុកឬម្តាយឬសាច់ញាតិនិងអ្នកអាណាព្យាបាលសម្រាប់អនីតិជនមុននោះ​​​​ មន្ទីរទទួលបន្ទុកវិស័យសង្គមកិច្ច រាជធានី/ខេត្តត្រូវធ្វើរបាយការណ៏ស្តីពីការខិតខំប្រឹងប្រែងស្រាវជ្រាវនេះហើយត្រូវផ្ញើរសារមួយច្បាប់ទៅក្រសួងទទួលបន្ទុកវិស័យសង្គមកិច្ចដើម្បីចុះឈ្មោះកុមារទៅក្នុងសៀវភៅកត់ត្រាកុមារដែលត្រួវបោះបង់ចោល។
ចាប់ពីពេលដែលកុមារត្រូវបានរកឃើញរហូតដល់តុលាការជ្រើសតាំងអ្នកអាណាព្យាបាល សម្រាប់អនីតិជនរបស់កុមារប្រធានមន្ទីរទទួលបន្ទុកវិស័យសង្គមកិច្ចរាជធានី/ខេត្តគឺអ្នកអាណាព្យាបាលសំរាប់អនីតិជនបណ្តោះអាសន្ន។

កុមារកំព្រាដែលមានអ្នកមានអំណាចមេបាក្រលំបាក
ប្រសិនបើអ្នកអនុវត្តអំណាចមេបាដែលស្ថិតនៅក្នុងស្ថានភាពលំបាកបំផុតបានធ្វើការទុកដាក់កុមារឲ្យនៅក្រោមការថែទាំរបស់ក្រសួងទទួលបន្ទុកនោះត្រូវបញ្ចូលឈ្មោះកុមារទៅក្នុង សៀវភៅកត់ត្រាកុមារដែលត្រូវបានធ្វើការទុកដាក់ឲ្យនៅក្រោមការថែទាំរបស់ក្រសួងទទួលបន្ទុកវិស័យសង្គមកិច្ច។

កថាខណ្ឌទី២ ៖ ឪពុកម្តាយបង្កើតឬអាណាព្យាបាល

ការយល់ព្រមរបស់ឪពុកម្តាយបង្កើតឬអាណាព្យាបាល
ដំណើរការស្មុំកូនអន្តរប្រទេស អាចប្រព្រឹត្តទៅបានលុះត្រាតែមានការយល់ព្រមច្បាស់ លាស់ នឹងពិតប្រាកដពីឪពុកម្តាយឬសាច់ញាតិនិងអ្នកអាណាព្យាបាលសម្រាប់អនីតិជនរបស់ កុមារតាមករណីដូចជា:
-ក្នុងករណីកុមារមានចំណងបុត្តភាពជាមួយឪពុកនិងម្តាយការយល់ព្រមត្រូវផ្តល់ដោយឪពុកនិងម្តាយរបសកុមារនោះ។
-ក្នុងករណីដែលឪពុកឬម្តាយណាមួយរបស់កុមារបានស្លាប់ឬស្ថិតក្នុងស្ថានភាពដែល មិនអាចបង្ហាញឆន្ទះបានឬត្រូវប្រាកដរហូតអំណាចមេបាការយល់ព្រមត្រូវបានផ្តល់ដោយឪពុកឬម្តាយតែម្ខាងដែលមានអំណាចមេបាជាការគ្រប់គ្រាន់។
-ក្នុងករណីដែលឪពុកម្តាយរបស់កុមារបានស្លាប់ឬស្ថិតក្នុងស្ថានភាពដែលមិនអាច បង្ហាញឆន្ទះបានឬត្រូវដកហូតអំណាចមេបាការយល់ព្រមត្រូវផ្តល់ដោយអ្នកអាណាព្យាបាលសម្រាប់អនីតិជនរបស់កុមារនោះ។
ការយល់ព្រមខាងលើត្រូវផ្តល់ឲ្យដោយសេរីនិងច្បាស់លាស់ដោយមិនត្រូវមានវិការះណាមួយដូចជាការបង្ខិតបង្ខំការឆបោក ឬការបញ្ចុះបញ្ចូលតាមរយះការផ្តល់ឬការសន្យាផ្តល់ប្រាក់ រង្វាន់សំណាងផលប្រយោជន៍ណាមួយនិងដោយបានដឹងច្បាស់ពីផលវិបាកនៃការយល់ព្រមរបស់ខ្លួនចំពោះស្មុំកូនអន្តរប្រទេស។
ឪពុកម្តាយឬ ឪពុកឬម្តាយឬអាណាព្យាបាលសម្រាប់អនីតិជនរបស់កុមារត្រូវទទួលនូវការពិគ្រោះយោបល់ពីភ្នាក់ងារសង្គមកិច្ចមានសមត្ថភាព ដែលបានទទួលការអនុញ្ញាតជាមុននឹងផ្តល់ការយល់ព្រម។ ភ្នាក់ងារសង្គមកិច្ចមានសមត្ថកិច្ចត្រូវប្រាប់យ៉ាងច្បាស់លាស់ដល់អ្នកដែលត្រូវ ផ្តល់ការយល់ព្រមអំពីអានុភាពនៃការយល់ព្រមនូវការបញ្ចប់នូវបុត្តភាពព្រមទាំងបញ្ចប់សិទ្ធិនិងកាតព្វកិច្ចជាអ្នកមានអំណាចមេបា ឬអ្នកអាណាព្យាបាលសម្រាប់អនីតិជននិងត្រូវប្រាប់អំពីបែប បទនិងរយះពេលបញ្ឈប់ការយល់ព្រមនេះ។ ភ្នាក់ងារសង្គមកិច្ចមានសមត្ថកិច្ចត្រូវធ្វើកំណត់ ហេតុជាលាយលក្ខណ៍អក្សរអំពីការសម្ភាសន៍របស់ខ្លួនជាមួយឪពុកម្តាយឬឪពុកឬម្តាយឬអ្នក អាណាព្យាបាលសម្រាប់អនីតិជនរបស់កុមារ។
ទោះក្នុងករណីណាក៏ដោយ ការយល់ព្រមត្រូវផ្តល់សក្ខីកម្មជាលាយលក្ខណ៍អក្សរនៅ ចំពោះមុខមេឃុំ ឬចៅសង្កាត់ខាងទីលំនៅរបស់ឪពុកម្តាយ ឬឪពុកឬម្តាយឬអ្នកអាណាព្យាបាល សម្រាប់អនីតិជនជាការយល់ព្រមដោយសេរីនិងច្បាស់លាស់ និងដោយមិនត្រូវមានវិការះ ណាមួយឡើយ។ ម្យ៉ាងទៀតមេឃុំឬចៅសង្កាត់ត្រូវចាត់ចែងធ្វើកំណត់ហេតុជាលាយលក្ខណ៍ អក្សរអំពីការយល់ព្រមនេះក្រោយពីបានពិនិត្យថាភ្នាក់ងារសង្កមកិច្ច បានពិគ្រោះយោបល់ ជាមុនជាមួយឪពុកម្តាយ ឬឪពុកឬម្តាយឬអ្នកអាណាព្យបាលសម្រាប់អនីតិជនរបស់កុមារនោះ និងបានគ្រប់យ៉ាងត្រឹមត្រូវអំពីអានុភាពនៃការយល់ព្រមនេះ។

ការបញ្ឈប់ការយល់ព្រមលើស្មុំកូន
ឪពុកម្តាយឬឪពុកឬម្តាយឬអ្នកអាណាព្យាបាលសម្រាប់អនីតិជនរបស់កុមារអាចបញ្ឈប់ការយល់ព្រមរបស់ខ្លួនវិញបាន រហូតដល់មានសេចក្តីសម្រេចរបស់តុលាការ ស្តីអំពីការស្មុំកូន ជាស្ថាពរ។ ការបញ្ឈប់ការយល់ព្រមឪពុកម្តាយឬឪពុកឬម្តាយឬអ្នកអាណាព្យាបាលសម្រាប់ អនីតិជននេះអាចត្រូវធ្វើជាលាយលក្ខណ៍អក្សរឬដោយផ្ទាល់មាត់នៅចំពោះមុខមេឃុំ ឬចៅ សង្កាត់ខាងលំនៅឋានរបស់ខ្លួន។ មេឃុំឬចៅសង្កាត់ខាងលំនៅឋានរបស់ឪពុកម្តាយឬឪពុក ឬម្តាយឬអ្នកអាណាព្យាបាលសម្រាប់អនីតិជនកុមារត្រូវធ្វើកំណត់ហេតុអំពីកិច្ចការនេះហើយ ត្រូវបញ្ជូនកំណត់ហេតុទៅមន្ទីរទទួលបន្ទុកវិស័យសង្គមកិច្ចរាជធានី/ខេត្តប្រធានមណ្ឌលកុមារកំព្រា ដែលពាក់ពន្ធ័និងត្រូវប្រគល់កំណត់ហេតុចម្លងដែលមានសេចក្តីបញ្ជាក់នៅលើកំណត់ហេតុនោះទៅឲ្យឪពុកម្តាយឬឪពុកឬម្តាយឬអ្នកអាណាព្យាបាលសម្រាប់អនីតិជននោះ។

ការដកហូតអំណាចមេបាពីការយល់ព្រមដោយតុលាការ
ករណីឪពុកម្តាយ ឬឪពុក ឬម្តាយ ឬអ្នកអាណាព្យាបាល សម្រាប់អនីតិជនរបស់កុមារ បដិសេធការយល់ព្រមឬបញ្ឈប់ការយល់ព្រម របស់ខ្លួនក្រសួងទទួលបន្ទុកវិស័យសង្គមកិច្ចអាច ប្តឹងឲ្យតុលាការប្រកាសការដកហូតអំណាចមេបាពីឪពុកម្តាយឬឪពុកឬម្តាយឬបញ្ឈប់អ្នកអាណាព្យាបាលសម្រាប់អនីតិជនរបស់កុមារនិងជ្រើសតាំងអ្នកអាណាព្យាបាលថ្មីសម្រាប់អនីតិជនរបស់កុមារក្នុងករណីពិនិត្យឃើញថា ការបដិសេធឬបញ្ឈប់អ្នកអាណាព្យាបាលសម្រាប់អនីតិជនរបស់កុមារ  និងជ្រើសតាំងអ្នកអាណាព្យាបាលថ្មីសម្រាប់អនីតិជនរបស់កុមារក្នុងករណីពិនិត្យ ឃើញថាការបដិសេធឬបញ្ឈប់ការយល់ព្រមនេះធ្វើឲ្យប៉ះពាល់ផលប្រយោជន៍របស់កុមារឬ បណ្តាលឲ្យប៉ះពាល់ដល់សុខភាពឬសីលធម៍របស់កុមារ។ 
ពាក្យបណ្តឹងទៅតុលាការត្រូវធ្វើក្នុងរយះពេល៦០ (ហុកសិប)ថ្ងៃ នៃថ្ងៃធ្វើការក្រោយពីឪពុកម្តាយ ឬឪពុក ឬម្តាយ ឬអ្នកអាណាព្យាបាលសម្រាប់ អនីតិជនកុមារបដិសេធឬបញ្ឈប់ការយល់ព្រមរបស់ខ្លួន។

កថាខណ្ឌទី៣៖ អំពីអ្នកសុំ
ចំពោះជនបរទេសដែលអនុញ្ញាតឲ្យសុំទារក ឬកុមារកំព្រាយកទៅចិញ្ចឹមជាកូននៅឯបរទេស បានត្រូវឆ្លើយតបនឹងលក្ខខណ្ឌមួយចំនួនដែលមានដូចតទៅ:
·អ្នកសុំជាប្តីប្រពន្ធត្រូវមានអាយុចាប់ពី៣០(សាបសិប)ឆ្នាំ និងមានអាយុលើសកូនសុំ យ៉ាយតិច២២៩ម្ភៃពីរ)ឆ្នាំ និងយ៉ាងច្រើនបំផុត៤៥(សែសិបប្រាំ)ឆ្នាំគិតត្រឹមកាលបរិច្ឆេទដាក់ពាក្យ សុំកូន។
·ក្នុងករណីដែលអ្នកសុំមិនបានបំពេញតាមចំណុចដូចបានរៀបរាប់ខាងលើហើយក្នុងករណីស្មុំកូនឆ្លើយតបនឹងឧត្តមប្រយោជន៍ របស់កុមារស្មុំកូនអាចអនុញ្ញាតបានក្នុងស្ថានភាពដូច តទៅ ៖

កថាខណ្ឌទី៣៖ អាជ្ញាធរផ្តល់ការអនុញ្ញាតឲ្យទីភ្នាក់ងារស្មុំកូនអន្តរប្រទេស
ចំនួនទីភ្នាក់ងារមកពីប្រទេសទទួលនីមួយៗ   ដែលអនុញ្ញតឲ្យផ្តល់សេវានេះនៅកម្ពុជាត្រូវបានកំនត់ដោយកិច្ចព្រមព្រៀងរួមគ្នារវាងក្រសួងសង្គមកិច្ចអតីតយុត្តិជន និងយុវនីតិសម្បទា ជាមួយ និងអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសទទួលនោះ។
ក្រសួងសង្គមកិច្ចអតីតយុត្តិជន  និងយុវនីតិសម្បទា និងស្ថាប័នមានសមត្ថកិច្ចនៃប្រទេស
ទទួលគឺជាអាជ្ញាធរមានសមត្ថកិច្ច   ក្នុងការអនុញ្ញាតឲ្យទីភ្នាក់ងារស្មុំកូនអន្តរប្រទេសមានសិទ្ធិធ្វើប្រតិបត្តិការស្មុំកូនអន្តរប្រទេសនៅកម្ពុជា។

ផ្នែកទី៦ ៖ នីតិវិធីស្មុំកូនអន្តរប្រទេស
កថាខណ្ឌទី១ ៖ នីតិវិធីរដ្ឋបាលនៃការស្មុំកូនអន្តរប្រទេស

ក/ការគ្រប់គ្រងសុំនុំឯកសាររបស់រដ្ឋបាលស្មុំកូនអន្តរប្រទេស
នីតិវិធីរដ្ឋបាលនៃការស្មុំកូនអន្តរប្រទេស គឺគ្រប់គ្រងឯកសាររបស់កុមារមានលក្ខណៈ សម្បត្តិសម្រាប់ស្មុំកូនអន្តរប្រទេសរួមមាន ព័ត៏មានចាំបាច់អំពីអត្តសញ្ញាណរបស់កុមារភាពអាច សុំជាកូនចិញ្ចឹមសាវតារជាតិរបស់កុមារ   បរិយាកាសសង្គមរបស់កុមារ ប្រវត្តិគ្រួសាររបស់កុមារ   ប្រវត្តិសុខភាពរបស់កុមារប្រវត្តិសុខភាពគ្រួសាររបស់កុមារ និងសេចក្តីពិសេសណាមួយលើកុមារ។
ករណីកុមារត្រូវបោះបង់ចោលរដ្ឋបាលស្មុំកូនអន្តរប្រទេសត្រូវធានាថាការខិតខំប្រឹងប្រែង ដើម្បីស្វែងរកឪពុកម្តាយ ឫសាច់ញាតិ ឫអាណាព្យាបាលសម្រាប់អនីតិជនរបស់កុមារត្រូវបាន ធ្វើរួចហើយ។
រដ្ឋបាលស្មុំកូនអន្តរប្រទេសក៏ត្រូវធានាផងដែរ រាល់ការយល់ព្រមចាំបាច់ទាំង ឡាយត្រូវ បានធ្វើឡើងស្របតាមបទបញ្ញត្តិនានានៃច្បាប់ស្មុំកូនអន្តរប្រទេសនេះ។
សុំនុំឯកសារផ្ទាល់របស់កុមារ  រាប់បញ្ចូលទាំងភស្តុតាងបង្ហាញពីការយល់ព្រមនិងការខិត
ខំប្រឹងប្រែងដើម្បីរកឪពុកម្តាយ   ឫសាច់ញាតិ  ឫអាណាព្យាបាលសម្រាប់អនីតិជនផងដែរ។

ខ/ការពិនិត្យពាក្យសុំ
ការពិនិត្យពាក្យសុំរបស់អ្នកសុំកូន គឺពិនិត្យលើឯកសារមួយចំនួនដែលមានដូចជាភស្តុតាង ដែលបញ្ជាក់ថា  អាជ្ញាធរកណ្តាលនៃប្រទេសដើមរបស់ខ្លួន  ឫអាជ្ញាធរមានសមត្ថកិច្ចទទួលបន្ទុក ស្មុំកូនអន្តរប្រទេស ​ឫទីភ្នាក់ងារស្មុំកូនអន្តរប្រទេសនៃប្រទេសលំនៅឋានអចិន្រ្តៃយ៍ចាត់ទុក្ខថាអ្នកសុំមានលក្ខណៈសម្បត្តិ និងមានភាពសមស្របសម្រាប់ស្មុំកូនដោយផ្អែកលើការវាយតម្លៃ លើជីវប្រវត្តិផ្ទាល់ខ្លួននេះ និងប្រវត្តិគ្រួសារ  ប្រវត្តិសុខភាព  បរិយាកាសគ្រួសារមូលហេតុស្មុំកូន  និងលទ្ធភាពនៃការទទួលរ៉ាប់រងចំពោះស្មុំកូនអន្តរប្រទេស។
មួយវិញទៀតព័ត៏មានចាំបាច់ទាក់ទងនឹងការឆ្លើយតបនឹងលក្ខខណ្ឌនានា ដែលមានចែង នៅក្នងច្បាប់ស្មុំកូនអន្តរប្រទេសហើយព័ត៏មានទាក់ទងនឹងអត្តសញ្ញាណរបស់អ្នកសុំដែលក្នុងនោះ រួមមានឯកសារទាក់ទង និងអត្រានុកូលដ្ឋានដែលព័ត៏មានទាក់ទងនឹងលក្ខណៈសម្បត្តិផ្សេងៗ របស់កុមារដែលអ្នកសុំអាចនឹងមានលក្ខណៈសម្បត្តិមើលថែគេបាននិងមានភស្តុតាងទទួលបានពីអាជ្ញាធរកណ្ដាល ឫអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសទទួលដែលបញ្ជាក់ថានៅពេលពាក្យសុំ របស់ខ្លួនត្រូវបានយល់ព្រមហើយកូននោះត្រូវបានអនុញ្ញាតឲ្យចូលទៅរស់នៅជាអចិន្រ្តៃយ៍ក្នុងប្រទេសទទួល។
ឯកសារទាំងអស់ត្រូវបញ្ជាក់ដោយ អាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសលំនៅឋាន អចិន្រ្តៃយ៏របស់អ្នកសុំ។  ឯកសារច្បាប់ដើមទាំងអស់ត្រូវភ្ជាប់មកជាមួយនូវការបកប្រែជាភាសាអង់គ្លេស  ឫ ​ភាសាបារាំងដែលមានបញ្ជាក់ត្រឹមត្រូវ។
រាល់ឯកសារទាំងអស់ដែលបានរៀបចំខាងលើត្រូវបញ្ជូនទៅក្រសួងការបរទេសនិង សហ ប្រតិបត្តិការអន្តរជាតិ តាមរយៈអាជ្ញាធរកណ្ដាល ស្ថានទូត ឫស្ថានតំណាងនៃប្រទេសទទួលប្រចាំ នៅកម្ពុជាដែលបានបញ្ជាក់ភាពត្រឹមត្រូវនៃឯកសារនោះ។ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ត្រូវពិនិត្យផ្តល់យោបល់ និងត្រូវបញ្ជូនឯកសារស្មុំកូនអន្តរប្រទេសទៅក្រសួងទទួល បន្ទុកវិស័យសង្គមកិច្ចក្នុងរយៈពេល១៥ថ្ងៃនៃថ្ងៃធ្វើការគិតពីថ្ងៃទទួលពាក្យសុំពីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិរដ្ឋបាលស្មុំកូនអន្តរប្រទេសត្រូវឆ្លើយតបជាលាយលក្ខណ៍អក្សរទៅអ្នកសុំតាមរយៈអាជ្ញាធរកណ្ដាលនៃប្រទេសដើមរបស់អ្នកសុំ ឫអាជ្ញាធរមានសមត្ថកិច្ចទទួល បន្ទុកស្មុំកូនអន្តរប្រទេស  ឫតាមទីភ្នាក់ងារស្មុំកូនអន្តរប្រទេសនៃប្រទេសលំនៅឋានអចិន្រ្តៃយ៍ ដោយបញ្ជាក់ថាខ្លួនបានទទួលពាក្យសុំកូន។
រដ្ឋបាលស្មុំកូនអន្តរប្រទេស ត្រូវពិនិត្យសំនុំលិខិតស្មុំកូនក្នុងរយៈពេល៦០ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីថ្ងៃដែលក្រសួងទទួលបន្ទុកវិស័យសង្គមកិច្ចទទួលលិខិតស្មុំកូនដូចបានរៀបរាប់ខាងលើនេះ។ ក្នុងករណីសំនុំលិខិតមានលក្ខណៈគ្រប់គ្រាន់ហើយរដ្ឋបាលស្មុំកូនអន្តរប្រទេសត្រូវបញ្ជាក់ ថាអ្នកសុំបានបំពេញលក្ខខណ្ឌត្រឹមត្រូវតាមច្បាប់នេះហើយ។
ក្នុងករណីដែលសំនុំលិខិតដាក់ជូនរដ្ឋបាលស្មុំកូនអន្តរប្រទេសមិនទាន់គ្រប់គ្រាន់ ឫមិន ទាន់ត្រឹមត្រូវ  រដ្ឋបាលស្មុំកូនអន្តរប្រទេសត្រូវបញ្ជូនដំណឹងទៅឲ្យអ្នកសុំជាលាយលក្ខណ៍អក្សរ ពីឯកសារដែលនៅខ្វះ ឫមិនទាន់ត្រឹមត្រូវតាមរយៈអាជ្ញាធរកណ្ដាល ឫអាជ្ញាធរមានសមត្ថកិច្ច ទទួលបន្ទុកស្មុំកូនអន្តរប្រទេស ដែលបានទទួលការអនុញ្ញាតនៃប្រទេសទទួល។ រដ្ឋបាលស្មុំកូន អន្តរប្រទេសត្រូពិនិត្យសំនុំលិខិតស្មុំកូន ក្នុងរយៈពេល៦០ថ្ងៃនៃថ្ងៃធ្វើការបន្ទាប់ពីបានឯកសារ ដែលខ្វះ ឫ​ កែតម្រូវរួច។
ករណីបដិសេធពាក្យសុំ  ក្រសួងទទួលបន្ទុកសង្គមកិច្ច  ត្រូវមានបញ្ជាក់ពីមូលហេតុជា លាយលក្ខណ៍អក្សរ។

គ/ការផ្គូរផ្គងលក្ខណៈសម្បត្តិរវាងកុមារនិងអ្នកសុំ
ប្រសិនបើសុំលិខិតមានលក្ខណៈគ្រប់គ្រាន់  និងត្រឹមត្រូវ ហើយមានអ្នកសុំបានបំពេញ ទៅតាមលក្ខខណ្ឌនៃច្បាប់នេះ  រដ្ឋបាលស្មុំកូនអន្តរប្រទេសត្រូវពិនិត្យពិចារណាទៅលើសុំនុំ ឯកសាររបស់កុមារទាំងឡាយដែលមានលក្ខណៈសម្បត្តិសម្រាប់ស្មុំកូនអន្តរប្រទេសបាន  និង ត្រូវផ្គូរផ្គងពីលក្ខណៈសម្បត្តិរបស់អ្នកសុំណាដែលត្រូវគ្នាល្អបំផុតនឹងលក្ខណៈសម្បត្តិរបស់កុមារ។ ក្នុងការផ្គូរផ្គងដោយគិតគូរដល់ឧត្តមប្រយោជន៍របស់កុមារ  រដ្ឋបាលស្មុំកូនអន្តរប្រទេសត្រូវ ពិចារណាឲ្យបានសមស្របលើអត្ថប្រយោជន៍នៃការបន្តឲ្យមានការបីបាច់ថែរក្សាកុមារដូចពេលមានកន្លងមក  ព្រមទាំងពិចារណាលើសាវតាសង្គម  ជាតិ  សាសនានិងវប្បធម៌របស់កុមារ។
រដ្ឋបាលស្មុំកូនអន្តរប្រទេស  ត្រូវផ្ញើរសំនុំឯកសាររបស់កុមារដែលត្រូវបានផ្គូរផ្គង  រួមទាំង
ភស្តុតាងដែលបង្ហាញថារាល់ការចាំបាច់នានា  ត្រូវបានទទួលរួចហើយ  និង  មូលហេតុដែលខ្លួន កំនត់ទុកកុមារ ជាមួយអ្នកសុំនោះទៅអាជ្ញាធរកណ្ដាល​​ ឫអាជ្ញាធរមានសមត្ថកិច្ចទទួលបន្ទុក ស្មុំកូនអន្តរប្រទេស  ទីភ្នាក់ងារស្មុំកូនអន្តរប្រទេសនៃប្រទេសទទួលដើម្បីពិនិត្យ និងបញ្ជូនទៅអ្នកសុំដោយមិនចាំបាច់ជូនដំណឹងពីអត្តសញ្ញាណឪពុកម្តាយ  អាណាព្យាបាលសម្រាប់ អនីតិជនរបស់កុមារឡើយលើកលែងតែក្នុងករណីស្មុំកូនដោយសាច់ញាតិ។

១/ការឆ្លើយតបរបស់អ្នកសុំ
អ្នកសុំត្រូវឆ្លើយតបទៅរដ្ឋបាលស្មុំកូនអន្តរប្រទេសជាលាយលក្ខណ៍អក្សរ  ពីការយល់ ព្រមទទួលយកកុមារដែលបានផ្គូរផ្គងឲ្យតាមរយៈអាជ្ញាធរកណ្ដាល អាជ្ញាធរមានសមត្ថកិច្ច ទទួលបន្ទុកស្មុំកូនអន្តរប្រទេស  ទីភ្នាក់ងារស្មុំកូនអន្តរប្រទេសនៃប្រទេសទទួល។
-ក្នុងករណីអ្នកសុំមិនបានឆ្លើយតបមករដ្ឋបាលស្មុំកូនអន្តរប្រទេស ក្នុងរយៈពេល៦០ថ្ងៃ នៃថ្ងៃធ្វើការទេអាចចាត់ទុកថាអ្នកសុំបានបញ្ឈប់ពាក្យសុំរបស់ខ្លួន  ហើយរដ្ឋបាលស្មុំកូន អន្តរប្រទេសអាចផ្គូរផ្គងកុមារនោះឲ្យទៅអ្នកសុំផ្សេងទៀតបាន។ចំនែកឯប្រាក់ចំនាយសោហ៊ុយ  និងវិភាគទានទាក់ទងនឹងការដាក់ពាក្យសុំមិនត្រូវបានបង្វិលឲ្យវិញឡើយ។
-ក្នុងករណីអ្នកសុំបានឆ្លើយតបថា មិនទទួលយកកុមារដែលផ្គូរផ្គងឲ្យខ្លួននៅលើកទីមួយទេ  អ្នកសុំនោះអាចស្នើសុំឲ្យរដ្ឋបាលស្មុំកូនអន្តរប្រទេស  ផ្គូរផ្គងកុមារជាលើកទី២បាន  ប៉ុន្តែមិនអនុញ្ញាតឲ្យលើកទីបីទេ។
-ចំពោះអ្នកសុំដែលមិនបានឆ្លើយតបក្នុងរយៈពេលកំនត់៦០ថ្ងៃខាងលើនោះទេ  អ្នកសុំ នោះអាចដាក់ពាក្យសុំសារជាថ្មីបាន​​ស្របតាមនីតិវិធីនៃច្បាប់ស្មុំកូនអន្តរប្រទេសនេះ។ តែក្នុងការសម្រេចពីការសុំឲ្យមានការផ្គូរផ្គងសារជាថ្មី  ការទទួលពាក្យសុំកូនសារជា ថ្មីនេះរដ្ឋបាលស្មុំកូនអន្តរប្រទេសត្រូវពិចារណាពីមូលហេតុដែលអ្នកសុំខក ខានមិនបានឆ្លើយតប ​ឫឆ្លើយតបថាមិនមានបំណងសុំកុមារដែលបានផ្គូរផ្គងពីលើកមុននាពេល កន្លងមក។

២/ការរៀបចំឲ្យមានការជួបគ្នារវាងកុមារ និង អ្នកសុំ
បន្ទាប់ពីអ្នកសុំបានបញ្ជាក់ការយល់ព្រមរបស់ខ្លួនហើយ អាជ្ញាធរកណ្ដាលនៃប្រទេស ទទួលបានយល់ព្រមលើការសម្រេចនេះ រដ្ឋបាលស្មុំកូនអន្តរប្រទេសតាមរយៈអាជ្ញាធរកណ្ដាល  ឫអាជ្ញាធរមានសមត្ថកិច្ចទទួលបន្ទុកស្មុំកូនអន្តរប្រទេស ឫទីភ្នាក់ងារស្មុំកូនអន្តរប្រទេសនៃ ប្រទេសទទួលត្រូវរៀបចំឲ្យមានការជួបគ្នារវាងអ្នកសុំ និង កុមារដែលបានផ្គូរផ្គងរួចហើយ។
ការជួបគ្នានេះ  ត្រូវប្រព្រឹត្តទៅតាមកាលបរិច្ឆេទសមស្របសម្រាប់អ្នកសុំ  និង រដ្ឋបាល ស្មុំកូនអន្តរប្រទេស ​និង ត្រូវមានវត្តមានមន្ត្រីសង្គមកិច្ចមានសមត្ថកិច្ចមួយរូបផង។ ការជួបគ្នានេះ ត្រូវធ្វើក្នុងរយៈពេល៦០ ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីកាលបរិច្ឆេទទទួលការយល់ព្រមពីអ្នកសុំ។ ក្នុងករណីអ្នកសុំមិនមកក្នុងរយៈពេលដូចបានកំនត់នេះដោយគ្មានមូលហេតុត្រឹមត្រូវរដ្ឋបាល ស្មុំកូនអន្តរប្រទេសត្រូវចាត់ទុកថាអ្នកសុំបានបញ្ឈប់ពាក្យសុំរបស់ខ្លួន។
មុនពេលជួបគ្នារវាងអ្នកសុំ  និងកុមាររដ្ឋបាលស្មុំកូនអន្តរប្រទេសត្រូវធ្វើសម្ភាសន៍អ្នកសុំ និងធានាថាអ្នកសុំ និងកុមារត្រូវបានរៀបចំខ្លួនជាស្រេចតាមរយៈការពិគ្រោះយោបល់ផ្លាស់ប្តូរ ព័ត៌មាន  ការផ្លាស់ប្តូររូបថត  និង  វិធានការចាំបាច់ផ្សេងទៀតដើម្បីការជួបគ្នានេះ។
ករណីមានសហព័ទ្ធ  បើសហព័ទ្ធណាម្ខាងមិនអាចមកបាន  សហព័ទ្ធនោះត្រូវធ្វើលិខិត ប្រគល់សិទ្ធិឲ្យទៅសហព័ទ្ធម្ខាងទៀតធ្វើជាតំណាងរបស់ខ្លួនដើម្បីធ្វើសកម្មភាពក្នុងការសុំកូននោះ។ លិខិតប្រគល់សិទ្ធត្រូវមានការបញ្ជាក់ពីអាជ្ញាធរកណ្ដាល ឫអាជ្ញាធរមានសមត្ថកិច្ច របស់ប្រទេសទទួល។

៣/ការសាកសួរយោបល់របស់កុមារ
រដ្ឋបាលស្មុំកូនអន្តរប្រទេស  ត្រូវសាកសួរយោបល់របស់កុមារដែលអាចដឹងខុសត្រូវបាន​​  ព្រមទាំងប្រាប់កុមារឲ្យបានដឹងពីអានុភាពដែលអាចកើតចេញពីស្មុំកូននេះ  ហើយត្រូវស្ដាប់កុមារ បញ្ចេញយោបល់របស់ខ្លួន ដោយគ្មានវត្តមានរបស់ភាគីផ្សេងទៀតឡើយ។  រដ្ឋបាលស្មុំកូន អន្តរប្រទេសត្រូវយល់ដឹងឲ្យបានច្បាស់  ពីទស្សនៈកុមារលើរាល់បញ្ហាដែលពាក់ព័ន្ធដល់ស្មុំកូន ក្នុងនោះមានជាអាទិ៍ការជ្រើសរើសអ្នកសុំ  ហើយមតិយោបល់របស់កុមារត្រូវយកទៅគិតគូរ ពិចារណាដោយផ្អែកទៅតាមវ័យ និងកម្រិតយល់ដឹងរបស់កុមារ។ សំអាងស្តីពីការយល់ព្រមរ បស់កុមារត្រូវធ្វើជាលាយលក្ខណ៍អក្សរ។ រដ្ឋបាលស្មុំកូនអន្តរប្រទេស  ត្រូវធ្វើកំនត់ហេតុជា លាយលក្ខណ៍អក្សរ  ពីការសម្ភាសន៍  និង ការជួបគ្នាខាងលើនេះ។

៤/ការសម្រេចនៃការស្មុំកូន
ករណីរដ្ឋបាលស្មុំកូនអន្តរប្រទេសពិនិត្យឃើញថា  អ្នកសុំ  និងកុមារបំពេញបាននូវ លក្ខណៈវិនិច័្ឆយ  និង  លក្ខណៈសម្រាប់ស្មុំកូនអន្តរប្រទេស  ហើយស្មុំកូននេះពិតជាបាន ឆ្លើយតបទៅនឹងឧត្តមប្រយោជន៍របស់កុមារ  រដ្ឋបាលស្មុំកូនអន្តរប្រទេសត្រូវផ្ដល់មតិយោបល់ជា វិជ្ជមានក្នុងរយៈពេល ៧ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីថ្ងៃជួបគ្នារវាងអ្នកសុំ  និង កុមារ។
រដ្ឋបាលស្មុំកូនអន្តរប្រទេសត្រូវដាក់ សំនុំលិខិតទាំងនេះជូនរដ្ឋមន្ត្រីទទួលបន្ទុកវិស័យសង្គមកិច្ច ដើម្បីធ្វើការពិនិត្យនិងផ្ដល់អនុសាសន៍លើដំនើរការសុំកូន។
ក្រោយពីទទួលអនុសាសន៍លើដំណើរការ សុំកូនពីរដ្ឋមន្ត្រីក្រសួងទទួលបន្ទុកវិស័យសង្គមកិច្ច  អ្នកសុំត្រូវសហការជាមួយអាជ្ញាធរកណ្ដាល  ឫអាជ្ញាធរមានសមត្ថកិច្ចទទួលបន្ទុកស្មុំកូន អន្តរប្រទេស ឫទីភ្នាក់ងារស្មុំកូនអន្តរប្រទេសនៃប្រទេសទទួលដាក់ពាក្យសុំកូន  ដែលបានផ្គូរផ្គង រួចតាមរយៈរដ្ឋបាលស្មុំកូនអន្តរប្រទេសទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីសុំដីការសម្រេចស្មុំកូន។ រដ្ឋបាលស្មុំកូនអន្តរប្រទេសត្រូវបញ្ជូនពាក្យសុំកូនទៅសាលារាជធានីភ្នំពេញ ដោយភ្ជាប់មកជាមួយនូវសំនុំឯកសាររបស់កុមារ  និង អ្នកសុំព្រមទាំងអនុសាសន៍របស់រដ្ឋមន្ត្រីក្រសួង ទទួលបន្ទុកវិស័យសង្គមកិច្ចក្នុងរយៈពេល៧ថ្ងៃនៃថ្ងៃធ្វើការ គិតពីថ្ងៃបរិច្ឆេទទទួលពាក្យសុំ។ ឯកសារទាំងអស់ត្រូវបកប្រែជាភាសាខ្មែរ និងមានការបញ្ជាក់ពីរដ្ឋបាលស្មុំកូនអន្តរប្រទេស។
ករណីអ្នកសុំមិនបានដាក់ពាក្យសុំក្នុងរយៈពេល ៦០ថ្ងៃធ្វើការ  បន្ទាប់ទទួលបានអនុសាសន៍ របស់រដ្ឋមន្ត្រីទទួលបន្ទុកវិស័យសង្គមកិច្ចត្រូវចាត់ទុកថាអ្នកសុំនោះបានបញ្ឈប់ពាក្យសុំរបស់ ខ្លួន។

កថាខណ្ឌទី២៖ សោហ៊ុយនៃការស្មុំកូន

ក/សោហ៊ុយចំពោះរដ្ឋបាលស្មុំកូនអន្តរប្រទេស
អ្នកសុំត្រូវបង់ប្រាក់ចំនាយ សោហ៊ុយ និងវិភាគទាននានាសម្រាប់ជួយឧបត្ថម្ភជំរើសនានា នៃការថែទាំជំនួស  និងការជួយឧបត្ថម្ភទូទៅដល់មជ្ឈមណ្ឌលកុមារកំព្រារបស់រដ្ឋទូទាំងប្រទេស និងកម្រៃសេវាចាំបាច់ផ្សេងៗទៀតទាក់ទងនឹងស្មុំកូនអន្តរប្រទេស ដែលនឹងកំនត់ដោយប្រកាស រួមរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីទទួលបន្ទុកវិស័យសង្គមកិច្ច។ ក្រៅពី នេះមិនត្រូវយកប្រាក់សោហ៊ុយស្មុំកូនពីអ្នកសុំ ឫទីភ្នាក់ងាររបស់អ្នកស្មុំកូន។ មិនអនុញ្ញាតឲ្យអ្នក សុំកូន ឫទីភ្នាក់ងាររបស់អ្នកសុំកូនបង់ថ្លៃសោហ៊ុយស្មុំទៅតាមកុមារម្នាក់ៗ ឫទៅតាមសោហ៊ុយ ស្មុំកូនមួយដែលនឹងត្រូវបញ្ជូនឲ្យមជ្ឈមណ្ឌលកុមារកំព្រាណាមួយ  ឫ មិនអនុញ្ញតឲ្យអ្នកសុំកូន ឫ ទីភ្នាក់របស់អ្នកសុំកូនធ្វើការអំណោយ ឫការទូទាត់ទោះបីក្នុងរូបភាពណាក៏ដោយទៅឲ្យ មជ្ឈមណ្ឌលកុមារកំព្រាដែលកុមារកំព្រានៅទីនោះត្រូវបានសុំយកទៅចិញ្ចឹម  ឲ្យបុគ្គលិក នាយក​ ឫ សមាជិកនៃគណៈគ្រប់គ្រងទោះជាដោយផ្ទាល់    ដោយប្រយោលក្ដី។

ខ/សោហ៊ុយដែលកំណត់ដោយតុលាការ
អ្នកសុំត្រូវបង់ប្រាក់ចំនួនមួយលានរៀលដើម្បីទ្រទ្រង់សោហ៊ុយដាក់ពាក្យសុំការពិនិត្យ ភស្តុតាង​ការចេញដីការសម្រេចការបញ្ជូនឯសារការផ្សព្វផ្សាយសេចក្ដីជូនដំណឹងការស្រាវជ្រាវ អង្គហេតុ និងសកម្មភាពខាងនីតិវិធីផ្សេងទៀត ដែលទាក់ទងនឹងកិច្ចការស្មុំកូនអន្តរប្រទេស នោះហើយតុលាការត្រូវបង្គាប់ឲ្យអ្នកសុំនោះបង់ចំនួនទឹកប្រាក់ជាមុន។ករណីដែលសោហ៊ុយចាំបាច់ដែលបានកំណត់ខាងលើលើសពីមួយលានរៀល តុលាការអាចកំណត់ចំនួនសោហ៊ុយ បន្ថែម  បង្គាប់ឲ្យអ្នកសុំបង់សោហ៊ុយបន្ថែមនោះមុន  រីឯចំនួនទឹកប្រាក់នេះមិនបង្វិលឲ្យវិញទេ។

កថាខណ្ឌទី៣៖ នីតិវិធីតុលាការ
មានតែសាលាដំបូងរាជធានីភ្នំពេញប៉ុណ្ណោះ ​ ដែលមានយុត្ថាធិការលើរឿងក្ដីស្មុំកូន អន្តរប្រទេសហើយតុលាការនេះត្រូវយកបទបញ្ញត្តិស្ដីពីនីតិវិធីរឿងក្ដីរដ្ឋប្បវេណី ដែលមិនមែន ជាបណ្ដឹងមកអនុវត្តន៍ចំពោះនិតិវិធីតុលាការ ទាក់ទងនឹងស្មុំកូនអន្តរប្រទេសលើកលែងតែក្នុង ករណីមានបទបញ្ញាត្តិពិសេសដូចមានចែងក្នុងច្បាប់នេះ។ ដូចនេះនីតិវិធីរបស់តុលាការគឺពិនិត្យ លើសំនុំឯកសារ (កថាខណ្ឌទី១) និងធ្វើការសម្រេចសេចក្ដី (កថាខណ្ឌទី២) ព្រមទាំងកំណត់ពីការប្តឹង ទាស់ (កថាខណ្ឌ ទី៣)

ក/ការពិនិត្យសំនុំឯកសារ
ជាគោលការណ៍សំនុំឯកសារ និងរបាយការណ៍ដាក់ជូនតុលាការដោយក្រសួងទទួលបន្ទុក វិស័យសង្គមកិច្ចត្រូវសន្មត់ជាភស្តុតាង នៃអង្គហេតុពិតទាក់ទងនឹង លក្ចណៈសម្បត្តិស្មុំកូន របស់កុមារ និង ភាពសមស្របសម្រាប់ស្មុំកូនរបស់អ្នកសុំ លើកលែងតែមានភស្តុតាងផ្ទុយ បញ្ជាក់។
តុលាការត្រូវត្រួតពិនិត្យចំពោះឯកសារពាក់ព័ន្ធនឹងស្មុំកូនអន្តរប្រទេសដូចជា ត្រូវមាន លក្ខណវិនិច្ឆ័យ ឫ លក្ខខណ្ឌទាំងអស់នៃស្មុំកូនអន្តរប្រទេសត្រូបានបំពេញ និង ធ្វើការពិគ្រោះ យោបល់ជាចាំបាច់នានាត្រូវបានធ្វើមុននឹងផ្តល់ការយល់ព្រម ហើយការយល់ព្រមចាំបាច់នានា ត្រូវបានផ្ដល់ដោយគោរពខ្លឹមសារនៃច្បាប់ស្ដីពីស្មុំកូនអន្តរប្រទេស។
មានការពិចារណាត្រឹមត្រូវលើគ្រប់លទ្ធភាពក្នុងការទុកដាក់កុមារនៅកម្ពុជា។ អាជ្ញាធរ​កណ្ដាល ឫ អាជ្ញាធរមានសមត្ថកិច្ច ឫ ទីភ្នាក់ងារស្មុំកូនអន្តរប្រទេសដែលបានទទួលការអនុញ្ញាត នៃប្រទេសទទួលការយល់ព្រមលើការទុកដាក់កុមារ។ កុមារនឹងត្រូវអនុញ្ញាតឲ្យចូលទៅរស់នៅ ជាអចិន្ត្រៃយ៍នៅក្នុងប្រទេសទទួល។ ស្មុំកូនអន្តរប្រទេសពិតជាមានឧត្តមភាពសម្រាប់កុមារ។

ខ/ការសម្រេចសេចក្ដីរបស់តុលាការ
តុលាការសម្រេចក្ដីពីរឿងក្ដីដែលទាក់ទងនឹងស្មុំកូនអន្តរប្រទេស ដោយពុំបានឆ្លងកាត់ការ ទាមទារហេតុដោយផ្ទាល់មាត់ឡើយ។
ករណីមានភាពចាំបាច់ដាច់់ខាតត្រូវបំភ្លឺអង្គហេតុពាក់ព័ន្ធ តុលាការអាចអញ្ជើញអ្នកសុំ ឫ អ្នកតំណាង ឫ មានអ្នកមានអំនាចមេបាម្ខាង​ឫទាំងពីរ ឫ អាណាព្យាបាលសម្រាប់អនីតិជន សម្រាប់កុមារ អ្នកតំណាងទីភ្នាក់ងារស្មុំកូនអន្តរប្រទេសពាក់ព័ន្ធ និង សាក្សីផ្សេងទៀតដើម្បីផ្ដល់ ភស្តុតាងជាលាយលក្ខណ៍អក្សរ ឫ ដោយផ្ទាល់មាត់ទាក់ទងនឹងអត្ថិភាព នត្ថិភាពនៃអង្គហេតុ។
តុលាការត្រូវលើកយកសំនុំរឿងស្មុំកូនអន្តរប្រទេសមកវិនិច្ឆ័យ និងចេញដីការសម្រេច ក្នុងរយៈពេល ៣០ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីបានទទួលពាក្យសុំកូន។ តុលាការត្រូវបញ្ជូនដីការសម្រេចនេះទៅអ្នកសុំ អ្នកតំណាងដែលច្បាប់បានកំណត់របស់ និងក្រសួងទទួលបន្ទុកវិស័យសង្គមកិច្ច។
ដីការសម្រេចនេះ មិនត្រូវចូលជាស្ថាពរនៅមុនផុតអំឡុងពេលសម្រាប់ការប្ដឹងជំទាស់ដែលបានកំណត់ក្នុងមាត្រា៤០ នៃច្បាប់ស្មុំកូនអន្តរប្រទេស។
ករណីមានការប្ដឹងជំទាស់ចំពោះដីការសម្រេចនេះ ដីការសម្រេចនេះមិនត្រូវចូលជាស្ថាពរ រហូតដល់ពេលមានដីការសម្រេចអំពីបណ្ដឹងជំទាស់នោះ។

គ/នីតិវិធីនៃការប្ដឹងជំទាស់
១/រយៈពេលនៃការប្ដឹងជំទាស់
ករណីដែលបុគ្គលអាចប្ដឹងជំទាស់ជាជនដែលត្រូវទទួលបានការជូនដំណឹងពីដីការសម្រេចខាងលើបណ្ដឹងជំទាស់ត្រូវធ្វើឡើងក្នុងអំឡុងពេល១៥ថ្ងៃ នៃថ្ងៃធ្វើការគិតពីថ្ងៃដែលទទួលបានការជូនដំណឹងពីការសម្រេច។
ករណីបុគ្គលអាចប្ដឹងជំទាស់  មិនមែនជនដែលត្រូវទទួលបានការជូនដំណឹងពីដីការ សម្រេចខាងលើបណ្ដឹងជំទាស់ត្រូវធ្វើឡើងអំឡុងពេល១៥ថ្ងៃ នៃថ្ងៃធ្វើការគិតពីថ្ងៃដែលអ្នកសុំបានទទួលការជូនដំណឹងអំពីការសម្រេច។អំឡុងពេល១៥ថ្ងៃមិនអាចពន្យាពេលបានឡើយនៅក្នុងករណីទាំងពីរខាងលើនេះ។

២/សមត្ថកិច្ចយុត្តាធិការលើបណ្ដឹងជំទាស់
បុគ្គលមានសិទ្ធ ឫ ផលប្រយោជន៍របស់ខ្លួន  ត្រូវបានបំពេញដោយដីការសម្រេច​ លើពាក្យ ស្មុំកូនអន្តរប្រទេស អាចប្ដឹងជំទាស់ទៅសាលាឧទ្ធរណ៍ចំពោះដីការសម្រេចនោះបាន។
សាលាឧទ្ធណ៍ត្រូវលើកយកពាក្យបណ្ដឹងជំទាស់នោះមកវិនិច្ឆ័យ  និងចេញដីការសម្រេច ក្នុងរយៈពេល៣០ថ្ងៃនៃថ្ងៃធ្វើការមិនអាចប្ដឹងជំទាស់ទៀតបានឡើយ។

កថាខណ្ឌទី៤៖ ចំណាត់ការក្រោយពីបញ្ចប់នីតិវិធីស្មុំកូនអន្តរប្រទេស

ក/ការប្រគល់កុមារឲ្យអ្នកសុំ
រដ្ឋបាលស្មុំកូនអន្តរប្រទេស ត្រូវរៀបចំប្រគល់កុមារ  និងលិខិតបញ្ជាក់ស្ដីពីការប្រគល់កូន ជាផ្លូវការទៅអ្នកសុំ។ រដ្ឋបាលស្មុំកូនអន្តរប្រទេស ត្រូវជួយសម្រួលជាមួយនឹងអាជ្ញាធរមាន សមត្ថកិច្ចក្នុងការរៀបចំ និងផ្ដល់នូវលិខិតឆ្លងដែន ទិដ្ឋាការ និងឯកសាតចាំបាច់នានា ដើម្បីឲ្យកុមារធ្វើដំណើរចូលទៅប្រទេសលំនៅឋានអចិន្ត្រៃយ៍របស់អ្នកសុំ។
ការធ្វើដំណើររបស់កុមារទៅកាន់ប្រទេសទទួល ត្រូវអមដំនើរដោយអ្នកសុំ។ រដ្ឋបាល ស្មុំកូនអន្តរប្រទេសត្រូវធានាថាការផ្ទេរត្រូវធានាថាកុមារទៅកាន់ប្រទេសទទួល  ប្រព្រឹត្តទៅក្នុង កាលៈទេសៈមានសុវត្ថិភាព  ដោយមានការគិតគូរដល់សេចក្ដីត្រូវការនានារបស់កុមារ។
រដ្ឋបាលស្មុំកូនអន្តរប្រទេស  ត្រូវសម្របសម្រួលជាមួយអាជ្ញាធរកណ្ដាល ឫ អាជ្ញាធរមាន សមត្ថកិច្ចទទួលបន្ទុកស្មុំកូនអន្តរប្រទេស ឫទីភ្នាក់ងារស្មុំកូនអន្តរប្រទេសនៃប្រទេសទទួល ដើម្បីផ្ដល់ ឫសម្របសម្រួលសេវាក្រោយស្មុំកូនសមស្របដល់កុមារគ្រួសារចិញ្ចឹម និងគ្រួសារ បង្កើត តាមការចាំបាច់។

ខ/ការតាមដានស្ថានភាពកុមារ
ក្រោយពីកុមារត្រូវបានទទួលអនុញ្ញាតឲ្យធ្វើជាកូន  ឪពុកម្តាយចិញ្ចឹមត្រូវផ្ដល់របាយការណ៍
ពីស្ថានភាពវិវឌ្ឍន៍របស់កុមារមករដ្ឋបាលស្មុំកូនអន្តរប្រទេសជារៀងរាល់ ៦ខែ ម្ដងក្នុងរយៈពេល ៣ឆ្នាំ។ បន្ទាប់មកត្រូវផ្ដល់របាយការណ៍  ១ឆ្នាំ  ម្ដងរហូតដល់កុមារអាយុ ១៨ឆ្នាំ។ ឪពុកម្ដាយ ចិញ្ចឹម ត្រូវផ្ញើររបាយការណ៍ជាលាយលក្ខណ៍អក្សរ  ទៅស្មុំកូនអន្តរប្រទេសដោយផ្ទាល់ ឫតាម រយៈអាជ្ញាធរកណ្ដាល ឫអាជ្ញាធរមានសមត្ថកិច្ចទទួលបន្ទុកស្មុំកូនអន្តរប្រទេស ឫទីភ្នាក់ងារស្មុំកូន អន្តរប្រទេសដែលបានទទួលការអនុញ្ញាតនៃប្រទេសទទួល ឫប្រទេសជាលំនៅដ្ឋានអចិន្ត្រៃយ៍ ទៅតាម ស្ថានភាពសមស្រប។

កថាខណ្ឌទី៥ ៖ ការទុកដាក់សំនុំឯកសារស្មុំកូន
រដ្ឋបាលស្មុំកូនអន្តរប្រទេស និង សាលាដំបូងរាជធានីភ្នំពេញ  ត្រូវរក្សាសំនុំឯកសារស្មុំកូន អន្តរប្រទេសក្នុងរយៈពេល៦០ឆ្នាំ គិតពីកាលបរិច្ឆេទដែលដីសម្រេចស្មុំកូនអន្តរប្រទេសនោះ ចូលជាស្ថាពរ។
សំណុំឯកសារ កំណត់ហេតុទាំងអស់ទាក់ទងនឹងស្មុំកូនអន្តរប្រទេស  ជាក់លាក់ណាមួយ ទោះជារក្សាទុកនៅតុលាការរដ្ឋបាលស្មុំកូនអន្តរប្រទេស  ទីភ្នាក់ងារស្មុំកូនអន្តរប្រទេស  មណ្ឌល កុមារកំព្រា និង​អ្នកជំនាញផ្សេងទៀត  ដែលពាក់ព័ន្ធនឹងនីតិវិធីស្មុំកូនអន្តរប្រទេសត្រូវរក្សាទុកជា សម្ងាត់។ ប៉ុន្តែសំណុំឯកសារ និង កំណត់ហេតុឫព័ត៌មានទាំងឡាយដែលមានក្នុងសំណុំឯកសារ និងកំណត់ហេតុទាំងនោះអាចនឹងត្រូវបញ្ចេញទៅតាមការស្នើសុំ  ឫការបង្គាប់ជាលាយលក្ខណ៍ អក្សររបស់អាជ្ញាធរមានសមត្ថកិច្ចនៅកម្ពុជា ករណីមានតម្រូវការទាក់ទងនឹងករណី ឫនីតិវិធី តុលាការដែលកំពុងតែប្រព្រឹត្តទៅ ឫ កាលៈទេសៈពិសេសដ៏ទៃទៀត។

កថាខណ្ឌទី៦ ៖ ការអនុញ្ញាតឲ្យកូនសុំមើលសំណុំលិខិតស្មុំកូន
ឪពុកម្ដាយចិញ្ចឹម អាចដាក់ពាក្យសុំទៅក្រសួងទទួលបន្ទុកវិស័យសង្គមកិច្ច ដើម្បីសុំច្បាប់ ចម្លងនៃសំណុំលិខិត ដែលរួមមានអត្តសញ្ញាណរបស់ឪពុកម្ដាយរបស់កូនសុំ ក្រោយដីការ សម្រេច ស្មុំកូនរបស់តុលាការចូលជាស្ថាពរ។ កូនសុំដែលដល់អាយុដឹងខុសត្រូវគ្រប់គ្រាន់អំពី ផលវិបាកនៃការដឹងអត្តសញ្ញាណរបស់ឪពុកម្ដាយបង្កើតបានដោយធ្វើការស្នើរសុំជាលាយលក្ខណ៍ អក្សរមកអាជ្ញាធរកណ្ដាលនៃព្រះរាជាណាចក្រកម្ពុជា ករណីការមើលនេះជាឧត្តមប្រយោជន៍ របស់កូនសុំ។ កូនសុំដែលឈានចូលអាយុនីតិភាពមានសិទ្ធមើលសំណុំឯកសារ និងកំណត់ ហេតុទាក់ទងនឹងអត្តសញ្ញាណខ្លួន។ រដ្ឋបាលស្មុំកូនអន្តរប្រទេសត្រូវធានា  កូនសុំទទួលបានការ ពិយោបល់សមស្របមុននឹងព័ត៌មាននៅក្នុងសំណុំលិខិតរបស់ខ្លួន។

កថាខណ្ឌទី៧៖ទណ្ឌកម្ម
ច្បាប់ស្មុំកូនអន្តរប្រទេស  ត្រូវបានបង្កើតឡើងមិនត្រឹមតែកំណត់ពីគោលការណ៍លក្ខខណ្ឌ
នីតិវិធីទម្រង់បែបបទ  និងអានុភាពនៃស្មុំកូនអន្តរប្រទេសនោះទេ  ច្បាប់នេះព្រមទាំងបានកំនត់ អំពីការផ្ដន្ទាទោសដល់រាល់បទល្មើសពាក់ព័ន្ធទៅនឹងច្បាប់ស្ដីពីស្មុំកូនអន្តរប្រទេស  ដែលត្រូវ ផ្ដន្ទាទោសដោយយោងតាមច្បាប់ និងច្បាប់បញ្ញត្តិជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។ ជាគោលការណ៍នៅគ្រប់ករណី នៃបទល្មើសទាំងឡាយនឹងទទួលរងនូវទណ្ឌកម្មព្រហ្មទណ្ឌ ឫទណ្ឌកម្មរដ្ឋ ប្បវេណី  អាចទទួលរងទណ្ឌកម្មព្រហ្មទណ្ឌផង  និងសំណងរដ្ឋប្បវេណីផង  ការប្រកាសនូវ ទោសផ្សេងៗទៀត អាស្រ័យទៅតាមស្ថានទម្ងន់ទោសរបស់ជនល្មើស។
-ទណ្ឌកម្មព្រហ្មទណ្ឌៈ  ទោសដាក់ពន្ធនាគារ
-ទណ្ឌកម្មរដ្ឋប្បវេណីៈ  ទោសពិន័យជាប្រាក់
-ទោសដាក់ពន្ធនាគារផង និងទោសពិន័យជាប្រាក់ហើយរួមទាំងការប្រកាសនូវ ទោសបន្ថែមដូចជា៖
-ការដកសិទ្ធខ្លះជាប្រជាពលរដ្ឋ  សម្រាប់រយៈពេលយ៉ាងច្រើន    ឆ្នាំ។
-ការបិទផ្សាយសេចក្ដីសម្រេចផ្ដន្ទាទោស សម្រាប់រយៈពេលយ៉ាងច្រើន ២ខែ។
-ការផ្សាយសេចក្ដីសម្រេចផ្ដន្ទាទោសក្នុងទំព័រសារព័ត៌មាន។
-ការផ្សាយសេចក្ដីសម្រេចផ្ដន្ទាទោសតាមគ្រប់មធ្យោបាយទូរគមនាគមន៍  សោតទស្សន៍សម្រាប់រយៈពេល    ថ្ងៃយ៉ាងច្រើន។
ដោយមិនទាន់គិតដល់ទោសបញ្ញត្តិ ដែលមានចែងក្នុងច្បាប់ជាធរមានក្រសួងទទួលបន្ទុក វិស័យសង្គមកិច្ចអាចព្យួរ ឫដកហូតការទទួលស្គាល់ ឫបដិសេធការទទួលស្គាល់ទីភ្នាក់ងារ ស្មុំកូនអន្តរប្រទេសសាជាថ្មី ប្រសិនបើមានភស្តុតាងបង្ហាញឲ្យឃើញថា ទីភ្នាក់ងារស្មុំកូន អន្តរប្រទេសជាប់ពាក់ព័ន្ធនឹងអំពើណាមួយដូចតទៅ៖
អំពើប្រព្រឹត្តក្នុងគោលបំណងចង់បានកម្រៃញុះញង់ដោយផ្តាល់ឲ្យឪពុកម្ដាយបោះ បង់ទារក ដែលកើតហើយ ឫ ដែលនឹងកើតដើម្បីប្រគល់កូនតាមរយៈស្មុំកូនអន្តរប្រទេសដែលអំពើប្រព្រឹត្ត ស្ថិតក្នុងគោលដៅចង់បាន កម្រៃធ្វើជាអន្តរការីរវាងប្ដីប្រពន្ធដែលចង់បានកូនយកមកចិញ្ចឹមតាម រយៈស្មុំកូនអន្តរប្រទេស​​ និងឪពុកម្ដាយ ដែលបោះបង់កូនដែលកើតមកហើយ ឫនឹងកើត។
អំពើប្រព្រឹត្តក្នុងគោលដៅចង់បានកម្រៃមកធ្វើជាអន្តរការីរវាងប្ដីប្រពន្ធដែលចង់បានកូនយកមកចិញ្ចឹមតាមរយៈស្មុំកូនអន្តរប្រទេស​  និង  ស្ត្រីយល់ព្រមពពោះដើម្បីនឹងប្រគល់កូនទៅឲ្យ អ្នកសុំ និងអំពើក្លែងបន្លំ ឫសមគំនិតក្លែងបន្លំស្ថានភាពលំបាកបំផុត ដើម្បីទទួលបានការ យល់ព្រមពីឪពុកម្ដាយបង្កើត ឫអ្នកធអាណាព្យាបាលសម្រាប់អនីតិជនរបស់កុមារ។
អំពើរៀបចំឲ្យមានការយល់ព្រមរបស់ឪពុកម្ដាយ ឫ អ្នកអាណាព្យាបាលសម្រាប់អនីតិជន  កុមារដោយការបង្ខិតបង្ខំ  ការគំរាមកំហែង ការឆបោក ឫ ការបញ្ចុះបញ្ចូលតាមរយៈការផ្ដល់ ឫ សន្យាផ្ដល់ប្រាក់រង្វាន់សំណង ឫ ប្រយោជន៍ណាមួយ។
ការបញ្ចេញសំណុំឯកសារ និងកំណត់ហេតុទាំងអស់ ឫមួយផ្នែកទាក់ទងនឹងករណីស្មុំ កូនអន្តរប្រទេសជាក់លាក់ណាមួយដោយគ្មានការអនុញ្ញាតពីក្រសួងទទួលបន្ទុកវិស័យសង្គមកិច្ច ឫតុលាការមានសមត្ថកិច្ចការបង្គាប់ ឫការទទួលដោយផ្ទាល់ ឫ ដោយប្រយោលនូវថ្នូរប្រាក់កាក់ ទំនិញឫ សេវាដោះដូរនឹងការបម្រុងទុកកុមារណាមួយសម្រាប់ស្មុំកូន។
ការផ្តល់ប្រាក់កាក់​ទំនិញ ឫសេវាទៅឲ្យមន្ត្រី ឫអ្នកណាមួយនៃរដ្ឋបាលស្មុំកូនអន្តរប្រទេស  ក្រសួងទទួលបន្ទុកវិស័យសង្គមកិច្ច  អាជ្ញាធរកណ្ដាលទទួលខុសត្រូវកិច្ចការស្មុំកូនអន្តរប្រទេស ឫមន្ត្រីពាក់ព័ន្ធផ្សេងទៀត ដើម្បីឲ្យផ្ដល់នូវសិទ្ធិជាអាទិភាពក្នុងនីតិវិធីស្មុំកូនអន្តរប្រទេសដល់ អ្នកសុំ។ ការផ្សាយពាណិជ្ជកម្ម ឫការបោះពុម្ភផ្សាយនូវអត្តសញ្ញាណ ឫ រូបថតរបស់កុមារណា មួយដែលជាកម្មវត្ថុស្មុំកូនក្នុងគោលបំណងបញ្ចុះបញ្ចូលបុគ្គលណាមួយឲ្យដាក់ពាក្យសុំកូន។
ការចាត់តាំង ឫចាត់តាំងអ្នកតំណាងណាមួយដោយមិនមានការឯកភាពពីក្រសួងទទួល បន្ទុកវិស័យសង្គមកិច្ច និងការចូលរួមក្នុងការរៀបចំការផ្គូរផ្គង ឫការទាក់ទងគ្នារវាងអ្នកសុំ និងឪពុក ម្ដាយបង្កើត ឫអ្នកអាណាព្យាបាលសម្រាប់អនីតិជនរបស់កុមារក្នុងគោលបំនងកំណត់ទុកជាមុន នូវកុមារណាមួយដែលនឹងត្រូវសុំ។ ការរំលោភបំពានដល់បទបញ្ញត្តិនៃច្បាប់នេះបទដ្ឋានអប្បបរមា នៃការថែទាំជំនួសចំពោះកុមារ និងបទបញ្ញត្តិផ្សេងទៀតជាធរមាន នៃព្រះរាជា ណាចក្រកម្ពុជា។
ទីភ្នាក់ងារដែលធ្វើប្រតិបត្តិការក្នុងដំណើរការស្មុំកូនអន្តរប្រទេស  នៅកម្ពុជាត្រូវតែជាភ្នាក់ងារដែលបានទទួលការអនុញ្ញាតពី ក្រសួង ទទួលបន្ទុកវិស័យសង្គមកិច្ចនៃព្រះរាជាណាចក្រកម្ពុជា និងពីស្ថាប័នមានសមត្ថកិច្ចនៃប្រទេសទទួលព្រមទាំងមានទិសដៅមិនស្វែងរកផលចំនេញ និងបានបំពេញនូវលក្ខខណ្ឌដែលមានចែងក្នុងបទ បញ្ញត្តិច្បាប់ដែលទាក់ទងនឹងនីតីបុគ្គលមិនយក ចំនេញ សមាគម ឫអង្គការមិនមែនរដ្ឋា ភិបាល ឫបទបញ្ញត្តិពាក់ព័ន្ធផ្សេងទៀតទាក់ទងនឹង លក្ខណៈ នៃទីភ្នាក់ងារនេះ។ បើមិនដូច្នោះទេ ទីភ្នាក់ងារនេះត្រូវពិន័យជាអន្តរការណ៍ជាប្រាក់ពី មួយលាន ទៅដប់ លាន រៀល។ ការដាក់ពិន័យអន្តរការណ៍ជាសមត្ថកិច្ចរបស់ក្រសួងទទូល បន្ទុកវិស័យសង្គមកិច្ច។ ប្រាក់ពិន័យអន្តរការណ៍នេះត្រូវបង់ចូលមូលនិធិសម្រាប់ទ្រទ្រង់វិស័យ សុខុមាលកុមារ។
ករណីទីភ្នាក់ងារមិនព្រមបង់ប្រាក់ពិន័យអន្តរការណ៍នោះទេ  ក្រសួងទទួលបន្ទុកវិស័យ    សង្គមកិច្ចអាចបញ្ជូនសំនុំរឿងទៅតុលាការ។

ជំពូក៤  គុណប្រយោជន៏នៃការស្មុំកូន
ផ្នែក១ ៖ គុណប្រយោជន៏នៃការស្មុំកូនអន្តរជាតិ
កថាខណ្ឌទី២ ៖ សារៈសំខាន់នៃការស្មុំកូនអន្តរជាតិ

ស្មុំកូនអន្តរប្រទេសបានផ្តល់សារៈសំខាន់ដ៏ច្រើនលើសលប់ដល់ទារកក៏ដូចជាកុមារកំព្រាដើម្បីបាននូវគ្រូសារមួយដែលមានសុភមង្គលសេចក្តីស្រឡាញ់ការយកចិត្តទុកដាក់ថែរក្សា អប់រំ ការយកយោលព្រមទាំងនឹងមានអនាគតល្អមួយ និងមានឧត្តមប្រយោជន៍ផ្សេងៗទៀត ដែលទារកនិងកុមារកំព្រាទាំងនោះនឹងមិនអាចទទួលបានប្រសិនបើពួកគេរស់នៅក្នុងមជ្ឈមណ្ឌលកុមារកំព្រាឬរស់នៅក្នុងគ្រួសារមួយមានជីវភាពទុរគត៌។ ប៉ុន្តែមិនមានន័យថានៅពេលដែលកុមារត្រូវបានគេសុំទៅរស់នៅបរទេសទាំងនោះសុទ្ធតែទទួលបាននូវផលវិជ្ជមានទាំងអស់នោះទេ។ វាអាចមិនដូចអ្វីដែលបានរៀប រាប់ខាងលើនោះទេប្រសិនបើគ្មានច្បាប់ដោយហេតុថាច្បាប់នេះគឺជាមូលដ្ឋានសម្រាប់ការគ្រប់គ្រងទប់ស្កាត់និងបង្រ្កាបនូវការបង្ខាំងការជួញដូរការកេងប្រវ័ញ្ញលើមនុស្សឬការធ្វើជាភ្នាក់ងារកណ្តាលនៃការលក់ដូរមនុស្សដោយខុសច្បាប់ ដែលកើតចេញពីនីតិវិធីស្មុំកូនអន្តរប្រទេស ។
ផ្នែក២ ៖ គុណប្រយោជន៏នៃការស្មុំកូនអន្តរជាតិ
កថាខណ្ឌទី១ ៖ សារៈសំខាន់ចំពោះអ្នកស្មុំ

ចំពោះអ្នកដែលមិនមានបុត្រាបុត្រី អាចសុំកូនយកទៅចិញ្ចឹមដើម្បីបង្កើតបានជាគ្រួសារ ដែលពេញលក្ខណ់មួយបាន ។ ចំពោះអ្នកដែលមានកូនតែម្នាក់នៅក្នុងបន្ទុកក៏អាចសុំកូនយកទៅ ចិញ្ចឹមបន្ថែមបានដែរ (អាចសុំបានច្រើនជាងម្នាក់) ប្រសិនបើកូនសុំនោះមានបងប្អូន បង្កើត ។

កថាខណ្ឌទី៣ ៖ ​ផលប្រយោជន៍របស់កូន
កត្តាដែលបង្កើតឲ្យមានអានុភាពរវាងកូនសុំនិងឪពុកម្ដាយចិញ្ជឹម គឺកូនស្មុំត្រូការតែកាត់ ផ្ដាច់ញាតិភាពជាមួយឪពុកម្ដាយបង្កើតហើយកូនស្មុំត្រូវតែទទួលបានសិទ្ធិនិងករណីកិច្ចដូចកូនបង្កើតរបស់ឪពុកម្ដាយចិញ្ជឹមដែររឺឯអំណាចមេបាត្រូប្រគល់ទៅឲ្យឪពុកម្ដាយចិញ្ជឹម។

កថាខណ្ឌទី៣ ៖ សារៈសំខាន់ចំពោះរដ្ឋ
ស្មុំកូនអន្តរប្រទេសបានរួមចំណែកយ៉ាងសំខាន់ក្នុងការបន្តពង្រឹងគោលនយោ បាយរបស់ រដ្ឋាភិបាលក្នុងគោលដៅមនុស្សធម៌សុទ្ធសាធ ដើម្បីរកគ្រួសារល្អឲ្យកុមារនិងធានាឧត្តមភាព ប្រយោជន៍របស់កុមារពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសនានាដើម្បីទប់ស្កាត់ការ ជួញដូរកុមារ ។ ជួយសម្រាលបន្ទុកដល់អាជ្ញាធរសាធារណៈក្នុងការថែទាំចំពោះកុមារដែលអត់ គ្រួសារនិងគ្មានមធ្យោបាយទ្រទ្រង់ជីវិត។ម្យ៉ាងទៀតក៏អាចជួយសម្រាលរដ្ឋចំពោះការចំណាយក៏ដូចជាការជួយឧបត្ថម្ភផ្សេងៗ ក្នុងការចិញ្ចឹមបីបាច់ទារកឬកុមារកំព្រាដែលរស់នៅក្នុងមណ្ឌលកុមារកំព្រា។ លើសពីនេះទៅទៀតប្រសិនបើទារកឬកុមារកំព្រាទាំងនោះមិនថាស្រីឬប្រុសឡើយចម្រើនវ័យធំធាត់ដែលមានអាយុ១៧ឆ្នាំឡើងទៅពុំមានលទ្ធភាពសិក្សា ទៅមុខទៀតបានរដ្ឋត្រូវដោះស្រាយការងារឲ្យធ្វើតាមសមត្ថភាពគេជាក់ស្តែង។ ក្នុងករណីមានរៀបអាពាហ៍ពិពាហ៍ត្រូវបានអង្គភាពរដ្ឋអំណាច /រាជធានី និងអង្គការមហាជនបង្កលក្ខណៈខាងស្មារតី និងសម្ភារៈ ។

ឯកសារយោង
-ក្រមរដ្ឋប្បវេណីឆ្នាំ ២០០៧ នៃព្រះរាជាណាចក្រកម្ពុជា
-សៀវភៅសាស្ត្រាចារ្យ រស់ ស៊ីសុវណ្ណា
-សារណាបញ្ចប់ការសិក្សារបស់និស្សិត ខន សុខេង និង ដាំ ច័ន្ធលីណា ស្តីពីស្មុំកូន
ប្រភពៈ​ http://khmer6789.blogspot.com


No comments:

Post a Comment